តំបន់ជាយក្រុងផ្លូវជាតិលេខ៥ ចាប់ផ្តើមទាក់ទាញគម្រោងវិនិយោគ លំនៅដ្ឋានតម្លៃសមរម្យ

ដោយ ៖ រ៉ាណេត

កណ្តាលៈ តភ្ជាប់ពីតំបន់ជាយក្រុងភ្នំពេញ តាមបណ្តោតផ្លូវជាតិលេខ៥ បច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា ក្រៅពីមានគម្រោងបង្កើតតំបន់ឧស្សាហកម្ម គម្រោងពុះដីឡូតិ៍ នៅមានគម្រោងអភិវឌ្ឍន៍បណ្តុំលំនៅដ្ឋានបែបទាន់សម័យ ដែលមានតម្លៃសមរម្យ និងក្រោមមធ្យមជាច្រើន។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Show Up Real Estate Co,.Ltd លោក អ៊ីន ណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនាព្រឹកថ្ថៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះថា មិនថានៅប៉ែកខាងណានោះទេ ឱ្យតែនៅតំបន់ជាយរាជធានីភ្នំពេញ គឺសុទ្ធតែមានតម្រូវការពិតប្រាកដទាំងអស់សម្រាប់វិស័យលំនៅដ្ឋាន ហើយនឹងបន្តដេញទៅកាន់តំបន់ក្បែរខាងបន្ថែមទៀត។

លោកបានបន្តថា “តំបន់ដែលស្ថិតនៅតាមផ្លូវជាតិលេខ៥ រាប់ចាប់គិតពីផ្សារឧត្តុង្គ ឬចម្ងាយប្រមាណ៣០គីឡូពីរាជធានីភ្នំពេញ បច្ចុប្បន្ននេះក៏មានគម្រោងសាងសង់លំនៅដ្ឋានបន្ថែម ពីលើគម្រោងបង្កើតតំបន់ឧស្សាហកម្ម ស្រដៀងគ្នាទៅនឹងតំបន់តាមផ្លូវជាតិលេខ៣ផងដែរ”។ លោកបន្តថា “សព្វថ្ងៃនេះគម្រោងពង្រីកផ្លូវជាតិលេខ៥ ជាផ្លូវហាយវេ ជិតបញ្ចប់ជាស្ថាពរហើយ ដែលកាន់តែផ្តល់ភាពងាយស្រួលចរាចរណ៍ និងបម្រើប្រ​យោជន៍ដល់វិស័យដឹកជញ្ជូនដូចគ្នា ទៅនឹងផ្លូវជាតិលេខ៣ផងដែរ”។

ដូច្នេះគ្រប់តំបន់ដែលមានការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ គឺមានតម្រូវលំហូរប្រជាសាស្ត្រចូលទៅរស់នៅ។ ជាពិសេស នៅតំបន់ផ្លូវជាតិលេខ៥ ត្រឹមចម្ងាយប្រមាណ ៣០-៣៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាផ្លូវចូលក្រុងតាមផ្លូវជាតិលេខ៥ ផ្លូវ៥១ឆ្លងទៅផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងឆ្ពោះទៅផ្លូវជាតិលេខ៦ តាមស្ពានព្រែកក្ដាម”។

ស្រដៀងទៅនឹងការលើកឡើងខាងលើនេះ បុគ្គលិកផ្នែកលក់ជាន់ខ្ពស់នៃគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន បុរី ជេ អរ ភី ដែលកំពុងមានសកម្មភាពសាងសង់នៅតំបន់ផ្លូវជាតិលេខ៥បានប្រាប់ឱ្យដឹងថា គំរោងនេះបាន និងកំពុងទទួលបាននូវការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងក្នុង និងក្រៅតំបន់ ជាមួយនឹងការលក់ក្នុងតម្លៃទាបជាងទីផ្សារមិនធ្លាប់មាន។ លក្ខណៈពិសេសនៃលំនៅឋាននៅក្នុងគម្រោងមួយនេះ ក្រៅពីមានតម្លៃទាបជាងទីផ្សារត្រឹមជាង៣ម៉ឺនដុល្លារ គ្រប់លំនៅឋានទាំងអស់ សុទ្ធតែត្រូវបានសាងសង់ឡើងបែបទំនើប ស្របតាមបច្ចេកទេសសំណង់យ៉ាងត្រឹមត្រូវ ផ្តល់ផាសុកភាពដល់ការរស់នៅយ៉ាងកក់ក្ដៅ ហើយថែមទាំងអាចប្រកបអាជីវកម្មប្រចាំថ្ងៃបានយ៉ាងប្រសើរ។

បន្ថែមពីនេះ ក្រុមហ៊ុនមានគោលការណ៍យ៉ាងពិសេស ដែលអនុញ្ញាតដល់ការបង់រំលស់រហូតដល់រយៈពេល២ឆ្នាំឥតការប្រាក់ លោកអ្នកគ្រាន់តែធ្វើការកក់ត្រឹម៥០០ដុល្លា​រក៏អាចក្លាយជាម្ចាស់លំនៅឋានដ៏ទំនើប បែបវីឡាកូនកាត់ថៃ ដែលផ្តល់ជូនពីគម្រោ​ងអភិវ ឌ្ឍន៍បុរីលំនៅឋាន ជេ អរ ភីផ្សារត្រាចផ្លូវជាតិលេខ៥ ។

គម្រោងបុរី ជេ អរ ភី ស្ថិតនៅជិតផ្សារត្រាច ជាប់ផ្លូវរដ្ឋទំហំ៣០ម៉ែត្រ តភ្ជាប់រវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥២១ ហ៊ុព័ទ្ធជុំវិញដោយរោងចក្រ សហគ្រាសតូចធំច្រើនជាង២០ទីតាំង ដែលកំពុងមានដំណើរការស្រាប់ មានមន្ទីរពេទ្យ វត្តអារាម សាលារៀនរដ្ឋ និងឯកជន រួមជាមួយនឹងផ្ទះស្នាក់របស់កម្មករ-កម្មការិនីរោងចក្រផងដែរ។ ដោយឡែកនៅក្នុងគម្រោង ក៏មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងត្រឹមត្រូវ មានបណ្តាញទឹកស្អាត អគ្គិសនី បណ្តាញបង្ហូរទឹក មានសួនច្បារសម្រាប់ហាត់ប្រាណ សួនកុមារ និងការបង្កើតតំបន់បែតង ដែលជាការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមចំណែកថែរក្សាបរិស្ថាន និងផ្តល់ភាពងាយស្រួលដល់ការរស់នៅផងដែរ។

ទីតាំងគម្រោង លោកអ្នកធ្វើដំណើរពីរាជធានីភ្នំពេញ ហួសផ្សារឧដុង្គចម្ងាយ៣គីឡូម៉ែត្រ នៅខាងក្រោយផ្សារត្រាចប្រមាណជាង៣០០ម៉ែត្រ ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង។

សម្រាប់ព័តមានលម្អិតសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ៖ ០៩២ ៩២ ២៩ ២៧ ឬ Facebook: JRP Premium ៕

កម្ពុជា-ឥណ្ឌាសម្រេចបង្កើតក្រុមការងាររួមគ្នាដើម្បីជំរុញទំហំពាណិជ្ជកម្ម និង ការវិនិយោគទ្វេរភាគី

ដោយវុត្ថា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា-និងឥណ្ឌា បានឯកភាពលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេរភាគី ដោយចាប់ផ្ដើមពីការបង្កើតក្រុមការងាររួមពាណិជ្ជកម្ម និងការវិនិ​យោគកម្ពុជា-ឥណ្ឌា ដើម្បីជំរុញទំហំ ពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឱ្យមានការរីកចំរើនជាបន្ដបន្ទាប់ ខណៈទំហំពាណិជ្ជកម្មនៃប្រទេសទាំងស្ថិតនៅក្នុងកម្រិតទាបនៅឡើយ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់គេហទំព័រ propertyarea.asia លោកស៊ាង ថៃបានឲ្យដឹងនៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា កម្ពុជា-ឥណ្ឌាបានឯកភាពគ្នាបង្កើតក្រុមការងាររួមគ្នានៅពេលនេះ គឺដោយសារតែកន្លងមកនេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងនៅមានកម្រិត និងមិនទាន់បានឆ្លើយទៅនឹងសេចក្តីត្រូវការ របស់ភាគីទាំងពីរ។

