សម្តេចតេជោឱ្យក្រសួងសាធារណការ ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទំាងអស់ដែលខូចដោយទឹកជំនន់

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនស្តារនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់ទឹកភ្លៀងនៅក្នុងពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ ពាណិជ្ជកម្ម និងដឹកជញ្ជូន។

សម្តេចតេជោ ហ៊ុន សែ បានលើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងមួយម៉ឺនគ្រួសារទៀត នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ។

សម្តេចតេជោថ្លែងថា “ក្រសួងសាធារណៈការ និងដឹកជញ្ជូន ត្រូវពិនិត្យមើលប្រព័ន្ធផ្លូវទាំងអស់ នៅទូទាំងប្រទេសដើម្បីជួសជុល សម្រួលដល់ចរាចរណ៍ឡើងវិញ”។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ក្រុមកាងាររបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធនានានឹងចុះវាយតម្លៃផលប៉ះពាល់លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅទូទាំងប្រទេស ដែល បានទទួលរងប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវទទួលការខូខាតដោយគ្រោះទឹកជំនន់ទឹកភ្លៀងមានប្រមាណ ៤០០ គីឡូម៉ែត្រក្នុងនោះ ដីក្រហម ១៤០ គីឡូម៉ែត្រ ក្រៅពីនេះ ជាប្រភេទផ្លូវ AC និង ផ្លូវDBST ។

លោកថ្លែងថា “យើងឃើញថា បច្ចុប្បន្ននេះ មានផ្លូវខូចខាតច្រើន យើងខ្ញុំក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងក្រសួងហិរញ្ញវត្ថុ នឹងចុះមកវាយតម្លៃ នៅពេលទឹកស្រកភ្លាម គឺត្រូវប៉ាន់តម្លៃលើទំហំថវិកាប៉ុន្មានក្នុងការស្តារនូវផ្លូវដែលខូចខាតទំាងអស់ឡើងវិញ”។
លោកបន្ថែមថា “នៅកន្លែងមួយចំនួន យើងត្រូវដាក់លូឱ្យធំជាងមុនទៀត ដោយបច្ចុប្បន្ននេះ កន្លែងទាំងនោះមានលូទំហំតូច អីចឹងយើងពិចារណាថាត្រូវធ្វើយ៉ាងណារៀបចំលូឱ្យធំជាងមុន ដើម្បីឱ្យទឹកហូរបានលឿន” ។

ចំពោះថវិកាដែលនឹងយកមកស្តារឡើងវិញនេះ ត្រូវបានលោកស៊ុន ចាន់ថុលបញ្ជាក់ទៀតថា “យើងនឹងរកថវិកាពីថវិកាជាតិ ឬថវិកាមកពីដៃគូរអភិវឌ្ឍន៍របស់កម្ពុជា ដើម្បីធ្វើយ៉ាងដោះស្រាយប៉ះពាល់លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់យើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here