តំបន់​ព្រែក​ឯង​កំពុង​ទាក់ទាញ​ការវិនិយោគ​លើ​គម្រោង​បុរី​លំនៅឋាន​តម្លៃ​សមរម្យ

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ តំបន់​ព្រែក​ឯង ក្នុង​ខណ្ឌ​ច្បារអំពៅ នៅពេល​បច្ចុប្បន្ននេះ បាន និង​កំពុង​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​ជាច្រើន ជាពិសេស វិស័យ​លំនៅដ្ឋាន​បែប​ទំនើប​តម្លៃ​សមរម្យ ដែលមាន​មិន​ក្រោម៥គម្រោង​នោះទេ។

រុញច្រាន​បន្ត​ពី​តំបន់​ដែលមាន​ការអភិវឌ្ឍ​ខ្លាំង​លើ​វិស័យ​លំនៅដ្ឋាន​បឹង​ស្នោរ ពេលនេះ មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន បាន និង​កំពុង​បង្ហាញ​វត្ត​មាននៅ​តំបន់​ព្រែក​ឯង ហើយ​ក្នុងនោះ​ក៏មាន​គម្រោង​អភិវឌ្ឍន៍​សំណង់​អាគារ​ខុន​ដូ និង​អា​ផាត​មិន​មួយចំនួនទៀត​ផងដែរ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នេះ​ថា បច្ចុប្បន្ន​មិន​ថា​ចំពោះ​តំបន់​មួយណា​នោះទេ ឱ្យតែ​នៅជាប់​ជាយក្រុង​គឺ​សុទ្ធ តែមាន​សក្ដានុពល និង​មាន​តម្រូវការ​ខ្ពស់​ក្នុងការ​ប្រើប្រាស់​ដី​ទាំងអស់។ លោក​បាន​បន្តទៀតថា ចាប់ពី​បឹង​ស្នោរ​រហូតដល់​កំណាត់​ផ្លូវ​លេខ១១៤ ឬ​ផ្លូវ​រោងចក្រ​ស្រា​បៀរ​ថៃ​ហ្គ័​រ បែក​ចេញពី​ផ្លូវជាតិ​លេខ១ ស្ថិតក្នុង​សង្កាត់​ព្រែក​ឯង គឺ​កំពុងមាន​សក្ដានុពល និង​ភាព​ទាក់ទាញ​ខ្លាំង។

លោក​បន្តថា “ចាប់ពី​ចំណុច​ផ្លូវបំបែក​ចេញពី​ផ្លូវជាតិ​លេខ១ រហូតដល់​ចំណុច​រោងចក្រ​ផលិត​ស្រា​បៀរ​ថៃ​ហ្គ័​រ ភាគច្រើន​ត្រូវបាន​ក្លាយជា​តំបន់​លំនៅដ្ឋាន​កម្រិត​ខ្ពស់ ឬ​ផ្ទះ​លំហែរ​កាយ​របស់​អភិជន​រួចទៅហើយ។ ដោយឡែក​ចាប់ពី​ចំណុច​រោងចក្រ​ផលិត​ស្រា​បៀរ​ថៃ​ហ្គ័​រ រហូតដល់​ចំណុច​រង្វង់​មូល​ស្ពាន​ទន្លេបាសាក់ គឺ​នៅមាន​ដី​ទំនេរ​ច្រើន ប៉ុន្តែ​មិនមាន​ទំហំធំៗដែល​អាច​ធ្វើជា​បុរី​នោះទេ ហើយក៏​មានតម្លៃ​ថ្លៃ​ផងដែរ។ ដី​ដែល​នៅជាប់​នឹង​ផ្លូវធំ​នេះ មាន​សក្ដានុពល និង​អាច​អភិវឌ្ឍន៍​ជា​បណ្តុំ​លំនៅដ្ឋាន” ។

លោក​បាន​បញ្ជាក់ថា “វិស័យ​ដីធ្លី​នៅ​តំបន់​ព្រែក​ឯង​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ការអភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន ប៉ុន្តែ​មិនអាច​មាន​ទ្រង់ទ្រាយ​ធំ​ទូលាយ​នោះទេ ដោយសារតែ​តម្លៃ​ដី​ឡើងថ្លៃ​ខ្ពស់ ហើយ​មិនសូវមាន​ដី​ទំនេរ​ធំ​នោះទេ ហើយ​តម្លៃ​ដី​នៅ​តំបន់​នេះ​នៅតែ​បន្ត​ឡើង​ទៀត ដែល​ផ្តល់ឱកាស​សម្រាប់​អ្នកវិនិយោគ​នៅក្នុង​តំណាក់កាល​នេះ។

តំបន់​នេះ​បច្ចុប្បន្ន ត្រូវបាន​អ្នកជំនាញ​អះអាងថា តម្លៃ​ដី​បាន​ឡើង​ខ្ពស់​រួចទៅហើយ ដែល​យ៉ាងហោចណាស់​ដី​ដែល​នៅជាប់​ផ្លូវ១១៤ មានតម្លៃ​ក្នុង​រង្វង់ ៣៥០-៤៥០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​វា​ក៏​អាស្រ័យ​ទៅតាម​ទ្រង់ទ្រាយ និង​ទំហំ​ដី។ ដោយឡែក​ចំពោះ​ដី​ដែល​ស្ថិតនៅ​តំបន់​ខាងក្នុង​ដូចជា តំបន់​បោះ​អង្គា​ញ់ អាចមាន​តម្លៃ​ចាប់ពី ១៥០ -២០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​នៅ​ថ្ងៃ​ខាងមុខ តម្លៃនឹង​បន្ត​ឡើងថ្លៃ​ជាង​នេះ។

ជាមួយនឹង​តម្រូវការ​នៃ​ការប្រើប្រាស់​ដីធ្លី​សម្រាប់​អភិវឌ្ឍន៍​លំនៅដ្ឋាន​បែប​ទាន់សម័យ​នៅក្នុង​តំបន់​ព្រែក​ឯង​ដែលមាន​មិនតិចជាង៥គម្រោងធំៗ ក្នុងនោះ​ក៏មាន​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន រំដួល​វីឡា​ព្រែក​ឯង ដែល​កំពុងមាន​ភាពលេច​ធ្លោ​ក្រោម​ការទទួលបាន​ចំណាប់អារម្មណ៍​ពី​សំណាក់​មហាជន។ គម្រោង​មួយ​នេះ​ស្ថិតនៅក្នុង​ទីតាំង​ដែល​ពោរពេញ​ទៅដោយ​សក្ដានុពល អំណោយផល​លើក​ក្តា​ភូមិសាស្ត្រ មានផ្លូវធំៗចំនួន៣នៅ​ព័ទ្ធជុំវិញ​រួមជាមួយ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ៣០ម៉ែត្រ​របស់​រដ្ឋាភិបាល ផ្ដល់​ភាពងាយស្រួល​ក្នុង​ការធ្វើ​ចរាចរណ៍។ នៅក្នុង​គម្រោង រំដួល​វីឡា​ព្រែក​ឯង បាន​សាងសង់​លំនៅដ្ឋាន​បែប​ទាន់សម័យ​ជា៣ប្រភេទ រួមមាន​ប្រភេទ Link House ប្រភេទ Shop House ប្រភេទ Villa កូនកាត់ និង​វីឡា​ភ្លោះ យ៉ាង​ស្រស់ស្អាត ទំនើប និង​ស៊ី​វិ​ល័យ​បំផុត​ស្ថិតនៅ​ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

