ចំណេះដឹង! តើ​អ្វី​ជា​ប្រាក់ចំណូល​ដែល​មិន​ជាប់ពន្ធ និង ប្រាក់ចំណូល​ជាប់ពន្ធ?

0

ដោយ​វុត្ថា

ភ្នំពេញ៖ យោងតាម​ច្បាប់​ស្តីពី​ពន្ធដារ​កម្ពុជា​ត្រូវបាន​បែងចែក​ប្រាក់ចំណូល​ជា២ យ៉ាង​ពោលគឺ​ប្រាក់ចំណូល​មិន​ជាប់ពន្ធ និង​ប្រាក់ចំណូល​ជាប់ពន្ធ។

ប្រាក់ចំណូល​មិន​ជាប់ពន្ធ

ប្រាក់ចំណូល​មិន​ជាប់ពន្ធ​សំដៅ​ដល់ ប្រាក់ចំណូល​របស់​រាជ​រដ្ឋាភិបាល ឬ​ប្រាក់ចំណូល​ស្ថាប័ន​រាជរដ្ឋាភិបាល។ ប្រាក់ចំណូល​របស់​អង្គការ​ណាមួយ​ដែល​ត្រូវបាន​រៀបចំឡើង និង​ដំណើរការ​សំរាប់​គោលដៅ​សុទ្ធសាធ​ខាង​សាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬ​អប់រំ និង​គ្មាន​ចំណែក​ណាមួយ​នៃ​ទ្រព្យ ឬ​ប្រាក់ចំណូល​ត្រូវបាន​ប្រើប្រាស់​ជា​ផលប្រយោជន៍​ឯកជន។

ប្រាក់ចំណូល​របស់​អង្គការ​ពលករ ឬ​សភាពាណិជ្ជកម្ម ឧស្សាហកម្ម ឬ​កសិកម្ម ក្នុងករណី​ដែល​ប្រាក់ចំណូល​របស់​អង្គការ​ទាំងនោះ មិន​ត្រូវបាន​ប្រើប្រាស់​ជា​ផលប្រយោជន៍​ឯកជន​របស់​អ្នក​ចូល ហ៊ុន ឬ​រូបវន្តបុគ្គល ក៏​មិនត្រូវ​បង់ពន្ធ និង​ប្រាក់ចំណេញ​ដែល​បានមកពី​ការលក់​ផលិតផល​កសិកម្ម ដែល​បុគ្គល​មិនមែនជា​អ្នក​ជាប់ពន្ធ​តាម​របប​ពិត​ផលិត​បាន​ដោយ​ខ្លួនឯង ទោះបី​ផលិតផល​នោះ​មិនទាន់​កែច្នៃ ឬ​កែច្នៃ​ហើយ​ក៏ដោយ​ទៅតាម​ទំលាប់​នៃ​ការងារ​កសិកម្ម។

ប្រតិបត្តិការ​តាម​មធ្យោបាយ​ឧស្សាហកម្ម រួមទាំង​ការកែច្នៃ​ការរក្សា​គុណភាព ការ​វេច​ខ្ចប់​សំរាប់​លក់ ពុំ​ត្រូវបាន​ចាត់ទុកជា​ទំលាប់​នៃ​ការងារ​កសិកម្ម​ឡើយ។

ប្រាក់ចំណូល​ជាប់ពន្ធ

ប្រាក់ចំណូល​ជាប់ពន្ធ គឺជា​ប្រាក់ចំណូល​សុទ្ធ​បានមកពី​លទ្ធផល​ទាំងអស់​នៃ​ប្រតិបត្តិការ អាជីវកម្ម​គ្រប់​ប្រភេទ​រួមបញ្ចូល​ទាំង​ចំណូល​មូលធន​ដែល​សម្រេចបាន​ក្នុងពេល​កំពុង​ប្រកប​អាជីវកម្ម ឬ​នៅពេល​បញ្ចប់​អាជីវកម្ម​ព្រមទាំង​ប្រាក់ចំណូល​ពី​ទ្រព្យសកម្ម​ហិរញ្ញវត្ថុ ឬ​ទ្រព្យសកម្ម​វិនិយោគ​ការប្រាក់​ថ្លៃឈ្នួល និង​សួយ​សារ​ផង។

ប្រាក់ចំណូល​ជាប់ពន្ធ​ក៏​រួម បញ្ចូល​ផងដែរ​នូវ​ចំណូល​ធន​ទាំង​អស់ពី​អចលនទ្រព្យ ទ្រព្យ​ហិរញ្ញវត្ថុ ឬ​ទ្រព្យ​វិនិយោគ ដែល​សម្រេច​បានមកពី​ប្រតិបត្តិការ​នានា​ក្រៅពី​ប្រតិបត្តិការ​អាជីវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here