មន្រ្តីជាន់ខ្ពស់ថា បើកម្ពុជាមានថៅកែជាជនជាតិខ្មែរកាន់តែច្រើននោះនឹងកាន់តែល្អសម្រាប់សេដ្ឋកិច្ច

        ដោយចរិយា

ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុតបានថ្លែងថា បច្ចុប្បន្ននេះ ក្នុងប្រទេសកម្ពុជាសំបូរទៅដោយកម្មករនិយោជិតច្រើន ក៏ប៉ុន្តែមិនសូវសំបូរថៅកែ ហើយថៅកែភាគច្រើនក៏ជាជនបរទេសទៅទៀត។

លោកបានមានប្រសាសន៍ក្នុងវេទិកាសន្និសីទសារព៌តមានស្តីពី វិធានការណ៍របស់​រដ្ឋាភិបាលឆ្លើយតបវិបត្តិCovid-19នាព្រឹកថ្ងៃទី៨ កក្កដានេះថា ថៅកែៗ និងវិនិយោគិនបច្ចុប្បន្ននេះ នៅមានកម្រិតទាបនៅឡើយ ហើយភាគច្រើនក៏ជាថៅកែបរទេស ។ បើសិនជាកម្ពុជា មានថៅកែក្នុងស្រុកថៅកែជនជាតិខ្មែរកាន់តែច្រើននោះ វានឹងល្អប្រសើរសម្រា​ប់សេដ្ឋកិច្ច ព្រោះថាថៅកែក្នុងស្រុក គាត់បានប្រាក់ចំណេញ ហើយនឹងបន្តវិនិយោគបន្ថែមទៀត។

លោកបន្តថា “នៅក្នុងប្រទេស និងបន្តបង្កើតការងារជាច្រើនទៀត ដល់ប្រជាពល​រដ្ឋក្នុងស្រុក ដែលអាចធ្វើអោយពលរដ្ឋ ក្នុងស្រុកអាចរកចំណូលបានកាន់តែច្រើន កាត់បន្ថយភាពក្រីក្របានកាន់តែច្រើនថែមទៀត”។លោកបន្ថែមថា “មានន័យថាទីផ្សារកំលាំ​ងពលកម្មនៅក្នុងប្រទេសកម្ពុជា នៅមានសក្ដានុពលខ្ពស់ និងអាចផ្គត់ផ្គង់កំលាំងពលកម្មទៅកាន់វិនិយោគិនឬថៅកែក្រុមហ៊ុនសហគ្រាសបាន”។

ជាមួយគ្នានេះលោកបានលើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុក ចាប់ផ្ដើមបោះទុនវិនិយោគ និងធ្វើជាថៅកែសម្រាប់កម្មករក្នុងស្រុកអោយកាន់តែច្រើន ដើម្បីជួយការងារកម្មករផង និងជួយសង្គមជាតិផង។

លោកផាន់ ផល្លារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានអោយដឹងផងដែរថា មកទល់ពេលនេះ បើទោះបីជាកម្ពុជាជួបនឹងបញ្ហាវិបត្តិកូវីដ១៩ក្ដី តែការវិនិ​យោគនៅក្នុងប្រទេសកម្ពុជានៅតែមានជាហូរហែរ និងទទួលបានការវិនិយោគជាបន្តបន្ទាប់ពីបរទេសនិងក្នុងស្រុក ដែលធ្វើអោយបុគ្គលិកកម្មករមួយចំនួនបន្តមានការងារធ្វើខណៈមួយចំនួនក៏ប្រឈមនឹងការបាត់បង់ការងារ និងបាត់បង់ការងារធ្វើរួចហើយ

សម្តេចតេជោនឹងធ្វើដំណើរទៅប៉េងកាំងនៅអំឡុងខែសីហា ដើម្បីធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

ដោយវុត្ថា

ភ្នំពេញៈ បើគ្មានអ្វីប្រែប្រួលនោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ទីក្រុងប៉េងកាំងប្រ​ទេសចិននៅអំឡុងខែសីហា ឆ្នាំ ២០២០ខាងមុខនេះ  ដើម្បីធ្វើជាអធិតីក្នុងពិធីចុះត្ថលេខាបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន។

លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថ្ងៃ៨  ខែកក្កដា ឆ្នាំ២០២០នេះ ឱ្យដឹងថា សម្ដេចហ៊ុន សែន នឹងធ្វើដំណើរទៅរដ្ឋធានីប៉េកាំង មុនថ្ងៃទី១២ ខែសីហា ដើម្បីជាអធិបតីភាពនៅក្នុងពិធីចុះហត្ថលេខា បញ្ជប់កិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងធ្វើការពិភាក្សាផ្សេងៗទៀត ដើម្បីបង្កើនល្បឿនក្នុងការជម្រុញសេដ្ឋកិច្ច ។

លោកបន្តថា “សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅដោយផ្ទាល់ដើម្បីធ្វើជាអធិបតី នៅក្នុងកិច្ចចុះហត្ថលេខាបញ្ចប់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ខណៈដែលកម្ពុជានាពេលបច្ចុប្បន្ននេះ បាននឹងកំពុងរៀបចំព    ន្លឿនការចរចាពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសកូរ៉េខាងត្បូង”។

