ដោយស៊ីវ ម៉េង
ភ្នំពេញៈ នៅថ្ងៃទី២៦ តុលាខាងមុខនេះ ស្ពានតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរា នឹងបើកការដ្ឋានស្ថាបនាជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា។
ប៉ុន្តែមានសំណួរជាច្រើន បានសាកសួរមកកាន់គេហទំព័រ Propertyarea.asia ពីគំរោងសាងសង់ស្ពានតភ្ជាប់ទៅតំបន់អរិយក្សត្រថា តើនឹងសាងសង់នៅពេលណា? ចម្លើយដែលយើងអាចឆ្លើយបាន គឺស្ពាននេះប្រាកដជាសាងសង់នាពេលខាងមុខ ប៉ុន្តែនៅពេលណាមិនទាន់ប្រាកដនៅឡើយទេ។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាង បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២១ តុលាកន្លងមកថា ក្រុមហ៊ុនមិនមានគំរោងសាងសង់ស្ពាន ចេញពីទីក្រុងកោះនរា ទៅកាន់តំបន់អរិយក្សត្រនោះឡើយ ប៉ុន្តែអ្វីៗក៏អាចកើតមានផងដែរនាពេលអនាគត ព្រោះយើងមិនអាចបដិសេធ ១០០ភាគរយនោះទេ។
ជាមួយនឹងសកម្មភាពស្ថាបនា ទីក្រុងកោះនរាថ្មីយ៉ាងមមាញឹក ប្លង់គោលអភិវឌ្ឍន៍ទីក្រុងនេះ ត្រូវបានបើកបង្ហាញជាផ្លូវការហើយ ដោយផ្ទាំងរូបគំនូរជាលក្ខណៈ 3D បានដាក់បង្ហាញនៅលើជញ្ជាំង ដែកដែលហ៊ុំព័ទ្ឋគមរោង D.I RIVIERA ។
លោកទូច សំណាង បានបន្តថា រហូតមកទល់ពេលនេះ យើងមិនអាចបញ្ជាក់បានថាស្ពាននឹងត្រូវសាងសង់តភ្ជាប់ជាមួយ នឹងទីក្រុងកោះនរាទៅកាន់តំបន់អរិយក្សត្រទេ ប៉ុន្តែអ្វីៗក៏អាចកើតឡើងបានដែរ ព្រោះវាអាស្រ័យលើការសម្រេចចិត្តរបស់រដ្ឋាភិបាល។
ទីប្រឹក្សាសមាគមអចលនទ្រព្យសកល ស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រPropertyarea.asia លោកយិន លាងគង់ បានមានប្រសាសន៍ថា យោងតាមការវិវត្តនៃផ្នែកនគរូបនីយកម្មទីក្រុង ពិសេសការកសាងទីក្រុងកោះនរាថ្មី បានធ្វើឲ្យលទ្ឋភាពនៃការសាងសង់ស្ពានតភ្ជាប់ពីតំបន់ក្តីតាកុយ ផ្លូវជាតិលេខ១ទៅតំបន់អរិយក្សត្រ នឹងអាចលើកចេញពីទីតាំងនេះ ដោយសារលក្ខខ័ណ្ឌមួយចំនួនដូចជា ទី១ ប្រសិនបើកការស្ថាបនាស្ពានចេញពីក្តីតាកុយ ទៅអរិយក្សត្រ នឹងធ្វើឲ្យខូចសម្រស់ទីក្រុងនេះ។
ទី២ បើសាងសង់ចេញពីទីតាំងដដែល នឹងធ្វើឲ្យតស្ពានវែង ដែលត្រូវចំណាយថវិកាច្រើន និងមិនសូវមានសោភ័ណភាព ទី៣ បើសិនជាអាចសាងសង់ស្ពានចេញពីទីក្រុងកោះនរា នឹងលើកកំពស់សោភ័ណភាពទីក្រុងថ្មីផង និងជួយកាត់បន្ថយចម្ងាយស្ពានផង។
លោកបន្តថា “ការសាងសង់ស្ពាន នឹងចាប់ផ្តើមនៅពេលណាមួយឆាប់ៗនេះ ឬយូរអាស្រ័យលើថា តើស្ពាននេះស្ថិតក្នុងគោលដៅអាទិភាពកម្រិតណា ប៉ុន្តែការសាងសង់ប្រាកដជាសាងសង់ ព្រោះគំរោងបុរីធំៗនិងល្បីឈ្មោះជាច្រើន បានទិញដីនៅតំបន់នោះរួចហើយ” ។
លោកយិន លាងគង់់បានបន្តថា សម្តេចតេជោធ្លាប់បានមានប្រសាសន៍រួចហើយ ពីគម្រោងសាងសង់ស្ពានចេញពីតំបន់ក្តីតាកុយ ទៅកាន់តំបន់អរិយក្សត្រនៅពេលសម្តេចតេជោអញ្ជើញជាអធិតបី ក្នុងពិធីបើកសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ នូវមហាវិថីសម្តេចតេជោឬផ្លូវ ៦០ម៉ែត្រ៕