ដោយ ៖ វុត្ថា
ភ្នំពេញ ៖ អ្នកវិនិយោគនៅក្នុងវិស័យដីធ្លីជាច្រើនបាន និងកំពុងចុះស្វែងរកឱកាសវិនិយោគនៅក្នុងខេត្តមណ្ឌលគិរី បើទោះជាកម្ពុជា នៅបន្តស្ថានភាពប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ចសកលយ៉ាងណាក៏ដោយ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះថា អ្នកវិនិយោគក្នុងវិស័យដីធ្លីភាគច្រើនបានចុះទៅពិនិត្យ និងសិក្សាពីសក្ដានុពលនៅតាមតំបន់ជាច្រើនក្នុងខេត្តមណ្ឌលគិរី ជាពិសេសនៅក្នុងក្រុង និងក្បែរគម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះ។
លោក ច្រឹក សុខនីម បានបញ្ជាក់ថា “អ្នកវិនិយោគក្នុងវិស័យដីធ្លី បានចុះទៅស្វែងរកឱកាសវិនិយោគនៅទីនោះ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងស្ថាបនានូវប្រព័ន្ធហេដ្ឋារនាសម្ព័ន្ធថ្មីជាបណ្តើរៗ ប៉ុន្តែទោះជាយ៉ាងណា បច្ចុប្បន្ននេះ ភាគច្រើនគេនៅប្រើប្រាស់ផ្លូវចាស់នៅឡើយទេ”។
លោក ច្រឹក សុខនីម ដែលបានចុះទៅពិនិត្យមើលផ្ទាល់នៅក្នុងខេត្តមណ្ឌលគិរីនេះ បានបន្ថែមថា “បច្ចុប្បន្ននេះ យើងមានផ្លូវពីភ្នំពេញទៅកាន់ទីរួមខេត្តដែលមានភាពងាយស្រួល និងលឿន ដោយយើងចំណាយពេលត្រឹមតែ ៥ ទៅ ៦ ម៉ោង អាចធ្វើកិច្ចការងារផ្សេងៗ បាននៅទីនោះ”។
លោកប្រធានសមាគមរូបនេះបញ្ជាក់ទៀតថា “ជាមួយគ្នានេះ សកម្មនៃការវិនិយោគលើវិស័យដីធ្លី ជាពិសេសនៅតំបន់អូរាំង កំពុងចាប់ផ្តើមកម្រើក ហើយតម្លៃវិញគឺអាស្រ័យទៅលើទីតាំង និងទំហំរបស់ដី ដែលបច្ចុប្បន្ននេះ គឺគេមិនគិតជាម៉ែត្រការ៉េនោះទេ ដោយគេគិតជាម៉ែត្រដើរ។ តម្លៃដីគិតជាម៉ែត្រដើរ នៅតំបន់អូរាំងនេះចន្លោះពី ១០០០ ទៅ ២០០០ ដុល្លារអាមេរិក អាស្រ័យទៅលើដីទៅក្រោយវែង ឬខ្លី ហើយបើគិតជាហិកតាវិញ តម្លៃប្រហាក់ប្រហែលជាង ១០០០០ ដុល្លារអាមេរិក សម្រាប់មួយហិកតា ខណៈតំបន់នេះ កំពុងតែមានការអភិវឌ្ឍន៍”។
រាជរដ្ឋាភិបាលបានកំណត់យកខេត្តមណ្ឌលគិរី និងភូមិភាគឦសានទាំងមូល គឺជាគោលដៅអេកូទេសចរណ៍ដ៏ធំរបស់កម្ពុជា និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដែលត្រូវមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់។ រាជរដ្ឋាភិបាលបានបញ្ចប់ការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីនេះ ដោយកំណត់ថា វិស័យទេសចរណ៍ ពិសេសវិស័យអេកូទេសចរណ៍ ជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្ត បន្ទាប់មក គឺវិស័យកសិកម្ម ដែលមានសក្ដានុពលខ្លាំងបំផុត ដូចជាការដាំដុះបន្លែសេរីរាង្គដ៏មានរសជាតិឆ្ងាញ់ពិសា ផ្កាល្អៗ ផ្លែឈើ កាហ្វេ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងខេត្ត និងទូទាំងប្រទេស។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវផែនការទៅថ្ងៃខាងមុខនេះ លើគម្រោងសាងសង់ព្រលានយន្តហោះ នៅក្នុងខេត្តមណ្ឌលគិរីនេះ អាចនឹងត្រូវប្រើប្រាស់ជាព្រលានយន្តហោះក្នុងតំបន់ (Regional airport) តភ្ជាប់ខេត្តមណ្ឌលគិរី ទៅគោលដៅទេសចរណ៍ជិតខាង ដូចជា ប្រទេសថៃ វៀតណាម និងឡាវ ព្រមជាមួយទីក្រុងសំខាន់ៗ ផ្សេងទៀតរបស់អាស៊ាន និងហួសទៅដល់ទីក្រុងសំខាន់ៗរបស់ប្រទេសចិនផងដែរ ដែលនឹងជួយឱ្យវិស័យនានាមានការរីកចំរើន៕