គម្រោងដីឡូតិ៍ ស្យូអាប់ រៀល អ៊ីស្ទេតផ្សារអង្គស្នួល បញ្ចុះតម្លៃ១០ភាគរយ សម្រាប់ថ្ងៃអាទិត្យនេះ

ដោយ ៖ រ៉ាណេត

កណ្តាលៈ បន្ថែមពីលើការផ្ដល់ឱកាសចំណេញដល់អតិថិជនរបស់ខ្លួន គម្រោងដីឡូតិ៍ ស្យូអាប់ រៀល អ៊ីស្ទេតផ្សារអង្គស្នួល បានបង្កើតកម្មវិធីដ៏អស្ចារ្យ ដោយការលក់បញ្ចុះតម្លៃចំនួន១០ភាគរយរាល់ការទិញនៅក្នុងថ្ងៃអាទិត្យនៃសប្ដាហ៍នេះ បន្ថែមពីលើកម្មវិធីទិញចំនួន៣ឡូតិ៍ នឹងទទួលបានការផ្តល់ជូនម៉ូតូស៊េរីថ្មី ម៉ាក HONDA Dream ឆ្នាំ២០២០ ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Show Up Real Estate លោកអ៊ិន ណាង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះថា ជាការអបអរសាទរទៅនឹងភាពជោគជ័យនៃគម្រោងដែលទទួលបានការគាំទ្រពីសំណាក់អតិថិជន សម្រាប់ការទិញដីឡូតិ៍នៅក្នុងថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២០នេះ នឹងទទួលបានការបញ្ចុះតម្លៃចំនួន១០ភាគរយ បន្ថែមពីលើកម្មវិធីផ្សេងៗទៀតដែលក្រុមហ៊ុនផ្ដល់ជូន។

លោកបានបញ្ជាក់ថា គម្រោងរបស់ក្រុមហ៊ុន ស្យូអាប់ រៀល អ៊ីស្ទេត ដែលមានចម្ងាយប្រមាណ៤០០ម៉ែត្រ ចុះពីផ្លូវជាតិ៤ កំពុងបើកលក់នៅពេលនេះ មានតម្លៃចាប់ពី១២,៥០០ដុល្លារឡើងទៅក្នុងមួយឡូតិ៍ ដែលក្រៅពីស្ថិតតំបន់ទីប្រជុំជនជិតផ្សារអង្គស្នួល ជាភូមិចាស់មានប្រជាជនរស់នៅស្រាប់ និងមានរោងចក្រ សហគ្រាស ឃ្លាំង រួមនឹងការអភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច។
ទីតាំងដីនេះស្ថិតនៅជាប់ផ្លូវធំ៣០ម៉ែត្ររបស់រដ្ឋ ហើយនៅក្នុងគម្រោងជាប្រភេទផ្លូវបេតុងទំហំ៨ម៉ែត្រ មានភ្ជាប់បណ្តាញអគ្គិសនី បំពាក់អំពូលសូឡា មានបណ្តាញទឹកស្អាត និងប្រព័ន្ធបង្ហូរទឹកយ៉ាងត្រឹមត្រូវ ហើយក៏មានដាំដើមឈើនៅតាមដងផ្លូវ បង្កើនសោភ័ណភាព ជាពិសេសមានសេវាសន្តិសុខ២៤ម៉ោងក្នុងគម្រោងផងដែរ។

