ក្រុមហ៊ុនឯកទេសផ្នែកសម្ផស្ស ផាលីតា ស្គីនឃែរ ត្រេឌីង ឯ.ក ពង្រីកវិសាលភាពកាន់តែទូលាយនៅកណ្តាលទីក្រុងភ្នំពេញ

ដោយ ៖ ក្រុមហ៊ុន

ភ្នំពេញ ៖ បន្ទាប់ពីមានភាពជោគជ័យទៅលើកិច្ចដំណើរការអាជីវកម្មលើការផ្ដល់សេវាប្រឹក្សា និងការផ្គត់ផ្គង់ផលិតផលផ្នែកសម្ផស្សក្រោមការគាំទ្រពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកទេសផ្នែកសម្ផស្ស ផាលីតា ស្គីនឃែរ ត្រេឌីង ឯ.ក បានពង្រីកវិសាលភាពកាន់តែទូលាយនៅកណ្តាលក្រុងភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សាររបស់ខ្លួន។

ក្រោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុនឯកទេសផ្នែកសម្ផស្ស ផាលីតា ស្គីនឃែរ ត្រេឌីង ឯ.ក Phalita Skin Careបានពង្រីកវិសាលភាពរបស់ខ្លួនកាន់តែធំទូលាយ ស្ថិតនៅអាគារលេខ ១៨១BEo តាមបណ្តោយមហាវិថីកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលដល់អតិថិជនរបស់ខ្លួន។

លោកស្រី កែវ ផាលីតា បានមានប្រសាសន៍នៅក្នុងឱកាសនៃការបើកពង្រីកវិសាលភាព និងដាក់ដំណើរការទីតាំងក្រុមហ៊ុន ស្ថិតនៅម្តុំស្តុបណានជីង ផ្លូវកម្ពុជាក្រោម ទល់មុខមន្ទីរព្យាបាល និងសម្ភពបញ្ញា មួយនេះថា ក្រុមហ៊ុនមានគោលបំណងចម្បងជួយដល់អ្នកដែលមានបញ្ហាស្បែកមុខទាំងបុរស និងស្រ្តី ឱ្យមានសម្រស់ស្រស់ស្អាត និងដោះស្រាយរាល់បញ្ហាទាំងឡាយ ដូចជា មុខមុន មុខជាំ មុខអាចម៌រុយ មុខអាឡែកហ្ស៊ី និងទទួលញិចមុខមុនគ្រប់ប្រភេទ។ល។

លោកស្រីបានបន្តថា “ក្រុមហ៊ុននាងខ្ញុំមានទស្សនៈវិស្ស័យចង់ឃើញបុរស និងស្រ្តីគ្រប់រូប មានសម្រស់ស្រស់ស្អាត និងរីករាយក្នុងជីវិត។ កន្លងមកនេះ នាងខ្ញុំបានជួយឱ្យស្រ្តីជាច្រើនរូប រួចផុតពីផ្ទៃមុខដ៏អាក្រក់ និងមានសម្រស់ស្រស់ស្អាតតាមបែបធម្មជាតិដោយមានការជឿជាក់ពីនាងខ្ញុំផ្ទាល់ និងបើកឱកាសដល់តំណាងចែកចាយ២៥ ខេត្តក្រុងផងដែរ”។

លោកស្រីបន្តថា “ឥលូវនេះឃើញថាមានការស្ទុះស្ទាក្នុងការមកចាប់ដៃគូររកស៊ី និងក្រុមហ៊ុនក្នុងការបើកទីតាំងតំណាងចែកចាយបន្តបន្ទាប់ ដើម្បីឱ្យអតិថិជនងាយស្រួលក្នុងការប្រើប្រាស់សេវា ការប្រឹក្សាដោយឥតគិតថ្លៃអំពីស្បែកមុខ ដងខ្លួន ស្បែកក្បាល និងការញិចមុន ព្រមទាំងការទិញផលិផលសម្រាប់ព្យាបាលជាដើម”។ល។

តាមការអះអាងរបស់អ្នកជំនាញតំណាងក្រុមហ៊ុនបានបញ្ជាក់ថា បច្ចុប្បន្ននេះ មានបុរសស្រ្តីជាច្រើន បានមកទទួលយកការប្រឹក្សាយោបល់ពីក្រុមហ៊ុន ផាលីតា ស្គីនឃែរ អំពីបញ្ហាស្បែកមុខ ដែលមានការព្យាបាលទៅតាមវ័យ ឱ្យមានសម្រស់ស្រស់ស្អាតខ្លាំងជាងមុន។ តាមរយៈការព្យាបាលតាមការកំណត់របស់ក្រុមហ៊ុនយើងខ្ញុំ អតិថិជនបានទទួលភាពកក់ក្តៅ និងមានទំនុកចិត្តយ៉ាងខ្លាំងពីការផ្លាស់ប្តូរផ្ទៃមុខរបស់គាត់ឱ្យមានសម្រស់ស្រស់ស្អាតយ៉ាងពិតប្រាកដ ជាមួយបទពិសោធន៍ជាង10 ឆ្នាំរបស់ម្ចាស់ក្រុមហ៊ុន និងក្រុមអ្នកជំនាញរបស់ក្រុមហ៊ុនផ្ទាល់ ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញត្រឹមត្រូវ មានភាពច្បាស់ និងមានក្រមសីលធម៌ក្នុងវិជ្ជាជីវៈ ព្រមទាំងផ្តល់នូវទំនុកចិត្ត និងការធានាដល់អតិថិជនគ្រប់ជាតិសាសន៍។

អ្នកតំណាងដដែលបានបន្តថា កន្លងមកមានអតិថិជនជាច្រើន ដែលបានមកទទួលសេវាកម្មព្យាបាលពីក្រុមហ៊ុន ផាលីតា ត្រេឌីង ឯ.ក – Phalita Skin Care ហើយតែងតែលើកសរសើរថា បន្ទាប់ពីទទួលការព្យាបាល និងថែទាំផ្ទៃមុខរួច ពិតជាមានភាពផ្លាស់ប្តូរ និងជឿជាក់លើខ្លួនឯងពិតប្រាកដមែន។ ជាមួយគ្នានេះ ពួកគាត់ ក៏បានណែនាំមិត្តភ័ក្តិរបស់ពួកគេ ដែលមានបញ្ហាផ្ទៃមុខឱ្យមកទទួលការពិភាក្សាជាមួយ ផាលីតា ស្គីនឃែរ និងទទួលការព្យាបាលឱ្យជាសះស្បើយតាមបែបធម្មជាតិ១០០ភាគរយ។

ជាកាដូ ពិសេសសម្រាប់ឆ្នាំ២០២០ ក្រុមហ៊ុន ផាលីតា ស្គីនឃែរ បានបើកឱកាសឱ្យអ្នកលក់ផលិតផលជាច្រើន និងមានការពង្រីកទីតាំងទៅតាមខេត្ត និងក្រុងនានាផងដែរ។ សម្រាប់អ្នកដែលចង់ក្លាយជាតំណាងចែកចាយដែលមានទីតាំងស្អាត និងផលិតផលល្អ ចំណាយដើមទុនតិច សូមរួសរាន់មកទំនាក់ទំនងក្រុមហ៊ុនដោយផ្ទាល់ ដើម្បីពិភាក្សាក្នុងការបើកទីតាំងថ្មីដែលមានសក្ដានុពល ។ មកមុនបានមុន ជាមួយការការប្រម៉ូសិន ១០ភាគរយ សំរាប់ទីតាំងថ្មី រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១០ -២៥ ខែកក្កដា ឆ្នាំ២០២០នេះ។ ទូរស័ព្ទទាក់ទង ៖ ០១២ ៩៩ ៥៦ ៣៨ ៕