បុគ្គលិក​ផ្នែក​លក់​ជាន់ខ្ពស់​នៃ​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​បែប​ទំនើប រំដួល​វីឡា​ព្រែក​ឯង បាន​ប្រាប់​ឱ្យដឹងថា ទីតាំង​ដែល​ក្រុមហ៊ុន​កំពុងធ្វើការ​អភិវឌ្ឍ​បច្ចុប្បន្ន គឺមាន​លក្ខណៈ​ល្អប្រសើរ ងាយស្រួល​ទាំង​ការរស់នៅ ក៏ដូចជា​ការប្រកប​អាជីវកម្មផ្សេងៗផងដែរ។ នៅ​ជុំវិញ​គម្រោង ក្រៅពី​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវថ្នល់ និង​ការអភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល​ស្របតាម​ប្លង់គោល​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺមាន​គម្រោង​អភិវឌ្ឍន៍​ផ្សេងទៀត​ជាច្រើន ដែល​ក្នុងនោះ​រួមមាន​គម្រោង​សំណង់​បុរី​លំនៅដ្ឋាន​ចំនួន៥ គម្រោង​សាងសង់​ខុន​ដូ អា​ផាត​មិន និង​តំបន់​កម្សាន្ត​កែច្នៃ។

បុគ្គលិក​ដដែល​បាន​បន្តទៀតថា លក្ខណៈពិសេស​របស់​គ​ម្រោ​ង ក្រៅពី​ស្ថិតនៅក្នុង​តំបន់​ទីប្រជុំ​ក្នុងភូមិ​ចាស់​ដែលមាន​ប្រជាជន​រស់នៅ​ស្រាប់ គឺមាន​ផ្លូវធំ​ជាច្រើន​ខ្សែរ ងាយស្រួល​ចរាចរណ៍​ចេញចូល​ក្រុង ទាំង​រាជធានី​ភ្នំពេញ ទាំង​ក្រុង​តាខ្មៅ​តាមរយៈ​ជាតិ​លេខ១១៤ រួម​ជាមួយនឹង​ផ្លូវជាតិ​លេខ១ផងដែរ។ ដោយឡែក​សម្រាប់​សំណង់​លំនៅដ្ឋាន​សុទ្ធតែ​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​គុណភាព​ជាសំខាន់​បន្ថែម​ពីលើ​ការ​រចនា​ម៉ូដ​បែប​ទាន់សម័យ និង​វិចិត្រ​ភាព​បំផុត។ សម្រាប់​ព័ត៌មាន​លម្អិត​ពី​គម្រោង រំដួល​វីឡា ព្រែក​ឯង សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ 092 347 779  / 015 322 247 / 068 788 066៕

គម្រោង​ស្ថាបនា​ផ្លូវ​វាង​ក្រុង​កំពត​កំពុង​ទាក់ទាញ​ការវិនិយោគ​បន្ថែម

ដោយ ៖ រ៉ា​ណេ​ត

កំពត ៖ ជាមួយនឹង​លទ្ធផល​នៃ​ការស្ថាបនា​ផ្លូវ​វាង​ក្រុង​កំពត​ទទួលបាន​ជាង ៩០ភាគរយ ដែល​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅក្នុង​អំឡុង​ខែកក្កដា ឆ្នាំ២០២០នេះ បច្ចុប្បន្ន​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន បាន និង​កំពុង​បង្ហាញ​វត្តមាន​ជា​បន្តបន្ទាប់​នៅក្បែរ​ផ្លូវ​ដ៏​មាន​សារសំខាន់​មួយ​នេះ។

គិត​ត្រឹម​ចុង​សប្ដាហ៍ ដើមខែ​កក្កដា ឆ្នាំ២០២០នេះ គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​កំពត​សម្រេចបាន​លទ្ធផល​ជាង ៩០ភាគរយ ដែល​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅក្នុង​អំឡុង​ខែ​នេះ។

អភិបាលរង​ខេត្ត លោក ភូ លិ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​នេះ​ថា គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​កំពត គិត​ត្រឹម​ថ្ងៃនេះ​សម្រេចបាន​ជាង៩០ភាគរយ​ហើយ ដែល​អាច​នឹង​បញ្ចប់​នៅក្នុង​អំឡុង​ខែកក្កដា ឆ្នាំ២០២០នេះ។

លោក​បាន​បញ្ជាក់ថា “ឥឡូវ​ជិត​បញ្ចប់​ការសាងសង់​ទាំងស្រុង​ហើយ ពោលគឺ​នៅសល់តែ​ការចាក់​បំពេញ​នៅ​ដើមផ្លូវ និង​ចុង​ផ្លូវ​បន្តិចទៀត​តែប៉ុណ្ណោះ ហើយ​តាមរយៈ​ផ្លូវ​បេតុង​វាង​ក្រុង​កំពត១ខ្សែ​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​កាត់បន្ថយ​ការកកស្ទះ​នូវ​រថយន្ត​តូច ធំ​បើកបរ​លើ​ដងផ្លូវ​ជាតិ​លេខ៣ ក្បែរ​ផ្សារ​សាមគ្គី ក្នុង​ក្រុង​កំពត និង​ក៏ដូចជា​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​របៀបរៀបរយ​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ក្រុង​កំពត ព្រោះ​បច្ចុប្បន្ន​ក្រុង​កំពត​ផ្លូវ​វាង​ក្រុង​ប៉ែក​ខាងជើង ឬ​ខាងលិច​នៃ​ក្រុង​កំពត នៅ​ពុំទាន់​មាន​ផ្លូវ​សម្រាប់​សម្រួល​ចរាចរណ៍​នៅឡើយ” ។

