ដោយៈប៊ី
អន្តរជាតិៈ លោក ចាវ លីចៀន (Zhao Lijian) អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុន និងបុគ្គលមួយចំនួននៅសហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងការលក់សព្វាវុធឲ្យកោះតៃវ៉ាន់។
លោក Zhao បានថ្លែងថា “រដ្ឋាភិបាលចិនបានសម្រេចថា នឹងចាត់វិធានការចាំបាច់ ដើម្បីដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ដែលចូលរួមពាក់ព័ន្ធក្នុងការលក់អាវុធ របស់សហរដ្ឋអាមេរិកឲ្យទៅតៃវ៉ាន់ ក្នុងនោះរួមមានក្រុមហ៊ុន Lockheed Martin ក្រុមហ៊ុន Boeing Defense និងក្រុមហ៊ុន Raytheon ដើម្បីការពារផលប្រយោជន៍ជាតិរបស់ប្រទេសចិន» ។
ក្រុមហ៊ុនទាំង៣នេះ សុទ្ធតែជាក្រុមហ៊ុនផលិតសព្វាវុធធំៗ បំផុតរបស់សហរដ្ឋអាមេរិក។
លោក Zhao បានថ្លែងថា ក្រុមហ៊ុន និងបុគ្គលអាមេរិកផ្សេងទៀត ដែលមានប្រវត្តិមិនល្អក្នុងការលក់សព្វាវុធ ក៏នឹងត្រូវរងទណ្ឌកម្មដូចគ្នាផងដែរ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសចិនរួបនេះមិនបានបញ្ជាក់ថា មានចំនួនប៉ុន្មានឲ្យច្បាស់លាស់នោះឡើយ។
សហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ខែតុលា បានអនុញ្ញាតចំពោះ គម្រោងប្រព័ន្ធសព្វាវុធចំនួន៣ឲ្យទៅកោះតៃវ៉ាន់ រួមមានដូចជា ប្រព័ន្ធចាប់សញ្ញាសិនស័រ (Sensor)ប្រព័ន្ធមីស៉ីល និងប្រព័ន្ធកាំភ្លើងធំដែលមានតម្លៃសរុប រហូតដល់១.៨ពាន់លានដុល្លារ។
ពេលនោះចិនបានសម្តែងការជំទាស់ជាខ្លាំង ហើយក៏ព្រមានពីការឆ្លើយតបចាំបាច់ទៅវិញផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ក្រសួងការបរទេសចិនបានអះអាងថា ប្រទេសចិននឹងធ្វើការឆ្លើយតបចាំបាច់ នៅពេលដែលស្ថានការណ៍មានការវិវឌ្ឍ បន្ទាប់ពីសហរដ្ឋអាមេរិកបានយល់ព្រម លើការលក់អាវុធចំនួន១,៨ពាន់លានដុល្លារទៅកាន់កោះតៃវ៉ាន់។
សកម្មភាពបែបនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមប្រទេសចិន-សហរដ្ឋអាមេរិកចំនួន៣ ដែលបង្ហាញពីសញ្ញាខុសឆ្គង ដែលចាត់ទុកកោះតៃវ៉ាន់ ជាប្រទេសឯករាជ្យ។ នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង។
លោក Zhao បានកត់សម្គាល់ថា “ប្រទេសចិនបានជំរុញឱ្យភាគី សហរដ្ឋអាមេរិក លុបចោលការលក់អាវុធ និងបញ្ឈប់ការទាក់ទងយោធាជាមួយកោះតៃវ៉ាន់” ។
ប៉ុន្មានម៉ោងក្រោយម កអ្នកនាំពាក្យចិនដីគោក បានសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ដែលបានគ្រោងលក់អាវុធទៅតំបន់តៃវ៉ាន់ របស់ប្រទេសចិនដោយជំរុញឱ្យសហរដ្ឋអាមេរិក គោរពតាមគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការរួមអាមេរិក-ចិនទាំង។
អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋ លោក Zhu Fenglian បាននិយាយថា យើងបានអំពាវនាវឱ្យអាជ្ញាធរ មានសមត្ថកិច្ចរបស់គណបក្សប្រជាធិបតេយ្យ (DPP) នៅតៃវ៉ាន់ បញ្ឈប់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក តាមគ្រប់រូបភាព និងជៀសវាងកុំធ្វើដំណើរទៅមុខទៀត ដើម្បីស្វែងរកឯករាជ្យតៃវ៉ាន់។