អភិបាលខេត្តសៀមរាបដាក់ចេញវិធានការចំនួន ៤ ចំណុច ដើម្បីទប់ស្កាត់ការទន្ទ្រានយកដីខុសច្បាប់

ដោយ ៖ វុត្ថា

សៀមរាប ៖ អភិបាលខេត្តសៀមរាបបានដាក់ចេញនូវវិធានការចំនួន ៤ចំណុច ដើម្បីទប់ស្កាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ ទន្ទ្រាន និងហ៊ុមព័ទ្ធដីតំបន់សហគមន៍ព្រៃឈើ ដីគម្របព្រៃឈើ ដីតំបន់ព្រៃលិចទឹក និងដីតំបន់ការពារធនធានធម្មជាតិ ឬតំបន់ការពារ អភិរក្សនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានចេញលិខិតមួយច្បាប់ផ្ញើជូនលោក លោកស្រី អភិបាលក្រុង ស្រុក និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ឱ្យដឹងថា រដ្ឋបាលខេត្ត បានសង្កេតឃើញថា នៅតាមបណ្តាភូមិសាស្ត្រក្រុង-ស្រុក មានសកម្មភាពបុគ្គល ឬក្រុមមួយចំនួន បានធ្វើការបំផុសបំផុលចលនាឱ្យធ្វើការកាប់រាន ឈូសឆាយ ទន្ទ្រាន និងហ៊ុមព័ទ្ធបែងចែកកាន់កាប់ ការទិញលក់ និងការបញ្ជាទិញលក់ដីរដ្ឋដោយខុសច្បាប់។

លោកបន្តថា សកម្មភាពនេះ មានដូចជា ដីនៅតំបន់សហគមន៍ព្រៃឈើ ដីគម្របព្រៃឈើ ដីតំបន់ការពារ ដីតំបន់ព្រៃលិចទឹក និងដីតំបន់ការពារធនធានធម្មជាតិ ឬដីតំបន់ការពារ អភិរក្ស ដើម្បីរំលោភបំពានយកធ្វើជាដីកម្មសិទ្ធិ ក្រោមហេតុផលខ្វះដីសម្រាប់អាស្រ័យផល ឬការបង្កបង្កើនផល និងគោលបំណងមួយចំនួនផ្សេងៗទៀត ដែលធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រង អភិរក្ស ការពារ និងបាត់បង់ដីរបស់រដ្ឋ។

លោកអភិបាលខេត្តបន្តថា ដើម្បីពង្រឹងការអភិរក្ស ការពារ ការគ្រប់គ្រងដីរដ្ឋឱ្យមានប្រសិទ្ធភាព ព្រមទាំងធានាបាននូវនិរន្តភាពផលប្រយោជន៍សាធារណៈ ជាពិសេសស្របតាមច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ស្តីពីភូមិបាល និងលិខិតបទដ្ឋានគតិយុត្តត្រូវចាត់វិធានការយ៉ាងម៉ឺនម៉ាត់ និងស្មារតីទទួលខុសត្រូវដូចខាងក្រោម៖

១) ត្រូវទប់ស្កាត់ជាបន្ទាន់នូវរាល់ការបំផុសបំផុលចលនា ទោះនិតិបុគ្គល ឬរូបវន្ដបុគ្គលណា ក៏ដោយក៏ពុំមានសិទ្ធិរុករាន ដុត ឈូសឆាយ ទន្ទ្រាន និងហ៊ុមព័ន្ធតំន់សហគមន៍ព្រៃឈើ ដីគម្របព្រៃឈើ ដីតំបន់ព្រៃលិចទឹក និងដីតំបន់ការពារធនធានធម្មជាតិ ឬតំបន់ការពារ អភិរក្ស ដើម្បីរំលោភយកដីធ្វើជាកម្មសិទ្ធិឡើយ។

២) ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការទិញលក់ និងការបញ្ជាក់ទិញលក់ លើដីរដ្ឋដោយខុសច្បាប់ និងត្រូវបន្តណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ និងមេភូមិ មេឃុំ ចៅសង្កាត់ ស្តិតនៅក្នុងដែនសមត្ថកិច្ចការគ្រប់គ្រងរបស់ខ្លួន។

៣) ត្រូវបន្តកិច្ចសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ន្ធតំបន់សហគមន៍ព្រៃឈើ ដីគម្របព្រៃឈើ ដីតំបន់ព្រៃលិចទឹក និងដីតំបន់ការពារធនធានធម្មជាតិ ឬតំបន់ការពារ អភិរក្សស្ថិតនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រង និងការបំពេញតួនាទីភារកិច្ច ការទទួលខុសត្រូវរៀងៗខ្លួន។

៤) ត្រូវរៀបចំផែនការសកម្មភាពអនុវត្ត និងផ្តល់របាយការណ៍ជាប្រចាំមករដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានជ្រាប និងផ្តល់គោលការណ៍ណែនាំបន្ថែមក្នុងករណីចាំបាច់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះ បានព្រមានដល់មន្ត្រីរាជការដែលឃុបឃិតគ្នាយកដីរដ្ឋ ឬដីរបស់ប្រជាពលរដ្ឋ និងធ្វើបាបប្រជាពលរដ្ឋ នឹងត្រូវទទួលទោសធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីជួរគណបក្ស។

សម្តេចតេជោបានថ្លែងថា “ចំពោះមន្ត្រីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ ហើយរិះរកកលល្បិច និងវិធីផ្សេងៗធ្វើបាបប្រជាពលរដ្ឋវិញ ដើម្បីខ្លួនបានកាន់កាប់ដីធ្លីស្របច្បាប់ គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង។ ចំពោះប្លង់រឹងដែលបានធ្វើដោយអំពើឃុបឃិតទុច្ចរិត គឺនឹងរំលាយចោលវិញ” ៕

តើស្ថានភាពនៃសកម្មភាពអភិវឌ្ឍន៍នៅតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីមានសភាពដូចម្តេច

ដោយៈ រ៉ាណេត

កណ្តាលៈជាមួយនឹងការអនុវត្តផែនការមេ នៃគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញថ្មី ត្រូវបានពន្លឿនសកម្មភាពសាងសង់ ក្រោមការយកចិត្តទុកដាក់ឃ្លាំមើលពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា គេសង្កេតឃើញថា ការអភិវឌ្ឍក្នុងវិស័យសំណង់នៅលំនៅដ្ឋាននៅតំបន់ពាក់ព័ន្ធគម្រោងនេះ ហាក់មិនទាន់មានភាពពុះកញ្ជ្រោលនៅឡើយ។

អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា បច្ចុប្បន្នក្រុមហ៊ុនទទួលម៉ៅការកំពុងពន្លឿនសកម្មភាពសាងសង់ទៅតាមគម្រោង និងផែនការរបស់ពួកគេ ដោយឃើញមានគ្រឿងចក្រជាច្រើនកំពុងធ្វើសកម្មភាព។