ជាមួយនឹង​វត្ត​មាននៃ​ផ្លូវ​វាង​ក្រុង​ដ៏​ស្រស់ស្អាត និង​ធំ​ទូលាយ មួយ​នេះ បច្ចុប្បន្ន​មាន​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ជាច្រើន​បានចាប់ផ្តើម​បង្ហាញ​វត្តមាន​ជា​បន្តបន្ទាប់ ដែល​ក្នុងនោះ​ភាគច្រើន​ជាការ​វិនិយោគ​ក្នុង​វិស័យ​លំនៅដ្ឋាន​បន្ថែម​ពីលើ​គម្រោង​អភិវឌ្ឍន៍​តំបន់​កម្សាន្ត​ដែល​ស្ថិតនៅ​ក្បែរ​មាត់​ព្រែក​ជិត​ផ្លូវ​វាង​ក្រុង។

ផ្លូវ​វាង​ក្រុង​មួយ​នេះ ស្ថិតនៅ​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត មាន​ទទឹង ១៥ម៉ែត្រ​បណ្ដោយ ១៣៨០ម៉ែត្រ ធ្វើ​ពី​បេតុង​សរសៃដែក អមដោយ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ចេញពី​ក្នុង​ក្រុង​កំពត ដោយ​ផ្លូវ​នេះ​ត​បំបែកចេញ ពី​ផ្លូវជាតិ​លេខ៣ ឆ្ពោះទៅ​ទល់នឹង​ផ្លូវ​បេតុង​ម៉ា​កេង ស្របតាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ដែលមាន​គំលាត​ពី​ផ្លូវ​រថភ្លើង​ចម្ងាយ ១២ម៉ែត្រ និង​ចិញ្ចើមផ្លូវ​ម្ខាង​ទៀត មាន​ចំនួន ៣ម៉ែត្រ ក្រោម​គម្រោង​ប្រើប្រាស់​ថវិកា​របស់​រដ្ឋ​បាល​ខេត្តកំពត៕

ប្រធានាធិបតី​ចិន លោក Xi Jinping៖ សហគមន៍​ចិន-កម្ពុជា មាន​អនាគត​រួមគ្នា​មិនអាច​បំបែក​បានឡើយ

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ប្រធានាធិបតី​ចិន លោក Xi Jinping (ស៊ី ជីន​ពីង) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​ចិន និង​ប្រទេស​កម្ពុជា​បានបង្ហាញ​តាមរយៈ​ការខិតខំ​រួមគ្នា​ក្នុងការ​រួមគ្នា​ប្រយុទ្ធ​នឹង​ការរីក​រាលដាល​នៃ Covid-19 ដែល​សហគមន៍​ចិន-កម្ពុ​ជាមាន​អនាគត​រួមគ្នា​គឺ​មិនអាច​បំបែក​បានឡើយ។

លោក​ប្រធានាធិបតី Xi ក៏​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន បានធ្វើការ​កត់សម្គាល់​នៅក្នុង​សារលិខិត​ផ្ញើជូន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។ លោក​បាន​និយាយថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន នៅពេលដែល​ស្ថាន​ជំងឺ​រាតត្បាត​កំពុង​ធ្ងន់ធ្ងរ​នៅ​ប្រទេស​ចិន ដែល​ធ្វើឱ្យមាន​ចាប់អារម្មណ៍​ខ្លាំង​ដល់​បក្សកុម្មុយនិស្ត​ចិន រដ្ឋាភិបាល​ចិន ប្រជាជន​ចិន និង​ខ្លួន​លោក​ផ្ទាល់។

លោក Xi បាន​មានប្រសាសន៍ថា ប្រទេស​ចិន​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការអភិវឌ្ឍ​នៃ​ទំនាក់ទំនង​ចិន-កម្ពុជា ដោយ​លោក​បាន​បន្ថែមថា លោក​មាន​ឆន្ទៈ​ធ្វើការ​រួមគ្នា​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​លើកកម្ពស់​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​គណបក្ស​ទាំងពីរ និង​នៅក្នុង​វិស័យផ្សេងៗទៀត លើកកម្ពស់​ការកសាង​សហគមន៍​ជាមួយ អនាគត​រួមគ្នា​សម្រាប់​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស និង​ប្រជាជន​រវាង​ប្រទេស​ទាំងពីរ។

លោក Xi ក៏បាន​មានប្រសាសន៍ថា ប្រទេស​ចិន​គាំទ្រ​យ៉ាង​មុតមាំ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​ដើរ​លើ​មាគ៌ា​អភិវឌ្ឍន៍​មួយ ដែល​សមស្រប​ទៅនឹង​លក្ខខណ្ឌ​ជាតិ​របស់ខ្លួន ហើយ​ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រទេស​កម្ពុជា​ប្រាកដជា​នឹង​បង្កើត​សមិទ្ធផលថ្មីៗក្នុង​បុព្វហេតុ​កសាង​ជាតិ និង​ចូលរួម​វិភាគទាន​វិជ្ជមាន​ក្នុងការ​លើកកម្ពស់​ស្ថិរភាព និង​ការអភិវឌ្ឍ​ក្នុង​តំបន់។

សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​មានប្រសាសន៍ ឋានៈ​របស់​ចិន​នៅលើ​ឆាក​អន្តរជាតិ​កំពុងតែ​កើនឡើង ហើយ​ចិន​បាន​ដើរតួនាទី​នាំមុខ​ក្នុងការ​ដោះស្រាយ​បញ្ហា​ពិភពលោកសំខាន់។ សម្តេច​តេ​ជោ បាន​បន្ថែមទៀតថា ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ COVID-19 មក ប្រទេស​ចិន​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត និង​ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​អន្តរជាតិ ដែល​បណ្តាលមកពី​ជំងឺ​នេះ។

កាលពី​ឆ្នាំមុន ប្រទេស​ចិន​បានរៀបចំ​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដោយ​ជោគជ័យ ដែល​បង្ហាញថា គំនិត​ផ្តួចផ្តើម​គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ ត្រូវបាន​គាំទ្រ​ដោយ​បណ្តា​ប្រទេស និង​ស្ថាប័ន​កាន់តែច្រើន ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ចិន​ក្នុងការ​ជំរុញ​ការកសាង​សហគមន៍​ជាមួយនឹង​អនាគត​រួមគ្នា​សម្រាប់​មនុស្សជាតិ ត្រូវបាន​ទទួលស្គាល់​ដោយ​ប្រទេស និង​ប្រជាជន​កាន់តែ​ច្រើនឡើង៕

រោងចក្រ​កែច្នៃ​ដូងប្រេង​របស់លោក​ឧក​ញ៉ា ម៉ុង ឫទ្ធី មានលទ្ធភាព​អាច​ផលិត​បាន ៤៥តោន​ក្នុង១ម៉ោង​កំពុង​ជួប​ការខាតបង់

