លោក​ម៉ៅ ហាវ​ណ្ណា​ល់ និង​អ្នកឧកញ៉ា​ពុង ឃាង​សែ ចុះហត្ថលេខា​លើ​ផែនការមេ​ចុងក្រោយ​នៃ​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី

 ដោយ​ វុត្ថា

ភ្នំពេញៈ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល និង​អ្នកឧកញ៉ា ពុង ឃាង​សែ​បានន​នៅ​ថ្ងៃទី៣ កក្កដា​កន្លងមកនេះ បាន​ចុះហត្ថលេខា លើ​ផែនការមេ​សាងសង់​ចុងក្រោយ នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី។

អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ មាន​ទីតាំង​ស្ថិតនៅក្នុង ស្រុក​កណ្តាលស្ទឹង ស្រុក​ស្អាង​ខេត្តកណ្តាល និង​ស្រុក​បាទី ខេត្តតាកែវ។

គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថាបនា​លើដី​ទំហំ​ប្រមាណ២ ៦០០ ហិកតា មាន​បណ្តោយ​ប្រមាណ៦គីឡូម៉ែត្រ និង​ទទឹង​ប្រមាណ៤គីឡូម៉ែត្រ ។ ដំណើការ នៃ​ការសាងសង់​ព្រលាន​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី អាច​នឹង​រួចរាល់​នៅ​ឆ្នាំ២០២៣ខាងមុខនេះ។

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ក្រោយពេល​សាងសង់​រួច​មាន​សមត្ថភាព​អាកាសយានដ្ឋាន​បន្ទាប់ពី​សាងសង់​រួច នៅ​ដំណាក់កាល​ទី១ ឆ្នាំ២០២៣ ទទួល​អ្នកដំនើរ១៣លាន​នាក់។ ដំណាក់កាល​ទី២ ឆ្នាំ២០៣០អាច​ទទួល​អ្នកដំណើរ៣០លាន​នាក់​និង​ដំណាក់កាល​ទី៣ នា​ឆ្នាំ២០៥០ ព្រលានយន្តហោះ​នេះ​អាច​ទទួល​អ្នកដំណើរ​បា​ន​រហូតដល់៥០លាន​នាក់។

ព្រលានយន្តហោះ​ថ្មី​នេះ វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ១៥០០លាន​ដុល្លារ ដែលជា​ប្រភេទ 4F គឺ​ប្រភេទ​ព្រលានយន្តហោះ​ធំ ដែល​អាច​នឹង​ស្រូបយក និង​ទទួលបាន​ការហោះហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វីប ដែល​អាច​អនុ​ញ្ញា​ត្ត​ឲ្យ​ប្រភេទ​យន្តហោះ​ធុន​យក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចត​បាន។

ក្រុមហ៊ុន​វិនិយោគ​មាន​ម​ហិ​ច្ឆិ​តា អភិវឌ្ឍន៍​ជា​ព្រលានយន្តហោះ​ថ្មី​នេះ​ឲ្យ​ធំ និង​ទំនើប​ជាងគេ​នៅ​តំបន់​អាស៊ី៕

ចំណេះដឹង! អ្វី​ជា​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់?

ដោយ ​វុត្ថា

ភ្នំពេញៈ ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ គឺជា​អាគារ​ទីកន្លែង ឬ​ទីលាន​ដែល​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ធ្វើ​សន្និធិ​ទំនិញ ក្រោម​ការត្រួតពិនិត្យរ​ប​ស់គយ សម្រាប់​រយៈពេល​ជាក់លាក់​មួយ និង​ដោយមាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់។ ទំនិញ​នាំចូល និង​ទំនិញ​ក្នុងស្រុក​សម្រាប់​នាំចេញ អាច​ត្រូវ​បានដាក់​ក្នុង​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់។

ទំនិញ​ក្នុង​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ ត្រូវបាន​ព្យួរ​ពន្ធ និង​អាករ​ដែល​ត្រូវ​ជាប់។ការហាមឃាត់ ឬ​ការដាក់​កម្រិត​កំណត់​នានា​លើ​ទំនិញ​ទាំងនេះ អាច​ត្រូវបាន​លើកលែង​រហូត​ដល់ពេល ដែល​ទំនិញ​ត្រូវបាន​បញ្ចេញ​ពី​គយ សម្រាប់​ការប្រើប្រាស់​ក្នុងប្រទេស ឬ ដើម្បី​នាំចេញ។

ភណ្ឌាគារ​គយ​មាន​ដែន​កំណត់​មាន​បី​ប្រភេទ៖

ប្រភេទ កៈ ភណ្ឌាគារ​សាធារណៈ គឺជា​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ ដែល​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​អាចធ្វើ​ប្រតិបត្តិការ​ដោយ​ភ្នាក់ងារ​របស់​រាជរដ្ឋាភិបាល ឬ ដោយ​បុគ្គល​ណាមួយ។

ភណ្ឌាគារ​នេះ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ផ្តល់​សេវា​ដល់​បុគ្គល​ណាមួយ ដែលមាន​សិទ្ធិ​ស្របច្បាប់​លើ​ទំនិញ​ឲ្យ​ធ្វើ​សន្និធិ​ទំនិញ រាប់​ប​ញ្ជូ​ល​ទាំង​អ្នក​នាំចូល បុគ្គល​ដែល​ទិញ​ទំនិញ​ក្នុង​ភណ្ឌាគារ​នេះ ឬ​បុគ្គល​ណាមួយ​ផ្សេងទៀត ដែលមាន​សិទ្ធិ​ស្របច្បាប់​លើ​ទំនិញ​ទាំងនេះ។