លោកបន្តថា “ប្រទេសយើងតូច ហើយប្រទេសឥណ្ឌាជាប្រទេសធំ យើងចង់ទាក់ទាញប្រទេសនេះ ឱ្យមកវិនិយោគនៅក្នុងប្រទេសយើងលើវិស័យជាច្រើន”។លោកបន្តថា “អីចឹងហើយបានយើងបង្កើតក្រុមការងាររួមគ្នានេះ ដើម្បីធ្វើការជាមួយគ្នានឱ្យបានជិតស្និតក្នុងការដោះស្រាយបញ្ហាដែលមានការរាំងស្ទះ ដូចទៅនឹងកម្ពុជាបានបង្កើតក្រុមកាងារដោះស្រាយបញ្ហាពណិជ្ជកម្មជាមួយប្រទេសថៃ និងវៀតណាម”។

លោកស៊ាង ថៃបានបន្ថែមថា ក្រុមការងាររួមនេះ ខុសប្លែកពីកិច្ចព្រមព្រាងពាណិជ្ជកម្មសេរី តែតាមផែនការកម្ពុជាចង់ឱ្យមានកិច្ចព្រមព្រាងពាណិជ្ជកម្មសេរី ជាមួយឥណ្ឌាផងដែរ ហើយកន្លងមកនេះយើងក៏មានក្រុមការងារធ្វើកិច្ចការ និងសិក្សាពីលទ្ធភាពក្នុងការចចារ អ្វីដែលយើងអាចធ្វើពាណិជ្ជកម្មជាមួយគ្នាបានខ្លះ”។

លោកប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងលោកស្រី Manika Jain ឯក​អគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជានៅក្នុងជំនួបពិភាការងារកាលពីម្សិលមិញនេះ  បានឯកភាពលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេរភាគី រវាងប្រទេសទាំងពីរ  និងលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ឥណ្ឌា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងផលប្រយោជន៍ទ្វេភាគីរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក៏បានស្នើសុំជំនួយពីភាគីឥណ្ឌា ផ្ដល់ប្រឹក្សាយោបល់លើការគ្រប់គ្រងគុណភាព អាហារហាឡាល (Halal) ដើម្បីជាផលប្រយោជន៍ដល់ប្រជាជន និងភ្ងៀវអន្ដរជាតិអ៊ីស្លាម ដែលនៅប្រទេសកម្ពុជាផងដែរ៕

ខេត្តព្រៃវែងបានទាក់ទាញក្រុមហ៊ុនជាតិ អន្តរជាតិចូលទៅវិនិយោគចំនួន១១៦

ដោយៈ វុត្ថា

ភ្នំពេញៈ ខេត្តព្រៃវែងដែលស្ថិតនៅប៉ែកអាគ្នេយ៍នៃប្រទេសកម្ពុជា មានចំងាយ៩៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ  រហូតមដល់ពេលនេះ បានទាក់ទាញក្រុមហ៊ុនវិនិយោគចំនួន ១១៦ក្រុមហ៊ុន វិនិយោគលើវិស័យជាច្រើន បានជំរុញឱ្យខេត្តមួយនេះមានវឌ្ឍនភាព និងផ្តល់ឱកាសការងាររាប់ពាន់កន្លែងដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត។

លោកជា សុមេធី អភិបាលខេត្តព្រៃវែងបានថ្លែង ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះឱ្យដឹងថា ក្រៅពីក្រុមហ៊ុនវិនិយោគចំនួន១១៦ក្រុមហ៊ុន ក៏មានសាខាក្រុមហ៊ុន១៥៥សាខា សហគ្រាសឯកបុគ្គលចំនួន២៣សហគ្រាស ដែលប្រតិបត្តិការលើវិស័យជាច្រើននៅក្នុងខេត្ត។

លោកបន្តថា ក្រុមហ៊ុនទាំងនេះ បានវិនិយោគទៅលើធនាគារ ដឹកជញ្ជូនក្នុងនិងក្រៅប្រទេស សំណង់ រោងចក្រកាត់ដេរ ផ្តត់ផ្គង់ទឹកស្អាត អ៊ិនធើណិត  និងសេវាទូរស័ព្ទ នាំចេញនាំចូលផលិតផលកសិកម្ម និងគ្រឿងឧបភោគបរិភោគ នាំចូល និងផ្គត់ផ្គង់សម្ភារៈកសិកម្ម សហគ្រាសផលិតទឹកសុទ្ធ ឡឥដ្ឋ ផ្គត់ផ្គង់កែច្នៃឈើ ប្លាស្ទិក ញ៉ូម ដែក និងផលិតផលកែច្នៃផលិតកសិកម្ម។

លោកជា សុមេធីបានបន្ថែមថា វិស័យទាំងនេះ ខេត្តបានជំរុញលើកកម្ពស់ទំនាក់ទំនងទាំងក្នុង និងក្រៅប្រទេស ជាពិសេសខេត្តជាប់ព្រំដែន ដើម្បីបង្កើនទំនាក់ទំនងពា​ណិ​ជ្ជកម្មជាមួយអង្គភាពប្រតិបត្តិការ និងពាំណិជ្ជករទៅវិញទៅមក។ ក្រៅពីនេះ ខេត្តបានយកចិត្ត ធ្វើការត្រួតពិនិត្យទំនិញ និងចំណីអាហារ ដែលកំពុងចរាចរណ៍លើទីផ្សារ ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់៕

ធនាគារជាតិនៃកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាអាចនឹងអាចងើបឡើងមកវិញក្នុងកំនើន ៣,៥ភាគរយនៅឆ្នាំក្រោយ

ដោយ៖ ប៊ី

ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជាអាចនឹងអាចងើបឡើងមកវិញ នៅឆ្នាំ២០២១ ក្នុងអត្រា កំនើន៣,៥ភាគរយ ខណៈស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាបន្តរក្សាបានល្អ។ នេះបើយោងតាមរបាយការណ៍សង្ខេបលទ្ធផលការងាររបស់ខ្លួន ប្រចាំឆមាសទី១ និងដាក់ទិសដៅសម្រាប់ការងារឆមាសទី២ ឆ្នាំ២០២០នេះរបស់ធនាគារនៃកម្ពុជា។

របាយការណ៍ខាងលើដែលគេទំព័រPropertyarea.asia ទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា តាមការព្យាករណ៍របស់រាជរដ្ឋាភិបាល កំណើនសេដ្ឋកិច្ចកម្ពុជានៅ២០២០ អាចធ្លាក់ចុះដល់ -១,៩ ភាគរយ ប៉ុន្តែអាចងើបឡើងមកវិញនៅឆ្នាំ២០២១ នៅអត្រា ៣,៥ ភាគរយ ប្រសិនបើការរីករាលដាលនៃជំងឺកូវីដ១៩ ត្រូវបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភព។

ទោះយ៉ាងណា ពិភពលោកនៅប្រឈម នឹងភាពមិនច្បាស់លាស់ខ្លាំងពាក់ព័ន្ធនឹងការទប់ស្កាត់នេះ។ នៅចំពោះមុខបញ្ហាទាំងនេះ ធនគារជាតិនៃកម្ពុជានឹងបន្តអនុវត្តវិធានការគាំទ្រតាមការចាំបាច់ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល  សំដៅរក្សាស្ថិរភា​ពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច។

ទោះជាប្រឈមនឹងផលប៉ះពាល់ទាំងនេះក៏ដោយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរ​ញ្ញ​វត្ថុកម្ពុជាបន្តរក្សាបានល្អ។ អតិផរណារួមមានកម្រិតទាបក្នុងអត្រា២,៥ ភាគរយដោ​យសារការធ្លាក់ថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ដែលបានបន្ថយសម្ពាធនៃកំណើនថ្លៃក្រុមម្ហូបអាហារ។

