លោក ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ារៀបចំដីទំហំ១០ហិកតាសម្រាប់ប្រជាពលរដ្ឋមក ស្នាក់នៅបណ្តោះអាសន្ននៅខេត្តត្បូងឃ្មុំ

ដោយវុត្ថា

ត្បូងឃ្មុំៈ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  បាន រៀបចំទីទួលសុវត្ថិភាពលើដីទំហំជាង១០ហិកតា សម្រាប់ត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ មកស្នាក់នៅបណ្តោះអាសន្ននៅរដូវទឹកឡើងង នៅក្នុងមូល   ដ្ឋានខេត្តត្បូងឃ្មុំ។

លោកឧបនាយកដ្ឋមន្ត្រី ជា សុផារ៉ា បានឱ្យដឹងបែពនេះ លើទំព័រFacebookផ្លូវការកាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ ខណៈដែលលោក បានដឹកនាំមន្ត្រីក្រសួង និងមន្ត្រីខេត្តត្បូងឃ្មុំ ចុះពិនិត្យ និងដាំដើមឈើជាច្រើនរយដើមនៅតំបន់អភិវឌ្ឍ និងទីទួលសុវត្ថិភាពនៅក្នុងខេត្តត្បូងឃ្មុំ។

លោកជាម ចាន់សោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ ធ្លាប់បានប្រាប់ក្រុមអ្នកសារព័ត៌មា​នកាលពីកន្លងមកនេះថា ការរៀងចំឱ្យមានទីទួលសុវត្ថិនេះ ដើម្បីផ្លល់ជូនពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ហើយអាចឱ្យមកស្នាក់នៅទីនេះ បណ្តោះអាសន្នបាន ដោយមានបំពាក់ទៅដោយភ្លើងអគ្គិសនីបំភ្លឺ និងទឹកស្អាតសម្រាប់ប្រើប្រាស់ផងដែរ។

លោកបន្ថែមថា តាមផែនការ ខេត្តនឹងមានសាងសង់លំនៅឋានជាច្រើនខ្នងផងដែរ សម្រាប់ឱ្យពលរដ្ឋស្នាក់នៅបណ្តោះអាសន្នផងដែរ នៅក្នុងអំឡុងពេលមានទឹកជំនន់ផងដែរ បន្ទាប់ពីទឹកស្រកទៅវិញពួកគាត់ (ពលរដ្ឋ) អាចត្រឡប់ទៅទីលំនៅឋានរបស់ខ្លួនវិញដើម្បីបង្កបង្កើនមុខរបស់ខ្លួនវិញ។

លោកបន្តថា ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រួមនឹងការគាំទ្រជាចាំបាច់របស់ក្រុមការងារ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ័កម្ម និងសំណង់ បានធ្វើឲ្យខេត្តត្បូងឃ្មុំ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោកបន្ថែមថា ការងារគ្រប់គ្រងរដ្ឋបាល ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ការងារកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ច ការងារផ្ដល់សេវាសាធារណៈ ការងារគ្រប់គ្រងព្រំដែន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការអភិវឌ្ឍសមត្ថភាព ផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច ការអភិវឌ្ឍវិស័យឯកជន វិស័យការងារ និងវិស័យបណ្តុះបណ្តាល ការគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន និងគ្រោះមហន្តរាយ ការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ ការដោះស្រាយទំនាស់ដីធ្លី ក៏កំពុងត្រូវបានធានា និងមានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ខេត្ត ទាំងមូល មានការប្រែមុខមាត់ថ្មី ព្រមទាំងបានលើកកម្ពស់ស្ថានភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ៕

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចសាងសង់ផ្លូវថ្មីចំនួន២ខ្សែបន្ថែមទៀតនៅតំបន់ច្រមុះជ្រូកក្បាលថ្នល់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បន្ថែមពីលើគម្រោងពង្រីកផ្លូវ២៧១ និងផ្លូវព្រះមុនីវង្សជា៣គន្លង និងការសម្រួលលំហូរទិសដៅចរាចរណ៍ថ្មីនៅតំបន់ផ្លូវប្រសព្វម្ដុំច្រមុះជ្រូកក្បាលថ្នល់ រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ផ្លូវថ្មីចំនួន២ខ្សែទៀត ដើម្បីដោះស្រាយវិបត្តិកកស្ទះចរាចរណ៍។

តាមរយៈមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះបានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានសិក្សាពីគម្រោងនៃការសាងសង់ផ្លូវថ្មីចំនួន២ខ្សែបន្ថែមទៀតនៅតំបន់ច្រមុះជ្រូកក្បាលថ្នល់ ដែលកំពុងមានវិបត្តិកកស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរ។

នៅក្នុងផែនការនៃការដោះស្រាយវិបត្តិខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអភិវឌ្ឍន៍រួចមកហើយនូវស្ពានអាកាសចំនួនមួយខ្សែ ផ្លូវវាងចំនួន១ បន្ថែមពីលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាដូចជាការពង្រីកផ្លូវព្រះមុនីវង្ស ផ្លូវព្រះនរោត្តមជាដើម ប៉ុន្តែជាលទ្ធផលហាក់មិនមានប្រសិទ្ធភាពខ្ពស់នោះទេ។

