កម្ពុជា​ប្រមូល​ចំណូល​ពី​ពន្ធដារ​ជាង ១,៦៨ ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី១

ដោយ ប៊ី

ភ្នំពេញៈ អគ្គនាយកដ្ឋាន​ព​ន្ឋ​ដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រមូល​ចំណូល​ពន្ធ-អាករ សម្រាប់​ថវិកាជាតិ​ចំនួន៦ ៨២០.៤៨ប៊ី​លាន​រៀល (ប្រមាណ​ជា ១ ៦៨៤.០៧លាន​ដុល្លារ​អាមេរិក) ស្មើនឹង៥៩.០៩% នៃ​ផែនការ​ប្រចាំឆ្នាំ នៅ​ឆមាស​ទី១ ឆ្នាំ២០២០ ។

ចំណូល​នេះ បើ​ធៀប​នឹង​ចំណូល​ពន្ធ-អាករ​ក្នុង​រយៈពេល​ដូចគ្នា ឆ្នាំ២០១៩ កើនឡើង​ចំនួន ៧៣៥,៨២ ប៊ី​លាន​រៀល (ប្រមាណ​ជា ១៨១.៦៨ លាន​ដុល្លារ​អាមេរិក) ស្មើនឹង១២ ភាគរយ។

ព៌​ត​មាន​នេះ​ត្រូវបាន​ប្រកាស ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែមិថុនា និង​ប្រចាំឆមាស​ទី១ឆ្នាំ២០២០ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រោម​អធិបតីភាព​របស់លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ។

អគ្គនាយកដ្ឋាន​ពន្ធដា​រ​បានឱ្យដឹងថា ក្នុង​ឆមាស​ទី១ ឆ្នាំ២០២០ ចំណូល​ពី​ប្រភេទ​ពន្ធ០២ នៅ​រក្សា​កំណើន​គួរឱ្យកត់សម្គាល់​ក្នុងនោះ អាករ​លើ​តម្លៃបន្ថែម​ជាង១ ៣៨៥ប៊ី​លាន​រៀល ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៩ កើនឡើង៦៣.៧៩ ប៊ី​លាន​រៀល ប្រមាណ៤.៨៣ ភាគរយ និង​ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន ២ ៧១០.១៨ប៊ី​លាន​រៀល ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៩ កើនឡើង៥០៧.២៦ ប៊ី​លាន​រៀល ប្រមាណ២៣,០៣ភាគរយ។

លោក​គង់ វិបុល បាន​ថ្លែងថា សម្រាប់​ឆ្នាំ២០២០នេះ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព ក្នុងការ​អនុវត្ត ការប្រមូល​ចំណូល​ពន្ធ​បាន​គ្រប់​តាម​ផែនការ​ច្បាប់ ចំនួន​ប្រមាណ១១ ៥៤៣.៣១ ប៊ី​លាន​រៀល (ប្រមាណ ២ ៨៨៥,៨៣ លាន​ដុល្លារ​អាមេរិក) អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត នូវ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល៕

មហា​យក្ស​ចិន​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច​កាន់តែ​ជ្រៅ​ក្នុង​ទ្វីបអាហ្វ្រិក

ដោយ ​វុត្ថា

ភ្នំពេញៈ មហា​យក្ស​ចិន​បាននិងកំពុង​ពង្រីក​ឥទ្ធិពល​កាន់តែខ្លាំង​នៅ​ទ្វីបអាហ្វ្រិក ដើម្បី​ពង្រីក​ឥ​ទ្ឋិ​ពល​របស់ខ្លួន នៅ​ទ្វីប​ដែល​ត្រូវគេ​គេង​ប្រវ័ញ្ច និង​ហាក់​បំភ្លេចចោល​អស់​ជាច្រើន​សម័យកាល។

ជាមួយនឹង​ការបង្ហូរ​ទុន ដើម្បី​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ មហា​យក្ស​ចិន​បាន​ចុះហត្ថលេខា​បោះទុន​វិនិយោគ សាងសង់​អគារ​ខ្ពស់កប់ពពក​កំពស់៣២០ម៉ែត្រ ដែលមាន​ឈ្មោះថា Pinnacle Towers ក្នុងប្រទេស​តំបន់​អាហ្វ្រិក ស្របតាម​គោលនយោបាយ ផ្លូវ​មួយ និង​ខ្សែក្រវ៉ាត់​មួយ របស់​ប្រធានាធិបតី ស៊ី ស៊ី​ភីង។

ក្រុមហ៊ុន China State Construction Engineering Corporation (CSCEC) ដែលជា​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ចិន​ដ៏​ធំ បានឈ្នះ​ការដេញថ្លៃ​ក្នុង​សាងសង់​អគារ​ខ្ពស់កប់ពពក​នេះ ក្នុង​ទីក្រុង Nairobi ប្រទេស​កេ​ន​យ៉ា ក្នុងចំណោម​ក្រុម​ហ៊ុ​អភិវឌ្ឍន៍​អចលនទ្រព្យល្បីៗចំនួន១០នៅលើ​ពិភពលោក។ នេះ​បើតាម​ការចុះ​ផ្សារ​ដោយ Global Construction Review។