ចំណែកឯទុនបម្រុងអន្តរជាតិបានបន្តកើនឡើង និងអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្របន្ទាប់ប្រមាណ១០ខែ ខ្ពស់ជាងកម្រិតអប្បបរមាសម្រាប់ប្រទេសកំពុ​ងអភិវឌ្ឍន៍គួរមាន (៣ខែ)។

ទោះបីជាយ៉ាងក៏ដោយ ធនាគារពិភពលោក បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញដល់៦ភាគរយនៅឆ្នាំ២០២១ ដោយសារសកម្មភាពសេដ្ឋកិច្ចនៅប្រទេសចិន និងនៅទីផ្សារធំៗនឹង ផ្សេងទៀតនឹងមានសកម្មភាពឡើងវិញក្នុងឆ្នាំ២០២១។ នេះបើយោងតាមការរបាយការណ៍របស់ធនាគារពិភពលោក ឬWorld Bank (2020 Global Economic Prospects) ដែលគេទំព័រPropertyarea.asiaទទួលបាននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។

របាយការណ៍ 2020 Global Economic Prospects ដែលបោះពុម្ពផ្សាយកាលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការស្ទុះងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចនៅប្រទេសចិន និងនៅទីផ្សារធំៗផ្សេងទៀតក្នុងឆ្នាំ២០២១ នឹងធ្វើឱ្យចក្ខុវិស័យសេដ្ឋកិច្ចរបស់កម្ពុជា មានភាពប្រសើរឡើងវិញ នៅឆ្នាំក្រោយ។

ទោះបីជាយ៉ាងណាក៏ដោយ ការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំទៅលើក្បាលម៉ាស៊ីនសំខាន់ៗ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះមាន វិស័យទេសចរណ៍ ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ ដែលទាំងអស់នេះតំណាងឱ្យជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃប្រមាណជា ៤០ភាគរយ នៃការងារសរុបរបស់ប្រទេស។

ដោយសារមូលហេតុនេះ នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងមានល្បឿនយឺតបំផុត មិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក ដោយវានឹងថមថយរហូតដល់រវាង -១ និង -២,៩ ភាគរយ៕

អន្តរក្រសួងកំពុងធ្វើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ ដើម្បីជម្រុញកំណើនទេសចរណ៍

ដោយ ៖ រ៉ាណេត

សៀមរាប ៖ គណៈកម្មការអន្តរក្រសួងបានបើកកិច្ចប្រជុំលើសេចក្តីព្រាងស្តីពីផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ ដើម្បីជំរុញ និងទទួលបានវឌ្ឍនភាពទេសចរណ៍នៅទូទាំងខេត្តសៀមរាប។

កិច្ចប្រជុំខាងលើនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារ Regency Angkorក្រោមការចូលរួមពីរដ្ឋមន្ត្រីក្រសួងទាំងចំនួន៣ ដែលជាសមាសភាពនៃគណៈកម្មការ រួមមានរដ្ឋម្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និង លោក ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំរបស់ស្ថាប័នពាក់ពាន់មួយចំនួន។
លទ្ធផលនៃកិច្ចប្រជុំបានកំណត់៥ចំណុចសំខាន់ៗ រួមមាន៖

* ចំណុចទី១៖
អង្គប្រជុំឯកភាពនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបជា «គោលដៅទេសចរណ៍ប្រកប ដោយគុណភាព»។ ក្នុងន័យនេះ ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបបានកំណត់វិសាលភាពរួម គឺរួមបញ្ចូលទាំងទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ខណៈបច្ចុប្បន្នការទស្សនាប្រាសាទអង្គរ គឺជាមូលហេតុចម្បងតែមួយរបស់ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប។ ផែនការមេនេះបានសិក្សា និងកំណត់នូវយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីបង្កើនភាពទាក់ទាញនៃតំបន់សៀមរាបទាំងមូល ក្រោមទស្សនទាន «សៀមរាប៖ លើសពីការទស្សនាប្រាសាទ» ដោយផ្សារភ្ជាប់ជាមួយសកម្មភាពកម្សាន្តដ៏សម្បូរបែប។

* ចំណុចទី២៖
អង្គប្រជុំឯកភាពថា ការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបនេះនឹងក្លាយជាយន្តការដ៏មានសារៈសំខាន់ចាំបាច់ សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត ដែលជាផ្នែកមួយសំខាន់នៃចក្ខុវិស័យកម្ពុជា ដែលនឹងត្រូវសម្រេចឲ្យបាននូវបំណងប្រាថ្នារួមរបស់រាជរដ្ឋាភិបាលកម្ពុជា៖
ទី១៖ សៀមរាប គឺជាខេត្តទេសចរណ៍អន្តរជាតិដ៏គួរឱ្យចាប់អារម្មណ៍ និងមានការទទួលស្គាល់ជាលក្ខណៈសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ ដោយផ្តល់ជូននូវធនធានទេសចរណ៍ និងភាពទាក់ទាញជាច្រើនទៀត។
ទី២៖ ធានាឲ្យបានផលប្រយោជន៍សេដ្ឋកិច្ចសង្គមជាអតិបរមាពីវិស័យទេសចរណ៍ ពោលគឺតំបន់ប្រវត្តិសាស្រ្តអង្គរ តំបន់ទីក្រុងដែលមានស្ទឹងសៀមរាប តំបន់ទន្លេសាប ឧទ្យានជាតិគូលេន និងតំបន់ជនបទដែលជាគោលដៅទេសចរណ៍ត្រូវតែភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។
ទី៣៖ ខេត្តសៀមរាបត្រូវតែធ្វើការផ្លាស់ប្តូរពីគោលដៅទេសចរណ៍ទ្រង់ទ្រាយធំទៅជាគោលដៅទេសចរណ៍មានគុណភាព សំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តបានម្តងហើយម្តងទៀត និងភ្ញៀវទេសចរកម្រិតខ្ពស់អាចបង្កើនចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន និងកសាងសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយបរិយាបន្ន។

* ចំណុចទី៣៖
អង្គប្រជុំឯកភាពថា ការកំណត់ផែនការយុទ្ធសាស្ត្រ និងសកម្មភាពជាក់ស្តែងក្នុងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ ត្រូវតែឈរលើបង្គោលចរ ៤ គឺ៖ គោលដៅយុទ្ធសាស្រ្តចំនួន ៧ យុទ្ធសាស្រ្តចំនួន ៤៦ គម្រោងចំនួន ៧២ និងសកម្មភាពអនុវត្តចំនួន ៩៤ ក្នុងនោះគម្រោងវិនិយោគធំៗមានសរុបចំនួន ២០ គម្រោង។