ជាថ្មីម្ដងទៀត កាលពីចុងសប្ដាហ៍កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដោយផ្ទាល់ ដើម្បីសិក្សា និងរកដំណោះស្រាយ កាត់បន្ថយវិបត្តិនៃការកកស្ទះចរាចរណ៍ដែលតែងកើតមានជារៀងរាល់ថ្ងៃនៅស្តុបច្រមុះជ្រូកស្ថានីយ៍ប្រេងសូគីមុិចប្រសព្វរវាងមហាវិថី ព្រះមុនី្នវង្ស មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងផ្លូវលេខ ២៧១ តម្រូវឱ្យមានការរៀបចំដូចខាងក្រោម ៖

-ពង្រីកទទឹង ៣ម៉ែត្រសងខាងលើមហាវិថីព្រះមុនី្នវង្សពី ២គន្លងទៅមក ទៅ៣គន្លងទៅមក
-ពង្រីកទទឹង ៣ម៉ែត្រសងខាងផ្លូវលេខ ២៧១ ពី ២គន្លងទៅមក ទៅ៣គន្លងទៅមក
-បង្កើតផ្លូវថ្មី កាត់ទីតាំងដីស្ថានីយ៍សូគីមុិច សម្រាប់ទិសដៅចរាចរភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-បង្កើតផ្លូវថ្មី កាត់ទីតាំងដីស្ថានីយ៍ប្រេងសូគីមុិច សម្រាប់ទិសចរាចរបត់ស្តាំភ្ជាប់ពីមហាវិថីព្រះមុនី្នវង្ស ឆ្ពោះទៅផ្លូវលេខ ២៧១។
-កែសម្រួលប្រព័ន្ឋភ្លើងស្តុបចរាចរថ្មីឡើងវិញ។
-អនុញ្ញាត្តឱ្យការធ្វើចរាចរមកពីស្ពានព្រះមុនី្នវង្សចាស់ឆ្ពោះទៅត្រង់នៃមហាវិថីព្រះមុនីវង្សគ្រប់ពេលវេលា ដោយមិនចាំបាច់ឈប់ស្តុបឡើយ។ ភ្លើងបៃតងព្រួញ បានតម្លើងរួចហើយ។

ជាមួយនឹងគម្រោងផែនការនៃដាក់ចេញកែលម្អស្ថានភាពផ្លូវដែលមានស្រាប់ និងផ្លូវថ្មីចំនួន២ខ្សែ រួមជាមួយនឹងការសម្រួលលំហូរទិសដៅចរាចរណ៍ខាងលើនេះ ជឿជាក់ថា អាចនឹងកាត់បន្ថយវិបត្តិនៃការកកស្ទះបានមួយចំណែកធំជាក់ជាមិនខាន ៕

ផ្លូវ២៧១និងផ្លូវព្រះមុនីវង្សនឹងត្រូវពង្រីកជា៣គន្លងដើម្បីកាត់បន្ថយជំនន់ កកស្ទះចរាចរណ៍

ដោយ រ៉ាណេត

ភ្នំពេញៈ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវចរាចរណ៍ក្នុងក្រុងជាពិសេសនៅចំណុចប្រសព្វផ្លូវ២៧១ផ្លូវ៦០ម៉ែត្រនិងផ្លូវព្រះមុនីវង្សរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការពង្រីកឱ្យធំជាងមុនរហូតដល់៣គន្លងដើម្បីដោះស្រាយបញ្ហាកកស្ទះដែលតែងកើតមាន។

ជំនន់នៃការកកស្ទះចរាចរណ៍នៅតាមតំបន់ទីប្រជុំជននានា ក្នុងរាជធានីភ្នំពេញនៅតែបន្តជាបញ្ហា បើទោះជារដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការកែសម្រួលពង្រីកទំហំផ្លូវ សាងសង់ស្ពានអាកាស ផ្លូវក្រោមដីមយចំនួនរួចទៅហើយក៏ដោយ។ នេះបើតាមការលើកឡើងរបស់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញនៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។ 

លោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនបានមានប្រសាសន៍បញ្ជាក់ថាប្រព័ន្ធចរាចរណ៍នៅចំណុចផ្លូវប្រសព្វទាំងរួមមានផ្លូវ៦០ម៉ែត្រផ្លូវ២៧១និងផ្លូវព្រះមុនីវង្សគឺមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃបើទោះជាមានផ្លូវវាងមានស្ពានអាកាសរួចទៅហើយក្ដី។

លោកបានបញ្ជាក់ថា ជាដំណោះស្រាយនូវបញ្ហានេះ រដ្ឋបាលរដ្ឋបាលរាជធានីភ្នំពេញ  បាននិងកំពុងសិក្សាពីលទ្ធភាពនៃការពង្រីកផ្លូវព្រះមុនីវង្ស និងផ្លូវ២៧១ ជា៣គន្លង ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ បន្ថែមពីលើការផ្លាស់ប្ដូរ និងកែសម្រួលទិសដៅលំហូរចរាចរណ៍នៅចំណុចច្រមុះជ្រូកក្បាលថ្នល់