លោកបន្តថា “ក្នុងនាមអាជ្ញាធរ បាននិងកំពុងព្យាយាមធ្វើការជួយសម្របសម្រួលទៅលើការដោះស្រាយបញ្ហាប៉ះពាល់នានា ស្ទើរ១០០ភាគរយហើយពាក់ព័ន្ធទៅនឹងគម្រោងសាងសង់ ព្រលានយន្ដហោះលំដាប់ពិភពលោកមួយនេះ”។លោកបន្តថា “សម្រា​ប់ការអភិវឌ្ឍក្នុងវិស័យសំណង់របស់ឯកជន ដូចជាការសាងសង់លំនៅដ្ឋានផ្សេងៗដូចជាមិនទាន់មានសកម្មភាពខ្លាំងក្លានៅឡើយនោះទេ។ ប៉ុន្តែខ្ញុំគិតថាមិនយូរទៀតនោះទេ គម្រោងអភិវឌ្ឍន៍មួយចំនួន នឹងលេចចេញជារូបរាងជាក់ជាមិនខាន បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវបានបង្ហាញ”។

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា សម្រាប់ការអភិវឌ្ឍវិស័យលំនៅដ្ឋាននៅតំបន់ជាប់ ឬក្បែរគម្រោងសាងសង់ ព្រលានយន្តអន្តរជាតិ-ភ្នំពេញថ្មី នៅមិនទាន់មានសកម្មភាពនៅឡើយនោះទេ ដែលវាត្រូវការពេលវេលាបន្តិចទៀត។

លោកស្រីបានបន្តថា “យើងឃើញថាកំណើននៃការអភិវឌ្ឍ វិស័យលំនៅដ្ឋាននៅប៉ែកខាងត្បូងក្រុងមានកំណើនច្រើន ប៉ុន្តែសម្រាប់នៅក្បែរគម្រោងព្រលានយន្តហោះ គឺនៅមិនទាន់មានគម្រោងអភិវឌ្ឍន៍ធំៗនោះទេ”។ លោកស្រីបន្តថា “នៅតំបន់នេះផ្ទៃដីភាគច្រើនត្រូវបានអ្នកភិវឌ្ឍន៍ទិញទុក ដែលរង់ចាំតែពេលវេលាល្អមកដល់ពួកនឹងចាប់ផ្តើមសកម្មភាពសាងសង់ជាមិនខាន”។

លោកស្រីតាំង ហួរបានបញ្ជាក់ថា សព្វថ្ងៃនេះ សម្រាប់វិស័យលំនៅដ្ឋានភាគខាងត្បូងក្រុង គឺនៅតែបន្តមានការសាងសង់ជាបន្តបន្ទាប់ ហើយតម្រូវការក៏នៅតែមានទៅលើប្រភេទលំនៅដ្ឋានដែលមានតម្លៃក្រោម១០ម៉ឺនដុល្លារ ជាពិសេសបណ្តុំលំនៅដ្ឋានដែលស្ថិតនៅផ្លូវធំនៃតំបន់ជាយក្រុង។ ជាក់ស្ដែងដូចជា នៅម្ដុំគួរស្រូវ តំបន់ព្រែកកំពឺស និងតំបន់ព្រែកហូរ ជាដើម ដែលកំពុងមានសកម្មភាពសាងសង់ដ៏មមាញឹក។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានលើកឡើងថា ភាពរីកចម្រើននិងតម្រូវការទីផ្សារដីធ្លី និងលំនៅដ្ឋាននៅភាគខាងត្បូងរាជធានីភ្នំពេញខាងលើនេះ គឺមានភាពខុសគ្នា ហើយកម្រិតនៃការឡើងថ្លៃក៏ខុសគ្នាដែរ ដែលវាអាស្រ័យទៅតាមគម្រោងអភិវឌ្ឍន៍នីមួយៗ។

លោកបន្តថា “នៅក្នុងអំឡុងពេលនេះ បើទោះស្ថានភាពនៃវិស័យដីធ្លីនៅតំបន់ខាងលើមានភាពល្អប្រសើរក្ដី ប៉ុន្តែសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍របស់វិស័យឯកជននៅមានកម្រិតនៅឡើយ”។លោកបន្តថា “អ្វីៗជាប់ពាក់ព័ន្ធទៅនឹងវិបត្តិសេដ្ឋកិច្ចដែលកំពុងកើតមាន ហើយក្នុងដំណាក់កាលនេះ ទាំងអ្នកវិនិយោគ ទាំងអ្នកអភិវឌ្ឍន៍ ពួកគេមិនបញ្ចេញកញ្ចប់ថវិកាដែលមានទំហំនោះទេ”។

គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថាបនាលើដីទំហំប្រមាណ២៦០០ ហិកតា មានបណ្តោយប្រមាណ៦គីឡូម៉ែត្រ និងទទឹងប្រមាណ៤គីឡូម៉ែត្រ ។ ដំណើការ នៃការសាងសង់ព្រលានយានដ្ឋានអន្តរជាតិភ្នំពេញថ្មី អាចនឹងរួចរាល់នៅឆ្នាំ២០២៣ខាងមុខនេះ។ ទុនវិនិយោគព្រលានយន្ដហោះមួយនេះ មានទំហំទឹកប្រាក់ប្រមាណ១៥០០លានដុល្លារ ដែលជាប្រភេទ 4F អនុញ្ញាតឱ្យប្រភេទព្រលានយន្តហោះធំ Airbus A380-800 និង យន្តហោះ Boeing 747-800 ហោះហើរពីឆ្ងាយឆ្លងទ្វីបចុះចតបាន៕

ក្រុមហ៊ុន NagaCorp ទទួលបានភ្លើងបៃតងក្នុងការបើកដំណើរការអាជីវកម្ម កាស៊ីណូឡើងវិញ

ដោយ ប៊ី

ភ្នំពេញៈ កាស៊ីណូNagaWorld ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ ពីក្រសួងសុខាភិបាល ដែលនឹងអនុញ្ញាតកម្សាន្តចំរុះនេះនេះ បើកដំណើរការឡើងនូវប្រតិបត្តិការរបស់ក្រុមហ៊ុន ដែលរួមមានល្បែងប្រភេទវីអាយភី និងស្លុតម៉ាស៊ីន ដែលមានប្រសិទ្ធិភាពចាប់ពីថ្ងៃពុធខាងមុខនេះតទៅ។

សេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន Naga បានឱ្យដឹងថា “នៅថ្ងៃទី៤ ខែកក្កដាឆ្នាំ ២០២០ ក្រុមការងារបច្ចេកទេសនៃក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែងនៅកាស៊ីណូណាហ្គាវើល ហើយបានសន្និដ្ឋានថា ក្រុមហ៊ុនគឺអនុលោមតាមតម្រូវការនៃច្បាប់សុខភាព និងជាមួយនីតិវិធីប្រតិបត្តិស្តង់ដារដែលបានកំណត់ ដោយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃ COVID-19”។

សេចក្តីជួនដំណឹងបានឱ្យដឹងទៀតថា ក្រុមហ៊ុនណាហ្គាវើលមានមោទនភាពដែ​លត្រូវបានជ្រើសរើសដោយក្រសួងសុខាភិបាល ដើម្បីចាប់ផ្តើមប្រតិបត្តិការអាជីវកម្មល្បែង និងកំណត់ស្តង់ដារសម្រាប់ប្រតិបត្តិករល្បែងដទៃទៀតនៅក្នុងប្រទេស។ ការបើកដំណើរការអាជីវកម្មវីអាយភី និងស្លុតម៉ាស៊ីនឡើងវិញគឺជាការសាកល្បងមួយ ដែលស្ថិតក្រោមលក្ខខណ្ឌបច្ចុប្បន្ន និងការអភិវឌ្ឍរបស់ជំងឺ COVID-19។

