កម្ពុជា កំពុងក្លាយជាប្រភពសន្ដិសុខស្បៀងក្នុងអំឡុងពេលជួបវិបត្តិសេដ្ឋកិច្ចសាកល

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្ថិតនៅក្នុងស្ថានភាពដែលពិភពលោកកំពុងជួបភាពប្រឈមយ៉ាងខ្លាំងទៅលើបញ្ហានៃវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺឆ្លង សម្រាប់ប្រទេសកម្ពុជាហាក់មានភាពភព្វសំណាងដែលនៅតែអាចរក្សាបាននូវភាពល្អប្រសើរជាងបណ្តាប្រទេសដទៃទៀត ជាពិសេស ការរក្សាបាននូវសន្ដិសុខស្បៀងតាមរយៈការធ្វើពិពិធកម្មវិស័យកសិកម្ម រហូតមានការនាំចេញថែមទៀត។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីវិធានការរបស់រដ្ឋាភិបាលទ្រទ្រង់ ស្ដារ និងជំរុញសេដ្ឋកិច្ច ឆ្លើយតបនឹងវិបត្តិជំងឺ Covid-19 នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា បច្ចុប្បន្នេះ កម្ពុជា ក៏ជាប្រទេសមួយដែលស្ថិតនៅក្នុងស្ថានភាពរងគ្រោះពីវិបត្តិសាកលដែលកំពុងកើតមានដូចបណ្តាប្រទេសនានានៅទូទាំងពិភពលោកដែរ។

លោកបានបញ្ជាក់ថា “ជាក់ស្ដែងនៅក្នុងបរិបថនេះ កម្ពុជាពិតជាជួបផលលំបាក ប៉ុន្តែដោយសារតែប្រជាជនកម្ពុជាមានកិច្ចសហការ និងគោរពតាមវិធានការរបស់រាជរដ្ឋាភិបាល Power Structure យើងបានជៀសផុតពីការគំរាមកំហែងមួយចំនួន ជាពិសេសថែមទាំងអាចរក្សាបាននូវសន្ដិសុខស្បៀងទាំងក្នុងប្រទេស ហើយថែមទាំងអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសថែមទៀត”។
លោកបានបញ្ជាក់ថា “វិស័យកសិកម្មមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមពលរដ្ឋកម្ពុជា ហើយអាចផ្គត់ផ្គត់ទីផ្សារនៅក្រៅប្រទេសថែមទៀត បើទោះជាការនាំចេញនៅពេលនេះមានការធ្លាក់ចុះបន្តិចក៏ដោយ ដែលទាំងងអស់នេះអាចនិយាយបានថា កម្ពុជា ក៏ជាប្រភពរក្សាសន្តិសុខស្បៀងបានមួយចំណែកដែរ។ ក្រៅពីការនាំចេញផ្នែកកសិកម្ម យើងក៏មានការកើនឡើងនៃការនាំចេញនូវវិស័យផ្សេងទៀត ដូចជាកងជាដើម ដែលមានកំណើន”។

លោក វង្សី វិស្សុត បានបញ្ជាក់ថា បើទោះជាកម្ពុជាអាចរក្សាបាននូវសន្តិសុខស្បៀង រួមជាមួយនឹងការនាំចេញក៏ដោយ ប៉ុន្តែយើងក៏ត្រូវតែពង្រឹង និងពង្រីកនូវលទ្ធភាពនៃការផលិតឱ្យបានច្រើន ប្រកបដោយគុណភាពស្របតាមកម្រិតស្ដង់ដារ ហើយមានតម្លៃសមរម្យ ដែលអាចសមស្រប និងប្រកួតប្រជែងនៅលើទីផ្សាររួម៕

កម្ពុជា​ប្រមូល​ពន្ធ​នាំចេញ-នាំចូល បាន​ជាង ២២៨លាន​ដុល្លារ​ក្នុង​រយៈពេល៥ខែ​ដំបូង​ដើមឆ្នាំ​នេះ

ដោយ៖ ប៊ី

ភ្នំពេញ ៖ កម្ពុជា​ប្រមូល​ចំណូល​ពន្ធ​លើ​ពាណិជ្ជកម្ម​ក្រៅប្រទេស រួមមាន​ពន្ធអាករ​លើ​ការនាំ​ចូល និង​ពន្ធអាករ​លើ​ការនាំ​ចូល​សរុប​បាន​ចំនួន​ជាង ៩១២ ប៊ី​លាន​រៀល ស្មើ​ជាង ២២៨ លាន​ដុល្លារ ក្នុង​រយៈពេល៥ខែ​ដំបូង​ដើមឆ្នាំ២០២០ ។

ការប្រមូល​ពន្ធអាករ​លើ​ការនាំ​ចូល បាន​ជាង ៩០៤ ប៊ី​លាន​រៀល និង​ពន្ធអាករ​លើ​ការនាំ​ចូល​បាន​ចំនួន​ជាង ៧ ប៊ី​លាន​រៀល។ នេះ​បើ​យោងតាម​របាយការណ៍រ​ដ្ឋា​ភិ​បាល​ចេញផ្សាយ​កាលពីពេលថ្មីៗនេះ។

