រដ្ឋបាលខេត្តកែបកំណត់ឱ្យពលរដ្ឋរុះរើសំណង់រំលោភលើឆ្នេរកែប ក្រោយបញ្ចប់ពិធីបុណ្យអុំទូក

0

ដោយ ហ្សូលី

កែប៖ រដ្ឋបាលខេត្តកែប បានកំណត់ឱ្យប្រជាពលរដ្ឋ និងអាជីវករ ចាំបាច់ត្រូវរុះរើសំណង់ដែលរំលោភលើតំបន់សាធារណៈឆ្នេរកែបឱ្យបានមុនថ្ងៃទី ១៥ វិច្ឆិកា ខាងមុខ បន្ទាប់ពីអាជ្ញាធរបានព្រមានជាច្រើនលើកច្រើនសារ តែពលរដ្ឋមិនគោរពតាមការណែនាំ។

ការដាក់ចេញនូវឱសាទវាទនេះ ក្រោយមានកិច្ចប្រជុំធំមួយរបស់ អាជ្ញាធរខេត្តកែប និងអាជីវករដែលមានទីតាំងលក់ដូរតាមបណ្តោយឆ្នេរកែប ដោយដឹកនាំដោយ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅសាលប្រជុំសាលាខេត្តកែប។

អភិបាលខេត្តកែប បានដាក់បញ្ជាដាច់ខាតឱ្យអភិបាលក្រុងកែប និងមន្រ្តីជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានក្តៅ ដោយធ្វើយ៉ាងណាក៏ដោយត្រូវរុះរើសំណង់រំលោភទីតាំងសាធារណៈរបស់រដ្ឋចេញឱ្យអស់ ដើម្បីយកទីតាំងទាំងនោះ សម្រាប់បម្រើឱ្យផលប្រយោជន៍សាធារណៈ ជាពិសេសភ្ញៀវទេសចរ ដែលមកសម្រាកកម្សាន្តនៅខេត្តកែបនេះតែម្តង។

លោកស្រី ទិត្យ សុខា អភិបាលក្រុងកែប បានកំណត់ឱ្យបណ្តាអាជីវករណា ដែលបានសង់សំណង់រំលោភលើទីតាំងសាធារណៈរបស់រដ្ឋ ត្រូវរុះរើចេញមកវិញ ហើយសម្អាតទីតាំងទាំងនោះ ឱ្យដូចសភាពដើម។

ប្រសិនបើម្ចាស់ទីតាំងទាំងនោះមិនគោរពតាមទៀត អាជ្ញាធរនឹងចុះទៅរុះរើជូន ដោយម្ចាស់ទីតាំងត្រូវបង់ថ្លៃនៃការរុះរើជូនអាជ្ញាធរ ហើយអាជ្ញាធរមិនធានានូវការខូចខាតទ្រព្យសម្បត្តិទាំងនោះឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរបានទុកពេលឱ្យអាជីវករ អាចរក្សាទីតាំងទាំងនោះសម្រាប់លក់ដូរ នៅថ្ងៃឈប់សម្រាកក្នុងព្រះពិធីគ្រប់គ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ពោលគឺការរុះរើបន្ទាប់ពីបញ្ចប់ពិធីបុណ្យធំទាំងពីរនេះ។

ក្រៅពីបញ្ហាការសង់សំណង់រំលោភលើទីតាំងសាធារណៈរបស់រដ្ឋមានដូចជា ផ្លូវដើរកម្សាន្តតាមប្របមាត់ឆ្នេរ ផ្លូវធ្វើដំណើររបស់យានយន្តជាដើម អភិបាលខេត្តកែប ក៏បានឱ្យអាជីវករទាំងនោះបញ្ឈប់នូវសកម្មភាពចេញមកចាប់ឡាន ដើម្បីឱ្យចូលកន្លែងរបស់ខ្លួន ដែលនេះអាចមានហានិភ័យខ្ពស់នូវការជួបគ្រោះថ្នាក់ចរាចរណ៍។

គេមើលឃើញថា នេះជាលើកដំបូងហើយ ដែលអាជ្ញាធរខេត្តកែប បានចាត់វិធានការក្តៅទៅលើបញ្ហាអវិជ្ជមានមួយចំនួនដែលបានកើតឡើងជាយូរមកហើយ នៅតាមបណ្តោយឆ្នេរកែបនេះ ដែលកន្លងមកអាជ្ញាធរ នៅប្រើវិធីសាស្រ្តត្រជាក់ៗ តែហាក់មិនបានផល ឬបានផលមួយរយៈខ្លី ហើយបញ្ហាទាំងនោះនៅតែបន្តកើតមាន ឬកើតឡើងលើសដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here