ជាការលើកទឹកចិត្តដល់អតិថិជន ក្រុមហ៊ុនបានបង្កើតកម្មវិធីពិសេស ដោយរាល់ការទិញដីឡូតិ៍ចំនួន៣ឡូតិ៍ ដោយការបង់ផ្ដាច់នឹងទទួលបានម៉ូតូម៉ាក HONDA Dream ស៊េរីឆ្នាំ២០២០ចំនួន១គ្រឿងភ្លាមៗ ហើយសម្រាប់អ្នកទិញចំនួន២ឡូតិ៍ ដោយការបង់ផ្ដាច់ នឹងទទួលបានទូរស័ព្ទស្មាតហ្វូន OPPO ស៊េរីទំនើបមួយគ្រឿង ហើយក៏មានការផ្តល់ជូននួវទូរទឹកកកមួយគ្រឿងផងដែរ (សម្រាប់ផ្ទះល្វែង) ដែលកម្មវិធីពិសេសមានរយៈពេលត្រឹមមួយខែប៉ុណ្ណោះ។ ដោយឡែកសម្រាប់លក្ខខណ្ឌ នៃការទិញដោយបង់រំលោះ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីពិសេសផងដែរ ដូចជា ៖
– បង់មុន ៣០% សល់៧០% រំលស់ ៦ឆ្នាំ ដោយអត្រាការប្រាក់ ១%/ខែ
– បង់មុន ៣០% សល់៧០% រំលស់ ១២ខែ ដោយគ្មានការប្រាក់
– បង់មុន ៤០% សល់៦០% រំលស់ ១២ខែ ដោយគ្មានការប្រាក់ ចុះជូន ២%
– បង់មុន ៥០% សល់៥០% រំលស់ ១២ខែ ដោយគ្មានការប្រាក់ ចុះជូន ៣%
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ៖ ០១០ ៧៨៤ ១៧៧/ ០១២ ៥៥៥ ២៦៥ / ០៩៦ ៨៦៤ ៩៩៩៦ / ០៧៧ ៩៧៧ ៧២៦ ៕

កូរ៉េខាងត្បូងកំពុងពិចារណាសំណើរបស់កម្ពុជាក្នុងការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

ដោយ ៖ ប៊ី
ភ្នំពេញ ៖ សំណើរបស់រាជរដ្ឋាភិបាលកម្ពុជាសុំការគាំទ្រពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដើម្បីសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដើម្បីជានិមិត្តរូបនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កំពុងត្រូវបានពិចារណាដោយភាគីកូរ៉េ។

លោក Park Heung Kyeong ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាបានថ្លែងថា “មន្ត្រីជាន់ខ្ពស់របស់ប្រទេសកូរ៉េឥឡូវនេះកំពុងពិនិត្យមើលឯកសារផ្លូវការ ដែលបានដាក់ដោយកម្ពុជា បន្ទាប់ពីមានសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ ដើម្បីជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្នុងពិធីបើកការដ្ឋានជួសជុល និងកែលំអផ្លូវជាតិលេខ ២ និង ២២ កាលពីខែកុម្ភៈឆ្នាំនេះ”។

លោកបានបន្ថែមថា “រដ្ឋាភិបាលកូរ៉េបច្ចុប្បន្នកំពុងពិនិត្យមើលតំបន់ជ្រោយចង្វារ-ស្វាយជ្រុំ ហើយប្រសិនបើគម្រោងនេះត្រូវបានអនុម័ត វានឹងក្លាយជានិមិត្តរូបថ្មីនៃចំណងការទូតរវាងកម្ពុជា និងកូរ៉េ។ កម្ពុជាមានស្ពានមិត្តភាពមួយចំនួនជាមួយចិន និងជប៉ុន ដូច្នេះរដ្ឋាភិបាលកូរ៉េកំពុងពិចារណាយ៉ាងខ្លាំងចំពោះសំណើនេះ។

ការស្នើសុំនេះត្រូវបានលើកឡើង ដោយសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំមុន។ តាមរយៈវត្តមានស្ពានមួយនេះ នឹងតភ្ជាប់តំបន់ជ្រោយចង្វាទៅស្វាយជ្រុំនៅភាគខាងកើតរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកា (ប៉ានស្មាន) ក្នុងចន្លោះ ៤០ ទៅ ៥០ លានដុល្លារ៕

សម្តេចតេជោអនុញ្ញាតឱ្យអាជីវកម្មកាស៊ីណូបើកដំណើរការឡើងវិញ

ដោយ ៖ វុត្ថា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតដល់កាស៊ីណូមានលទ្ធភាពបើកប្រតិបត្តិការអាជីវកម្មសារជាថ្មីវិញ ក៏ប៉ុន្តែមានល្បែងភ្នាល់ និងស្លតម៉ាស៊ីនតែប៉ុណ្ណោះ។

