កំពង់ចាម​នឹងមាន​ផ្លូវ​សេដ្ឋកិច្ច​ខេត្ត​មួយ​ខ្សែ​ទៀត​ស្របតាម​ដង​ទន្លេ

ដោយ ៖ វុត្ថា

កំពង់ចាមៈ យ៉ាងយូរ​នៅត្រឹម​អំឡុង​ឆ្នាំ២០២១ឆាប់​ខាងមុខនេះ ខេត្តកំពង់ចាម​នឹង​ទទួលបាន​ផ្លូវ​មួយ​ខ្សែ​ទៀត សម្រាប់​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍ និង​ដឹកទំនិញ​ឆ្លងកាត់​រវាង​ខេត្តកំពង់ចាម ខេត្តកណ្តាល និង​បន្ត​មក​រាជធានី​ភ្នំពេញ ដែល​អាចជួយ​កាត់បន្ថយ​ពេលវេលា​បាន​ច្រើនជាង​បច្ចុប្បន្ននេះ។

ផ្លូវ​មួយ​ខ្សែរ​ដែល​នឹង​ជួយ​លើ​កក​ម្ព ស់​កំណើនសេដ្ឋកិច្ច រវាង​ខេត្តកំពង់ចាម និង​ខេត្តកណ្តាល​មួយ​នេះ មាន​ប្រវែង៥៨គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ឃុំ​រកា​កោង​ស្រុក​មុខកំពូល ខេត្តកណ្តាល ទៅ​ស្រុក​កងមាស ខេត្តកំពង់ចាម គឺជា​ផ្លូវ​ចាស់​លេខ២៧០ ដែល​ទទួលរង​នូវ​ការខូចខាត​យ៉ាងដំណំ​តាំងពី​យូរណាស់​មកហើយ ជាពិសេស​ការវាយប្រហា​រ​ដោយ​ទឹកជំនន់។

លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានបញ្ជាក់​កាលពីពេល​ថ្មី​កន្លងមក​ថា ពេលនេះ​ក្រុមការងារ​ជំនាញ​ថ្នាក់​ខេត្ត និង​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​កំពុងតែ​ជំរុញ និង​ព​ន្លឿ​ន​ការស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ បន្ទាប់ពី​ផ្លូវ​មួយ​ខ្សែ​នេះ​មាន​សភាព​ខូចខាត​ធ្ងន់ធ្ងរ ដែល​បង្ក​ផល​លំបាក​ក្នុងការ​ធ្វើដំណើរ ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ទាំង​ការធ្វើ​ចរាចរណ៍ និង​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ។

លោក​បាន​បញ្ជាក់ថា “ក្រសួង​បានធ្វើ​ការប្ដេជ្ញា​ចិ​ត្ដ​ជាមួយ​ខេត្ដ​ថា នឹង​ស្ថាបន​ឱ្យ​រួច បើទោះបី​ទំហំ​ថវិកា មានការ​ប៉ះពាល់​ដោយសារ Covid-19 យ៉ាង​ក៏ដោយ ប៉ុន្ដែ​កងវិស្វកម្ម​របស់​ក្រសួង​សាធារណ​ការធ្វើឱ្យ​រួច” ។ លោក​បន្តថា “នេះ​ជា​សំណួរដដែលៗរាប់​ឆ្នាំ​មកហើយ ដែល​យើង​កំពុង​ប៉ះពាល់​ថវិកា ហើយ​បើ​អត់​ថវិកា​ធ្វើ​ទេ​ក៏​ពិបាក​ដែរ ហើយ​អ្នកធ្វើ​ក៏ត្រូវ​ការ​ថវិកា​ជា​ទ្រង់ទ្រាយ​ធំ​ដែរ ដើម្បី​ធានា​គុណភាព” ។

លោក សុខ ស្រ៊ុន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ដ​កំពង់ចាម បាន​បញ្ជាក់ថា កំណាត់​ផ្លូវ២៧០នេះ គឺមាន​ប្រវែង​ជាង៥៨គីឡូម៉ែត្រ ដោយបាន​សាងសង់​ជា​គ្រួស​កៅស៊ូ​បាន​ចំនួន៤៨គីឡូម៉ែត្រ ហើយ​នៅសល់១២គីឡូ​ទៀត ត្រូវបាន​ផ្អាក​សាងសង់​មួយរយៈ​បន្ទាប់ពី​មានការ​ផ្ទុះ​ជំងឺ Covid-19 ។

ផ្លូវ​លេខ២៧០ នេះ​ជា​ផ្លូវ​ស្របតាម​មាត់ទន្លេ ត​ភ្ជាប់​ពី​ស្រុក​មុខកំពូល​ខេត្ដ​កណ្ដាល ទៅ​ស្រុក​កងមាស ខេត្ដ​កំពង់ចាម ហើយ​កំពុង​មានការ​មមាញឹក​ក្នុង​ការធ្វើ​ចរាចរណ៍ និង​ជា​ផ្លូវ​សេដ្ឋកិច្ច​យ៉ាងសំខាន់ សម្រាប់​ខេត្ត​ទាំង២នេះ។ តាមរយៈ​ផ្លូវ​មួយ​ខ្សែ​នេះ នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​លើកកម្ពស់​កម្រិតជីវភាព​គ្រួសារ និង​សេដ្ឋកិច្ច​ខេត្ត​ទាំងមូល​ផងដែរ។

សេដ្ឋកិច្ច​របស់​ខេត្តកំពង់ចាម គឺ​ពឹង​ផ្អែកទៅលើ​វិស័យ​ចំនួន៣ រួមមាន កសិឧស្សាហកម្ម សេវាកម្ម និង​វិស័យ​ឧស្សាហកម្ម ដែល​ក្នុងនោះ​ប្រជាពលរដ្ឋ​ភាគច្រើន​ប្រកបមុខរបរ​ផ្នែក​កសិកម្ម​ជា​ចម្បង​ស្មើនឹង៦៦,២ភាគរយ,  សិប្បកម្ម០,៧០ភាគរយ និង​របរ​សេវាកម្ម៣៣,១ភាគរយ ជាមួយនឹង​ចំណូល​សម្រាប់​មនុស្ស​ម្នាក់ មាន​ប្រមាណ១៦៧៩ដុល្លារ​ក្នុង​មួយឆ្នាំ។ កំណើនសេដ្ឋកិច្ច​ទទួល​បាន​ពី​វិស័យ​កសិកម្ម​ចំនួន៣៨ភាគរយ ឧស្សាហកម្ម និង​សិប្បកម្ម១៩ភាគរយ  និង​សេវាកម្ម៤៣ ភាគរយ” ។