ដោយ ៖ វុត្ថា  

ព្រះសីហនុ ៖ រោងចក្រ​កែច្នៃ​ដូងប្រេង​ដ៏​ទំនើប​របស់លោក​ឧកញ៉ា​បណ្ឌិត ម៉ុង ឫទ្ធី សេដ្ឋី​កសិកម្ម​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អាចមាន​លទ្ធភាព​ក្នុងការ​ផលិត​បាន​រហូត​ដល់ ៤៥តោន​ក្នុង​រយៈពេល​ត្រឹមតែ១ម៉ោង កំពុងតែ​ទទួលរង​នូវ​ការខាតបង់​យ៉ាងច្រើន​ដោយសារ​កំណើន​ផ្លែ​ដូង​កើនឡើង​ហួស​ផែនការ។

លោក​ឧកញ៉ា​បណ្ឌិត ម៉ុង ឫទ្ធី បាន​សរសេរ​នៅលើ​បណ្តាញ​ផ្សព្វផ្សាយ​ផ្លូវការ​របស់លោក​កាលពី​យប់​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ថា នៅវេលា​ម៉ោង១រសៀល​ថ្ងៃ​សុក្រ​ទី៣ ខែកក្កដា ឆ្នាំ២០២០ចុះមក​ពិនិត្យមើល​រោងចក្រ​កែច្នៃ​ផ្លែ​ដូងប្រេង​ដែលមាន​កម្លាំង​ផលិត៤៥តោន​ក្នុង​មួយ​ម៉ោង ចំការ​ដូងប្រេង​នេះ​មាន​ទីតាំង​ស្ថិតនៅ​នៅក្នុង​ខេត្ត​ព្រះសីហនុ។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា “ជាមួយនឹង​ដំណើរការ​រោងចក្រ​នេះ ក្រុមហ៊ុន​បានចាប់ផ្តើម​បណ្តុះ​កូន​ដាំ​ដំបូង​កាលពី​ឆ្នាំ១៩៩៦ ជា​បន្តបន្ទាប់​ដាំ​ប្រមាណ​ជា២ម៉ឺន​ហិកតា កាលពី​ឆ្នាំ២០០០ យើង​ង​បាន​សាងសង់​រោងចក្រ​កែច្នៃ​ទី១ ដែលមាន​កម្លាំង​ផលិត៣០តោន​ក្នុង​មួយ​ម៉ោង នៅក្នុង​ឆ្នាំ២០១៥ យើង​បាន​សាងសង់​រោងចក្រ​កែច្នៃ​ថ្មី​មួយទៀត​ដែលមាន​កម្លាំង​ផលិត៤៥តោន​ក្នុង​មួយ​ម៉ោង” ។

លោក​បន្តថា “នៅពេល​មាន​វិបត្តិ​កូ​រូ​ណា​នេះ​ក្រុមហ៊ុន​មិនបាន​បញ្ឈប់​បុគ្គលិក​កម្មករ​ទេ ថែមទាំង​បាន​បង្កើន​ការថែទាំ ដាក់​ជី​ប្រមូល​ផល​ជាធម្មតា។ បើតាម​ការព្យាករណ៍​ឆ្នាំ២០២០នេះ យើង​អាច​ទទួលផល​បានតែ ២៧០ ០០០ តោន ទេ តែបើ​តាម​ពិនិត្យមើល​កំណើន​ផល​ផ្លែ​ដូង​អាច​កើនឡើង​រហូតដល់ ៣០០ ០០០ តោន តែ​ជា​អកុសល រោងចក្រ​កែច្នៃ​ទាំង២នេះ​មិនអាច​ទទួល​យកទៅ​កែច្នៃ​បាន​គ្រប់​ចំនួន​នោះទេ ធ្វើអោយ​ផល​ផ្លែ​ដូងប្រេង​នៅសល់​លើ​ទីលាន ប្រមាណ​ជាជាង ៥០០០តោន បណ្តាលអោយ​រលួយ​ស្អុយ​ចោល ខាតបង់​ថវិការ​យ៉ាងធ្ងន់ធ្ងរ” ។

ជាមួយនឹង​សំណេរ​បញ្ជាក់​ពី​ភាព​ខាតបង់​ថវិកា​យ៉ាងធ្ងន់ធ្ងរ​ខាងលើនេះ លោក​ឧកញ៉ា​បានលើកឡើង​ផងដែរ​ថា បើតាម​ការ​អោយដឹង​ក្រៅផ្លូវការ​មក​ថា ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ប្រទេស​ថៃ មានការ​ថយចុះ​ផល​ផ្លែ​ដូង​គួ​អោយ​កត់សំគាល់ ចំណែកឯ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​វិញ​បែ​ទៅជា​មាន​កំណើន​ផល​ផ្លែ​ដូងប្រេង​ទៅវិញ ៕

រដ្ឋាភិបាល​អនុញ្ញាតឱ្យ​អាជីវកម្ម​ក្លឹប និង KTV ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន ដើម្បី​ដំណើរការ​ឡើងវិញ

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បានសម្រេច​អនុញ្ញាតឱ្យ​គ្រប់​អតីត​អាជីវកម្ម​ក្លឹប​កម្សាន្ត និង KTV ទាំងអស់​ដែល​បាន​ផ្អាក​ដំណើរការ​តាំងពី​អំឡុង​ខែមីនា ឆ្នាំ២០២០ បន្ទាប់ពី​ផ្ទុះ​ជំងឺឆ្លង​នោះ អាច​ចាប់​ដំណើរ​បើកទ្វារ​ដំណើរ​គ​ឡើងវិញ ប៉ុន្តែ​ត្រូវ​ប្ដូរ​ទៅជា​ប្រភេទ​អាជីវកម្ម​បម្រើសេវា​ជា​ភោជនីយដ្ឋាន​វិញ។

កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​សុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២០ បានសម្រេច​អនុញ្ញាតឱ្យ​អាជីវកម្ម​ក្លិប​កម្សាន្ត និង KTV នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត ប្រែក្លាយ ទៅជា​ភោជនីយដ្ឋាន ដើម្បី​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច និង​ផ្តល់​ការងារ​ឡើងវិញ ប៉ុន្តែ​ត្រូវគោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធាន​នៃ​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ។