លោក ផាន់ ផល្លា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងដែរថា បន្ទាប់ចុះហត្លលេខាបញ្ជប់ កិច្ចចរចាពាណិជ្ជកម្មសេរីជាមួយចិន នាពេលខាងមុខនេះ កម្ពុជា ក៏នឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េបន្ថែមទៀត ដែលនឹងធ្វើឱ្យប្រទេសកម្ពុជា មានទីផ្សារកាន់តែធំសម្រាប់ការធ្វើពាណិជ្ចកម្ម នៅក្នុងរយៈពេលវែង ស្រ​បពេលជាមួយគ្នានេះ កម្ពុជាគឺត្រូវមានការកែទម្រង់ ការលើកកម្ពស់ការប្រកួតប្រជែង ការសម្រួលធុរៈកិច្ច និងលុបបំបាត់របាំងពាណិជ្ជកម្ម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា មិនគ្រាន់តែទាក់ទាញការវិនិយោគកា​ន់តែច្រើនទៀតទៅក្នុងការផ្គត់ផ្គង់វត្ថុធាតុដើម និងការធ្វើពិពិធកម្មលើវិស័យឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនបរិមាណនាំចេញរបស់កម្ពុជា។ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជុំទី៣រវាងប្រទេសកម្ពុជា និងចិនបានដោះស្រាយរួចហើយ លើបញ្ហាដែលនៅសេសសល់ នៅក្នុងអត្ថបទកិច្ចព្រមព្រៀង និងបានអនុម័តជាគោលការណ៍ជុំវិញ ការបើកច្រកទីផ្សារលើទំនិញ និងសេវា។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈបានប្រាប់គេទំព័រ Propertyarea.asia នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០កន្លងមកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)រវាងកម្ពុជា និងចិនជាដំណាក់ទី៣ហើយ ហើយបើនិយាយសារៈប្រយោជន៍វិញ វាច្បាស់លាស់ជាងមុន។

លោកបន្តថា “ការកិច្ចការងារនេះសុក្រឹតជាមុន ហើយការធ្វើពាណិជ្ជកម្មរវាងប្រទេ​សទាំងពីរ មានភាពប្រាកដជាងមុនទៅលើប្រភេទទំនិញផ្សេងៗ ដែលមាននៅក្នុងកិច្ចព្រមព្រៀង”។លោកបន្តថា “ទំនិញទាំងឡាយ ដែលបានចុះកិច្ចព្រមព្រៀជាមួយគ្នា មានភាពប្រសើរជាង។ របាំងពាណិជ្ជកម្មផ្សេងៗ និងភាពស្មុគស្មាញផ្សេងៗ នឹងត្រូវបានសម្រួ​លឱ្យកាន់តែភាពប្រសើរជាងមុន”។

លោកបានថ្លែងថា ជាទូទៅប្រទេសចិនគឺធំ ប្រជាជនច្រើន ហើយប្រទេសយើងតូច។ ឧទាហរណ៍ បើនៅក្នុងកិច្ចព្រមព្រៀងទំនិញមាន១ម៉ឺនមុខ ដូច្នេះសំនួរសួរថា តើយើងមានទំនិញ១ម៉ឺនមុខ សម្រាប់ធ្វើការនាំចេញឱ្យដូចប្រទេសចិនដែរឬទេ។  ប៉ុន្តែកិច្ចព្រមព្រៀងនេះ នឹងធ្វើឡើងទៅតាមដំណាក់កាល។

លោកបន្ថែមថា ចំណុចដែលយើងអាចទទួលបានសារៈប្រយោន៍ ពីកិច្ចព្រមព្រៀងសេរី គឺថាប្រសិនបើយើងពន្លឿនកិច្ចព្រមព្រៀងកាន់តែលឿ នពីមួយដំណាក់ទៅមួយដំណាក់ យើងនឹងទទួលបានការបញ្ជាទិញរបស់ភាគីចិន លើទំនិញពីកម្ពុជាដែលកាន់តែមានភាពរលួនជាងមុន។

លោកបណ្ឌិតហុង វណ្ណៈបានលើកជាឧទាហរណ៍ថា ដូចករណីដែលចិនបានចុះកិច្ចព្រមព្រៀង ទិញស្វាយកែវរមៀតចំនួន៥០ម៉ឺនតោន ការទិញស្រូវ កៅស៊ូ ឬកសិផលផ្សេងៗពីកម្ពុជា ដូច្នេះភាគីទាំងពីរត្រូវតែឈរលើគោលការណ៍ និងការអនុវត្តរួមនៃភាគីទាំងពីរ ហើយឧបសគ្គផ្សេងៗត្រូវបានដោះស្រាយយ៉ាង  រលួន ព្រោះវាមានងាយស្រួលជាងមុន ចំពោះដំណើរការនៃឯសារពាណិជ្ជកម្ម និងហិរញ្ញវត្ថុ។ ពិសេសធុរជននៃប្រទេសទាំងពីរ នឹងមានពេញចិត្តចំពោះកិច្ចព្រមព្រៀងនេះ ព្រោះរដ្ឋ និងរដ្ឋនឹងសម្រួលដល់កិច្ចការពាណិជ្ជកម្មនេះ និងលើកទឹកចិត្តដល់ពួកគាត់ ដែលធ្វើការវិនិយោគកាន់តែមានសន្ទុះខ្លាំងឡើង៕

ADB បានអនុម័តកម្ចី២៥០លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា ចេញពីវិបត្តិCOVID-19

