រដ្ឋាភិបាលសម្រេចកាត់តំបន់មួយចំនួននៃក្រុងតាខ្មៅមកជាចំណុះរាជធានីភ្នំពេញ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានសម្រេចកាត់តំបន់មួយចំនួននៃក្រុងតាខ្មៅ ខេត្តកណ្តាល ទំហំ ៣០២ហិកតា មកជាចំណុះរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងខណ្ឌដង្កោរ ដើម្បីដោះស្រាយ និងសម្រួលដល់ការអនុវត្តប្លង់មេសម្រា់អភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុន និងបឹងជើងឯក ក៏ដូចជាសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈ។

យោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅនេះបានបញ្ជាក់ថា “ខ្ញុំសូមគោរពជម្រាបជូន សម្ដេចប្រមុខរដ្ឋស្ដីទី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល បានធ្វើលិខិតមកក្រសួងមហាផ្ទៃ ដើម្បីស្នើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់យកផ្ទៃដីទំហំ ៣៧៦ហិកតា ពីក្រុងតាខ្មៅ ខេត្តកណ្តាល ឱ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌដង្កោ រាជធានីភ្នំពេញ”។

នៅក្នុងលិខិតដដែលបានបញ្ជាក់ទៀតថា ការស្នើសុំកែសម្រួលព្រំប្រទល់ខាងលើនេះ ដើម្បីដោះស្រាយ និងសម្រួលដល់ការអនុវត្តប្លង់មេសម្រា់អភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុន និងបឹងជើងឯក ក៏ដូចជាសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល កិច្ចការអភិវឌ្ឍន៍ ការរក្សាសន្ដិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការងារសង្គមផ្សេងៗ។

តំបន់ដែលត្រូវកែសម្រួលព្រំប្រទល់រវាងខេត្តកណ្តាល និងរាជធានីភ្នំពេញ ត្រូវបានសម្រេចកាត់ភូមិចំនួន៥ ដែលធ្លាប់ស្ថិតនៅចំណុះរដ្ឋបាលខេត្តកណ្តាល មកជាចំណុះរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងខណ្ឌដង្កោរ។ សេចក្ដីលម្អិតនឹងមានបញ្ជាក់នៅក្នុងលិខិតផ្លូវការក្រោមចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម ៖

LEAVE A REPLY

Please enter your comment!
Please enter your name here