ដោយឡែក នៅក្នុង​ឆ្នាំ២០២១ ខាងមុខនេះ​ការធ្វើ​ចរាចរណ៍ និង​ដឹកជញ្ជូន​រវាង​ខេត្តកំពង់ចាម ខេត្តកណ្តាល និង​បន្ត​មកកាន់​រាជធានី​ភ្នំពេញ តាមរយៈ​ផ្លូវជាតិ​ចំនួន២ខ្សែ គឺ​ផ្លូវជាតិ​លេខ៧ ត​ភ្ជាប់​ផ្លូវជាតិ​លេខ៦ ហើយ​មួយ​ខ្សែ​ទៀត​តាមរយៈ​ផ្លូវជាតិ​លេខ២៧០ ដែល​កំពុង​សម្រុក​សាង​សង់​គ្រោង​បញ្ចប់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ៕

ក្រុមហ៊ុន Foster&Partner ដែល​ឌី​សាញ​ព្រលានយន្តហោះ​ថ្មី​នៅ​កម្ពុជា​ទទួលបាន​គម្រោង​សាងសង់​តម្លៃ ២០០០លាន​ដុល្លារ

ដោយ ហ្សូ​លី

វ៉ាស៊ីនតោនៈ ក្រុមហ៊ុន Foster&Partners ទទួលបាន​គម្រោង​សាងសង់​អគារ​ដែលមាន​តម្លៃ​ប្រមាណ២០០០លាន​ដុល្លារ នៅ​រដ្ឋ Beverly Hills សហរដ្ឋអាមេរិក។

គម្រោង​ក្នុង​ទឹកប្រាក់២០០០លាន​ដុល្លារ​នេះ នឹងមាន​ការស្ថាបនា​អគារ​ស្នាក់នៅ​ចំនួន២ និង​សណ្ឋាគារ​ចំនួន១ រួម​ជាមួយនឹង​ទេសភាព​ដ៏​ស្រស់ស្អាត​ពណ៌​បៃតង។ អគារ​ទាំងនេះ​នឹង​លាតសន្ធឹង​នៅលើ​ផ្ទៃដី​ប្រមាណ៧ហិកតា នៅក្នុង​ភាគ​ខាងជើង​ឈៀង​ខាងលិច​នៃ​ទីក្រុង Los Angeles សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍ Alagem Capital និង Cain International។

រូបភាព​ជាច្រើន​សន្លឹក អំពី​គម្រោង​ដ៏​អស្ចារ្យ​នេះ ត្រូវបាន​បង្ហាញ​ដោយ​ក្រុមហ៊ុន Foster & Partners។

លោក Norman Foster ដែលជា​ស្ថាបនិក នៃ​ក្រុមហ៊ុន​បាន​មានប្រសាសន៍ថា ការច្នៃ​ម៉ូដ​អគារ​នេះ ទទួល​បានការ​ជម្រុញ​ចិត្ត​ពី​គម្រោង Beverly Hills’ Origin ដែល​ស្ថិតនៅ​ភាគ​ត្បូង​រដ្ឋ​កាលី​ហ្វ​ញ៉ា។

លោក​បន្ថែមថា “គំនិត​នេះ​នឹង​បង្កើត​ស្ថាបត្យកម្ម​បែប​ធម្មជាតិ ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ទេសភាព ដែលជា​ផ្នែក​ដ៏​ធំ​មួយ​ផ្សារភ្ជាប់​ជាមួយ​ប្រជាពលរដ្ឋ បង្កើត​ការចែករំលែក​សម្រាប់​ទីក្រុង​ទាំងមូល” ។

អគារ​ស្នាក់នៅ​លក្ខណៈ​ខុន​ដូ​នេះ​មាន​ចំនួន២ សរុប​ប្រមាណ​ជាង៣០០បន្ទប់ រីឯ​សណ្ឋាគារ​វិញ​ត្រូវ​សាងសង់​ថ្មី ជាមួយ​កម្ពស់​ត្រឹម១០ជាន់ និង​មាន​បន្ថែម៤ជាន់​ជា​ផ្សារ​ទំនើប​ទិញ​ទំនិញ​ផងដែរ។ មួយវិញទៀត កន្លែង​នេះ​នឹងមាន​សួនច្បារ​ចំនួន១.២ហិកតា ជាមួយ​ផ្លូវ​ដើរ​ព័ទ្ធជុំវិញ​ដោយ​ទឹក ក្លាយជា​ទេសភាព​ពណ៌​បៃតង។

គម្រោង​នេះ​ទៀតសោត នឹង​ស្ថាបនា​នូវ​កន្លែង​ចត​ឡាន​ដ៏​ធំ​ទូលាយ ដែល​អាច​ចត​រថយន្ត​បាន​ដល់​ទៅជិត២០០០គ្រឿង។ ក្រុមហ៊ុន​អភិវឌ្ឍ​មាន​គោលបំណង ចាប់ផ្តើម​ការដ្ឋាន​សាងសង់​នៅ​ចុងឆ្នាំ២០២១ និង​បញ្ចប់​ការសាងសង់​គម្រោង​នេះ​នៅ​ឆ្នាំ ២០២៤ ៕

ចំណេះដឹង! តើ​និតិ​វិធី​នៃ​ការ​នាំចូល​ទំនិញ​ក្រោម​ក្របខ័ណ្ឌ​ឥណទាន និង​ជំនួយ​មនុស្សធម៌​ដំណើរការ​យ៉ាងដូចម្តេច?