* ចំណុចទី៤៖
អង្គប្រជុំឯកភាពថា ជម្រើសនៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាបន្នសម្រាប់ខេត្តសៀមរាប ក្នុងនោះឆ្ពោះទៅឆ្នាំ២០៣៥ ត្រូវផ្តោតលើអ័ក្សជាយុទ្ធសាស្រ្តចំនួន ៥ ដូចខាងក្រោម៖
១. អ័ក្សយុទ្ធសាស្រ្តទី១៖ គោលនយោបាយសំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច-សង្គមកើតចេញពីសកម្មភាពទេសចរណ៍៖ ផ្តល់កម្លាំងជំរុញថ្មីដល់ការអភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាប ដោយគោរព និងលើកកម្ពស់បរិស្ថានស្អាត និងភាពសម្បូរបែបនៃទេសចរណ៍ ដោយត្រូវបង្កើតផលិតផល និងសកម្មភាពទេសចរណ៍ថ្មីៗនៅទូទាំងខេត្តសៀមរាប។ អ័ក្សយុទ្ធសាស្រ្តដំបូងនេះ ផ្អែកលើការបង្កើតតំបន់អភិវឌ្ឍន៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តសៀមរាបដាក់ចេញគោលនយោបាយសំដៅទាញយកឥទ្ធិពលដោយផ្ទាល់ និងដោយប្រយោលនៃវិស័យទេសចរណ៍លើការអភិវឌ្ឍខេត្តសៀមរាប អមជាមួយនឹងសំណើថ្មីៗទាក់ទងនឹងការរៀបចំផែនការថ្មីៗ ដោយត្រូវគិតគូរបន្ថែមពីហានិភ័យនៃបម្រែបម្រួលអាកាសធាតុ។
២. អ័ក្សយុទ្ធសាស្រ្តទី២៖ ផ្អែកលើការបង្កើតរបៀងទេសចរណ៍ថ្មីៗប្រកបដោយគុណភាព ភាពទាក់ទាញសម្រាប់ខេត្តសៀមរាបទាំងមូល រួមទាំងការបង្កើត និងអភិវឌ្ឍន៍តំបន់ទេសចរណ៍អាទិភាពសំខាន់ៗក្នុងខេត្តសៀមរាប។
៣. អ័ក្សយុទ្ធសាស្រ្តទី៣៖ ដាក់ចេញគោលនយោបាយសំដៅផ្តល់អត្តសញ្ញាណថ្មីដល់ខេត្តសៀមរាប (វប្បធម៌រួមបញ្ចូលជាមួយធម្មជាតិ) កុំឲ្យគោលដៅដំណើរទស្សនាតែមួយទៅកាន់រមណីយដ្ឋានវប្បធម៌តែមួយមុខ ប៉ុន្តែអាចលើកស្ទួយធនធានទេសចរណ៍ផ្សេងទៀតពិសេសធម្មជាតិ។ អ័ក្សយុទ្ធសាស្រ្តទី៣នេះ គឺការដាក់ចេញផែនការយុទ្ធសាស្រ្តទីផ្សារទេសចរណ៍ថ្មីៗ សម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាប និងការសម្រួលការតភ្ជាប់តាមផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាសមកខេត្តសៀមរាប។
៤. អ័ក្សយុទ្ធសាស្រ្តទី៤៖ ការពង្រឹងគុណភាពទេសចរណ៍អមជាមួយការពង្រឹងអនាម័យបរិស្ថានស្អាត ទីក្រុងស្អាត និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប។ អក្ស័យុទ្ធសាស្រ្តទី៤នេះ បានគិតគូរក្នុងការពង្រឹងការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌអង្គរ ពិសេសការដាក់ចេញយន្តការគ្រប់គ្រងលំហូរភ្ញៀវទេសចរទៅកាន់រមណីយដ្ឋានវប្បធម៌ឱ្យកាន់តែប្រសើរឡើង សំដៅជំរុញឱ្យមានការចូលទស្សនាកាន់តែប្រសើរទាំងបរិមាណ និងគុណភាព។ ដោយផ្អែកលើការកំណត់យុទ្ធសាស្រ្តកំណត់តម្លៃសំបុត្រចូលអង្គរ និងក៏ដូចជាការពង្រឹងគុណភាពក្នុងឧស្សាហកម្មទេសចណ៍ និងការពង្រឹងអនាម័យ ភាពស្អាត និងបៃតង ប្រកបដោយបរិស្ថានល្អ ទីក្រុងស្អាតក្នុងខេត្តសៀមរាប។ ទន្ទឹមនឹងនោះ អ័ក្សយុទ្ធសាស្រ្តទី៤នេះក៏បាន ដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបផងដែរ។
៥. អ័ក្សយុទ្ធសាស្រ្តទី៥៖ ដាក់ចេញយន្តការអភិបាលកិច្ច និងយន្តការស្ថាប័នគាំទ្រអមជាមួយយុទ្ធសសាស្រ្តវិនិយោគ (សាធារណៈ និងឯកជន) ដើម្បីទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍ និងអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៃខេត្តសៀមរាប។ អ័ក្សយុទ្ធសាស្រ្តទី៥នេះ ផ្អែកលើការបង្កើតយន្តការសម្របសម្រួល (កម្រិតខ្ពស់) អន្តរស្ថាប័ន និងការបង្កើតឲ្យមានយន្តការ DMO’s នៅតាមតំបន់ទេសចរណ៍អាទិភាពទាំង ៦។

* ចំណុចទី៥៖
ឯកសារផែនការមេនេះនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវមួយដ៏សំខាន់ក្នុងការឈានទៅដល់សុខដុមនីយកម្មរវាងការអភិវឌ្ឍសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប។ ឯកសារនេះនឹងចូលរួមដល់វិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺឆ្លង Covid-19។

បុរី ប៉េង ហួតផ្តល់ជូនឱកាសចំណេញរហូតដល់35,000ដុល្លារភ្លាមៗពី ហ្សបហោស៍ម៉ូដឺន

        ដោយម៉ូនីកា

ភ្នំពេញៈ ឱកាសផ្ដល់ជូនពិសេស! បុរី ប៉េង ហួត សូមផ្តល់ជូនឱកាសចំណេញរហូតដល់ $35,000 ភ្លាមៗ ពីការជាវ ហ្សបហោស៍ម៉ូដឺន គេហដ្ឋានសម្រាប់អាជីវកម្ម និងការិយាល័យ ស្ថិតក្នុងគម្រោងដឹស្តារ ដាយមិន តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ជាគម្រោងមួយក្នុងតំបន់ដ៏មានសក្តានុពល ដែលអមទៅដោយគម្រោ​ងអភិវឌ្ឍអចលនទ្រព្យចម្រុះផ្សេងៗ។

http://https://www.youtube.com/watch?v=7AO8uxWNIz8&feature=youtu.be

ការផ្តល់ជូនពិសេសខាងលើនេះ មានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែកក្កដានេះតែប៉ុណ្ណោះ។ កាន់តែពិសេសជាងនេះទៅទៀតអតិថិជន អាចធ្វើការបង់រំលស់ជាមួយលក្ខខណ្ឌងាយៗ ដែលមានអត្រាការប្រាក់ចាប់ពី6.88% ឡើងទៅជាមួយធនាគារដៃគូសហការរបស់ បុរី ប៉េង ហួត។

ហ្សបហោស៍ ម៉ូដឺន បានរួមបញ្ចូលរចនាបថយ៉ាងល្អឥតខ្ចោះ ដោយផ្អែកលើគុណភាព ប្រណិតភាព សោភណ្ឌភាព ភាពស៊ីវិល័យ និងភាពច្នៃប្រឌិតខ្ពស់ ដែលមានបន្ទប់គេង៤ បន្ទប់ទឹក៥ ព្រមទាំងបរិវេណទទួលភ្ញៀវ ដែលមានបរិយាកាសស្រស់ស្រាយ កន្លែងទទួលទានអាហារ បន្ទប់ចម្អិនអាហារ និងកន្លែងចតរថយន្តធំទូលាយ ដែលស័ក្តិសមបំផុត សម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម របស់លោកអ្នក។

ហ្សបហោស៍ប្រភេទនេះ ស្ថិតក្នុងគម្រោងដឹស្តាដាយមិន ជាគម្រោងមួយដែលគ្របដណ្តប់លើផ្ទៃដីរហូតដល់៤០ហិចតា ជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពល ដែលពោរពេញ ទៅដោយគម្រោងអភិវឌ្ឍអចលនទ្រព្យចម្រុះនានា។ គម្រោងនេះផ្ទាល់ជាបណ្តុំសហគមន៍ទំនើប សម្រាប់ការរស់នៅដ៏ល្អប្រសើរបំផុត ជាមួយនឹងការអភិវឌ្ឍន៍ចំរុះ  ដែលបានបែងចែកជាតំបន់សម្រាប់ការរស់នៅ និងតំបន់សម្រាប់ពាណិជ្ជកម្ម ជាពិសេសផ្សារទំនើប ភី​អេច ដាយមិនផ្លេស ត្រូវបានសាងសង់ឡើងជាមួយនឹងរចនាបថដ៏ប្រណីតដ៏ល្អឥតខ្ចោះ បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ ដែលមានភាពលេចធ្លោជាងគេក្នុងតំបន់ ផ្តល់​ជូន​លោកអ្នក​នូវ​ការ​កម្សាន្ត និង​ជម្រើស​ហាង​ទំនិញ ​រាប់​រយ​ប្រភេទ រួមទាំងសាលសន្និសីទ ក្លឹបហាត់ប្រាណ អាងហែលទឹក អមទៅដោយសួនច្បារ ដែលពោរពេញដោយសោភ័ណភាព បែបធម្មជាតិពណ៌បៃតងដ៏ស្រស់បំព្រងផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth

