ខ្សែបញ្ជូនអគ្គិសនីជុំវិញបឹងទន្លេសាបកម្លាំង២៣០គីឡូវ៉ុលបានដាក់ឱ្យដំណើរការហើយ

ដោយៈ រ៉ាណេត

ភ្នំពេញៈ សមិទ្ធផលថ្មីមួយទៀតរបស់អគ្គិសនីកម្ពុជា ដែលជាការដាក់ឱ្យដំណើរការនូវខ្សែបញ្ជូនថាមពលអគ្គិសនី ដែលមានកម្លាំង២៣០គីឡូវ៉ុល ដែលជាកងជុំវិញបឹងទន្លេសាប និងឆ្លងកាត់ចំនួន៩ ខេត្ត/ក្រុង។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះថា អគ្គិសនីកម្ពុជា ទើបទទួលសមិទ្ធិផលថ្មីមួយបន្ថែមទៀត គឺការដាក់ឲ្យដំណើរការខ្សែបញ្ជូន២៣០គីឡូវ៉ុល ពីសៀមរាបមកកំពង់ធំ ដែលជាកំណាត់ចុងក្រោយ នៃបណ្តាញបញ្ជូនតង់ស្យុងខ្ពស់២៣០ គីឡូវ៉ុល ជាកងជុំវីញបឹងទន្លេសាប ដែលឆ្លងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងខេត្តកំពង់ចាម។

លោកបន្តថា “ការដាក់ឱ្យដំណើរការខ្សែបញ្ជូន២៣០គីឡូវ៉ុលនេះ បានធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញ ដែលជាសមិទ្ធផលថ្មីជាប្រវត្តិសាស្រ្តមួយទៀតទើបសម្រេចបាន ក្រោយពេលសាងសង់ដ៏លំបាករយៈពេលជាង៣ឆ្នាំ នៃកំណាត់ខ្សែបណ្តាញពីបាត់ដំបង មកកំពង់ចាមប្រវែង ៣៦២ គីឡូម៉ែត្រ”។

លោកកែវ រតនៈ បានបញ្ជាក់ទៀតថា “សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានបំណងយូរមកហើយ ចង់ឱ្យខេត្តទាំង៨ ជុំវិញបឹងទន្លេសាបទាំងអស់ រួមទាំងរាជធានីភ្នំពេញមួយទៀត មានខ្សែបញ្ជូនអគ្គិសនី ដែលអាចយកប្រភពថាមពលចេញពីខ្សែបញ្ជូននេះ ទៅឱ្យខេត្តកោះកុង ព្រះវិហារ ប៉ៃលិន និងឧត្តរមានជ័យផងដែរ ដែលផែនការនេះត្រូវបានសម្រេចនៅថ្ងៃម្សិលមិញនេះ តាមរយៈការដាក់ភ្ជាប់កំណាត់ចុងក្រោ​យពីខេត្តសៀមរាបទៅខេត្តកំពង់ធំ”។

តាមរយៈវត្តមាននៃសមិទ្ធផលថ្មីនេះ បានតភ្ជាប់ដង្ហើមសេដ្ឋកិច្ចដ៏ធំរបស់បណ្តាខេត្តនានា ដែលមានប្រជាពលរដ្ឋរស់នៅច្រើនលើសលុប ជុំវិញបឹងទន្លេសាប ហើយក៏ជាកន្លែងដែលប្រមូលផ្តុំនូវសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា។ ខ្សែបណ្តាញនេះនឹងបង្កើនស្ថិរភាពឱ្យទៅការផ្គត់ផ្គង់ ទៅខេត្តជុំវិញបឹងទន្លេសាបទាំងអស់ មានស្ថេរភាពល្អជាងមុន និងប្រភពនៃការផ្គត់ផ្គង់ពីបណ្តាញជាតិក៏សំបូរជាងមុន។

ខ្សែបណ្តាញនេះ ត្រូវបានដាក់ឱ្យដំណើរការជាដំណាក់កាលៗ រួមមាន ភ្នំពេញ-បាត់ដំបង និងភ្នំពេញ-កំពង់ចាម ដាក់ឱ្យដំណើរការខែមិថុនាឆ្នាំ២០១៣, បាត់ដំបង-សៀមរាប ដាក់ឱ្យដំណើរការនៅខែកុម្ភៈ ឆ្នាំ២០១៩, កំពង់ធំ-កំពង់ចាម ដាក់ឱ្យដំណើរការនៅខែវិច្ឆិកា ឆ្នាំ២០១៩ និងចុងក្រោយនៅថ្ងៃនេះ សៀមរាប-កំពង់ធំ ដែលមានប្រវែង ១៣៦ គីឡូម៉ែត្រ។ បណ្តាញជាកងនេះក៏បានភ្ជាប់បន្តទៅខេត្តកោះកុង, ប៉ៃលិន, ឧត្តរមានជ័យ និងព្រះវិហារ ផងដែរ៕

រដ្ឋាភិបាលកម្ពុជានឹងជំរុញពាណិជ្ជកម្មទ្វេភាគីជាមួយវៀតណាមឱ្យកើនដល់៧០០០លានដុល្លារអាមេរិក

ដោយៈ រ៉ាណេត

ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលកម្ពុជា វៀតណាមបានប្ដេជ្ញាជំរុញវិស័យពាណិជ្ជកម្មទ្វេភាគីឱ្យបានសម្រេចដល់៧០០០លានដុល្លារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៃប្រទេសទាំង២។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៩ខែកក្កដា ឆ្នាំ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ខ្លឹមសារជំនួបតាមទូរស័ព្ទរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមង្វៀន ហ៊្វូជុង ដោយបានបង្ហាញពីលទ្ធផលសំខាន់ៗដែលទទួលបានកិច្ចប្រជុំ។

