សម្តេចតេជោ ៖ រដ្ឋនឹងបង្កើនថវិកាឱ្យដល់ ១៦០ លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ច និងអភិវឌ្ឍន៍តាមជនបទនៅឆ្នាំក្រោយនេះ

0

ដោយ ៖ វុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឱ្យដឹងថា រាជរដ្ឋាភិបាលបានបង្កើនថវិកាពី១៥០លាន ទៅ១៦០លានដុល្លារ នៅឆ្នាំ២០២១ ខាងមុខនេះ ដើម្បីស្តារ និងអភិវឌ្ឍន៍តាមជនបទសំដៅស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងដំណើរចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បញ្ជាក់ថា ថវិកា១៦០លានដុល្លារនេះ នឹងជួយបង្កើនការងារជូនប្រជាពលរដ្ឋនូវទូទាំងប្រទេសបាន១លានកន្លែងនៅតាមជនបទ។

សម្តេចតេជោមានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋរបស់យើងសម្រាប់ការងារធ្វើ និងប្រាក់ចំណូលនៅជនបទ រាជរដ្ឋាភិបាល បានដាក់បញ្ចូលទៅក្នុងថវិកាសម្រាប់ឆ្នាំក្រោយនេះ ដោយថវិកាសម្រាប់ពលកម្ម ដូចជា ការធ្វើប្រឡាយទឹក និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមមូលដ្ឋានជាដើម។

សម្តេចតេជោបន្តថា គម្រោងចំណាយរបស់រាជរដ្ឋាភិបាលនេះ ប្រជាពលរដ្ឋនៅតាមជនបទមិនត្រឹមតែទទួលបានប្រយោជន៍ពីគម្រោងអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួនសម្រាប់ប្រើប្រាស់នោះទេ ប៉ុន្តែពួកគាត់ក៏នឹងទទួលបានមកវិញនូវប្រាក់កម្រៃទៅតាមតម្លៃទីផ្សារផងដែរ ក្នុងពេលពួកគាត់ចូលរួមធ្វើការងារនៅក្នុងគម្រោងទាំងនោះ។

សម្តេចតេជោបន្ថែមថា “ម្សិលមិញខ្ញុំបានចង្អុលទិសឲ្យទម្លាក់សាច់ប្រាក់នេះ ទៅកាន់តំបន់ដែលប្រឈមរងគ្រោះនានា ដែលយើងប៉ាន់ប្រមាណថា ១៦០លានដុល្លារ អាចនឹងដោះស្រាយការងារបាន ១លានកន្លែង ដើម្បីទទួលយកនូវប្រាក់នេះ ដែលវាស្ថិតនៅក្នុងដំណាក់កាលអន្តរកាលមួយ ម្ខាងគឺបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធនៅជនបទបម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋយើងនៅជនបទ ដែលជាកសិករ និងម្ខាងទៀត គឺដើម្បីទទួលបាននូវប្រាក់កម្រៃ ដូច្នេះយើងមានការងារធ្វើនៅជនបទ ១លានកន្លែង ដែលមិនមែនគ្រាន់តែខេត្តបន្ទាយមានជ័យមួយទេ គឺនៅទូទាំងប្រទេស”។

សម្តេចជោបញ្ជាក់ទៀតថា ទោះបីជារាជរដ្ឋាភិបាលបង្កើនការចំណាយសម្រាប់កញ្ចប់ថវិកាបង្កើតការងារនៅជនបទក៏ដោយ ប៉ុន្តែសម្រាប់ការផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ជាង ៦០ម៉ឺនគ្រួសារ ដែលស្មើនឹងជាង ៣លាននាក់ នឹងនៅតែបន្តធ្វើដដែលរហូតដល់ដំណាច់ឆ្នាំ២០២០នេះ ជាមួយការចំណាយប្រហែល ៣០លានដុល្លារក្នុងខែៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here