វិភា​គៈ តើ​វ៉ាក់សាំង​ជំងឺ COVID-19 ជា​គន្លឹះ​សំខាន់​ក្នុងការ​ស្តារ​សេដ្ឋកិច្ចពិភពលោក?

ដោយ ម៉ា​ណេ​ត

ភ្នំពេញៈ ហេតុអ្វី​វិបត្តិ​នេះ ពិបាក​សម្រាប់​អ្នកធ្វើ​គោលនយោបាយ​សេដ្ឋកិច្ច? ព្រោះ​វា​ធំ ហើយក៏​មិន​ប្រាកដប្រជា​ផងដែរ។

យើង​បានដឹង​ពី​កត្តា​ជាច្រើន ដែល​បណ្តាលឱ្យមាន​វិបត្តិ​សេដ្ឋកិច្ច ដូចជា​វិបត្តិ​ហិរញ្ញវត្ថុ​កាលពី​ឆ្នាំ២០០៨ និង​សង្គ្រាម​ពាណិជ្ជកម្ម​កិច្ច​អាមេរិក និង​ចិន ដូច​ក៏ដូចជា​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អាស៊ី​ឆ្នាំ១៩៩៧ជាដើម។ វិបត្តិ​សេដ្ឋកិច្ច​ទាំងពីរ​ត្រូវបាន​ដោះស្រាយ ដោយមាន​ការចូលរួម​ពី​មេ​ដឹក​នៃ​ប្រទេស​ជាច្រើន។

ប៉ុន្តែ​វិបត្តិថ្មីៗនេះ គឺ​បណ្តាល​មក​ជំងឺ​ដង្ហើម​ថ្មី​មួយ ដែល​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក ហៅថា “ជំងឺ COVID-19” មិនមែន​មកពី​កត្តាសេដ្ឋកិច្ច​ទេ ដែល​បង្កឱ្យមាន​វិបត្តិ​នេះ ដូច្នេះ​គ្មាន​ការសម្រេចចិត្ត​របស់រ​ត​នាគារ អាចធ្វើឱ្យ​វា​បាត់ទៅ​វិញ​ឡើយ។ ផ្ទុយទៅវិញ​រដ្ឋាភិបាល ក៏ដូចជា​ពួកយើង ត្រូវតែ​រស់នៅ​ដោយ​ភាពមិនប្រាកដប្រជា​ដែល​វា​បង្កឡើង។

ប្រសិនបើ ឬ​នៅពេលដែល​វ៉ាក់សាំង​លេចចេញ បញ្ហា​នឹង​ត្រូវបាន​ដោះស្រាយ​ជា​យ៉ាង​ឆាប់រហ័ស។ ប្រសិនបើ​រកឃើញ​រ៉ា​ក់​សាំង​ក្នុងពេលឆាប់ៗនេះ សេដ្ឋកិច្ច​នឹងមាន​ការ​ផ្លាស់ប្តូរ ហើយ​កិច្ចការ​អាទិភាព​នឹង​គាំទ្រ​ដល់​ក្រុមហ៊ុន និង​ការងារ រហូតដល់​ភាព​ធម្មតា​វិលត្រឡប់​មកវិញ។

ប៉ុន្តែ​ប្រសិនបើ​វា​ត្រូវការ​រយៈពេល​ជាច្រើន​ឆ្នាំ រហូតដល់​មាន​វ៉ាក់សាំង ឬ​ការព្យាបាល​បានជា​សះស្បើយ១០០ភាគរយ បន្ទាប់មក​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​ដ៏​ធំ នឹង​កើតឡើង ហើយ​វិបត្តិ​នេះ អូសបន្លាយ​ពេល​យូរ​ទៅទៀត។

ការសិក្សា​ស្រាវជ្រាវ​ថ្មី​បាន​លើកឡើងថា វិបត្តិ​នេះ​គឺ​ត្រូវ​ទាមទារ​មនុស្ស​រៀន​រស់​ជា​តាម​សម្រប​ខ្លួន​ទៅតាម​វា។

របាយការណ៍​មួយ​របស់​ធនាគារពិភពលោក បាន​លើក​អនុសាសន៍​វិធានការ​មួយចំនួន មានដូចជា ការវិនិយោគ​ជាបន្ទាន់ ទៅលើ​សមត្ថភាព​របស់​ប្រព័ន្ធ​សុខាភិបាល និង​ទៅលើ​ការត្រៀម​លក្ខណៈ​យូរអង្វែង។ របាយការណ៍​ក៏​ស្នើ​ផងដែរ​ឱ្យ​ប្រទេស​ទាំងអស់​ប្រកាន់យក​ទស្សនៈ​ចម្រុះ គ្រប់​ជ្រុងជ្រោយ ចំពោះ​វិធានការ​រាំងខ្ទប់​វីរុស និង​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច។

វិធានការ​ថវិកា​គោលដៅ​អាទិភាព – មានដូចជា​ប្រាក់ឧបត្ថម្ភ​សម្រាប់​ពេល​មាន​ជំងឺ និង​សម្រាប់​ថែ​ទាំង​សុខភាព – អាចជួយ​ដល់​ការ​រាំងខ្ទប់​ការ​រាលដាល​វីរុស និង​ជួយ​ធានា​ធ្វើយ៉ាងណា​មិនឱ្យ​ស្ថានភាព​ខ្វះខាត​បណ្តោះអាសន្ន​នេះ ក្លាយទៅជា​ការបាត់បង់​មូលធន​មនុស្ស​យូរអង្វែង​ឡើយ។

លោក​អា​ឌី​ត្យា ម៉ា​ទូ​សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក សម្រាប់​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​កបាន​មានប្រសាសន៍ថា “បន្ថែម​លើ​វិធានការ​អង់អាច​នានា កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កាន់តែ​ជ្រាលជ្រៅ​ថែមទៀត “គឺជា​ថ្នាំ​វ៉ាក់សាំង”ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ប្រឆាំង​ទៅនឹង​ការគំរាមកំហែង​របស់​វីរុស​នេះ” ។

លោក​បាន​បន្តថា “បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វ៊ិ​ក និង​នៅតាម​តំបន់​ផ្សេងទៀត ត្រូវតែ​រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺ​នេះ រក្សា​ពាណិជ្ជកម្ម​ឱ្យនៅ​ដំណើរការ​ដដែល និង​ចេះ​សម្របសម្រួល​គ្នា​ផ្នែក​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច” ។