សម្តេចតេជោ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២០នេះ បានញ្ជាក់ថា កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការការពារជាមួយជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បាន និងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះ មានដូចខាងក្រោម៖
១- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។
២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។

៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញតិ្តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ៕

សម្តេចតេជោ បញ្ជាឱ្យកាត់ឆ្វៀលដីជូនពលរដ្ឋរស់នៅក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជា និងបញ្ជាក់ច្បាស់ៗជូនរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី គឺត្រូវតែកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋដែលបានមករស់នៅលើទីតាំងដីដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ។

សម្តេចតេជោ ហ៊ុន សែន ក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ២០២០ នេះ បានបញ្ជាក់ថា កន្លងមក រដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានបងប្អូនប្រជាពលរដ្ឋបានកសាងលំនៅដ្ឋានរស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ។

សម្តេចតេជោបន្តថា នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ។ កុំទុកប្រជាពលរដ្ឋអោយភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត។ ទន្ទឹមនឹងនេះ សូមកុំអោយពលរដ្ឋពង្រីកថែមទៀត ព្រោះត្រូវការរក្សាទុកព្រៃសហគមន៍ខ្លះនៅជិតៗដើម្បីជាប្រយោជន៍សហគមន៍រស់នៅផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាដល់ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវដោះស្រាយអោយដាច់ស្រេចនៅក្នុពេលដ៏ខ្លីខាងមុខដើម្បីចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ហើយកិច្ចការនេះត្រូវធ្វើអោយបានហ្មត់ចត់ និងត្រឹមត្រូវបំផុត៕

គណៈរដ្ឋមន្ត្រីកំពុងពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
នៅវិមានសន្តិភាព ពិភាក្សាទៅលើកិច្ចព្រាងច្បាប់នៃការគ្រប់គ្រងល្បែងពាណិជ្ជកម្ម រួមជាមួយនឹងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។

នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះនេះ មានដូចខាងក្រោម៖
១- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។
២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។

៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញតិ្តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ៕

China Zun Tower តម្លៃ២៥០០លាន​ដុល្លារ​មាន​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍?

ដោយ ​វុត្ថា

ប៉េកាំង មហា​យក្ស​ចិន​មិន​បញ្ឈប់​ការ​សម្ញែង អាគារ​កប់​ពពក​រប​ស់​ខ្លួន​នោះទេ ដោយ​ទីក្រុង​ប៉េកាំង បាននិងកំពុង​តែ​សាង​សាងសង់​អគារ​ខ្ពស់កប់ពពក​មួយទៀត មាន​ឈ្មោះថា CITIC Tower ឬ China Zun Tower ដែល​គ្រោង​នឹង​បញ្ចប់​នៃ​ការសាងសង់​របស់ខ្លួន​នៅក្នុង​ឆ្នាំ២០១៩កន្លងមកនេះ។

ស្ថាបត្យកម្ម ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្រិត​ពិភពលោក​នេះ មាន​កម្ពស់ ១៩០ជាន់ ស្មើនឹង៥២៨ម៉ែត្រ និង​ត្រូវបាន​សាងសង់​នៅក្នុង​ខណ្ឌ ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន នាទី​ក្រុង​ប៉េកាំង  ហើយក៏​នឹង​ក្លាយជា​អគារ ដែល​ខ្ពស់​ជាងគេ​នៅក្នុង​ទីក្រុង​ផងដែរ។ អគារ CITIC Tower មាន​កម្ពស់​ខ្ពស់ជាង​អគារ China World Trade Center Tower III ។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម China Zun គឺជា​ប្រភេទ​អគារ​ប្រើប្រាស់​រួម មាន​ទាំង​អគារ​ការិយាល័យ អា​ផាត​មិន សណ្ឋាគារ និង​ស្កា​យ​បារ​នៅ​ជាន់​លើ​ផងដែរ។