នៅក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​ក្រោម​អធិបតី​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ម្សិលមិញ​នេះ ក៏បាន​សម្រេច​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ដែលមាន​លទ្ធភាព​ចាប់ដំណើរការ​ឡើងវិញ​ផងដែរ ដោយ​អាចអនុវត្ត​ចាប់ពី​ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ខណៈដែល​បណ្តា​កាស៊ីណូ​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ប៉ោយប៉ែត ស្វាយរៀង និង​នៅ​តំបន់​ព្រំដែន​ដទៃទៀត​ក៏​ចាប់ដំណើរការ​ឡើងវិញ​ផងដែរ ប៉ុន្តែ​សម្រាប់តែ​ប្រភេទ​ល្បែងភ្នាល់ និង​ស្ល​ត់​ម៉ាស៊ីន ដោយ​តម្រូវ​អនុវត្តតាម​វិធាន​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ហ្មត់ចត់ ដើម្បី​ការពារ​ការឆ្លង​រាលដាល​ជំងឺ Covid-19 ៕

គម្រោង​ផ្លូវ​រថភ្លើង​ឆ្លងកាត់​រូងភ្នំ​តម្លៃ ៨៤ពាន់​លាន​ដុល្លារ​របស់​ជប៉ុន​ត្រូវ​ពន្យាពេល​សាងសង់

ដោយ ហ្សូ​លី

តូ​ក្យូៈ គម្រោង​ផ្លូវ​រថភ្លើង​ឆ្លងកាត់​រូងភ្នំ​ពី​ទីក្រុង​តូ​ក្យូ ទៅកាន់​តំបន់​អូ​សា​កា ត្រូវបាន​ពន្យា​ពេល​បើក​ការដ្ឋាន​សាងសង់ ដោយសារ​រដ្ឋាភិបាល​ព្រួយបារម្ភ ពី​ផលប៉ះពាល់​នៃ​ការសាងសង់​ផ្លូវដែក​ឆ្លងកាត់​ក្រោម​រូងភ្នំ​នេះ។

គម្រោង​ផ្លូវដែក​នេះ ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ៨៤ពាន់​លាន​ដុល្លារ និង​មាន​ប្រវែង​រាប់រយ​គីឡូម៉ែត្រ ដែល​ក្នុងនោះ​ចម្ងាយ៩គីឡូម៉ែត្រ ត្រូវ​ឆ្លងកាត់​រូងភ្នំ​ដ៏​វែង។

លោក​អភិបាល​ប្រចាំ​តំបន់ បាន​បើក​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង​ផ្លូវដែក​នេះ និង​បាន​បដិសេធ​ចំពោះ​ការសាងសង់​សារជាថ្មី។

អភិបាល​តំបន់​រូបនេះ​អះអាងថា “ផ្លូវដែក​ក្រោម​ដី​នេះ អាចធ្វើឱ្យ​គូរ​ទឹក​ព័ទ្ធជុំវិញ​ភ្នំ​ហូរ​ទៅកាន់​ទន្លេ​ផ្សេង ដែល​ប៉ះពាល់​ដល់​បរិស្ថាន និង​បង្ក​ផល​លំបាក​ដល់​ប្រជាពលរដ្ឋ​ក្បែរ​តំបន់​នោះ” ។

យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ល្បី​របស់​ជប៉ុន​បានឱ្យដឹងថា លោក​អភិបាល បានទាមទារ​ឱ្យមាន​របាយការណ៍​ត្រឹមត្រូវ អម​ជាមួយនឹង​ទិន្នន័យ​បញ្ជាក់​អំពី​ផលប៉ះពាល់​បរិស្ថាន ប៉ុន្តែ​គ្មាន​របាយការណ៍​នោះ ទើប​ការហាមឃាត់​ការសាងសង់​ប្រកបទៅដោយ​ជោគជ័យ។

គម្រោង​នេះ​ត្រូវ​ចំណាយពេល៥ឆ្នាំ​ក្នុង​ការសាងសង់ ដោយ​ក្រុមហ៊ុន​អភិវឌ្ឍ JR Central ហើយ​ក្រុមហ៊ុន​នេះ ព្យាយាម​ដោះស្រាយ​អំពី​បញ្ហា​ចម្រូងចម្រាស់​នេះ ឱ្យបាន​ឆាប់រហ័ស​បំផុត ដោយ​គិតគូរ​និង​ព្រួយបារម្ភ​អំពី​ការចំណាយ ព្រោះ​មាន​បញ្ហា​ពន្យា​ពេល​ការដ្ឋាន​នេះ។

ដំណាក់កាល​ទី១នៃ​គម្រោង គឺជា​ការសាងសង់​ផ្លូវដែក រត់​ចេញពី​ទីក្រុង​តូ​ក្យូ​ទៅកាន់​ខេត្ត​ណា​កូ​យ៉ា ដែល​គ្រោង​នឹង​ដំណើរការ​នៅ​ឆ្នាំ២០២៧។

នៅពេល​ការដ្ឋាន ឬ​គម្រោង​នេះ​មាន​ភាពជោគជ័យ វា​អាច​រត់​បាន​ចម្ងាយ​ប្រមាណ ៥០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ែត្រ និង​ជួយ​កាត់បន្ថយ​ពេលវេលា ធ្វើដំណើរ​ពី​ទីក្រុង​តូ​ក្យូ​ទៅកាន់​អូ​សា​កា​រយៈពេល ១ម៉ោង៕

មន្ត្រី​ពន្ធដារ៖ ការយកពន្ធ​លើដី​មិន​ប្រើប្រាស់ គឺ​ទប់ស្កាត់​កុំឱ្យ​ទិញ​ដី​ទុក​រង់ចាំ​ដី​ឡើងថ្លៃ

ដោយ ​វុត្ថា

ភ្នំពេញៈ មន្ត្រី​ពន្ធដារ​កម្ពុជា​បានឱ្យដឹងថា ការបង្កើតឱ្យមាន​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់ គឺ​ក្នុង​គោលបំណង​ក្នុងការ​ទប់ស្កាត់​គ្រប់​រូបភាព លើ​ទិញ​ដី​ទុក​រងចាំ​ដី​ឡើងថ្លៃ ហើយ​លក់​ក្នុង​តម្លៃលើស និង​ជំរុញ​ការប្រើប្រាស់​ដីធ្លី នៅក្នុង​ប្រទេស​ឱ្យ​សមស្រប​ទៅនឹង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច។