ប្រភេទ ខៈ ភណ្ឌាគារ​ឯកជន គឺជា​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ ដែល​ទទួលបាន​ការអនុញ្ញាត​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋា​ការ​កម្ពុជា ត្រូវបាន​ប្រើប្រាស់​ដោយឡែក​ដោយ​បុគ្គល​ណា​ម្នាក់​សម្រាប់ធ្វើ​សន្និធិ​ទំនិញ ដើម្បី​ប្រើប្រាស់​ដោយឡែក រាប់បញ្ចូល​ទាំង​ប្រតិបត្តិ​ករ​អាគារ​លក់ទំនិញ​រួច​ពន្ធ។

ប្រភេទ គៈ ភណ្ឌាគារ​ពិសេស គឺជា​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់​ដែល​ទទួលបាន​ការអនុញ្ញាត​ពី អគ្គនាយក​អគរ សម្រាប់​រក្សា​ប្រភេទ​ទំ​និគ​គ្រោះថ្នាក់ ប៉ះពាល់​ដល់​គុណភាព​ទំនិញ​ដទៃទៀត ឬ​អាច​ត្រូវការ​ទីកន្លែង​ពិសេស​សម្រាប់​រក្សា​ទំនិញ​ទាំងនោះ។ភណ្ឌាគារ​គយ​ប្រភេទ​នេះ​អាចជា​ភណ្ឌាគារ​សាធារណៈ ឬ​ឯកជន៕

រដ្ឋាភិបាលសម្រេចអនុម័តលើគម្រោងចំនួន៣បន្ថែមទៀត មានទុនសរុបជាង១៤លានដុល្លារ

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ (CDC) បានសម្រេចអនុម័តលើគម្រោងវិនិយោគថ្មីៗចំនួន៣បន្ថែមទៀត ដែលមានទុនវិនិយោគសរុបចំនួន ១៤.៤លានដុល្លារ។

 

តាមរយៈបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះថា តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណ:កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ ក្រុមហ៊ុន Smart Silver Star Co., Ltd. គម្រោងបង្កើតរោងចក្រផលិតអំពូលលម្អរ, ខ្សែចំណងគ្រប់ប្រភេទ, ទំពក់សម្រាប់តុបតែង និងគ្រឿងបន្លាស់អំពូលគ្រប់ប្រភេទ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន៥.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៨០កន្លែង។

២៖ ក្រុមហ៊ុន Chang Zhou Hua Mei Da Textiles (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រវាយនភណ្ឌ, ជ្រលក់ពណ៌, ផលិតម៉ាស់ និងក្រដាស់ខាត់, មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២១៥កន្លែង។

៣៖ ក្រុមហ៊ុន Phoenix Artist Materials (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតស៊ុមគំនូរ ស៊ុមរូបថត និងថ្នាំព័ណគំនូរ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន៧.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៣០កន្លែង៕

វិស័យហិរញ្ញវត្ថុនៅកម្ពុជានៅតែមានកំណើនប្រកបដោយចីរភាព បើទោះបីសិ្តតក្នុងវិបត្តិសកល

ដោយ ៖ ប៊ី

ភ្នំពេញ ៖ វិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជានៅតែស្ថិតលើមាគ៌ានៃការរីកចម្រើនប្រកបដោយចីរភាព ទោះបីជាវិស័យជាច្រើនរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 ក៏ដោយ។ នេះបើយោងតាមការលើករបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC)។

លោកបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា វិស័យទេសចរណ៍ សម្លៀកបំពាក់ និងស្បែកជើងបានទទួលរងនូវផលប៉ះពាល់នៃជំងឺ តែចំណែកវិញវិស័យហិរញ្ញវត្ថុ និងកសិកម្មនៅតែបន្តកើនឡើង។
លោកបន្តថា “ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការណ៍មួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងសម្រាប់ធនាគារ និងនិងគ្រឹះស្ថានហិរញ្ញវត្ថុទទួលបានសន្ទនីយភាពគ្រប់គ្រាន់ និងលើកទឹកចិត្តដល់ពួកគេរៀបចំឥណទានឡើងវិញក្នុងការជួយសម្រួលដល់ការលំបាកដល់អតិថិជន ដែលទទួលរងផលប៉ះពាល់ដោយជំងឺនេះ”។

កាលពីខែមីនា NBC បានដាក់ចេញនូវវិធានការនានាដែលវិធានការរួមទាំងនេះត្រូវបានប៉ាន់ស្មានថាមានទឹកប្រាក់គិតជាឥណទានប្រមាណ ២ ពាន់លានដុល្លារសម្រាប់ផ្តល់លទ្ធភាពដល់គ្រឹះស្ថានហិរញ្ញវត្ថុបន្តផ្តល់ឥណទាន។ ជាមួយគ្នានោះដែរ NBC ក៏បានចេញសារាចរណែនាំដល់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការរៀបចំឥណទានឡើងវិញ សម្រាប់វិស័យអាទិភាព ៤ ដូចជា វិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងដឹកជញ្ជូន និងឡូជីស្ទិក។

លោក សាយ សូនី នាយកប្រតិបត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ក៏បានរាយការណ៍អំពីកំណើនពីអាជីវកម្មក្នុងអំឡុងពេលវេលាដ៏ពិបាកនេះផងដែរ។ គិតត្រឹមខែឧសភា ឆ្នាំ២០២០ ផលបត្រកម្ចីសរុបមានចំនួន ២,៦៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៥,៨៣ ភាគរយ ធៀបនឹងចុងខែធ្នូ ឆ្នាំ២០១៩ ខណៈដែលតុល្យភាពប្រាក់បញ្ញើមានចំនួន ១,៨៩ ពាន់លានដុល្លារ កើនឡើង ៥,៧៦ ភាគរយ។