ដោយ៖ ប៊ី
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចីចំនួន២៥០លានដុល្លារ នៅថ្ងៃទី០៨ ខែកក្កដានេះ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាឱ្យចាកចេញបីជំងឺCOVID-19។
កម្ចីនេះនឹងពង្រឹងប្រព័ន្ធគាំពារសុខភាពក្នុងប្រទេស បង្កើនជំនួយសង្គម ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ព្រមទាំងផ្តល់ការ គាំទ្រសេដ្ឋកិច្ច សម្រាប់អាជីវកម្ម ដែលរួមមាន សហគ្រាសខ្នាតតូច និងមធ្យមផងដែរ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ការគាំទ្រនេះ នឹងជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយ ឥទ្ធិពលអវិជ្ជមាន នៃជំងឺរាតត្បាតនេះ លើសុខភាព សង្គម និងសេដ្ឋកិច្ច។

លោក Masatsugu Asakawa ប្រធានធានាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងថា “កម្ពុជាមានកំណត់ត្រា នៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចល្អ ប៉ុន្តែ COVID-19 គំរាមធ្វើឲ្យថយចុះ នូវការរីកចម្រើន ក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងចំណោមក្រុមងាយរងគ្រោះ ដូចជាស្រ្តី និងកម្មករចំណាកស្រុក។ កម្ចីនេះជាផែនការ ចូលរួមរយៈពេលវែងរបស់ ADB ដែលផ្តោតទៅលើ ការគាំទ្រការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ច និងនិរន្តរភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា”។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបន្ថែមទៀតថា ប្រទេសកម្ពុជា ងាយរងគ្រោះខ្លាំង ពីផលប៉ះពាល់អវិជ្ជមាននៃ COVID-19 ដោយសារសេដ្ឋកិច្ចបើក ចំហមូលដ្ឋានសេដ្ឋកិច្ចចង្អៀត និងប្រជាពលរដ្ឋចល័តច្រើន។
ADB រំពឹងថា សេដ្ឋកិច្ចកម្ពុជា អាចធ្លាក់ចុះក្នុងរង្វង់ -៥,៥% ក្នុងឆ្នាំ២០២០ ដោយសារការថយចុះ នៃវិស័យទេសចរណ៍ ការនាំចេញសំលៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ តិចជាងមុន និងការចុះថយនៃសកម្មភាពសំណង់។ ហានិភ័យនៃ ការធ្លាក់ចុះនេះអាចនឹងនាំឲ្យប្រជាពលរដ្ឋប្រមាណ ១,៣លាននាក់ ទៀតធ្លាក់ក្នុងភាពក្រីក្រ។

កាលពីខែមីនា កម្ពុជាប្រកាសដំណើរការ ការឆ្លើយតបស៊ីជម្រៅ ទៅនឹង COVID-19 ជាមួយនឹងកញ្ចប់ថវិកាវិធានការដំបូងសរុប ៨១៥,៧លានដុល្លា ដែលស្មើនឹង ៣,២% នៃផលិតផលក្នុងស្រុកសរុប រំពឹងទុកសម្រាប់ឆ្នាំ២០២០។
ទាំងនេះ រួមបញ្ចូលនូវការគាំទ្រ ទៅលើប្រព័ន្ធសុខាភិបាល ដើម្បីត្រៀមបង្ការ ការកើនឡើងនៃករណី COVID-19 ហើយសម្រាប់កម្មករ និងសហគ្រាស ដែលរួមមានការចាក់បញ្ចូលដើមទុន១៥០លានដុល្លារ ដើម្បីគាំទ្រធនាគារដែលផ្តល់កម្ចី ដល់អាជីវកម្មខ្នាតតូច និងមធ្យម។

កញ្ចប់ថវិកាគាំទ្រនេះ រួមមាន៖ ៣០០លានដុល្លារ សម្រាប់ការផ្តល់ជំនួយជាសាច់ប្រាក់ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានក្នុងបញ្ជីទិន្នន័យ របស់រាជរដ្ឋាភិបាល។ បញ្ជីទិន្នន័យ (IDPoor) នេះ មានបញ្ចូលគ្រួសារក្រីក្រ ២.៤លានគ្រួសារ ហើយកំពុងត្រូវបានបញ្ចូលបន្ថែមគ្រួសារ ដែលរងប៉ះពាល់ដោយ COVID-19។

កម្មវិធីគាំទ្រការចំណាយ និងឆ្លើយតបសកម្មទៅនឹង COVID-19 របស់ ADB (ដែលហៅកាត់ថា CARES) ត្រូវបានផ្តល់ថវិកាតាមរយៈជម្រើសឆ្លើយតប នឹងជំងឺរាតត្បាត COVID-19 (ហៅកាត់ថា CPRO) ក្រោមការជ្រោមជ្រែងរបស់ ADB ដើម្បីដោះស្រាយ ដំណើរសេដ្ឋកិច្ចមិនប្រក្រតី។

CPRO ផ្តួចផ្តើមឡើង តាមរយៈជំនួយរបស់ ADB ដែលត្រូវបានពង្រីករហូតដល់២០ពាន់លានដុល្លា កាលពីថ្ងៃទី១៣ ខែមេសា សម្រាប់សមាជិក ជាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត។
កម្មវិធីនេះ រួមបញ្ចូលនូវក្របខ័ណ្ឌចូលរួមរបស់ប្រទេស ដែលទទួលបានការគាំទ្រ ដើម្បីធានាថា រដ្ឋាភិបាល និង ADB បន្តកិច្ចពិភាក្សាគោលនយោបាយ ជុំវិញការអនុវត្ត និងតាមដាន ការឆ្លើយតបទៅនឹង COVID-19 របស់កម្ពុជា។ ក្របខ័ណ្ឌនេះ ក៏រួមមានការប្រឹក្សាយោបល់ ជាមួយវិស័យឯកជន និងអង្គការសង្គមស៊ីវិល។