 

 

មន្ត្រី​ក្រសួង​សេដ្ឋកិច្ច៖ ច្បាប់​វិនិយោគ​ថ្មី​នឹង​ទាក់ទាញ​ការវិនិយោគ​បរទេសថ្មីៗបន្ថែមទៀត​មក​កម្ពុជា

ដោយ ​វុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​រៀបចំ​ច្បាប់​វិនិយោគ​ថ្មី ដើម្បី​ទាក់ទាញ​វិនិយោគ​បរទេសថ្មីៗបន្ថែមទៀត ខណៈដែល​កន្លងមកនេះ​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយផ្សេងៗ ដើម្បី​ជួយ​សម្រួល​ដល់​ឱកាស​វិនិយោគ​នៅក្នុង​ប្រទេស និង​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ ឱ្យមាន​លំនឹង​នៅក្នុង​វិបត្តិ​ជំងឺ Covid-19 ដែល​កំពុង​រាលដាល​ជា​សាកល។

លោក ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅក្នុង​សន្និសីទ​ស្តីពី​វិធានការ​ទ្រទ្រង់​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ របស់​រាជរដ្ឋាភិបាល​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ​ឱ្យដឹងថា ច្បាប់​វិនិយោគ​ថ្មី​នេះ​ដែល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ធ្វើ​នេះ គឺ​ក្នុង​គោលបំណង​ទាក់ទាញ​វិនិយោគ​បន្ថែម ខណៈដែល​បច្ចុប្បន្ន មាន​ចលនា​រោងចក្រ​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស។

លោក​បន្តថា “ច្បាប់​យើង​នេះ​យើង​ធ្វើ​យ៉ាងម៉េច​ឱ្យមាន​វិស័យថ្មីៗ ដូចជា​វិស័យ​មិនមែនជា​វិស័យ​កាត់ដេរ ក្នុងន័យ​នោះ​វិស័យ​កាត់ដេរ​ក៏​យើង​នៅតែ​ទាក់ទាញ វិស័យ​ទេសចរណ៍​ក៏​នៅតែ​ទាក់ទាញ តែ​វិស័យ​ផ្សេងទៀត​ដែល​យើង​មិនទាន់បាន​អភិវឌ្ឍន៍ យើង​ទាក់ទាញ​ពួកគាត់​ឱ្យ​វិនិយោគ​នៅក្នុង​ប្រទេស” ។

លោក​បន្ថែមថា “ច្បាប់​វិនិយោគ​ថ្មី​នេះ​ផងដែរ ក៏​នឹងចូលរួម​ដោះស្រាយ​បញ្ហា​ចាស់​ដែលមាន​ពី​កន្លងមកនេះ ហើយ​មិនទាន់​ដោះស្រាយ ហើយ​នៅពេល​មានច្បាប់​ថ្មី​នេះ​ចេញទៅ​យើង​រំពឹងថា វា​នឹង​ផ្តល់​បរិយាកាស​ល្អ​ដល់​ធុរកិច្ច” ។ លោក​បន្តថា “ខ្ញុំ​គិតថា វិនិយោគិន នឹង​មិនមាន​បញ្ហា​ច្រើន​នោះទេ នៅពេលដែល​គេ​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​យើង” ។

តែ​យ៉ាងណាក៏ដោយ លោក​បញ្ជាក់ថា ច្បាប់​វិនិយោគ​ថ្មី​នេះ មិនទាន់​កំណត់​ពេលវេលា​ក្នុងការ​បញ្ចប់​នៅពេលណា​នោះទេ  ដោយ​ត្រូវ​ឆ្លង​ទៅតាម​ដំណាក់ ប៉ុន្តែ​ប្រហែល​មិនយូ​នោះទេ ព្រោះ​កិច្ចការងារ​នេះ ជាការ​ប្រញាប់ បើ​យើង​នៅតែ​ពន្យា​ពេល​ទៀត យើង​មិនអាច​ទាក់ទាញ​វិនិយោគថ្មីៗបន្ថែមទៀត​ទេ នៅក្នុង​អំឡុងពេល​មាន​វិបត្តិ​នេះ។

សេដ្ឋកិច្ចពិភពលោក​កំពុង​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​ការរីក​រាលដាល​ជំងឺ Covid-19 ហើយ​សេដ្ឋកិច្ចកម្ពុជា​ក៏បាន និង​កំពុង​ទទួល​ឥទ្ធិពល​អវិជ្ជមាន​នេះ​ផងដែរ ពិសេស​វិស័យ​ទេសចរណ៍ កម្មន្តសាល និង​សំណង់។

រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដាក់ចេញ​វិធានការ ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុងការ​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ១។ ជាមួយគ្នានេះ វិធានការ​គាំទ្រ ចំពោះ​វិស័យ​ដែល​ប៉ះពាល់ និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ត្រូវបាន​ដាក់​ជា​បន្តបន្ទាប់ ដែល​បាន​កាត់បន្ថយ​ផលប៉ះពាល់ និង​រក្សា​និរន្តរភាព​នៃ​អាជីវកម្ម ព្រមទាំង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យដឹង​ដែរ​ថា ដោយសារតែ​វិបត្តិ​នៃ​ជំងឺ Covid-19 បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា ថមថយ​ចុះ​មិន​ធ្លាប់មាន​រយៈពេល២០ឆ្នាំ​ក្នុង​ក្រោយនេះ ខណៈ​នៅ​ឆ្នាំ២០២០នេះ រាជ​រដ្ឋ​ភិ​បាល​ព្យា​ការណ៍​ជំហាន​ដំបូង​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​ធ្លាក់ចុះ-១.៩ភាគរយ ខណៈ​សេដ្ឋកិច្ចពិភពលោក​វិញ ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​ធ្លាក់ចុះ -៥ភាគរយ។

លោក​បន្តថា “ស្ទើរតែ​គ្រប់​វិស័យ​បាន​រង​ផលប៉ះពាល់ ដោយសារ​ជំងឺ​កូ​វីដ១៩ លើកលែងតែ​វិស័យ​កសិកម្ម ដែលមាន​ចំណែក​ជួយ​សេដ្ឋកិច្ច២៥%  វិស័យ​បច្ចេកវិទ្យា និង​វិស័យ​ផលិត​អាហារ ដែល​មិន​រង​ផលប៉ះពាល់ ដោយសារ​ដោយ​ជំងឺ​Covid-19”។ លោក​បន្តថា “សេដ្ឋកិច្ច​របស់​កម្ពុជា នៅពេលនេះ​គឺ​សេដ្ឋកិច្ច​ដែល​ខិតខំ​រស់ តែ​ការ​រស់​នេះ​មិនមែន​ចាំ​ថ្ងៃ​ស្លាប់​នោះទេ គឺ​រស់​ដើម្បី​រង់ចាំ​ពេល​ដើរ និង​រត់​ឡើងវិញ” ។

លោក វ​ង្សី វិស្សុត​បាន​បន្ថែមថា យុទ្ធសាស្ត្រ​ដែល​រាជរដ្ឋាភិបាល​ជ្រើសរើស ដើម្បី​គ្រប់គ្រង​សេដ្ឋកិច្ច សង្គម នៅពេលនេះ គឺជា​យុទ្ធសាស្ត្រ “មួយពេលរ​ស់សិន កុំ​ឲ្យ​ស្លាប់” ដោយ​មិន​ឱ្យមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​អត់បាយ ស្លាប់​ដោយ​ជំងឺ Covid-19 គឺ​យុទ្ធសាស្ត្រ​យក​ជីវិត​មនុស្ស​ជាធំ ហើយ​ការ​រស់​នេះ​មិនមែន​សំដៅ​រស់​រង់ចាំ​ថ្ងៃ​ស្លាប់​នោះទេ គឺ​រស់​ដើម្បី​ពេល​ចប់ Covid-19 កម្ពុជា​នឹង​ងើបឡើង​វិញ។