លោកថ្លែងប្រាប់ថា “កំណើនកម្ចីរបស់យើងនឹងមិនសម្រេចបានតាមការព្យាករណ៍របស់យើងនោះទេ ដោយសារតែផលប៉ះពាល់របស់ជំងឺកូវីដ ១៩។ ជាលទ្ធផល យើងនៅសល់សាច់ប្រាក់ និងសន្ទនីយភាពដែលមិនបានប្រើខ្ពស់ផងដែរ។ យើងកត់សម្គាល់ថា កំណើនអាជីវកម្មរបស់យើងយឺត ប៉ុន្តែមានភាពល្អប្រសើរ”។
លោកបន្តទៀតថា “យើងនៅតែរក្សាទំនាក់ទំនងល្អ និងពិភាក្សាជាមួយអតិថិជន ដើម្បីស្វែងរកដំណោះស្រាយដែលអាចជួយជំនះនឹងវិបត្តិនេះ។ ជាមួយគ្នានេះយើងក៏នៅបន្តការផ្ដល់កម្ចីគ្រប់ប្រភេទដល់អតិថិជន ហើយជាពិសេសយើងក៏បានចូលរួមក្នុងផែនការសហហិរញ្ញប្បទានរបស់រដ្ឋាភិបាល ដើម្បីផ្ដល់កម្ចីដល់ SME ជាមួយអត្រាការប្រាក់កាន់តែទាបចំនួន ០,៥៨ ភាគរយក្នុង ១ ខែផងដែរ”។

ប្រាសាក់ បានបញ្ចេញកម្ចីដល់វិស័យអប់រំប្រហែល ២,១ លានដុល្លារអាមេរិកដែលកម្ចីភាគច្រើនសម្រាប់បម្រើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូចជា គ្រឹះស្ថានបណ្ដុះបណ្ដាលភាសាបរទេស និងមជ្ឈមណ្ឌលមត្តេយ្យសាលាជាដើម។

លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងនាពេលកន្លងមកនេះថា សមាជិករបស់សមាគមទាំង ១០៣ គ្រឹះស្ថាន បានបង្ហាញការប្តេជ្ញាចិត្តនឹងដដោះស្រាយបញ្ហាជាមួយអតិថិជនរបស់ខ្លួនប្រកបដោយភាពទន់ភ្លន់ និងឈ្នះ-ឈ្នះ ក្នុងអំឡុងពេលដ៏លំបាកដោយសារជំងឺកូវីដ ១៩ ស្របតាមការអំពាវរបស់រាជរដ្ឋាភិបាលក៏ដូចជាធនាគារជាតិនៃកម្ពុជាផងដែរ។
លោកបន្តថា គ្រឹស្ថានហិរញ្ញវត្ថុ មានទិសដៅរួមមួយ គឺចង់ឃើញអតិថិជនរបស់ខ្លួនទទួលជោគជ័យ និងបន្តប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព “ភាពជោគជ័យរបស់អតិថិជន ជាភាពជោគជ័យរបស់គ្រឹះស្ថាន” ។

គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចំនួនប្រមាណ ១៧៥.៣៦៤ នាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញដោយសាររងផលប៉ះពាល់ដោយជំងឺកូវីដ១៩។ ក្នុងនោះអតិថិជនចំនួន ១៥២.៨០៨ នាក់ ឬជិត ៩០ភាគរយ នៃអតិថិជនដែលបានស្នើសុំបានទទួលការអនុញ្ញាតរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានសរុបចំនួនប្រមាណជា ៦៥៦ លានដុល្លារ៕

សម្តេចតេជោ ព្រមានមន្ត្រីទន្ទ្រានយកដីរដ្ឋ ឬដីរបស់ពលរដ្ឋធ្វើជាកម្មសិទ្ធិ

ដោយទិវា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានដល់មន្ត្រីរាជការដែលឃុបឃិតគ្នាយកដីរដ្ឋ ឬដីរបស់ប្រជាពលរដ្ឋ និងធ្វើបាបប្រជាពលរដ្ឋ នឹងត្រូវទទួលទោសធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីជួរគណបក្ស។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បានលើកឡើងករណីពីវិវាទដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រវាងឧកញ៉ា សង ថន និងប្រជាពលរដ្ឋ។

សម្តេចតេជោថ្លែងថា “ជម្លោះដីធ្លីនេះ គឺមានការឃុបឃិតរវាងមន្ត្រី និងលោកឧកញ៉ា សង ថន ដោយឃុបឃិតយកដីរបស់រដ្ឋ ហើយបែរជាបន្លំធ្វើឯកសារថាដីនោះជាដីស្របច្បាប់របស់ឧកញ៉ា ហើយកាត់ឆ្វៀលជូនប្រជាពលរដ្ឋទៅវិញ”។

សម្តេចតេជោបន្ថែមថា ដើម្បីដោះស្រាយវិវាទដីធ្លីនេះ សម្តេចបានបញ្ជាទៅក្រសួងយុត្តិធម៌ ក្រុមមេធាវីរបស់សម្តេច ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដើម្បីស៊ើបអង្កេតលើរឿងនេះ។ ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាទៅលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរៀបចំឯកសារពាក់ព័ន្ធលើវិវាទនេះដាក់ជូនគណៈរដ្ឋមន្ត្រីថែមទៀតផង។