តាមរយៈសេចក្ដីប្រកាសដដែលនេះបានបញ្ជាក់ថា ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង២ បានវាយតម្លៃខ្ពស់ចំពោះកិច្ចទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិត ស្និទ្ធក្នុងភាពជាអ្នកជិតខាងល្អរវាងកម្ពុជា-វៀតណាម ដែលត្រូវបានពង្រឹង និងពង្រីកឱ្យមានការរីកចម្រើនជាផ្លែផ្កាលើគ្រប់វិស័យ និងផ្តល់នូវផលប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជននៃប្រទេសទាំង២។

ក្នុងឱកាសនោះ សម្តេចតេជោបានស្នើឱ្យប្រទេសទាំង២ បង្កើនការផ្លាស់ប្តូរព័ត៌​មាន គាំទ្រគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងជំងឺ Covid-19 ក៏ដូចជាជំងឺរាតត្បាតផ្សេងទៀត ព្រមទាំងបន្តសហការសម្រួលការ ដឹកជញ្ជូនទំនិញ និងការធ្វើដំណើរឆ្លងដែនទៅមកឱ្យបានកាន់តែងាយស្រួល ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យកើនដល់៧០០០លានដុល្លារអាមេរិកតាមផែនការ ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំង២។

ថ្នាក់ដឹកនាំកំពូលទាំង២ ក៏បានបញ្ជាក់អះអាងជាថ្មីថា នឹងបន្តសហការគ្នាយ៉ាងស្អិតរមួត ដើម្បីពូនជ្រំទំនាក់ទំនងក្នុងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិ​បត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាមឲ្យកាន់តែរឹងមាំឡើងថែមទៀត ដោយខិតខំអនុវត្តន៍ ឱ្យបានកាន់តែល្អនូវបណ្តាសេចក្តីថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងរៀបចំកិច្ចប្រជុំគណកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍក្នុងខេត្តតាមព្រំដែនកម្ពុជា-វៀតណាមលើកទី១១ នៅពេលវេលាសមស្រប។

ថ្នាក់ដឹកនាំកំពូលទាំង២ បានសម្តែងនូវការអបអរ ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទទួលស្គាល់សមិទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេស ទាំងពីរ ដែលសម្រេចបាន៨៤% ព្រមទាំងឯកភាពពន្លឿនការដោះស្រាយបញ្ហាព្រំដែន១៦% ដែលនៅសេសសល់ ដើម្បីកសាងព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែន សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕

ខេត្តព្រះសីនុផ្តើមពន្លឿនការចុះបញ្ជីដីរដ្ឋ និងដីអង្គភាពរបស់រដ្ឋ ដើម្បីបញ្ជៀសវិវាទ

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ បានចាប់ផ្តើមពន្លឿននៃការចុះបញ្ជីដីធ្លីដីរដ្ឋ និងដីរបស់អង្គភាពរាជរដ្ឋាភិបាល នៅក្នុងខេត្តដើម្បីបញ្ជៀសវិវាទផ្សេងៗ ដែលនឹងមានការកើតឡើង ស្របតាមផែនការរបស់រាជរដ្ឋាភិបាលដែលបានគ្រោងទុក។

លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ នៅក្នុងកិច្ចប្រជុំស្តីពីនីតិវិធីការចុះបញ្ជីដីធ្លី នៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ខែកក្កដា ឆ្នាំ ២០២០រសៀលម្សិលនេះឱ្យដឹងថា  ដោយសារកន្លងមកមន្ទីរ អង្គភាពរដ្ឋមួយចំនួនធំ មិនទាន់បានធ្វើការចុះបញ្ជីដីរដ្ឋបង្កជាវិវាទដីធ្លីជាបន្តបន្ទាប់ ដើម្បីបញ្ចៀសនូវទំនាស់ដីធ្លី យើងត្រូវរួមគ្នាចុះបញ្ជីដីរដ្ឋឱ្យបានគ្រប់មន្ទីរ អង្គភាពក្នុងក្រុង ស្រុក ខេត្ត។

លោកបានធ្វើការណែនាំដល់មន្ទីរ អង្គភាពរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ត្រូវទៅចុះបញ្ជីដីរដ្ឋនៅតាមការិយាល័យភូមិបាល តាមរយៈច្រកចេញចូលតែមួយរបស់ក្រុង ស្រុ​ក ខេត្ត ដូចជា មន្ទីរ អង្គភាពណាមានដីប៉ុន្មានកន្លែង ទំហំប៉ុណ្ណា  តើការចុះបញ្ជីដីរដ្ឋបានកន្លែងប៉ុន្មាន ទំហំប៉ុណ្ណា និងតើនៅសល់ដីប៉ុន្មានកន្លែងដែលមិនទាន់បានចុះបញ្ជី។

លោកបន្តថា  ចំពោះមន្ទីរ អង្គភាពណាមាន ប្តឹងជំទាស់មានទំហំប៉ុន្មាន ត្រូវបំពេញសំណុំឯកសារឱ្យបានមុនថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ដើម្បីយើងពន្លឿនការចុះបញ្ជីដីរដ្ឋនៅក្នុងខេត្តព្រះសីហនុ បញ្ចប់នៅឆ្នាំ២០២០ខាងមុខ។ ម្យ៉ាងទៀតនិតិវិធីនៃការចុះបញ្ជី​រ​ដីរដ្ឋត្រូវតាមក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្តព្រះសីហនុ តាមរយៈច្រកចេញ ចូលតែមួយរបស់រដ្ឋបាលក្រុង ស្រុក ខេត្ត ដើម្បីកាត់បន្ថយទំនាស់ដីធ្លី៕