ការអនុវត្ត​ពន្ធ​ពាណិជ្ជកម្ម ក្រៅប្រទេស នៅក្នុង​ខែមេសា ឆាំ្ន២០២០ កម្ពុជា​អនុវត្តន៍​ចំណូល​ពន្ធ​បាន​ចំនួន​ជាង ១៥២ ប៊ី​លាន​រៀល ខណៈ​ក្នុង​ខែមេសា អនុវត្តន៍​ការប្រមូល​ពន្ធ​ប្រភេទ​នេះ បាន​ត្រឹម​ជាង ១៣៩ ប៊ី​លាន​រៀល។

គិត​ក្នុង​រយៈពេល ៥ខែ ដើមឆ្នាំ២០២០ នេះ ការប្រមូល​ចំណូល​ពន្ធ​លើ​ការធ្វើ​ពាណិជ្ជកម្ម​ក្រៅប្រទេស អនុវត្តន៍​បាន​ជាង ៩១២ ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជិត ៣៣ ភាគរយ នៃ​ច្បាប់​ហិរញ្ញវត្ថុ​ដែល​បានកំណត់ នៅក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ២ ៧៦៩ ប៊ី​លាន​រៀល ។

ជាមួយនឹង​ការអនុវត្ត​ពន្ធ​នៃ​ការនាំ​ចូល​នេះ ក្នុងនោះ​ពន្ធ​សម្រាប់​ការនាំ​ចូល​ទំនិញផ្សេងៗ (លើកលែង​ប្រេងឥន្ធនៈ) សរុប​បាន​ប្រមាណ ៦៤២ ប៊ី​លាន​រៀល, ពន្ធគយ​លើ​ផលិតផល​តេ​ល​សិលា សរុប​បាន​ជិត ១១០ ប៊ី​លាន​រៀល អាករ​បន្ថែម​លើ​ផលិតផល​តេ​ល​សិលា​សម្រាប់​ថែទាំ​ផ្លូវថ្នល់ សរុប​បាន​ជាង ១២៥ ប៊ី​លាន​រៀល ពន្ធ​នាំចូល​ទំនិញ​ជា​វត្ថុធាតុដើម​សម្រាប់​ផលិត​ឱសថ សរុប​ជាង ៧ប៊ី​លាន​រៀល និង​ប្រភេទ​ពន្ធ​នាំចូលផ្សេងៗទៀត​មាន​ចំនួន​ជាង ២០ប៊ី​លាន​រៀល សរុប​ទាំងអស់​សម្រាប់​ចំណូល​ពន្ធ​លើ​ពាណិជ្ជកម្ម​នាំចូល ការអនុវត្ត​បាន​ប្រមាណ​ជាង ៩០៤ ប៊ី​លាន​រៀល។

ចំណែក​ពន្ធ​និង​អាករ​លើ​ការនាំចេញ នៅក្នុង​រយៈពេល៥ខែ​នេះដែរ ក្នុងនោះ​អាករ​លើ​ការនាំចេញ​ឈើ មាន​ចំនួន​ជិត ២ ប៊ី​លាន​រៀល អាករ​លើ​ការនាំចេញ​កៅស៊ូ​មាន ៤,៥១ ប៊ី​លាន​រៀល និង​ប្រភេទ​ពន្ធ​លើ​ការនាំចេញផ្សេងៗមាន ចំនួន ០,៨៩ ប៊ី​លាន​រៀល សរុប​លើ​ពន្ធ​និង​អាករ​លើ​ការនាំចេញ​ទាំងអស់ អនុវត្តន៍​បាន​ប្រមាណ ៧,៤២ ប៊ី​លាន​រៀល ។

នៅក្នុង​រយៈពេល៥ខែ​នេះ កម្ពុជា​អនុវត្តន៍​ចំណូល​ក្នុងប្រទេស​សរុប​បាន​ចំនួន​ជាង ៩ ៦៥៣ ប៊ី​លាន​រៀល ស្មើ​ជាង ៤០ ភាគរយ នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ២០២០ ក្នុងនោះ​ចំណូល​ក្នុងស្រុក​អនុវត្តន៍​បាន​ជិត ៧ ៦៧៥ ប៊ី​លាន​រៀល, ចំណូល​ពន្ធ​លើ​ពាណិជ្ជកម្ម​ក្រៅប្រទេស អនុវត្តន៍​បាន​ចំនួន​ជាង ៩១២ ប៊ី​លាន​រៀល និង​ចំណូល​មិនមែន​សារពើពន្ធ​ប្រមូលបាន ៩៩៩ ប៊ី​លាន​រៀល​ផងដែរ៕

ខេត្តស្វាយរៀង នៅតែមាន​ភាព​ទាក់ទាញ​ក្នុងការ​វិនិយោគ​វិស័យ​សំណង់

ដោយ ៖ រ៉ា​ណេ​ត

ស្វាយរៀង ៖ វិស័យ​សំណង់​នៅក្នុង​ខេត្តស្វាយរៀង ជាពិសេស នៅ​ក្រុង​បាវិត​ដែលជា​តំបន់​ពាណិជ្ជកម្ម​ពិសេស​ជាប់​ព្រំដែន នៅតែ​បន្តសកម្មភាព​អភិវឌ្ឍន៍ និង​សាងសង់​ដដែល ដោយ​មិន​ស្ងប់ស្ងាត់​ដោយសា​រវិន​ត្តិ​សេដ្ឋកិច្ច​នោះឡើយ។ នេះ​បើតាម​ការអះអាង​របស់​លោក​អភិបាលរង​ខេត្តស្វាយរៀង។

