ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានព្យាករថា វិស័យឧស្សាហកម្ម នឹងងើបឡើងវិញក្នុងអត្រាកំណើន ៤,១ភាគរយ ក្នុងឆ្នាំ២០២១ ពីកំណើនអវិជ្ជមានក្នុងអត្រា -២,២ភាគរយក្នុងឆ្នាំ២០២០ ដោយសារការរំពឹងទុកនូវការងើបឡើងវិញក្នុងកម្រិតទាបនៃអនុវិស័យកាត់ដេរ និងអនុវិស័យសំណង់ ខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានរំពឹងថា នៅរក្សាបានកំណើនល្អប្រសើរ។

នេះបើយោងតាមខ្លឹមសារនៃ ឯកសារនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាពកាលពីថ្ងៃទី២៣ ខែតុលា ម្សិលមិញនេះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សម្រាប់វិស័យសេវាកម្មត្រូវបានព្យាករថា នឹងមានកំណើនក្នុងអត្រាទាប ៣,៦ភាគរយ ក្នុងឆ្នាំ២០២១ បើប្រៀបធៀបនឹងកំណើនអវិជ្ជមានក្នុងអត្រា -៣,០ភាគរយ ក្នុងឆ្នាំ២០២០ ដោយសារការរំពឹងទុកនៃការងើបឡើងវិញក្នុងកម្រិតទាបនៃសកម្មភាពសេដ្ឋកិច្ច ពិសេសក្នុងវិស័យទេសចរណ៍ និងការប្រើប្រាស់ក្នុងស្រុកបន្ទាប់ពីវិបត្តិកូវីដ-១៩។
ជាមួយគ្នានេះ វិស័យកសិកម្ម ត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងអត្រា១,៦ភាគរយ ក្នុងឆ្នាំ២០២១ ពីកំណើន០,៩ភាគរយ ក្នុងឆ្នាំ២០២០ ដោយសារការកើនឡើងនៃអនុវិស័យដំណាំ អនុវិស័យចិញ្ចឹមសត្វ និងអនុវិស័យនេសាទ។ អនុវិស័យដំណាំត្រូវបានព្យាករថានឹងសម្រេចបានកំណើនខ្ពស់ជាងឆ្នាំ ២០២០ ដោយសារការរំពឹងទុកនូវកំណើនផលិតកម្មកសិកម្ម ស្របពេលដែលថ្លៃ និងតម្រូវការខាងក្រៅមានការកើនឡើង។
អត្រាអតិផរណាមធ្យមប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា ៣,១ភាគរយក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុក ក្នុងឆ្នាំ២០២០។
តាមការវាយតម្លៃរបស់រាជរដ្ឋាភិបាលនៅពាក់កណ្តាលឆ្នាំកន្លងមក សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនអវិជ្ជមានក្នុងអត្រា -១,៩ភាគរយ ក្នុងពេលដែលការវាយតម្លៃឡើងវិញរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗនាពេលថ្មីៗនេះ បានខិតមកគៀកនឹងកម្រិតអវិជ្ជមានជាង-២ភាគរយ។
ដោយឡែក សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានព្យាករថា នឹងងើបឡើងវិញ ហើយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៣,៥ភាគរយ ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១១៧ ៩៣៩ ប៊ីលានរៀល សមមូលនឹងប្រមាណ ២៩ ០១៣លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១ ៧៧១ដុល្លារអាមេរិក បើប្រៀបធៀបនឹង ១ ៦៨៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០៕






