ខ្សែរថភ្លើងទៅព្រលានយន្តហោះពោធិ៍ចិនតុងកំពុងស្ថិតក្នុងវាសនាមិនច្បាស់លាស់

ដោយៈ រ៉ាណេត

ភ្នំពេញៈ ខ្សែរថភ្លើងពីស្ថានីយ៍នៃរាជាយស្ម័យយានកម្ពុជា ឆ្ពោះទៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ពោធិ៍ចិនតុង អាចនឹងត្រូវបិទឈប់ដំណើរការដោយសារតែគ្មានអ្នកជិះ និងបង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវរថភ្លើងជាញឹកញាប់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានលើកឡើង នៅក្នុងកិច្ចប្រជុំបូសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះថា ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិចារណាបិទដំណើរការផ្លូវរថភ្លើងទៅកាន់ព្រលានយន្តហោះ ដោយសារគ្មានអ្នកជិះ។

លោកបានបញ្ជាក់ថា “ក្រសួងនឹងធ្វើការពិភាក្សាជាមួយក្រុមហ៊ុន Royal Group ដើម្បីបិទផ្លូវរថភ្លើងចេញចូលព្រលានយន្តហោះ ពីព្រោះគ្មានអ្នកដំណើរ និងបង្កគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវរថភ្លើងផងដែរ”។

សេវាដឹកជញ្ជូនអ្នកដំណើរពីស្ថានីយរថភ្លើងភ្នំពេញ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុង មានប្រវែងសរុប៩,៦១៣ម៉ែត្រ ត្រូវបានសម្ពោធដាក់ដំណើការ កាលពីដើមខែមេសា ឆ្នាំ២០១៨។ ខ្សែរថភ្លើងនេះ ត្រូវបានរៀបចំឡើងជាប្រភេទ Tramway ដែលគេបង្កប់ផ្លូវដែកទៅក្នុងផ្លូវថ្នល់ ដែលអាចអនុញ្ញាតឱ្យយានយន្ត និងយានផ្សេងៗ អាចធ្វើដំណើរឆ្លងកាត់បាន។

កាលពីពេលកន្លងទៅនេះ ជារឿយៗគេតែងឃើញមានអ្នកដំណើរឆ្លងកាត់ផ្លូវរថភ្លើងមួយខ្សែនេះ កើតមានគ្រោះថ្នាក់ជាញឹកញាប់ ជាពិសេសការបើកបរម៉ូតូនៅពេលមានភ្លៀងធ្លាក់ ដោយការរអិលកងចូលក្នុងគន្លងផ្លូវដែករថភ្លើង។ ជាមួយនឹងការពិចារណាទៅលើគម្រោងបិទឈប់ដំណើរការខាងលើនេះ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅ និងឧស្សាហ៍ធ្វើដំណើរឆ្លងកាត់ផ្លូវនៅតំបន់នេះ បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង និងជំរុញឱ្យបិទកាន់តែលឿនកាន់តែល្អ៕

អាជីវកម្មកាស៊ីណូនៅក្នុងខេត្តស្វាយរៀងមិនទាន់បើលដំណើរនៅឡើយទេ

ដោយវុត្ថា

ភ្នំពេញៈ អភិបាលខេត្តស្វាយរៀងបានអះអាងថា រហូតមដល់ពេលនេះ អាជីវកម្មកាសីណូនៅក្នុងមូលដ្ឋានខេត្ត មិនទាន់មានកាស៊ីណូណាមួយ បានបើកដំណើរនៅឡើយទេ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជាបានផ្តល់ភ្លើងខៀវឱ្យដំណើរការកាស៊ីណូឡើងវិញនៅទូទាំងប្រទេស។

លោករស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់ខេត្តស្វាយរៀង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២០នេះឱ្យដឹងថា បើកាស៊ីណូណាមួយនៅក្នុងខេត្ត ដែលមានបំណងចង់ដំណើរឡើងវិញ ត្រូវទំនាក់ទំនងជាមួយនឹង ក្រសួងសុខាភិបាល ព្រោះអាជ្ញាបណ្ណកាស៊ីណូមិនមែនចេញដោ​យរដ្ឋបាលខេត្តឡើយ។

លោកបន្តថា “កាស៊ីណូនេះ ជាល្បែងសម្រាប់មនុស្សពេញវ័យ មិនមែនថ្នាក់ខេត្តជាអ្នកសម្រេចនោះទេ គឺថ្នាក់ជាតិលោកជាអ្នកសម្រេច តែបើមានបទបញ្ជាឱ្យផ្អាក យើងខ្ញុំជាសមត្ថកិច្ច នឹងចុះទៅណែនាំ និងអនុវត្តទៅតាមការបទបញ្ជា”។