អគារ​នេះ គឺជា​អគារ​ខ្ពស់​កប់ក​ពពក់​មួយ ក្នុងចំណោម​អគារ​ផ្សេងទៀត​ក្នុងប្រទេស​អាហ្វ្រិក ដែល​ខ្ពស់ជាង​អគារ Carlton Centre ដែលមាន​កំពស់​ត្រឹមតែ២២៣ ម៉ែត្រ​ស្ថិតនៅក្នុង​ទីក្រុង Johannesburg និង អគារ Britam Tower ដែលមាន​កំពស់២០០ម៉ែត្រ ស្ថិតនៅក្នុង​ទីក្រុង Nairobi ។

ការសាងសង់​អគារ Pinnacle Towers ដ៏​ខ្ពស់​នេះ គ្រោង​នឹង​បញ្ចប់​សាងសង​របស់ខ្លួន​នៅក្នុង​ឆ្នាំ ២០២១ ។

អគារ Pinnacle Towers សាងសង់ឡើង​សម្រាប់​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​រួមមាន ជា​ការិយាល័យ សណ្ឋាគារ អា​ផាត​ម៉ិ​ន​ទំនើប២០០យូ​នី​ត ផ្សារ​ទំនើប និង​ជា​កន្លែង​ទស្សនា​ទេសភាព​ប្រទេស Kenya ។

លោក ប្រធានាធិបតី​ប្រទេស Kenya  លោក Uhuru Kenyatta  បាន​ថ្លែង​នៅក្នុង​ពិធី​បញ្ចុះ​បថ​មសិ​លា សាងសង់​អាគារ​កប់​ព​ពក​នេះ​កាលពីពេល​ថ្មី​នេះ​ថា ការសាងសង​ស់​អគារ​នេះ ដោយសារ​គេ​មាន​ជំនឿ​ចិត្ត លើក​គោលនយោបាយ​កំណែ​ទំ​ម្រ​ង់រ​បស់​ប្រទេស Kenya ដើម្បី​ទាក់ទាញ និង​ប្រកួតប្រជែង​វិស័យ​ទេសចរណ៍ និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ទាក់ទាញ​វិនិយោគិន ៕

ជប៉ុន​ផ្តល់ជំនួយ ១០៦លាន​ដុល្លារ​ដល់​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋាភិបាល​ជប៉ុន បានសម្រេច​បន្ត​ផ្តល់​ជំនួយឥតសំណង​ចំនួន១០៦លាន​ដុល្លារ សម្រាប់​ដោះ ស្រាយ​បញ្ហា​វិបត្តិ នៃ​ជំងឺឆ្លង​នៅ​បណ្តា​ប្រទេស ដែល​ស្ថិតនៅក្នុង​តំបន់​មេគង្គ ជាមួយនឹង​គោលបំណង​ស្នើសុំ​បង្កើត​មជ្ឈមណ្ឌល​អាស៊ាន សម្រាប់​ភាព​បន្ទាន់​ផ្នែក​សុខភាព​សាធារណៈ និង​ជំងឺ​ដែល​កំពុង​កើតមាន។

ក្រសួងការបរទេស និង​សង​ប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ-ជប៉ុន​លើក​ទី១៣ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងមក​ថា រដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្តល់នូវ​ជំនួយឥតសំណង​ចំនួន១០៦លាន​ដុល្លារ​ដល់​បណ្តា​ប្រទេស ដែល​ស្ថិតនៅក្នុង​តំបន់​មេគង្គ សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ប្រឈម ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​នាពេល​បច្ចុប្បន្ន បើទោះជា​នៅក្នុង​ប្រទេស​របស់ខ្លួន​កំពុង​ជួប​គ្រោះទឹកជំនន់​ក៏ដោយ។

ជាមួយនឹង​ការផ្តល់​ជំនួយឥតសំណង នូវ​ចំនួន​ទឹកប្រាក់១០៦លាន​ដុល្លារ​ខាងលើនេះ បណ្តា​សមាជិក​ប្រទេស​ក្នុង​តំបន់​មេគង្គ​បាន​កោតសរសើរ​ចំពោះ ការសម្រេចចិត្ត​បន្ត​ការគាំទ្រ​របស់​រាជរដ្ឋាភិបាល​ជប៉ុន ក្នុងការ​ផ្តល់ជំនួយ​ដើម្បី​ធានាបាន​នូវ​ប្រព័ន្ធ​ថែទាំ​សុខភាព ប្រកបដោយ​ប្រសិទ្ធភាព និង​ភាពរឹងមាំ។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បានបញ្ជាក់​ទៀតថា ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ដែលមាន​ទឹកប្រាក់​ចំនួន១០៦លាន​ដុល្លារ នឹងត្រូវ​បែងចែក៥៦លាន​ដុល្លារ​សម្រាប់​ប្រើប្រាស់ ចំពោះ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស លើ​ក្រុម​បុគ្គលិក​គ្រូពេទ្យ និង​ការផ្តល់​បរិក្ខារ​វេជ្ជសាស្ត្រ​ជូន​មន្ទីរពេទ្យ និង​ស្ថាប័ន​វេជ្ជសាស្ត្រ​ដទៃទៀត។