ករណីនៃឆ្លងនៅប្រទេសកម្ពុជាមានការគ្រប់គ្រងបានល្អ ហើយរាជរដ្ឋាភិបាលកម្ពុជាទទួលបានការកោតសរសើរ និងអបអរសាទរនៅលើពិភពលោក ចំពោះវិធានការណ៍ ដែលបានអនុម័ត ដើម្បីរក្សាអត្រានៃការឆ្លងទាបជាមួយនឹងអត្រាមរណភាពសូន្យ។ ចំនួនករណីឆ្លង ចំនួន១៤១ គិតត្រឹមថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២០ ដែលក្នុងនោះ១១៧ ករណី (៨៣ ភាគរយ) ត្រូវបាននាំចូល។ ១៣១ ករណីត្រូវបានព្យាបាលជាសះស្បើយ (៩៣ ភាគរយជាសះស្បើយ)។

សេចក្តីជួនដំណឹងបានបន្ថែមទៀតថា ការបើកណាហ្គាវើលឡើងវិញ ជាវិធីសា​ស្រ្តប្រុងប្រយ័ត្ន ហើយដូច្នេះគោលការណ៍ណែនាំ ដែលចេញដោយក្រសួងសុខាភិបាលនឹងត្រូវបានអនុវត្តយ៉ាងតឹងរឹងដោយក្រុមហ៊ុន។ ក្រសួងសុខាភិបាលក៏បានណែនាំផងដែរថា ការបើកដំណើរការណាហ្គាវើលគឺជាគំរូ និងបានចេញនូវវិធីសាស្រ្តពីរជំហានសម្រាប់ការអនុវត្តន៍។

ការបើកឡើងវិញនូវសេដ្ឋកិច្ច និងការបើកអាជីវកម្មកាស៊ីណូឡើងវិញ គឺជាវិធីជាជំហានៗ ហើយក្លាយជាគំរូសម្រាប់ការស្នើសុំ បើកដំណើរការកាស៊ីណូផ្សេងទៀត ប្រសិ​នបើមានសំណូមពរសុំការអនុញ្ញាតឱ្យបើកឡើងវិញ៕

ត្រឹមតែ២ សប្តាហ៍ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុទទួលបានជើងហោះហើរចំនួន ២៤ និងផ្ទុកអ្នកដំណើរជិត ២០០០ នាក់

ដោយវុត្ថា   

ភ្នំពេញៈ កំនើននៃការមកដល់របស់អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ចិនបានធ្វើឲ្យ​ព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុមានសកម្មភាពហោះហើរឡើ់ងវិញកាន់តែច្រើន។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា គិតចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២០ រហូតមកដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២០នេះ  ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ទទួលបានជើងហោះហើរចំនួន២៤ជើង ដែលមានភ្ញៀវសរុប១,៩២៤ នាក់/ស្រី៣៨១នាក់។

លោកនងឌី ណារ៉ា  ប្រធានការិយាល័យទំនាក់ទំនងសាធារណៈនៃទីចាត់ការពិធីការ  និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់គេហទំព័រ Propertyarea.asia ឱ្យដឹងកាលពីចុងសប្តាហ៍កន្លមកនេះ ថា  កំណើន ជើងហោះដឹកភ្ញៀម មកកាន់ខេត្តព្រះសីហនុនេះ នឹងជួយជំរុញឱ្យអាជីវកម្មនានា ជាពិសេសសេដ្ឋកិច្ចនៅក្នុងខេត្តនឹងចាប់ផ្តើមកំរើកឡើងវិញ។

លោកថ្លែងថា “អ្នកដំណើរទាំងអស់ តាមរយៈជើងហោះហើរនេះ មកពីប្រទេសចិន  មាន :  ម៉ាកាវ ហ្គង់ចូវ  គួនមិញ ។ អ្នកដំណើរទាំងអស់កំពុងស្ថិតនៅកន្លែងចត្តាលីស័ក្ត  អញ្ចឹងហើយយបានមិនសូវឃើញពួកគាត់ដើរក្នុងទីក្រុង  និងតាមកន្លែងសាធារណៈនានា។  ក្រោយពីនោះពួកគាត់នឹងចេញចរាចរណ៏ដូចពីមុន”។

លោកបន្ថែមថា “កន្លែងណាដូចកន្លែងណាដែរ  កាលណាមានមនុស្សចេញចូលច្រើន  ចរន្តលុយក៏ធ្វើចរាចរណ៏សកម្មតាមនោះដែរ  ព្រោះមនុស្សត្រូវការហូបមធ្យោ​បា​យ​ផ្សេងៗ។ តាមការសង្កេតជាក់ស្តែង  ជនជាតិចិនគាត់មានទំលាប់ហូបច្រើន  ចំណាយច្រើន”។  លោកថា “អញ្ចឹងទេ  វត្តមានជាថ្មីរបស់ពួកគាត់  ខ្ញុំសង្ឃឹមថាសេដ្ឋកិច្ចខេត្តព្រះសីហនុ  អាចនឹងល្អប្រសើរមួយកំរិត ទោះបីមិនល្អប្រសើរដូចមុនក៏ដោយ”។

ចំពោះវិធានការនៃការឆ្លងជំងឺ Covid-19 វិញ លោកនងឌី  ណារ៉ាបានថ្លែងថា គោ​រពតាមបទដ្ឋានបច្ចេកទេសក្រសួងសុខាភិបាល រាល់ជនជាតិចិនឬជនបរទេសទាំងឡាយណា ដែលធ្វើដំណើរពីក្រៅប្រទេស មកកាន់ប្រទេសកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ តម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃនៅក្នុងទីតាំង ដែលកំណត់ដោយរដ្ឋបាលខេត្ត។

លោកបន្តថា “ជាជំហ៊ានដំបូង យើងយកសំណាករបស់ពួកគាត់ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ យ៉ាងហោចណាស់ត្រូវប្រើពេល៨ម៉ោងទៅ២ថ្ងៃ ទើបលទ្ធផលចេញជាជំហ៊ា​នដំបូង”។ លោកបន្តថា “នៅពេលយើងពិនិត្យទៅឃើញ មានវិជ្ជមានមួយរូបណាមួយ អ្នករួមដំណើរទាំងអស់ ត្រូវដាក់នៅក្នុងទីតាំងមួយដែលគេកំណត់  ហើយត្រូវព្យាបាលអ្នកដែលមានវិជ្ជមានហ្នឹងទាល់តែជា ហើយអ្នកផ្សេងទៀត ត្រូវពិនិត្យសុខភាពជាប្រចាំ រហូតដល់អ្នកជំនាញសុខាភិបាលថា មានស្ថានភាពប្រសើរទើបឱ្យពួកគេចេញ” ។