ជាមួយនឹងនឹងការមិនទាន់បើកដំណើរការឡើងវិញនូវវិស័យ លោកអភិបាលរងខេត្តរូបនេះបញ្ជាក់ថា ច្រកព្រំដែនអន្តរជាតិបាវិត និងច្រកព្រំដែនផ្សេងទៀត ជាមួយភាគីវៀតណាម ក៏នៅមិនទាន់បើកឱ្យមានភ្ញៀវចេញចូលនៅឡើយផងដែរ ដោយរងចាំសម្រេ​ចពីរាជរដ្ឋាភិបាល។

លោកបន្ថែមថា “ការដាក់ឱ្យដំណើរការឡើងវិញ នូវច្រកព្រំដែនជាមួយប្រទេសវៀតណាម គឺអាស្រ័យលើរាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ដែលមានសម្តេចក្រឡា​ហោមស ខេង ជាអ្នកសម្រេចក្នុងការបើកច្រកព្រំដែននេះ”។

បើតាម លោកអភិបាលរងខេត្តស្វាយរៀង នៅក្នុងទូទាំងខេត្តមានសហគ្រាសទាំងសណ្ឋាគារ ផ្ទះសំណាក់ និងកាស៊ីណូមាន ចនួន២១១កន្លែង នៅក្នុងនោះមានរោងចក្រ ១១៣កន្លែង និងកម្មករចំនួន៧ម៉ឺននាក់ បូកជាមួយនឹងអ្នកបំរើសេវាកម្មនៅក្នុងវិស័យ​ស​ណ្ឋាគារ ផ្ទះសំណាក់ និងកាស៊ីណូ ចំនួនជាង៨ម៉ឺន តែបច្ចុប្បន្ននេះកាស៊ីណូត្រូវបានផ្អាកជាបណ្តោះអាសន្ន៕

ក្រុមហ៊ុនកម្សាន្តធំមួយរបស់ហុងកុងផ្លាស់ប្តូរទីតាំងអាជីវកម្មទៅសណ្ឋាគារថ្មីមួយ នៅខេត្តព្រះសីហនុ

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនកម្សាន្ត Century Entertainment International Holding នៅហុងកុង គ្រោងនឹងផ្លាស់ប្តូរទីតាំងអាជីវកម្មកាស៊ីណូ ដែលមានស្រាប់នៅក្រុងព្រះសីហនុ ទៅកាន់ទីតាំងថ្មីមួយទៀតនៅខេត្តព្រះសីហនុ បន្ទាប់ពីប្រធានក្រុមហ៊ុន និងជាម្ចាស់កាស៊ីណូនេះ បានបង្ហាញថា ខ្លួនកំពុងផ្លាស់ប្តូរទីតាំង។

យោងតាមឯកសារដែលបានចុះផ្សាយកាលពីថ្ងៃចន្ទ ប្រធាន និងជានាយកប្រតិ​បត្តិក្រុមហ៊ុន Century Entertainment លោក Ng Man Sun បានជូនដំណឹងដល់ក្រុមហ៊ុនថា លោកនឹងផ្លាស់ប្តូរប្រតិបត្តិការកាស៊ីណូនៅកម្ពុជារបស់លោក ពីគេហដ្ឋានបច្ចុប្បន្នរបស់ខ្លួននៅឯសណ្ឋាគារSunshine Bay Hotel នៅក្រុងព្រះសីហនុ បន្ទាប់ពីម្ចាស់សណ្ឋាគារ ខកខានមិនបានព្រមព្រៀងលក្ខខណ្ឌជួលឱ្យប្រសើរឡើង អំឡុងពេលផ្ទុះឡើងនៃជំងឺកូវីដ១៩។

កាស៊ីណូ ដែលដំណើរការក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Lion King Entertainment Company Limited ដែលជាកម្មសិទ្ធិរបស់លោកNg នឹងប្តូរទីតាំងទៅសណ្ឋាគារ Ming Guan Hotel ដែលទើបនឹងបើកថ្មីនៅក្រុងព្រះស៊ីហនុ។ ការផ្លាស់ប្តូរនេះធ្វើឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Century Entertainment បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំ ជាមួយក្រុមហ៊ុន Lion King ដែលក្រុមហ៊ុននេះត្រូវបានផ្តល់សិទ្ធិលើតុអាជីវកម្មល្បែង សម្រាប់រយៈពេល៥ឆ្នាំ ដោយគិតជាទឹកប្រាក់ចំនួន១២០លានដុល្លារហុងកុង។