ដោយ​វុត្ថា

ភ្នំពេញៈ មុន​ការស្នើសុំ​លិខិតអនុញ្ញាត​គយ​នាំចូល ដើម្បី​នាំចូល​ឧបករណ៍​សម្ភារៈ​ដោយ​ពន្ធ​និង​អាករ​ជា​បន្ទុក របស់​រដ្ឋ​ក្នុង​ក្របខ័ណ្ឌ​ឥណទាន ឬ ជំនួយ​មនុស្សធម៌ ភ្នាក់ងារ​អនុវត្ត​គម្រោង ឬ​សា​ម៉ី​ស្ថាប័ន​ទទួល​ជំនួយ ត្រូវបំពេញ​ទម្រង់​បែបបទ​ស្នើសុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ពិនិត្យ​និង​សម្រេច។

បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ភ្នាក់ងារ​អនុវត្ត​គម្រោង ឬ​សា​ម៉ី​ស្ថាប័ន​ទទួល​ជំនួយ​ខាងលើ ត្រូវ​ស្នើសុំ​លិខិតអនុញ្ញាត​គយ​នៅ​អគរ (នាយកដ្ឋាន​របប​គយ) ដោយ​ភ្ជាប់​មកជា​មួយ នូវ​ឯកសារ​ចាំបាច់​នានា​រួមមាន ទី១  លិខិតអនុញ្ញាត​ឲ្យ​នាំចូល​ទំនិញ​ដោយ​ពន្ធ និង​អាករ​ជា​បន្ទុក របស់​រដ្ឋ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឬ​លិខិត​ស្នើសុំ​ការអនុញ្ញាត​ឲ្យ​នាំចូល ដោយ​ពន្ធ​និង​អាករ​ជា​បន្ទុក​របស់​រដ្ឋ ដែលមាន​ចំណារ ឯកភាព​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

ទី២ ឯកសារ​ត្រូវ​ភ្ជាប់​ជាមួយ​រួមមាន វិក្កយបត្រ​ទំនិញ បញ្ជី​វេច​ខ្ចប់ និង​ឯកសារ​ដឹកជញ្ជូន លិខិត​ប្រគល់​សិទ្ធិ​សម្រាប់​អ្នកតំណាង និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត​ក្នុងករណី​ចាំបាច់៕

រដ្ឋបាលខេត្តកំពតស្នើសុំកាត់ដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនចំនួន ២ ជូនពលរដ្ឋ

ដោយវុត្ថា

កំពត៖ រដ្ឋបាលខេត្តកំពត សើ្នសុំកាត់ដីពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ចំនួន ២ គឺក្រុមហ៊ុន (ហ្វឺសបាយអូថេត) និងក្រុមហ៊ុន(វើលទ្រីស្ដារ)ចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងពីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច សម្រាប់ធ្វើប្រទានកម្មជូនគ្រួសារប្រជាពលរដ្ឋនិង កងទ័ពសមាហរណកម្ម ក្នុងអង្គភាព កងអន្តរាគមន៍លេខ២ នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ដែលស្ថិតនៅទីតាំងភូមិដុំផ្ដៅ ឃុំត្រពាំងភ្លាំងស្រុកឈូក ។

លោក ជាវ តាយ អភិបាលខេត្តកំពត នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធនៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២០ នេះឱ្យដឹងថា សំណើររបស់រដ្ឋបាលខេត្តកំពតនេះ ជូនក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ក្នុងនោះការស្នើសុំវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិ របស់ប្រជាពលរដ្ឋចំនួន៦៦ គ្រួសារនិងសំណើសុំឈូសឆាយដី ធ្វើប័ណ្ណកម្មសិទ្ធិចំនួន២កន្លែងផ្សេងទៀតចំនួន៩៦ គ្រួសារ និងសំណើសុំកាត់ដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើប្រទានកម្ម ជូនប្រជាពលរដ្ឋចំនួន៦គ្រួសារទៀតនៃកងទ័ពសមាហរណកម្មក្នុងអង្គភាពកងអន្តរាគមន៍លេខ២ បញ្ជាការដ្ឋានការពារកោះឆ្នេរ សរុបដែលមានផ្ទៃដីចំនួនជាង ៧៦៤ ហិកតាដែលមានទីតាំងស្ថិតនៅភូមិដុំផ្ដៅឃុំត្រពាំងភ្លាំងស្រុកឈូកខេត្តកំពត។

លោកបន្តថា ក្នុងនាមរដ្ឋបាលខេត្ត នារយៈពេលកន្លងមកតែងតែបានយកចិត្តទុកដាក់ជំរុញលើការដោះស្រាយបញ្ហាប្រឈមតម្រូវការពិតប្រាកដពិសេសបញ្ហាដីធ្លី របស់ប្រជាពលរដ្ឋស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែបានក្រើនរំលឹកផ្ដាំផ្ញើឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ដោះស្រាយជូនប្រជាពលរដ្ឋដែលខ្វះខាតនឹងមានតម្រូវការពិតប្រាកដជាក់ស្ដែងពឹងអាស្រ័យផលលើដីធ្លី ដើម្បីឲ្យប្រជាពលរដ្ឋបានបង្កបង្កើតផលនិងរស់នៅមានជីវភាពធូរធារប្រកបដោយសុខដុមរមនា។

លោកបន្ថែមថា ហើយកិច្ចប្រជុំពេលនេះទៀតសោធគឺក្នុងគោលបំណង ដើម្បីធ្វើយ៉ាងណារួមគ្នាពិភាក្សាបញ្ហាពាក់ព័ន្ធមានការចូលរួមពីជំនាញនិងអាជ្ញាធរពាក់ព័ន្ធក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សំដៅធ្វើយ៉ាងណាការជួយជួយដោះស្រាយឲ្យប្រជាពលរដ្ឋដែលត្រូវការដីពិតប្រាកដនិងអាស្រ័យផលលើដីជាក់ស្ដែងដើម្បីឲ្យពួកគាត់បានរស់នៅនិងកាន់កាប់ស្របច្បាប់និងបានឆាប់រហ័ស។

លោក អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទក៏បានលើកបញ្ជាក់ថា កម្មវត្ថុនៃការចូលរួមជជែកពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំពេញនេះ ពីអាជ្ញាធរនិងជំនាញសមត្ថកិច្ចអ្នកពាក់ព័ន្ធ គឺដើម្បីបានជាមូលដ្ឋានគ្រប់ជ្រុងជ្រោយពិស្ដារ បានជាព័ត៌មានដាក់ជារបាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខម៉ាញ់និងនេសាទ ពិនិត្យនិងចាត់ការដោះស្រាយបន្ត។