លោកបន្ថែមថា “ ប៉ុន្តែនៅពេលដែលពិនិត្យទទួលបានលទ្ធផល មិនមានវិជ្ជមានទេ យើងនឹងអនុញ្ញាតឱ្យគាត់ចេញ តែមិនអោយប្រាស្រ័យទាក់ទង ជាមួយអ្នកផ្សេងក្នុងរយៈពេល១៤ ថ្ងៃគិតចាប់ពីថ្ងៃដែលគាត់ពិនិត្យជាលើកទី១ ហើយគាត់ត្រូវមកពិនិត្យសុខភាពតាមការកំណត់របស់ពេទ្យជាបន្តទៀត ហើយបន្ទាប់ពីពិនិត្យអត់ឃើញមានវិជ្ជមានក្នុងរយៈពេល១៤ថ្ងៃ គាត់អាចដើរហើរ ប្រាស្រ័យទាក់ទង និងធ្វើការដូចមនុស្សទូទៅបានផងដែរ” ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា “នេះគឺជាសញ្ញាល្អ វិស័យសំណង់នៅទូទាំងខេត្តព្រះសីហនុ គឺបាន និងកំពុងធ្វើការអភិវឌ្ឍ ប៉ុន្តែត្រូវទទួលរងនូវផលប៉ះពាល់ តាំងពីអំឡុងបុណ្យចូលឆ្នាំចិន ហើយរួមផ្សំជាមួយការបិតហ្គេមអនឡាយ ជាពិសេសវិបត្តិនៃជំងឺ Covid-19 ដែលធ្វើឱ្យវិស័យមួយនេះកាន់តែប៉ះពាល់ធ្ងន់ធ្ងរ”។

ជាមួយគ្នានេះលោកក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ប្រសិនបើលទ្ធភាពក្នុងការទប់ស្កាត់ និងឈានទៅរកការលុបបំបាត់ នៃការរីករាលដាលនៃជំងឺឆ្លងCovid-19 នៅក្នុងបណ្តាប្រទេសនានាក្នុងតំបន់ ជាពិសេសប្រទេសចិន វិស័យអចលនទ្រព្យ ក៏ដូចជាវិស័យមួយចំនួនទៀតនៅកម្ពុជាជាពិសេសខេត្តព្រះសីហនុ នឹងកាន់តែល្អប្រសើរ

លោក​ឧកញ៉ា​ម៉ុង ឬ​ទ្ធី អំពាវនាវ​ដល់​អ្នក​ដែលមាន​ដីធ្លី​ទុក​ទំនេរ​ចោល ត្រូវ​អភិវឌ្ឍន៍​ដើម្បី​ផ្តល់ឱកាស​ការងារ​ដល់​ពលរដ្ឋ

ដោយ វុត្ថា

ភ្នំពេញ៖ លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​ម៉ុង ឬ​ទ្ធី​គ្រុប បាន​អំពាវនាវ​ដល់​បណ្តាជន​អ្នក​ដែលមាន​ដី​ទំនេរ​ទុកចោល ត្រូវ​រកលុយ​ដើម្បី​យកមក​អភិវឌ្ឍន៍​ដើម្បី​ផ្តល់ឱកាស​ការងារ​បន្ថែ​ម​ជូន​ពលរដ្ឋ។

លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី ដែលជា​មហាសេដ្ឋី​ផ្នែក​កសិកម្ម បានឱ្យដឹង​កាលពី​ចុង​សប្តាហ៍​កន្ល​មកនេះ ថា ខណៈដែល​ពិភពលោក ក៏ដូចជា​កម្ពុជា​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​នូវ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩ អ្នក​ដែលមាន​ទ្រព្យសម្បត្តិ​ជា​ប្រភេទ​ដីធ្លី​ទុកចោល គួរតែ​អភិវឌ្ឍន៍​ដី​នោះ  តែបើ​មិនបាន​ធ្វើ​គួរ​កុំ​បង្កើត​កំហុស និង រំខាន​ដល់​អ្នក​អភិវឌ្ឍ​ផ្សេងទៀត។

លោក​ឧកញ៉ា​ថ្លែងថា “ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​មានទ្រព្យ​សម្បត្តិ ដីធ្លី​ទុក​ទំនេរ​ចោល​សុំ​មេត្តា​យកប្រាក់​មក​អភិវឌ្ឍន៍​ដី​នេះ ដើម្បី​ជួយ​បង្កើត​ការងារ​បន្ថែមទៀត​អោយបាន​ដល់​ប្រជាពលរដ្ឋ​យើង​បានធ្វើ តែបើ​មិន​ធ្វើ​អី​ទេ​សុំ​មេត្តា​កុំទៅ​ដើររក​រឿង នាំអោយ​រំខាន​ដល់​អ្នក​ដែល​កំពុងតែ​អភិវឌ្ឍន៍ ជាធម្មតា​អ្នកធ្វើ​តែងតែមាន​កំហុស​តិច ឬ​ច្រើន​មិនខានឡើយ” ។

ជាមួយគ្នានេះ លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី បាន​នឹង​កំពុង​ជំរុញ​ដល់​ការអភិវឌ្ឍ តំបន់​អភិវឌ្ឍ​ន៍ក​សិ​ទេសចរណ៍​របស់លោក នៅលើ​ផ្ទៃដីរ​រាប់រយ​ហិកតា​ស្ថិតនៅក្នុង​ខេត្តកំពង់ស្ពឺ ឱ្យបាន​ចប់​តាម​ផែនការ ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ខណៈ​វិស័យ​មួយ​នេះ បាន​នឹង​កំពុង​ជួប​នូវ​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ជំងឺ Covid-19 ។

លោក​ឧកញ៉ា​ថ្លែងថា “ខ្ញុំ​ចុះមក​ពិនិត្យមើល​សកម្មភាព​ការងារ​នៅក្នុង​តំបន់​អភិវឌ្ឍ​ន៍ក​សិ​ទេសចរណ៍​ម៉ុង ឫទ្ធី​សែន​ជ័យ​ដើម្បី​ជំរុញ​លើ​គ្រប់​វិស័យ​អោយ​ឆាប់​ហើយ​រួចរាល់​ជា​ស្ថាពរ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ជាមួយ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ក្រ​កម្ពុជា” ។

លោក​ឧកញ៉ា​បញ្ជាក់ទៀតថា “ក្នុង​ង​ន័យ​ជួយ​បង្កើត​ការងារ​អោយដល់​ប្រជាពលរដ្ឋ​បន្ថែមទៀត នៅក្នុង​ឱកាស​ដែល​ប្រទេសជាតិ​យើង​ក៏ដូចជា​ពិភពលោក​ទាំងមូល កំពុងតែ​ទទួលរង​នូវ​ជម្ងឺឆ្លង​កូ​រូ​ណា​កូ​វិដ១៩ ដ៏​មហា​ប្រលៃ​នេះ” ។

លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី ជា​ព្រឹទ្ធសមាជិក និង​ជា​ពាណិជ្ជករ និង​វិនិយោគិន​ដ៏​មានឈ្មោះ​ល្បី​ម្នា​ក់នៅ​ប្រទេស​កម្ពុជា​ដែល​បាន​បោះទុន​វិនិយោគ​លើ​វិស័យសំខាន់ៗ ជាច្រើន​នៅក្នុង​ប្រទេស រួមមាន​វិស័យ​កសិកម្ម ទេសចរណ៍  ចំការ​ដូង​ប្រេ ង​និង កំពង់​ផែន​ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ ៕

គម្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​ខេត្តកំពត​ដើរ​យឺត​ជាង​ផែនការ