កំណើនតម្លៃដីក្នុងក្រុងបានជំរុញឱ្យអ្នកវិនិយោគវិស័យលំនៅដ្ឋានងាកទៅតំបន់ ផ្លូវក្រវ៉ាត់ក្រុងទី៣

ដោយៈ រ៉ាណេត

ភ្នំពេញៈ កំនើននៃតម្លៃដីធ្លីក្នុងក្រុង និងតំបន់ជាយក្រុងបានក្លាយជាឧបសគ្គសម្រា​ប់អ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានតម្លៃមធ្យម ហើយបានរុញឱ្យអ្នកវិនិយោគភាគច្រើនចាប់អារម្មណ៍ ទៅនឹងទីតាំងថ្មី ដែលស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ជំនួសវិញ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ដែលកំពុងធ្វើការវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យបានមានប្រសា​សន៍ប្រាប់តាមទូរស័ព្ទនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះថា ឱកាសចំណេញពីការវិនិយោគ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានតម្លៃសមរម្យ គឺត្រូវបានធ្វើឡើងនៅលើដីដែលមានតម្លៃក្រោម៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ បើតម្លៃដីលើពីនេះគេមិនអាចធ្វើទៅបាននោះទេ។

លោកឧកញ៉ាបានបន្តថា “ការវិនិយោគទៅលើលំនៅដ្ឋានតម្លៃសមរម្យនៅក្នុងក្រុងមិនមានឱកាសទៀតនោះទេ។ ពេលនេះ ក្រៅពីនៅតំបន់ជាយក្រុងដែលអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍បានទិញទុកកាលពីមុននោះ ភាគច្រើនគឺពួកគេបានងាកសម្លឹងទៅកាន់តំបន់ផ្សេងទៀតដែលមានសក្ដានុពលបន្ទាប់ ដូចជាតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលកំពុងមានការអភិវឌ្ឍខ្លាំង ក្រោមការវិនិយោគដោយពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា”។

លោកបន្តថា បច្ចុប្បន្ននេះ មិនថាចំពោះការវិនិយោគក្នុងវិស័យដីធ្លី សម្រាប់ទុកលក់បន្តយកចំណេញ ឬការវិនិយោគសម្រាប់គម្រោងអភិវឌ្ឍន៍ វិស័យលំនៅដ្ឋាននោះទេ តំបន់ដែលស្ថិតនៅផ្លូវក្រវ៉ាត់ក្រុងទី៣ នៅផ្តល់ឱកាសច្រើនជាងតំបន់ នៅផ្លូវក្រវ៉ាត់ក្រុងទី២ ដោយសារតែតម្លៃដីនៅផ្លូវក្រវ៉ាត់ក្រុងទី២ បានឡើងដល់កម្រិតមួយរួចទៅហើយ ដូច្នេះតំបន់នៅផ្លូវក្រវ៉ាត់ក្រុងទី៣ បានក្លាយទៅជាគោលដៅថ្មីមួយទៀត របស់អ្នកវិនិយោ​គក្នុងវិស័យមួយនេះ។

លោកអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈបានមានប្រសាសន៍ថា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅពេលបច្ចុប្បន្ននេះ មានអាទិភាពខ្ពស់សម្រាប់អ្នកវិនិយោគ ដោយសារតែក្រៅពីតម្លៃដីនៅទាប ដែលផ្ដល់ឱកាសចំណេញដល់អ្នកវិនិយោគ ថែមទាំងមានសក្ដានុពល និងអំណោយផលលើផ្នែកហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

លោកបញ្ជាក់ថា “បន្តិចទៀតតំបន់នេះ មិនចាញ់តំបន់ជាយក្រុងដទៃទៀតនោះទេ ដោយសារតែបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានាមានភាពល្អប្រសើរ ងាយស្រួលចេញចូលរាជធានីភ្នំពេញតាមផ្លូវធំៗមួយចំនួន ងាយស្រួលចេញចូលក្រុងតាខ្មៅ បណ្តុំទីប្រជុំជនខេត្តកណ្តាល”។លោកបន្ថែមថថា “តំបន់នេះក៏មានភាពងាយស្រួល ធ្វើដំណើរឆ្ពោះទៅកាន់ព្រលានយន្តថ្មីដែលកំពុងសាងសង់ ហើយក៏នៅក្បែរផ្លូវ៦០ម៉ែត្រដែលជាតំបន់ប្រមូលផ្តុំទៅដោយមណ្ឌលពាណិជ្ជកម្មទំនើបចំរុះ ក៏ដូចជាបណ្តុំផ្សារទំនើបលំដាប់អន្តរជាតិផងដែរ”៕

ក្រសួងសេដ្ឋកិច្ចសម្រេចចុះបញ្ជីអាជីវកម្មរបស់ក្រុមហ៊ុនតាមប្រព័ន្ធអនឡាញ បានចំនួន៤៧ក្រុមហ៊ុន

ដោយវុត្ថា

ភ្នំពេញៈ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ដំណើរឱ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (ប្រព័ន្ធអនឡាញ) កាលពីអំឡុងខែមិថុនា ឆ្នាំ ២០២០កន្លងមកនេះ មានក្រុមហ៊ុនអាជីកម្មចំនួន៤៧ហើយបានចុះបញ្ជីតាមប្រព័ន្ធនេះ។

លោកផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗថា ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញនេះ បានចំណាយពេលវេលាតិច និងមានភាពងាយស្រួលជាទីបំផុត គឺមុនដូចកាលពីពេលមុននោះទេ ខណៈពីមុនមានស្ថានភាពស្មុកស្មាញច្រើន ដោយរត់ការតាមដំណាក់កាលជាច្រើនស្ថាប័ន។

លោកបន្តថា “តាំងពីមុននេះនៅពេលចុះបញ្ជីអាជីកម្មរបស់ក្រុមហ៊ុន ត្រូវឆ្លង៣ ទៅ៤ស្ថាប័ន  ប៉ុន្តែឥឡូវនេះគ្រាន់តែចូលទៅក្នុងវេបសាយរបស់ក្រសួង ហើយបញ្ចូលរាល់ឯកសារពាក់ព័ន្ធទៅក្នុងប្រព័ន្ធចុះបញ្ជីរួចរាល់ហើយនោះ”។ លោកបន្តថា “ក្នុងរយៈពេល៨ថ្ងៃនឹងទទួលបាន ហើយមកដល់ពេលនេះមានក្រុមហ៊ុន៤៧ បានចុះបញ្ជីរួចហើ​យ”។លោកផាន់ ផល្លាបន្ថែមថា  “នេះជាឆ្លើយតបទៅនឹងកំណែទម្រង់ស៊ីជម្រៅ របស់រដ្ឋាភិបាលក្នុងការទាក់វិនិយោគ និងសម្រួលនិតិវិធីនៃការចុះបញ្ជីរ ឱ្យបានកាន់តែលឿនដល់ធុរកិច្ចនៅក្នុងប្រទេសដែលកំពុងជួបវិបត្តិនៃជំងឺ Covid-19 នាពលេនេះ”។

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ បានដាក់ឱ្យដំណើរកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០កន្លមកងនេះ គឺជាបង្គោលចរថ្មីមួយ នៃការកែទម្រង់មុត ស្រួចរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ ភាពប្រកួតប្រជែង និងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។

លើសពីនេះ ប្រព័ន្ធចុះបញ្ជីអាជីវកម្មថ្មីនេះ នឹងផ្តល់ឱកាសដ៏សំខាន់មួយទៀតផងដែរ ដល់ធុរ-ជនដែលកំពុងស្វែងរកឯកសារគតិយុត្ត កំណត់អត្តសញ្ញាណ អាជីវកម្មរបស់ខ្លួន ដើម្បីពន្លឿន និងទទួលបានឥណទាន ពីកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ក្នុងវិធានការជួយដល់វិស័យឯកជន ដែលទទួលរងផល ប៉ះពាល់ពីការរីករាលដាលនៃជំងឺCovid-19៕

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកសម្រេចបានទំហំទឹកប្រាក់២,៣ពាន់លានដុល្លាររយៈពេល៥ខែ

ដោយ៖ ប៊ី

ភ្នំពេញៈ ការនាំចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ សម្រេចបាន២,៣ពាន់លានដុល្លារអាមេរិក  កើនឡើង២៥,៩ភាគរយ។ នេះបើយោងតាមទិន្នន័យ ពីការិយាល័យជំរឿនសហរដ្ឋអាមេរិក ដែលបាចេញផ្សាយនៅសប្តាហ៍នេះ។

ចាប់ពីខែមករា ដល់ខែឧសភា កម្ពុជាបាននាំចូលផលិតផលមានតម្លៃ១២៥លានដុល្លារពីសហរដ្ឋអាមេរិកដែលធ្លាក់ចុះ៤២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែក្នុងខែឧសភាតែមួយ ពាណិជ្ជកម្មទ្វេភាគីមានតម្លៃ៣៥៥ លានដុល្លារ ក្នុងនោះ៣៣៨ លានដុល្លារគឺជាការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក។

លោកវង្សី វិស្សុត រដ្ឋលេខានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងសន្និ​សីទកាសែតមួយនៅថ្ងៃទី៨ ខែកក្កដានេះថា ការនាំចេញពីប្រទេសកម្ពុជាទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល ៥ ខែដំបូងនៅតែមានភាពវិជ្ជមាន ទោះបីជាការរីករាលដាលនៃជំងឺកូវីដ១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច បណ្តាប្រទេសនៅជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។

លោកបានមានប្រសាសន៍ថា “កំណើនវិជ្ជមាននៃការនាំចេញរបស់ប្រទេស ត្រូវបានចូលរួម ដោយការនាំចេញផលិតផលមិនមែនសម្លៀកបំពាក់ ដូចជាអង្ករ កង់ និងគ្រឿងបន្លាស់អេឡិចត្រូនិចជាដើម”។លោកបានថ្លែងថា “ការនាំចេញសម្លៀកបំពាក់បានធ្លាក់ចុះ ជាពិសេសនៅទីផ្សារអឺរ៉ុប ប៉ុន្តែនៅពេលយើងក្រឡេកមើលផលិតផលនាំចេញសរុបពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ យើងឃើញមានកំណើន ដូចជាកង់ អង្ករ គ្រឿងអេឡិចត្រូនិក និងវត្ថុធាតុដើមមួយចំនួនមកពីកសិកម្ម”។

កាលពីឆ្នាំ២០១៩ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានចំនួនសរុប ៥,៨ ពាន់លានដុល្លារកើនឡើង៣៨ភាគរយបើប្រៀបធៀបនឹងតួលេខក្នុងឆ្នាំ ២០១៨៕