សម្តេតេជោបានថ្លែងថា “ចំពោះមន្ត្រីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋហើយរិះរកកលល្បិច និងវិធីផ្សេងៗធ្វើបាបប្រជាពលរដ្ឋវិញ ដើម្បីខ្លួនបានកាន់កាប់ដីធ្លីស្របច្បាប់ គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត ហើយនឹងឈានទៅបណ្តេញចេញពីគណបក្សតែម្តង។ ចំពោះប្លង់រឹងដែលបានធ្វើដោយអំពើឃុបឃិតទុច្ចរិត គឺនឹងរំលាយចោលវិញ” ។

វិវាទដីធ្លីនៅស្រុកគាស់ក្រឡរវាងឧកញ៉ា សង ថន និងប្រជាពលរដ្ឋ បានក្លាយទៅជាព្រឹត្តិការណ៍កក្រើក និងចាប់អារម្មណ៍ខ្លាំងក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរ។ វិវាទដីធ្លីនេះ នាំឱ្យសម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចប់តំណែងអភិបាលស្រុកគាស់ក្រឡលោក ម៉ៅ សុចាន់។ ជាមួយគ្នានេះ លោកឧកញ៉ា សង ថន និងអភិបាលរងខេត្តបាត់ដំបងម្នាក់ គឺលោក រ៉ាហ្វាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយហៅមកសួរនាំផងដែរ៕

ម្សៅទឹកដោះគោBalactan Premium Goldបានរៀបចំកម្មវិធីផ្តល់ជូនពិសេស ជូនអតិថិជន

        ដោយរតនា

        ភ្នំពេញៈ ក្រុមហ៊ុនម្សៅទឹកដោះគោBalactan Premium Goldបានរៀបចំក​ម្មវិធីពិសេស ដោយផ្តល់ឲ្យអតិថិជននូវកាដូពិសេស តាមរយៈការទិញបួនកំប៉ុន ផ្តល់ជជូននូវជេល៥០០មីលីលីត្រ។

ក្រុមហ៊ុនបានរៀបចំកម្មវិធីនេះកាលពីថ្ងៃទី១ កក្កដាកន្លងមកនេះ។គ្រួសារទឹកដោះម្សៅ Balactan Premium Gold ដែលនៅម្តុំវត្តបូណ៍ទាំងអស់គ្នា។ យើងមានប្រម៉ូសិនពិសេសៗពីទឹកដោះគោម្សៅ នៅអារ៉ូរ៉ាបេប៊ី ហើយ Mommy Daddy គ្រាន់តែទឹកដោះគោម្សៅ Balactan (400g) 4កំប៉ុង ថែមជែរ៥០០មីលីលីត្រ១ដប និងទិញ8កំប៉ុង ថែមជូនកំប៉ុងសំរាប់ចំនុះ (400g)។

លោកស្រីថេងសុខលី អគ្គនាយិកាក្រុមហ៊ុនMTSL Co, Ltdដែលបាននាំចូលផលិ​តផលទឹកដោះគោBalactan បានមានប្រសាសន៍ឲ្យដឹងថា រោងចក្រផលិតម្សៅទឹកដោះគោនេះ បានផលិតឡើងដោយសំរិតសំរាំងបំផុត ដើម្បីផ្តល់ការលូតលាស់ដល់ទារក និងកុមារទាំងសតិបញ្ញាស្មារតី។ ផលិតផលនេះមានចំនួន៣ប្រភេទ សំរាប់ទារក និងកុមារដូចជា ទី១ ផលិតផលទឹកដោះគោ Balactan លេខ១ ប្រើប្រាស់សំរាប់កុមារចាប់ពី០ខែ រហូតដល់៦ខែ។ ទី២  Balactan លេខ2  ប្រើប្រាស់សំរាប់កុមារចាប់ពី៦ខែ រហូតដល់១២ខែ និងទី៣ Balactan លេខ៣ សំរាប់កុមារចាប់ពី ១២ខែ រហូតដល់៣៦ខែ។

លោកស្រីបន្តថា “ដោយសារខ្ញុំជាម្តាយ ដែលមានបុត្រចំនួន៤នាក់ ហេតុនេះការប្រើប្រាស់ផលិតផលអ្វីមួយ ខ្ញុំតែងតែយកចិត្តទុកដាក់បំផុត លើការលូតលាស់សុខភាព​ស្មារតីរបស់ពួកគេ ដូច្នេះហើយទើបខ្ញុំសម្រេចនាំចូលផលិតផលនេះមកកម្ពុជា ដើម្បីផ្តល់ជូនអ្នកម្តាយគ្រប់រូប នូវផលិតផលសំរាប់កូនចាទីស្រលាញ់របស់ពពួកគេ”។

លោកស្រីបន្តថា “ខ្ញុំក៏បានប្រើប្រាស់ផលិតផលBalactan Premium Gold ដើម្បីផ្តល់ការលូតលាស់ដល់កូនរបស់ខ្ញុំឲ្យមានសុខភាពល្អ ប្រាជ្ញាវាងវៃផងដែរ”។

លោកស្រីថេង សុខលីបានបន្តថា ផលិតផលដែលផលិតនៅក្នុងសហគមន៍៍អឺរ៉ុប តែងតែផលិតឡើងប្រកដោយស្តង់ដាអនាម័យខ្ពស់បំផុត និងតែងតែគិតគូសុខភាពទារក​និងកុមារជាចម្បង ទើបការសម្រេចចិត្តយកផលិតផលនេះនាំចូលមក ដើម្បីសេចក្តីស្រ​លាញ់ ក៏ដូចជាផ្តល់ឲ្យកុមារដែលជាទំពាំងស្នងឬស្សីរបស់ជាតិយើង មានប្រាជ្ញាស្មារតីវាងវៃ និងសុខភាពល្អបរិបូរណ៍។

