សមាគម CVEA បរិច្ចាគថវិកា ២០លានរៀល ជូនសម្ដេចតេជោ ហ៊ុន សែន សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ដែលដឹកនាំដោយលោក ច្រឹក សុខនីម បាននាំយកថវិកាចំនួន២០លានរៀល ដែលបានពីការចូលរួមជាវិភាគទានពីសំណាក់ក្រុមប្រឹក្សាភិបាល និងសមាជិករបស់សមាគម ក្នុងការបរិច្ចាគជូនដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បាននាំយកថវិកាចំនួន២០លានរៀល ក្រោមការចូលរួមចែករំលែកនូវធនធានផ្ទាល់ខ្លួនរបស់សមាជិកសមាគម ជូនដល់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងកំពុងកើតមានស្ទើរទូទាំងប្រទេស។

លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា “ចំនួននៃថវិកាទាំងនេះ ត្បិតថាមិនមានទំហំច្រើន ប៉ុន្តែជាការបង្ហាញពីទឹកចិត្ត និងការចូលរួមចំណែក ចែករំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសរាជរដ្ឋាភិបាល ដែលកំពុងប្រឈមផ្ទួនៗនៅពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះផងដែរ ក្នុងនាមខ្ញុំផ្ទាល់ជាប្រធានសមាគម សូមថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល ក៏ដូចជាសមាជិកនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាទាំងអស់ដែលបានចូលរួមចែករំលែកនូវធនធានផ្ទាល់ខ្លួនសម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងផលលំបាកនៅពេលនេះ ក្នុងរូបភាពជួយគ្នាក្នុងគ្រាអាសន្ន”។

ភ្ជាប់ទៅនឹងសកម្មភាពមនុស្សធម៌ខាងលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បណ្តាសប្បុរសជនទាំងអស់ ក៏ដូចជាក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។

សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋតាមភូមិសាស្ត្រ ដោយមានការទទួលខុសត្រូវឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here