លោកបន្តថា ហើយអ្វី ជាកិច្ចការអាទិភាពចំពោះមុខនេះដែលក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចាត់បញ្ជូនប្រតិភូចុះមកពេលនេះក៏ដើម្បីស្វែងយល់ពីភាពជាក់ស្ដែង។

លោកក៏បានស្នើឱ្យអាជ្ញាធរខេត្តស្រុកនិងជំនាញពាក់ព័ន្ធ ពិសេសការចូលរួមពីលោកអភិបាលខេត្ត ដើម្បីជំរុញលើការអនុវត្តសកម្មភាពការងារនេះ ជាកិច្ចបន្តតាមសំណើក្នុងឯកសាររបស់រដ្ឋបាលខេត្តកំពតបានស្នើ ដើម្បីបំពេញកិច្ចការឱ្យបានសម្រេចជោគជ័យតាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល ក្នុងសម័យប្រជុំថ្មីៗនេះលើការពិនិត្យទៅនឹងការកាត់ផលប៉ះពាល់ជាបន្តបន្ទាប់ទៀត ជូនដល់ប្រជាពលរដ្ឋត្រូវការដីបង្កបង្កើនផលនិងអាស្រ័យផលពិតប្រាកដ លើដីជាក់ស្ដែង៕

ភ្នំពេញ៖ លក់អស់ដំណាក់កាល១ បុរី ប៊ុនលី ប្រកាសបើកលក់ប្លុកថ្មីដំណាក់កាល២…

Title: ភាពជោគជ័យក្រោយពេលចូលទីផ្សារដំណាក់កាលទី១នៃគម្រោង បុរី ប៊ុន លី ត្រឹមតែកន្លះឆ្នាំប៉ុន្នោះ ធ្វើអោយ បុរី ប៊ុន លី វិវត្តន៍ទៅកាន់​ ការពង្រីកវិសាលភាព​ និង កិត្តនាមរបស់ខ្លួន…   យើងសង្កេតឃើញថា​ បុរី ប៊ុន​ លី មានសន្ទុះនៃការគាំទ្រពីសំណាក់អតិថិជនគួអោយកត់សម្គាល់ដោយគម្រោងនៃដំណាក់កាលដំបូងត្រូវបានលក់អស់ទាំងស្រុង…  នេះជាសញ្ញាណបញ្ចាក់ពីការមើលឃើញពីគុណតម្លៃ និង ភាពលេចធ្លោរបស់គម្រោង បុរី ប៊ុនលី។

ហើយដើម្បីជាការឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជន​ បុរី ប៊ុន​ លី សម្រេចប្រកាសបើកលក់ប្រភេទផ្ទះ​ ថោន​ ហោសន៍- ប៊ី (Town House-B) ដំណាក់កាល 2 ដោយមានត្រឹមតែ 50ខ្នងតែប៉ុន្នោះ។

គួរ​បញ្ចាក់ផងដែ​ថា:  គម្រោង​ ថោន ហោសន៍ ប៊ី (Town-House B) ថ្មីរបស់ បុរី ប៊ុន​ លី នេះនឹងក្លាយជា  ជាលំនៅស្ថានសម្រាប់ ធ្វើអាជីវកម្មខ្នាតតូច និងមធ្យម និងជាការិយាល័យដ៏ទំនើប ដោយផ្អែកទៅលើ គម្រោង

បុរី ប៊ុន​ លី ស្ថិតនៅទីតាំងភូមិសាស្រ្តអាជីវកម្មដ៏រីកចម្រើនយ៉ាងឆាប់រហ័ស និងជាតំបន់ពាណិជ្ជកម្មដ៏សំខាន់សម្រាប់ផ្គត់ផ្គង់តម្រូវការប្រជាជនក្នុងតំបន់  ដែល​កំពុង​សាងសង់​នៅលើ​ផ្ទៃដី​ប្រមាណ ៣ហិកតា។ គម្រោង បុរី ប៊ុន​ លី ផ្តល់ជូនជាប្រភេទផ្ទះ​២ប្រភេទ និង​៤ជម្រើស ដូចជា ហ្សប ហោស៍ អេ​​ (Shop House-A) និង ហ្សប ហោស៍ ប៊ី (Shop House-A), ថោនហោស៍ អេ (Town House-A), និង​ ថោនហោស៍ ប៊ី (Town House-B) ។

រាល់ប្រភេទផ្ទះអាជីវកម្មទំនើប របស់ បុរី ប៊ុន លី ត្រូវបានសាងសង់ឡើងស្របទៅតាមផ្នត់គំនិត និងការចង់បានរបស់អតិថិជន ប្រកបដោយការរចនាដ៏ល្អឯកដែលផ្អែកទៅលើគុណភាព និងទំនុកចិត្ត ដោយផ្តល់ជូននូវភាពប្រណិត និងផាសុកភាពក្នុងការស់នៅធ្វើអោយជីវិតលោកអ្នកកាន់តែទាន់សម័យ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាមរយៈ​លេខ៖ 010/068/077 22 77 89 ឬ​តាម​អាស័យដ្ឋាន ផ្លូវ​បឹង​តា​ម៉ា​ត សង្កាត់​ដង្កោ ខ​ណ្ឌ័​ដង្កោ រាជធានី​ភ្នំពេញ។

អ្នកជំនាញ៖ ខុនដូជាឱកាសវិនិយោគស្វែងរកផលចំណេញរយៈពេលវែង បន្ទាប់ពីតម្លៃចាប់ផ្តើមធ្លាក់ចុះ

ដោយ ប៊ី
ភ្នំពេញ៖ ខុនដូថ្មីៗចំនួន ៣ ដែលស្មើនឹងបន្ទប់ស្នាក់នៅសរុប ២ ២៥២ យូនីត បានប្រកាសបើកលក់ជាផ្លូវការចូលក្នុងទីផ្សារក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ ខណៈការផ្ទះឡើងនៃជំងឺកូវីដ១៩ បានធ្វើឲ្យតម្លៃខុនដូធ្លាក់ចុះ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE Cambodia ដែលចេញផ្សាយកាលពីថ្ងៃពុធ។