អភិបាលរង​ខេត្តស្វាយរៀង លោក លោក រស់ ផា​រិ​ទ្ធ បាន​អះអាង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តស្វាយរៀង នៅ​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ថា​វិស័យ​សំណង់​នៅក្នុង​ខេត្តស្វាយរៀង​នាពេល​បច្ចុប្បន្ននេះ នៅតែ​បន្ត​មានការ​ភាព​ចំរើន​គួរឱ្យកត់សម្គាល់ និង​គួរ​ជាទី​ទាក់ទាញ​មិន​ចាញ់​បណ្តា​ខេត្ត​មួយចំនួន​របស់​កម្ពុជា​នោះទេ។

លោក​បាន​បញ្ជាក់ថា “ទាំង​វិស័យ​សំណង់​លំនៅដ្ឋាន ទាំង​សំណង់​អាគារខ្ពស់ៗ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្មផ្សេងៗ បាន និង​កំពុង​បន្ត​ការសាងសង់​ដោយ​មិនមាន​ការផ្អាក់​នោះទេ ហើយ​រដ្ឋបាលខេត្ត​ក៏​ទទួលបាន​លិខិត​ស្នើសុំ​ធ្វើ​អាជីវកម្ម​ពី​វិស័យ​ឯកជន​មួយចំនួនទៀត ដែល​ភាគច្រើន​គឺ​ស្ថិតនៅក្នុង​វិស័យ​សំណង់” ។

នាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Kraty Realthy Co,. Ltd លោក ចក់ ស៊ី​ណាត បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ថា បើ​និយាយ​ពី​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្តស្វាយរៀង ភាគច្រើន​គេ​ផ្តោត​សំខាន់​ទៅ​ក្រុង​បាវិត ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ព្រំដែន ច្រើនជាង​នៅ​ទី​រួម​ខេត្ត។

លោក​បាន​បន្តថា “ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​សាងសង់​សំណង់​ដែល​កំពុង​បន្តសកម្មភាព​ទាំងអស់​ដូច​ការលើកឡើង​ខាងលើ ភាគច្រើន​អាចជា​គម្រោង​ចាស់​ដែល​បន្សល់ទុក​តាំងពី​ឆ្នាំមុន ដែល​វា​មិនមែនជា​គម្រោង​ថ្មី​ដែល​ទើបតែ​ចាប់ផ្តើម​នៅ​ដើមឆ្នាំ២០២០នោះទេ” ។ លោក​ថា “គម្រោង​សំណង់ធំៗ មិនមែន​ចំណាយពេល​ត្រឹម១ឆ្នាំ​អាច​បញ្ចប់​ការសាងសង់​នោះទេ មិន​ថា​ចំពោះ​គម្រោង​សំណង់​បណ្តុំ​លំនៅដ្ឋាន ឬ​ជា​គម្រោង​អាគារខ្ពស់ៗសម្រាប់​បម្រើ​ដល់​វិស័យ​ពាណិជ្ជកម្ម​នោះទេ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ សកម្មភាព​ទាំងអស់នេះ ជា​ចំណែក​មួយ​យ៉ាងសំខាន់​នៅក្នុង​ការជួយ​គាំទ្រ​នូវ​ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​សំណង់ ក៏ដូចជា​ទីផ្សារ​អចលនទ្រព្យ​ផងដែរ” ។

លោក ចក់ ស៊ី​ណាត បាន​បន្តទៀតថា “ភាពស្ងប់ស្ងាត់​នៃ​តម្រូវការ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ក្រុង​បាវិត​គឺ​បណ្តាលមកពី​បញ្ហា​នៃ​វិបត្តិ​ជំងឺឆ្លង ដែល​អាជីវកម្មធំៗមួយចំនួន​ត្រូវបាន​ផ្អាក់​ដំណើរការ ដូចជា អាជីវកម្ម​កាស៊ីណូ មណ្ឌល​កម្សាន្ត រោងចក្រ​មួយចំនួន ប៉ុន្តែ​នៅពេលថ្មីៗនេះ រាជរដ្ឋាភិបាល​បានសម្រេច​អនុញ្ញាតឱ្យ​អាជីវកម្ម​ទាំងនេះ​បើក​ដំណើរការ​ឡើងវិញ វា​នឹង​ជួយ​ជំរុញ​ឱ្យ​សកម្ម​នៃ​តម្រូវការ​ទីផ្សារ​អចលនទ្រព្យ​មាន​សកម្មភាព​ឡើងវិញ ដោយ​រាប់បញ្ចូល​ចាប់ពី​ទីផ្សារ​នៃ​ការជួល​អាគារ​អាជីវកម្ម និង​អាគារ​សម្រាប់​ស្នាក់នៅ​ឡើងទៅ” ។

អ្នកវិភាគ​សេដ្ឋកិច្ច និង​អចលនទ្រព្យ​មួយចំនួន​បានធ្វើ​ការអះអាង​ស្រដៀង​គ្នា​ថា ការវិនិយោគ​នៅក្នុង​ក្រុង​បាវិត​នឹង​បន្ត​កើនឡើង ហើយ​ប្រែក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​នាពេល​អនាគត ដោយសារ​មាន​ភាព​អំណោយផល​លើក​ក្តា​ទីតាំង​ភូមិសាស្ត្រ ត​ភ្ជាប់​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដែលមាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​លើ​ពិភពលោក។  បន្ថែម​ពីនេះ ក្រុង​បាវិត​ត្រូវ​បានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ល្អ មាន​អំណោយផល​ដល់​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន ទៅកាន់​កំពង់ផែ​ទឹក​ជ្រៅ​របស់​វៀតណាម ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ក្រុង​បាវិត តំបន់ឧស្សាហកម្ម​ពិសេស ស្ថិតក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥-២០២៥ ៕

