ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាមួយសកម្មភាពអភិវឌ្ឍន៍ និងសាងសង់សំណង់អាគារខុនដូខ្ពស់ៗ ដើម្បីដាក់បញ្ចូលទៅក្នុងទីផ្សាររួមនៅពេលបច្ចុប្បន្ន អ្នកជំនាញ និងជាប្រតិបត្តិកនៅក្នុងវិស័យមួយនេះបានអះអាងថា ទីផ្សារខុនដូនៅត្រឹមចុងឆ្នាំ២០២០នេះ បានផ្តល់ផលចំណេញយ៉ាងច្រើនទៅដល់អតិថិជន ខណៈដែលពេលដែលជនបរទេស ដែលជាអតិថិជនគោលដៅនៅមិនទាន់វិលត្រឡប់មកកាន់កម្ពុជា។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ Homes Global Realty លោក សុត វិរៈបានមានប្រសាសន៍នៅល្ងាចថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា ជាពិសេសផ្នែកសំណង់ខុនដូ មិនមានការធ្លាក់ចុះខ្លាំងនោះទេ បើធៀបទៅនឹងវិស័យដទៃទៀត ដែលទទួលរងនូវផលប៉ះពាល់ពីវិបត្តិ នៃជំងឺរាលដាលជាសកល ក៏ដូចជាគ្រោះជំនន់ដែលកំពុងបន្តកើតមាន។
លោកបញ្ជាក់ថា “ទីផ្សារខុននៅកម្ពុជា ហាក់មិនទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ជាពិសេសក្រោយពេលដែលអ្នកអភិវឌ្ឍន៍ គម្រោងបានងាកមកប្រើយុទ្ធសាស្ត្រនៃការផ្លាស់ប្ដូរទីផ្សារគោលដៅពីអតិថិជន ដែលជាជនជាតិបរទេស មកចាប់យកអតិថិជនដែលជាជនជាតិខ្មែររស់នៅក្នុងស្រុក” ។ លោកបន្តថា “ជាមួយនឹងការផ្តល់នូវកម្មវិធីលើកទឹកចិត្តដល់អតិថិជន ដើម្បីជម្រុញដល់ការលក់នូវប្រភេទខុនដូកម្រិតមធ្យម ដែលមានតម្លៃចាប់ពីជាង៥-៦ម៉ឺនដុល្លារឡើងទៅក្នុងមួយយូនីត យើងឃើញសកម្មភាពទិញលក់ពីប្រជាពលរដ្ឋក្នុងស្រុកមានការកើនឡើង” ។
លោកបានបន្តថា បច្ចុប្បន្នយើងឃើញមានគម្រោងជាច្រើនបាន និងកំពុងបន្តការសាងសង់យ៉ាងមមាញឹក ដើម្បីបញ្ចប់តាមគម្រោង និងដាក់បញ្ចូលទៅក្នុងទីផ្សាររួម ស្របពេលដែលប្រជាជនខ្មែរមួយចំនួនធំ បានចាប់ផ្តើមស្វែងយល់ពីអត្ថប្រយោជន៍ ភាពងាយស្រួលនៃការរស់នៅ ក្នុងលំនៅដ្ឋានសហកម្មសិទ្ធិនៅក្នុងក្រុង និងការរស់នៅលំនៅដ្ឋានដាច់ដោយឡែកផ្ទាល់ដីនៅតាមតំបន់ជាយក្រុង។
លោកថា “ការរស់នៅក្នុងលំនៅដ្ឋានសហកម្មសិទ្ធិ ពិតជាមានអត្ថប្រយោជន៍ និងភាពងាយស្រួលច្រើន ជាពិសេសសម្រាប់ប្រជាជនក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍” ។
នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា “តម្លៃខុនដូដែលត្រូវបានដាក់លក់ នៅលើទីផ្សារនាពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ គឺមានភាពខុសគ្នាច្រើន មានន័យថា តម្លៃពេលនេះថោកជាងមុនច្រើន ដោយសារតែភាពអវត្តមាននៃទីផ្សារគោលដៅ ដែលជាជនជាតិបរទេស” ។
លោកស្រីបញ្ជាក់ថា នៅឆ្នាំបន្ទាប់ឬឆ្នាំ២០២១ខាងមុខនេះ ក្រោយពេលដែលស្ថានភាពនៃការរាលដាលជំងឺកូវីដ ត្រូវបានគ្រប់គ្រង និងមានថ្នាំបង្ការជាផ្លូវការ ដែលអាចអនុញ្ញាត ឱ្យមានការធ្វើដំណើរឆ្លងប្រទេស ឆ្លងតំបន់ ដើម្បីប្រតិបត្តិការទៅការធ្វើជំនួញ និងវិនិយោគយ៉ាងទូលំទូលាយឡើងវិញ នោះតម្លៃខុនដូ ក៏ដូចជាផ្នែកផ្សេងទៀតនៃវិស័យអចលនទ្រព្យ នឹងកើនឡើងជាងពេលបច្ចុប្បន្ន។
លោកស្រីបន្តថា “ដូច្នេះសម្រាប់អ្នកដែលមានធនធាន និងចង់វិនិយោគអចលនទ្រព្យនៅក្នុងដំណាក់កាលនេះ នឹងអាចទទួលបានផលចំណេញច្រើន” ៕