ដោយវុត្ថា
ភ្នំពេញៈ អ្នកជំនាញបានមើលឃើញពីមានសន្ទុះ នៃវិស័យអចលនទ្រព្យ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញពីការសាងសង់ គម្រោងស្ថាបនាផ្លូវក្រវ៉ាតក្រុងទី៤ កាលពីពេលថ្មីៗនេះ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ។
លោកស្រីអាន សុធិតា នាយិកាក្រុមហ៊ុន CBRE Cambodia បានប្រាប់គេហទំព័រ Propertyea.asia នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០កន្លងមកបានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា ត្រូវការប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច ដឹកជញ្ជូន និងប្រជាសាស្ត្រ។
លោកស្រីបន្តថា “គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់ក្រុងទី២ ទី៣ និងទី៤ គឺជាផែនការរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកក្រុងឱ្យកាន់តែធំថែមទៀត។ លោកស្រីបន្ថែមថា “ចំណុចសំខាន់មួយទៀត គឺរាជរដ្ឋាភិបាល ចង់ផ្លាស់ប្តូររោងចក្រ សហគ្រាស ឧស្សាហកម្ម និង លំនៅឋានទៅកាន់តាមបណ្តាជាយក្រុង” ។
លោកស្រីបញ្ជាក់ទៀតថា នេះគឺជាចំណុចល្អមួយទៀត ដែលនឹងជួយជំរុញឱ្យវិស័យអចលនទ្រព្យកាន់តែរីកចំរើន ព្រោះថាហេដ្ឋារចនាសម្ព័ន្ធល្អ នឹងធ្វើឱ្យតម្លៃអចលនទ្រព្យកាន់តែមានតម្លៃខ្ពស់” ។
លោកម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជាបានឱ្យដឹងដែរថា នៅពេលដែលស្ថាបនាបញ្ចប់ គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤រួចរាស់ នឹងធ្វើឱ្យតម្លៃអចលនទ្រព្យ ឬក៏ដីធ្លីផ្សេងៗកាន់តែមានសន្ទុះ ហើយកំណើនទាំងតម្លៃ និងប្រជាពលរដ្ឋ នឹងបន្តទៅរស់នៅកាន់តែច្រើន។
លោកបន្តថា “ជាទស្សនៈរបស់ខ្ញុំ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាស ពីការស្ថាបនាផ្លូវក្រុងទី៤ ដែលនឹងចាប់ផ្តើមនាពេលខាងមុខនេះ នៅពេលដែលចាប់ផ្តើមសាងសង់ឬស្ថាបនារួចរាល់ វិស័យអចលនទ្រព្យនៅតាមបណ្តោយផ្លូវនេះ នឹងមានសន្ទុះរីកចំរើនកាន់តែខ្លាំង” ។
ផ្លូវខ្សែក្រវាត់ក្រុងទី៤ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន (China Road and Bridge) សិក្សាតាំងពីឆ្នាំ២០១៨ និងបញ្ចប់ជាផ្លូវការនៅក្នុងឆ្នាំ២០២០នេះ ដោយផ្លូវនេះមានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង និងឆ្លតកាត់ខេត្តកំពង់ស្ពឺចំនួន ៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក៕