ដោយឡែក​សម្រាប់​ទឹកប្រាក់​ចំនួន ៥០លាន​ដុល្លារ​ទៀត នឹងត្រូវ​ផ្តល់​តាមរយៈ​ការ​ផ្តល់ជំនួយ​ជា​បរិក្ខារ​វេជ្ជសាស្ត្រ ដើម្បី​ពង្រឹង​ការត្រៀមខ្លួន​ឆ្លើយតប​ទៅនឹង​ជំងឺឆ្លង និង​ការបណ្តុះបណ្តាល​បច្ចេកទេស របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ស្របតាម​តម្រូវការ​របស់​បណ្ដា​ប្រទេស​មេគង្គនីមួយ។

ពាក់ព័ន្ធ​ទៅនឹង​កិច្ចពង្រឹង​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច មេគង្គ-ជប៉ុន ក្រោយ​ទទួល​បញ្ចប់​បញ្ហា Covid-19 រដ្ឋមន្ត្រី​គ្រប់​ប្រទេស​ទាំងអស់ បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត ក្នុងការ​អនុវត្ត​ជំនួយឥតសំណង សម្រាប់​គម្រោង​សុវត្ថិភាព​ប្រជាជន​ថ្នាក់មូលដ្ឋាន ឆ្នាំ២០២០ ក្រោម​គំនិត​ផ្ដួចផ្ដើម​គូ​សាណូ​ណិ​មេគង្គ សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ចំនួន១០០០លាន​យ៉េន ដែល​រៀបចំឡើង​ក្នុង​គោលបំណង​ទ្រទ្រង់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម នៅតាម​ភូមិ​ស្រុក​ថ្នាក់មូលដ្ឋាន​នានា​ទូទាំង​តំបន់​មេគង្គ៕

រដ្ឋាភិបាល​ដាក់ចេញ​ផែនការ​ពង្រឹង​ការគ្រប់គ្រង​ផ្ទៃដី​ទំហំ​ជាង ៧,២លាន​ហិកតាអភិរក្ស​ជា​តំបន់​ធម្មជាតិ

ដោយ ​វុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ផែនការ ពង្រឹង​ការគ្រប់គ្រង និង​អភិរក្ស​តំបន់​ធម្មជាតិ​សរុប​ចំនួន៦៩កន្លែង គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​ជាង ៧,២ លាន​ហិកតា ស្មើ​ប្រមាណ ៤១%នៃ​ផ្ទៃដី​សរុប​របស់​កម្ពុជា ខណៈ​តំបន់​ការពារ និង​អភិរក្ស​មួយចំនួន​នៅក្នុង​ប្រទេស​ត្រូវបាន​ទន្ទ្រាន និង​កាន់កាប់​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់។

យោងតាម​របាយការណ៍​របស់​ក្រសួងបរិស្ថាន បានបង្ហាញ​នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​ការ គ្រប់គ្រង តំបន់ការពារធម្មជាតិ​នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២០កន្លងមក​បានឱ្យដឹង​ថា តំបន់​ធម្មជាតិ​ន​ទាំងនោះ​រួមមាន តំបន់​ឧទ្យាន​ជាតិ តំបន់​ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់​ប្រើប្រាស់​ច្រើនយ៉ាង តំបន់​រាម​សារ តំបន់​ស្នូល​នៃ​ឋបនីយ​ជីវ​មណ្ឌល តំបន់​បេតិកភណ្ឌ​ធម្មជាតិ តំបន់​ឧទ្យាន​ជាតិ​សមុទ្រ និង​របៀង​អភិរក្ស​ជីវៈចម្រុះ។

យោងតាម​អនុក្រឹត្យ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ន្ល​ង​មកនេះ​បង្ហាញថា ការបង្កើត​តំបន់ការពារធម្មជាតិ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី ធានា​ការថែរក្សា និង​ការពារ​សោភ័ណភាព​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី សារព័ន​មជ្ឈដ្ឋាន​ធម្មជាតិ សត្វព្រៃ រុក្ខជាតិ និង​វប្បធម៌ ថែរក្សា​ការពារ​លំនឹង​បរិស្ថាន និង​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ។

អនុក្រឹត្យ​ដដែល​បន្តថា តំបន់ការពារធម្មជាតិ​នេះ នឹង ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការប្រើប្រាស់​ប្រកប ដោយ​និរន្ត​ភាព លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជន ក្នុងការ​រួមចំណែក​ដ​ល់​ការ គ្រប់គ្រង ការការពារ និង​កា​អភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់ ថែរក្សា​ការពារ វប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និង​សារៈសំខាន់​ផ្នែក​វប្បធម៌​របស់​សហគម​ន៍​មូលដ្ឋាន និង​បង្កើន​តួនាទី​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​តំបន់ការពារធម្មជាតិ សម្រាប់​ជា​ផលប្រយោជន៍ ដល់​សង្គមជាតិ​គ្រប់​ជំនាន់។

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពីពេល​ថ្មី​បានចេញ“វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ” ជូន​ក្រសួងបរិស្ថាន​ចំនួន១៨ប័ណ្ណ ក្នុងនោះ១០ប័ណ្ណ សម្រាប់​សម្គាល់​កម្មសិទ្ធិ​ដី​រដ្ឋ​ក្នុង​តំបន់​ស្នូល និង​តំបន់​អភិរក្ស​នៃ​ដែន ជម្រកសត្វព្រៃ ពាម​ក្រសោប ខេត្តកោះកុង ដែល​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​សរុប៤.៦៧២,៦១ហិកតា និង៨ប័ណ្ណ​សម្រាប់​សម្គាល់​កម្ម​សិទ្ធិ​ដី​រដ្ឋ​ក្នុង​តំបន់​ស្នូល នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្ត​មណ្ឌល​គី​រី ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​សរុប ៤៥.៥១៩,២៦ ហិកតា។