លោក Ng ដែលត្រូវបានគេរាយការណ៍ថា ត្រូវបានផ្តល់ជូននូវលក្ខខណ្ឌទាក់ទាញគួរឱ្យទាក់ទាញសម្រាប់ទីតាំងថ្មីនោះបានថ្លែងថា ទីតាំងថ្មីនេះ នឹងមិនប៉ះពាល់ដល់កិច្ចព្រមព្រៀងសិទ្ធិអាជីវកម្មទេ។

កាស៊ីណូថ្មីនេះ នឹងរួមបញ្ចូលជាមួយនឹងសណ្ឋាគារ ដោយមានអត្រាការជួលទាបជាងនេះ។

លោកបានបន្ថែមថា “ក្រុមហ៊ុន Lion King បានគិតថា វាពិតជាមានអត្ថប្រយោជន៍ដល់ប្រតិបត្តិការអាជីវកម្មរបស់កាស៊ីណូ ក្នុងរយៈពេលវែង ហើយបានសម្រេចតចិត្តផ្លាស់ប្តូរប្រតិបត្តិការកាស៊ីណូ ពីទីតាំងដែលមានស្រាប់របស់ខ្លួន ទៅទីតាំងថ្មីដែលមានសក្តានុពល”៕

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បាន និងកំពុងប្រែក្លាយកោះរ៉ុងទៅជាគោលដៅទេសចរណ៍ធម្មជាតិលំដាប់ពិភពលោក

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលសិទ្ធិជួលកោះរ៉ុង ខេត្តព្រះសីហនុ ពីរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងអភិវឌ្ឍន៍តាមផែនការដើម្បីឱ្យក្លាយជាគោលដៅទេសចរណ៍ធម្មជាតិលំដាប់ពិភពលោក។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ ឱ្យដឹងថា អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមជាមួយអភិបាលក្រុងកោះរ៉ុង មន្ទីរ អង្គភាពពាក់ព័ន្ធ បានបើកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពនៃការអភិវឌ្ឍកោះរ៉ុង។

លោកបន្តថា ក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចសន្យាជួលតាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០០៨ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រគល់កោះរ៉ុងជាផ្លូវការនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍ ដូចជា ការសាងសង់សណ្ឋាគារ កាស៊ីណូ និងរីសតផ្សេងៗ ការសាងសង់ផ្លូវ ផែ ស្ពាន និងអគ្គិសនី អ៊ីនធើណេត និងទឹកស្អាត។ល។

លោកបន្ថែមថា ក្រុមហ៊ុនបានចាប់ផ្តើមស្ថាបនាប្រព័ន្ធផ្លូវថ្នល់តាមប្លង់មេ និងធ្វើការដឹកជញ្ជូនសម្ភារៈសាងសង់ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០០៩ ការសាងសង់ប្រព័ន្ធផ្លូវថ្នល់ចែកចេញជា៥ដំណាក់កាល ការចុះបញ្ជីដីរដ្ឋចំនួន៣៣ក្បាលដី នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០០៩ និងប្លង់មេក្នុងការអភិវឌ្ឍ អនុម័តនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៨ និង ក្នុងឆ្នាំ២០១៣ ក្រុមហ៊ុនមានការលំបាកក្នុងការអនុវត្តគម្រោងដោយសារទំនាស់ដីធ្លី។

លោកបានលើកឡើងថា សម្តេចក្រឡាហោម ស ខេង ក្នុងពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ សណ្ឋាគារផ្កាយប្រាំ ដឹ រ៉ូយ៉ាល់ ស៊ែន កោះរ៉ុង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ និងពិធីសម្ពោធគម្រោងសណ្ឋាគារផ្កាយប្រាំ ដឹ រ៉ូយ៉ាល់ ស៊ែន កោះរ៉ុង ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។

លោកថា សណ្ឋាគារផ្កាយ ៥ The Royal Sands Koh Rong Hotel ក្នុងទឹកប្រាក់វិនិយោគចំនួន ៤០ លានដុល្លារសហរដ្ឋអាមេរិក ជារមណីយដ្ឋានប្រភេទផ្ទះវីឡា ភ្ជាប់ដោយអាងហែលទឹក មានចំនួន៦៧ វីឡា លើផ្ទៃដីទំហំ ៧.២ហិកតា ស្ថិតនៅក្បាលដីលេខ៨ នៃប្លង់មេ ក្នុងភូមិសុខសាន្ត បានសម្ពោធដាក់ឲ្យដំណើរការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។

