ដោយ ហ្សូលី
ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តចំនួន១០ ដែលរងការខូចខាត ត្រូវបានរដ្ឋាភិបាលគិតគូរកែលម្អឡើងវិញ ដោយចំណាយទឹកប្រាក់ប្រមាណ ១៩២លានដុល្លារអាមេរិក។ នេះបើតាមការអះអាងរបស់ក្រសួងអភិវឌ្ឍជនបទ។

រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍជនបទ លោកសួស គង់បានថ្លែងប្រាប់ឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងដំណើរការសកម្មភាពកែលម្អផ្លូវជនបទ ពីក្រាលក្រួសក្រហម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវក្រាលបេតុងប្រវែង១.២០០ គ.ម នៅខេត្តគោលដៅចំនួន១០ ។
លោកបន្តថា ខេត្តទាំងនោះរួមមានដូចជា ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិសាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ សម្រាប់រយៈពេលពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ ។
បើតាមការបញ្ជាក់របស់លោកសួស គង់ គម្រោងនេះ ប្រើប្រាស់ថវិកាប្រមាណជាង ១៩២លានដុល្លារអាមេរិក ដែលជាឥណទាន និងជំនួយឥតសំណង មានប្រភពមកពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សាធារណរដ្ឋកូរ៉េ ធនាគារ KEXIM BANK សាធារណរដ្ឋបារាំង (AFD), ប្រទេសអូស្ត្រាលី (GOA) មូលនិធិន័រឌិក (NDF) SCF និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងអនុវត្តគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ (Rural Road Improvement Project II – RRIP II) ដោយកំពុងធ្វើការកែលម្អផ្លូវជនបទប្រវែង ១២០០គីឡូម៉ែត្រ ក្នុងខេត្តចំនួន១០ ដោយប្រើប្រាស់ថវិកាជាង១៩២ លានដុល្លារអាមេរិក។

កាលពីថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ ២០២០កន្លងទៅនេះ លោក សួស គង់ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តន៍គម្រោងកែលម្អផ្លូវជនបទ ជំហានទី២ (RRIP II) និងលើកវិធានការកែលម្អដល់អ្នកទទួលការសាងសង់ដើម្បីអនុវត្តន៍៕