លោ​កប​បញ្ជាក់ថា “យុទ្ធសាស្ត្រ​នេះ គឺជា​យុទ្ធសាស្ត្រ​ដែល​ធ្វើឡើង​ស្របតាម​សភាពការណ៍ ប្រែប្រួល​របស់​ពិភពលោក ហើយ​ទាមទារ​ឲ្យ​កម្ពុជា មានការ​ផ្លាស់ប្តូរ កែតម្រូវ​ឲ្យ​សមស្រប និង​ទាន់ពេលវេលា” ៕

ប្រធាន ADB អះអាងថា​កម្ពុជា​មានកំ​ណ​ត់​ត្រា​នៃ​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ល្អ

ដោយ៖ ប៊ី

ភ្នំពេញៈ កម្ពុ​ជាមាន​កំណត់ត្រា​ដែលមាន​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ល្អ ខណៈ​ផលិតផល​សរុប​ក្នុងស្រុក​កម្ពុជា តាម​ការប៉ាន់ស្មាន​នឹងមាន​ទំហំ​ប្រា​ក់ជាង១១០ពាន់​ពាន់ លាន​រៀល​ស្មើនឹង​ប្រមាណ២៧,៥ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ២០២០ ដែល​អាច​ងើបឡើង​ខ្ពស់ជាង​ឆ្នាំ២០១៩ បន្តិចបន្តួច។

លោក Masatsugu Asakawa ប្រធាន​ធានា​គារ​អភិវឌ្ឍន៍អាស៊ី បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា “កម្ពុ​ជាមាន​កំណត់ត្រា នៃ​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ល្អ ប៉ុន្តែ COVID-19 គំរាម​ធ្វើ​ឲ្យ​ថយចុះ នូវ​ការរីកចម្រើន​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​ក្នុងចំណោម​ក្រុម​ងាយ​រងគ្រោះ ដូចជា​ស្ត្រី និង​កម្មករ​ចំណាកស្រុក” ។

ប្រទេស​កម្ពុជា​ងាយ​រងគ្រោះ​ខ្លាំង ពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ COVID-19 ដោយសារ​សេដ្ឋកិច្ច​បើកចំហ​មូលដ្ឋាន​សេដ្ឋកិច្ច​ចង្អៀត និង​ប្រជាពលរដ្ឋ​ចល័ត​ច្រើន។

ទោះបីជា​យ៉ាងណាក៏ដោយ ផលិតផល​សរុប​ក្នុងស្រុក តាម​ការប៉ាន់ស្មាន នឹងមាន​ទំហំ​ប្រា​ក់ជាង១១០ពាន់​ពាន់​លាន​រៀល ស្មើនឹង​ប្រមាណ២៧,៥ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ២០២០ ដែល​អាច​ងើបឡើង​ខ្ពស់ជាង​ឆ្នាំ២០១៩បន្តិចបន្តួច។ នេះ​បើ​យោងតាម​របាយការណ៍​នៃ​ស្ថានភាព​ក្របខ័ណ្ឌ គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ២០២០ ដែល​ចេញផ្សាយ​កាលពីពេលថ្មីៗនេះ។

នៅក្នុង​ឆ្នាំ២០២០ នេះ​ពាក់ព័ន្ធ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច តាម​ការប៉ាន់ស្មាន នៃ​សូចនាករ​ផលិតផល​សរុប​ក្នុងស្រុក (ផសស) ថ្លៃ​បច្ចុប្បន្ន នឹងមាន​ទំហំ​ប្រមាណ ២៧,៥ពាន់​លាន​ដុល្លារ អាច​ខ្ពស់ជាង​ឆ្នាំ២០១៩ បន្តិចបន្តួច។

នៅក្នុង​ឆ្នាំ២០២១ ត្រូវបាន​ព្យាករណ៍​ថា នឹង​អាច​ងើប​ឡើងដល់​ប្រមាណ២៩,២៥ពាន់​លាន ដែល​ក្នុងនោះ​ផលទុនជាតិ​សរុប សម្រាប់​ប្រជាជន​ម្នាក់ អាច​ស្ថិតក្នុង​រង្វង់ ១,៦៨៣ ដុល្លារ។ ចំណែក​នៅ​ឆ្នាំ២០២១ត្រូវបាន​ព្យាករ​ថា​នឹង​ងើប​ដល់ ១,៧៧១ ដុល្លារ នឹង​អាចមាន​កំនើន​ផលទុនជាតិ​សរុប​ពិត​ក្នុង​រង្វង់​អវិជ្ជមាន ១,៩% ខណៈ​នៅ​ឆ្នាំ២០២១ នឹង​ហក់​ឡើងដល់ ៣,៥% ។

ADB រំពឹងថា​សេដ្ឋកិច្ចកម្ពុជា អាច​ធ្លាក់ចុះ​ក្នុង​រង្វង់ -៥,៥% ក្នុង​ឆ្នាំ២០២០ ដោយសារ​ការថយចុះ នៃ​វិស័យ​ទេសចរណ៍ ការនាំចេញ​សំលៀកបំពាក់ ស្បែកជើង និង​សម្ភារៈ​ធ្វើដំណើរ តិចជាង​មុន និង​ការ​ចុះថយ​នៃ​សកម្មភាព​សំណង់។ ហានិភ័យ​នៃ​ការធ្លាក់ចុះ​នេះ អាច​នឹង​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ១,៣លាន​នាក់ ទៀត​ធ្លាក់​ក្នុង​ភាពក្រីក្រ។

កាលពី​ខែមីនា កម្ពុជា​ប្រកាស​ដំណើរការ ការឆ្លើយតប​ស៊ីជម្រៅ ទៅនឹង​ COVID-19 ជាមួយនឹង​កញ្ចប់​ថវិកា​វិធានការណ៍ ដំបូង​សរុប៨១៥,៧លាន​ដុល្លារ​ដែល​ស្មើនឹង ៣,២% នៃ​ផលិតផល​ក្នុងស្រុក​សរុប រំពឹងទុក​សម្រាប់​ឆ្នាំ២០២០ ។

ទាំងនេះ រួមបញ្ចូល​នូវ​ការគាំទ្រ​ទៅលើ​ប្រព័ន្ធ​សុខាភិបាល ដើម្បី​ត្រៀម​បង្ការ ការកើនឡើង​នៃ​ករណី COVID-19 ហើយ​សម្រាប់​កម្មករ និង​សហគ្រាស ដែល​រួមមាន​ការចាក់​បញ្ចូល​ដើមទុន ១៥០លាន​ដុល្លារ ដើម្បី​គាំទ្រ​ធនាគារ​ដែល​ផ្តល់​កម្ចី ដល់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម។

កញ្ចប់​ថវិកា​គាំទ្រ​នេះ រួមមាន ៣០០លាន​ដុល្លារ សម្រាប់​ការ​ផ្តល់ជំនួយ​ជា​សាច់ប្រាក់ ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែលមាន​ក្នុង​បញ្ជី​ទិន្នន័យ​របស់​រាជរដ្ឋាភិបាល។ បញ្ជី​ទិន្នន័យ (IDPoor) នេះ​មាន​បញ្ចូល​គ្រួសារ​ក្រីក្រ២.៤លាន​គ្រួសារ ហើយ​កំពុង​ត្រូវបាន​បញ្ចូល​បន្ថែម​គ្រួសារ ដែល​រង​ប៉ះពាល់​ដោយ COVID-19 ។

កម្មវិធី​គាំទ្រ​ការចំណាយ និង​ឆ្លើយតប​សកម្ម​ទៅនឹង COVID-19 របស់ ADB (ដែល​ហៅ​កាត់​ថា CARES) ត្រូវបាន​ផ្តល់​ថវិកា​តា​មរយៈ​ជម្រើស​ឆ្លើយតប នឹង​ជំងឺ​រាតត្បាត COVID-19 (ហៅ​កាត់​ថា CPRO) ក្រោម​ការ​ជ្រោមជ្រែង​របស់​ADB ដើម្បី​ដោះស្រាយ ដំណើរ​សេដ្ឋកិច្ច​មិន​ប្រក្រតី។