កម្មវិធីនេះ ក៏ផ្សារភ្ជាប់ទៅនឹងសកម្មភាពគាំទ្របច្ចុប្បន្នរបស់ ADB សម្រាប់កំណែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពង្រឹងអភិបាលកិច្ច និងតម្លាភាព ព្រមទាំងបង្កើនប្រសិទ្ធផល ក្នុងការបង្កើតគោលនយោបាយ និងថវិកា ការតាមដានការចំណាយ និងសវនកម្ម។

កម្មវិធី CARE នេះ ត្រូវបានបង្កើតឡើង ដោយមានការសម្របសម្រួល ជាមួយដៃគូអភិវឌ្ឍន៍នានា និងបំពេញបន្ថែមទៅនឹងការគាំទ្ររបស់ ADB បច្ចុប្បន្នដើម្បីផ្គត់ផ្គង់ ឧបករណ៍ត្រួតពិនិត្យសីតុណ្ហភាព សម្រាប់ប៉ុស្តិ៍ត្រួតពិនិត្យ អន្តរជាតិ និងធានាការផ្តល់ បច្ចុប្បន្នភាព ទៀងទាត់ ដល់វេបសាយក្រសួងសុខាភិបាល ដែលបង្ហាញ របាយការណ៍តាមដាន COVID-19 និងព័ត៌មានពាក់ព័ន្ធផ្សេងៗរាល់ថ្ងៃ។

វាគឺជាផ្នែកមួយ នៃសក្តានុពលភាព ដ៏រឹងមាំនៃគម្រោងវិនិយោគ និងជំនួយបច្ចេកទេស ដែលផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្រភាព ជាដៃគូប្រចាំប្រទេសសម្រាប់កម្ពុជា របស់ ADB ឆ្នាំ ២០១៩-២០២៣ ហើយនឹងគាំទ្រដល់ការស្តារឡើងវិញ ក្រោយពីការរាតត្បាតនៃ COVID-19៕

វិស័យធនាគារនៅតែបន្តមានវឌ្ឍនភាព និងបានរួមចំណែកយ៉ាងសកម្មជំរុញ កំនើនសេដ្ឋកិច្ចជាតិ

ដោយៈ វុត្ថា

ភ្នំពេញៈ ទេសាភិបាលនៃធនាគារជាតិបានអះអាងថា វិស័យធនាគារនៅកម្ពុជានៅតែបន្តមានវឌ្ឍនភាព ប្រកបដោយទំនុកចិត្ត និងបានរួមចំណែកយ៉ាងសកម្ម គាំទ្រសកម្ម​ភាពសេដ្ឋកិច្ច។

ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើង១៧.៤ភាគរយ (ដល់២០៤ភាករយ នៃផ.ស.ស.) ឥណទានកើន១៩.៦ភាគរយ (១៣២ភាគរយ នៃផ.ស.ស.) ហើយប្រាក់បញ្ញើកើន១២.៣ភាគរយ (១១៣ភាគរយ នៃផ.ស.ស.)។

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០កន្លងមកថា បណ្តាញប្រតិបត្តិការ និងសេវាហិរញ្ញវត្ថុបានអភិវឌ្ឍ បានកើនចំនួនទីស្នាក់ការ និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅទូទាំងប្រទេសបានកើនដល់២.៤៦៥ ហើយម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) មានចំនួន៣,០៨១ គណនីប្រាក់បញ្ញើអតិថិជន កើនដល់៨.២លានគណនី និងគណនីឥណទានកើនដល់៣.២ លានគណនី។

លោកបានបន្ដថា “ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់សងប្រាក់ត្រូវបានធ្វើទំនើបកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ។ ប្រព័ន្ធបាគង និងប្រព័ន្ធរីថែលផេត្រូវបានដាក់ឱ្យដំណើរការបឋម ហើយគ្រោងដាក់ឱ្យដំណើរការជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខ”។

លោកបន្ថែមថា ទន្ទឹមនេះស្តង់ដាQRកូដ កំពុងត្រូវបានអភិវឌ្ឍន៍ក្នុងគោលដៅសម្រួលដល់ការទូទាត់ឆ្លងគ្នា រវាងគ្រឹះស្ថានផ្តល់សេវាទូទាត់ និងការអនុវត្តគម្រោងភ្ជាប់ការទូទាត់ជាមួយប្រទេសក្នុងតំបន់។ ធនាគារជាតិនៃកម្ពុជា បានបន្តគ្រប់គ្រងចរាចរណ៍សាច់ប្រាក់ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាជនទូទាំងប្រទេស។ ការប្រើប្រាស់ប្រាក់រៀល កើនឡើងគួរឱ្យកត់សំគាល់ក្នុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះ ដែលឆ្លុះបញ្ចាំងដោយកំណើនរូបិយវត្ថុ ក្នុងចរាចរណ៍៣៦.៤ភាគរយ និងកំណើនសមាមាត្រឥណទានជារៀលដល់១៣ភាគរយ នៃឥណទានសរុប។

លោកជា ចាន់តូបានបញ្ជាក់ទៀតថា សេដ្ឋកិច្ចពិភពលោក កំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលជំងឺ Covid-19 ហើយសេដ្ឋកិច្ចកម្ពុជា ក៏បានទទួលឥទ្ធិពលអវិជ្ជមាននេះផងដែរ ពិសេសវិស័យទេសចរណ៍ កម្មន្តសាល និងសំណង់។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ការឆ្លងជំងឺ Covid-19។