អគារ​នេះ ត្រូវបាន​ចាប់ផ្តើម​សាងសង់​នៅក្នុង​ឆ្នាំ ២០១១ ហើយនឹង​បញ្ចប់​នៅក្នុង​ឆ្នាំ ២០១៩ នេះ អភិវឌ្ឍន៍​ដោយ CITIC Real Estate ដែល​បាន​ចំណាយ​ទឹកប្រាក់២.៥ ពាន់​លាន​ដុល្លារ៕

កម្ពុជា​ដាក់ចេញ​ការគ្រប់គ្រង និង​ប្រមូល​ចំណូល​សួយ​សារធន​ធាន​រ៉ែ​សំណង់ ដើម្បី​ជំរុញ​សេដ្ឋកិច្ចជាតិ

ដោយ ប៊ី

ភ្នំពេញៈ ក្នុងទិសដៅ​ជំរុញ​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព កម្ពុជា​ចេញ​សេចក្តីសម្រេច​ប្រកាស​គ្រប់គ្រង ប្រតិបត្តិការ​ធនធាន​រ៉ែ​រួមមាន ថ្ម គ្រួស ខ្សាច់ ឡា​តេ​រីត និង​អាចម៍ដី ដែល​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់ ឲ្យ​គម្រោង​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​របស់រ​ដ្ឋ និង​ការប្រមូល​ចំណូល​សួយ​សារ ពី​ការប្រើប្រាស់​ធនធាន​រ៉ែ​សំណង់​ទាំងនេះ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ម្សិលមិញ បានចេញ​សេចក្តីប្រកាស​ជា​អន្តរក្រសួង ស្តីពី​ការគ្រប់គ្រង និង​ប្រមូល​ចំណូល​សួយ​សារធន​ធាន​រ៉ែ ពី​ការប្រើប្រាស់​ធនធាន​រ៉ែ​សំណង់ ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ ដោយ​ប្រកាស​នេះ មាន​គោលដៅ​គ្រប់គ្រង​ប្រតិបត្តិការ​ធនធាន​រ៉ែ​សំណង់ រួមមាន ការគ្រប់គ្រង​ការប្រើប្រាស់​រ៉ែ​សំណង់ ការសម្រួល​នីតិវិធី​ក្នុងការ​ផ្តល់​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ និង​ការលើកលែង​កម្រៃ​សេវាសាធារណៈ ការកំណត់​នីតិវិធី​លើ​ការប្រមូល​ចំណូល​សួយ​សារ និង​គោល​ការអនុវត្ត ក្នុងករណី​លើកលែង​សួយ​សារ។

ក្នុងនោះ​ចំពោះ​អង្គភាព​អនុវត្តន៍​គម្រោង ទោះជា​អង្គភាព​រដ្ឋ ឬ​ឯកជន ដែល​យក​ធនធាន​រ៉ែ​សំណង់​មកប្រើប្រាស់​ក្នុងការ​សាងសង់ ត្រូវមាន​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ​ស្របតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​និង​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ និង​ត្រូវធ្វើ​ប្រកាស​សួយ​សារ និង​បង់​ចំណូល​សួយ​សា​រលើ​តម្លៃ​ធនធាន​រ៉ែ​ជូន​រដ្ឋ ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ។

អង្គភាព​អនុវត្តន៍​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ ត្រូវដាក់​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ ស្របតាម​គំរូ​ពាក្យស្នើសុំ​របស់​ក្រសួង​រ៉ែ និង​ថាមពល ក្នុងនោះ​ចំពោះ​កម្រៃ​សួយ​សារ​នានា អង្គភាព​អនុវត្តន៍​គម្រោង ត្រូវធ្វើ​ការប្រកាស​សួយ​សារ​នៅ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ ឬ នៅតាម​មន្ទីរ​រ៉ែ និង​ថាមពល​រាជធានី​ខេត្ត និង​ត្រូវ​បង់ថ្លៃ​សួយ​សា​រលើ​កម្រៃ​ធនធាន​រ៉ែ តាម​លិខិត​បញ្ជា​បង់ប្រាក់ ដែល​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល ឬ​មន្ទីរ​រ៉ែ និង​ថាមពល​រាជធានី​ខេត្ត ។