ក្រសួងបរិស្ថាន​បញ្ជាក់​ថា “នេះ​គឺជា​លទ្ធផល​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា ដែល​រាជរដ្ឋាភិបាល​បាន​គាំទ្រ និង​ជំរុញឱ្យមាន​ការចុះបញ្ជី​ដី​រដ្ឋ នៅក្នុង​តំបន់ការពារធម្មជាតិ​ជា​លើកដំបូង ហើយក៏​ឆ្លុះបញ្ចាំង​អំពី​ការយកចិត្តទុកដាក់ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​លើ​ការងារ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​ផងដែរ។ ក្រសួងបរិស្ថាន ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ទទួលបន្ទុក​គ្រប់គ្រង​តំបន់ការពារធម្មជាតិ នឹង​បន្ត​ដកស្រង់​មេរៀន និង​បទពិសោធ​ពី​គម្រោង​នេះ ដើម្បី​កែសម្រួល​នីតិវិធី និង​ជំរុញ​ដំណើរការ​ចុះបញ្ជី​ដី​រដ្ឋ នៅក្នុង​តំបន់ការពារធម្មជាតិ​ដទៃទៀត​នៅ​ទូទាំងប្រទេស៕

ចំណេះដឹង! អ្វី​ជា​វិញ្ញាបនបត្រ​អនាម័យ និង​ភូតគាម​អនាម័យ?

ដោយ វុត្ថា

ភ្នំពេញៈ វិញ្ញាបនបត្រ​អនាម័យ និង​ភូតគាម​អនាម័យ (Sanitary and Phytosanitary Certificate-SPS) ជា​ឯកសារ​ចាំបាច់ សម្រាប់​ការនាំចេញ​ផ្លែឈើ​ស្រស់ បន្លែស្រស់ រុក្ខជាតិ​ស្រស់ ត្រី សត្វ​រស់ និង​ផលិតផល ផ្សេងទៀត ដែល​តម្រូវ​ដោយ​ប្រទេស​នាំចូល។

វិញ្ញាបនបត្រ​នេះ​បញ្ជាក់ថា ផលិតផល​នាំចេញ​គ្មាន​ផ្ទុក​សត្វ ល្អិត​បង្ក​ជំងឺ ឬ​សត្វល្អិត​ចង្រៃ​ដែល​អាច​បំផ្លាញ​ផលដំណាំ។ អ្នក​នាំចូល​ត្រូវ​ទទួលខុសត្រូវ ក្នុងការ​បំពេញ​ទៅតាម​លក្ខខណ្ឌ​អនាម័យ និង​ភូតគាម​អនាម័យ។

ទំនិញ​ជា​កម្មវត្ថុ​នៃ​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ​មាន ៖

  • រុក្ខជាតិ បំណែក​រុក្ខជាតិ ផលិតផល​រុក្ខជាតិ និង​ផលិតផល​កែច្នៃ​ពី​ផលិតផល
  • រុក្ខជាតិ​ដែល​អាចជា​ជម្រក និង​ចម្លង​សមាសភាព​ចង្រៃ
  • សម្ភារ​វេច​ខ្ចប់ ឡាំង​ឈើ កំណាត់ឈើ ឬ មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ និង​ឃ្លាំង​សន្និធិ។
  • ដី​ឬ ដី​ដែល​ជាប់​នឹង​ឬ​ស ឬ បំណែក​រុក្ខជាតិ
  • កត្តាចង្រៃ ឬ សរីរៈ​មាន​ប្រយោជន៍ រស់ ឬ ងាប់
  • ផលិតផល​ដែល​គ្មាន​ដើមកំណើត​ពី​រុក្ខជាតិ តែ​អាចជា​ជម្រក​នៃ​សមាសភាព​ចង្រៃ។

បញ្ជី​មុខទំនិញ​ជា​កម្មវត្ថុ នៃ​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ ត្រូវ​កំណត់ដោយ​ប្រកាស​រួម​របស់​រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល៕

អាគារការិយាល័យជួលថ្មីទំហំ៥៩,០០០ម៉ែត្រការ៉េនឹងដាក់ចូលទីផ្សារនៅចុងឆ្នាំនេះ

ដោយ៖ ប៊ី

ភ្នំពេញៈ បើទោះបីអាត្រាជួលការិយាល័យធ្លាក់ចុះ៤,៥ ភាគរយ នៅត្រីមាសទី២ ឆ្នាំ២០២០ បើធៀបនឹងត្រីមាស១ឆ្នាំមុនក្តី ក៏ការផ្គត់ផ្គង់អាគារការិយាល័យនៅបន្តកើនឡើងរហូតដល់ជិត៦០,០០០ម៉ែត្រការ៉េរហូតដល់ចុងឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia។

