ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​បង្ហាញ​ពី​បំណង​ផ្លាស់ប្ដូរ​ទីតាំង​វិនិយោគ​របស់ខ្លួនពី​ប្រទេស​ចិន​មកកាន់​កម្ពុជា

0

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ប្រធាន​តំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​ជប៉ុន បាន​លើកឡើងថា កម្ពុជា​គឺជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​អទិភាព សម្រាប់​ក្រុមហ៊ុន​ជប៉ុន​មួយចំនួន ដែលមាន​បំណង​ផ្លាស់ប្ដូរ​ទីតាំង​របស់ខ្លួន​ពី​ប្រទេស​ចិន។

លោក Masahiro Miyao ប្រធាន​តំណាង​អង្គការ​ពាណិជ្ជកម្ម ក្រៅ​ស្រុក​ជប៉ុន (JETRO) ប្រចាំ​ប្រទេស​កម្ពុជា​បានលើកឡើង​បែបនេះ អំឡុងពេល​ជួប​សម្ដែង​ការគួរសម និង​ជម្រាបលា​ជាមួយ លោក​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម ក្នុងឱកាស​ដែល​លោក​ត្រូវ​បញ្ចប់​អណ​ត្តិ​បេសកកម្ម នៅ​កម្ពុជា​ក្នុង​ខែតុលា​នេះ។

ជាមួយគ្នានេះ លោកស្រី Marisa Haruta ប្រធាន​តំណាង​អង្គការ JETRO ប្រចាំ​កម្ពុជា​ដែល​ទើប​តែងតាំង​ថ្មី ក៏មាន​វត្តមាន​ដើម្បី​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​មួយចំនួន​ផងដែរ។

លោក Masashiro Miyao បាន​ថ្លែងថា “ក្រុមហ៊ុន​ជប៉ុន​មួយចំនួន​មានបំណង​ផ្លាស់ប្ដូរ​ទីតាំង​របស់ខ្លួន​ពី​ប្រទេស​ចិន មក​បណ្ដា​ប្រទេស​អាស៊ាន ដែល​កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​អទិភាព​សម្រាប់​វិនិយោគិន​ជប៉ុន” ។

លោក​បាន​បន្តទៀទថា “ជាមួយនេះដែរ តំណាង JETRO ក៏បាន​ជម្រាបជូន​ផងដែរ​ថា ក្រុមហ៊ុន​ជប៉ុន​មួយចំនួន កំពុង​តែមាន​ការចាប់​អារម្មណ៍​ខ្ពស់ លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ជាពិសេស​លើ​ប្រភេទ​កសិផល​សរីរាង្គ សម្រាប់​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ក្នុងស្រុក និង​សម្រាប់​នាំ​ចេញទៅ​ជប៉ុន និង​គោលដៅ​ដទៃទៀត ដែល​ផលិតផល​សរីរាង្គ​មាន​តម្រូវការ​ខ្ពស់” ។

ជាការ​ឆ្លើយតប លោក ប៉ាន សូរ​ស័ក្ដិ បាន​ថ្លែងសេចក្ដី​ស្វាគមន៍ និង​ជំរុញ​ឱ្យ​វិនិយោគិន​ជប៉ុន មក​បើក​អាជីវកម្ម​ឬ​រោងចក្រ​កែច្នៃផ្សេងៗនៅ​កម្ពុជា និង​លើកទឹកចិត្ត​ឱ្យមាន​ការនាំចេញ​កសិផល ក៏ដូចជា​ផលិតផល​កែច្នៃ​របស់​កម្ពុជា បន្ថែម​ទៅ​ប្រទេស​ជប៉ុន និង​គោលដៅ​សក្ដានុពល​ដទៃទៀត ជាពិសេស​គឺ​ត្រូវ​ទាញយក​ផលប្រយោជន៍ ឱ្យបាន​ពេញលេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា ដែល​កម្ពុជា​ជា​គូភាគី។

ទន្ទឹមនឹងនេះ លោកស្រី Marisa Haruta ប្រធាន​តំណាង​អង្គការ JETRO ថ្មី​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា ក្នុង​អណ​ត្តិ​បំពេញការងារ​របស់លោក​ស្រី នឹង​ពង្រឹង​បាន​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ ក្នុង​ការបន្ដ​លើកកម្ពស់​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​រវាង​កម្ពុជា-ជប៉ុន។

លោក​រដ្ឋមន្ដ្រី ក៏បាន​ជម្រាប​ដល់​តំណាង​អង្គការ JETRO នូវ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នា​តូច (AIMS) របស់​ក្រសួងពាណិជ្ជកម្ម ដែល​អ្នក​ផលិត​ជា​ក្រុម​កសិករ​ខ្នាតតូច និង​ក្រីក្រ​នៃ​ផលិតផល ដូចជា បន្លែ មាន់​ស្រែ ស្រូវ ដំ​ឡូ​វ​មី និង​សូត្រ​ឆៅ និង​ស្នើ​សុំឱ្យ​ក្រុមហ៊ុន AEON របស់​ជប៉ុន ពិនិត្យ​លទ្ធភាព​ដាក់លក់​ផលិតផល របស់​គម្រោង AIMS នៅ​ទីផ្សារ​របស់ខ្លួន​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here