សម្រាប់​បញ្ហា​នេះ អង្គភាព​អនុវត្តន៍​គម្រោង ទោះជា​ធ្វើ​ប្រតិបត្តិការ​ធនធាន​រ៉ែ​សំណង់​ដោយ​ខ្លួនឯង ឬ​ទិញ​ពី​ទីផ្សារ ហើយ​មាន​គោលបំណង​រួច​ពី​កាតព្វកិច្ច​បង់ ពី​សួយ​សារ អង្គភាព​នោះ​ត្រូវសុំ​ទៅ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ក្នុងករណី​ឯកភាព​ពី​រាជរដ្ឋាភិបាល កំណត់ថា ការបង់​សួយ​សារ​ជា​បន្ទុក​របស់​រដ្ឋ អង្គភាព​អនុវត្តន៍​គម្រោង នៅតែមាន​កាតព្វកិច្ច​ប្រកាស​អំពី បរិមាណ​ធនធាន​រ៉ែ​សំណង់ ដែល​គ្រោង​និង​អនុវត្តន៍​រ៉ែ​សំណង់ តាម​គោលការណ៍​កំណត់​របស់​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ជា​មូលដ្ឋាន​គណនា​សួយ​សារ​ជា​បន្ទុក​របស់​រដ្ឋ។

ចំណែក​ករណី​ធនធាន​រ៉ែ​សំណង់ ដែល​យកមកប្រើ​ប្រាស់​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ ដែល​ត្រូវ​ទិញ​លើ​ទីផ្សារ អង្គភាព​អនុវត្តន៍​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋ​ត្រូវ​ទិញ​ពី​ក្រុមហ៊ុន ឬ​អាជីវកម្ម​ដែលមាន​អាជ្ញាប័ណ្ណ​ធនធាន​រ៉ែ​ត្រឹមត្រូវ ក្នុងនោះ​អង្គភាព​ត្រូវ​រាយការណ៍​ប្រកាស​បរិមាណ និង​ប្រភព​ផ្គត់ផ្គង់​ធនធាន​រ៉ែ​សំណង់ ដែល​ប្រើប្រាស់​ក្នុង​គម្រោង​រដ្ឋ ជូន​មក​មន្ទីរ​រ៉ែ និង​ថាមពល​រាជធានី​ខេត្ត ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​គម្រោង​នោះ។

ចំពោះ​ការប្រកាស​អំពី​បរិមាណ​ធនធាន​រ៉ែ ត្រូវធ្វើ​មុន​គម្រោង​ចាប់ផ្តើម និង​ត្រូវ​បញ្ជាក់​អំពី​ប្រភព​ការទិញ​ធនធាន​រ៉ែ​ទាំងនោះ និង​ត្រូវ​រាយការណ៍​អំពី​បរិមាណ​ធនធាន​រ៉ែ ដែល​ប្រើប្រាស់​ជាក់ស្តែង​រៀងរាល់៦ខែម្តង រហូតដល់​បិត​បញ្ចប់​ការដ្ឋាន​របស់​រដ្ឋ​ជា​ស្ថាពរ៕

ក្រុមហ៊ុន​ដឹក​ជ​ញ្ជួ​ន​ដ៏​ធំ​មួយ​របស់​ចិន​ប្រកាស​ឈាន​ជើង​ចូល​កម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន BEST Inc., ផ្តល់​ដំណោះស្រាយ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឆ្លាត​វៃ​ឈានមុខ​គេ និង​ជា​អ្នកផ្តល់​សេវាកម្ម​ដឹក​ជ​ញ្ជួ​ន​នៅ​ប្រទេស​ចិន នៅថ្ងៃនេះ​បានប្រកាស​ពង្រីក​បន្ថែម​ទៀត​របស់ខ្លួន​ទៅកាន់​អាស៊ីអាគ្នេយ៍។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​នៅ​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ។