ក្រុមវិនិយោគិនក្នុងស្រុក បង្ហាញមហិច្ឆតាវិនិយោគលើអចលនទ្រព្យនៅខេត្តកែប ដើម្បីបម្រើដល់វិស័យទេសចរណ៍

ដោយ ប៊ី
ភ្នំពេញ៖ វិនិយោគិនខ្មែរមួយក្រុម បំណងចូលរួមអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងការបម្រើដល់វិស័យទេសចរណ៍ ក្នុងខេត្តកែប ខណៈខេត្ត ដែលជាប់មាត់សមុទ្រដ៏មានសក្តានុពល កំពុងបង្ហាញទាកទាញទាំងវិនិយោគិនក្នុងស្រុក និងអន្តរជាតិ។
ការបង្ហាញបំណងលើការវិនិយោគនេះ បានធ្វើឡើងក្នុងដំណើរទស្សនកិច្ច ស្វែងយល់ពីសក្ដានុពលនៅខេត្តកែប របស់វិនិយោគិនខ្មែរមួយក្រុម ដែលដឹកនាំដោយ ឧកញ៉ាបណ្ឌិត អ៉ឹង ឃាង ប្រធានក្រុមប្រឹក្សាភិបាល
T.O.I.C Group ដើម្បីស្វែងរកឱកាសក្នុងការចូលរួមអភិវឌ្ឍ ក្រោមការចង្អុលបង្ហាញរបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ត្រូវបានធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។

ឧកញ៉ាបណ្ឌិត អ៉ឹង ឃាង បានបញ្ជាក់ថា ដំណើរទស្សនកិច្ច ស្វែងយល់ពីសក្ដានុពលនៅខេត្តកែបនេះ ទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។
លោកអភិបាល បានបង្ហាញនូវក្តីរីករាយ និងត្រៀមសហការយ៉ាងល្អ ដល់វិនិយោគិនក្នុងស្រុក ដែលមានការចាប់អារម្មណ៍ពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជា និយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តកែប បើទោះបីជាបញ្ហាកូវីដ១៩ កំពុងតាមយាយីក្តី។

ឧកញ៉ាបណ្ឌិត អ៉ឹង ឃាង បានឲ្យដឹងទៀតថា បន្ទាប់ពីបានជួបពិភាក្សាជាមួយនឹងលោកអភិបាលខេត្តកែប ក្រុមវិនិយោគិនរបស់លោក មានការចាប់អារម្មណ៍ និងមានបំណងចង់ធ្វើការសាងសង់អភិវឌ្ឍន៍អចលនទ្រព្យ ដែលបម្រើដល់វិស័យទេសចរណ៍ ដែលមានទីតាំងជាកន្លែងសក្តានុពលមួយចំនួន។

លោក ចក់ ស៊ីណាត អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Kraty Realthy Co,.Ltd និងជាអនុប្រធានសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពេលកន្លងមកនេះថា ឥទ្ធិពលនៃវិបត្តិជំងឺឆ្លង Covid-19 ដែលបានផ្ទុះឡើងតាំងពីដើមឆ្នាំ២០២០ រហូតមកដល់ពេលនេះ មិនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សារអចលនទ្រព្យ ក៏ដូចជាចរន្តនៃការទិញ-លក់ដីធ្លីនៅក្នុងខេត្តកែបនោះទេ។
លោកបានបន្តទៀតថា “កែប នៅតែអាចរក្សាបាននូវភាពល្អប្រសើរនៅក្នុងវិស័យអចលនទ្រព្យ ពោលគឺមិនមានការធ្លាក់ចុះនូវតម្លៃដី ធ្លី ដូចបណ្តាខេត្តផ្សេងៗនោះទេ ផ្ទុយទៅវិញ សកម្មភាពនៃការទិញលក់ដីធ្លីសម្រាប់វិនិយោគក្នុងរយៈពេលយូរនៅក្នុងខេត្តមួយនេះ ជាពិសេសនៅតាមតំបន់ឆ្នេរ និងតំបន់ជាប់ភ្នំ នៅតែបន្តមាន មិនស្ងប់ស្ងាត់នោះទេ” ។

លោក ចក់ ស៊ីណាត បានមានប្រសាសន៍បន្តទៀតថា “ភាគច្រើនការវិនិយោគដីធ្លីនៅក្នុងខេត្តកែប គឺជាប្រភេទការវិនិយោគក្នុងរយៈពេលយូរអង្វែង ដែលកម្រមានការទិញដីក្នុងទ្រង់ទ្រាយធំ ហើយធ្វើការពុះជាដីឡូតិ៍នោះទេ ពោលគឺជាការវិនិយោគទៅលើគម្រោងអភិវឌ្ឍន៍ជាមណ្ឌលកម្សាន្ត ដូចជាតំបន់ទេសចរណ៍កែច្នៃ និងតំបន់លំនៅដ្ឋានបែបលំហែរកាយសម្រាប់បម្រើដល់វិស័យទេសចរណ៍ ឬសម្រាប់ដាក់លក់ក្នុងតម្លៃថ្លៃក្រោយបញ្ចប់ការសាងសង់រួចរាល់” ។