ជាមួយគ្នានេះ វិធានការគាំទ្រចំពោះវិស័យដែលប៉ះពាល់ និងប្រជាពលរដ្ឋងាយរងគ្រោះ ត្រូវបានដាក់ជាបន្តបន្ទាប់ ដែលបានកាត់បន្ថយផលប៉ះពាល់ និងរក្សានិរន្តរភាពនៃអាជីវកម្មព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកបានបន្ដថា ជញ្ជីងទូទាត់ត្រូវបានប៉ាន់ស្មានថាមានអតិរេក ដោយសារលំហូរចូលគណនីហិរញ្ញវត្ថុ នៅតែអាចផាត់ទាត់ការកើនឡើងឱនភាពគណនីចរន្ត ដែលបណ្តាលមកពីការធ្លាក់ចុះចំណូលពីទេសចរ និងប្រាក់បង្វែររបស់ពលករក្រៅប្រទេស។ ទុនបម្រុ​ងអន្តរជាតិរក្សាបានកម្រិតខ្ពស់ ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ប្រមាណ១០ខែខ្ពស់ ជាងកម្រិតអប្បបរមា សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍គួរមាន(៣ខែ)។

លោកបានបន្ថែមថា អតិផរណារួមមានកម្រិតទាប ក្នុងអត្រា២.៥ភាគរយ  ដោយ​សារការធ្លាក់ថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ដែលបានបន្ថយសម្ពាធនៃកំណើនថ្លៃក្រុមម្ហូបអាហារ។ ជាមួយគ្នានេះអត្រាប្តូរប្រាក់រៀល ធៀបនឹងប្រាក់ដុល្លារអាមេរិកបានកើនឡើងបន្តិច រូបិយវត្ថុទូទៅ(M2) មានកំណើន១១.៥ភាគរយ ទាបជាងកំនើនក្នុងគ្រាដូចគ្នាឆ្នាំមុន២៣.៤ភាគរយ ជាចម្បងបណ្តាលមកពី កំណើនទាបនៃប្រាក់បញ្ញើជារូបិយប័ណ្ណ៧.២ភាគរយ ដោយសារការថយចុះសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ទោះបីជាប្រាក់បញ្ញើជារៀល បានបន្តកើនឡើងខ្ពស់៤១ភាគរយក៏ដោយ៕

សម្តេចតេជោគ្រោងអនុញ្ញាតឱ្យប្រជាពលរដ្ឋឈប់សំរាកចំនួន៥ថ្ងៃជំនួសបុណ្យ ចូលឆ្នាំខ្មែរដែលបានផ្អាក

ដោយវុត្ថា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយកដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់មន្រ្តីពាក់ព័ន្ធ ត្រូវរៀបចំថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃ នៅចុងខែកក្កដា ឬដើមខែសីហាខាងមុខនេះដែលជាការឈប់សំរាកជំនួសពិធីបុណ្យចូលឆ្នាំខ្មែរ ដែលបានផ្អាកកាលពីពេលកន្លងទៅ។

សម្តេតេជោហ៊ុន សែន បានមានប្រសាសន៍ តាមរយៈសារផ្ញើរជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលត្រូវបានចែកចាយតាមរយៈបណ្តាញសង្គមនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២០នេះ ដោយបានបញ្ជាឱ្យលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចប្រជុំគណៈកម្មកំណត់រៀបចំពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដើម្បីសងដល់វិញ តាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចតេជោបានមានប្រសាសន៍ថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានវាយលុកពាសពេញសកលលោក រួមនឹងប្រទេសយើងផងដែរ ទើបរាជរដ្ឋាភិបាលសម្រេចលើកពេលថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដើម្បីបញ្ជៀសនូវការជួបជុំ ដែលអាចបង្កឆ្លងរីករាលដាល នូវជំងឺកូវីដ១៩មកដល់ប្រជាពលរដ្ឋ ។

សម្តេចតេជោបន្តថា “រហូតមកទល់ពេលនេះ វាជាពេលសមល្មម ដែលត្រូវសងតាមការសន្យា ជូនចំពោះប្រជាជនទូទាំងប្រទេស ជាពិសេមន្រ្តីរាជការ និងកម្មករតាមរោងចក្រនានាផងដែរ ដើម្បីបានឈប់សម្រាក”។

ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នៅឆ្នាំ២០២០នេះ បានកំណត់តាមប្រតិទិន នៅថ្ងៃ១៣រហូតដល់ថ្ងៃទី១៦ខែមេសា ប៉ុន្តែដោយសារការបង្ការ ការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ ទើបប្រមុខរាជរដ្ឋាភិបាល ប្រកាសលើកពេលមិនឱ្យមានការឈប់សម្រាក ប៉ុន្តែអាចប្រារព្ធពិធី ចូលឆ្នាំនៅគេហដ្ឋានរៀងៗខ្លួនបាន ដោយសន្យាសងថ្ងៃឈប់សម្រាក រយៈពេល៥ថ្ងៃ ជូនវិញ ។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យកំណត់ថ្ងៃឱ្យចំថ្ងៃភ្ជាប់ជាមួយសៅរ៍និងអាទិត្យ  ពោលគឺឈប់ចាប់ពីថ្ងៃចន្ទ ដល់សុក្រ រួចសៅរ៍និងអាទិត្យ ដែលអាចមន្រ្តីរាជការ ឈប់សម្រាកបានពេញ១សប្តាហ៍តែម្ដង ៕