របាយការណ៍​នេះ អំពាវនាវ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ភាពជា​ដៃគូ​ឆ្លងដែន​រវាង​ផ្នែក​សាធារណៈ​និង​ឯកជន ដើម្បី​បង្កើន​សម្ទុះ​ផលិតកម្ម និង​ការផ្គត់ផ្គង់​ស  ម្ភា​រៈ​បរិក្ខារ​ពេទ្យ និង​សេវាសំខាន់ៗ នៅក្នុង​សភាព​ដែល​មានការ​រាតត្បាត​មេរោគ​នេះ និង​ដើម្បី​ធានាឱ្យមាន​ស្ថិរភាព​ហិរញ្ញវត្ថុ នៅពេល​ក្រោយមកទៀត។ អ្វីដែល​សំខាន់​នោះ​គឺ គោលនយោបាយ​ពាណិជ្ជកម្ម គួរតែ​នៅ​បើកចំហ ដើម្បី​បង្ក​លទ្ធភាព​ឱ្យមាន​រំហូរ​ចេញចូល​របស់​ការផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​ពេទ្យ និង​ការផ្គត់ផ្គង់​ទំនិញ​ដទៃទៀត រវាង​ប្រទេស​ផង​គ្នា ក៏ដូចជា​ជួយ​សម្រួល​ឱ្យ​សេដ្ឋកិច្ច​ក្នុង​តំបន់​ឆាប់​ងើបឡើង​បាន​ផង។

កាលពី​ខែឧសភា ផ្សារ​ហ៊ុន​អាមេរិក​ចាប់ផ្តើម​ងើបឡើង​វិញ ដោយសារ​ក្តីសង្ឃឹម​នៃ​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19 ។ ការជួញដូរ​ភាគហ៊ុន​បាន​បើក​ជាថ្មី នៅ​ផ្សារ​ហ៊ុន​ញូវយ៉ក។ អភិបាលក្រុង​ញូវយ៉ក​លោក Andrew Cuomo បាន​បន្លឺសំឡេង​កណ្តឹង ដើម្បី​បើក​ការជួញដូរ​ភាគហ៊ុន ហើយ​ពាណិជ្ជករ​បាន​ស្រែក​ហ៊ោ​យ៉ាង​រីករាយ។

ឧទាហរណ៍ ក្រុមហ៊ុន Dow  បាន​បិទ​ការជួញដូរ​កាល​កាលពី​ម្សិលមិញ ដោយ​ទទួលបាន៥៣០ពិន្ទុ ឬ២,២ភាគរយ ដែល​ជម្រុញ​ដោយ​សុទិដ្ឋិនិយម អំពី​ការបន្ត​បើក​សេដ្ឋកិច្ច​ជាបណ្តើរៗ និង​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19។ ស​ន្ទ​ស្សន៍​ជួញដូរ​ខ្ពស់ជាង៧០០ពិន្ទុ ហើយ​កើន​លើស២៥,០០០ ពិន្ទុ​ដែលជា​កំរិត​មួយ​មិន​ធ្លាប់មាន​តាំងពី​ថ្ងៃទី១០ ខែមីនា។

មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ IMF បាន​និយាយថា សេដ្ឋកិច្ចពិភពលោក​ខាតបង់​ប្រាក់​ចំនួន ១២ទ្រី​លាន​ដុល្លារ (១២លាន​លាន​ដុល្លារ) ពី​ជំងឺ​រាតត្បាត Covid-19 បន្ទាប់ពី​កាត់បន្ថយ​ការព្យាករណ៍​កំណើន​នៅ​ឆ្នាំ ២០២០ ។

អ្នកពិគ្រោះ​យោបល់​ផ្នែក​សេដ្ឋកិច្ច​របស់ IMF លោកស្រី Gita Gopinath បាន​មានប្រសាសន៍ថា “ ជំងឺ​រាតត្បាត​បាន​រុញច្រាន​សេដ្ឋកិច្ច​ឲ្យ​ធ្លាក់​ចូលក្នុង​វិបត្តិ ដែល​បង្កឱ្យមាន​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់” ។ លោកស្រី​បន្ថែមទៀតថា “វា​នឹងមាន​ការធ្លាក់ចុះ​នៃ​កម្រិតជីវភាព​សម្រាប់៩៥%នៃ​ប្រទេស​ទាំងអស់​នៅ​ឆ្នាំនេះ” ។

មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ បាន​ណែនាំ​ដល់​ប្រទេស​ទាំងអស់ រួមទាំង​ប្រទេស​ដែល​បាន​ឆ្លង​ផុត​ការឆ្លង​ខ្ពស់​ផងដែរ ដើម្បី​ធានាថា​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​ពួកគេ ត្រូវបាន​ផ្គត់ផ្គង់​គ្រប់គ្រាន់ ហើយ​បាន​អំពាវនាវ​ដល់​ប្រទេស​អភិវឌ្ឍន៍​ថា ប្រទេស​ក្រីក្រ​គួរ​ទទួលបាន​វ៉ាក់សាំង​គ្រប់គ្រាន់ និង​មាន​តំលៃ​សមរម្យ៕

លោក​នី ទី​ណាត​ ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន ដើម្បី​ក្លាយជា​ភ្នាក់ងារ​អចលវត្ថុឲ្យ​មាន​ប្រសិទ្ធភាព

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ មានការ​លើកឡើងផ្សេងៗគ្នា​ជាច្រើន ពាក់ព័ន្ធ​ទៅនឹង​វិធីសាស្ត្រ ក្នុងការ​អភិវឌ្ឍ​ខ្លួន​ក្លាយជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ម្នាក់ ដែលមាន​ប្រសិទ្ធភាព និង​ទទួលបាន​ជោគជ័យ​ខ្ពស់ ដោយ​ក្នុងនោះ​មាន​អ្នកខ្លះ លើកយក​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន​មក​បង្ហាញ ហើយ​អ្នក​ខ្លះទៀត បាន​លើកយក​ទ្រឹស្ដី​ពី​ការសិក្សា​ស្រាវជ្រាវ​មក​ធ្វើជា​អំណះអំណាង។