ឆមាស​ទី១ ឆ្នាំ២០២០ ក្រសួង​ដែនដី​បានទទួល​បណ្តឹង​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​ចំនួន ២៩ករណី

ដោយ វុត្ថា

ភ្នំពេញ៖ ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២០នេះ អគ្គនាយកដ្ឋាន​សំណង់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់  បានទទួល​ពាក្យបណ្តឹង​ទាក់ទង​វិវាទ​ពាក់ព័ន្ធ នឹង​ការងារ​សំណង់​ចំនួន ២៩ ករណី ក្នុងនោះ បាន​ដោះស្រាយ​បញ្ចប់​ជា​ស្ថា​ព័រ​ចំនួន ៤ ករណី និង បាន​បញ្ជូនទៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី រាជធានី​ខេត្ត បាន​បញ្ជូន ចំនួន ៦ករណី និង​មិនមាន​ករណី​បញ្ជូនទៅ​តុលា និង រាជធានី​ខេត្ត​នោះទេ ។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​ផ្សព្វផ្សាយ​កាលពីពេលថ្មីៗ បានឱ្យដឹងថា  អគ្គនាយកដ្ឋាន​សំណង់​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កំពុង​បន្ត​ដោះស្រាយ​ចំនួន ១៨ ករណី និង​បាន​ផ្អាក​ការដ្ឋាន​ចំនួន ១លើក។

របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា គិត​ចាប់ពី​ឆ្នាំ ២០១៦ រហូតដល់​ខែមិថុនា ឆ្នាំ ២០២០នេះ អគ្គនាយកដ្ឋាន​សំណង់​បានទទួល​វិវាទ​សំណង់​ចំនួន ១៤៣ ករណី ក្នុងនោះ ទទួលបាន​ពី​រាជធានី​ចំនួន ១២៦ ករណី និង​ទទួលបាន​ពី​ខេត្ត​ចំនួន ១៧ ករណី បាន​បញ្ជូនទៅ​មន្ទីរ​រាជធានី​ខេត្ត​វិញ​ចំនួន ១៨ករណី បញ្ជូនទៅ​តុលាការ​ចំនួន ៨ករណី បញ្ជូនទៅ​រដ្ឋបាល​រាជធានី​ខេត្ត​ចំនួន ៤ករណី ផ្អាក​ការដ្ឋាន​ចំនួន ១០ ដោះស្រាយ​បញ្ចប់​ចំនួន ៤៨ ករណី​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​សុរិយោដី​ចំនួន ១ ករណី និង​កំពុង​ដោះស្រាយ​ចំនួន ៥៤ករណី។

ក្រៅពីនេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​ញ្ជូ​ន​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់ ដើម្បី​ផ្តល់​លិខិតអនុញ្ញាត​បើក​រដ្ឋា​នស​ណង់ លិខិត​បិទ​ការដ្ឋាន និង​លិខិតអនុញ្ញាត​ជួសជុល​ចំនួន ១៣០ ការដ្ឋាន និង​បានធ្វើ​ការអប់រំ និង​ពន្យល់​ណែនាំ​ដល់​ម្ចាស់​ការដ្ឋាន​សំណង់ កម្មករ និង​អ្នកពាក់ព័ន្ធ​បាន​ចំនួន ៣៤៧០ នាក់។

ជាមួយគ្នានេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានរៀបចំ​ក្រុមការងារ​របស់​អគ្គនាយក​ដ្ឋា​ន​សំណង់​ចំនួន ៤ ក្រុម ដែល​ក្នុង​មួយក្រុម​មាន​ចំនួណ ៥ នាក់ ដើម្បី​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់ ដោយ​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២០នេះ សម្រេចបាន ក្រុមទី ១ បាន​ចំនួន ១៣ ការដ្ឋាន  ក្រុមទី ២ បាន ៣២ ការដ្ឋាន ក្រុមទី ៣ បាន១៧ការដ្ឋាន និង ក្រុមទី ៤ បាន៣៨ ការដ្ឋាន៕

ចំណេះដឹង! អ្វី​ជា​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ?

ដោយ ​វុត្ថា

ភ្នំពេញ៖ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ គឺជា​ឯកសារ​ផ្លូវការ​មួយ ប្រើ​ដើម្បី​បញ្ជាក់ ពី​ប្រភពដើម​ទំនិញ​ដែល​បាន​ផលិត ឬ​បានទទួល​ទាំងស្រុង នៅក្នុង​ប្រទេសមួយ។ ជាទូទៅ​ឯកសារ​នេះ គឺជា​ផ្នែក​ស្នូល​នៃ​ឯកសារ នាំចូល ដែល​ប្រទេស​នាំចូល​បាន​តម្រូវ។