របាយការណ៍ដដែលបានឲ្យដឹងថា គម្រោងការិយាល័យជួលថ្មីៗចំនួន៥ រួមមានគម្រោងការិយាល័យGrade B មាន១គម្រោង និងគម្រោង Grade C មានចំនួន៤ គម្រោង ត្រូវបានបញ្ជប់នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០នេះ ខណៈគម្រោងការិយោជួលសហកម្មសិទ្ធ១ បានបញ្ចប់នៅត្រីមាសទី២នេះ។

តម្លៃជួលការិយាល័យGrade B នៅតំបន់ពាណិជ្ជកម្ម ធ្លាក់ចុះ៣,១ ភាគរយ ក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី២ បើធៀបនឹងត្រីមាសទី១ ខណៈតម្លៃជួលការិយាល័យ Grade B នៅក្រៅតំបន់ពាណិជ្ជកម្មធ្លាក់ចុះ២,៩ ភាគរយ។

ផ្ទុយទៅviJតម្លៃជួលការិយាល័យ Grade C នៅតំបន់ពាណិជ្ជកម្ម មានកើនឡើង ៨.០ភាគរយ នៅក្នុងត្រីមាសទី២ បើធៀបនឹងត្រីមាសទី១ ហើយតម្លៃជួលការិយាល័យ Grade C នៅក្រៅតំបន់ពាណិជ្ជកម្ម កើនឡើង៤,៥ភាគរយ។

របាយការណ៍បានឱ្យដឹងថា អ្នកជួលដែលមានស្រាប់ នៅតែមានបំណងបន្តការជួលរបស់ពួកគេ ហើយបានរំពឹងថាការផ្គត់ផ្គង់ការិយាល័យជួលថ្មី ដែលមានទំហំ ៥៩,០០០ ម៉ែត្រការ៉េនឹងចូលមកក្នុងទីផ្សារនៅចុងឆ្នាំ២០២០នេះ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានប្រាប់ Propertyarea.asia កាលពីពេលថ្មីៗនេះថា ដោយសារតែវិបត្តិនៃជំងឺឆ្លង ចាប់តាំងពីពាក់កណ្តាលត្រីមាសទី១ ឆ្នាំ២០២០ ទីផ្សារនៃការជួលអាគារការិយាល័យត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង។

លោកស្រីបន្តថា “ទីផ្សារនៃការជួយអាគារការិយាល័យ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០ គឺមានការធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែនៅត្រឹមដើមត្រីមាសទី២ ហាក់មានភាពងើបឡើងវិញបន្តិច ដោយសារតែការគ្រប់គ្រងនៃការរាលដាល នៃជំងឺឆ្លងរបស់រដ្ឋាភិបាលទទួ​លបានលទ្ធផលល្អប្រសើរ ជាពិសេសម្ចាស់អាគារមួយចំនួន បានប្រើយុទ្ធសាស្ត្របញ្ចុះតម្លៃ ដើម្បីជួយសម្រាលដល់អតិថិជនចាស់ និងឈោងចាប់យកអតិថិជនថ្មី”។

លោកស្រីអាន សុធីតាបានបន្តទៀតថា បច្ចុប្បន្ននេះ តាមការមើលពីភាពជាក់ស្ដែង ទីផ្សារជួលអាគារការិយាល័យ ហាក់មានភាពល្អប្រសើរជាងពេលមុនបន្តិច ហើយក៏ល្អជាងទីផ្សារជួល ទីតាំងលក់រាយនៅតាមបណ្តាផ្សារនើបផងដែរ ដែលគេរំពឹងថា នឹងកាន់​តែមានស្ថានភាពល្អជាងនេះនៅត្រីមាសបន្ទាប់ ជាពិសេសនៅដើមឆ្នាំក្រោយ ខណៈដែលការភាពភ័យខ្លាច នៃការឆ្លងជំងឺត្រូវបានកាត់បន្ថយ ហើយការគ្រប់គ្រងស្ថានការរបស់រដ្ឋាភិបាលកាន់តែទទួលបានលទ្ធផលវិជ្ជមាន”៕

ឈ្មួញជាច្រើនកំពុងដើររកទិញដីនៅតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិថ្មី

ដោយវុត្ថា

ភ្នំពេញៈ លោកស្រីតាំង ហួរ នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Amatak Property Service បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ មានឈ្មួញ និងអ្នកវិនិយោគដីធ្លីជាច្រើនបាននឹងកំពុងដើរស្វែងរកទិញដីធ្លី នៅតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិភ្នំពេ​ញថ្មី ស្ថិតនៅក្នុងខេត្តកណ្តាល ខណៈគម្រោងព្រលនាយន្តហោះអន្តរជាតិភ្នំពេញនេះ បាននឹងកំពុងសាងសង់យ៉ាងសកម្ម។

លោកស្រីតាំង ហួរ បានប្រាប់គេហទំព័រ Propertyarea.asia ពីតំបន់ព្រលានយន្តហោះអន្តរជាតិថ្មីនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០នេះថា ដីនៅតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានអ្នកវិនិយោគជាច្រើនបាន និងកំពុងសម្រុកមកកាន់ទីនេះ ដើម្បីទិញដីសម្រាប់ទុកលក់យកចំនេញបន្ត ខណៈដែលដីនៅតំបន់នេះ នៅមានតម្លៃធូរ  ថ្លៃ។