លោកបន្ថែមថា មិនមានការរុះរើលំនៅដ្ឋានប្រជាពលរដ្ឋពីភូមិកោះតូច និងភូមិសុខសាន្ត ទៅភូមិព្រែកស្វាយនោះទេ គឺកាត់ឆ្វៀលជូនប្រជាពលរដ្ឋចំនួន គ្រួសារ ផ្អែកតាមអនុក្រឹត្យលេខ ៤៨ អនក្រ.បក ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨។ សង់ផ្លូវគ្រួសក្រហមទទឹង ១២ម៉ែត្រ និងប្រព័ន្ធលូបានប្រវែងជាង ៤០គីឡូម៉ែត្រ នៃប្រព័ន្ធផ្លូវមេប្រវែង ៧០គីឡូម៉ែត្រ ដែលបានអនុម័ត តភ្ជាប់ចរាចរណ៍រវាងភូមិទាំង៤ នៅលើកោះរ៉ុង ដោយបច្ចុប្បន្ន បន្តសាងសង់ផ្លូវចាក់បេតុងលើផ្លូវធ្វើហើយជាបន្តទៀត។

លោកបញ្ជាក់ទៀតថា ការអភិវឌ្ឍបន្ត គឺក្រុមហ៊ុនត្រូវសាងសង់សណ្ឋាគារ និងកាស៊ីណូនៅលើក្បាលដីលេខ៧ និងលេខ៨ លើផ្ទៃដីទំហំ ៣៥ហិកតា និងបានឈូសឆាយបោះបង្គោលព្រំដីត្រូវសង់សណ្ឋាគារ កាស៊ីណូ កាលពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២០៕

ខេត្តស្វាយរៀងទាក់ទាញការវិនិយោគតំបន់សេដ្ឋកិច្ចចំនួន ១១ កន្លែង ភាគច្រើននៅក្រុងបាវិត

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អនុវត្តតាមគោលនយោបាយបើកទូលាយ និងការលើកទឹកចិត្តដល់វិស័យឯកជនពីរាជរដ្ឋាភិបាល បានធ្វើឱ្យខេត្តស្វាយរៀង មានការអភិវឌ្ឍ រីកចំរើន គួរឱ្យកត់សម្គាល់ ខណៈបច្ចុប្បន្ននេះ ខេត្តបានទាក់ទាញការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១ កន្លែង និងកំពុងដំណើរការ ៨ កន្លែង ។

លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្ត នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ បានឱ្យដឹងថា កាលពីសម័យមុន ខេត្តស្វាយរៀងពុំដែលមានតំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាស ដូចបច្ចុប្បន្ននេះទេ ទើបតែសម័យតេជោ ក្រោមដំបូលនៃម្លប់សុខសន្តិភាព បានធ្វើឱ្យខេត្តស្វាយរៀងមានរោងចក្រ សហគ្រាស ជាច្រើនកន្លែង រហូតមានរោងចក្រដំឡើងរថយន្ត នៅក្រុងបាវិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស Intervior Automobile Industry Complex របស់ក្រុមហ៊ុន Deahan Auto ។

លោកបន្តថា ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារផលប៉ះពាល់នៃជំងឺ Covid-19 ដែលបាននឹងកំពុងរីករាលដាលនៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ បាននាំឱ្យមានផលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសប៉ះពាល់ដល់ការងារកម្មករនិយោជិតមួយចំនួន ដោយសាររោងចក្រមួយចំនួនបានព្យួរការងារ។

លោកបន្ថែមថា ខេត្តស្វាយរៀង មានក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សុរបចំនួន ២១៦ កន្លែង នៅក្នុងនោះរោងចក្រសហគ្រាសចំមួន ១១៣ កន្លែង បានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋប្រមាណ ៨ម៉ឺននាក់ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕

ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុននឹងចួលរួមបណ្តុះបណ្តាលជំនាញបង្កើតមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត (AI) នៅកម្ពុជា

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិមិ្មត (Artificial Intelligence ) Qibi Tech Co., Ltd. របស់ជប៉ុនគ្រោងនឹងសិក្សាលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការស្តីពីការសិក្សាស្រាវជ្រាវរួមគ្នា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត (AI) នៅរាជបណ្ឌិត្យសភាកម្ពុជាឆាប់ៗខាងមុខនេះ។

នៅក្នុងកិច្ចពិភាក្សាការងារតាមរយៈប្រព័ន្ធ Video Conference រាជបណ្ឌិត្យសភាកម្ពុជាកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២០ ម្សិលមិញនេះ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត (AI) Qibi Tech របស់ជប៉ុនបានពិភាក្សាគ្នាអំពី ការសិក្សាស្រាវជ្រាវរួមគ្នា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) ដែលនឹងរៀបចំនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជានាពេលដ៏ឆាប់ខាងមុខ ក្រោមការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ។