ដោយ ៖ រ៉ា​ណេ​ត

កំពត៖ ក្រោម​ហេតុផល​ជាប់​របាំង​នៃ​វិបត្តិ​ជំងឺ​សាកល គម្រោង និង​ផែនការ​លើ​ការអភិវឌ្ឍ​កំពង់ផែ​ទេសចរណ៍​ខេត្តកំពត ដែល​គ្រោង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​យ៉ាងយូរ​ត្រឹម​ដើមឆ្នាំ២០២១ ខាងមុខនេះ កំពុង​ជួប​ភាព​រាំងស្ទះ និង​មាន​ដំណើរការ​យឺត​ជាង​ផែនការ។

អភិបាលរង​ខេត្តកំពត លោក ភូ លិ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ថា រដ្ឋបាល​ខេត្តកំពត ធ្លាប់បាន​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ដើម្បី​ព​ន្លឿ​ន​គម្រោង​អភិវឌ្ឍន៍​ផ្លូវថ្នល់ ចូលទៅ​កាន់​កំពង់ផែ​ទី៤មួយ​នេះ ឱ្យបាន​កាន់តែ​ឆាប់រហ័ស​បន្ទាប់ពី​ពិនិត្យឃើញថា សកម្មភាព​នៃ​ការឈូសឆាយដី​ធ្វើ​ផ្លូវ​សំខាន់​ក្នុង​គម្រោង​នេះ​មាន​ភាពយឺតយ៉ាវ។

លោក​បាន​បញ្ជាក់ថា “ភាពយឺតយ៉ាវ​នៃ​ការអភិវឌ្ឍ​គម្រោង​នេះ គឺមាន​មូលហេតុ​ចំនួន​គឺ​ទី១ បញ្ហា​នៃ​វិបត្តិ​ជំងឺឆ្លង​ជា​សាកល ដែល​បាន​ក្លាយជា​របាំង​ដ៏​ធំ ហើយ​ម្យ៉ាងទៀត​ក៏​បណ្ដាលមកពី​កក្តា​អាកាសធាតុ មាន​ភ្លៀង​ធ្លាក់​ច្រើន ពិបាក​ក្នុងការ​ឈូសឆាយ និង​ចាក់ដី​បន្ថែម​ក្នុង​ជំហាន​ធ្វើ​ផ្លូវ​ចូលទៅ​កាន់​កំពង់ផែ ចាប់ពី​ចំណុច​ផ្លូវបំបែក៧៣៥ ព្រោះ​ផ្លូវ​នេះ​មាន​ទំហំ​ធំ និង​ឆ្ងាយ” ។

លោក​បញ្ជាក់ថា “ទោះជា​យ៉ាងនេះ ខ្ញុំ​ក៏បាន​ស្នើ​ដល់​ក្រុមហ៊ុន ដែល​ទទួល​សិទ្ធិ​ម៉ៅការ​សាងសង់​ត្រូវ​ព​ន្លឿ​ន​សកម្មភាព​អភិវឌ្ឍន៍​របស់ខ្លួន​ឱ្យបាន​លឿន និង​ស្របតាម​គម្រោង ផែនការ​ដែល​បានកំណត់ ឬ​យ៉ាងយូរ​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​ក្រោយនេះ ដែល​មិនអាច​យក​ហេតុផលផ្សេងៗមក​ធ្វើជា​ឧបសគ្គ ឬ​ជាការ​ដោះសារ​នោះទេ ព្រោះ​កំពង់ផែ​នេះ មាន​សារសំខាន់​ណាស់ សម្រាប់​ជំរុញ​ដល់​កំណើន​ទេសចរណ៍ នៅក្នុង​ខេត្តកំពត ពិសេស​ភ្ញៀវ​មកពី​ប្រទេស​ថៃ និង​វៀតណាម​ជាដើម” ។

គម្រោង​អភិវឌ្ឍន៍​ធ្វើ​ផ្លូវ​ទៅ​កំពង់ផែ​ទេសចរណ៍ ដែលជា​ជំនួយ​របស់​ធនាគារ​អភិ​វ  ឌ្ឍ​ន៍​អាស៊ី ADB ស្ថិតនៅ ភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ខេត្តកំពត គិត​ម​ដល់ពេល​បច្ចុប្បន្ននេះ​ទើប​សម្រេចបាន​ជាង៣០ភាគរយ​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត ថោង ខុន ធ្លាប់​លើកឡើងថា គម្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​គាំទ្រ ដោយ​ហិរញ្ញប្បទាន​សម្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​ជាង៨លាន​ដុល្លារ​អាមេរិក សម្រាប់​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ពាក់ព័ន្ធ​នឹង​ខេត្ត​តំបន់ឆ្នេរ​សមុទ្រ​ក្នុងនោះ​រួមមាន​ខេត្ត​កែប កោះកុង និង​ខេត្តកំពត។

ការកសាង​កំពង់ផែ​ទេសចរណ៍ ដែល​ត្រូវបាន​គាំទ្រ​ដោយ ធនាគារអភិវឌ្ឍន៍អាស៊ី​នេះ  ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់​ការធ្វើដំណើរ និង​ទេសចរណ៍ តាម​ច្រករបៀង​ទេសចរណ៍​ភាគខាងត្បូង ថៃ-កម្ពុជា-វៀតណាម ក៏ដូចជា​ការបង្កើត​ផលិតផល​ទេសចរណ៍ថ្មីៗ ការបង្កើត និង​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​ផ្នែក​ទេសចរណ៍​ផងដែរ។

បច្ចុប្បន្ន​ខេត្តកំពត​មាន​កំពង់ផែ​ចំនួន៤ ដែល​ទី១ គឺ​កំពង់ផែ​វិញ ហួរ ដែលមាន​ជម្រៅ​ទឹក​រហូតដល់១៤ម៉ែត្រ អាច​សម្រាប់​ដឹកជញ្ជូន​ទំនិញ​តាម​កប៉ាល់ធំ។ ទី២ កំពង់ផែ​របស់​ឧកញ៉ា ទ្រី ភាព សម្រាប់​ដឹកជញ្ជូន​ប្រេង​ចូល។ ទី៣ កំពង់ផែ​របស់​ជំទាវ កែវ ម៉ាលី សម្រាប់​ដឹកជញ្ជូន​នាំចេញ​ស្រូវ និង​ផលិតផលផ្សេងៗចេញចូល​ប្រទេស​ថៃ និង​ទី៤ គម្រោង​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត ដែល​បើក​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ដែល​ធ្វើដំណើរ​តាម​កប៉ាល់ ពិសេស​ទេសចរ​មកពី​ប្រទេស​វៀតណាម និង​ថៃ​អាច​ចូល​ចត​បាន៕

អាស៊ី​បន្ត​គ្របដណ្តប់​លើ​បញ្ជី​ទីក្រុង​ថ្លៃ​បំផុត​នៅលើ​ពិភពលោក

អា​សាប​បាត (Ashgabat) ប្រទេស​តួ​កមេ​នី​ស្ថាន

ដោយ ប៊ី

ភ្នំពេញ៖ ការស្ទង់មតិ​ថ្លៃ​ការរស់នៅ​របស់​ក្រុមហ៊ុន Mercer ក្នុង​ឆ្នាំ ២០២០ បាន​រកឃើញថា ទីក្រុង​ចំនួន ៦ នៅ​អាស៊ី​ក្នុងចំណោម​ទីក្រុង​ទាំង ១០ ដែល​ចំណាយ​លើ​ការរស់នៅ​មានតម្លៃ​ថ្លៃ​បំផុត​លើ​ពិភពលោក។

