គម្រោងអភិវឌ្ឍន៍ក្រុងកោះនរាតម្លៃ២៥០០លានដុល្លារនឹងជួយបង្កើនថវិកាជាតិ២២៥លានដុល្លារក្នុងមួយឆ្នាំ

ចែករំលែក

ដោយៈ រ៉ា ណេត

ភ្នំពេញៈ តាមរយៈការចូលរួមពីសំណាក់វិស័យឯកជន នៃគម្រោងអភិវឌ្ឍក្រុងរណបកោះនរា ដែលទើបត្រូវបានសម្ពោធ និងប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការនៅព្រឹកថ្ងៃនេះ អាចនឹងចូលរួមចំណែកក្នុងបង្កើនថវិកាជាតិ ប្រមាណ២២៥លានដុល្លារក្នុងមួយឆ្នាំ។

អ្នកឧកញ៉ា ពុង ឃាវសែ បានប្រសាសន៍នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះថា គម្រោងសាងសង់ និងអភិវឌ្ឍទីក្រុងកោះនរា នៅលើទំហំផ្ទៃដី១០០ហិកតា ដែលមានទំហំទឹកប្រាក់វិនិយោគ២៥០០លានដុល្លារ នឹងចូលរួមបង្កើនចំណូលថវិកាជាតិប្រមាណ ២៥០លានដុល្លារក្នុងមួយឆ្នាំៗ។

អ្នកឧកញ៉ាបានបញ្ជាក់ថា “គម្រោងអភិវឌ្ឍន៍កោះនរានេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិ និងសេដ្ឋកិច្ចកម្ពុជាយ៉ាងច្រើន ជាពិសេសនៅក្នុងកាលទេសដែលកំពុងជួបវិបត្តិនាពេលនេះ ដែលកម្ពុជាកំពុងត្រូវការគម្រោងវិនិយោគបន្ថែមទៀត ដើម្បីជួយទ្រទ្រង់សកម្មភាពសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ។

តាមរយៈគម្រោងមួយនេះ នឹងអនុគ្រោះដល់មនុស្សរស់នៅប្រមាណ៥ម៉ឺននាក់ ដែលនឹងគ្រោងចំណាយថវិកាសរុប ប្រមាណ២៥០០លានដុល្លារ ដោយឡែកសម្រាប់ចំណែកថវិកាចំនួន៥៥០លានដុល្លារ ដែលចំណាយសម្រាប់ការអភិវឌ្ឍន៍ និងកសាងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងរយៈពេល៣ឆ្នាំដំបូងត្រូវបានប៉ានប្រមាណថា អាចនឹងចូលរួមចំណែកដល់ផលិតផលក្នុងស្រុក (GDP) ប្រមាណ២២៥លានដុល្លារក្នុងមួយឆ្នាំៗ ស្មើនឹងប្រមាណ ០,៩ភាគរយនៃចំនួន GDPនាពេលបច្ចុប្បន្ននេះ”។

នៅក្នុងគម្រោងសាងសង់ទីក្រុងកោះនរា ក្នុងដំណាក់កាលនេះ នឹងត្រូវប្រើកម្លាំងពលកម្មប្រមាណ៧០០នាក់ ហើយនៅពេលសកម្មភាពអភិវឌ្ឍន៍ កើនឡើងពេញទំហឹង នោះកំណើននៃចំនួនពលកម្ម នឹងបន្តកើនឡើងរហូតប្រមាណ៧០០០នាក់។សំខាន់ជាងនេះទៅទៀត ក្រោយពេលបញ្ចប់គម្រោងសាងសង់ជាស្ថាពរ ទីក្រុងកោះនរា នឹងបង្កើតកន្លែងការងារប្រចាំថ្ងៃ ដល់ប្រជាពលរដ្ឋប្រមាណ១០០០០កន្លែងផងដែរ ដែលទាំងអស់នេះ សុទ្ធតែជាសកម្មភាព និងការរួមចំណែកក្នុងការជួយទ្រទ្រង់ កំណើនសេដ្ឋកិច្ចកម្ពុជា៕


ចែករំលែក