លោក សុខ ទូច ថ្លែងថា បញ្ញាសិប្បនិម្មិត (Artificial Intelligence) គឺជាផ្នែកមួយនៃវិទ្យាសាស្រ្តកុំព្យូទ័រដែលអាចបង្កើតនូវម៉ាស៊ីន ឬមនុស្សយន្តមួយវៃឆ្លាតដែលអាចធ្វើការ និងឆ្លើយតបនឹងតម្រូវការការងារដូចមនុស្ស។

លោកបន្តថា ចំណុចសំខាន់របស់ IA គឺរួមបញ្ចូលដោយការសរសេរកូដកុំព្យូរទ័រ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ បច្ចុប្បន្ននេះ IA បានក្លាយជាផ្នែកមួយដ៏សំខាន់នៃឧស្សាហកម្មបច្ចេកវិទ្យា៕

សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតអាគារមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបង្កើតអាគារមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។

យោងតាមអនុក្រឹត្យដែលបានចេញជាសាធារណៈនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានឈ្មោះថា មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» សរសេរកាត់ថា «ម.ធ.ត.» និងមានឈ្មោះជាអក្សរឡាតាំងថា TECHO STARTUP CENTER ដោយសរសេរជាអក្សរកាត់ថា «TSC» ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

«ម.ធ.ត» ជានីតិបុគ្គលនៃនីតិសាធារណៈ និងមានថវិកាស្វយ័ត ដែលត្រូវឆ្លុះបញ្ចាំងជាឧបសម្ព័ន្ធនៃ ថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ «ម.ធ.ត.» មានទីស្នាក់ការកណ្ដាលនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតនៅតាមបណ្តោយរុក្ខវិថីដូនពេញ(ផ្លូវលេខ៩២) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដោយឡែក វាក្យសព្ទសំខាន់ៗដែលប្រើនៅក្នុងអនុក្រឹត្យត្រូវបានកំណត់និយមន័យនៅក្នុងសទ្ទានុក្រមដែលជាឧបសម្ព័ន្ធទី១ ហើយដំណើរការនៃការបង្កើតធុរកិច្ចថ្មីត្រូវបានកំណត់ជាឧបសម្ព័ន្ធទី២ នៃអនុក្រឹត្យនេះ៕

គេហទំព័រថ្មីផ្តោតលើវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចបានចាប់កំណើតជាមួយអ្នក សារព៌តមានជំនាញមួយក្រុម

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ គេហទំព័រព៌តមានផ្តោតលើវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចថ្មីមួយបានចាប់កំណើតនៅកម្ពុជា ខណៈវិស័យនេះមិនទាន់បានផ្សព្វផ្សាយពីចំណេះដឹង ពីរបៀបប្រើប្រាស់ហិរញ្ញវត្ថុ និងព៌តមានលំអិតគ្រប់ជ្រុងជ្រោយ និងប្រកដដោយមូលដ្ឋានវិជ្ជាជីវៈដល់សាធារណៈជននៅឡើយ។

និពន្ឋនាយកនៃគេហទំព័រCambodiabanknews.com និងfacebook pageឈ្មោះ Cambodia Bank News លោកស៊ុំ ម៉ាណេតបានមានប្រសាសន៍ថា រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើនជាង៧ភាគរយ ដែលរុញច្រានដោយកំលាំងចលករសេដ្ឋកិច្ចធំៗចំនួនបួន គឺវិស័យវាយណភ័ណ្ឌកាត់ដេរ វិស័យសំណង់ ទេសចរណ៍ និងវិស័យកសិកម្ម ក្នុងនោះធនាគារបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីរុញវិស័យទាំងបួននេះឲ្យដើរទៅមុខ។

ធនាគារបានស្រោចស្រពលំហូរសាច់ប្រាក់ ទៅកាន់គ្រប់ចរន្តឈាមនៃសេដ្ឋកិច្ចជាតិ ដែលធ្វើឲ្យសកម្មភាពអាជីវកម្មមានភាពរសរវើក ប៉ុន្តែរហូតមកទល់ពេលនេះមិនទាន់មានស្ថាប័នសារព៌តមានឯកទេសណាមួយ ដើរតួនាទីជាត្រីវិស័យនៅក្នុងផ្នែកដ៏សំខាន់នេះនៅឡើយ។