លើសពីនេះ ក្រសួងការពារជាតិចិននៅយប់ថ្ងៃព្រហស្បតិ៍នេះ បានជំរុញយ៉ាងខ្លាំងដល់សហរដ្ឋអាមេរិក ឱ្យបញ្ឈប់ទំនាក់ទំនងយោធាជាមួយកោះតៃវ៉ាន់ និងដោះស្រាយដោយប្រយ័ត្នប្រយែងនូវបញ្ហា ដែលទាក់ទងនឹងកោះតៃវ៉ាន់ ដើម្បីជៀសវាងផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ទំនាក់ទំនងទ្វេភាគី និងយោធារវាងចិន និងសហរដ្ឋអាមេរិក ក៏ដូចជាសន្តិភាពនិ ងស្ថេរភាពឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។
ក្រសួងបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីចិននឹងប្រយុទ្ធតបវិញ ដោយម៉ឺងម៉ាត់ ប្រសិនបើភាគីអាមេរិក មិនអើពើនឹងបទដ្ឋានជាមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ និងបន្តមានអាកប្បកិរិយាបែបនេះ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍នៅថ្ងៃពុធនេះថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានជូនដំណឹងជាផ្លូវការទៅសភា អំពីការលក់អាវុធដែលបានគ្រោងទុកទៅកាន់កោះតៃវ៉ាន់របស់ប្រទេសចិន បើទោះបីជាប្រទេសចិនបានព្រមានម្តងហើយ ម្តងទៀតដល់សហរដ្ឋអាមេរិក ឱ្យបញ្ឈប់កិច្ចព្រមព្រៀងនេះក៏ដោយ។
ដកស្រង់សម្តីមន្ទីរបញ្ចកោណ ទីភ្នាក់ងារព័ត៌មានរ៉យទ័របាននិយាយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលើសក្តានុពល នៃការលក់ប្រព័ន្ធអាវុធចំនួន៣ ទៅកោះតៃវ៉ាន់របស់ប្រទេសចិន រួមមានឧបករណ៍ចាប់សញ្ញា កាំជ្រួចមីស៊ីល និងកាំភ្លើងធំដែលអាចមានតម្លៃសរុប១,៨ ពាន់លានដុល្លារ។
កាលពីសប្តាហ៍មុន សេតវិមាន បានអះអាងថា ពួកគេកំពុងឆ្ពោះទៅមុខជាមួយនឹងការលក់ឧបករណ៍យោធា ទំនើបចំនួន៥ដាច់ដោយឡែកពីគ្នា ទៅកាន់កោះនេះ ដែលមានតម្លៃសរុបប្រហែល៥ពាន់លានដុល្លារ។
ប្រភពបាននិយាយថា ស្ថានីយ៍មីស៊ីលចំនួន១០០ និងមីស៊ីល៤០០គ្រាប់នឹងត្រូវចំណាយថវិកាប្រមាណ២ពាន់លានដុល្លារ ។
ការជូនដំណឹងជាផ្លូវការផ្តល់ឱ្យសភា រយៈពេល៣០ថ្ងៃ ដើម្បីជំទាស់ទៅនឹងការលក់ណាមួយ ប៉ុន្តែទីភ្នាក់ងារព័ត៌មានរ៉យទ័របាននិយាយថា ការណ៍នេះទំនងជាមិនមានការគាំទ្រទ្វេភាគីចំពោះកោះតៃវ៉ាន់ឡើយ។
ប្រទេសចិន បានព្រមានម្តងហើយម្តងទៀត ដល់សហរដ្ឋអាមេរិក កុំឲ្យមានការលក់អាវុធ ខណៈដែលទំនាក់ទំនងនៃប្រទេសទាំងពីរ ស្ថិតក្នុងស្ថានភាពតានតឹង ចាប់តាំងពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយកាលពីសប្តាហ៍មុនថា ការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅកាន់កោះតៃវ៉ាន់របស់ប្រទេសចិន បានធ្វើឱ្យខូចខាតដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិនយ៉ាងធ្ងន់ធ្ងរ។
សហរដ្ឋអាមេរិកកំពុងរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍ប្រទេសចិន-សហរដ្ឋអាមេរិកទាំងបី។
លោក Zhao បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃមួយកាលពីថ្ងៃទី ១៣ ខែតុលាថា សេចក្តីថ្លែងការណ៍រួមរួមគ្នា ជាពិសេសគឺសេចក្តីថ្លែងការណ៍ថ្ងៃទី ១៧ ខែសីហាដោយការលក់អាវុធទៅកោះតៃវ៉ាន់ គឺជាការជ្រៀតជ្រែកយ៉ាងខ្លាំង នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
លោកបានទទូចដល់សហរដ្ឋអាមេរិក ឱ្យលុបចោលការលក់ ដែលបានគ្រោងទុក ហើយបានព្រមានថា ប្រទេសចិននឹងធ្វើការឆ្លើយតបស្របច្បាប់ និងចាំបាច់ស្របតាមស្ថានភាពជាក់ស្តែង៕