ក្រុមហ៊ុនMTSL Co, Ltdមាន អសយដ្ឋានស្ថិតនៅផ្ទះលេខ៤២B ផ្លូវ01 ឧកញ៉ាម៉ុងរិទ្ធី សង្កាត់ប៉ាយ៉ាប ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ ពិសេសអ្នកម្តាយគ្រប់រូបដែលចង់បានបុត្រធីតាមានសុខភាពល្អ គួរឲ្យស្រលាញ់ សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 087 924 777, 078 925 777៕

 

រដ្ឋាភិបាលគ្រោងអនុញ្ញាតឱ្យបើកសាលារៀនឡើងវិញនៅក្នុងខែសីហា

ដោយវុត្ថា

ភ្នំពេញៈ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាបានឯកភាពគ្នាអនុញាតឱ្យបើកសាលារៀនជាបណ្តើរៗឡើងវិញ នៅក្នុងខែសីហាឆ្នាំ២០២០ តែតម្រូវឱ្យមានលក្ខខណ្ឌមួយចំនួន មុននឹងចាប់ផ្តើមឱ្យដំណើរការ។

លោកស្រីវេជ្ជបណ្ឌិតយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងសន្និ​សីទសារព័ត៌មាននៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះឱ្យដឹងថា ជាជំហានដំបូង ក្រសួង នឹងបើកសាកល្បងសាលាអន្តជាតិចំនួន១៥ ដែលមានស្តង់ដារខ្ពស់ដូចជាសា​លា​​ភាសាជប៉ុន អង់គ្លេសអាមេរិកាំង និងបារាំងជាមុនសិន ដែលមានសិស្សប្រមាណ២ម៉ឺននាក់។

លោកកស្រីបន្តថា “មុននឹងបើកសាលានីមួយៗ ត្រូវដាក់ពាក្យស្នើសុំបើកសាលាឡើងវិញមកក្រសួង ដើម្បីឱ្យក្រុមការងារក្រសួងចុះវាយតម្លៃ និងពិនិត្យមើលសាលាទាំងនោះ ស្របតាមស្តង់ដា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល មុននឹងឈានដល់ការចុះអនុស្សារណៈអនុញ្ញាតជាផ្លូវការ”។

លោកស្រីយក់ សម្បត្តិបានបន្ថែមថា សាលាទាំងនោះត្រូវគោរពទៅតាមលក្ខខណ្ឌរបស់ក្រសួង ដូចជាត្រូវអនុវត្តរក្សាសុវត្ថិភាពគម្លាតសង្គម និងបុគ្គលដូចជាដាក់សិស្សក្នុង១ថ្នាក់ចំនួន១៥នាក់ និងត្រូវធ្វើតេស្តរកវីរុសកូវីដ១៩ ទាំងគ្រូនិងសិស្សមុនចាប់ផ្តើមចូលរៀន។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា ការបើកដំណើរការសាលារៀនទាំងអស់ឡើងវិញ គឺនឹងប្រព្រឹត្តិទៅតាមបីដំណាក់កាល ដោយដំណា​ក់កាលទី១ សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់។ ដំណាក់កាលទី២ សាលារៀនមានស្តង់ដាមធ្យម និងដំណាក់កាលទី៣ សាលារៀនមានស្តង់ដាអប្បបរមា។

លោកបន្ថែមថា ក្រៅពីនេះក្រសួង កំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេ​សក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាលើវិធានការសុខុមាលភាព និងកត្តាសង្គម-សេដ្ឋកិច្ច។

លោករស់ សុវាចាថ្លែងថា ទោះជាពេលនេះ មិនទាន់កំណត់ពេលជាក់លាក់ក៏ដោយ តែក្រសួងនឹងប្រកាស់ជាសាធារណៈពីកាលបរិច្ឆេទ និងវិធានការចាំបាច់នានាសម្រាប់ដំណាក់កាលទី១។ ចំណែកឯ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ចំណុះឱ្យដំណាក់កាលទី១៕

ថៅកែ Amazon ទទួលបានកំណត់ត្រាថ្មីដោយរក្សាបានតំណែងកំពូលមហាសេដ្ឋីលេខ១លើពិភពលោក

ដោយ ៖ ប៊ី
ភ្នំពេញ៖ សេដ្ឋកិច្ចសកលកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ប៉ុន្តែចំណូលរបស់លោក Jeff Bezos ថៅកែ Amazon នៅតែមានកំណើនទ្រព្យសម្បត្តិជិត ១៧២ ពាន់លានដុល្លារ ដែលជាកំណត់ត្រាថ្មីសម្រាប់អ្នកមានបំផុតនៅលើពិភពលោក។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់សារព័ត៌មាន Bloomberg។

សប្តាហ៍នេះ ទ្រព្យសម្បត្តិរបស់លោក Bezos បានកើនលើសកំណត់ត្រាទ្រព្យសម្បត្តិមុនរបស់លោក នៅពេលលោកបានឈានដល់ការលែងលះពីអតីតភរិយា MacKenzie បន្ទាប់ពីរៀបការបាន ២៥ ឆ្នាំ ដោយលោកស្រីបានទទួលភាគហ៊ុន ២៥ ភាគរយនៃភាគហ៊ុន Amazon ដែលជាភាគហ៊ុន ៤ ភាគរយនៅក្នុងក្រុមហ៊ុនរួម។

ទ្រព្យសម្បត្តិរបស់លោកស្រី MacKenzie ក៏បានបំបែកកំណត់ត្រាដែរ ដោយពេលនេះលោកស្រីមានទ្រព្យសម្បត្តិ ៥៧ ពាន់លានដុល្លារ ធ្វើឱ្យលោកស្រីក្លាយជាសេដ្ឋីមានបំផុតទី ១២ នៅលើពិភពលោក។ ទ្រព្យសម្បត្តិរបស់លោកស្រីបានកើនឡើងយ៉ាងខ្លាំង ៥៤ ភាគរយក្នុងមួយឆ្នាំ ឬកើនឡើងជិត ២០ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg ។