លោកស្រីបន្តថា “គេដើររកទិញដីនៅតំបន់នេះ (ព្រះលានយន្តហោះថ្មី) ព្រោះវាមានតម្លៃធូថ្លៃ ដែលអាចទុកលក់ យកចំនេញនៅថ្ងៃក្រោយបាននាពេលខាងមុខ”។លោកស្រីបន្ថែមថា “និយា​យជារួមនៅតំបន់ជុំវិញក្រុងភ្នំពេញចន្លោះពី ២០ ទៅ៣០គីឡូម៉ែត្រ គឺមានអ្នកវិនិយោគដើររកទិញដីទុកច្រើន”។

នៅពេលសួរចំពោះតម្លៃដីធ្លី នៅតំបន់ជុំវិញព្រលានយន្តហោះថ្មី ក្នុងមួយម៉ែត្រការ៉េមានតម្លៃប៉ុន្មាន? លោកស្រី មិនបានបញ្ជាក់នោះទេ ព្រោះតម្លៃរបស់វាអាស្រ័យទៅតាមទំហំដីតូឬ ធំ និងស្ថានភាពដីជាក់ស្តែងជិត ឬឆ្ងាយ។

លោក គង់ សោភណ្ឌ  អភិបាលខេត្តកណ្តាលធ្លាប់បានឱ្យដឹងកន្លងមកនេះថា នាពេលបច្ចុប្បន្ននេះ មានអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យជាច្រើនបាន និងកំពុងផ្តោតលើការចាប់អារម្មណ៍យ៉ាងខ្លាំង លើការវិនិយោគលើដីធ្លី នៅតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅខេត្តកណ្តាល។

លោកថា អ្នកវិនិយោគលើវិស័យអចលនទ្រព្យទាំងនោះ រួមមាន ទាំងវិនិយោគលើវិស័យសណ្ឋាគារ ផ្ទះសំណាក់ លំនៅឋាន បុរី និង គម្រោងធំៗផ្សេងទៀត ដែលធ្វើឱ្យតម្លៃដីធ្លីនៅក្នុងតំបន់នោះ កាន់តែមានតម្លៃខ្ពស់ ហើយផ្តល់ជីវភាពធូធារដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថែមទៀតផងដែរ។

គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថាបនាលើដីទំហំប្រមាណ២៦០០ ហិកតា មានបណ្តោយប្រមាណ៦គីឡូម៉ែត្រ និងទទឹងប្រមាណ៤គីឡូម៉ែត្រ ។ ដំណើការ នៃការសាងសង់ព្រលានយានដ្ឋានអន្តរជាតិភ្នំពេញថ្មី អាចនឹងបញ្ចប់ដំណាក់កាលទី១ នៅឆ្នាំ២០២៣ខាងមុខនេះ។ ទុនវិនិយោគព្រលានយន្ដហោះមួយនេះ មានទំហំទឹកប្រាក់ប្រមាណ១៥០០លានដុល្លារ ដែលជាប្រភេទ 4F អនុញ្ញាតឱ្យប្រភេទព្រលានយន្តហោះធំ Airbus A380-800 និង យន្តហោះ Boeing 747-800 ហោះហើរពីឆ្ងាយឆ្លងទ្វីបចុះចតបាន៕

ប្រទេសចិនសាងសង់ផ្លូវហាយវេដោយប្រើប្រាស់ម៉ាស៊ីនទំនើបគ្មានមនុស្សបញ្ជា

ដោយ ហ្សូលី

ប៉េកាំងៈ ប្រទេសចិនកំពុងសាងសង់នូវគម្រោងផ្លូវហាយវេ (Highway) ដែលប្រើប្រាស់ជាមួយម៉ាស៊ីនទំនើប បច្ចេកវិទ្យាចុងក្រោយ ដោយម៉ាស៊ីនទាំងនោះមិនមានមនុស្សនៅក្បែរចាំបញ្ជាឡើយ។

គម្រោងផ្លូវហាយវេនេះ ត្រូវសាងសង់ឡើងស្ថិតនៅចន្លោះ រវាងខេត្តស៊ីឈាន់ និង ដាលី ដែលមានឈ្មោះថា Panzhihua-Dali Highway។ ការស្ថាបនាផ្លូវហាយវេ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ផ្សារភ្ជាប់នឹងប្រព័ន្ធកំណត់ទីតាំងGPS ទំនាក់ទំនងមីក្រូ និងឧបក​រណ៍ចាប់សញ្ញាយ៉ាងទំនើប ដែលប្រកបដោយភាពវៃឆ្លាតអាចស្វែងរកផ្លូវបាន ព្រមទាំងញាណក្នុងការប្រើប្រាស់ឧបករណ៍ផ្សេងៗផងដែរ។

គោលបំណងនៃការប្រើប្រាស់ម៉ាស៊ីន ដែលគ្មានមនុស្សបញ្ជានេះ ដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនភាពច្នៃប្រឌិត និងផលិតកម្ម។

បើតាមឱ្យដឹងពីទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានរាយការណ៍ថា ម៉ាស៊ីននិងគ្រឿ​ងចក្រសម្រាប់សាងសង់ផ្លូវហាយវេ ត្រូវបានសម្របសម្រួល និងបញ្ជាពីមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ។ ស្ពាននិងផ្លូវរូងក្នុងដីប្រមាណ៨១ភាគរយ នៃគម្រោងផ្លូវហាយវេទាំងនេះ មានលក្ខណៈជាក់លាក់ស្ពស់សម្រាប់ដំណើរការរលូនរបស់ផ្លូវ។