ស្ពានអាកាសចំនួន២ នឹងបង្ហាញខ្លួននៅទីប្រជុំជនផ្លូវជាតិលេខ៣

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបង្ហាញពីគម្រោងនៃការសាងសង់ស្ពានអាកាសចំនួន២បន្ថែមទៀតស្ថិតនៅតំបន់ទីប្រជុំជន ឆ្លងកាត់ផ្លូវជាតិលេខ៣ ដើម្បីជួយសម្រួលដល់ការចរាចរណ៍ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ពេលធ្វើដំណើរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ថា ពេលក្រសួងសាធារណការបានសិក្សា និងពិភាក្សាជាមួយមន្ត្រីជំនាញ រួមជាមួយនឹងអភិបាលខេត្តតាកែវ និងអភិបាលខេត្តកំពង់ពាក់ព័ន្ធទៅនឹងគម្រោងសាងសង់ស្ពានអាកាសរួចរាល់។

លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា “ទីតាំងដែលនឹងត្រូវសាងសង់ស្ពានអាកាសនេះគឺស្ថិតនៅតំបន់ទីប្រជុំជន ជាពិសេសនៅម្ដុំផ្សារត្រាំខ្នា ខេត្តតាកែវ ព្រំប្រទល់ជាមួយនឹងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ តំបន់មានមានមនុស្សច្រើន ដែលប្រឈមទៅនឹងគ្រោះថ្នាក់ពេលធ្វើដំណើរឆ្លងផ្លូវភ្លោះដែលមានគន្លង ដូច្នេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ពេលធ្វើដំណើរឆ្លងផ្លូវ គឺចាំបាច់ត្រូវតែមានស្ពានអាកាសនៅតំបន់នេះ”។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះថា “គម្រោងសាងសង់ស្ពានអាកាសសម្រាប់អ្នកថ្មើរជើងនេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានសិក្សាលម្អិតជាមួយក្រុមមន្ត្រីជំនាញបច្ចេកទេសរួចរាល់ហើយ ហើយពាក់ព័ន្ធទៅនឹងពេលវេលាបើកការដ្ឋានសាងសង់ គឺអាស្រ័យលើមន្ត្រីបច្ចេកទេសរបស់ក្រសួង និងក្រុមហ៊ុនម៉ៅការសាងសង់។ ដោយឡែកទីតាំងសម្រាប់សាងសង់ស្ពានអាកាសមួយកន្លែងទៀតដែលស្ថិតនៅផ្លូវជាតិលេខ៣មួយទៀតនៅតំបន់ណាឱ្យពិតប្រាកដនោះ ខ្ញុំនៅមិនទាន់ដឹងច្បាស់ទេ ដឹងត្រឹមគម្រោងស្ពាននៅតំបន់ព្រំប្រទល់ស្រុកគងពិសី ជិតផ្សារត្រាំខ្នា ខេត្តតាកែវ”។

លោកបានបញ្ជាក់ទៀតថា “គ្រប់គម្រោងសាងសង់ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល គឺសុទ្ធតែក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងតំបន់ និងអ្នកធ្វើដំណើរទាំងអស់ ហើយការអភិវឌ្ឍន៍នេះនឹងនៅតែបន្តដំណើរទៅមុខជាបន្តបន្ទាប់ទៀតស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ”៕

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ៖ ការទិញ-លក់ អចលនទ្រព្យបច្ចុប្បន្ន មិនសូវផ្តល់ផលចំណេញច្រើនដល់សេដ្ឋកិច្ចជាតិ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បើទោះជាទីផ្សារអចលនទ្រព្យក្នុងស្រុកបច្ចុប្បន្ននៅតែបន្តសកម្មភាពទិញ-លក់ជាធម្មតា ដែលមិនទោរទន់ទៅតាមវិបត្តិសេដ្ឋកិច្ចពិភពលោកយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបានអះអាងថា វិស័យមួយនេះហាក់មិនបានផ្តល់នូវផលចំណេញខ្ពស់មកដល់សេដ្ឋកិច្ចកម្ពុជាដូចឆ្នាំកន្លងទៅនោះទេ។

នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីវិធានការរបស់រដ្ឋាភិបាល ទ្រទ្រង់ ស្ដារ និងជំរុញសេដ្ឋកិច្ច ឆ្លើយតបនឹងវិបត្តិជំងឺ Covid-19 ថា ចាប់តាំងដើមឆ្នាំ២០២០ វិស័យអចលនទ្រព្យនៅកម្ពុជាបានទទួលរងនូវភាពអវិជ្ជមានដោយសារអំណាចនៃការរាតត្បាតនៃជំងឺឆ្លង តែមិនធ្ងន់ធ្ងរដូចវិស័យទេសចរណ៍នោះទេ។

លោកបានមានប្រសាសន៍ថា “រហូតមកដល់ពេលនេះ ទីផ្សារអចលនទ្រព្យ ការទិញ-លក់ មិនថាចំពោះការទិញផ្ទះ ការសាងសង់សំណង់អាគារ ឬការវិនិយោគនៅក្នុងដីធ្លីនោះទេ គឺនៅតែមានបន្តមានសកម្មភាពដដែល ប៉ុន្តែមិនសូវបានផ្តល់ផលចំណេញមកដល់សេដ្ឋកិច្ចកម្ពុជានោះទេ។ ទីផ្សារអចលនទ្រព្យគឺមានច្រើនច្រើនប្រភេទ ប៉ុន្តែខ្ញុំសុំលើកឡើងតែផ្នែកដីធ្លី។ សព្វថ្ងៃនេះទីផ្សារដីធ្លីគឺមានការវិនិយោគជា២ប្រភេទ ទី១គឺការវិនិយោគទិញទុកលក់បន្តយកចំណេញ និងការវិនិយោគដោយការទិញដីសម្រាប់អភិវឌ្ឍន៍”។