លោកបញ្ជាក់ទៀតថា ការកកស្ទះចរាចរណ៍រាល់ថ្ងៃ នៅក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះ គឺបង្កមកពីកក្តាជាច្រើន ដែលក្រៅពីមានកំណើនប្រជាជន កំណើនយានយន្ត ក៏បង្កមកពីកក្តាមនុស្ស ដែលជាអ្នកបញ្ជាយានយន្ត មិនគោរពស្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍នោះទេ ហើយរឹតតែមិនគោរពសិទ្ធអាទិភាព។ លោកបន្តថា ដូច្នេះបន្ថែមពីលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានអាកាស ផ្លូវក្រោមដីទាំងអស់នេះ សូមអ្នកបញ្ជាយានយន្តទាំងអស់មេត្តាចូលរួមគោរព និងអនុវត្តតាមច្បាប់ទាំងអស់គ្នា ដើម្បីកាត់បន្ថយការកកស្ទះទាំងអស់នេះ

មួយខែទៀតប្រព័ន្ធអនុរគ្រោះពន្ធ EBAនឹងចូលជាធរមាន ខណៈកម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសជាច្រើន

ដោយវុត្ថា

ភ្នំពេញៈ បើមិនមានអ្វីប្រែប្រួលនោះទេ នៅសល់តែក្នុងរយៈពេល១ខែទៀត ការសម្រេចដកផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធរបស់គណៈកម្មការអឺរ៉ុប ដែលបានផ្តល់ឱ្យកម្ពុជា ក្រោមគម្រោងពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)នឹងចូលជាធរមាននៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ខាងមុខនេះ។

ទោះជាយ៉ាងណាការដកប្រព័ន្ឋអនុគ្រោះពន្ឋ២០ភាគរយនេះ មិនមានអ្វីគួរឲ្យបារម្ភសំរាប់កម្ពុជានោះទេ ខណៈកម្ពុជានឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើននៅលើពិភពលោក។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអឺរ៉ុបបានឱ្យដឹងកន្លងមកនេះថា ការដកផ្នែកខ្លះនៃការអនុគ្រោះពន្ធ និងការជំនួសមកវិញ ជាមួយនឹងពន្ធស្តង់ដាររបស់សហភាពអ៊ឺរ៉ុប  នឹងប៉ះពាល់ដល់ផលិតផលសម្លៀកបំពាក់និងស្បែកជើងដែលបានជ្រើសរើសនិងរាល់ទំនិញសម្រាប់ការធ្វើដំណើរនិងស្ករសរ។

សេចក្តីប្រកាសដដែលបន្តថា ការដកនេះ មានចំនួនប្រហែល១ភាគប្រាំ ឬ១ពាន់លានអឺរ៉ូ នៃការនាំចេញប្រចាំឆ្នាំរបស់ប្រទេសកម្ពុជាទៅកាន់សហភាពអឺរ៉ុប។ លើកលែងតែសភាអឺរ៉ុប និងក្រុមប្រឹក្សាជំទាស់រឿងនេះ បើពុំនោះទេវិធានការនេះ នឹងចូលជាធរមាននៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ ។

អនុប្រធានគណៈកម្មការអឺរ៉ុបលោក Josep Borrell មានប្រសាសន៍ថា រយៈពេល ទំហំ និងផលប៉ះពាល់នៃការរំលោភរបស់កម្ពុជា ទៅលើសិទ្ធិក្នុងការចូលរួមក្នុងនយោបាយ និងសេរីភាពនៃការបញ្ចេញមតិ និងសមាគមបានចាកចេញពីសហភាពអឺរ៉ុប ដោយគ្មានជំរើសអ្វីក្រៅពីការដកផ្នែកខ្លះនៃការធ្វើពាណិជ្ជកម្មនេះ។ 

ការព្រមានដក ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់គណៈសហភាពអឺរ៉ុបនេះ បានធ្វើផលិតផលនាំចេញរបស់កម្ពុជាប្រមាណ៤០មុខ រួមមានសម្លៀកបំពាក់កាត់ដេរ សម្ភារៈធ្វើដំណើរ វាលី កាបូបស្ពាយ ស្បែកជើង និងស្ករសផងនោះ ត្រូវបង់ពន្ធឡើងវិញក្នុងចំណែក២០ភាគរយនោះ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងកន្លងមកនេះ ថា រាជរដ្ឋាភិបាលកម្ពុជា មិនបានព្រួយបារម្ភពីការដក ឬព្យួរនូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសំណាក់គណៈកម្មសភាពអឺរ៉ុបនោះទេ ខណៈដែលកម្ពុជាបានត្រៀមខ្លួនជាស្រេច ចំពោះបញ្ហានេះ  ដោយបានដាក់ចេញនូវគោលនយោបាយផ្សេងៗ ទប់ទល់ទៅនឹងបញ្ហាញនេះ ។

សម្តេចតេជោហ៊ុន សែនបន្តថាប្រព័ន្ធអនុគ្រោះពន្ធEBAនេះ មុននឹងក្រោយ គង់តែគេដកនោះទេ នៅពេលដែលប្រទេសកម្ពុជានការរីកចំរើន។ សម្តេចបន្តថា ម្យ៉ាងទៀត កម្ពុជាក៏មិនយកអធិប្បតេយ្យភាពរបស់កម្ពុជា ទៅដោះដូរជាមួយនឹងជំនួយនោះដែរ

សមាគមរោងចក្រកាត់ដេរកកម្ពុជា(GMAC) និងស្ថាប័ននានាកាលពីកន្លងមកនេះ បានសរសេរលិខិតទៅគណៈកម្មការសភាពអឺរ៉ុប កុំឱ្យមានការព្យួរ ឬដកប្រព័ន្ធអនុគ្រោះពន្ធEBAនេះ ខណៈដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងទទួលរងនូវវិបត្តិនៃជំងឺ Covid-19 ដែលឈមទៅនឹងបញ្ហាសេដ្ឋកិច្ច និងការនាំចេញនានា។

ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យ ការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅសហភាពអឺរ៉ុប ពីប្រទេសអភិវឌ្ឍន៍តិចតួច ទទួលនូវការអនុគ្រោះ ដោយមិនជាប់ពន្ធនាំចូលនិងកូតា។

EBA ជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០០១មកម្ល៉េះ និងគ្មានកំណត់ពេលវេលាបញ្ចប់នោះទេ។  ទំនិញនាំចូលទាំងអស់នឹងត្រូវទទួលបាននូវការអនុគ្រោះមិនជាប់ពន្ធនាំចូលនិងកូតាប្រសិនបើអនុលោមទៅតាមវិធានប្រភពដើមទំនិញនិងបណ្តាវិធានពាក់ព័ន្ធដទៃទៀត។

គម្រោងនេះគ្រប់ដណ្តប់ទៅលើផលិតផល ប្រមាណ៧២០០បន្ទាត់ពន្ធគយ ក្នុងនោះ៩១៩បន្ទាត់ពន្ធគយ គឺជាផលិតផលកសិកម្ម។ ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៨ រួមទាំងកម្ពុជាផងដែរ ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ។ ចំពោះកម្ពុជា EBA ផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់វិស័យកសិកម្ម ជាពិសេសអង្ករ និងផលិតផលសក្តានុពលមួយចំនួនទៀត៕

វិស័យដឹកជញ្ជូនកម្ពុជាហាក់ងើបឡើងវិញបន្ទាប់ពីបញ្ហាCovid-19អាច គ្រប់គ្រងបាននៅកម្ពុជា

ដោយ លក្ខិណា

ភ្នំពេញៈ វិស័យដឹកជញ្ជូនបានរងផលប៉ះពាល់ធ្ងន់ធ្ងរនិងបានធ្វើឲ្យធ្លាក់ចុះរហូតដល់ជាង៦០ភាគរយកាលពីអំឡុងខែមីនាមេសានិងឧសភាក៏ប៉ុន្តែវាបានងើបឡើងវិញបន្តិចនៅក្នុងខែមិថុនាប៉ុន្តែមកដល់ពេលនេះដោយសារតែស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសដែលជាប្រភពដឹកជញ្ជូនសំខាន់និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ានមានភាពប្រសើរបន្តិច។

លោកស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាពីសប្តាហ៍មុនថា កាលពីចុងឆ្នាំ២០១៩ វិស័យដឹកជញ្ជូនកម្ពុជាហាក់មានការរីកចម្រើនខ្លាំង ព្រោះតែវិស័យសេដ្ឋកិច្ចកាលនោះ ក៏មានការរីកចម្រើនខ្លាំង ដែលតម្រូវឱ្យមានការដឹកជញ្ជូនច្រើនទាំងក្នុងស្រុក និងដឹកជញ្ជូនទៅក្រៅប្រទេស។ ជាក់ស្ដែងកំពង់ផែក្រុងព្រះសីហនុ និងផ្លូវជាតិ៤ មានការកកស្ទះទំនិញខ្លាំង ព្រោះតែមានការដឹកជញ្ជូនទំនិញទៅអោយអ្នកបញ្ជាទិញ។

លោកបន្តថា រហូតមកដល់ខែ កុម្ភៈ និងខែមីនា ឆ្នាំ ២០២០នេះដោយសារមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក៏បានធ្វើអោយសកម្មភាពដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមធ្លាក់ចុះ ហើយគិតមកដល់ខែឧសភា ការធ្លាក់ចុះមានអត្រាជិតដល់៦០ភាគរយ ។ ក៏ប៉ុន្តែរហូតមកដល់ខែ មិថុនា និងខែកក្កដា នេះវិស័យដឹកជញ្ជូនមានការងើបឡើងវិញបន្តិច ពីព្រោះនៅប្រទេសចិន និងបណ្ដាប្រទេសមួយចំនួនទៀត ក្នុងតំបន់អាស៊ាន ស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាលឡើងវិញបន្តិច ។

លោកបន្តដោយពន្យល់ថា បើតាមយើងមើលស្ថានភាពអាចនិយាយបាន ចាប់ពីពេលនេះ រហូតដល់ដាច់ឆ្នាំ វិស័យដឹកជញ្ជូនអាចនឹងប្រសើរបន្តិចម្ដងៗ ខណៈវិស័យផ្សេងៗទៀត ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ ក៏ចាប់ផ្ដើមដំណើរការឡើងវិញ បន្តិចម្ដងៗផងដែរ

លោកស៊ិន ចាន់ធីបានបន្ថែមថា ផលប៉ះពាល់ដែលធ្វើឲម្យវិស័យដឹកជញ្ជូន ថយចុះកាលពីប៉ុន្មានខែមុនដល់ជិត៦០ភាគរយ ដោយសារតែសកម្មភាពមួយចំនួនក្នុងវិស័យកាត់ដេរ បានថយចុះ អ្នកបញ្ជាទិញថយចុះ ដែលធ្វើឲ្យការដឹកជញ្ជូនក៏មិនមានសកម្មភាព តែទើបីជាយ៉ាងនេះក្ដី ក៏មិនទាន់មានក្រុមហ៊ុនដឹកជញ្ជូនណាមួយ បានបិទសកម្មភាពនោះទេ ពីព្រោះថាការស្នើសុំបិទក្រុមហ៊ុនមួយៗ មិនអាចស្នើភ្លាមបិទភ្លាមនោះទេ គឺត្រូវការរយៈពេល ពីពីរទៅបីខែទើបអាចបិទបាន ពីព្រោះទំនិញខ្លះបានទទួលសេវាពីគេរួចហើយ ហើយរយៈពេលនៃការដឹកជញ្ជូនតាមកប៉ាល់ ត្រូវការពេលរាប់ខែពីអាមេរិក និងពីចិនជាដើម ។