លោក​រស់ សារ៉ាក់ ប្រធានការិយាល័យ​ពន្ធ​អចលនទ្រព្យ បានឱ្យដឹង​នៅក្នុង​កម្មវិធី “ពន្ធដារ​កម្ពុជា” ស្តីពី​ព​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់​កាលពីពេលថ្មីៗនេះ​ឱ្យដឹងថា ពន្ធ​នេះ​កំណត់​លើដី​ដែល​គ្មាន​សំណង់ និង​ដី​ដែលមាន​សំណង់​បោះបង់​នេះ គឺមាន​វិសាលភាព​នូវ​ទូទាំងប្រទេស ដែល​ស្ថិតនៅក្នុង​ខេត្ត​ក្រុង និង​រាជធានី ពាក់ព័ន្ធ​នឹង​ដី​ដែល​គ្មាន​សំណង់។

លោក​បន្តថា “នៅពេលដែល​យើង​បោះបង់​ដី ដោយ​មិនបាន​ប្រើប្រាស់​ដែល​ត្រូវបាន​កំណត់ ដោយ​គណៈកម្មការ​វាយតម្លៃ​ដី​មិនបាន​ប្រើប្រាស់ ស្របតាម​សេចក្តីប្រកាស​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ ហើយ​មិនបាន​បង់ពន្ធ​តាម​ពេលវេលា​កំណត់ នឹងត្រូវ​មានទោស​ទណ្ឌ និង​ការផាកពិន័យ​ទៅតាម​ច្បាប់​ពន្ធដារ​រប​ស់​កម្ពុជា” ។

លោក​បន្តថា ពន្ធ​ដីធ្លី​លើដី​មិនបាន​ប្រើប្រាស់ ត្រូវ​បង់​ដោយ​កម្មសិទ្ធិករ។ មូលដ្ឋាន​កំណត់​ពន្ធ​គឺជា​ថ្លៃ​ដី គិត​តាម​ថ្លៃ​ទីផ្សារ​តាម​ទីក្រុង និង​តាម​តំបន់នីមួយៗ ដែល​វាយតម្លៃ​ទៅតាម​តម្លៃ​គិត ក្នុង​មួយ​ម៉ែត្រក្រឡា​កំណត់ ដោយ​គណៈកម្មការ​វាយតម្លៃ​ដី មិនបាន​ប្រើប្រាស់​យ៉ាង​យឺត​បំផុត នៅ​ថ្ងៃទី៣០ ខែមិថុនា នៃ​ឆ្នាំ​ប្រមូល​ពន្ធ។

យោងតាម​ច្បាប់​ពន្ធដារ​កម្ពុជា​បង្ហាញថា ពន្ធ​នេះ​ត្រូវ​កំណត់​តាម​អត្រា២%លើ​មូលដ្ឋាន​កំណត់​ពន្ធ ដែល​បានចែង​ក្នុង​មាត្រា៣។ កម្មសិទ្ធិករ​នៃ​ដីធ្លី​ជាប់ពន្ធ​មាន​ភារកិច្ច​ត្រូវ​គណនា​ប្រាក់​ពន្ធ តាម​គំរូ​លិខិត​ប្រកាស​ផ្តល់​ដោយ​អង្គការ​ពន្ធ និង​ត្រូវ​បង់​យ៉ាង​យឺត​បំផុត​នៅ​ថ្ងៃទី៣០ ខែកញ្ញា​នៃ​ឆ្នាំនីមួយៗជូនទៅ​ផ្នែក​ពន្ធ នៅ​កន្លែង​ដែល​ដីធ្លី​ជាប់ពន្ធ​ស្ថិតនៅ។ ដីធ្លី​ជាប់ពន្ធ នីមួយៗត្រូវធ្វើ​លិខិត​ប្រកាស១ច្បាប់៕

សេវា Internet នៅ​កម្ពុជា​នឹង​ទទួលបាន​នូវ​ដំណើរ​លឿន​ជាង​មុន

ដោយ៖ ប៊ី

ភ្នំពេញៈ អ្នកប្រើប្រាស់ Internet នៅ​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ ឥឡូវនេះ​គួរតែ​ទទួលបាន​សេវាកម្ម Internet អន្តរជាតិ​ដែលមាន​ល្បឿន​លឿន និង​មាន​ស្ថេរភាព​ជាង​មុន បន្ទាប់ពី​ការជួសជុល​ខ្សែកាប​ក្រោម​សមុទ្រ​អាស៊ី​ប៉ាស៊ីហ្វិក (APG) រួចរាល់។

ការជួសជុល​នៅ​ទីតាំង S9 និង S1.7 នៃ​ខ្សែ​ភ្ជាប់​ពី​ប្រទេស​វៀតណាម ជាមួយ​សឹង្ហ​បុរី និង​ហុងកុង បានបញ្ចប់​ជា​ស្ថាពរ​នៅ​ដើម​សប្តាហ៍​នេះ បន្ទាប់ពី​ប្រព័ន្ធ​ទាំងមូល​ត្រូវបាន​បញ្ឈប់​នៅ​ថ្ងៃទី២៣ខែឧសភា។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ ACE New Today ។

ការបញ្ចប់​ជា​ស្ថាពរ​ពីរ​ថ្ងៃមុន​ការគ្រោងទុក ខ្សែកាប​ក្រោម​សមុទ្រ​អាស៊ី​ប៉ាស៊ីហ្វិក មាន​ប្រវែង ១០.៤០០ គីឡូម៉ែត្រ (ប្រហែល ៦.៥០០ មី​លី​លីត្រ) គឺជា​ខ្សែកាប​ក្រោម​ទឹក​ដ៏​សំខាន់​មួយ ភ្ជាប់​ប្រទេស​វៀតណាម​ជាមួយ​ប្រទេសជិតខាង​ក្នុង​តំបន់​អាស៊ាន។

ស្ទើរតែ​ស្របពេល​ជាមួយ នឹង​ការខូចខាត​ខ្សែកាប​ក្រោម​សមុទ្រ អាស៊ី​ប៉ាស៊ីហ្វិក ខ្សែ​អុ​ប​ទិ​ក​អុ​ប​ទិ​ក​អាស៊ី​អាមេរិក ដែលមាន​ប្រវែង ២០,០០០គីឡូម៉ែត្រ ក៏ត្រូវ​បាន​ខូចខាត​ផងដែរ។ ការខូចខាត​ទាំងពីរ​បាន​ប៉ះពាល់​យ៉ាងខ្លាំង ដល់​ប្រទេស​ទាំងបី​រហូតដល់​អុ​ប​ទិ​ក​អុ​ប​ទិ​ក​អាស៊ី​អាមេរិក ត្រូវបាន​ជួសជុល​ឡើងវិញ​នៅ​សប្តាហ៍​ដំបូង​នៃ​ខែ មិថុនា។

