ដោយវុត្ថា
ភ្នំពេញៈ ដើម្បីទទួលបានថវិកាយកមកប្រើប្រាស់ ក្នុងករណីចាំបាច់ណាមួយ ប្រជាពលរដ្ឋ តែងតែយកដីដែលជាកម្មសិទ្ធិរបស់ខ្លួន យកទៅដាក់បញ្ចាំនៅធនាគារ។ ក្នុងករណី ដែលមានក្បាលដីរបស់គាត់ជាប់បន្ទុកនៅធនាគារ តើការបង្រួមក្បាលដី និងបំបែកក្បាលដីអាចធ្វើបានដែរឬទេ?។
ចម្លើយទី១. ការចុះបញ្ជីបង្រួម ឬបំបែកក្បាលដី ដែលកំពុងជាប់បន្ទុក អាចធ្វើបានលុះត្រាតែ ទី១ បំពេញបាននូវ លក្ខខណ្ឌជាក្បាលដីតែមួយ ដូចមានចែងក្នុងមាត្រា២២៧ នៃច្បាប់ភូមិបាល២០០១ (ករណីបង្រួមក្បាលដី)។ ទី២ មានការយល់ព្រមពីម្ចាស់សិទ្ធិប្រាតិភោគ (ធនាគារម្ចាស់បំណុល) ឱ្យបង្រួមឬបំបែកក្បាលដី កំពុងជាប់បន្ទុកនោះ។
-->
 
 
ទី៣ ភាគីទាំងអស់ដែលមានផលប្រយោជន៍ពាក់ព័ន្ធ ត្រូវព្រមព្រៀងគ្នាអំពីលំដាប់នៃការចុះបញ្ជី ជាអាទិ៍ នៅពេលផ្ទេរ ការចុះបញ្ជីសិទ្ធិប្រាតិភោគ (ផ្ទេរបន្ទុក) ពីក្បាលដីចាស់ផ្សេងៗគ្នា ទៅប្រមូលផ្តុំនៅលើក្បាលដីថ្មីតែមួយ (ករណីបង្រួមក្បាលដី) ឬពីក្បាលដីចាស់តែមួយ ទៅពង្រាយលើក្បាលដីថ្មីជាច្រើន (ករណីបំបែកក្បាលដី)។
សំណួរទី២.  ប្រសិនជាការបង្រួម និងបំបែកក្បាលដី ក្នុងករណីខាងលើអាចធ្វើទៅបាន តើត្រូវអនុវត្តនីតិវិធីបែបណា?
ចម្លើយទី២. ចំពោះនីតិវិធីនៃការចុះបញ្ជីបង្រួម ឬបំបែកក្បាលដី ត្រូវអនុវត្តទៅតាមគោលការណ៍ណែនាំជាធរមាន (ដូចមានថតចម្លងជូនភ្ជាប់មកជាមួយ) ហើយនៅពេលចុះបញ្ជីបង្រួម ឬបំបែកក្បាលដីរួច ត្រូវផ្ទេរការចុះបញ្ជីសិទ្ធិប្រាតិភោគ (ផ្ទេរបន្ទុក) ពីក្បាលដីចាស់ទៅក្បាលដីថ្មី ទៅតាមការព្រមព្រៀងរបស់ភាគី ដែលមានប្រយោជន៍ពាក់ព័ន្ធ៕