លោកបញ្ជាក់ថា បើទោះបីជាមិនមានការបិទក្ដីក៏ប៉ុន្តែគ្រប់ក្រុមហ៊ុនទាំងអស់ មានផែនការត្រៀមរបស់ខ្លួនរួចហើយ ដូចជា ត្រូវកាត់បន្ថយបុគ្គលិកឬត្រូវធ្វើយ៉ាងណា ខណៈសកម្មភាពដឹកជញ្ជូននៅជាង៣០ភាគរយនេះ ព្រោះថាបើសិនជាកូវីដ១៩នៅតែបន្តអូសសន្លាយនោះ យ៉ាងហោចណាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងនោះ ក៏មានផែនការរួចជាស្រេចហើយ។

តាមការព្យាករណ៍របស់រាជរដ្ឋាភិបាល កាលពីពេលកន្លងទៅថ្មីនេះ ដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩ សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះជាអវិជ្ជមាន,៩ភាគរយ ហើយអាចនឹងធ្លាក់ជាងនេះទៀត។ បើសិនជាកូវីដ១៩នៅតែបន្តអូសបន្លាយ និងជះឥទ្ធិពលកាន់តែអាក្រក់មកលើសេដ្ឋកិច្ច ជាពិសេសវិស័យដែលគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ៕

ក្រុមហ៊ុនចិនធំៗសម្រុកចូលវិនិយោគលើវិស័យចំនួន៤នៅក្នុងខេត្តកំពង់ស្ពឺ

ដោយៈ រ៉ាណេត

កំពង់ស្ពឺៈ ក្រុមហ៊ុនធំៗមកពីប្រទេសចិនជាច្រើនបាននិងកំពុងសម្រុកមកបង្ហាញគម្រោងវិនិយោគរបស់ខ្លួននៅក្នុងខេត្តកំពង់ស្ពឺជាច្រើនគម្រោងដែលក្នុងនោះវិស័យសំខាន់ៗចំនួន៤ត្រូវបានក្លាយជាគោលដៅរបស់ពួកគេជាមួយការបណ្តាក់ទុនវិនិយោគរាប់សិបលានដុល្លារ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា បន្ទាប់ពីស្ថានភាពនៃការរាតត្បាតជំងឺឆ្លងត្រូវបានស្ងប់ស្ងាត់មួយរយៈពេលចុងក្រោយនេះ បណ្តាវិនិយោគិនចិនជាច្រើន បានចូលមកសិក្សា និងពីភាក្សាទៅលើគម្រោងវិនិយោគរបស់ពួកគេ នៅក្នុងខេត្តកំពង់ស្ពឺនៅក្នុងវិស័យសំខាន់ៗមួយចំនួន។

លោកបញ្ជាក់ថា ចាប់តាំងមានការថមថយនូវការរាតត្បាតជំងឺឆ្លង ក្នុងរយៈពេលជាង២ខែចុងក្រោយនេះ ពួកគេមកច្រើន(វិនិយោគិនចិន) ដែលក្នុងនោះមានទាំងអ្នកវិនិយោគចាស់ ដែលបានចាកចេញទៅមុនពេលផ្ទុះកូវីដ និងមានអ្នកថ្មី ដែលមកសិក្សាពីឱកាសវិនិយោគ រួមជាមួយនឹងការដាក់បង្ហាញពីផែនការរបស់ពួកគេ

គោលដៅនៃការវិនិយោគរបស់វិនិយោគិនជាជនជាតិចិននៅក្នុងខេត្តកំពង់ស្ពឺត្រូវបានលោកអភិបាលបញ្ជាក់ប្រាប់ថាក្រៅពីវិស័យឧស្សាហកម្មរោងចក្រសហគ្រាសខ្នាតធំនៅមានវិស័យកសិកម្មកម្រិតខ្ពស់ចាប់ពីចំណុចដាំដុះកែច្នៃវេចខ្ចប់សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។បន្ថែមពីនេះនៅមានការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យសាងសង់ជាអគារខុនដូនិងអាគារពាណិជ្ជកម្មនៅក្នុងក្រុងច្បារមនហើយក៏មានគម្រោងវិនិយោគនៅក្នុងវិស័យអប់រំកម្រិតខ្ពស់ផងដែរ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍បន្តទៀតថា ស្ទើរតែគ្រប់សប្ដាហ៍ គឺតែងមានការទទួលជួបតំណាងធុរៈកិច្ចជនជាតិចិន ជាក់ស្ដែងនៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ មានក្រុមហ៊ុនចិនដែលវិនិយោគ ក្នុងវិស័យអប់រំកម្រិតខ្ពស់មកបង្កើតសាកលវិទ្យាល័យដ៏ធំមួយ ក្រោយកិច្ចសហការជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ក្រុមហ៊ុនទាំង២ដែលសហការគ្នា វិនិយោគបង្កើតសាកលវិទ្យាល័យកម្រិតខ្ពស់ដ៏ធំ និងលើកដំបូងប្រចាំនៅក្នុងខេត្តកំពង់ស្ពែ គឺមានក្រុមហ៊ុនCCYF DEVELOPMENT CO.,LTD ដែលជាសាខារបស់សហព័ន្ធយុវជនកម្ពុជាចិន និងក្រុមហ៊ុន MINDS BRIDGE EDUCATION (Cambodia) INVESTMENT CO.,LTD ។សាកលវិទ្យាល័យនេះគ្រោងនឹងបញ្ចប់ការសាងសង់មុនឆ្នាំ២០២១ដើម្បីចាប់ផ្តើមទទួលសិស្សឱ្យចូលរៀន។