ជាការ​ចែករំលែក​នូវ​ចំណេះដឹង​ពាក់ព័ន្ធ ទៅនឹង​គន្លឹះ​ដែល​អាច​អភិវឌ្ឍន៍​ខ្លួន​ក្លាយជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ម្នាក់ ដែល​អាច​ទទួលបាន​ភា​គ​រយ​ជោគជ័យ​ខ្ពស់ អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Basac Realthy Co,. Ltd លោក នី ទី​ណាត​បាន​លើកយក​ពី​ចំណុចសំខាន់ៗមួយចំនួន ដែល​លោក​ធ្លាប់​អនុវត្ត និង​ទទួលបាន​លទ្ធផល​ល្អ​មក​បង្ហាញ​ដូចខាងក្រោម​នេះ។

ក្នុងការ​ធ្វើ​បទ​បង្ហាញ​នៅ​អង្គសិក្ខាសាលា​ស្ដីពី ការចែករំលែក​ចំណេះដឹង​ការ​អភិ​វ ឌ្ឍ​ខ្លួន​ជា​ភ្នាក់ងារ​អចល​ទ្រព្យ​នៅ​ភោជនីយដ្ឋាន សួគ៌ា កាលពីពេលថ្មីៗនេះ​ថា វិធីសាស្ត្រ​ក្នុងការ​អនុវត្ត​គឺមាន​ច្រើន ប៉ុន្តែ​អ្វីដែល​សំខាន់ និង​ចាំបាច់​បន្ថែម​ពីលើ​ចំណង់​ចំណូលចិត្ត ការព្យាយាម ការចេះ​រៀបចំខ្លួន និង​ចំណេះដឹង​ទូទៅ​ពាក់ព័ន្ធ ទៅនឹង​វិស័យ​អចលនទ្រព្យ នៅមាន​ចំណុច​មួយចំនួនទៀត​ដែល​លោក​ធ្លាប់បាន​អនុវត្តន៍។

លោក​នី ទី​ណាត​បាន​បញ្ជាក់ថា “ក្រៅពី​អ្វីដែល​ខ្ញុំ​រៀបរាប់​ខាងលើនេះ ភ្នាក់ងារ​ដែលមាន​ឱកាស​ជោគជ័យ គឺ​ត្រូវ​ចេះ​ជ្រើសរើស​អតិថិជន​ពិតប្រាកដ ដឹង​ពី​តម្រូវការ​ពិតប្រាកដរ​បស់​អតិថិជន យល់ដឹង​ពី​នីតិវិធី​ច្បាប់ និង​មាន​អចលនទ្រព្យ​ច្រើន​ប្រភេទ​សម្រាប់​ដាក់លក់​ដល់​អ​តិ​ថិ​ជន” ។ លោក​បន្តថា “ជា​បទពិសោធន៍​របស់​ខ្ញុំ ស្ទើរតែ​គ្រប់​អតិថិជន​ដែល​មកជួប​យើង ភាគច្រើន​ពួកគាត់​ក៏​ធ្លាប់​ជួប​ជាមួយ​បណ្តា​ភ្នាក់ងារ នៃ​ក្រុមហ៊ុន​ដទៃទៀត ដែល​ប្រឡូក​នៅក្នុង​ទីផ្សារ​រួមជាមួយ​គ្នា ដូច្នេះ​នៅពេលដែល​ដឹងថា ពួកគាត់​ធ្លាប់​ជួប​ជាមួយ​ភ្នាក់ងារមុនៗ យើង​គួរ​ស្វែង​យក​ពី​គោលបំណង​របស់​ភ្ញៀវ ហើយ​ជ្រើសរើស​ប្រភេទ​អចលនទ្រព្យ ដែល​ស្ថិតក្នុង​គោលបំណង​របស់​ពួកគាត់ ដោយ​អាចមាន​ចាប់ពី២-៣ប្រភេទ​ឡើងទៅ ដែលមាន​តម្លៃ​ប្រហាក់ប្រហែលគ្នា” ។

លោក​បន្តថា កុំ​ព្យាយាម​និយាយ​បង្អាប់​ភ្នាក់ងារមុនៗ ដែល​ពួកគាត់​បាន​ជួប ប៉ុន្តែ​ត្រូវ​ព្យាយាម​បង្ហាញ​ពី​ជំនាញ ចំណេះដឹង និង​ភាពស្មោះត្រង់​ទៅកាន់​ពួកគាត់ ដើម្បីឱ្យ​ពួកគាត់​ស្គាល់​ពី​តម្លៃ និង​ផ្តល់​ទំនុក​កាន់តែខ្លាំង​មកលើ​យើង។ អ្វីដែល​សំខាន់ គឺ​ការចេះ​គ្រប់គ្រង​ពេលវេលា​ជាក់លាក់ ក្នុងការ​ណាត់ជួប​ជាមួយ​ភ្ញៀវ។ មុនពេល​កំណត់​ពេលណា​ត់​ជួប ឬ​សន្យា​ចេញ​ជួប​ភ្ញៀវ ចាំបាច់​បំផុត​ប្រាកដថា បាន​ត្រៀមខ្លួន​រួចរាល់ ដោយ​ក្នុងនោះ ត្រូវ​រាប់បញ្ចូល​ទាំង​ការរៀបចំ​ឯកសារ​ដែល​ពាក់ព័ន្ធ ការស្វែងយល់​បន្ថែម​ពី​ចរន្ត​អចលនទ្រព្យ ដែល​ស្ថិតនៅ​ជុំវិញ​ទីតាំង​គោលដៅ​របស់​ភ្ញៀវ ជៀសវាង​ការទទួលបាន​ដំណឹង​យឺត​ជាង​ភ្ញៀវ ឬ​ជា​ដំណឹង​លឿន​រហ័ស ប៉ុន្តែ​មិន​ច្បាស់​ការណ៍។

ជាមួយនឹង​ការបង្ហាញ​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន​ខាងលើនេះ លោក​នី ទី​ណាត​ក៏បាន​បញ្ជាក់​ផងដែរ​ថា ការរក្សាបាន​នូវ​កិច្ចទំនាក់ទំនង​ល្អ​ជាមួយ​ភ្ញៀវ ក៏ដូចជា​ដៃគូ​សហការ​ដែល​ស្ថិតនៅក្នុង​វិស័យ​រួមគ្នា ក៏​ជា​ចំណុច​សំខាន់​ដែល​ភ្នាក់ងារ​ត្រូវតែ​ប្រកាន់ខ្ជាប់ រួម​ជាមួយនឹង​ការព្យាយាម​សិក្សា ស្វែងយល់​បន្ថែមទៀត​ពី​មនុស្ស ដែលមាន​ភាពជោគជ័យ​នៅក្នុង​វិស័យ​មួយ​នេះ៕