លោក វង្សី វិស្សុត បានបញ្ជាក់ថា “ការទិញដីសម្រាប់អភិវឌ្ឍន៍ជារោងចក្រ សហគ្រាស ជាលំនៅដ្ឋាន ឬជាអាគារផ្សេងៗ គឺជាអ្វីដែលរដ្ឋាភិបាលចង់បាន ហើយក៏ជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ។ ប៉ុន្តែសម្រាប់ការវិនិយោគ ដោយទិញដីទុកលក់បន្តយកចំណេញ ហាក់មិនសូវផ្តល់ផលដល់សេដ្ឋកិច្ចនោះទេ។ មានអ្នកខ្លះទិញដីទុកចោលរាប់ឆ្នាំរង់ចាំឱកាសឡើងថ្លៃ ចំណេញច្រើនទើបលក់ ខណៈដែលគេរកដីសម្រាប់ដាំដុះមិនបានផងនោះ។ យើងចង់បានការវិនិយោគ ហើយអភិវឌ្ឍន៍ច្រើនជាងការទិញដីទុកចោលពីសំណាក់អ្នកមានទ្រព្យមួយចំនួន”។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោក ហុង វណ្ណៈ បានមានប្រសាសន៍ថា គ្រប់សកម្មភាពនៃការវិនិយោគគ្រប់រូបភាពទាំងអស់ គឺសុទ្ធតែជាចំណែមួយនៃចំណូលដល់សេដ្ឋកិច្ចជាតិ។ ដោយឡែកសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យក្នុងរូបភាពទិញដីទុកលក់បន្តយកចំណេញក៏បានចាក់បញ្ចូលផលចំណេញដល់សេដ្ឋកិច្ចជាតិផងដែរ តាមរយៈការបង់ពន្ធ។

លោកបញ្ជាក់ថា “ជាការពិត រដ្ឋាភិបាលចង់បានការវិនិយោគទៅលើតម្រូវការពិត ដូចជាការទិញដីដើម្បីអភិវឌ្ឍន៍គ្រប់រូបភាពផ្សេងៗ ប៉ុន្តែរដ្ឋក៏មានអាចបង្ខំមិនឱ្យមានការទិញដីទុកលក់យកចំណេញក្នុងរយៈពេលវែងនោះដែរ។ ប៉ុន្តែទោះជាយ៉ាងខ្ញុំក៏លើកទឹកចិត្តដល់អ្នកជំនួញ និងអ្នកអភិវឌ្ឍន៍នៅក្នុងវិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធនានាបន្តនូវសកម្មភាពវិនិយោគរបស់ខ្លួនបន្ត ដែលជាការរួមចំណែកនៅក្នុងពង្រឹង និងបង្កើនកំណើនសេដ្ឋកិច្ចជាតិ” ៕

លោកវង្សី វិស្សុតអះអាងថារដ្ឋាភិបាលនឹងកសាងមេទ័ពដឹកនាំក្នុងវិស័យឯកជន

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា រដ្ឋាភិបាលបាននិងកំពុងរៀបចំមេទ័ពក្នុងវិស័យឯកជន ដើម្បីជួយពន្លឿនដល់សេដ្ឋកិច្ចជាតី ខណៈកម្ពុជាមានមេទ័ពក្នុងវិស័យសាធារណៈរួចហើយ។

លោកវង្សី វិស្សុតរដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងក្នុងសន្និសីទសារព៌តមាននាព្រឹកថ្ងៃទី៨ កក្កដានេះថា រដ្ឋាភិបាលបានបង្កើតមេទ័ពក្នុងវិស័យឯកជន ខណៈមេទ័ព ក្នុងវិស័យសាធារណៈក៏រដ្ឋាភិបាលបានរៀបចំរួចហើយ ហេតុនេះទើបរដ្ឋាភិបាលបាននិងកំពុងរៀបចំមជ្ឈមណ្ឌលSME ដើម្បីជួយលើកកំពស់វិស័យនេះ តាមរយៈគោលនយោបាយ ការបង្កើតការងារ ការបណ្តុះបណ្តាលជាដើម។

លោកបន្តថា “ក្នុងកាលៈទេសៈនេះវិស័យSMEងើបឡើងវិញ ដោយសារការចំណា​យរបស់ប្រជាពលរដ្ឋ ដែលទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាល ដល់ប្រជាពលរដ្ឋក្រីក្រ ដែលពួកគេនឹងចំណាយ ខុសពីអ្នកមានដែលបានលុយទុកខ្លះចាយខ្លះ តែអ្នកក្រីក្រចាយច្រើន”។លោកបន្តថា “ក្នុងពេលនេះអ្នកដែលខ្លាំង(ក្រុមហ៊ុន)នឹងរស់ ប៉ុន្តែអ្នកដែលខ្សោយនឹងស្លាប់”។

លោកវង្សី វិស្សុតបានបន្តថា ក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម រដ្ឋាភិបាលក៏បានកសាងគោលនយោបាយជាច្រើន ដើម្បីលើកទឹកចិត្តដល់វិស័យសហគ្រាសធុនតូច និងមធ្យម ដែលកំពុងមានការងើបឡើងវិញ៕

ការនាំចេញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់៣,៧៨៤លានដុល្លារ ក្នុងឆមាសទី១ឆ្នាំនេះ

ដោយ ប៊ី

ភ្នំពេញៈ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់៣,៧៨៤ លានដុល្លារ នៅក្នុងឆមាសទី១ ឆ្នាំ២០២០ ធ្លាក់ចុះ៥,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីមុនដែលមានទឹកប្រាក់៤,០០០លានដុល្លារ។ នេះបើយោងតាមការលើកឡើងរបស់លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដា​លវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។