លោកបន្តថា គេហទំព័រCambodiabanknews.com និងfacebook Page ឈ្មោះCambodia Bank News ដែលប្រសូត្រឡើងក្រោមការប្រមូលផ្តុំ ពីអ្នកជំនាញសេដ្ឋកិច្ច និងអ្នកសារព៌តមានជំនាញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្គុំសតិបញ្ញាញ្ញាណដើម្បីផ្តល់ព៌តមានប្រកបដោយវិជ្ជាជីវៈ ពិតឥតលំអៀង និងលឿនរហ័ស ឯករាជ្យ ដើម្បីផ្តល់នូវចំណេះដឹងទាក់ទងនឹងវិស័យហិរញ្ញវត្ថុ បទវិភាគស៊ីជម្រៅ ដើម្បីផ្តល់ឲ្យអ្នកវិនិយោគជាតិ អន្តរជាតិ ប្រជាពលរដ្ឋនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានចំណេះដឹង មូលដ្ឋានវិភាគ ដើម្បីពង្រីកសក្តានុពលរបស់ខ្លួនបន្ថែមទៀត។

Cambodiabanknews.com មិនសំដៅតែលើធនាគារនោះទេ ប៉ុន្តែវាជាស្នូល​មួយនៃសេដ្ឋកិច្ច ដែលទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ច រួមបញ្ចូលនូវផ្នែកជាច្រើនរបស់ប្រទេស​និមួយៗ។ ហេតុនេះទើបគេហទំព័រCambodiabanknesws.com មិនត្រឹមតែផ្តោតលើផ្នែកធនាគារ មីក្រូហិរញ្ញវត្ថុនោះទេ ប៉ុន្តែយើងផ្តោតលើផ្នែកSME, ធនារ៉ាប់រង ផ្សារមូលបត្រ អចលនទ្រព្យ និងចំណេះដឹងទូទៅពាក់ព័ន្ឋនឹងវិស័យហិរញ្ញវត្ថុផងដែរ។

លោកស៊ុំ ម៉ាណេតបានគូសបញ្ជាក់ថា “ក្រុមការងាររបស់គេទំព័រ Cambodia Bank newsមិនមែនជាព្រះអាទិត្យទេ ប៉ុន្តែយើងចង់ដើរតួនាទីជាពន្លឺដ៏តូចមួយ ដែលអាចផ្តល់នូវចំណេះដឹងដល់សង្គម តាមរយៈវិស័យសារគមនាគមន៍កម្ពុជា”។លោកបន្តថា “យើងចាប់ផ្តើមពីជំហ៊ានតូចមួយ ជាមួយធនធានចំណេះដឹង យើងទៅមុខជាមួយចំណេះដឹង និងចក្ខុវិស័យច្បាស់លាស់ ដើម្បីផ្តល់គុណតម្លៃដល់សង្គម”។

យើងស្វាគមន៍​ការរួមបញ្ចូលនូវមូលធនបញ្ញា តាមរយៈការរិះគន់ប្រកបដោយស្ថាបនា ហើយយើងរីក​រាយធ្វើការជាមួយអ្នកធុរកិច្ចនានា ដើម្បីផ្សព្វផ្សាយពីគុណតម្លៃ និងសេវាកម្មរបស់ពួកគេ។

មូលដ្ឋានជោគជ័យ និងឈ្នះ ឈ្នះទាំងអស់គ្នា ជាអ្វីដែលយើងទន្ទឹងរង់ចាំជាមួយសេវាកម្ម និងការគាំទ្រពីសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ាទាំងអស់ដោយក្តីរីករាយ។

លោកស៊ុំ ម៉ាណេតជាអ្នកសារព៌តមានជំនាញសរសេរផ្នែកហិរញ្ញវត្ថុ សេដ្ឋកិច្ច និងអចលនទ្រព្យ ធ្លាប់បានបំពេញការងារជាច្រើនឆ្នាំនៅកាសែតភ្នំពេញប៉ុស្ត៍ និងKhmer Timeជាដើម៕

កូ​វីដ១៩ វាយប្រហារ​វិស័យ​ចំនួន៣ តែ​ហាក់​ហុច​ផល​អោយ​វិស័យ​កសិកម្ម

ដោយ ចរិយា

ភ្នំពេញៈ ជំងឺ​កូ​វីដ៩១ បានធ្វើអោយ​កំលាំងចលក​រ ដែល​ជំរុញ​វិស័យសេដ្ឋកិច្ច​កម្ពុជា​ចំនួន៣ជាប់គាំង ប៉ុន្តែ​វិស័យ​កសិកម្ម​បាន​លេចធ្លោ និង​កំពុង​ទទួលបាន​ការចាប់​អារ​ម្ម ណ៍​ពី​ការវិនិយោគ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ លោក​វេ​ង សាខុន​បានអោយដឹង​កាលពីពេលថ្មីៗនេះ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដើមឆ្នាំ២០២០នេះ ការនាំចេញ​ផលិតផល​កសិកម្ម​ហាក់​ទទួលបាន​កំណើន​ខ្ពស់ ជាក់ស្ដែង​ការនាំចេញ​អង្ករ​ក៏​កើន ការនាំចេញ​ចេក​ក៏​មា​នំ​ណើ​ន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ដែល​អាចសន្និដ្ឋាន​បាន​ថា​វិស័យ​កសិកម្ម​ក្នុង​ឆ្នាំ ២០២០នេះ​ហាក់​មាន​ភាពល្អប្រសើរ។