ពាក់ព័ន្ធទៅនឹងតម្លៃដីធ្លីនៅក្នុងខេត្តកែប ត្រូវបានលោក ចក់ ស៊ីណាត បង្ហើបប្រាប់ពីថា “ទោះជាមានការគំរាមកំហែងពីវិបត្តិនជំងឺឆ្លង Covid-19 ដែលធ្វើឱ្យតម្លៃអចលនទ្រព្យនៅតាមបណ្តាខេត្តមួយចំនួនធំធ្លាក់ចុះ ប៉ុន្តែសម្រាប់ទីផ្សារដីធ្លីនៅក្នុងខេត្តកែបហាក់មិនប៉ះពាល់ធ្ងន់ធ្ងរនោះទេ ជាក់ស្ដែងដូចជាដីនៅក្បែរតំបន់ឆ្នេរមួយចំនួននៅរក្សាបានតម្លៃខ្ពស់ដដែលស្ថិតក្នុងរង្វង់ជាង ១០០០ដុល្លារក្នុងមួយម៉ែត្រក្រឡា ដោយឡែកដីដែលស្ថិតនៅជាប់តំបន់ភ្នំ សម្រាប់អភិវឌ្ឍជា Resort ក៏នៅតែរក្សាបានតម្លៃខ្ពស់ដូចគ្នាទៅនឹងឆ្នាំកន្លងទៅដែរ ឬនៅទីតាំងខ្លះក៏មានការកើនឡើង អាស្រ័យទៅលើតម្រូវការចាំបាច់ និងជាក់ស្ដែងរបស់អតិថិជនដែលចង់ទិញសម្រាប់អភិវឌ្ឍន៍៕

សមាគមរោងចក្រស៊ីម៉ង់តិ៍កម្ពុជាអះអាងថា រោងចក្រទាំង៥ នៅតែផលិតស៊ីម៉ង់តិ៍សម្រាប់ទីផ្សារក្នុងស្រុកយ៉ាងសកម្ម

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា បានអះអាងថា រោងចក្រផលិតកម្មស៊ីម៉ង់តិ៍ទាំង៥ដែលជាសមាជិករបស់ខ្លួននៅមាននិរន្តភាពក្នុងផលិតសម្រាប់ទីផ្សារសំណង់ក្នុងស្រុករាប់លានតោន និងការនាំចេញ ដែលអាចរក្សាការងារជូនកម្មករជាធម្មតា ទោះជាស្ថិតនៅក្នុងវិបត្តិនៃសេដ្ឋកិច្ចសាកលនៅពេលបច្ចុប្បន្ននេះក៏ដោយ។

លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដែលបានដឹកនាំកិច្ចប្រជុំស្ដីពីការវាយតម្លៃលទ្ធផលការងារ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ថា សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) នៅតែមានដំណើរការនៃសង្វាក់ផលិតកម្មរបស់រោងចក្រទាំង៥នៅកម្ពុជា នៅតែបន្តមានសកម្មភាព ដែលជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្ន។

ក្រុមហ៊ុនផលិតស៊ីម៉ងតិ៍ចំនួន៥ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នរួមមាន៖ ១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង ៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd) ជាដើម។

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា CCMA បានប្តេជ្ញាអនុវត្តតាម និងខិតខំរក្សាការពារការងារជូនដល់កម្មករ ប្រជាពលរដ្ឋ ក្នុងនោះសមាគមក៏សូមអរគុណ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានយកចិត្តទុកដាក់គាំទ្រដល់ ឧស្សាហកម្មស៊ីម៉ង់តិ៍ក្នុងស្រុក ក៏ដូចជាក្រសួងរ៉ែ និងថាមពល ព្រមទាំងក្រសួងបរិស្ថានផងដែរ។

ជាថ្មីម្ដងទៀត សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) បានកោតសរសើរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់វិស័យឧស្សាហកម្ម និងសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យនៅតែបន្តនិរន្តរភាព និងឈានទៅមុខជានិច្ច។

ទី១៖ រោងចក្រផលិតស៊ីម៉ងត៍កម្ពុជាចក្រីទីង (Cambodia Cement Chakreyting Co,. Ltd) មានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ១.១លានតោនក្នុងមួយឆ្នាំ។
ទី២៖ រោងចក្រ Battambang Conch Cement Company Limited មានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ២លានតោនក្នុងមួយឆ្នាំ។
ទី៣៖ រោងចក្រផលិតស៊ីម៉ងត៍កំពត ស៊ីមេន ខូអិលធីឌី ជារោងចក្រផលិតស៊ីម៉ងត៍ទី១ របស់ព្រះរាជាណាចក្រកម្ពុជា និងមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ២លានតោនក្នុងមួយឆ្នាំ។
ទី៤៖ រោងចក្រផលិតស៊ីម៉ងត៍ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន (Chip Mong Insee Cement Corporation) មានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ១,៧លានតោនក្នុងមួយឆ្នាំ។
ទី៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd) មានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណជាង១លានតោនក្នុងមួយឆ្នាំ។

ជារួមតាមរយៈសមត្ថភាពរបស់រោងចក្រទាំង៥ខាងលើនេះ ជាមធ្យមអាចផលិតបានស៊ីម៉ង់តិ៍សរុបប្រមាណជាង៨លានតោនក្នុងមួយឆ្នាំសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា និងសម្រាប់ធ្វើការនាំចេញផងដែរ៕

តម្លៃ​ជួល​អា​ផាត​ម៉ិ​ន​នៅ​កម្ពុជា​ធ្លាក់ចុះ ខណៈ​អាគារ​ជួ​លប​ញ្ជុះ​តម្លៃ​ដើម្បី​រក្សា​អតិថិជន

ដោយៈ ប៊ី

ភ្នំពេញៈ ការផ្ទុះ​ឡើង​នៃ​ជំងឺ COVID-19 បាននិងកំពុង​បង្ក​ផលប៉ះពាល់​វិស័យ​ជាច្រើន​នៅ​កម្ពុជា ខណៈ​តម្លៃ​អា​ផាត​មិន​ជួល​បាន​ធ្លាក់ចុះ ដោយសារតែ​វិបត្តិ​សុខាភិបាល​សកល​នេះ។