កំពង់ស្ពឺ បានក្លាយជាគោលដៅដ៏ទាក់ទាញ និងមានប្រជាប្រិយភាពលើការវិនិយោគក្នុងវិស័យឧស្សាហកម្ម វិស័យកសិឧស្សាហកម្ម វិស័យអចលនទ្រព្យ វិស័យទេសចរណ៍ និងវិស័យអប់រំកម្រិតខ្ពស់ ដែលបានចាក់បញ្ចូលប្រាក់ចំណូល ដល់សេដ្ឋកិច្ចជាតិរាប់ពាន់លានដុល្លារតាមរយៈខេត្តមួយនេះ ៕

ចំណេះដឹង!តើអ្វីជាវិធានបញ្ជាក់ជាមុន?

ដោយវុត្ថា

ភ្នំពេញៈ វិធានបញ្ជាក់ជាមុន (Advance Ruling) ត្រូវបានបង្កើត និងដាក់អោយអនុវត្តនៅកម្ពុជានាថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣ ក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងដើម្បីធានាថា ប្រតិវេទន៍គយត្រូវបានប្រកាសត្រឹមត្រូវ ស្របតាមបញ្ញត្តិនៃច្បាប់ស្តីពីគយជាធរមាន។

និយមន័យ

វិធានបញ្ជាក់ជាមុន គឺជាសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរ ដែលចេញដោយ អគរ  ស្តីពី () ចំណាត់ ថ្នាក់ទំនិញតាមតារាងពន្ធគយ ()ការបកស្រាយនិងការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការកំណត់ តម្លៃគិតពន្ធគយនៃទំនិញឬ() ដើមកំណើតទំនិញ ដែលនឹងត្រូវនាំចូល ឲ្យទៅបុគ្គលណាមួយនៅពេល មានការស្នើសុំ។

វិធានបញ្ជាក់ជាមុននឹងមានលក្ខណៈគតិយុត្តិ  ចំពោះអាជ្ញាធរគយ ចាប់ពីថ្ងៃវិធាននេះចូលជាធរមាន។

បុគ្គលដែលមានសិទ្ធិស្នើសុំវិធានបញ្ជាក់ជាមុន (អ្នកស្នើសុំ)

អ្នកនាំចូល

    អ្នកផលិតទំនិញឬបុគ្គល ដែល បាន ទទួល សិទ្ធិ  ក្នុង ការ   នាំចូល ទំនិញ   ដែល  ជា កម្ម វត្ថុ   នៃ ការ ស្នើសុំ។

ការិយាល័យទទួលបន្ទុកវិធានបញ្ជាក់ជាមុន

ការិយាល័យចំនួនពីរទទួលបន្ទុកវិធានបញ្ជាក់ជាមុន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការអន្តរជាតិ (ផបក) នៃអគរ៖

ការិយាល័យផែនការនិងគោលនយោបាយ សម្រាប់ការចាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ និងដើមកំណើតទំនិញ។

ការិយាល័យបច្ចេកទេសគយ សម្រាប់ការកំណត់តម្លៃគិតពន្ធគយ៕

បារាំង​បង្ហាញ​គម្រោង​ចំនួន២ សម្រាប់​ការស្ដារ​វិស័យ​ទេសចរណ៍ និង​ប្រព័ន្ធធារាសាស្ត្រ ក្នុង​ខេត្តសៀមរាប

ដោយ វុត្ថា

សៀមរាប៖ រដ្ឋាភិបាល​បារាំង​បានបង្ហាញ​គម្រោង​ចំនួន២ សម្រាប់​ការស្ដារ​វិស័យ​ទេសចរណ៍​ឲ្យ​កាន់​តែមាន​ទាក់ទាញ​លើ​ឆាក​អន្តរជាតិ និង​ការរៀបចំ​ប្រព័ន្ធធារាសាស្ត្រ ក្នុង​ខេត្តសៀមរាប​ឱ្យមាន​ទឹក​ប្រើប្រាស់​ទាំងអស់គ្នា ដែល​នឹងត្រូវ​អនុវត្ត​នាពេលខាងមុខឆាប់ៗនេះ។

គម្រោង​ទាំងពីរ​នេះ ត្រូវបាន​លើកឡើង​ដោយ លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ។

លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា​ឱ្យដឹងថា សម្រាប់ គម្រោង​ទី១. គម្រោង​ពុ​យ​ទី​ហ្វូ គឺជា​ការស្ដារ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ឲ្យ​កាន់​តែមាន​ទាក់ទាញ​លើ​ឆាក​អន្តរជាតិ ខណៈ​គម្រោង​នេះ ជួបពិភាក្សា​ម្ដង​រួចមក កាលពី​ថ្ងៃទី២០ ខែឧសភា កន្លងទៅថ្មីៗនេះ រវាង​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត និង​ម្ចាស់​គម្រោង ដើម្បី​សិក្សា​ពី​លទ្ធភាព និង​ធ្វើការ​សន្និដ្ឋាន​នាពេល​ឆាប់​នេះ ។

លោកស្រី​បន្តថា ទី២. ជា​គម្រោង​លើ​ប្រព័ន្ធធារាសាស្ត្រ មាន​ឈ្មោះថា “សៀមរាប​ទឹក​សម្រាប់​ទាំងអស់គ្នា” ដែលមាន​ទីតាំង​ក្នុងស្រុក​ពួក និង​គាំទ្រ​ដោយ ទី​ភា្ន​ក់​ងារ​បារាំង សម្រាប់​ការអភិវឌ្ឍ (AFD) ហើយ​គម្រោង​នេះ នឹង​គ្រប់គ្រង​លើ​ធនធានទឹក​ចម្រុះ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប មានទឹក​ប្រើប្រាស់​ទាំងអស់គ្នា ដែលមាន​គុណប្រយោជន៍​ដល់ អាជ្ញាធរ​ជាតិ​អប្សរា ក្រសួង​ធនធានទឹក ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​អង្គភាព​ពាក់ព័ន្ធ​ដទៃទៀត ហើយ​ទោះបី​ប្រទេស​កម្ពុជា ក៏​ដូច​ពិភពលោក កំពុង​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ១៩ ប្រទេស​បារាំង​នៅតែ​បន្ត​គាំទ្រ និង​សហការ ជាមួយ​ប្រទេស​កម្ពុជា ក៏​ដូច​រដ្ឋបាល​ខេត្តសៀមរាប លើ​គម្រោង​នានា​នាពេល​អនាគត។

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​សម្តែង​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ល្អ​របស់​ប្រទេស​បារាំង ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​ជំងឺ​កូ​វីដ១៩ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់​បណ្ដា​រដ្ឋបាល​រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ធ្វើ​អត្តសញ្ញាណ​កម្ម​ជនក្រីក្រ​ពិតប្រាកដ ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ១៩ ។

លោក​បន្តថា ជាមួយ​នោះ រដ្ឋបាលខេត្ត ក៏បាន​ខិតខំ​ប្រឹងប្រែង ប្រែក្លាយ​ពេលវេលា​ដ៏​លំបាក​នេះ ទៅជា​ការអភិវឌ្ឍ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង សម្រាប់​ទទួលភ្ញៀវ​ទេសច​រ បន្ទាប់​ជំងឺ​កូ​វីដ១៩នេះ ៕

បេក្ខភាព​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជា​តិ​ប​តេ​យ្យ បានដាក់​នូវ​ផែនការ​សង្គ្រោះ​សេដ្ឋកិច្ច​ដ៏​ធំ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ដើម្បី​ដណ្តើមយក​កៅអី​ពី Trump

ដោយ៖ ប៊ី

ភ្នំពេញ៖ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden បានដាក់​ចេញ​នូវ​ផែនការ​ជួយសង្គ្រោះ​សេដ្ឋកិច្ច​អាមេរិក ដែល​កំពុង​រង​ផលប៉ះពាល់​ខ្លាំង ដោយសារ​ជំងឺ​កូ​វីដ១៩ ហើយ​លោក និយាយថា លោក Donald Trump ជា​ប្រធានាធិបតី​អសមត្ថភាព។

លោក Biden បាន​និយាយថា ផែនការ ៧០០ ពាន់​លាន​ដុល្លារ​របស់លោក​នឹង​ក្លាយជា​ការវិនិយោគ​ធំ​បំផុត​នៅក្នុង​សេដ្ឋកិច្ច​អាមេរិក ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី ២ ។

របៀបវារៈ “កសាង​ឱ្យ​កាន់តែ​ប្រសើរ​ឡើងវិញ” នឹង​ជួយ​ជំរុញ​កំណើន​ផលិតកម្ម និង​បច្ចេកវិទ្យា។

យុទ្ធនាការ​របស់លោក Trump បាន​ឆ្លើយតប​ថា​ផែនការ​នេះ​នឹងធ្វើ​ឱ្យមាន “មហន្តរាយ” ។

លោក Biden កំពុង​ព្យាយាម​ធ្វើ​សកម្មភាព​រូបភាព ដើម្បី​ប្រកួតប្រជែង​ជាមួយ​លោក Trump នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា ខាងមុខនេះ។

ថ្លែង​នៅឯ​ក្រុមហ៊ុន​ធ្វើ​ដែក​មួយ​នៅ​ជិត​ស្រុកកំណើត​របស់លោក​នៅ ក្រុង Scranton រដ្ឋ Pennsylvania កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Biden បាន​និយាយថា ការបរាជ័យ​របស់​ប្រធានាធិបតី​បាន “នាំមក​នូវ​ការខាតបង់​ដ៏​គួរឱ្យ​ភ័យខ្លាច​របស់​មនុស្ស និង​ផលប៉ះពាល់​សេដ្ឋកិច្ច​យ៉ាងខ្លាំង” ។