អ្នកជំនាញក្នុងស្រុក បានលើកឡើងថា ការធ្លាក់ចុះនេះគឺជាឱកាសសម្រាប់អ្នកចង់វិនិយោគវិស័យខុនដូសម្រាប់ផលចំណេញក្នុងរយៈពេលវែង ខណៈស្ថាប័នធំៗលើពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងមកវិញនៅឆ្នាំក្រោយ។
ខុនដូប្រណីតមានតម្លៃជាមធ្យម ៣ ០៤១ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េធ្លាក់ ៣,៩៨ ភាគរយ ធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២០ ខុនដូប្រភេទមធ្យមមានតម្លៃ ២ ៤៤១ ដុល្លារ ធ្លាក់ ៤,៦១ ភាគរយ និងប្រភេទតម្លៃសមរម្យមានតម្លៃជាមធ្យម ១ ៥៣៩ ដុល្លារ ធ្លាក់ចុះ ០,៦៥ ភាគរយ។

ជាមួយគ្នានេះដែរ តម្លៃជួលនៅក្នុងត្រីមាសទី ២ គឺ ១៣,១៨ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ សម្រាប់រយៈពេល ១ ខែ ចំពោះខុនដូប្រណីតដោយធ្លាក់ចុះ ៧,២៥ ភាគរយ ធៀបនឹងត្រីមាសទី ១ និងខុនដូប្រភេទមធ្យមមានតម្លៃ ១១,១២ ដុល្លារ ធ្លាក់ ៥,៧១ ភាគរយ។

កាលពីត្រីមាសទី ១ ខុនដូប្រណីតមានតម្លៃជាមធ្យមក្នុងរង្វង់ ៣ ១៦៧ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េធ្លាក់ចុះ ០,៥៣ ភាគរយធៀប នឹងត្រីមាសទី ៤ ឆ្នាំ ២០១៩ ខុនដូប្រភេទមធ្យមមានតម្លៃ ២ ៥៥៩ ដុល្លារ ធ្លាក់ចុះ ១,៣៩ ភាគរយ និងប្រភេទតម្លៃសមរម្យមានតម្លៃ ១ ៥៤៩ ដុល្លារកើន ០,៣២ ភាគរយ។

សម្រាប់ទីផ្សារជួលខុនដូប្រណីតមានតម្លៃមធ្យម ១៤,២១ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ ធ្លាក់ចុះ ០,៤ ភាគរយ និងខុនដូប្រភេទមធ្យមមានតម្លៃមធ្យម ១១,៧៩ ដុល្លារ ធ្លាក់ចុះ ០,៦ ភាគរយ។
យោងតាមរបាយការណ៍ខាងលើនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ នេះមិនមានគម្រោងអភិវឌ្ឍន៍ខុនដូណាបញ្ចប់ការសាងសង់ទេ ប៉ុន្តែមានខុនដូថ្មីៗចំនួន ៣ ដែលស្មើនឹងបន្ទប់ស្នាក់នៅសរុប ២ ២៥២ យូនីត បានប្រកាសបើកលក់ជាផ្លូវការ។

គម្រោងទាំងនោះរួមមាន LEEDON Heights ស្ថិតក្នុងខណ្ឌសែនសុខ គម្រោង LE Conde BKK1 ក្នុងខណ្ឌបឹងកេងកង និងគម្រោង Grand Condo 7 នៅក្នុងខណ្ឌជ្រោយចង្វារ។
លោក James នាយកក្រុមហ៊ុន CBRE Cambodia ប្រាប់គេទំព័រ Propertyarea.asia ថា អ្នកទិញខុនដូ ដែលទុកសំរាប់ការវិនិយោគ នៅតែជាជនបរទេសដែលពូកគេនៅតែមានភាពសកម្ម ប៉ុន្តែពួកគេត្រូវប្រុងប្រយ័ត្នខ្ពស់ ហើយពួកគេចង់ធ្វើឱ្យប្រាកដថា ពួកគេមានព័ត៌មានគ្រប់គ្រាន់ មុនពេលវិនិយោគ ដែលជារឿយៗបញ្ហាអាចកើតឡើងមើលមិនឃើញ។

លោក បានបន្តថា “ជាឧទាហរណ៍ យើងកំពុងមើលឃើញ ការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិនបរទេសជាច្រើន ដូចជាអ្នកទិញក្នុងស្រុក នៅពេលការបើកដំណើរការគម្រោងថ្មី Leedon ដែលក្រុមហ៊ុន CBRE ប្រចាំកម្ពុជាធ្វើតំណាងនៅខណ្ឌ សែន សុខ”។

បច្ចេកវិទ្យាបាននិងកំពុងជួយ ក្នុងការធ្វើទីផ្សារខុនដូដល់ដៃវិនិយោគិនបរទេស ដែលអនុញ្ញាតឱ្យភ្នាក់ងារ ធ្វើអន្តរកម្មជាមួយភាគីដែលចាប់អារម្មណ៍ និងផ្តល់ព័ត៌មានលម្អិតពាក់ព័ន្ធ។
ការមកដល់នៃជនជាតិចិនកាន់តែច្រើន នៅកម្ពុជាបង្ហាញពីការវិលត្រឡប់មករកភាពធម្មតាមួយកម្រិតវិញ។ ទោះយ៉ាងណា វាត្រូវបានសន្មតជាសំខាន់ថា អ្នកដំណើរទាំងនេះគឺជាអ្នកមានការងារនៅក្នុងប្រទេសកម្ពុជា ឬកំពុងបើកអាជីវកម្មនៅទីនេះជាជាងចូលរួមក្នុងការវិនិយោគខុនដូ៕

ផ្លូវក្រវ៉ាត់ក្រុងទី៣ តម្លៃជាង២៥០លានដុល្លារ ការសាងសង់សម្រេចបានជាង៤០ភាគរយហើយ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តាមការអះអាងរបស់មន្ត្រីជំនាញបច្ចេកទេសក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា រហូតមកដល់ពេលនេះ ជាលទ្ធផលនៃការសាងសងផ្លូវក្រវ៉ាត់ក្រុងទី៣នៅតែបន្តដំណើរទៅមុខជាមួយនឹងការសម្រេចបានលទ្ធផលប្រមាណជាង៤០ភាគរយ ដោយធានាបាននូវគុណភាពខ្ពស់។