ការបើក​ដំណើរការ​សេវាកម្ម ដឹកជញ្ជូន​រហ័ស​រប​ស់​ក្រុមហ៊ុន នឹងធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា និង​សឹង្ហ​បុរី បន្ទាប់ពី​ប្រទេស​ថៃ និង​វៀតណាម​កាលពី​ឆ្នាំមុន និង​ជាការ​បោះជំហាន​ទៅមុខ​ដ៏​សំខាន់​មួយទៀត នៅក្នុង​មហិច្ឆតា​របស់​ក្រុមហ៊ុន ក្នុង​ការកសាង​បណ្តាញ​ភ័ស្តុភារ​ដឹកជញ្ជូន ប្រកបដោយ​ប្រសិទ្ធភាព ជាមួយនឹង​ការ​គ្របដណ្តប់​យ៉ាង​ទូលំទូលាយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុន​ក៏បាន​ប្រកាស​បង្កើន ដំណោះស្រាយ​ដឹក​ជ​ញ្ចូ​ន​អន្តរជាតិ ដោយ​បើក​ដំណើរការ​សេវាកម្ម​ឆ្លងកាត់​ព្រំដែន រវាង​ប្រទេស​ចិន និង​ទីផ្សារ​ចំនួន៥នៅ​អាស៊ីអាគ្នេយ៍​ក្នុង​ខែ​នេះ។

លោក Johnny Chou ស្ថាបនិក និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Best Inc បាន​មានប្រសាសន៍ថា “យើង​មានការ​រំភើប​ក្នុងការ​អភិវឌ្ឍ បណ្តាញ​ភ័ស្តុភារ​របស់​យើង​នៅ​អាស៊ីអាគ្នេយ៍ ដែលជា​តំបន់​ផ្តោត​សំខាន់​នៃ​យុទ្ធសាស្ត្រ​សកល​របស់​យើង។ លោក​បាន​បន្តថា “ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ១៩ បាន​បង្កើនល្បឿន និង​ការពឹងផ្អែក​របស់​អតិថិជន​ទៅលើ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​បង្កើត​ឱកាស​សក្តានុពល​កាន់តែ​ធំ​នៅក្នុង​តំបន់” ។

លោក​បាន​ថ្លែងថា យើង​មាន​ទំនុកចិត្ត​ថា​សេវាកម្ម​ដឹក​ជ​ញ្ចូ​ន ដែល​ផ្តល់​ដោយ​បច្ចេកវិទ្យា​របស់​យើង និង​ជម្រើស​ដឹកជញ្ជូន ដែលមាន​គុណភាព​ខ្ពស់ នឹង​ក្លាយជា​សមាសធាតុ​សេវាកម្ម​ដ៏​សំខាន់​សម្រាប់​ទាំង​ពាណិជ្ជករ និង​អ្នកប្រើប្រាស់​ទាំង ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ និង​លើសពីនេះ​ទៀត។

ដោយ​ប្រើ​គំរូ និង​បទពិសោធន៍​ជោគជ័យ​នៅក្នុង​ប្រទេស​ថៃ និង​វៀតណាម ក្រុមហ៊ុន គ្រោង​នឹង​ដំណើរការ​មជ្ឈមណ្ឌល​ត​ចំនួន១២ និង​ស្ថានីយ​សេវាកម្ម​ចំនួន៤០០កន្លែង​នៅ​ទូទាំងប្រទេស​ម៉ាឡេស៊ី កម្ពុជា និង​សឹង្ហ​បុរី​ក្នុង​រយៈពេល៣ឆ្នាំ​ខាងមុខ។ នេះ​រួមបញ្ចូល​ទាំង​មជ្ឈមណ្ឌល ទៅតាម​តម្រូវការ​ពីរ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ និង​រាជធានី​ភ្នំពេញ ដែល​នឹងត្រូវ​បំពាក់​ដោយ​ឧបករណ៍​ស្វ័យប្រវត្តិកម្ម​ទំនើប ដូចជា ស្វ័យប្រវត្តិកម្ម​ល្បឿន​លឿន និង​ប្រព័ន្ធ​ស្កេ​ន​ទម្ងន់។