យោងតាម​របាយការណ៍ Speedtest report ក្នុង​ខែឧសភា​ឆ្នាំ ២០២០ ល្បឿន​ទាញយក Internet ល្បឿន​លឿន​របស់​វៀតណាម​បាន​កើនឡើង​ពី ៤៧,៦៦ Mbps ក្នុង​ខែមេសា​ដល់ ៥២,២៩ Mbps នាំមុខ​ប្រទេស​ឡាវ (៣៤,១៦ Mbps) ហ្វីលីពីន (២២,៣១ Mbps), កម្ពុជា (២១,៨៣ Mbps), ឥណ្ឌូនេស៊ី (១៩,៧៩ Mbps), និង​មី​យ៉ាន់​ម៉ា (១៨,០០ Mbps)។

ការសិក្សា​នាពេលថ្មីៗនេះ​បាន​រកឃើញថា ប្រទេស​កម្ពុជា​មានតម្លៃ​សេវា Internet តាម​ទូរស័ព្ទ​ចល័ត ថ្លៃ​បំផុត​ជា​គេ​មួយ​នៅ​អាស៊ីអាគ្នេយ៍។

របាយការណ៍​ចេញផ្សាយ​ក្នុង​សប្តាហ៍​កន្លងមកនេះ (ថ្ងៃទី៥ ខែមិថុនា) ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍ Cable ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បាន​រកឃើញថា ប្រ ទេស​កម្ពុជា គឺជា​ប្រទេស​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​ទី​បួន​នៅក្នុង​តំបន់ នៅពេល​និយាយ​អំពី​ការប្រើប្រាស់​សេវា Internet តាម​ទូរស័ព្ទ​ចល័ត។

ការរកឃើញ​នេះ​បានធ្វើ​ឡើង បន្ទាប់ពី​ការសិក្សា​មួយ​ផ្សេងទៀត ដែល​បាន​រក​ឃើ ញ​ថា ប្រទេស​កម្ពុជា​ស្ថិត​ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់ ដែលមាន​តំលៃ​រស់នៅ​ខ្ពស់បំផុត។ ការសិក្សា​នោះ​ដែល​ធ្វើឡើង ដោយ​គេហទំព័រ Numbeo ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ស៊ែ​ប៊ី​បាន​រកឃើញថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​ទី​បួន​ដែល​រស់នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

នៅ​ប្រទេស​កម្ពុជា​សេវា Internet ទូរស័ព្ទ​ចល័ត១ជីកា​បៃ (GB) សម្រាប់​រយៈពេល ៣០ថ្ងៃ​មានតម្លៃ​ជា​មធ្យម ១.៥០ដុល្លារ។ តម្លៃ​ខ្ពស់បំផុត​នៅ​កម្ពុជា​សម្រាប់​សេវា Internet ទូរស័ព្ទ​ចល័ត១ជីកា​បៃ​គឺ៦,២៥ដុល្លារ ក្នុង១ជីកា​បៃ រីឯ ០,២៥ ដុល្លារ​ក្នុង១ជីកា​បៃ​គឺ​ទាប​បំផុត៕

ចំណេះដឹង​ហិរញ្ញវត្ថុៈ មុន​សម្រេចចិត្ត​ខ្ចី​ឥណទាន​តើ​អ្នក​ត្រូវ​គិត​លើក​ត្តា​អ្វីខ្លះ?

ដោយ​គង់ សូរិយា

ភ្នំពេញៈ ការប្រើប្រាស់​ឥណទាន​ត្រឹមត្រូវ មាន​គោលដៅ និង​មិនមាន​ផែនការ​យុ​ទ្ឋ​សាស្ត្រ​ច្បាស់លាស់ ឥណទាន​ឬ​កម្ចី​របស់​អ្ន​នក​នឹង​ជាការ​ប​បង្កើន​ទ្រព្យ ផ្ទុយទៅវិញ​បើ​វា​ជា​កម្ចី​ដែល​គ្មាន​ផែនការ​រ​ឬ​គោលដៅ​ច្បាស់លាស់ ឥណទាន​របស់​អ្នក​អាច​ក្លាយជា​បំណុល។

តាម​ឯកសារ និង​ការអង្កេត​មួយចំនួន​បានបង្ហាញ​ថា ចំនួន​ប្រជាជន​កម្ពុជា​ដែលមាន​បំណង​ចង់​ស្នើសុំ​កម្ចី ហាក់ដូចជា មានការ​កើនឡើង​ខ្លាំង។ អ្នកខ្លះ ស្នើសុំ​កម្ចី ជាមួយ​គោលបំណង​ច្បាស់លាស់​ដូចជា ដើម្បី​យកទៅ​ព​ង្រើ​ក​អាជីវកម្ម​ជាដើម ចំណែកឯ​អ្នក​មួយចំនួនទៀត មានគំនិត​ចង់​ខ្ចីប្រាក់ តែ​មិនមាន​គោលបំនង​ច្បាស់លាស់​ទេ​ថា នឹង​យកទៅ​ធ្វើ​អ្វី​អោយ​ពិតប្រាកដ ដែលជា ហេតុនាំអោយ​គេ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​នៅពេល​ក្រាយ។

ហេតុនេះ​ទើប​គេហទំព័រ www.cambodiabanknews.com ដែលជា​គេហទំព័រ​ផ្តោត​ត​លើ​វិស័យ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា សូម​លើកយក​នូវ​ទស្សនទាន​មួយចំនួន ដើម្បី​ធ្វើជា​មូលដ្ឋាន​សំរាប់​លោក អ្នកធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ។

តើ​អ្នក​ចង់​ខ្ចីប្រាក់ ដើម្បី​អ្វី?

លោក អ្នក​អាច​សួរ​ខ្លួនឯង​ជាមុន​ថា តើ​អ្នក​ខ្ចីប្រាក់ ដើម្បី​អ្វី? ខ្ចី ដើម្បី​បង្កើន​ចំណូល ឬ​បង្កើត​បង្កើត​បំណុល​សំរាប់​ខ្លួនឯង? ចម្លើយ​គឺ មិនមែន​ការខ្ចី​ទាំងអស់ សុទ្ធតែជា​ការបង្កើត​បំណុល​នោះទេ។ កម្ចី​អាច​ផ្ដល់​ផល​ល្អ​ឬ​អាក្រក់ អាស្រ័យទៅលើ​ការប្រើប្រាស់​របស់ លោក អ្នក។

ប្រសិនណាបើ អ្នក​ប្រើ​វា​ត្រូវ​ទៅតាម​គោលបំណង នោះ​វា​នឹង​ជួយ​អ្នក​ក្នុង​ការរកចំនូល​បន្ថែ​ម ប៉ុន្តែ​ផ្ទុយទៅវិញ ប្រសិនបើ​អ្នក​ចេះតែ​ខ្ចី​តាម​ចំណង់ ដោយ​មិន​បានគិត​អោយបាន​ច្បាស់លាស់ វា​នឹង​ធ្វើអោយ​អ្នក​ជំពាក់​បំណុល​គេ​លើស​ដើម។

កម្ចី​ឬ​ឥណទាន​ដែល​អ្នកនឹង​ទទួលបាន នឹង​បង្កើត​បំណុល​ដល់​អ្នក​គឺជា ការខ្ចី ដែល​អ្នក​ខ្ចី ដែល​មិនមាន​គោលបំណង​នៃ​ការប្រើប្រាស់​ច្បាស់លាស់។

តើ​អ្នកមាន​សមត្ថភាព​អាច​បង់​សង​វិញ​ឬទេ?