CPRO ផ្តួចផ្តើមឡើង​តាមរយៈ​ជំនួយ​របស់ ADB ដែល​ត្រូវបាន​ពង្រីក​រហូតដល់២០ពាន់​លាន​ដុល្លារ កាលពី​ថ្ងៃទី១៣ ខែមេសា សម្រាប់​សមាជិក ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ក្នុងការ​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត។

កម្មវិធី​នេះ រួមបញ្ចូល​នូវ​ក្របខ័ណ្ឌ​ចូលរួម​របស់​ប្រទេស ដែល​ទទួលបាន​ការគាំទ្រ ដើម្បី​ធានាថា រដ្ឋាភិបាល និង ADB បន្ត​កិច្ចពិភាក្សា​គោលនយោបាយ ជុំវិញ​ការអនុវត្ត និង​តាមដាន ការឆ្លើយតប​ទៅនឹង COVID-19 របស់​កម្ពុជា។ ក្របខ័ណ្ឌ​នេះ ក៏​រួមមាន​ការប្រឹក្សា​យោបល់ ជាមួយ​វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល។

កម្មវិធី​នេះ ក៏​ផ្សារភ្ជាប់​ទៅនឹង​សកម្មភាព គាំទ្រ​បច្ចុប្បន្ន​របស់ ADB សម្រាប់​កំណែ​ទម្រង់ការ គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដើម្បី​ពង្រឹង​អភិបាលកិច្ច និង​តម្លាភាព ព្រមទាំង​បង្កើន​ប្រសិទ្ធ​ផល ក្នុងការ​បង្កើត​គោលនយោបាយ និង​ថវិកា ការតាមដាន​ការចំណាយ និង​សវនកម្ម។

កម្មវិធី CARE នេះ ត្រូវបាន​បង្កើតឡើង ដោយមាន​ការសម្របសម្រួល ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា និង​បំពេញបន្ថែម​ទៅនឹង​ការគាំទ្រ​របស់​ADB បច្ចុប្បន្ន​ដើម្បី​ផ្គត់ផ្គង់ ឧបករណ៍​ត្រួតពិនិត្យ​សីតុណ្ហភាព សម្រាប់​ប៉ុស្តិ៍​ត្រួតពិនិត្យ អន្តរជាតិ និង​ធានា​ការផ្តល់ បច្ចុប្បន្នភាព ទៀងទាត់ ដល់​វេ​ប​សាយ​ក្រសួងសុខាភិបាល ដែល​បង្ហាញ​របាយការណ៍​តាមដាន COVID-19 និង​ព័ត៌មាន​ពាក់ព័ន្ធផ្សេងៗរាល់ថ្ងៃ។

វា​គឺជា​ផ្នែក​មួយ នៃ​សក្តានុពលភាព ដ៏​រឹងមាំ​នៃ​គម្រោង​វិនិយោគ និង​ជំនួយ​បច្ចេកទេស ដែល​ផ្សារភ្ជាប់​ទៅនឹង​យុទ្ធសាស្ត្រ​ភាព ជា​ដៃគូ​ប្រចាំ​ប្រទេស​សម្រាប់​កម្ពុជា​របស់ ADB ឆ្នាំ ២០១៩-២០២៣ ហើយនឹង​គាំទ្រ​ដល់​ការ​ស្តារឡើងវិញ ក្រោយពី​ការ​រាតត្បាត​នៃ COVID-19 ៕

សម្ដេច​តេ​ជោ​បញ្ជា​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ពិចារណា​លើ​ការដកចេញ​វិធានការ​លើ​ការតម្កល់​ប្រាក់៥ម៉ឺន​ដុល្លារ​ពី​ជនបរទេស​មួយចំនួន

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជា​ឱ្យ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ Covid-19 ជាពិសេស​ក្រសួងសុខាភិបាល ធ្វើការ​ពិភាក្សា និង​ពិចារណា​ទៅលើ​ការដកចេញ​វិធានការណ៍ ដែល​តម្រូវឱ្យ​ជនបរទេស​ចូលមក​ប្រទេស​កម្ពុជា តម្កល់​ប្រាក់​ធានារ៉ាប់រង​សុខភាព​ចំនួន៥ម៉ឺន​ដុល្លារ ដើម្បី​ជៀសវាង​មាន​ភាពអវិជ្ជមាន​ដល់​សេដ្ឋកិច្ច។

តាមរយៈ​សារ​ជា​សម្លេង​ផ្ញើ​ទៅ​កា ន់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង Covid-19 ដែល​បាន​ចែកចាយ​កាលពី​ល្ងាច​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ សម្ដេច​តេ​ជោ​បាន​បង្គាប់​ឱ្យ​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​ក្រសួងសុខាភិបាល លើ​ការដក​វិធានការ​តម្រូវឱ្យ​ជនបរទេស​មួយចំនួន ចូលមក​កម្ពុជា​តម្កល់​ប្រាក់​ធានារ៉ាប់រង​សុខភាព ដែលមាន៣០០០ដុល្លារ និង​ចំនួន៥ម៉ឺន​ដុល្លារ​ដើម្បី​ទប់ស្កាត់​ការឆ្លង់​ជំងឺ Covid-19 ។

សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា “ចំណុច​នេះ​ខ្ញុំ​គិតថា វា​នឹងមាន​ហានិភ័យ​ខ្ពស់​សម្រាប់​សេដ្ឋកិច្ច​ស្រុក​យើង​តែម្ដង បើ​យើង​ធ្វើ​ចំពោះ​អ្នកវិនិយោគ និង​អ្នក​ដែល​ធ្វើការ​នៅ​ប្រទេស​កម្ពុជា” ។ សម្តេច​បន្តថា “ចឹ​ង​អ្នកវិនិយោគ គឺ​គេ​មិនអាច​វិល​ត្រឡប់មក​ស្រុក​យើង ហើយ​គេ​ក៏​មិន​ចាក​ចេញពី​ស្រុក​យើង ឬក៏​ចាកចេញ​គឺ​ចាក​ចេញទៅ​តែម្ដង ហើយ​អ្នកជំនាញ​ឯកទេស​នានា ដែល​គ្នា​ធ្វើការ​នៅ​នេះ (នៅ​កម្ពុជា) ហើយ​ចេញទៅ​ស្រុក នឹង​ចង់​វិលត្រឡប់​មកវិញ​ក្នុងអំឡុងពេល​កូ​វីដ​នេះ គឺ​មក​មិន​បានទេ ហើយ​ថៅកែ​ក៏​ធានា​មិនបាន​ដែរ​បើ​ទាំងអស់នោះ” ។

សម្ដេច​បាន​បញ្ជាក់ថា “យើង​មាន​កុងត្រា​ធ្វើការ​ជាមួយ​ពួកគេ​ច្រើនណាស់ ដូចជា ជប៉ុន​ធ្វើ​ផ្លូវ ចិន​ក៏​ធ្វើ​ផ្លូវ ធ្វើ​ស្ពាន ពិតមែនតែ​យើង​បានធ្វើ​បណ្តាញ ជាមួយ​ភាគី​ចិន​រួចហើយ​ក៏ដោយ ក៏ប៉ុន្តែ​អនុវត្ត​វា​មិន​បានទេ ចឹ​ង​ទេ ខ្ញុំ​ចង់ឱ្យមាន​ការដកចេញ​នូវ​ការ​តម្រូវឱ្យ​តម្កល់​ប្រាក់៥ម៉ឺន​ដុល្លារ និង៣ពាន់​ដុល្លារ​នេះ ពី​អ្នក​ដែល​វិនិយោគ​នៅក្នុង​ស្រុក​ខ្មែរ និង​អ្នកបច្ចេកទេស ក៏ដូចជា​អ្នក​ដែល​ធ្វើការ​នៅក្នុង​ស្រុក​ខ្មែរ លើកឡែងតែ​ពួក​អ្នកណា​ផ្សេង គឺ​គិត​ដោយឡែក​ទៀ” ។ សម្តេច​បន្តថា “រក​វិធី​បន្ធូរបន្ថយ​យ៉ាងម៉េច….បើ​មិន​ចឹ​ង គឺ​យើង​នៅតែ…យើង​យកបាន​តែមួយ​ទេ តែ​យើង​បាត់បង​ទៅវិញ​ធំ​ជាមួយនឹង​ការងារ ដែលមាន ដោយសារតែ​យើង​ដាក់​វិធានការ​វា​តឹង​ពេក” ។