លោក​ថា “ដោយសារតែ​កូ​វីដ១៩ បានធ្វើអោយ​តម្រូវការ​អង្ករ​កម្ពុជា នៅលើ​ទីផ្សារ​អន្តរជាតិ​មាន​កំណើន​ខ្ពស់ ដោយ​រំពឹងថា​ដាច់​ឆ្នាំ២០២០នេះ​កម្ពុជា​នឹង​អាច​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ក្នុង​បរិមាណ​ជិត១លាន​តោន ឬ​យ៉ាងហោចណាស់​ក៏បាន៨០ម៉ឺន​តោន​ដែរ” ។ លោក​បន្តថា “តួលេខ​នាំចេញ​នេះ​គឺ​ខ្ពស់​មិនមាន​ធ្លាប់​ពីមុន ជាក់ស្ដែង​ក្នុង​រយៈពេល​ឆមាស​ទី១ឆ្នាំនេះ កម្ពុជា​បានចេញ​អង្ករ​ទៅកាន់​ទីផ្សារ​បរទេស​មា​ន​បរិមាណ​ប្រមាណ​ជាង៣៩៧ពាន់​តោន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០២០ កើនឡើង​ប្រមាណ៤១ភាគរយ” ។

លោក​ស្រ៊ុន ពៅ​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បានលើកឡើង​ផងដែរ​ថា កូវីដ១៩ វា​ពិតជា​បាន​ធ្វើអោយប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ជាច្រើន ក៏ប៉ុន្តែ​ក្នុងនោះ​ឃើញថា​មានតែ​វិស័យ​កសិកម្ម​ប៉ុណ្ណោះ ដែល​មិន​រង​ផលប៉ះពាល់​ពី​កូ​វីដ១៩ ផ្ទុយទៅវិញ​វា​មានតែ​ហុច​ផល​ល្អ​ទៅវិញ ដូច្នេះ​វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ប្រជាកសិករ ក្នុងការ​ពង្រីក​វិស័យ​កសិកម្ម ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក​ផង និង​សម្រាប់​ត្រៀម​នាំចេញ​ទៅកាន់​ទីផ្សារ​បរ​ទេស​ផង ជាក់ស្ដែង​វិស័យ​ចិញ្ចឹមសត្វ​ជាដើម វា​ដល់​ពេលដែល​ត្រូវ​ពង្រីក​ការចិញ្ចឹម​បន្ថែម ដើម្បី​ផ្គត់ផ្គង់​ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​អាច​ឈានដល់​ការនាំចេញ ទៅកាន់​ទីផ្សារ​បរទេស​នៅពេលឆាប់ៗនេះ។

យ៉ាងណាក្ដី បើ​ងា​កមក​មើល​វិស័យ​ឧស្សាហកម្ម​និង​សេវាកម្ម​ក្នុង​ឆ្នាំ ២០២០នេះ​វិញ​ឃើញ ថា សហគ្រាស និង រោង ចក្រ​ព្រមទាំង​ក្រុមហ៊ុន​បម្រើសេវា​កម្ម​នានា​មួយចំនួន​បាន​ផ្អាក​និង​បិទទ្វារ ដោយសារតែ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ ជាក់ស្ដែង​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​រាប់រយ​រោងចក្រ​បាន​ផ្អាក និង​បិទទ្វារ​មិន​ដំណើរ ពី​ព្រោះតែ​មិនមាន​ការបញ្ជាទិញ​ពី​សំណាក់​ទីផ្សារ​អន្តរជាតិ ដែល​ធ្វើអោយ​កម្មករ កម្មការិនី​រាប់ម៉ឺន​នាក់​បាត់បង់​ការងារ។

ក្រៅពី​វិស័យ​ឧស្សាហកម្ម​កាត់ដេរ វិស័យ​ទេសចរណ៍​ក៏​ការដឹកជញ្ជូន​ក៏​រង​ផល​ប៉ះ​ពល់​ធ្ងន់ធ្ងរ​ដែរ ក្នុងនោះ​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ និង​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​បាន​បិទទ្វារ និង​ផ្អាក​សកម្មភាព ដោយសារតែ​មិនមាន​ភ្ញៀវទេសចរ​ធ្វើដំណើរ ពីព្រោះ​ការ​រឹតត្បិត​ក្នុងការ​ចេញចូល​ប្រទេស​ក្នុង​តំបន់៕