នៅពេល​អនុវត្ត​ទម្រង់ការ​ទាំងឡាយ សម្រាប់​នាំចេញ​ទំនិញ ក្រោម​ប្រព្រឹត្តិកម្ម អនុគ្រោះ អ្នក​នាំចេញ ឬ​តំណាង​ទទួល​សិទ្ធិ​របស់ខ្លួន ត្រូវដាក់​ពាក្យ ជា​លាយលក្ខណ៍អក្សរ ស្នើសុំ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ដោយ​ភ្ជាប់​មកជា​មួយ នូវ​ឯកសារ​គាំទ្រ ត្រឹមត្រូវ ដែល​បង្ហាញថា ទំនិញ​ដែល​ត្រូវ​នាំចេញ មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការចេញ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ។ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ មាន​ពីរ​ប្រភេទ​គឺ៖ មិន​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ និង​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ។

1. ប្រទេស​ដែល​តម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ​C/O

  • វិញ្ញាបនបត្រ​បញ្ជាក់ ប្រភពដើម​ទំនិញ ទទួលបាន​អត្រាពន្ធ​អនុគ្រោះ ក្នុង​ទម្រង់ផ្សេងៗ ដែល​ចេញ​ដោយ​កម្ពុជា។
  • អាស៊ាន-អូស្ត្រាលី-ញ៉ូ​វ​ហ្សី​លែ​ន៖ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ ទម្រង់ AANZ
  • ចិន: វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ AC
  • ឥណ្ឌា: វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ AI
  • កូរ៉េ: វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ AK
  • ជប៉ុន: វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ AJ
  • វៀតណាម: វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់ S
  • ប្រព័ន្ធ​អនុគ្រោះ​ទូទៅ ផ្នែក​ពាណិជ្ជកម្ម (LDC និង LLDC): វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​A
  • អត្រាពន្ធ​មិន​អនុគ្រោះ អាច​ចេញ​បាន ដោយ​ប្រើ វិ​ញ្ញាប​ន​ប័ត្រ បញ្ជាក់​ប្រភពដើម​ទំនិញ ទម្រង់ N

2. របៀប​ដាក់ពាក្យ​ស្នើសុំ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ C/O

អ្នក​នាំចេញ​ចាំបាច់ ត្រូវដាក់​ពាក្យស្នើសុំ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ នៅ​នាយកដ្ឋាន នាំចេញ-នាំចូល ក្រសួងពាណិជ្ជកម្ម។ នីតិវិធី នៃ​ការដាក់​ពាក្យ ស្នើសុំ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ អាច​រកបាន​នៅ ក្នុង​ប្រកា​សលេខ១១២ MOC/SM 2013 ស្តីពី​ការកែប្រែ នីតិវិធី ចេញ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ៕

ប្រធានសមាគម CVEA ៖ តំបន់ព្រែកព្នៅនឹងប្រែមុខមាត់ទៅជាតំបន់លំនៅដ្ឋានកម្រិតខ្ពស់ និងទាន់សម័យ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្ថិតនៅប៉ែកខាងជើងនៃរាជធានីភ្នំពេញ បច្ចុប្បន្ននេះ ខណ្ឌព្រែកព្នៅ បានក្លាយតំបន់ដែលកំពុងមានសក្ដានុពល និងជាគោលដៅវិនិយោគពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍បុរីលំនៅដ្ឋានធំជាច្រើន ដែលនឹងប្រែមុខមាត់ខណ្ឌមួយនេះឱ្យកាន់តែមានភាពទាក់ទាញខណ្ឌសែនសុខនោះឡើយ។

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ខណ្ឌព្រែកព្នៅក្នុងពេលបច្ចុប្បន្ននេះ កំពុងតែមានភាពទាក់ទាញលើការវិនិយោគក្នុងវិស័យលំនៅដ្ឋាន ហើយបន្តិចទៀតមិនចាញ់តំបន់ភាគខាងត្បូងរាជធានីភ្នំពេញនោះឡើយ។

លោក ច្រឹក សុខនីម បានមានប្រសាសន៍ទៀតថា “បន្តិចទៀតខណ្ឌព្រែកព្នៅលែងជាតំបន់ជាយក្រុងទៀតហើយ ដោយសារតែមានការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្រោមគម្រោងរបស់រាជរដ្ឋាភិបាល ដែលមានប្លង់មេអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ពីវិស័យឯកជនទៅលើវិស័យលំនៅដ្ឋានបែបប្រណីត និងទំនើប ដែលមានតម្លៃថ្លៃ”។

លោកបានបន្តទៀតថា “តាមខ្ញុំដឹង ពេលនេះមានក្រុមហ៊ុនអភិវឌ្ឍន៍បុរីលំនៅដ្ឋានបែបប្រណីតជាច្រើន ដូចជាក្រុមហ៊ុន ជីពម៉ុង ប៉េងហួត អ័រគីដេរវីឡា លីហួរ រួមជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកអាគារពាណិជ្ជកម្មផងដែរ សុទ្ធតែមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតខ្ពស់នៅតំបន់នេះ ដែលនឹងធ្វើឱ្យតំបន់ដែលស្ថិតនៅចន្លោះផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ កាន់តែមានសក្ដានុពល និងប្រែមុខមាត់ទៅជាក្រុងថ្មីមួយទៀត ដែលប្រមូលផ្តុំទៅដោយលំនៅដ្ឋានបែបទំនើប”។