លោកហេង សួរ បានថ្លែងនៅឯវេទិការសន្និសីទព័ត៌មានស្តីពី វិធានការរបស់រដ្ឋាភិបាល ឆ្លើយតបវិបត្តិជំងឺកូវីដ១៩ ថ្ងៃនេះថា ការធ្លាក់ចុះនេះ បណ្តាលមកបីការបញ្ជាទិញសម្លៀកបំពាក់ពីទីផ្សារអន្តរជាតិ ប៉ុន្តែរដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍ ដ៏មានប្រសិទ្ធិភាព និងសកម្មភាពដើម្បីឆ្លើយតបនឹងវិបត្តិសកលនេះ។

លោកបានបន្តថា រោងចក្រចំនួនសម្លៀកបំពាក់ និងស្បែកជើងចំនួន៤៥០បានព្យូរនៅក្នុងឆមាសទី១ ខណៈរោងចក្រ៨៣បានបិទទ្វារ បើធៀបនឹងឆ្នាំ២០១៩ រោងចក្រ ៧៥ បិទ។

លោកបានឱ្យដឹងទៀតថា “ប្រសិនបើគ្មានវិធានការរបស់រដ្ឋាភិបាល ដ៏ប្រសិទ្ធភាព រោងចក្រជាច្រើនអាចនឹងត្រូវបានបិទ។ វិធានការទាំងនេះ ដូចជាកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច និងជួយដល់កម្មករ”៕

រដ្ឋាភិបាលកម្ពុជាចំណាយ១,១៦ពាន់លានដុល្លារដុល្លារដើម្បីជំរុញសេដ្ចកិច្ច

ដោយម៉ា ណេត

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាន និងកំពុងចំណាយថវិកាជាតិប្រហែល១,១៦ ពាន់លានដុល្លារ ដើម្បីជំរុញសេ្ឋកិច្ច និងទប់ទាល់នឹងវិបត្តិជំងឺកូវីដ១៩ ដែលកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសកល។

រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក វង្សី វិស្សុតបានថ្លែងនៅឯវេទិការសន្និសីទព័ត៌មានស្តីពី វិធានការរបស់រដ្ឋាភិបាល ឆ្លើយតបវិបត្តិជំងឺកូវីដ១៩ នៅថ្ងៃទី៨ខែកក្កដាឆ្នាំ២០២០នេះបានថ្លែងថា រដ្ឋាភិបាលបានចំណាយ១,១៦០ លានដុល្លារ ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩។

លោកបានថ្លែងថា “ក្នុងចំណោមថវិកាទាំងនោះ ថវិកាប្រហែលជាង៥០០លានដុល្លារត្រូវយកទៅជួយប្រជាជនដែលងាយគ្រោះ និងជាង៦០០លានដុល្លារយកជួយក្រុមហ៊ុន និងសហគ្រាស ដែលរងផលប៉ះពាល់”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍កន្លងមកនេះឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ថវិកាបដិភាគប្រមាណ៤០ដុល្លារអាមេរិក និង រោងចក្រសហគ្រាស ប្រមាណ៣០ដុល្លារអាមេរិក សរុប៧០ដុល្លារអាមេរិកដល់កម្មករ និយោជិត ដែលកំពុងជួបបញ្ហាក្នុងអំឡុងពេលដែលមានវិបត្តិនេះ។

ទន្ទឹមនឹងនេះ មជ្ឍដ្ឋានប្រជាពលពលរដ្ឋទូទៅ មិនថាតែមន្ត្រីរដ្ឋការសាធារណៈឡើយ បានចូលរួមចំណែកប្រយុទ្ធប្រឆាំង នឹងជំងឺនេះជាមួយនឹងរដ្ឋាភិបាលយ៉ាងសស្រា​ក់សស្រាំ និងថែមទាំងបានជួយរែកពន់នូវបន្ទុក និងការលំបាកនេះក្នុងស្មារតីចែករំលែកទៀត។

ក៏ប៉ុន្តែទោះបីជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល នឹងនៅតែបន្តតាមដាន ស្ថានភាពវិវត្តន៍នៃជំងឺនេះ ប្រកបដោយការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ចៀសឲ្យបាននូវការរីករាលដាលធ្ងន់ធ្ងរ នៃជំងឺដ៏កាចសាហាវនេះ។

ធនាគារពិភពលោកបានឱ្យដឹងថា ការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំ ទៅលើក្បាលម៉ាស៊ីនសំខាន់ៗ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះមាន វិស័យទេសចរណ៍ ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ ដែលទាំងអស់នេះតំណាងឱ្យជាង៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃប្រមាណជា៤០ភាគរយ នៃការងារសរុបរបស់ប្រទេស។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា “វិបត្តិជាសកលដែលបង្កដោយការរាលដាលនៃជំងឺកូវីដ-១៩នេះ បានធ្វើឱ្យមានការប៉ះទង្គិចយ៉ាងដំណំ មកលើសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២០”។

លោកស្រីមានប្រសាសន៍បន្ថែមទៀតថា“ធនាគារពិភពលោកប្តេជ្ញាចិត្តថា នឹងជួយកម្ពុជា ក្នុងការជួយដោះស្រាយឱ្យមានប្រសិទ្ធភាព ជាមួយវិបត្តិកូវីដ-១៩នេះ និងក្នុងការពង្រឹងសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ និងមានភាពធន់នាពេលអនាគត”៕