មន្ត្រីជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍នៅព្រឹកព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងដំណើរចុះត្រួតពិនិត្យពីវឌ្ឍនភាព និងគុណភាពនៃសំណង់ជើងសសរស្ពានអាកាសនៃផ្លូវក្រវ៉ាត់ក្រុងទី៣បានបញ្ជាក់ថា រហូតមកដល់ពេលនេះជាលទ្ធផលនៃការសាងសង់ទទួលបានប្រមាណជាង៤០ភាគរយដែលស្របទៅតាមគម្រោង និងផែនការដែលបានគ្រោងទុក។

មន្ត្រីដដែលបានបន្តថា “យើងបានពិនិត្យឃើញថា ក្រុមហ៊ុនសាងសង់បានគោរពតាមបទដ្ឋានស្តង់ដារ ទាំងគុណភាពបេតុងនៃទម្រជើងសសរស្ពានអាកាស ទាំងគុណភាពផ្លូវ ដែលអាចទ្រទ្រង់ទម្ងន់យានចរាចរណ៍ចំរុះបានរហូតដល់២០ឆ្នាំ ស្របទៅតាមផែនការមេ ដែលចាប់អនុវត្តនៅប៉ែកខាងលិចក្រុងលើកដំបូង ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅក្នុងក្រុង ជាពិសេសផ្លូវវេងស្រេង ផ្លូវទួលពង្រ ហើយថែមទាំងជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនត្រង់ចេញពីក្រុងព្រះសីហនុឆ្ពោះទៅកាន់តំបន់ព្រំដែនក្រុងបាវិត ដោយបំបែកចេញពីចំណុចដើមផ្លូវក្រវ៉ាត់ក្រុងទី៣នៃផ្លូវជាតិលេខ៤ នឹងចុះទៅផ្លូវជាតិលេខ១”។

ផ្លូវក្រវាត់ក្រុងខ្សែទី៣ គឺជាផ្លូវដ៏សំខាន់ក្នុងការជួយកាត់បន្ថយការកកស្ទះ និងជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ ម្យ៉ាងទៀតគឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗ របស់មហាអនុតំបន់មេគង្គ។ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍថែមទៀតផង។

ផ្លូវនេះមួយខ្សែនេះ ត្រូវស្ថាបនាផ្លូវដោយមានប្រវែងសរុប៤៧.៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ៤គន្លង ដោយមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ សម្រាប់ផ្លូវរថយន្ត៤គន្លង មានទទឹង៣.៥០ម៉ែត្រ /គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង ទទឹង២.២៥ ម៉ែត្រ/គន្លង ដោយចាប់ ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ ១៤+ ១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយត្រូវងកាត់ផ្លូវជាតិលេខ ៣ត្រង់ ចំណុចគីឡូម៉ែត្រ លេខ២១+២០០កាត់ផ្លូវជាតិ លេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២២+៨០០ និងកាត់ផ្លូវ ជាតិលេខ២១ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+ ៤០០ និងផ្លូវខ្នែងប្រវែង ៥.៣៧គីឡូម៉ែត្រ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបាន ចុះកិច្ចសន្យាសាងសង់ ជាមួយក្រុមហ៊ុនសំណង់សៀងហៃចិន ក្នុងការអនុវត្តការងារសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នេះ ដែលនឹងមានការត្រួតពិនិត្យបច្ចកទេសដោយក្រុមហ៊ុន ក្វាងចូវវ៉ាន់អាន មកពីប្រទេសចិនផងដែរ។
ផ្លូវក្រវ៉ាត់ ក្រុងទី៣នេះ ជាខ្សែផ្លូវថ្មីមួយ ដែលតភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់ប្រទេសកម្ពុជា ដោយចាប់ពីស្ពានព្រែកព្នៅផ្លូវជាតិលេខ៥ ឆ្លងមកផ្លូវជាតិលេខ៤ (កំណាត់ផ្លូវនេះបានសាងសង់រួចរាល់ហើយ ដោយសាលារាជធានីភ្នំពេញ) ភ្ជាប់មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និង ផ្លូវជាតិលេខ១ ដោយភ្ជាប់ទៅនឹងកំពង់ផែភ្នំពេញថ្មី ដែល បានសាងសង់ឡើង ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពី សាធារណរដ្ឋប្រជាមានិតចិនដូចគ្នា។ ផ្លូវក្រវាត់ក្រុងទី៣នេះ មានចម្ងាយត្រឹមតែជាង១គីឡូម៉ែត្រពីគម្រោងព្រលានយន្តហោះ៕

ចិនបញ្ចប់ការសាង់សង់ស្ពានផ្លូវដែកវែងជាងគេលើពិភពលោកតម្លៃជាង ២០០០លានដុល្លារ

ដោយ ហ្សូលី

ប៉េកាំង៖ ចិនបានបញ្ចប់ការសាងសង់ស្ពានផ្លូវដែកមួយ ដែលមានប្រវែងប្រមាណ ១១គីឡូម៉ែត្រ និងចំណាយថវិកាជាង ២០០០លានដុល្លារ ក្រោយពីចំណាយរយៈពេលសាងសង់អស់ចំនួន ៦ឆ្នាំរួចមក។

ស្ពានផ្លូវដែកបានក្លាយជាស្ពានដែកដែលមានប្រវែងជាងគេបង្អស់លើពិភពលោក ស្ថិតនៅចន្លោះទីក្រុងសៀងហៃ និងទីក្រុងណានតុង។ ស្ពាននេះត្រូវឆ្លងកាត់ទន្លេ Yangtze ជាមួយនឹងបច្ចេកវិទ្យារចនាសម្ព័ន្ធថ្មីជាងគេ។ វាត្រូវបានស្ថាបនាឡើងជាមួយផ្លូវ ៦គន្លង និងខ្សែផ្លូវដែកចំនួន ៤នៅពីក្រោម។ ការស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋចិនទាំងមូល ព្រោះវាជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើររវាងទីក្រុងដ៏មានប្រជាប្រិយភាពរបស់ចិនគឺសៀងហៃ ឆ្ពោះទៅកាន់ខេត្តជាំងស៊ូ ដោយចំណាយពេលត្រឹម ៣ម៉ោងកន្លះតែប៉ុណ្ណោះ។