ភាគច្រើននៃទ្រព្យសម្បត្តិរបស់លោក Bezos ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមហ៊ុន Amazon។ លោកមានភាគហ៊ុនប្រហែល ៥៧ លានហ៊ុន ឬ ១២% នៃក្រុមហ៊ុនរួម ហើយភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើង ៥៦ ភាគរយរហូតមកដល់បច្ចុប្បន្ន។

ក្រុមហ៊ុន Amazon ទទួលបានអត្ថប្រយោជន៍ពីការកើនឡើងយ៉ាងខ្លាំងនៃការទិញទំនិញតាមអនឡាញ ក្នុងអំឡុងពេលមានជំងឺរាតត្បាត។
ក្រុមហ៊ុនរបស់លោក Bezos ដែលប្រឈមនឹងការរិះគន់ចំពោះសុវត្ថិភាព និងប្រាក់ខែរបស់និយោជិក បានឱ្យដឹងនៅសប្តាហ៍នេះថា ខ្លួនបានផ្តល់ប្រាក់ជាង ៥០០ លានដុល្លារជាប្រាក់រង្វាន់អរគុណដល់កម្មករជួរមុខ ដែលនៅជាមួយក្រុមហ៊ុននេះពេញមួយខែមិថុនា៕ CNN

គណៈរដ្ឋមន្ត្រីអនុម័តលើច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី បានសម្រេចអនុម័ត និងកែតម្រូវពាក្យពេចន៍មួយចំនួនលើ “សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម” ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

យោងតាមខ្លឹមសារដែលបានផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា អនុលោមតាមច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងនៅឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលបានកំណត់ឱ្យមានអាជីវកម្មកាស៊ីណូ នៅព្រះរាជាណាចក្រកម្ពុជា ក្រៅរង្វង់ ២០០គីឡូមែត្រពីរាជធានីភ្នំពេញ ដោយយកផ្ចិតនៅវត្តភ្នំ លើកលែងតែតំបន់ព្រំដែន តំបន់ភ្នំបូកគោ និងរមណីយដ្ឋានគិរីរម្យ ហើយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងឡើយ។

គោលបំណងរបស់រាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យមានអាជីវកម្មកាស៊ីណូនៅក្រៅរង្វង់ ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានជាអាទិ៍៖
– អភិវឌ្ឍន៍តំបន់ព្រំដែនដែលជាតំបន់អតីតសមរភូមិ តំបន់ពោរពេញទៅដោយគ្រាប់មីន តំបន់គ្រុនចាញ់ តំបន់គ្មានការអភិវឌ្ឍ និងគ្មានប្រជាជនរស់នៅ
– ការពារខ្សែក្រវ៉ាត់ព្រំដែន តាមរយៈការសាងសង់អាគារដ៏រឹងមាំ មានលក្ខណៈយូរអង្វែង និងការកើនឡើងនៃការតាំងទីលំនៅថ្មីរបស់ប្រជាជន
– គាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការបង្កើតការងារជូនប្រជាពលរដ្ឋ
– បង្កើតប្រភពចំណូលថវិកាជាតិ។

នៅក្នុងការអនុវត្តជាក់ស្ដែង នារយៈពេលកន្លងមក រាជរដ្ឋាភិបាល បានប្រឈមនឹងផលលំបាកជាច្រើន ក្នុងការទាក់ទាញវិនិយោគទុនឯកជន ឱ្យមកបណ្ដាក់ទុនលើវិស័យនេះ នៅតំបន់ព្រំដែនដែលជាតំបន់ដាច់ស្រយាល គ្មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋជាដើម។ ទោះជាយ៉ាងនេះក្ដី ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងភាពទុកចិត្តរបស់វិនិយោគិនចំពោះរាជរដ្ឋាភិបាល វិនិយោគិនជាតិ និងអន្តរជាតិមួយចំនួន បានចាប់ផ្ដើមដំណើរការវិនិយោគកាស៊ីណូនៅតំបន់ប៉ោយប៉ែតនាអំឡុងឆ្នាំ១៩៩៩។ នៅចំពោះមុខស្ថានភាពនៃការកើនឡើងនូវសកម្មភាពក្នុងវិស័យនេះ រាជរដ្ឋាភិបាល ក៏បានជំរុញឱ្យការគ្រប់គ្រងវិស័យល្បែងនេះឡើង ដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្តមួយចំនួនដូចជា៖ ច្បាប់បង្ក្រាបល្បែងស៊ីសង សេចក្ដីសម្រេច និងសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ប្រកាសអន្តរក្រសួង និងសៀវភៅបន្ទុកជាដើម។

ជាទិដ្ឋភាពគតិយុត្ត មាត្រា១ នៃច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង ដែលត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ បានបើកផ្លូវជូនរាជរដ្ឋាភិបាល ក្នុងការផ្ដល់ការអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពនយោបាយ លើកកម្ពស់សន្តិសុខ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ ដែលអំណោយផលដល់ការកើនឡើងជាលំដាប់ នូវទំនុកចិត្តរបស់វិនិយោគិនចំពោះរាជរដ្ឋាភិបាលកម្ពុជាជាច្រើនឆ្នាំកន្លងមកនេះ វិនិយោគិនជាតិ និងអន្តរជាតិមួយចំនួន ក៏បានដំណើរការវិនិយោគលើវិស័យកាស៊ីណូនៅតំបន់ដែលបានទទួលការអនុញ្ញាត។