បច្ចេកវិទ្យាទំនើបបែបនេះត្រូវបានបង្កើតឡើង និងអភិវឌ្ឍដោយក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីន Xuzhou Construction Machinery (XCMG) សហការជាមួយក្រុមហ៊ុនវិនិយោគផ្លូវដែកស៊ីឈាន់ និងសាកលវិទ្យាល័យ ហ្ស៊ីងហ័រ។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ គឺជាអ្នកដែលស្វែងរក និងបង្កើតខួរក្បាលនៃប្រព័ន្ធដំណើរការម៉ាស៊ីននេះ។

ក្រសួងដឹកជញ្ជូនរបស់ចិន បានចេញសេចក្តីណែនាំ កាលពីខែឧសភាកន្លងទៅ ដែលជម្រុញឱ្យប្រើប្រាស់ប្រព័ន្ធ5G ក្នុងការស្ថាបនាផ្លូវ និងជាតិចនិចកម្រិតខ្ពស់មួយ យ៉ាងច្បាស់លាស់ ដែលជាឥទ្ធិពលដ៏ខ្លាំងក្លានៃថាមពលកុំព្យូទ័រ។

ប្រទេសចិន បានចំណាយទឹកប្រាក់ជាង២២៥ពាន់លានដុល្លាររួចមកហើយ ក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កាលពីឆ្នាំ ២០១៩។ ជាមួយនឹងជំនួយពីប     ច្ចេកវិទ្យាបណ្តាញ5Gនេះ នឹងធ្វើឱ្យមានការតភ្ជាប់ឆាប់រហ័ស និងបន្ថយភាពយឺតយ៉ាវរបស់គម្រោង ដែលក្រុមហ៊ុនម៉ៅការសាងសង់រំពឹងថា នៅការដ្ឋានសំណង់ក្នុងប្រទេសចិននឹងមានការប្រើប្រាស់ម៉ាស៊ីនបែបនេះឱ្យបានច្រើន៕

មជ្ឈមណ្ឌលកម្សាន្តធំផុតរបស់អាមេរិកគ្រោងបើកដំណើរឡើងវិញ បើទោះមាន វិបត្តិជំងឺរាតត្បាតសកល

ដោយ ប៊ី

អន្តរជាតិៈ មជ្ឈមណ្ឌលកម្សាន្ត Disney World ដ៏ធំរបស់អាមេរិកបានបិទទ្វារអស់រយៈពេល១១៦ ថ្ងៃ ដែលជារយៈពេលក្រុមហ៊ុន Walt Disney World បានផ្អាកដំណើរការ ដោយសារតែការផ្ទុះឡើងនៃជំងឺរាតត្បាតឆ្លងរាលដាល។

នៅថ្ងៃសៅរ៍ខាងមុខនេះ ក្រុមហ៊ុនDisney នឹងបើកទ្វារស្វាគមន៍ភ្ញៀវនៅឧទ្យានកម្សាន្តរបស់ខ្លួននៅទីក្រង Orlando រដ្ឋ Florida ឡើងវិញ។

ក្រុមហ៊ុន Disney (DIS) គ្រោងនឹងបើកដំណើរការជាផ្លូវការឡើងវិញ នៅថ្ងៃសៅរ៍ខាងមុខ សម្រាប់ឧទ្យាន Magic Kingdom និងសួនសត្វរបស់ខ្លួន។

ទោះបីជាDisney កំពុងអនុវត្តន៍វិធានការណ៍ជាច្រើន ដើម្បីបើកដំណើរការដោយសុវត្ថិ​ភាពក៏ដោយ ក៏ការបើកឡើងវិញនូវឧទ្យានកម្សាន្តនេះ នៅហ្វ្រាន់ស៊ីស្កូធ្វើឡើងដោយប្រឈមនឹងហានិភ័យ សំណួរ និងការរិះគន់នៅពេលដែលករណីឆ្លង កំពុងកើនឡើងនៅរដ្ឋផ្លរីដា។

សួនកម្សាន្តនេះ មាននិយោជិកជាង៧៥.០០០នាក់  ហើយមនុស្សរាប់លាននាក់មកទស្សនាជារៀងរាល់ឆ្នាំ។

លោក Trip Miller ដែលជាម្ចាស់ភាគហ៊ុន និងជាដៃគូគ្រប់គ្រងរបស់ក្រុមហ៊ុន Gullane Capital Partners បានឱ្យដឹងថា “នៅពេលអ្នកគិតសួនកម្សាន្ត Disney អ្នកនឹងស្រមៃឃើញមនុស្សជាច្រើននៅទីនោះ”។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19ច្រើនជាងគេនៅលើពិភពលោក។ សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺ COVID-19 ចំនួនជាង៣,២លាននាក់ ស្លាប់ចំនួន១៣៥,៩១៥នាក់ និងជាសះស្បើយចំនួន ១,៤២៦,១៧០នាក់៕ CNN៕

មន្រ្តីជាន់ខ្ពស់លើកឡើងពីសារៈសំខាន់នៃធនធានប្រេងកាត ខណៈការទាញយកមិនទាន់មានភាពច្បាស់លាស់