កាលពីមុនបើសិនជាគេចង់ឆ្លងកាត់ទន្លេនេះ យ៉ាងហោចណាស់ត្រូវចាយពេលប្រមាណ ៤ម៉ោង តែបច្ចុប្បន្នដោយសារគុណសម្បត្តិនៃស្ពានផ្លូវដែកនេះ ប្រជាជនអាចឆ្លងកាត់ត្រឹមកន្លះម៉ោងក្នុងការទៅដល់គោលដៅ។ ខ្សែបណ្តាញនេះនឹងជម្រុញប្រតិបត្តិការក្នុងការដឹកជញ្ជូនអ្នកដំណើរ ៦ជើងក្នុងមួយថ្ងៃ រួមជាមួយនឹងល្បឿន ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។

លោក Wang Feng នាយកចាត់ការទូទៅនៃក្រុមហ៊ុន China State Railway បានថ្លែងថា ការបើកដំណើរការប្រើប្រាស់នៃស្ពាននិងផ្លូវដែកនេះ គឺជាការផ្សារភ្ជាប់យ៉ាងពិសេសក្នុងតំបន់ទន្លេ Yangtze ដែលជាការសាងសង់តំបន់ជាប់មាត់សមុទ្ររវាង ទីក្រុងប៉េកាំងនិងសៀងហៃ។ លោកបន្ថែមថា បច្ចេកវិទ្យាថ្មីៗជាច្រើន ត្រូវបានប្រើប្រាស់និងរួមបញ្ចូលនៃប្រព័ន្ធខ្សែកាបជាមួយនឹងកម្លាំងខ្លាំងជាងគេបំផុតនៅលើពិភពលោក។ ប្រព័ន្ធ Anti-Collision នឹងផ្តល់សញ្ញាដល់អាជ្ញាធរចរាចរណ៍ទន្លេក្នុងចម្ងាយ ៣គីឡូម៉ែត្រមុនប្រសិនបើមានទូកកប៉ាល់ណាមួយបម្រុងនឹងឆ្ពោះមកបុកសសរស្ពាន ដែលអាចបង្កើតគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។

ស្ពានផ្លូវដែកនេះត្រូវបានសាងសង់ដោយប្រើប្រាស់ដែកចំនួន ៤៨០ ០០០ តោន អមជាមួយនឹងគ្រឹះបុកជ្រមុជចូលទឹកយ៉ាងជ្រៅរហូតដល់ ១១៥ម៉ែត្រ។

ខេត្តជាំងស៊ូ មានផ្លូវដែកសរុប ៦ខ្សែ មានប្រវែងសរុបជាង ១០០០គីឡូម៉ែត្រ កំពុងស្ថិតក្នុងដំណាក់កាលស្ថាបនា ដែលត្រូវចំណាយថវិកាជាង ២៥.៥ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យរបស់មន្ទីរដឹកជញ្ជូនប្រចាំខេត្តជាំងស៊ូ កាលពីថ្មីៗនេះ៕

កម្ពុជាកំពុងសម្របសម្រួលឱ្យក្រុមហ៊ុនអាកាសចរណ៍ចំនួន២ហោះហើរមកកាន់ កម្ពុជាជាប្រក្រតី

ដោយវុត្ថា

ភ្នំពេញៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បាននិងកំពុងបន្តជួយសម្របសម្រួ​លជាមួយក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ ដែលធ្វើប្រតិបត្តិការហោះហើររវាងកម្ពុជា-ម៉ាឡេស៊ី អាចចាប់ផ្តើមបើកដំណើរការជើងហោះហើររបស់ខ្លួនជាប្រក្រតី ឡើងវិញបានឆាប់ ដើម្បីចូលរួមដោះស្រាយបញ្ហា bubble travels នៅក្នុងតំបន់។

យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី បានឱ្យដឹងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២០នេះបានឱ្យដឹងថា ការជួយសម្របសម្រួលដល់ក្រុមហ៊ុនអាកាចរណ៍ទាំងនេះ ឱ្យហោះហើរមកកាន់កម្ពុជា សំដៅធ្វើយ៉ាងណាឱ្យឧស្សា​ហកម្មហោះហើរ និងឧស្សាហកម្មគ្មានផ្សែង អាចវិលទៅរកភាពប្រក្រតីដោយរលូន។

ក្រោមកិច្ចសម្របសម្រួល របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡាស៊ី និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី និងក្រុមហ៊ុនអាកាសចរណ៍Air Asiaកន្លងមកនេះ បានហោះហើរមកកាន់កម្ពុជា បានចំនួន៤លើក ដែលមានពលរដ្ឋខ្មែរសរុបចំនួន៥១៧នាក់ (រួមទាំងអ្នកដំណើរឆ្លងកាត់ជនជាតិខ្មែរផងដែរ)ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩។

ប្រទេសម៉ាឡេស៊ី នៅបន្តបិទព្រំដែនរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ហើយកំពុងចចារជាមួយប្រទេសជិតខាងរបស់ខ្លួន ដើម្បីបើកព្រំដែនឡើងវិញសំដៅសម្រួ​លដល់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការធ្វើដំណើរប្រកបការងារ របស់ប្រជាពល​រដ្ឋជាប់ព្រំដែននឹងគ្នា។

លោកស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជាបានដឹងកាលពី  ពេលកន្លមកថ្មីៗនេះថា ជើងហោះហើរនៅកម្ពុជា កំពុងតែមានការកើនឡើងជាបណ្តើរៗ ខណៈពេលដែលជំងឺ Covid-19  មានភាពស្ងប់ស្ងាត់បន្តិច។ នៅដើមខែមិថុនានេះ មានជើងហោះហើរជាមធ្យមប្រមាណ១០ជើងក្នុងមួយថ្ងៃ។

លោកបន្តថា “ការកើនឡើងនេះភាគច្រើន គឺជាការវិលត្រឡប់មស្រុកកំណើតវិញរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅស្រុកក្រៅ និងមួយចំនួនទៀតជាអ្នករកស៊ី។ ចំណែកឯភ្ញៀវមកកម្ពុជា ក្នុងគោលបំណងទេសចរណ៍ គឺពុំទាន់មានចំនួនដែលអាចសន្និដ្ឋានបានឡើយ”។

លោកបន្ថែមថា នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២០ ជើងហោះហើរកម្ពុជាបានធ្លាក់ចុះ៩៨ភាគរយ  បើធៀបទៅនឹងឆ្នាំ២០១៩ ហើយការធ្លាក់ចុះនេះគឺដោយសារការរាតត្បាតនូវជំងឺCovid-19 ដែលបណ្តាលឱ្យជើងហោះហើរ នៅតាមបណ្តាប្រទេសនានាបានបិទ ជាហេតុធ្វើឱ្យពុំមានការហោះហើរមកកម្ពុជា៕