តថភាពនៅក្នុងពិភពលោកបានបង្ហាញថា ល្បែងពាណិជ្ជកម្ម ត្រូវបានដំណើរការនៅក្នុងតំបន់ និងក្នុងប្រទេសជាច្រើននៅលើពិភពលោក ទាំងក្នុងទម្រង់ផ្លូវការ ឬមិនផ្លូវការ។ អាស្រ័យហេតុនេះ រដ្ឋាភិបាលនៃប្រទេស កាន់តែច្រើនឡើងសម្រេចទទួលស្គាល់ជាផ្លូវការនូវពាណិជ្ជកម្មល្បែង ដោយបង្កើតក្របខ័ណ្ឌគតិយុត្តិ ដើម្បីដាក់វិស័យនេះ ឱ្យស្ថិតនៅក្រោមដំបូលច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ទន្ទឹមនេះ ប្រទេសជាច្រើន បានចាត់ទុក និងប្រែក្លាយល្បែងពាណិជ្ជកម្មជាឧបករណ៍កំសាន្ត និងទាក់ទាញទេសចរណ៍ ពីព្រោះដូចជាផលិតផលនៃវិស័យផលិតកម្មដទៃទៀតដែរ វិស័យទេសចរណ៍កាន់តែរងសម្ពាធនៃការប្រកួតប្រជែងដ៏ខ្លាំង ដែលទាមទារឱ្យមានការច្នៃប្រឌិតបន្ថែមពីលើសក្ដានុពលនៃធម្មជាតិ។ ទន្ទឹមនេះ ទីតាំងល្បែងពាណិជ្ជកម្ម ដែលរួមបញ្ចូលទាំងទីតាំងបដិសណ្ឋារកិច្ច ភោជនីយដ្ឋាន ផ្សារទំនើប សណ្ឋាគារ មណ្ឌលកីឡា មណ្ឌលកំសាន្ត និងទស្សនា មណ្ឌលសន្និបាត ឬពិព័រណ៍ ហាងលក់ទំនិញរួចពន្ធ…ល។ បានបង្កើតជា មណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ (Integrated Resort) ដែលត្រូវបានទទួលស្គាល់ជាទូទៅនៅលើពិភពលោកថាជាប្រភពចំណូលថវិកាដ៏សំខាន់ និងជាទីតាំងការងារជាច្រើនប្រភេទនៃឧស្សាហកម្មគ្មានផ្សែង ហើយរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

អាស្រ័យហេតុនេះ បញ្ញត្តិកម្មលើវិស័យល្បែងពាណិជ្ជកម្ម ត្រុវបានរៀបចំឡើងដើម្បីជំរុញឱ្យវិស័យនេះអាចដំណើរការបាន ដោយជ្រកក្រោមដំបូលច្បាប់ប្រកបដោយតម្លាភាព។ សេចក្ដីព្រាងច្បាប់នេះ និងលិខិតបទដ្ឋាន ព្រមទាំងគោលនយោបាយយុទ្ធសាស្ត្រពាក់ព័ន្ធ នឹងអនុញ្ញាតឱ្យមានកាគ្រប់គ្រងលើវិស័យកាស៊ីណូ និងល្បែងពាណិជ្ជកម្មដទៃទៀតយ៉ាងតឹងរ៉ឹង និងប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមរយៈការកំណត់ចំនួនទុនវិនិយោគអប្បបរមា សម្រាប់អាជីវកម្មកាស៊ីណូ ការកំណត់តំបន់ដែលគួរអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្ម ឬមិនគួរអនុញ្ញាត ការពង្រឹងសមត្ថភាពស្ថាប័ន និងការបំពាក់នូវបច្ចេកវិទ្យាសមស្រមក្នុងការត្រួតពិនិត្យជាប្រចាំ លើកិច្ចដំណើរការរបស់ប្រតិបត្តិករល្បែងពាណិជ្ជកម្មជាដើម។

នៅក្នុងបរិការណ៍នៃការរៀបចំច្បាប់នេះ ក៏មានការគិតគូរផងដែរអំពីយន្តការសម្រាប់ដោះស្រាយនូវបញ្ហាកង្វល់ពាក់ព័ន្ធនឹងការប្រឆាំងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ នៅក្នុងក្របខ័ណ្ឌនេះ រាជរដ្ឋាភិបាលក៏អាចរៀបចំនូវយន្តការសហប្រតិបត្តិការ ជាមួយដៃគូពាក់ព័ន្ធ ទាំងទ្វេភាគី និងពហុភាគី ដើម្បីគ្រប់គ្រង និងដោះស្រាយកង្វល់នានាពាក់ព័ន្ធនឹងវិស័យកាស៊ីណូ និងល្បែងពាណិជ្ជកម្មផ្សេងៗផងដែរ។ ដូច្នេះ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់នេះ នឹងរឹតបន្តឹងការគ្រប់គ្រងវិស័យកាស៊ីណូ និងល្បែងពាណិជ្ជកម្មផ្សេងៗឱ្យកាន់តែរឹងមាំ ដែលនឹងផ្ដល់ផលប្រយោជន៍ជាអតិបរមា ដល់សេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជា តាមរយៈការបង្កើតនូវយន្តការស្ថាប័នសមស្រប សំដៅពង្រឹងនូវសុវត្ថិភាព សន្តិសុខ របៀបរៀបរយ និងសណ្ដាប់ធ្នាប់សង្គម ព្រមទាំងចូលរួមធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយដៃគូពាក់ព័ន្ធ។