កម្ពុជា​ទាក់ទាញ​ទុនវិនិយោគ​លើ​វិស័យ​សំណង់​ជាង ៥៦,៩៦១លាន​ដុល្លារក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍

ដោយ វុត្ថា

ភ្នំពេញៈ ក្នុង​រយៈពេល២០ឆ្នាំ ចាប់ពី​ឆ្នាំ ២០០០ ដល់​ខែមិថុនា ឆ្នាំ២០២០ នេះ កម្ពុជា បានចេញ​លិខិតអនុញ្ញាត​សាងសង់​សំណង់​ចំនួន៥០,៩៦៨គម្រោង ដែលមាន​ផ្ទៃក្រឡា​សំណង់​ជាង១៤៥លាន​ម៉ែត្រការ៉េ ដែលមាន​ទុនវិនិយោគ​ជាង៥៦,៩៦១លាន​ដុល្លារ​អាមេរិក។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បានឱ្យដឹង​នៅ​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២០នេះ​បង្ហាញថា គម្រោង​អគារខ្ពស់ៗចាប់ពី៥ ជាន់ឡើង​នូវ​ទូទាំងប្រទេស គិត​ចាប់ពី​ឆ្នាំ២០០៥ រហូតដល់​ខែមិថុនា ឆ្នាំ២០២០កន្លងមកនេះ មាន​ចំនួន១៩៤៥ អគារ។

ក្នុងនោះ​អគារខ្ពស់ៗ ចាប់ពី៥ជាន់​ទៅ៩ ជាន់​មាន​ចំនួន១០២២ អគារ។ អគារខ្ពស់ៗចាប់ពី១០ ជាន់​ទៅ១៩ជាន់​មាន​ចំនួន៥៦៦ អគារ ។ អគារខ្ពស់ៗចាប់ពី២០ ជាន់​ទៅ ២៩ជាន់​មាន​ចំនួន១៨៧អគារ។ អគារខ្ពស់ៗចាប់ពី៣០ ជាន់​ទៅ៣៩ជាន់​មាន​ចំនួន ១១៤ អគារ និង​អគារខ្ពស់ៗចាប់ពី៤០ ជាន់​ទៅ មាន​ចំនួន៤៦ អគារ។

របាយការណ៍​ដដែល​ប​ន្ថែ​ម​ថា ដោយឡែក នៅ​ខេត្ត​ព្រះសីហនុ មាន​អគារ​ចាប់ពី ៥ ជាន់​ឡើងទៅ​ចំនួន៣៤៦ អគារ។ សម្រាប់​គម្រោង​បុរី​លំនៅឋាន និង​បណ្តុំ​លំនៅឋាន​មាន​លក្ខណៈ​បុរី គិតពី​ឆ្នាំ២០០៣ ដល់​ខែមិថុនា ឆ្នាំ ២០២០ មាន​ចំនួន៣៤៨ គម្រោង ។

សេដ្ឋវិទូ​បានឱ្យដឹងថា វិស័យ​សំណង់​នៅ​កម្ពុជា បាន​នឹង​កំពុង​ដើរតួនាទី​ជា​កំលាំងចលករ​មួយ​ដ៏​សំខាន់ ក្នុង​ការជួយ​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ខណៈ​វិស័យនេះ ពិតជា​បាន​ង្ហា​ញ ពី​ការវិវត្ត​ឈានឡើង​នៃ​សេដ្ឋកិច្ចកម្ពុជា ប្រកបដោយ​ស្ថេរភាព និង​និរន្តរភាព តាមរយៈ​ការដាក់ចេញ នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។

លោក​ឧបនាយករដ្ឋមន្ត្រី ជា​សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់មាន​ប្រសាសន៍​កន្ល​ង​មកនេះ​ថា ក្នុង​វិស័យ​សំណង់​កម្ពុជា មាន​ក្រុមហ៊ុន​បរទេស​មក​ធ្វើការ​បោះទុន​វិនិយោគ ជាច្រើន រួមមាន ក្រុមហ៊ុន​ចិន​ជាប់​ចំណាត់ថ្នាក​ទី១ ក្រុមហ៊ុន​មកពី​ប្រទេស​កូរ៉េ​ជាប់​ចំណាត់ថ្នាក​ទី។ ក្រុមហ៊ុន​មកពី​ប្រទេស​ជប៉ុន ជាប់​ចំណាត់ថ្នាក់​ទី៣ និង​បណ្តា​ក្រុមហ៊ុនធំៗមកពី​បណ្តា​ប្រទេស​ផ្សេងទៀត ទាំង​នៅក្នុង​តំបន់​អាស៊ី អឺរ៉ុប និង​អាមេរិក​ជាដើម៕