លោក Biden បាន​មានប្រសាសន៍ថា “ម្តង​ហើយ​ម្តងទៀត ក្រុមគ្រួសារ​ដែល​ធ្វើការ​កំពុង​បង់ថ្លៃ​សម្រាប់​រដ្ឋបាល​អសមត្ថភាព​របស់​នេះ” ។

ការបោះឆ្នោត​នៅ​ខែវិច្ឆិកា​ត្រូវបាន​គេ​រំពឹងថា​នឹង​គ្របដណ្តប់​ដោយ​ជំងឺ​រាតត្បាត និង​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច ដែល​បាន​រុញច្រាន​ប្រជាជន​អាមេរិក​រាប់សិប​លាន​នាក់​ធ្លាក់​ចូលក្នុង​ភាព​អត់​ការងារ​ធ្វើ។ មនុស្ស​ជាង ១៣ ម៉ឺន​នាក់​បាន​ស្លាប់​ដោយ​វីរុស​នេះ។

។ អ្នកបោះឆ្នោត​ជាច្រើន​មានការ​ព្រួយបារម្ភ​ពី​ការគ្រប់គ្រង​របស់​រដ្ឋ​បាល Trump ចំពោះ​ការដោះស្រាយ​ជាមួយនឹង​ជំងឺ​រាតត្បាត​រាតត្បាត ហើ​ង​អំឡុង ការគ្រប់គ្រង​របស់លោក​មាន​ផ្ទុះឡើង​នៃ​ការរើសអើង​ជាតិ​សាសន៍ថ្មីៗរបស់​ប្រទេស​នេះ។

ការស្ទង់មតិ​មតិ​បង្ហាញថា លោក Biden ជាមួយនឹង​ការនាំ​មុខ​ស្ទើរតែ​ទ្វេដង​លើ​លោក Trump ៕

រដ្ឋាភិបាលគ្រោងអនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិត កម្មករ ឈមសម្រាប់ការងាររយៈពេល ៥ នៅចុងខែសីហា

ដោយ ៖ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលគ្រោងអនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាប់ការងារនៅថ្ងៃទី១៧_១៨_១៩_២០ និងទី២១ ខែសីហា ឆ្នាំ ២០២០ ខាងមុខនេះ ។ នេះ បើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ត្រូវបានផ្សព្វផ្សាយក្រៅផ្លូវការនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២០នេះ ។

 

សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ តាមរយៈសារផ្ញើរជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលត្រូវបានចែកចាយតាមរយៈបណ្តាញសង្គមនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ ដោយបានបញ្ជាឱ្យលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចប្រជុំគណៈកម្មកំណត់រៀបចំពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដើម្បីសងដល់វិញ តាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចតេជោបានមានប្រសាសន៍ថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានវាយលុកពាសពេញសកលលោក រួមនឹងប្រទេសយើងផងដែរ ទើបរាជរដ្ឋាភិបាលសម្រេចលើកពេលថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដើម្បីបញ្ជៀសនូវការជួបជុំ ដែលអាចបង្កឆ្លងរីករាលដាល នូវជំងឺកូវីដ១៩មកដល់ប្រជាពលរដ្ឋ ។

 

សម្តេចតេជោបន្តថា “រហូតមកទល់ពេលនេះ វាជាពេលសមល្មម ដែលត្រូវសងតាមការសន្យា ជូនចំពោះប្រជាជនទូទាំងប្រទេស ជាពិសេមន្រ្តីរាជការ និងកម្មករតាមរោងចក្រនានាផងដែរ ដើម្បីបានឈប់សម្រាក”។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យកំណត់ថ្ងៃឱ្យចំថ្ងៃភ្ជាប់ជាមួយសៅរ៍និងអាទិត្យ ពោលគឺឈប់ចាប់ពីថ្ងៃចន្ទ ដល់សុក្រ រួចសៅរ៍និងអាទិត្យ ដែលអាចមន្រ្តីរាជការ ឈប់សម្រាកបានពេញ១សប្តាហ៍តែម្ដង

ឆ្លើយតបទៅនឹងការស្នើរបស់សម្តេចតេជោ ហ៊ុន សែន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១០ ខែកក្កដា សីហា ឆ្នាំ ២០២០ ម្សិលមិញនេះ បានបើកកិច្ចប្រជុំ ក្រោមអធិតី លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើរបៀប
របៀបវារៈមាន៖
១ កំណត់ថ្ងៃឈប់សម្រាកសម្រាប់ជំនួស ថ្ងៃបុណ្យប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០
២ សម្រួលវិធានការចេញ-ចូល ប្រទេសកម្ពុជាដល់អ្នកវិនិយោគិន ធុរជន និងជំនាញការជាន់ខ្ពស់បរទេស។

 

ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិក្នុងឆ្នាំ២០២០កន្លងទៅនេះ បានកំណត់តាមប្រតិទិន នៅថ្ងៃ១៣រហូតដល់ថ្ងៃទី១៦ខែមេសា ប៉ុន្តែដោយសារការបង្ការ ការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ ទើបប្រមុខរាជរដ្ឋាភិបាល ប្រកាសលើកពេលមិនឱ្យមានការឈប់សម្រាក ប៉ុន្តែអាចប្រារព្ធពិធី ចូលឆ្នាំនៅគេហដ្ឋានរៀងៗខ្លួនបាន ដោយសន្យាសងថ្ងៃឈប់សម្រាក រយៈពេល៥ថ្ងៃ ជូនវិញ ៕