ទីតាំង​សណ្ឋាគារ និង​បូ​ទិ​ក ចាប់ផ្ដើម​កែប្រែ​អាជីវកម្ម​ផ្សេង ខណៈ​កូ​វីដ១៩នៅតែ​អូសបន្លាយ

ដោយ ចរិយា

ភ្នំពេញៈ ក្រោយពី​បិទ​អាជីវកម្ម​អស់​មួយរយៈ ដោយសារតែ​រង​ឥទ្ធិពល​ពី​ជំងឺ​កូ​វីដ១៩ សណ្ឋាគារ ផ្ទះសំណាក់ និង​ប៊ូ​ទិ​ក​មួយចំនួនទៀត នៅតែ​មិនមាន​ភ្ញៀវ​សម្រាក​និង​លំហែ​នៅឡើយ ហើយ​ម្ចាស់​អាជីវកម្ម​មួយចំនួន ក៏​សម្រេច​ប្តូរ​អាជីវកម្ម​ពី​សណ្ឋាគារ និង​បូ​ទិ​ក​ទៅជា​អាជីវកម្ម​ផ្សេង​ជំនួស​វិញ ដើម្បី​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​បុគ្គលិក និង​ម្ចាស់​អាជីវកម្ម​ខ្លួនឯង។

លោកស្រី​ក្លេ​ខៃ ចិន្ដា​ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បាន​ថ្លែង​តាម​ទូរ​សព្ទ​អោយដឹងថា ទីតាំង​សណ្ឋាគារ ផ្ទះសំណាក់ និង​បូ​ទិ​ក​មួយចំនួន បាន​កែប្រែ​អាជីវកម្ម​របស់ខ្លួន​ទៅជា​អាជីវកម្ម​ផ្សេង ដែល​មិន​បម្រើអោយ​វិស័យ​ទេសចរណ៍ ឬ​វិស័យ​ដែល​នៅតែ​រង​ផលប៉ះពាល់។

លោកស្រី​បន្តថា “បើទោះបីជា​បច្ចុប្បន្ននេះ ក្រសួងទេសចរណ៍​បាន​ជំ​រុញអោយ​ពលរដ្ឋ​ក្នុងស្រុក​ធ្វើដំណើរ​កម្សាន្ត និង​សម្រាក​នៅផ្ទះ​សំណាក់​សណ្ឋាគា​រ និង​ប្រើប្រាស់​សេវាកម្ម​ទេសចរណ៍ផ្សេងៗក្ដី តែ​ក៏​វា​មិនអាច​ធ្វើអោយ​អាជីវកម្ម​សណ្ឋាគារ ផ្ទះសំណាក់​ប៊ូ​ទិ​កនៅ​ទីតាំង​មួយចំនួន ដែល​រង​ផលប៉ះពាល់​ដោយសារតែ​កូ​វីដ១៩ មិនទាន់​ងើបឡើង​វិញ​បានឡើយ។លោកស្រី​បន្តថា “សណ្ឋាគារ​ខ្លះ​ផ្ដោតលើ​ភ្ញៀវទេសចរ​ក្រៅ​ស្រុក ហើយ​សម្រាប់​ភ្ញៀវទេសចរ​ក្នុងស្រុក​វិញ ក៏​មិនបាន​ប្រើប្រាស់​សេវាកម្ម​ទេសចរណ៍ អស់​សក្ដានុពល​ដូច​ភ្ញៀវ​អន្តរជាតិ​ឡើយ” ។

លោកស្រី​បន្ថែមថា សម្រាប់​ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់ ក៏ដូចជា​ទីតាំង​ទេសចរណ៍​ដទៃទៀត ដែល​មិន​ប្រភព​ទុន​គ្រប់គ្រាន់ ក៏បាន​ប្រកាស​លក់​ទីតាំង​នោះ​ទី​អ្នក​ទី២ ទី៣បន្ត ដើម្បីអោយ​អ្នក​បន្ត​អាច​កែប្រែ​ជំនួស​ខ្លួន​ដែល​មិនមាន​លទ្ធភាព។

លោក​តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា ជាការ​ពិតណាស់​អាជីវ​កម្ម​មួយចំនួន ដែល​ប៉ះពាល់​ដោយសារ​កូ​វីដ បាន​កែប្រែ​ដើម្បី​អាច​រក​ចំណូល​ចិញ្ចឹម​បុគ្គលិក ផ្ដល់ប្រាក់​ចំណូល​ដល់​បុគ្គលិកខ្លះៗ ក្នុងការ​លើកកម្ពស់​ក​ម្រិ​ត​ជីវភាព ហើយ​ក្នុងនាម​ក្រសួងទេសចរណ៍​ក៏​រីករាយ​និង​សាទរ ឃើញ​ម្ចាស់​អាជីវកម្ម​បត់បែន​ទៅតាម​កាលៈទេសៈ​បែបនេះ ។

លោក​បន្តថា កាលពី​ខែឧសភា២០២០កន្លងទៅនេះ គេ​ឃើញថា​ចលនា​ទេសចរណ៍​ក្នុងស្រុក ក៏​ចាប់​ផ្ដើ​ក​កម្រើក​ឡើងវិញ​ជា​បណ្ដើរ​ឡើងវិញ បន្ទាប់ពី​ស្ថានភាព​កូ​វីដ១៩នៅ​កម្ពុជា​ហាក់​មាន​ភាព​ធូរស្រាល​ឡើងវិញ ក៏ប៉ុន្តែ​សម្រាប់​តំបន់​ខ្លះ​នៅតែ​ចោទ​ជា​បញ្ហា ដែល​ធ្វើអោយ​ម្ចាស់​អាជីវកម្ម ដែល​ជួល​ទីតាំង​ត្រូវ​បង្ខំចិត្ត​លក់ ឬក៏​ផ្លាស់ប្តូរ​អាជីវកម្ម។

យោងតាម​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ រាជរដ្ឋាភិបាល​បានសម្រេច​អោយ​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត និង​ខេ​ធី​វី ផ្លាស់ប្តូរ​អាជីវកម្ម​ទៅជា​ភោជនីយដ្ឋាន និង​អាច​ទទួលភ្ញៀវ ហើយ​នៅតែ​បន្ត​បិទ អាជីវកម្ម​ក្លឹប​កម្សាន្ត​និង​ខារ៉ាអូខេ​ដដែល ដើម្បី​បន្ត​ការពារ​ការឆ្លង​រាលដាល​នៃ​កូ​វីដ១៩នេះ៕