កម្ពុជា និងកូរ៉េខាងត្បូងបានចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃនេះ

ដោយ៖ ប៊ី

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងកូរ៉េខាងត្បូងបានចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំងពីរនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នេះ បន្ទាប់ការសិក្សាលទ្ធភាព នៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសពីររកឃើញផលចំណេញសម្រាប់ប្រទេសទាំងពីរ។

លោកស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់គេទំព័រ Propertyarea.asia នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នេះថា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងកូរ៉េខាងត្បូងបានចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំងពីរ។

លោកបាថ្លែងថា “ភាពគីទាំងពីរបានធ្វើការសិក្សាលទ្ធភាព នៃការបង្កើតកិច្ចព្រមព្រៀ​ងពាណិជ្ជកម្មសេរី ហើយការសិក្សានេះបង្ហាញពីផលចំណេញទាំងសងខាង ដូច្នេះទើបផ្តើមការចរចា”។

កាលពីចុងឆ្នាំ២០១៩ សម្តេចតេជោ បានអញ្ជើញទៅប្រទេសកូរ៉េ ហើយរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងកូរ៉េបានចុះលត្ថលេខាងលើសេចក្តីប្រកាសមួយថា យើងនឹងសិក្សាមើលថា តើយើងធ្វើFTAជាមួយគ្នាបាន ឬអត់ ហើយក្រុមការងារបានសិក្សាចប់កាលពីខែ ដែលយើងឃើញថាមានផលចំណេញសម្រាប់ភាគីទាំងសងខាង”។

លោកស៊ាង ថៃបានឱ្យដឹងថា ក្រុមការងារទាំងពីរ បានស្នើសុំថ្នាក់ដឹកនាំនៃប្រទេសរៀងខ្លួន ដើម្បីបើកការចរចា ហើយទទួលបានភ្លើងខៀវពីប្រទេសទាំងពីរ ដូច្នេះថ្ងៃនេះរដ្ឋមន្ត្រីទាំងពីរបានជួបគ្នាតាមTele Conference ប្រកាសការចរចា ហើយបើកចរចារបន្តបន្ទាប់មកទៀត។

លោក បាននិយាយថា “និយាយឱ្យខ្លីទៅ ដូចគេថា ឥឡូវយើងភ្ជាប់ពាក្យរួចហើយ យើងរង់ចាំថ្ងៃការម្តង”។

ទំហំពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងកម្ពុជាក្នុងឆ្នាំ២០១៩ ឈានដល់១ពាន់លា​នដុល្លារ។ ក្នុងនោះការនាំចេញរបស់កូរ៉េខាងត្បូង មកកម្ពុជាមានចំនួន៧០០លានដុល្លារ ហើយការនាំចូលពីប្រទេសនៅអាស៊ីអាគ្នេយ៍នេះ មានត្រឹមតែ៣០០លានដុល្លារ។ ប្រទេ​សកូរ៉េភាគច្រើន នាំចេញយានយន្ត ដូចជារថយន្តមួយទឹក និងរថយន្តដឹកទំនិញមកកាន់ប្រទេសកម្ពុជា។

ទំនិញនាំចេញផ្សេងទៀតរួមមានភេសជ្ជៈ និងសម្ភារៈវាយនភ័ណ្ឌ។ កូរ៉េខាងត្បូងភាគច្រើននាំចូលសម្លៀកបំពាក់ និងស្បែកជើងពីប្រទេសកម្ពុជា។ រោងចក្រកាត់ដេរកូរ៉េមួយចំនួនបានបង្កើតរោងចក្រនៅកម្ពុជា ដើម្បីនាំចូលទំនិញ ដែលផលិតនៅទីនោះ។ មួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជាផលិតគ្រឿងបន្លាស់ខ្សែភ្លើងរថយន្តយ៉ាងច្រើន។

ប្រទេសកូរ៉េខាងត្បូង និងប្រទេសកម្ពុជា បានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧០ ប៉ុន្តែចំណងទំនាក់ទំនងរបស់ពួកគេ ត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧៥ នៅពេលដែលប្រទេសកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាម។ ទំនាក់ទំនងការទូតទ្វេភាគី ត្រូវបានបង្កើតឡើងម្តងទៀតនៅឆ្នាំ១៩៩៧ ហើយចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយគ្នា។

ប្រទេសកម្ពុជា គឺជាទីផ្សារនាំចេញភេសជ្ជៈធំជាងគេទីបី សម្រាប់ប្រទេសកូរ៉េខាងត្បូង។ នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េខាងត្បូង និងកម្ពុជាត្រូវបានបញ្ចប់ ឧស្សាហកម្មផលិតកម្ម របស់ប្រទេសកូរ៉េត្រូវបានគេរំពឹងថា នឹងមានការកាត់បន្ថយពន្ធ ១០០ភាគរយ ខណៈដែលអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ ត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើងចំនួន៣៣លានដុល្លារ។ ទោះយ៉ាងណាក្តី ការរំពឹងទុកមិនមែនសុទ្ធតែមានជោគជ័យនោះទេ។

លោក Kim Hyun-su ប្រធានក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន សម្រាប់ពាណិជ្ជកម្មអន្តរជាតិ នៅក្រោមសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េបានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងការពង្រឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។

ជាមួយគោលនយោបាយ ដែលគេហៅថា “គោលនយោបាយខាងត្បូង” ប្រទេសកូរ៉េ ព្យាយាមបង្កើនទំនាក់ទំនងរបស់ខ្លួន ជាមួយអាស៊ានឱ្យមានកម្រិតដូចគ្នានឹងប្រទេសដែលមានប្រទេសធំៗ ចំនួនបួនដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន និងរុស្ស៊ី។ កាលពីខែវិច្ឆិកាឆ្នាំមុន ប្រទេសកូរ៉េខាងត្បូង និងប្រទេសកម្ពុជាបានចាប់ផ្តើមការសិក្សាលទ្ធភាពរួមគ្នាស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) របស់ពួកគេស្របតាមកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-អាស៊ាន៕