បន្ទាប់ពី​អ្នកសម្រេចចិត្ត​រួច​ថា លោក អ្នក​ពិតជា​ត្រូវការ​កម្ចី​មែន​នោះ សូម​ពិចារណា​ទៅលើ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក ដើម្បី​ស្វែងរក​សមត្ថភាព​នៃ​ការបង់​របស់​អ្នក​ថា អ្នក​អាច​បង់​សង​ធនាគារ​បាន​ប៉ុន្មាន​ដែរ​ក្នុង​មួយខែ។ អ្នក​អាច​គណនា​រក​តួលេខ​នេះ តាមរយៈ​ការពិចារណា​ពី ការប្រាក់​ចំនូល និង​ចំណាយ​ជា​មធ្យម​របស់​អ្នក​ប្រចាំខែ​របស់​អ្នក​បាន ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការ​រស​ង​ត្រលប់។

តើ​ហេតុអ្វី​បានជា​អ្នក​ចាំបាច់​គិតពី​ចំណូល និង​ចំណាយ​នោះ?

វា​ជា​សំណួរ​សំខាន់​ណាស់ នៅក្នុង​ការ​គណនា​ទុកជាមុន​នួវ​ចំនួន ដែល​អ្នកមាន​លទ្ធភាព​ក្នុង​ការបង់​សង​ប្រចាំខែ ទៅកាន់​ស្ថាប័ន​ដែល​អ្នក​ខ្ចី ព្រោះថា​ប្រសិនណាបើ អ្នកដឹង​ពី​ចំនួន​ប្រាក់​ដែល​អ្នក​អាច​បង់​សង​បាន អ្នកនឹង​អាច​ជ្រើស​វើ​ស​យក​ទំហំ​កម្ចី ដែល​ស័ក្តិសម​នឹង​អ្នក៕

គម្រោង​ស្ថាបនា​ផ្លូវជាតិ ២៧០ ប្រវែង ៥៨គីឡូម៉ែត្រ​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២១

ដោយ ៖ រ៉ា​ណេ​ត

កំពង់ចាមៈ គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ២៧០ ដែលមាន​ប្រវែង៥៨គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ឃុំ​រកា​កោង​ស្រុក​មុខកំពូល ខេត្តកណ្តាល ទៅ​ស្រុក​កងមាស ខេត្តកំពង់ចាម ដែល​កំពុង​មមាញឹក​ក្នុងការ​ស្ថាបនា នឹងត្រូវ​បញ្ចប់​ឱ្យ​រួចរាល់​ក្នុង​ឆ្នាំ២០២១ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍ និង​ការដឹកជញ្ជូន។

អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា បានបញ្ជាក់​សាជាថ្មី​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០កន្លងមក​ថា បច្ចុប្បន្ន​ក្រុមការងារ​ជំនាញ​ថ្នាក់​ខេត្ត និង​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​កំពុងតែ​ជំរុញ និង​ព​ន្លឿ​ន​ការស្ថាបនា​ផ្លូវ​លេខ២៧០នេះ បន្ទាប់ពី​ផ្លូវ​មួយ​ខ្សែ​នេះ​មាន​សភាព​ខូចខាត​ធ្ងន់ធ្ងរ ដែល​បង្ក​ផល​លំបាក​ក្នុងការ​ធ្វើដំណើរ ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ទាំង​ការធ្វើ​ចរាចរណ៍ និង​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ។

លោក​បាន​បញ្ជាក់ថា “ក្រសួង​បានធ្វើ​ការប្ដេជ្ញា​ចិ​ត្ដ​ជាមួយ​ខេត្ដ​ថា នឹង​ស្ថាបន​ឱ្យ​រួច បើទោះបី​ទំហំ​ថវិកា​មានការ​ប៉ះពាល់​ដោយសារ Covid-19 យ៉ាង​ក៏ដោយ ប៉ុន្ដែ​កងវិស្វកម្ម​របស់​ក្រសួង​សាធារណ​ការធ្វើឱ្យ​រួច” ។ លោក​បន្តថា “នេះ​ជា​សំណួរដដែលៗរាប់​ឆ្នាំ​មកហើយ ដែល​យើង​កំពុង​ប៉ះពាល់​ថវិកា ហើយ​បើ​អត់​ថវិកា​ធ្វើ​ទេ​ក៏​ពិបាក​ដែរ ហើយ​អ្នកធ្វើ​ក៏ត្រូវ​ការ​ថវិកា​ជា​ទ្រង់ទ្រាយ​ធំ​ដែរ ដើម្បី​ធានា​គុណភាព” ។

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ដ​កំពង់ចាម លោក​សុខ ស្រ៊ុន បាន​បញ្ជាក់ថា កំណាត់​ផ្លូវ២៧០នេះ គឺមាន​ប្រវែង​ជាង៥៨គីឡូម៉ែត្រ ដោយបាន​សាងសង់​ជា​គ្រួស​កៅស៊ូ​បាន​ចំនួន ៤៨គីឡូម៉ែត្រ ហើយ​នៅសល់១២គីឡូ​ទៀត ត្រូវបាន​ផ្អាក​សាងសង់​មួយរយៈ​បន្ទាប់ពី​មានការ​ផ្ទុះ​ជំងឺ Covid-19 ។ ផ្លូវ​លេខ២៧០នេះ ជា​ផ្លូវ​ស្របតាម​មាត់ទន្លេ ត​ភ្ជាប់​ពី​ស្រុក​មុខកំពូល​ខេត្ដ​កណ្ដាល ទៅ​ស្រុក​កងមាស ខេត្ដ​កំពង់ចាម ហើយ​កំពុង​មានការ​មមាញឹក​ក្នុង​ការធ្វើ​ចរាចរណ៍ និង​ជា​ផ្លូវ​សេដ្ឋកិច្ច​យ៉ាងសំខាន់ សម្រាប់​ខេត្ត​ទាំង២នេះ៕