នេះ​បើ​យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន CBRE Cambodia ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ អា​ផាត​មិន​ជួល​កម្រិត Grade A មានតម្លៃ​ជួល ១៩.២៤ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​នៅ​ឆមាស​ទី១ ឆ្នាំ២០២០ ធ្លាក់ចុះ ១៣.៤ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​តម្លៃ​ជួល២២.២៣ ដុល្លារ។

អា​ផាត​មិន​ជួល​កម្រិត Grade B មានតម្លៃ​ជួល ១៥.៤៤ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​នៅ​ឆមាស​ទី១ ឆ្នាំ២០២០ ធ្លាក់ចុះ ១០.១ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​តម្លៃ​ជួល ១៧.១៥ដុល្លារ។

របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា អា​ផាត​មិន​ជួល​បាន​ប្រឈម​នឹង​អត្រា​ទំនេរ​ច្រើន ខណៈ​ម្ចាស់​អា​ផាត​មិនបាន​ធ្វើការ​បញ្ចុះតម្លៃ ដើម្បី​រក្សាបាន​នូវ​ការ​ជូ​ល។

ជាមួយនេះដែរ ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​ប្រមុខ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យមាន​ការបញ្ចុះ​តម្លៃ​នៃ​អាគារ​ជួល​អាជីវកម្ម នាពេល​កន្លងមកនេះ ម្ចាស់​អគារ​ជួល​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា បានចាប់ផ្តើម​បញ្ចុះតម្លៃ​ជួល​របស់ខ្លួន​ប្រមាណ៣០ ទៅ៥០ ភាគរយ ដើម្បី​រក្សា​អតិថិជន។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Basac Realty លោក​នី ទី​ណាត​បានឱ្យដឹង​ដែរ​ថា មិនថាតែ​ចំពោះ​អាគារ​សម្រាប់​បម្រើឱ្យ​វិស័យ ការិយាល័យ​កម្រិត​ខ្ពស់ អគារ​ជាន់​ផ្ទាល់​ដី ឬ​អាគារ​ដទៃទៀត​សម្រាប់​ជួល​នោះទេ ភាគច្រើន​កំពុង​ជួប​ភាព​ប្រឈម ដោយសារតែ​អតិថិជន​បញ្ឈប់​កុងត្រា​ជួល។

លោក​ថ្លែងថា “ហេតុផល​ដែល​បញ្ឈប់​កុងត្រា ក៏​ព្រោះ​ដំណើរការ​អាជីវ​កម្មជួ​ប​ភាព​រាំងស្ទះ ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​ផ្នែក​បដិសណ្ឋារកិច្ច និង​ទេសចរណ៍​មណ្ឌល​កម្សាន្ត និង​មណ្ឌល​ស្ទី​ម សូ​ណា ជាដើម​ដែល​ត្រូវ​ផ្អាក​សកម្មភាព ហើយ​ក្រុមហ៊ុន​បម្រើសេវា​ខ្លះ ក៏​ជួប​បញ្ហា​ដូចគ្នា​ដោយសារតែ​បាត់​ចំណូល​ពី​ប្រតិបត្តិការ​របស់ខ្លួន” ។

ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យនេះ ឱ្យមាន​ភាពរឹងមាំ និង​យូរអង្វែង ហើយ​អាច​រក្សាបាន​នូវ​ចំណែក​ទីផ្សារ​ស្ថិតស្ថេរ លោក នី ទី​ណាត បានផ្តល់​ជា​យោបល់​ថា ម្ចាស់​អាគារ ក៏ដូចជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ អាគារ​សម្រាប់​ជួល គួរតែមាន​ការបន្ធូរបន្ថយ ឬ​បញ្ចុះតម្លៃ​សម្រាប់​អតិថិជន​របស់ខ្លួន ដែល​យ៉ាងហោចណាស់​ក្នុង​រង្វង់​ចាប់ពី៣០ ទៅ៥០ភាគរយ នៃ​តម្លៃ​ចាស់ ទម្រាំ​វិបត្តិ​មួយ​នេះ​មាន​ភាពស្ងប់ស្ងាត់ ហើយ​ចរន្ត​សេដ្ឋកិច្ច​ចាប់ផ្តើម​ល្អប្រសើរ​ឡើងវិញ។

គិត​ត្រឹម​ចុង​សប្ដាហ៍​ទី៣ ខែមីនា ឆ្នាំ២០២០ នេះ​ក្រៅពី​សណ្ឋាគារ ក៏មាន​អា​ផាត​មិន​ចំនួន២ទីតាំង ស្មើនឹង១៣៨បន្ទប់​បាន​បិទទ្វារ។ ដោយឡែក អាជីវកម្ម​ផ្ទះ​ភ្ញៀវ (home stay) ដែល​បាន​បិទ​មាន​ចំនួន៤១  ហើយ​សម្រាប់​អាជីវកម្ម​ភោជនីយដ្ឋាន​បាន​បិទ​ចំនួន២ភោជនីយដ្ឋាន៕

