ក្រសួងសាធារណការកំពុងពន្លឿនការវាយតម្លៃផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងពន្លឿនការវាយតម្លៃផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដើម្បីដាក់ជូនរដ្ឋាភិបាលក្នុងការសម្រេចទម្លាក់ថវិកា។

លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ឱ្យដឹងថា  ក្រុមការងាររបស់ក្រសួងបាននឹងកំពុងវាយតម្លៃផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធដែលត្រូវស្តារ និងជួសជុលឡើងវិញ  ដែលរហូតមកដល់ពេលនេះ គឺមិនទាន់ចប់ទេ។

លោកបន្តថា “យើងឥឡូវនេះការវាយតម្លៃមិនទាន់ចប់ទេ  យើងបានធ្វើបច្ចុប្បន្នភាពពី ៤០០ គីឡូម៉ែត្រ ឡើងដល់ ៦៦០ គីឡូម៉ែត្រ ដែលក្នុងនោះ យើងគ្រោងថវិការពី១៥០ លានដុល្លារអាមេរិក  ប៉ុន្តែវាឡើងទៀតហើយ អ៊ីចឹង យើងមិនទាន់សម្រេចថាដូចម្តេចនោះទេ ព្រោះការវាយតម្លៃផលប៉ះពាល់មិនទាន់ចប់”។

លោកបន្តថា “ជាមួយគ្នានេះយើងក៏ថា គួរធ្វើក្នុងកម្រិតណា ផ្លូវខ្លះក៏វាស្ថិតនៅក្នុងកុងត្រាជាមួយគម្រោង ហើយផ្លូវខ្លះក៏មិនស្ថិតនៅក្នុងកុងត្រា  និងជាបឋម ក្រោយជំនន់ទឹកភ្លៀងនេះ  យើងលប់គ្រលុកខ្លះ  ដើម្បីបង្កងាយស្រួលក្នុងការធ្វើដំណើរសិន”។

លោកបញ្ជាក់ទៀតថា “ក្រុមការងាររបស់ក្រសួងកំពុងធ្វើកិច្ចការងារនេះជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ   ខណៈដែលក្រុមការងារនេះកំពុងសិក្សា និងវាយតម្លៃផលប៉ះពាល់នៅតាមបណ្តាខេត្តមួយចំនួនទៀត ដូចជាខេត្តព្រះវិហារជាដើម យើងគ្រាន់តែវាយតម្លៃបានដោយផ្នែកប៉ុណ្ណោះ”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីម្សិលមិញនេះ បានឱ្យដឹងថា ទឹកជំនន់បានធ្វើឱ្យខូចផ្លូវជាតិ ផ្លូវលំ និងទំនប់ផ្សេងៗបានរងការខូចខា។ សម្តេចតេជោ បានណែនាំរដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន, រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម, រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្ត្រីកសិកម្ម មិនត្រូវរង់ចាំការវាយតម្លៃពីតាមមន្ទីរនានាទេ ត្រូវចាត់មន្ត្រីរដ្ឋលេខាធិការចុះទៅវាយតម្លៃដោយផ្ទាល់។

សម្តេចតេជោបានថ្លែងថា “រដ្ឋមន្ត្រីទាំង៤ ត្រូវធ្វើសកម្មភាពភ្លាមៗ ដើម្បីជួសជុល និងតភ្ជាប់ផ្លូវ ស្ពាន ដែលខូចខាតជូនប្រជាពលរដ្ឋ”។ សម្តេចបន្តថា “ការដោះស្រាយរឿងទឹកជំនន់មិនមែនបញ្ចប់ត្រឹមការចែកជំនួយនោះទេ។ អ្វីដែលជាការដោះស្រាយសំខាន់សម្រាប់ប្រជាពលរដ្ឋរងការជន់លិច គឺការបង្កឱកាសឱ្យពួកគាត់អាចដាំដុះឡើងវិញបាន”។សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យចុះសិក្សាបន្ទាន់ ពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ ហើយដាក់ចេញដំណោះស្រាយបន្ទាន់។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា “ត្រូវការថវិកាប៉ុន្មាន ក៏ត្រូវតែទម្លាក់ទៅ ដើម្បីដោះស្រាយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here