ដូចទៅនឹងការលើកឡើងរបស់ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាខាងលើនេះ បច្ចុប្បន្នគេឃើញមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបប្រណីតជាច្រើនកំពុងបង្ហាញវត្តមាន រួមជាមួយនឹងសកម្មភាពសាងសង់យ៉ាងមមាញឹក។ ជាក់ស្ដែងដូចជា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទាន់សម័យ បុរី ខេស៊ី ដែលកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ។

បុគ្គលិកផ្នែកលក់លំនៅដ្ឋានបុរី ខេស៊ី កញ្ញា ឡេង ម៉ាឡា បានប្រាប់ឱ្យដឹងថា ជាមួយនឹងភាពល្អប្រសើរនៃសក្ដានុពលនៃតំបន់ ដែលស្ថិតនៅកណ្តាលទីប្រជុំជននៃខណ្ឌព្រែកព្នៅ បុរី ខេស៊ី បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន។ អ្វីដែលសំខាន់ និងជាចំណុចលេចធ្លោរជាងគេ គឺការផ្ដល់ជូននូវលក្ខខណ្ឌយ៉ាងងាយស្រួលក្នុងការក្លាយជាម្ចាស់កម្មសិទ្ធិលំនៅដ្ឋានក្នុងបុរី ខេស៊ី ស្របច្បាប់ដោយលោកអ្នកគ្រាន់តែបង់ប្រាក់លើកដំបូងត្រឹមតែ ១០០០ដុល្លារតែប៉ុណ្ណោះ ហើយបង់បណ្តាក់ក្នុងរូបភាពជារំលោះ បន្តបន្ទាប់ស្របទៅតាមគោលការណ៍ងាយៗ ដែលបានកំណត់ដោយក្រុមហ៊ុនអភិវឌ្ឍន៍។

បន្ថែមពីនេះ លក្ខណៈពិសេសជាច្រើនទៀតរបស់បុរី ខេស៊ី ធ្វើឱ្យមានភាពទាក់ទាញខ្លាំង គឺស្ថិតនៅក្នុងតំបន់មានសក្ដានុពល អំណោយផលដល់ការរស់នៅប្រកបដោយផាសុកភាព ងាយស្រួលក្នុងការប្រកបអាជីវកម្ម ហ៊ុព័ទ្ធទៅដោយផ្សារសហគមន៍ សាលារៀនឯកជន និងសាលារដ្ឋ មន្ទីរពេទ្យ តំបន់កម្សាន្ត ក្រសួង ស្ថាប័នរដ្ឋធំៗ គម្រោងអភិវឌ្ឍន៍ផ្សារទំនើប រួមជាមួយនឹងបណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងងាយស្រួលចរាចរណ៍ ចេញ -ចូលក្រុង ដើម្បីបំពេញកិច្ចការងារ ក៏ដូចជាប្រកបមុខរបរនានាប្រចាំថ្ងៃផងដែរ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ៖ ០៩៣ ៦៦១ ១៥០ / ០១៦ ៧៣ ១៦ ៦១ / ០៨៩ ៧៨ ៧៧ ២១

ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-កូរ៉េ ឈានដល់ការចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ សារៈសំខាន់នៃទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងកូរ៉េ ទាំងផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម ព្រមទាំងនយោបាយ បានជំរុញឱ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាបន្តបន្ទាប់ រហូតឈានដល់ការប្រកាសចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីក្នុងពេលដ៏ខ្លីខាងមុខ។

នេះបើយោងតាមលទ្ធផលនៃកិច្ចពិភាក្សាការងារ រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានភាព និងការវិវត្តនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជានៅតែបន្តគាំទ្រអង្គការពាណិជ្ជកម្មពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយអង្គការ WTO បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់សមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច ដែលរួមមានកម្ពុជាផងដែរ ឱ្យទទួលបានភាពអនុគ្រោះពាណិជ្ជកម្ម និងប្រព្រឹត្តិកម្មពិសេស ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយអង្គការ WTO ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលពាណិជ្ជកម្មពិភពលោកដែរ។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានស្នើសុំឱ្យភាគីកូរ៉េ ជួយផ្សព្វផ្សាយពីបរិយកាសវិនិយោគដ៏ល្អប្រសើររបស់កម្ពុជាទៅដល់វិស័យឯកជនកូរ៉េ ដើម្បីទាក់ទាញវិនិយោគិនបន្ថែម ជាពិសេសសម្រាប់វិស័យកែច្នៃកសិផល គ្រឿងបង្គុំអេឡិចត្រូនិក និងរថយន្ត ដើម្បីផ្សារភ្ជាប់ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក ក៏ដូចជាវិនិយោគលើវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាវិស័យដ៏មានសក្ដានុពលមួយរបស់សាធារណរដ្ឋកូរ៉េ៕

សម្តេចក្រឡាហោម ស ខេង ជំរុញឱ្យមានការរៀបប្លង់គោលប្រើប្រាស់ដីនៅតំបន់ប៉ូលសេដ្ឋកិច្ចឱ្យបានមុនពេលអភិវឌ្ឍន៍