នៅក្នុង​សារ​សម្លេង​ដែលមាន​រយៈពេល ៧នាទី និង៩វិនាទី សម្ដេច​តេ​ជោ បាន​បង្គាប់​ឱ្យ​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និ​ជា​ប្រធាន​គណកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ Covid-19 ដឹកនាំ​អង្គប្រជុំ​ឱ្យបាន​ស្រូត ទៅលើ​ការដកចេញ​វិធានការណ៍ ចំពោះ​ជនបរទេស​ដែលជា​អ្នកវិនិយោគ អ្នកធ្វើការ និង​អ្នកបច្ចេកទេស​ដូចដែល​បានលើកឡើង​ខាងលើ ដើម្បី​ទទួល​បានការ​បន្ធូរ​ប​ន្ធ​យ និង​អាច​រក្សាបាន​នូវ​អ្នកវិនិយោគ​ចាស់ ទាក់ទាញ​អ្នកវិនិយោគ​ថ្មី ដែល​មិន​កើតជា​ឧបសគ្គ​ពី​វិធានការ​តម្រូវឱ្យ​តម្កល់​ប្រាក់​ធានា​នេះ​ទេ។

ជាមួយគ្នានេះ សម្ដេច​ក៏បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ និង​ក្រសួង​ពាក់ព័ន្ធ ពិចារណា​ទៅលើ​វិធានការ​សម្រាប់​អនុវត្តន៍ បន្ទាប់ពី​ការដកចេញ​នូវ​ការតម្រូវ​តម្កល់​ប្រាក់ ដោយ​ជំនួស​មក​នូវ​វិធីសាស្ត្រផ្សេងៗ ដែល​ទទួលខុសត្រូវ​លើ​ការចំណាយ​ចាំបាច់​ផ្ទាល់ខ្លួន របស់​ជនបរទេស​ក្នុងករណី​មាន​ជំងឺ និង​ការ​សម្រាក​ព្យាបាល​នៅ​កម្ពុជា៕

ចំណេះដឹង! តើ​អ្វី​ជា​សន្និធិ​គយ​បណ្តោះអាសន្ន និង​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់?

ដោយ ​វុត្ថា

ភ្នំពេញៈ សន្និធិ​គយ​បណ្តោះអាសន្ន សំដៅលើ​សន្និធិ​ទំនិញ ដែល​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​គយ នៅ​កន្លែង​ដែល​ទទួលបាន​ការអនុញ្ញាត ដើម្បី​រង់ចាំ​ការបំពេញ​បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ។

អាជ្ញាប័ណ្ណ​សម្រាប់​ប្រតិបត្តិការ ទីកន្លែង​សន្និធិ​គយ​បណ្តោះអាសន្ន ត្រូវ​សម្រេច​ដោយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (មាត្រា ៤៣) ។

ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ គឺជា​ទីកន្លែង​ដែល​ទំនិញ​ត្រូវ​បានដាក់​សម្រាប់​រយៈពេល​ជាក់លាក់​មួយ ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​គយ ដោយមាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់។ ការដាក់​ទំនិញ​ក្នុង​ភ​ណ្ឌា គារ​គយ​មាន​ដែន​កំណត់ ត្រូវបាន​ព្យួរ​ការបង់ពន្ធ អាករ និង​ការដាក់​កម្រិត​កំណត់​ដែល​ទំនិញ​ទាំងនោះ ត្រូវ​ជាប់។

ភណ្ឌាគារ​គយ​មាន​ដែន​កំណត់​មាន​បី​ប្រភេទ

ក. ភណ្ឌាគារ​សាធារណៈ ដែល​ទទួល​ការអនុញ្ញាត ពី​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អាចធ្វើ ប្រតិបត្តិការ ដោយ​ភ្នាក់ងារ​របស់​រាជរដ្ឋាភិបាល ឬ ដោយ​បុគ្គល​ណាមួយ​បាន។ ភណ្ឌាគារ​នេះ​ត្រូវបាន​ប្រើប្រាស់ សម្រាប់​ផ្តល់​សេវា​ដល់​បុគ្គល​ទាំងឡាយ ដែលមាន​សិទ្ធិ​ធ្វើ​សន្និធិ​ទំនិញ។

ខ.ភណ្ឌាគារ​ឯកជន ត្រូវ​បានផ្តល់​ការអនុញ្ញាត​ដោយ​នាយក​ទីចាត់ការគយ និង​រដ្ឋាករ ត្រូវបាន​ប្រើប្រាស់​ដោយឡែក ដោយ​បុគ្គល​ណា​ម្នាក់​សម្រាប់ធ្វើ​សន្និធិ​ទំនិញ ដើម្បី​ការប្រើប្រាស់​ដោយឡែក រាប់បញ្ចូល ទាំង​ប្រតិបត្តិ​ករ​អគារ​លក់ទំនិញ​រួច​ពន្ធ។

គ. ភណ្ឌាគារ​ពិសេស គឺជា​ភណ្ឌាគារ​ដែល​ទទួលបាន​សិទ្ធិ​ពី នាយក​ទីចាត់ការគយ​និង​រដ្ឋាករ ស​ម្រ​ប់​ថែរក្សា​ប្រភេទ​ទំនិញ​គ្រោះថ្នាក់ ប៉ះពាល់​ដល់​គុណភាព​ទំនិញ​ដទៃទៀត ឬ​អាច​ត្រូវការ​ទីកន្លែង​ពិសេស​សម្រាប់​រក្សា​ទំនិញ​ទាំងនោះ។

អាជ្ញាប័ណ្ណ​សម្រាប់​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ ត្រូវ​កំណត់​នូវ​ល័ក្ខខ័ណ្ឌ​សម្រាប់​ម្ចាស់​កម្មសិទ្ធិ និង​ប្រតិបត្តិ​ករ​រាប់បញ្ចូល​ទាំង​ទីតាំង សំណង់ គម្រោង​អគារ នីតិវិធី​សម្រាប់​ចាត់ចែង និង​គ្រប់គ្រង (មាត្រា ៤៤)។ ទំនិញ​អាច​រក្សាទុក​ក្នុង​ភណ្ឌាគារ​គយ មាន​ដែន​កំណត់ រហូតដល់​រយៈពេល​ពី​រ (២) ឆ្នាំ​គិតពី​ថ្ងៃ​ចុះ​បញ្ជិកា (មាត្រា ៤៦) ។

ស្ថិតក្នុង​កាលៈទេសៈ​ជាក់ស្តែង រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អាច​អនុញ្ញាត​ឲ្យ​បង្កើត​ភណ្ឌាគារ ផលិតកម្ម​មាន​ដែន​កំណត់ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​គយ​ក្នុង​គោលបំណង​កែច្នៃ និង​ផលិត​ទំនិញ។

ផលិតផល​ដែល​ដាក់​ចូលក្នុង​ភណ្ឌាគារ​ផលិតកម្ម មាន​ដែន​កំណត់​ត្រូវ​ព្យួរ​ពន្ធ និង​អាករ​នាំចូល (មាត្រា ៤៩) ។

ប្រតិបត្តិ​ការកែច្នៃ ឬ​ចំរាញ់​តេ​ល​សិលា​ឆៅ ឬ​បី​ទី​ម​ខនិជ ដើម្បី​ទទួលបាន​ផលិតផល​តេ​ល​សិលា ត្រូវដាក់​ឲ្យ​ស្ថិតនៅក្រោម​របប​ភណ្ឌាគារ​ផលិតកម្ម មាន​ដែន​កំណត់​បាន (មាត្រា ៥០)៕