វិស័យសំណង់នៅក្នុងរាជធានីភ្នំពេញបានអភិវឌ្ឍន៍រហូតដល់ក្រឡាផ្ទៃប្រមាណ៥ម៉ឺនម៉ែត្រការ៉េក្នុងមួយហិកតា

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាមួយកំណើននៃកិច្ចអភិវឌ្ឍន៍ឥតឈប់ឈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការវិនិយោគជាដៃគូយ៉ាងសំខាន់ពីសំណាក់វិស័យឯកជន បច្ចុប្បន្ន សម្រាប់តែរាជធានីភ្នំពេញ នៅតំបន់មួយចំនួនធំបានពង្រីកនូវវិសាលភាពក្នុងវិស័យសំណង់យ៉ាងខ្លាំង ដែលប្រែប្រួលពីផ្ទៃសំណង់ប្រមាណជាង៣ពាន់ម៉ែត្រការ៉េក្នុងមួយហិកតា កើនដល់៥ម៉ឺនម៉ែត្រការ៉េក្នុងមួយហិកតា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសបើកសម្ពោធការដ្ឋានសាងសង់ស្ពានតភ្ជាប់ពីកោះនរាមកកាន់តំបន់កោះពេជ្រ និងស្ពានតភ្ជាប់ពីកោះនរាទៅកាន់ផ្លូវជាតិលេខ១ថា កាលពីមុន នៅក្នុងរាជធានីភ្នពេញ ដីទំហំ១ហិកតា មានផ្ទៃសំណង់ត្រឹមតែជាង៣០០០-៥០០០ម៉ែត្រការ៉េតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ក្រោមកិច្ចអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅរបស់រាជរដ្ឋាភិបាល បានពង្រីកវិសាលភាពរហូតដល់ប្រមាណ៥ម៉ឺនម៉ែត្រការ៉េ។

សម្ដេចតេជោ បានបញ្ជាក់ថា “ភាពរីកចម្រើនទាំងនេះ ក៏ត្រូវពឹងផ្អែកទៅលើការចូលរួមពីសំណាក់វិស័យឯកជនជាសំខាន់ផងដែរ ជាក់ស្ដែងដូចជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ដែលកំពុងមានភាពលេចធ្លោ និងមានសកម្មភាពអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ដែលក្នុងនោះរួមមានគម្រោងអភិវឌ្ឍន៍កោះពេជ្រ គម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ គម្រោងអភិវឌ្ឍន៍ក្រុងកោះនរា ក៏ដូចជាគម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះអន្តរជាតិ ភ្នំពេញថ្មីដែលស្ថិតនៅក្នុងខេត្តកណ្តាល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here