ការស្ទង់មតិ​ខាងលើ ដែល​ចេញ​ចុង​ស​ប្តា​ស៍​នេះ បានឱ្យដឹងថា ទីក្រុង​ហុងកុង​បាន​រក្សា​តំណែង​របស់ខ្លួន​សម្រាប់​ឆ្នាំ​ទី ៣ ជាប់ៗគ្នា​ដែល​ជាទី​ក្រុងមាន​ថ្លៃ​បំផុត​សម្រាប់​ជនបរទេស​ទាំង​នៅ​អាស៊ី និង​នៅ​ទូទាំង​ពិភពលោក ដោយសារតែ​ការវាស់វែង​រូបិយប័ណ្ណ ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក ដែល​ធ្វើឱ្យ​ថ្លៃ​រស់នៅ​ក្នុងស្រុក​មានតម្លៃ​ថ្លៃ​បំផុត។

ទីក្រុង​ដែលមាន​ចំណាយ​លើ​ការរស់នៅ​ថ្លៃ​បំផុត​ទី២ មាន អា​សាប​បាត (Ashgabat) ប្រទេស​តួ​កមេ​នី​ស្ថាន (Turkmenistan) ខណៈ​ទីក្រុង​តូ​ក្យូ​ដែល​ឥឡូវនេះ​ស្ថិតនៅ​លំដាប់​ទី ។ ប្រទេស​សឹង្ហ​បុរី​ស្ថិតនៅ​លំដាប់​ទី ៥ធ្លាក់ចុះ​ព២លេខ ពី​ឆ្នាំមុន ខណៈ​ទីក្រុង​សៀង​ហៃ​ស្ថិតនៅ​លំដាប់​ទី ៦ និង​ទីក្រុង​ប៉េកាំង​ស្ថិតនៅ​លំដាប់​ទី ១០ ។

ទីក្រុង​ផ្សេងទៀត​នៅក្នុង​ទីក្រុង​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ សម្រាប់​ជនបរទេស មាន​ទីក្រុង​ហ្សូ​រី​ច​ស្ថិតនៅ​លំដាប់​ទី ៤ ទីក្រុង​ញូវយ៉ក​ស្ថិតនៅ​លំដាប់​ទី ៧ ទីករុង​បឺ​ន​ស្ថិតនៅ​លំដាប់​ទី ៨ និង​ហ្សឺ​ណែវ​ស្ថិតនៅ​លំដាប់​ទី ៩ ។

ការស្ទង់មតិ​នេះ​បាន​រកឃើញថា មានការ​ធ្លាក់ចុះ​នៅក្នុង​ចំណាត់ថ្នាក់​នៅ​ទូទាំង​ទីក្រុង​របស់​ប្រទេស​ចិន ដោយសារតែ​ការធ្លាក់ចុះ​រូបិយប័ណ្ណ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក។ ការធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​គឺ​សម្រាប់​ទីក្រុង​សិន​យ៉ាង ដែល​ធ្លាក់ចុះ ១៨ ចំណាត់ថ្នាក់​ពី​ឆ្នាំមុន ដែល​ជាប់​ចំណាត់ថ្នាក់ ៦៣ ។

ការ​ឡើងថ្លៃ​រូបិយប័ណ្ណ និង​ការឡើង​ថ្លៃទំនិញ និង​សេវា​កម្មបាន​មើលឃើញ​ទីក្រុង​អាស៊ីអាគ្នេយ៍ ដូចជា​ទីក្រុង​ម៉ានីល និង​ចា​ការ​តា​កើនឡើង​ក្នុង​ចំណាត់ថ្នាក់​នៅ​ឆ្នាំនេះ។ ទីក្រុង​ម៉ានីល (៨០) កើនឡើង ២៩ ចំណុច​ពី​ឆ្នាំមុន ខណៈ​ទីក្រុង​ចា​ការ​តា (៨៦) កើនឡើង ១៩ កន្លែង។ ទីក្រុង​បុ​ម​បៃ (៦០) គឺជា​ទីក្រុង​ថ្លៃ​បំផុត​របស់​ឥណ្ឌា ខណៈដែល​ទីក្រុង Kolkata (១៨៥) គឺជា​ទីក្រុង​ថ្លៃ​បំផុត​របស់​ឥណ្ឌា។

លោក Renee McGowan នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Mercer Asia បាន​មានប្រសាសន៍ថា “ការរីក​រាលដាល​នៃ​ជំងឺ COVID-19 បាន​បង្កបញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ​ដល់​ធុរកិច្ច ហើយ​ធនាគារអភិវឌ្ឍន៍អាស៊ី​ប៉ាន់​ស្មានថា មាន​ផលប៉ះពាល់​សេដ្ឋកិច្ចពិភពលោក​មាន​រវាង ៥,៨ ពាន់​ពាន់​លាន​ដុល្លារ​និង ៨,៨ ពាន់​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ។

ស្ថានភាព​បច្ចុប្បន្ន​លើ​ពិភពលោក​មាន​ភាពមិន​ប្រាកដប្រជា។ អង្គភាព​នានា​ត្រូវ​រៀបចំ​ផែនការ សង្កេត និង​មាន​ភាពរហ័សរហួន​ក្នុងការ​ឆ្លើយតប​របស់​ពួកគេ ហើយ​សំខាន់​ជាងនេះទៀត​ត្រូវ​រក្សា​កម្លាំង​រឹងមាំ។

ការស្ទង់មតិ​នេះ​បាន​សិក្សា​លើ​ទីក្រុង​ជាង ៤០០ នៅ​ទូទាំង​ពិភពលោក។ ចំណាត់ថ្នាក់​ឆ្នាំនេះ​រួមមាន​ទីក្រុង​ចំនួន ២០៩ ទូទាំង​ទ្វីប​ទាំង ៥ និង​វាស់វែង​ប្រៀបធៀប​តម្លៃ​ទំនិញ​ជាង ២០០ មុខ​នៅក្នុង​ទីតាំងនីមួយៗ រួមមាន​លំនៅដ្ឋាន ការដឹកជញ្ជូន ម្ហូបអាហារ សម្លៀកបំពាក់ របស់របរ​ប្រើប្រាស់​ក្នុងផ្ទះ និង​ការកម្សាន្ត៕

សម្ដេច​តេ​ជោ ហ៊ុន សែន ព្រមាន​ដាក់ទោស​ធ្ងន់​លើ​មន្ត្រី និង​អ្នក​ដែល​កំពុង​បំពាន​ដី​រដ្ឋ និង​ដី​ប្រជាជន

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​សារជាថ្មី​ដល់​មន្ត្រី អ្នកមានអំណាច និង​អ្នកមាន​ទ្រព្យធន​ស្តុកស្តម្ភ​ទាំងឡាយ ល្មម​ចេះ​ឆ្អែត និង​ចេះ​គ្រប់គ្រាន់ ហើយ​ឈប់​ធ្វើបាប​ប្រជាពលរដ្ឋ​តទៅទៀត ជៀសវាង​កើតមាន​ទោសទណ្ឌ​ធ្ងន់ធ្ង​ប្រសិនបើ​រកឃើញថា បាន​ឆ្លៀតឱកាស​ពី​ការបែងចែក​នឹង​ទទួល​ដីធ្លី​របស់​រដ្ឋ។

សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​ផ្លូវការ​កាលពី​ថ្ងៃអាទិត្យ ចុង​សប្ដាហ៍​នេះ ដោយ​សង្កត់ធ្ងន់ និង​បញ្ជា​ទៅកាន់​ក្រសួង​ចំនួន៣ត្រូវ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការពារផ្សេងៗរបស់​រដ្ឋ ប៉ុន្តែ​ប្រាកដថា មិនមាន​មន្ត្រី​ចុះ​អនុវត្ត​បំពាន​ដី​រដ្ឋ​នោះទេ។

នៅក្នុង​សារ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា ៖

១) ចំពោះ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ជាក់ស្តែង​ក្នុង​តំបន់​ដី​រដ្ឋ​ដូច​បញ្ជាក់​ខាងលើ គឺ​ហាម​កាប់ឆ្ការ​ទន្ទ្រាន​វាតទី​យក​ដី​បន្ថែម គឺ​មិន​អនុញ្ញាត​ជាដាច់ខាត។ កន្លងមក បាន​សង្កេតឃើញ​មានតែ​អ្នកមានអំណាច និង​អ្នកមាន​ទ្រព្យ​ច្រើន​ប្រើ​អ្នកតូចតាច​អោយទៅ​កាប់​រុករាន​ទន្ទ្រាន​យក​ដី​អោយ​ខ្លួន។ រីឯ​ចំពោះ​ក្រុម​ជនខិលខូច​ដែល​ទៅ​ទន្ទ្រាន​យក​ដី​រដ្ឋ​ក្នុង​មួយ​យប់​ធ្វើបាន​ខ្ទម​ពី ១០-២០ ប៉ុន្តែ​បានកំណត់​អត្តសញ្ញាណ និង​មុខសញ្ញា​រួច​អស់ហើយ។ បើ​រកឃើញថា​អ្នក​ទាំង​នោះបាន​ប្រព្រឹត្តិ​មែន​នោះ​គឺ​នឹងត្រូវ​ចាប់ខ្លួន។

២) ចំពោះ​ការបែងចែក​ដីជូ​ន​ប្រជាពលរដ្ឋ គឺ​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ត្រូវធ្វើ​អោយបាន​ហ្មត់ចត់​ត្រឹមត្រូវ ហាម​ដាច់ខាត​ឆ្លៀត​កេងចំណេញ​យក​ចំណែក​ខ្លួន​ពី​ការបែងចែក​ដីជូ​ន​ពល​រដ្ឋ ។ ក្នុងករណី​រកឃើញថា​បាន​ចូលរួម​បំពាន​ការណែនាំ គឺ​នឹងត្រូវ​ទទួលទោស​ជា​កំហិត។

៣) ក្រៅពី​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ​ទៅតាម​ទំហំ​រស់នៅ​ជាក់ស្តែង គឺ​រដ្ឋ​នឹង​បន្ថែម​ជូន​ផ្ទៃដី១០ភាគរយ ជា​ប្រយោជន៍​រួម​សម្រាប់​សហគមន៍​ប្រើប្រាស់​ជា​ព្រៃ​រក​អុស និង​ជា​ជម្រក​សត្វ​គោក្របី​ស៊ី​ស្មៅ​ជាដើម។

កាលពី​ថ្ងៃ​សុក្រ ចុង​សប្ដាហ៍​កន្លងទៅនេះ នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជា​ទៅ​ក្រសួង​ចំនួន៣ គឺ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​ក្រសួង​រៀបចំ​ដែនដី អោយ​កាត់​ឆ្វៀល​ដីជូ​ន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ក្នុង​តំបន់​អភិរក្ស តំបន់​សត្វព្រៃ និង​តំបន់​ការពារផ្សេងៗរបស់​រដ្ឋ៕

ចំណេះដឹង! អ្វី​ជា​យន្តការ​ភាពជា​ដៃគូ​គយ-ផ្នែក​ឯកជន?

ដោយ វុត្ថា

ភ្នំពេញ៖ យន្តការ​ភាពជា​ដៃគូ​គយ-ផ្នែក​ឯកជន​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រកា​សលេខ ៩០៦ សហវ.ប្រក ចុះ​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាមរយៈ​ការសម្រេច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​របស់​ផ្នែក​ឯកជន​ក្នុងការ​ជម្រុញ​នូវ​អនុលោមភាព​ច្បាប់ និង​ប្រសិទ្ធភាព​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

យន្តការ​នេះ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នា​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១០  ក្នុង​គោល បំណង​លើកកម្ពស់​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​ល្អ ប្រកបដោយ​សមធម៌​សម្រាប់​ផ្នែក​ឯកជន​បន្ថែមទៀត។

ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ដំណើរ​យន្តការ​នេះ ដោយ​ឈរលើ​ស្មារតី​ភាពជា​ដៃគូ​ស្នើ​ភាព​គ្នា​រវាង​គយ និង​ផ្នែក​ឯកជន  ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានសម្រេច​ចេញប្រកាស​លេខ ៣២០ សហវ.ប្រក ចុះ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ស្តីពី​ការកែសម្រួល​សមាសភាព​និង​កិច្ចដំណើរការ​ភាព ជា​ដៃគូ​គយ-ផ្នែក​ឯកជន ដោយ​កែសម្រួល​ឲ្យ​មាន​សហប្រធាន​ជា​តំណាង អគរ និង​ផ្នែក​ឯកជន​ក្នុង​សម​សភាព​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​បច្ចេកទេស​ទាំង​បី ។ ក្រុមការងារ​បច្ចេកទេស​ទាំងបី​មាន ៖

១. ក្រុមការងារ​គយ-ឧស្សាហកម្ម​បម្រើការ​នាំចេញ​វិស័យ​កាត់ដេរ

២. ក្រុមការងារ​គយ-ឧស្សាហកម្ម​បម្រើការ​នាំចេញ​វិស័យ​មិនមែន​កាត់ដេរ

៣. ក្រុមការងារ​គយ-ធុរកិច្ច​បម្រើ​ទីផ្សារ​ក្នុងស្រុក

យន្តការ​ភាពជា​ដៃគូ​គយ-ផ្នែក​ឯកជន​គឺជា​យន្តការ​សម្របសម្រួល​ឲ្យ​មាន​កិច្ចសហការ និង​ការយោគយល់​គ្នា​ទៅវិញទៅមក រវាង​រដ្ឋបាល​គយ​និង​ផ្នែក​ឯកជន​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​គយ​ឲ្យ​អស់​លទ្ធភាព​ជាមុន មុននឹង​ឈានទៅ​ដោះស្រាយ​កម្រិត​អន្តរក្រសួង ឬ​ដាក់ជូន​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។  នេះ​គឺជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​ការធានា​នូវ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​នៃ​កិច្ច​សម្រួល ពាណិជ្ជកម្ម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការអនុវត្ត​យន្តការ​ភាពជា​ដៃគូ​គយ​និង​ផ្នែក​ឯកជន​ប្រកបដោយ​ប្រសិទ្ធភាព តម្រូវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​បន្ថែមទៀត​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​រួមគ្នា​ដោះស្រាយ នូវ​រាល់​បាតុភាព​អសកម្ម ដែល​នាំ​ឲ្យ​កំណើន​សេដ្ឋកិច្ចជាតិ​មិន​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា៕