ដោយវុត្ថា

កោះកុងៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានអះអាងថា  ធនធានប្រេងកាត ជាដើមទុនដ៏មានតម្លៃរបស់ជាតិសម្រាប់ការជំរុញ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមផលប្រយោជន៍យូរអង្វែងរបស់ជាតិ និងលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់ប្រជាជនកម្ពុជា ខណៈកម្ពុជាធនធានប្រេងកាតទាញយកបាននៅពេលណា មិនទាន់កំណត់ច្បាស់​លាស់នៅឡើយ។

អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ញឹម សុមេធបានមានប្រសាសន៍ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «បច្ចុប្បន្នភាព នៃវិស័យប្រេងកាតកម្ពុជា» នៅខេត្តកោះកុងនាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០នេះឱ្យដឹថា ការធ្វើធុរកិច្ចដើម្បីទាញយកមកប្រើប្រាស់បណ្ដាធនធាននេះ គឺជាវិនិយោគរបស់ជាតិ ដើម្បីទទួលបាននូវផលប្រយោជន៍ជាវឌ្ឍនភាពរុងរឿង នៃសង្គមជាតិ នឹងភាពល្អប្រសើរនូវជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាទាំងអស់។

លោកបន្តថា “ការធ្វើអាជីវកម្មធនធាននេះជាទូទៅ ជៀសមិនផុតពីផលប៉ះពាល់ផ្សេងៗ ចំពោះបរិស្ថានសង្គម និងជាពិសេសចំពោះសហគមន៍មូលដ្ឋាន ដូច្នេះបេសកកម្មចម្បងរបស់ក្រសួងរ៉ែ និងថាមពល គឺការប្រកាន់យកនូវទស្សនៈវិស័យ ដែលជំរុញឲ្យការអភិវឌ្ឍ និងអាជីវកម្មធនធានប្រេងកាត”។លោកបន្តថា “រដ្ឋាភិបាលនឹងបញ្ជៀសឲ្យបានជាអតិបរមានៅផលប៉ះពាល់អវិជ្ជមានផ្សេងៗ ដល់បរិស្ថានសង្គមព្រមទាំង ការពារ និងជំរុញលើកកម្ពស់ផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន ដើម្បីប្រែក្លាយជាវិនិយោគក្នុងវិស័យនេះ បានប្រកបដោយទិន្នផលសេដ្ឋកិច្ចសង្គមខ្ពស់បំផុតនិងមានតម្លាភាព”។

មន្រ្តីជាន់ខ្ពស់រូបនេះ បានថ្លែងទៀតថា រហូតមកដល់ពេលនេះ យើងអាចវាយតម្លៃបានថា ការអនុវត្តកម្មវិធីកំណែទម្រង់សំខាន់ៗ ក្នុងវិស័យប្រេង និងឧស្ម័នត្រូវបានអនុវត្តប្រកបដោយ ការព្យាយាមចិត្តទុកដាក់ខ្ពស់នឹងទទួលបានផលគួរជាទីមោទនៈ ហើយក្រសួងក៏បានយកចិត្តទុកដាក់ លើការអនុវត្តសកម្មភាពអាទិភាពសំខាន់ៗដូចជា ទី១ ការកសាងសមត្ថភាពស្ថាប័នការពង្រឹងប្រសិទ្ធភាពអភិបាលកិច្ច ទី២ ការគ្រប់គ្រងប្រតិបត្តិការប្រេងកាត ដោយសង្កត់លើការរៀបចំគោលនយោបាយបទដ្ឋានគតិយុត្តិ ទី៣ ការរៀបចំឡើងវិញផ្នែកស្ថាប័នកិច្ចការបណ្ដុះបណ្ដាល។

ទី៤ កសាងសមត្ថភាពមន្ត្រីរាជការ រួមទាំងការរឹតបន្តឹងការត្រួតពិនិត្យ និងប្រសិទ្ធភាព នៃការអនុវត្តកាតព្វកិច្ចព្រមព្រៀងប្រេងកាត ទី៥ ការពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យប្រេង និងឧស្ម័ន ទី៦ ការរៀបចំយន្តការ និងក្របខ័ណ្ឌអភិវឌ្ឍន៍ដើម្បីពង្រឹងស្តង់ដារសុវត្ថិភាពបរិស្ថាន និងសង្គម ទី៧ ការវាយតម្លៃយុទ្ធសាស្ត្រនៃផែនការបរិស្ថានក្នុងគម្រោងប្រេងកាត។

គោលនយោបាយ និងសកម្មភាពអទិភាពឆ្នាំ២០១៩-២០២៣ នៃវិស័យប្រេងកាតកម្ពុជាក្រសួងរ៉ែ និងថាមពល មានបេសកកម្មយ៉ាងធំធេង ក្នុងការអភិវឌ្ឍវិស័យប្រេងកាត ឲ្យអស់លទ្ធភាពតាមរយៈការស្វែងរុករកអភិវឌ្ឍន៍ផលិតកម្ម ប្រព្រឹត្តិកម្ម ដឹកជញ្ជូនសន្និធិ និងការធ្វើពាណិជ្ជកម្មប្រេង និងឧស្ម័នដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងផលប្រយោជន៍យូរអង្វែង នៃប្រទេសជាតិ នឹងភាពល្អប្រសើរនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