ស្ថាប័ន​ចំនួន​ពីរ​បាននិងកំពុង​ជម្រុញ​សហគ្រិនភាព​ដើម្បី​ជួយ​ឱ្យ​សេដ្ឋកិច្ច​រីកចម្រើន

0

ដោយ:គង់ សូរិយា

ភ្នំពេញ: ស្ថាប័ន​ចំនួន​ពីរ​គឺ Impact Hub Phnom Penh និង Swissconact បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​រួមគ្នា​មួយ ស្តីពី​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​នៅ​ភ្នំពេញ ដើម្បី​ផ្តល់ឱកាស​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ ឱ្យ​យល់ច្បាស់​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ប្រព័ន្ធ​នេះ និង​ចូលរួម​ផ្តល់នូវ​ធាតុ​ចូល​បន្ថែម ដើម្បី​ជួយ​កែលម្អ​ចក្ខុវិស័យ​រួម​របស់​យើង​សម្រាប់​ថ្ងៃ​អនាគត។

លោក ខេ​វិ​ន រ៉​ប់​ប៊ី​នស៍ នាយករង Swissconact ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍  ឱ្យដឹងថា តាមរយៈ​ការងារ​នៅ​ទូទាំង​ពិភពលោក ស្វី​ស​ខន់​ថាក់ បាន​មើលឃើញ​ពី​សក្តានុពល​របស់​ភាព​ជា​សហគ្រិន ដែលជា​កម្លាំង​ដ៏​វិជ្ជមាន​មួយ សម្រាប់​ចូលរួម​ក្នុងការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច បរិស្ថាន និង​សង្គម។

លោក​បន្តថា “សិក្ខាសាលា​នេះ ជា​ឱកាស​មួយ ដើម្បី​ចូលរួម​ចែករំលែក​លទ្ធផល​ដំបូង​នៃ​ការសិក្សា ក៏ដូចជា​ធ្វើការ​ប្រមែប្រមូល​ធាតុ​ចូល និង​ចំណេះដឹងសំខាន់ៗបន្ថែមទៀត​ពី​អ្នកចូលរួម​ទាំងអស់ ដែល​ញ៉ាំងឱ្យ​លទ្ធផល​នៃ​ការសិក្សា​នេះ កាន់​តែមាន​សុក្រឹតភាព ដើម្បី​យកទៅ​ផលិត​ជា​របាយការណ៍​ចុងក្រោយ ដែល​នឹងត្រូវ​បានធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅក្នុង​ខែវិច្ឆិកា​ខាងមុខ” ។

ជាមួយគ្នានេះ លោក ឈៀង វណ្ណ​មុនិ​ណ្ឌ នាយក​ប្រតិបត្តិ​នៃ​សហគ្រិន​ខ្មែរ​បាន​លើកឡើងថា ក្នុងនាម​ស្ថាប័ន​ប្រតិបត្តិ​ករ​មួយ ក្រោម​ការគាំទ្រ​របស់រ​បស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សហគ្រិន​ខ្មែរ​មាន​ចក្ខុវិស័យ ក្លាយជា​ថ្នាល​ជាតិ​សម្រាប់​ការលើកកម្ពស់​គ្រប់​សកម្មភាព​របស់​រិ​ស័​យ​សហគ្រិនភាព​នៅ​កម្ពុជា។

លោក​បន្តថា “ការពិគ្រោះ​យោបល់​នៅក្នុង​សិក្ខាសាលា​ថ្ងៃនេះ ធ្វើឡើង​ដើម្បី​ស្វែងយល់​ពី​ទំនាក់ទំនង​ទាំងឡាយ នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព របស់​សហគ្រិនភាព” ។

កាលពី​ខែមេសា​កន្លងទៅ Urban Hub Phnom Penh និង Swissconact បានធ្វើការ​សិក្សា​រួមមួយ​ដោយ​ប្រើប្រាស់ ឧបករណ៍​អង្កេត​វិភាគ​លើ​បណ្តាញ​សង្គម (Social Network Analysis Survey Tool) ក្នុងការ​ប្រមូល​ព័ត៌មាន​អំពី​អ្នកពាក់ព័ន្ធ និង​ស្ថាប័ន​ទាំងឡាយ ដែល​ធ្វើការ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី សហគ្រិនភាព​នៅ​ភ្នំពេញ។ គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សកល ដែល​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​កំណត់​ឱ្យបាន​នូវ​ការអនុវត្តល្អៗ នៅក្នុង​ការលើកកម្ពស់​សហគ្រិនភាព និង​ការកសាង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព នៅក្នុង​ប្រទេស​ចំនួន៦ រួមមាន៖ប្រទេស​កម្ពុជា ហ្គា​តេ​ម៉ា​ឡា ពេ​រូ រ​វ៉ាន់ដា អ៊ូ​ហ្គា​ន់​ដា និង​ប្រទេស​វៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here