រដ្ឋាភិបាលឥណ្ឌូនេស៊ីបោះទុន ៤០០០លានដុល្លារសាងសង់ផ្លូវរថភ្លេីងល្បឿនមធ្យម

ដោយ នៅ ស៊ីវុត្ថា

ឥណ្ឌូនេស៊ីៈ រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី នឹងចាប់ផ្តើមសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនមធ្យម ដើម្បីពង្រីកសក្តានុពលប្រព័ន្ឋ ដឹកជញ្ជូនសាធារណៈរបស់ខ្លួន បន្ទាប់ពីត្រូវបាសិក្សាបុរេលទ្ធភាពម្តងរួចកាលពីឆ្នាំមុន។

រដ្ឋបាលក្រុងJakarta  បានផ្តល់គម្រោងសិក្សាផ្លូវរត់ភ្លើងមួយនេះ ទៅឲ្យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដែលជាអ្នកអនុវត្តដោយផ្ទាល់។

លោក Shinichi Yamanaka តំណាង JICA ប្រចាំនៅឥណ្ឌូនេស៊ី បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ការសិក្សាលើគម្រោងមួយនេះ នឹងត្រូវចំណាយពេល១ឆ្នាំកន្លះ ពោលនឹងបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២០ ខាងមុខនេះ។លោកបន្តថា ការសម្រេចរបស់JICA នឹងក្លាយជាការវិនិយោគតិចឬច្រើន អាស្រ័យអាស្រ័យលើលទ្ធផលនៃលទ្ធភាពការសិ    ក្សា។

គម្រោងJakarta-Surabaya នឹងត្រូវបានគេកំណត់ដោយចំណាយទឹកប្រាក់ប្រ​ហែល៦០ទ្រីលានរូពី (លុយឥណ្ឌូនេស៊ី) ដែលស្មើនឹង៤០០០លានដុល្លារអាមេរិកជាង ប៉ុន្តែយ៉ាងណាក៏ដោយ ចំនួននេះនឹងមានការប្រែប្រួលអាស្រ័យ លើលទ្ធផលនៃការសិក្សាចុងក្រោ។

ថ្វីបើតួលេខវិនិយោគត្រូវបានកំណត់ក៏ដោយ ក៏រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណ​ត់ទិសដៅ គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនមធ្យមនេះ  ឲ្យសម្រេចតាមផែនការតាមការកំណត់ជាក់លាក់។

តាមការគ្រោងទុក គម្រោងសាងសង់ផ្លូវល្បឿនមធ្យមនេះ អាចរត់បាន៧២០គីឡូ​ម៉ែត្រក្នុងរយៈពេល៥.៥ម៉ោង ឬ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង៕

វិស័យសំណង់បានបង្កើតការងារជូនពលរដ្ឋជាង១៧ម៉ឺននាក់ក្នុងមួយថ្ងៃ

ដោយៈ វុត្ថា

ភ្នំពេញៈ របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា វិស័យសំណង់បានបង្កើតការងារជាច្រើន ជូនពលរដ្ឋដោយនៅក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ ដែលគិតជាមធ្យមប្រមាណ១៧០ ០៥៩ នាក់ ទៅ១៧០១០០ នាក់ក្នុងមួយថ្ងៃ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញផ្សាយនៅថ្ងៃទី៦ ខែកក្ក​ដា ឆ្នាំ២០២០នេះបញ្ជាក់ថា សម្រាប់តែនៅរាជធានីភ្នំពេញ មានចំនួនកម្មករប្រមាណពី ២៤ ១៣០នាក់ ទៅ ២៤,៥០០នាក់ក្នុងមួយថ្ងៃ ដែលទទួលបានការងារពីវិស័យសំណង់ ។ បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៩ ចំនួនកម្មករគិតជាមធ្យមប្រមាណពី១៣៣ ៧៣៨ នាក់ ទៅ ១៣៤ ០០០នាក់ក្នុងមួយថ្ងៃ សម្រាប់ទូទាំងប្រទេស។

ដោយឡែក នៅរាជធានីភ្នំពេញមានចំនួនកម្មករ ប្រមាណពី៤៣,៤៦០នាក់ ទៅ ៤៣,៥០០នាក់ក្នុងមួយថ្ងៃកើនឡើងចំនួន២៧,១៦ ភាគរយ។

តាមរយៈការសិក្សាស្រាវជ្រាវក្នុងមួយឆមាសទី១ ឆ្នាំ២០២០នេះ តម្លៃពលកម្មសម្រាប់កម្មករគ្មានជំនាញ ក្នុងមួយថ្ងៃអាចទទួលបានពី៤០,០០០រៀល ទៅ ៦០,០០០រៀល សម្រាប់កម្មករមានជំនាញ និងមេជាងក្នុងមួយថ្ងៃ អាចទទួលបានពី៦០, ០០០ រៀល ដល់១០០,០០០ រៀល ។ ដោយឡែក ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងទៀត ក្នុងមួយខែអាចទទួលបានប្រាក់បៀវត្សពី៤០០ដុល្លារ ទៅ២៥០០ដុល្លារអាមេរិក៕

រដ្ឋាភិបាលបានចេញវិញ្ញាបនបត្រប្រកបអាជីវកម្មគម្រោងប្លង់និងសាងសង់ចំនួន២៥២ ក្រុមហ៊ុន

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលបានចេញវិញ្ញាបនបត្រ ប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់បានចំនួន២៥២ក្រុមហ៊ុន គិតត្រឹមឆមាសទី១ ឆ្នាំ២០២០នេះ បើធៀបនឹងរយៈពេលដូចគ្នា មានចំនួន១៨៩ក្រុមហ៊ុន កើនឡើង៦៣ក្រុមហ៊ុនស្មើនឹង៣៣,៣៣ភាគរយ​។

យោងតាមរបាយការណ៍រក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២០នេះបានឱ្យដឹងថា ក្រសួងបានចុះបញ្ជីក្រុមហ៊ុនក្នុងស្រុកចំនួន១៥៤ ដែលមានក្រុមហ៊ុនសាងសង់ចំនួន១៤១ក្រុមហ៊ុន និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ចំនួន១៣ក្រុមហ៊ុន។

ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះបញ្ជីក្រុមហ៊ុនបរទេសបានចំនួន៩៨ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនសាងសង់ចំនួន៩៥ និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ចំនួន៣ក្រុមហ៊ុន ។

គិតចាប់តាំងពីឆ្នាំ២០០០ ដល់ខែមិថុនា ឆ្នាំ ២០២០នេះ ក្រសួងបានចុះបញ្ជីក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់បានចំនួន២៨៣០ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនដែលមានសុពលភាពបច្ចុប្បន្ន មានតែចំនួន១២៤១ក្រុមហ៊ុនប៉ុណ្ណោះ ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានឱ្យដឹងដែរថា ក្នុងឆមាសទី ១ ឆ្នាំ ២០២០នេះ រូបវន្ដដែលបានមកចុះបញ្ជីមានចំនួន៧៧រូប ក្នុងនោះស្ថាបត្យករមានចំនួន៣៨រូប វិស្វករមានចំនួន៣៩រូប ធៀបនឹងរយៈពេលដូចគ្នាមានចំនួន២៩រូប មានការកើនឡើង៤៨រូប ។

ចាប់តាំងពីឆ្នាំ២០០៩ ដល់ខែមិថុនា ឆ្នាំ២០២០ រូបវន្តបុគ្គលសិក្សាគម្រោងប្លង់មានចំនួន៣៣៤ រូបក្នុងនោះមានស្ថាបត្យករចំនួន១៩៤រូប ក្នុងនោះមានស្ថាបត្យករបរទេសចំនួន ៤ រូប និងវិស្វករចំនួ ១៤១ រូប ក្នុងនោះ វិស្វករបរទេសចំនួន២រូប ប៉ុន្តែរូបវន្តបុគ្គលដែលមានសុពលភាពបច្ចុប្បន្នមានចំនួន២៥៣ រូប៕

គម្រោងវិនិយោគជាច្រើនកំពុងបង្ហាញវត្តមាននៅតំបន់ឧដុង្គ ជាយក្រុងភ្នំពេញ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ មិនខុសពីបណ្តាតំបន់មួយចំនួនទៀតដែលស្ថិតនៅជាយក្រុងកំពុងមានការទិញ-លក់ ជាមួយនឹងសកម្មភាពអភិវឌ្ឍន៍របស់វិស័យឯកជន សម្រាប់តំបន់ជុំវិញភ្នំឧដុង្គ ក៏កំពុងមានគម្រោងជាច្រើនចូលទៅបង្ហាញវត្តមានផងដែរ ដែលក្នុងនោះរួមមានវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាស ឃ្លាំង និងវិស័យលំនៅដ្ឋានជាដើម។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា តំបន់បានលើកឡើងខាងលើនេះ ពិតជាកំពុងតែមានតម្រូវការប្រាកមែន ព្រោះស្ទើរតែគ្រប់តំបន់ជាយក្រុងរាជធានីភ្នំពេញទាំងអស់គឺសុទ្ធតែមានតម្រូវការប្រើប្រាស់ដីទាំងអស់ ជាពិសេសត្រឹមចម្ងាយចាប់ពីប្រមាណ ជាង៣០គីឡូម៉ែត្រពីក្រុង។

លោកបានបន្តទៀតថា “តំបន់ខាងលើនេះគឺមានភាពល្អប្រសើរច្រើន ក្រៅពីនៅជិតក្រុង និងមានផ្លូវហាយវេ (ផ្លូវជាតិលេខ៥) និងផ្លូវជាតិលេខ៥១ ដែលរដ្ឋាភិបាលកំពុងតែធ្វើការកែលម្អជាបណ្តើរ ដើម្បីផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូន ហើយតំបន់នេះនៅមានវិសាលភាពធំទូលាយ ងាយស្រួលអភិវឌ្ឍន៍ ហើយតម្លៃក៏នៅធូរថ្លៃ”។
លោកបានបន្តទៀតថា “កត្តាភូមិសាស្ត្រនៅទីនេះល្អប្រសើរទាំងការរស់នៅ ក៏ដូចជាផ្តល់ភាពងាយស្រួលដល់វិស័យដឹកជញ្ជូន ជាក់ស្ដែងក្រៅពីមានផ្លូវជាតិលេខ៥ ដែលជាផ្លូវហាយវេ ថែមទាំងមានភាពងាយស្រួលក្នុងការឆ្លងទៅកាន់ផ្លូវជាតិលេខ៦ តាមស្ពានព្រែកក្ដាម និងឆ្ពោះទៅផ្លូវជាតិ៤ តាមផ្លូវ៥១ ដែលកំពុងតែមានសន្ទុះការអភិវឌ្ឍខ្លាំង និងមានតម្រូវការប្រើប្រាស់ដីខ្ពស់នាពេលបច្ចុប្បន្ននេះ។

នាយកគ្រប់គ្រងទីផ្សារក្រុមហ៊ុន វិមាន អចលនទ្រព្យ លោក សំ ថាវី បានមានប្រសាសន៍ឱ្យដឹងផងដែរថា ពីមុនដីនៅតំបន់នេះ ហាក់មិនសូវមានគេចាប់អារម្មណ៍នោះទេ ដោយហេតុផលថា ភាគច្រើនជាប្រភេទដីលិចទឹក ប៉ុន្តែពេលនេះមិនដូចមុននោះទេ។ លោកបញ្ជាក់ថា “មូលហេតុដែលធ្វើឱ្យមានការចាក់បញ្ចូលនៃចំនួនអ្នកវិនិយោគ ចូលទៅតំបន់នេះ ដោយសារតែតម្លៃដីនៅក្នុងតំបន់រាជធានីភ្នំពេញមានសភាពថ្លៃ ពិបាកក្នុងការទទួលបានចំណេញពីការអភិវឌ្ឍ ដូច្នេះចង់មិនចង់តំបន់ជាយក្រុងត្រូវតែជាជម្រើសរបស់ពួកគេ។