ជារួម ប្រតិបត្តិករល្បែងពាណិជ្ជកម្មត្រូវបានអនុញ្ញាតក្នុងបរិបទទូលំទូលាយនៃការជំរុញវិស័យទេសចរណ៍ កាលានុវត្តភាពការងារ និងប្រាក់ចំណូល ជាពិសេស ដោយផ្សារភ្ជាប់នឹងការអភិវឌ្ឃមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ដែលជាទស្សនទានមួយថ្មី នៃការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជា។

សេចក្ដីព្រាងច្បាប់ស្ដីពី “ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម” ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរួមគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ដោយបានចំណាយពេលអស់ប្រមាណជាង ៩ឆ្នាំ ដោយមានកិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យឯកជន កិច្ចពិភាក្សាជាមួយក្រុមប្រឹក្សាអ្នកច្បាប់ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងកិច្ចប្រជុំអន្តរក្រសួងនៅទីស្ដីការគណៈរដ្ឋមន្ត្រី សរុបទាំងអស់មានចំនួន ៥៥លើក។

សេចក្ដីព្រាងច្បាប់នេះមាន ១២ជំពូក និង ៩៧មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមានគោលបំណងធានាដល់ការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចលើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម។

គោលបំណងនៃច្បាប់នេះមានគោលបំណងធានាការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម ដោយកំណត់សមត្ថកិច្ច វិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពានិជ្ជកម្ម សិទ្ធិ និងកាតព្វកិច្ចរបស់រូបវន្តបុគ្គល និងនីតិបុគ្គល ក្នុងការធ្វើប្រតិបត្តិការដោយផ្ទាល់ ឬចូលរួមនៅក្នុងល្បែងពាណិជ្ជកម្ម និងកំណត់សិទ្ធជាម្ចាស់លើមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងលើគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ព្រមទាំងបង្កើតស្ដង់ដារមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណកម្ម និងល្បែងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។
ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

គណៈរដ្ឋមន្ត្រីអនុម័ច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រីបានអនុម័តជាផ្លូវការលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

យោងតាមខ្លឹមសារដែលត្រូវបានផ្សព្វផ្សាយ នៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះឱ្យដឹងថា សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ ត្រូវបានផ្តួចផ្តើមឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៤ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រសួងបានបង្កើតក្រុមការងារមួយសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់នេះ ដោយមានការចូលរួម និងដឹកនាំពីថ្នាក់ដឹកនាំក្រសួង និងមានការចូលរួមពីមន្ត្រីជំនាញមកពីអគ្គនាយកដា្ឋនពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មូលដ្ឋានចម្បងសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ គឺផ្អែកលើមាត្រា៥៨ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ដែលចែងថា ៖ «ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទី ដីធ្លី ក្រោមដី ភ្នំ សមុទ្រ ក្រោមបាតសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃ ឈើ ធនធានធម្មជាតិ មជ្ឍមណ្ឌលសេដ្ឋកិច្ចវប្បធម៍ មូលដ្ឋានកាពារប្រទេស សំណង់ផ្សេងៗទៀតដែលបានកំណត់ថាជារបស់រដ្ឋ។ ការគ្រប់គ្រង ការប្រើប្រាស់ នឹងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ នឹងត្រូវកំណត់ក្នុងច្បាប់។

សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនេះ ត្រូវបានរៀបចំតាក់តែងឡើង ក្នុងគោលដៅពង្រឹងក្របខណ្ឌច្បាប់ រចនាសម្ព័ន្ធស្ថាប័ន និងលើកម្ពស់សមត្ថភាពស្ថាប័នក្នុងការគ្រប់គ្រងទ្រព្យសម្បតិ្តរដ្ឋជាអាទិ៍៖ ការកំណត់អំពីប្រភព ប្រភេទទ្រព្យសម្បតិ្តរដ្ឋ របបគតិយុត្តិគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បតិ្តរដ្ឋច្បាស់លាស់,ការរៀបចំបញ្ជីសារពើភណ្ឌសម្បត្តិរដ្ឋ ការផ្ទេរសិទ្ធិកាន់កាប់ ការអភិវឌ្ឍ ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ការធ្វើអធិការកិច្ច និងសវនកម្ម និងការកំណត់អំពីការលើកទឹកចិត្ត និងការដាក់ទណ្ឌកម្មចំពោះអំពីល្មើសច្បាប់ជាដើម។ល។ ព្រមទាំងពង្រឹងអភិបាលកិច្ចល្អក្នុងការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋប្រកបដោយប្រសិទ្ធភាព និងចីរភាព។

ទន្ទឹមនឹងការបង្កើនចំណូលពីទ្រព្យសម្បត្តិរដ្ឋ ឲ្យកាន់តែមានភាពច្បាស់លាស់ សំដៅធានាដល់ការគ្រប់គ្រងធនធានសាធារណៈ ការបង្កើនចំណូលជាប្រយោជន៍ដល់ថវិកាជាតិ និងកំណើនសេដ្ឋកិច្ចជាតិសម្រាប់គាំទ្រដល់ការបន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ឲ្យកាន់តែមនាការរីកចម្រើនឈានឡើងក្នុងជំហានស្វាហាប់ប្រកបដោយវិបុលភាព និងចីរភាពក្នុងបរិការណ៍ថ្មីសម្រាប់រយៈពេលមធ្យម និងវែងតទៅមុខទៀត។

សេចក្ដីព្រាងច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តិគោលមួយចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចល្អ ដែលអាចជួយសម្រួលដល់ការបំពេញមុខងារបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នរដ្ឋ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព មានគណនេយ្យភាពក្នុងការគ្រប់គ្រង ការប្រើប្រាស់ និងកាចចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ស្របតាមតថភាពជាក់ស្ដែងនៃកម្ពុជា៕