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យមានការរៀបចំប្លង់គោលប្រើប្រាស់ដីនៅតាមតំបន់ប៉ូលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឱ្យបានមុខការអភិវឌ្ឍឈានមកដល់ បើមិនដូច្នោះទេ វានឹងធ្វើឱ្យមានស្ថានភាពច្របូកច្របល់ដូចគ្នាទៅនឹងខេត្តព្រះសីហនុជាឧទាហរណ៍ស្រាប់។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ គឺជាការរៀបចំសង្គមឱ្យមានរបៀបរៀបរយ។ ជាមួយគា្ននេះ ការររៀបចំប្លង់គោលប្រើប្រាស់ដីនៅតាមតំបន់ប៉ូលសេដ្ឋកិច្ចឱ្យបានត្រឹមត្រូវមុនការអភិវឌ្ឍឈានមកដល់ក៏ជារឿងសំខាន់ បើមិនចាប់ផ្តើមពីពេលនេះ វានឹងធ្វើឱ្យច្របូកច្របល់នាពេលអនាគត។

សម្តេចក្រឡាហោម ស ខេង ថ្លែងថា “មានតំប់ខ្លះ ខ្ញុំមិននិយាយពីចរាចណ៍នោះទេ ខាងនគរូបនីយកម្ម ការរៀបចំប្លង់គោលនៅតំបន់មួយចំនួនជាពិសេសតំបន់ដែលជាប៉ូលសេដ្ឋកិច្ច បើយើងមិនគិតពីឥឡូវ រឿងហ្នឹងវានឹងច្របូកច្របល់អស់ហើយ ហើយទៅមុខវាមិនងាយកែនោះទេ”។

សម្តេចបន្តថា “ឥឡូវនេះ នៅកំពង់សោម វាទៅចឹង ហើយបានកែបានបណ្តើរៗ ខេត្តមណ្ឌលគីរី ខ្ញុំ ឧទាហរណ៍ចឹង ជាប៉ូលសេដ្ឋកិច្ចមួយដែរ ហើយឥឡូវនាំគ្នាទៅចាប់ដី ហើយកំពុងតែមានរឿងមិនទាន់ដោះស្រាយផង ហើយសុទ្ធតែធំៗ ប៉ុណ្ណា ខ្ញុំមិនដឹងទេ តែខ្ញុំដឹងតែធំៗ”។

រដ្ឋាភិបាលកាលពីកន្លងមកនេះ បានចេញសេចក្តីព្រាងអនុក្រឹត្យស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន នៅទូទាំងប្រទេស ក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដី ដើម្បីកំណត់អំពីចង្ខុវិស័យ និងយុទ្ធសាស្ត្ររួម សម្រាប់ការអភិវឌ្ឍរូបវ័ន្ត និងកំណត់អំពីប្រភេទប្រើប្រាស់ដី ព្រមទាំងបង្ហាញអំពីទម្រង់ទីក្រុង បណ្តាញហេដ្ឋារចនាសម្ព័ទ្ធទីក្រុង គមនាគមន៍សំខាន់ៗនៃទីក្រុង និងការធ្វើសមាហរណកម្ម។ ប្លង់គោលត្រូវភ្ជាប់មកជាមួយនូវគម្រោងអភិវឌ្ឍន៍ទីក្រុងតាមលំដាប់អាទិភាពសម្រាប់រយៈពេលខ្លី មធ្យម និងរយៈពេលវែង។

ប្លង់គោលប្រើប្រាស់ដីធ្លី ( Land Use Plan): ជាផែនការលម្អិតចេញពីប្លង់គោល កំណត់អំពីប្រភេទដី និងតំបន់នៃការប្រើប្រាស់ដីនីមួយៗ កំណត់អំពីបទប្បញ្ញត្តិនៃការប្រើប្រាស់ដី ការអភិវឌ្ឍ ការអភិរក្ស និងបទប្បញ្ញតិ្តសាងសង់ក្នុងតំបន់នីមួយៗព្រមទាំងកំណត់អំពីបណ្តាញគមនាគមន៍ និងការធ្វើសមហរណកម្ម៕

តំបន់ជាយក្រុងភ្នំពេញ ផ្លូវ១១៤ កំពុងទាក់ទាញការអភិវឌ្ឍវិស័យលំនៅដ្ឋានកម្រិតលើមធ្យម

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ធ្លាប់តែជាតំបន់ជាយក្រុងដែលអមសងខាងផ្លូវដោយចំការបន្លែ សួនផ្កា និងលិចទឹកនៅក្នុងរដូវស្សា ផ្លូវជាតិ១១៤ នៅពេលនេះបានក្លាយទៅជាតំបន់ដែលមានភាពទាក់ទាញក្នុងការវិនិយោគ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានបែបទាន់សម័យកម្រិតលើមធ្យម ដោយមានតម្លៃចាប់ពីជាង១០ម៉ឺនដុល្លារឡើងទៅ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះថា ស្ទើរតែគ្រប់តំបន់ជាយក្រុងទាំងអស់សុទ្ធតែមានតម្រូវការទីផ្សារ និងសកម្មភាពអភិវឌ្ឍន៍ទាំងអស់ ជាពិសេសការអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានតម្លៃមធ្យម។

លោកឧកញ៉ាបានមានប្រសាសន៍បន្តទៀតថា “សម្រាប់នៅតំបន់ផ្លូវជាតិ១១៤ ដូចដែលបានលើកឡើងខាងលើ បច្ចុប្បន្នពិតជាមានសកម្មភាពសាងសង់សំណង់លំនៅដ្ឋានច្រើនជាងឆ្នាំកន្លងទៅ ដែលជាការបង្ហាញឱ្យឃើញពីកាលានុវត្តភាព និងភាពអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជំរុញ និងលើកទឹកចិត្តដល់បណ្តាអ្នកវិនិយោគនានានៃវិស័យឯកជន”។