លោកលើកឡើងថា បច្ចុប្បន្នមានក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកជាច្រើន បាន និងកំពុងបង្ហាញពីសកម្មភាពយ៉ាងមមាញឹកទៅលើគម្រោងរបស់ខ្លួន ជាពិសេសនៅតំបន់ជិតជើងភ្នំឧដុង្គតែម្ដង ដែលនៅក្នុងនោះរួមមានការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យសម្រាប់ស្នាក់នៅ និងបង្កើតអាជីវកម្ម ការសាងសង់លំនៅដ្ឋានសម្រាប់ជួលដល់កម្មករ-កម្មការិនីរោងចក្រ ក៏ដូចជាគម្រោងអភិវឌ្ឍន៍ពុះដីឡូតិ៍ផងដែរ។
លោកបានបញ្ជាក់ថា “នៅពេលមានគម្រោងអភិវឌ្ឍន៍កាន់តែច្រើន ជាពិសេសវិស័យឧស្សាហកម្ម វានឹងជម្រុញឱ្យការអភិវឌ្ឍលើវិស័យលំនៅដ្ឋានកើតមានឡើង ដែលជាកត្តាធ្វើឱ្យតម្រូវការនៃការប្រើប្រាស់ដីកើតមាន ហើយតម្លៃដីធ្លីក៏កើនឡើងខ្ពស់ផងដែរ។ ខ្ញុំគិតថា ពេលនេះ វានៅតែជាឱកាសសម្រាប់អ្នកវិនិយោគក្នុងវិស័យដីធ្លី និងលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមនៅឡើយ ដោយសារតែតម្លៃដីនៅមានកម្រិតនៅឡើយ”។

លោក សំ ថារី បានបញ្ជាក់ថា “ទាំងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ជាពិសេសគម្រោងដីឡូតិ៍ គឺមានសកម្មភាពទិញលក់យ៉ាងច្រើន។ ជាក់ស្ដែង គម្រោងរបស់ក្រុមហ៊ុន វិមាន អចលនទ្រព្យ ដែលខ្ញុំកំពុងកាន់សព្វថ្ងៃនេះ គឺមានអតិថិជនជាច្រើនគាំទ្រ ដោយសារតែទីតាំងរបស់គម្រោងស្ថិតកន្លែងមានសក្ដានុពល ដែលហ៊ុព័ទ្ធទៅដោយលំនៅឋានរបស់ប្រជាជន មានរោងចក្រ សហគ្រាស រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត ដែលនឹងត្រូវសាងសង់ក្នុងពេលដ៏ខ្លីខាងមុខនេះ”។

លោកបន្តទៀតថា “ចំពោះអតិថិជនដែលគាំទ្រគម្រោង មានអ្នកខ្លះទិញសម្រាប់សាងសង់លំនៅដ្ឋានស្នាក់ជាកម្មសិទ្ធិ ហើយអ្នកខ្លះគាត់ទិញសម្រាប់ទុកវិនិយោគបន្តយកចំណេញនៅថ្ងៃខាងមុខ ដោយសារពួកគាត់បានដឹងពីគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ និងជុំវិញតំបន់ឧដុង្គ។ ពេលនេះតម្លៃដី គឺទាបជាងទីផ្សារនៅឡើយ ដែលជាឱកាសសម្រាប់អតិថិជនដែលបំណង់ចង់ទិញទុកវិនិយោគយកចំណេញ ហើយបើរង់ចាំបន្តិចទៀត តម្លៃអាចនឹងបន្តឡើងថ្លៃ ជាពិសេសក្រោយពេលសំណង់លំនៅឋាន រោងចក្រ សហគ្រាសនានា បង្ហាញខ្លួន”។

សម្រាប់ព័ត៌មានលម្អិតពីគម្រោង វិមាន អចលនទ្រព្យ លោកអ្នកអាចទាក់ទងតាមរយៈទូរស័ព្ទ ៖ ០៣១ ២២ ២២ ០៧១

ឆមាសទី១ ឆ្នាំ២០២០ កុងតឺន័រជាង១៣ម៉ឺនទូរ លើកដាក់ទំនិញនៅកំពង់ផែក្រុងភ្នំពេញ

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២០កន្លងទៅនេះ សម្រាប់វិស័យដឹកជញ្ជូន មានកុងតឺន័រសរុបចំនួន ១៣៥ ៦០១ ទូរ ដែលបានចេញចូលដឹកជញ្ជូនទំនិញគ្រប់ប្រភេទតាមរយៈកំពង់ផែក្រុងព្រះសីហនុ មានការកើនឡើងប្រមាណ១៣ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលមានត្រឹម ១២០ ០៩០ ទូរ តែប៉ុណ្ណោះ ។

យោងតាមរបាយការណ៍របស់កំពង់ផែក្រុងភ្នំពេញ ដែលបណ្តាញគេហទំព័រ Propertyarea.asia ទទួលបាននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា គិតត្រឹមរយៈពេល៦ខែនៃឆមាសទី១ ឆ្នាំ២០២០នេះ បរិមាណទូរកុងតឺន័រដឹកជញ្ជូនទំនិញចេញចូលតាមកំពង់ផែក្រុងភ្នំពេញ មានចំនួន ១៣៥,៦០១ TEUs (ទូរ) កើនឡើង១៣% បើធៀបនឹងរយៈពេលដូចគ្នាមានតែ ១២០,០៩០ TEUs ប៉ុណ្ណោះ។

តាមរយៈរបាយការណ៍ដដែលបានបញ្ជាក់ថា សម្រាប់ទំនិញ-ប្រេងឥន្ធនៈ ចូលតាមកំពង់ផែក្រុងភ្នំពេញវិញ មានចំនួន ១ ៧៩៦ ៦៥០តោន ធ្លាក់ចុះ ៤ភាគរយ។ នាវាផ្ទុកទំនិញឆ្លងការកំពង់ផែ មានចំនួន១១៣៥គ្រឿង កើនឡើងភាគរយ, ទទួលនាវាទេសចរណ៍ចំនួន១២៦ជើង ធ្លាក់ចុះ២៨ភាគរយ និងបរិមាណអ្នកដំណើរមានចំនួន៩៧៣៣នាក់ ធ្លាក់ចុះ៣៨ភាគរយ។

សម្រាប់តែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ ទំនិញ-ប្រេងឥន្ធនៈ ចូលតាមកំពង់ផែក្រុងភ្នំពេញ មានចំនួន ៣៤៤ ៤៩៩តោន ធ្លាក់ចុះ ៣ភាគរយ។ នាវាផ្ទុកទំនិញឆ្លងការកំពង់ផែ មានចំនួន ១៩៥គ្រឿង ធ្លាក់ចុះ៥ភាគរយ, នាវាទេសចរណ៍មិនមានទទួល ធ្លាក់ចុះ១០០ភាគរយ បរិមាណកុងតឺន័រមានចំនួន ២៥ ៤៥៦ ទូរ និងបរិមាណអ្នកដំណើរមិនមាននោះទេ ធ្លាក់ចុះ១០០ភាគរយ៕