ទីផ្សារ​ជួល​អាគារ​នៅ​ក្រុងព្រះសីហនុ​ចាប់ផ្តើម​កម្រើក​ឡើងវិញ​បន្ទាប់​វិបត្តិ

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ កំណើន​នៃ​តម្រូវការ​ទីផ្សារ​ជួល​អាគារ ក្នុង​ក្រុងព្រះសីហនុ​នៅ​ដើម​ឆមាស​ទី២ឆ្នាំ២០២០ បានចាប់ផ្តើម​មាន​សន្ទុះ​ឡើងវិញ​គួរឱ្យកត់សម្គាល់ ខណៈដែល​កំណើន​ទេសចរ​ក្នុងស្រុក និង​អន្តរជាតិ ជាពិសេស​ការវិលត្រឡប់​របស់​វិនិយោគិន​ចិន​មកកាន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ជាប់មាត់​សមុទ្រ​មួយ​នេះ​ចាប់ផ្តើម​កើនឡើង​ខ្ពស់។

ចាប់តាំងពី​មាន​ភាពស្ងប់ស្ងាត់​ពី​ការ​រាតត្បាត​នៃ​ជំងឺឆ្លង ទាំង​កំណើន​ទេសចរ​ក្នុងស្រុក និង​អន្តរជាតិ ជាពិសេស​ការវិលត្រឡប់​របស់​វិនិយោគិន​ចិន មកកាន់​ក្រុងព្រះសីហនុ​មាន​កំណើន​ជាប់​ជាប្រចាំ ពោលគឺ​ចាប់តាំងពី​ក្នុងអំឡុង​ខែឧសភា ឆ្នាំ២០២០ និង​បន្ត​រហូតមកដល់​បច្ចុប្បន្ន ដែល​ជំរុញ​ឱ្យ​តម្រូវការ​ទីផ្សារ​ជួល​អាគារ មាន​សកម្មភាព​ឡើងវិញ។

នេះ​បើតាម​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់ រដ្ឋបាលខេត្ត​ព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ។

លោក​នង ឌី​ណា​រ៉ា ប្រធានការិយាល័យ​ទំនាក់ទំនង​សាធារណៈ និង​ពិធីការ​នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​ថា ចាប់តាំងពី​អំឡុង​ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពី​ស្ថានភាព​នៃ​ជំងឺ Covid-19 មាន​ភាពស្ងប់ស្ងាត់ ជាពិសេស​នៅក្នុង​ប្រទេស​កម្ពុជា មានការ​ទប់ស្កាត់បាន​ល្អ​នោះ កំណើន​ទេសចរ​ក្នុងស្រុក​ចាប់ផ្តើម​មាន​កំណើន​ជា​បន្តបន្ទាប់ ខណៈដែល​បញ្ហា​សណ្តាប់ធ្នាប់ និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវថ្នល់​នានា​នៅ​ទូទាំង​ខេត្ត​ជិត​បញ្ចប់​ជា​ស្ថាពរ។

លោក​បាន​បញ្ជាក់ថា “ក្រៅពី​កំណើន​ទេសចរ​ក្នុងស្រុក បច្ចុប្បន្ននេះ​ក៏មាន​វត្តមាន​របស់​ទេស​ចរ និង​វិនិយោគិន​ចិន ដែល​វិលត្រឡប់​មកកាន់​ក្រុងព្រះសីហនុ​វិញ​ដែរ ដែល​ក្នុងនោះ​ភាគច្រើន​ជា​វិនិយោគិន​ចាស់ មក​បញ្ចប់​គម្រោង​រប​ស់​ពួកគេ ដែល​បន្សល់ទុក​មុនពេល​កើតមាន​វិបត្តិ​ជំងឺ​រាតត្បាត” ។ លោក​បន្តថា“ទាំង​ការវិលត្រឡប់​របស់​វិនិយោគិន និង​ទេសចរ​ចិន បាន​ជួយ​ជំ​រុញឱ្យ​ទីផ្សារ​នៃ​ការជួល​អាគារ​សម្រាប់​ស្នាក់នៅ ក៏ដូចជា​អាគារ​អាជីវកម្ម​ដែល​ធ្លាប់​ស្ងាប់​ស្ងាត់​នោះ ចាប់ផ្តើម​មាន​តម្រូវការ​វិញ ហើយ​វា​ក៏​ជាស​ញ្ញា​ល្អ​មួយផ្នែក​នៅក្នុង​ចំណោម​ផ្នែក​ដទៃទៀត នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ” ។

មុន​ការ​ផ្ទុះឡើង​នៃ​ករណី​វីរុស Covid-19 ដែល​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ មាន​សន្ទុះ​យ៉ាង​ខ្លាំងក្លា​ហួសការ​ស្មាន​ទុក​នោះ វត្តមាន​របស់​ប្រជាជន​ចិន​សរុប​នៅក្នុង​ខេត្ត​មួយ​នេះ​មាន​ប្រមាណ៨០,០០០ នាក់ ឬ​ជិត​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ខេត្ត​ព្រះសីហនុ ខណៈ​ពួកគេ​បានមក​ធ្វើការ​វិនិយោគ​យ៉ាង​ច្រើ ន​លើ​វិស័យ​ទេសចរណ៍ កាស៊ីណូ សំណង់ សេវាកម្ម ផលិតកម្ម និង​រហូតដល់​អាជីវកម្ម​ចល័ត​តូចតាច​នៅតាម​ដងផ្លូវ។

ដោយឡែក ផ្អែក​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍ ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់ថា ក្នុង​រយៈពេល៦ខែ​ដំបូង​នៃ​ឆ្នាំ២០២០ ភ្ញៀវទេសចរ​ចំនួន៤៧៣,២៥៧ នាក់​បានមក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ដែល​ចំ​នួ​នេះ​មានការ​ធ្លាក់ចុះ​ចំនួន១,៣៤៧,០១៣ នាក់ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩ ៕