លោកឧកញ៉ាបញ្ជាក់ថា “ការបង្ហាញវត្តមាន និងសកម្មភាពសាងសង់សំណង់លំនៅដ្ឋានទាំងនេះ ជាការអនុវត្តទៅតាមគម្រោង និងផែនការរបស់អ្នកអភិវឌ្ឍន៍ ប៉ុន្តែសម្រាប់តម្លៃនៃអចលនទ្រព្យ ជាពិសេសដីធ្លីនៅតំបន់នេះ ហាក់ឈានដល់ចំណុចទ្រឹងមិនមានការកើនឡើងទៀតនោះទេ ដោយសារតែតម្លៃដីបានកើនខ្ពស់រួចទៅហើយ ហើយសម្រាប់អ្នកដែលវិនិយោគវិស័យដីធ្លីដើម្បីទទួលយកចំណេញបន្តលើការទិញ-លក់ ក៏បានរំលងផុតពីតំបន់នេះដែរ”។

ជាមួយនឹងការលើកឡើងខាងលើនេះ លោកឧកញ៉ា នួន រិទ្ធី ក៏បានបញ្ជាក់ថា ពេលនេះតំបន់ដែលស្ថិតនៅតាមបណ្តោយផ្លូវ១១៤ ឬផ្លូវក្រវ៉ាត់ក្រុងទី២នេះ មិនស័ក្ដិសមការវិនិយោគទៅលើដីធ្លីទៀតនោះទេ ប៉ុន្តែវានៅតែផ្តល់ឱកាសល្អសម្រាប់អ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋាន មិនថាពេលនេះ ឬ ៣-៥ឆ្នាំ ខាងមុខទៀត។

ស្រដៀងនឹងការលើកឡើងខាងលើនេះ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ផងដែរថា សកម្មភាពសាងសង់សំណង់លំនៅដ្ឋាននៅតាមបណ្តោយផ្លូវជាតិលេខ១១៤ គឺមានច្រើន ប៉ុន្តែមិនមានជាលក្ខណៈបុរីធំធេងនោះទេ ពោលគឺមានជាប្រភេទបណ្តុំសំណង់លនៅដ្ឋានលក្ខណៈបែបបុរី និងលំនៅដ្ឋានដាច់ដោយឡែក។

លោកបន្តថា “នៅតំបន់នេះ បើអភិវឌ្ឍន៍ជាបុរីធំៗ ហាក់ពិបាកបន្តិច ដោយសារតែទី១តម្លៃដីឡើងថ្លៃ ទី២ដីមានម្ចាស់ច្រើននាក់ និងមិនមានទំហំធំនោះទេ ដូច្នេះ ភាគច្រើនគឺមានតែប្រភេទគម្រោអភិវឌ្ឍន៍លំនៅដ្ឋានជាបណ្តុំ ដែលអ្នកអភិវឌ្ឍន៍ធ្វើឡើងតាមលទ្ធភាពរបស់ខ្លួនដូចជាខ្លះ មាន២០ខ្នងនៅជាប់ផ្លូវធំ គម្រោងអាចលើសពីនេះ ដែលអាចដាក់លក់ក្នុងតម្លៃចាប់ពីជាង១០ម៉ឺនដុល្លារឡើងទៅ” ៕

កក់់៥០០ដុល្លារប៉ុណ្ណោះអ្នកនឹងទទួលបានយូនីតខុនដូដ៏ស្រស់ស្អាតនៅ តំបន់ជ្រោយចង្វារ

        ដោយគង់​ សូរិយា

        ភ្នំពេញៈ ខុនដូតម្លៃសមរម្យជាងគេនៅតំបន់ជ្រោយចង្វារSH Condoកំពស់២៨ជាន់ បាននិងកំពុងស្វាគមន៍អតិថិជន ដើម្បីទទិញយូនីតដែលនៅសល់ជាមួយនឹងតម្លៃសមរម្យ និងលក្ខខ័ណ្ឌបង់ប្រាក់ល្អប្រសើរ។

គម្រោងដែលបាននិងកំពុងជិតបញ្ចប់ និងត្រៀមបើកទា្វរស្វាគមន៍អតិថិជននេះ ស្ថិតនៅលើផ្លូវម៉ាស៊ីនទឹក ក្នុងសង្កាត់ជ្រោយចង្វារ ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជាមួយនឹងតម្លៃទាក់ទាញបំផុត អ្នកវិនិយោគខុនដូនេះបាននិងផ្តល់ឪកាសពិសេស លោកអ្នកកក់តែ$500 នឹងទទួលបានការdiscount បូករួមទាំង Freeសម្ភារ:ជាច្រើនដដូចជា -ទូរទឹកកក -ទូរទស្សន៏Smart TV -ទូរចង្ក្រានលើក្រោម។ -ម៉ាស៊ីនទឹកក្តៅ(Water Heater 32L)-គ្រឿងបរិក្ខារបន្ទប់ទឹកទាន់សម័យ1ឈុត។

☎️យើងខ្ញុំស្វាគមន៌ការសាកសួរពត៏មាន តាមរយៈលេចទូរស័ព្ទ០៨៩ ៧៨៧ ៧២១។ Smart 010  725 168 គីមឈាង 096 505 6666 ។ 017  725  168  ចិន្តា។ 077  725  168  ម៉ារីណែត៕