កម្ពុជាទាក់ទាញលំហូរទុនវិនិយោគក្នុងវិស័យសំណង់ជិត ៤០០០ លានដុល្លារ ក្នុងរយៈពេល៦ខែ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២០នេះ កម្ពុជាទទួលបានគម្រោងវិនិយោគលើវិស័យសំណង់ប្រមាណ ២ ៥២២ គម្រោង ដែលមានផ្ទៃក្រឡាសំណង់ សរុបជាង ៨, ៦ លានម៉ែត្រការ៉េ ស្មើតម្លៃទុនសរុបជាង ៣៨៤២ លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ បានឱ្យដឹងថា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ មានចំនួន ២ ០៤៧ គម្រោង លើផ្ទៃក្រឡាសរុបប្រមាណ ៣,៧លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានលើទុនវិនិយោគជិត ៣៣៩២ លានដុល្លារ មានការកើនឡើងចំនួន ១៣, ២៦ ភាគរយ។

របាយការណ៍ដដែលបានបន្តថា សម្រាប់ដែនសមត្ថកិច្ចក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតចំនួន ២០៧ គម្រោង មានផ្ទៃក្រឡាសំណង់ប្រមាណជាង ៦ លានម៉ែត្រការ៉េ ដែលមានតម្លៃទុនវិនិយោគប្រមាណជាង ៣០៦៧ លានដុល្លារអាមេរិក បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន ១៥៤ គម្រោង លើផ្ទៃក្រឡាសំណង់សរុបជិត ៦,៣ លានម៉ែត្រការ៉េ ដែលមានតម្លៃទុនវិនិយោគប្រមាណ ៣០៧៤ លានដុល្លារ គឺមានការថយចុះប្រមាណ ០,២១ ភាគរយ ។

សម្រាប់ដែនសមត្ថកិច្ចរដ្ឋបាល-រាជធានីខេត្ត មានចំនួនសរុប ២៣១៥ គម្រោង មានផ្ទៃក្រឡាសំណង់ ២,២លានម៉ែក្រការ៉េ ដែលមានតម្លៃទុនវិនិយោគ ៧៧៤ លានដុល្លារ ។ បើធៀបនឹងឆមាសឆ្នាំ២០១៩ មានចំនួន ១៨៩៣ គម្រោង មានផ្ទៃក្រឡាសំណង់ចំនួនជាង ១ លានម៉ែត្រការ៉េ មានតម្លៃទុនវិនិយោគ ៣១៨ លានដុល្លារ កើនឡើងប្រមាណ ១៤៣,២៨ ភាគរយ៕

ការចរចាពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-កូរ៉េ នឹងចាប់ផ្តើមនៅក្នុងខែកក្កដានេះ

ដោយ ៖ ប៊ី

ភ្នំពេញ៖ ប្រទេសកូរ៉េខាងត្បូងនឹងបើកកិច្ចចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយកម្ពុជានៅក្នុងខែនេះ ដោយសង្ឃឹមថានឹងបង្កើនឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួននៅអាស៊ីអាគ្នេយ៍។ នេះបើយោងតាមមន្ត្រីជាន់របស់កូរ៉េខាងត្បូងលើកឡើងកាលពីពេលថ្មីៗនេះ។

 

ការប្រកាសខាងលើនេះបានធ្វើឡើង ស្របពេលប្រទេសកូរ៉េបាន និងកំពុងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ចំពេលមានការព្យាករណ៍របស់អ្នកជំនាញថា ជំងឺផ្លូវដង្ហើយថ្មី ទំនងជានឹងពន្លឿនការកើនឡើងនូវការគាំពារនិយមពាណិជ្ជកម្ម ស្របជាមួយនឹងការធ្វើពិពិធកម្មនៃបណ្តាញផ្គត់ផ្គង់សកលពីប្រទេសចិនទៅកាន់អាស៊ីអាគ្នេយ៍។

ប្រទេសកម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិងកំពុងលេចឡើងជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសកូរ៉េ។ ការនាំចេញរបស់ខ្លួនមកកាន់កម្ពុជាបានកើនឡើង ៥,៥ ភាគរយ ឬ ៦៩៦ លានដុល្លារកាលពីឆ្នាំមុន ខណៈការនាំចូលពីប្រទេសកម្ពុជាកើន ៦,៨ ភាគរយ ដោយក្នុងនោះ ផ្នែកវាយនភ័ណ្ឌ និងសម្លៀកបំពាក់ ជាមុខជំនួញសំខាន់ៗ។

លោក Hong Nam-ki ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា “ចាប់តាំងពីការស្នើសុំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជាត្រូវបានលើកឡើងនៅក្នុងខែមីនាកាលពីឆ្នាំមុន ដែលជាផ្នែកមួយនៃគោលនយោបាយថ្មីភាគខាងត្បូងរបស់រដ្ឋាភិបាលការសិក្សារួមគ្នា និងការពិភាក្សាសាធារណៈពាក់ព័ន្ធ ត្រូវបានបញ្ចប់នៅចុងខែឧសភា និងថ្ងៃទី១២ ខែមិថុនា”។ លោកបានបន្ថែមថា “ផ្អែកលើបញ្ហានេះរដ្ឋាភិបាលគ្រោងនឹងបញ្ចប់ដំណើរការនេះរួមទាំងការដាក់របាយការណ៍ទៅរដ្ឋសភា និងបើកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅខែកក្កដានេះ”។

ថ្មីៗនេះ រដ្ឋាភិបាលកូរ៉េបានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាដែលជាដៃគូពាណិជ្ជកម្មដ៏មានសក្តានុពល និងជាសមាជិកអាស៊ានបានប្រកាសកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ ៧ ភាគរយចាប់តាំងពីឆ្នាំ២០១១ រហូតមក ខណៈពេលដែលប្រទេសកូរ៉េមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ជាមួយអាស៊ានវា បាន និងកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងគ្នាជាមួយប្រទេសជាសមាជិកដទៃទៀត៕