យោងតាម​ការស្រាវជ្រាវ​រួមគ្នា​របស់ Google, Temasek និង Bain & Company ដោយមាន​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត តាម​ទូរស័ព្ទ​ចល័ត​មាន​ចំនួន៣៦០លាន​នាក់ វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅ​អាស៊ីអាគ្នេយ៍​នឹងមាន​តម្លៃ​ដល់១៥០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២៥ កើនឡើង៣៨ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៩ ។

ដើម្បី​ឆ្លើយតប​នឹង​ការកើនឡើង តម្រូវការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​ការវិវឌ្ឍ​តំរូវការ​របស់​អតិថិជន ករុមហ៊ុន BEST ផ្តល់ជូន​ជម្រើស​នៃ​ការ​ចែកចាយ​នៅ​ថ្ងៃក្រោយ​សំ​ម្រា​ប់​តំបន់សំខាន់ៗនៃ​ប្រទេស​ថៃ និង​ការ​ចែកចាយ​នៅ​ថ្ងៃ​តែមួយ​នៅ​ទីក្រុង​ហូជីមិញ និង​ហាណូយ​ប្រទេស​វៀតណាម។ បរិមាណ​កញ្ចប់​ដឹង​ជ​ញ្ជួ​ន​របស់​ក្រុមហ៊ុន​មកពី​អាស៊ីអាគ្នេយ៍​បាន​កើន​ដល់៨,៨ កញ្ចប់​នៅក្នុង​ត្រីមាស​ទី១ ៕

សេដ្ឋកិច្ច​និង​សង្គម​ខេត្តរតនគិរី នឹង​បន្ត​រីកចំរើន​បន្ថែម​ក្រោយ​ត​ភ្ជាប់​បណ្តាញ​ស្តង់​ស្យុ​ង​អគ្គិសនី ២៣០គីឡូវ៉ុល

ដោយ ​វុត្ថា

ភ្នំពេញៈ អាជ្ញា​អគ្គិសនី​កម្ពុជា បាន​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ ២៣០គីឡូវ៉ុល ប្រមាណ ១០២ គីឡូម៉ែត្រ​​ពី​វា​រី​អគ្គិសនី​ទន្លេសេសាន ទៅកាន់​អនុ​ស្ថានីយ​ថ្មី​នៅ​ខេត្តរតនគិរី ដោយ​ទទួលបាន​ជោគជ័យ​ហើយ​រំពឹងថា នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​សង្គម​នៅក្នុង​ខេត្ត​នេះ​កាន់តែ​មានការ​រីកចំរើន​បន្ថែម។

អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានឱ្យដឹង​នៅ​ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា  ខេត្តរតនគិរី​បាន​ត​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ​ថ្ងៃនេះ ខណៈ​ពីមុន​ខេត្ត​នេះ ប្រើ​ថាមពល​ពី​ខ្សែ​ព្រំដែន​ប្រទេស​វៀតណាម ដែល​ងាយ​រអាក់រអួល ព្រោះ​ជា​ចុង​ខ្សែ​តង់ស្យុង​មធ្យម​ពី​ប្រទេស​គេ។

អាជ្ញាធរ​អគ្គស​នី​បន្តថា  តាមរយៈ​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់២៣០គីឡូវ៉ុល​ដែលមាន​ចំងាយ១០២គីឡូម៉ែត្រ ត​ភ្ជាប់​ពី​វា​រី​អគ្គិសនី​ទន្លេសេសាន និង​អនុ​ស្ថានីយ​ថ្មី​នៅ​ខេត្តរតនគិរី​ដោយផ្ទាល់ ខេត្ត​ដ៏​ស្រស់បំព្រង​នេះ នឹង​ទទួលបាន​ផលប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​យ៉ាងច្រើន​នាពេលខាងមុខ។ ក្រុមការងារ​អគ្គិសនី​កម្ពុជា កំពុង​បន្តការងារ​ឆ្ពោះទៅ​ខេត្តមណ្ឌលគិរី​ទៀត។

ទំនប់​វា​រី​អគ្គីសនី សេ​សាន​មាន​សមត្ថភាព ផលិត​ថាមពលអគ្គីសនី​បាន៤០០មេ ហ្កា​វ៉ា​ត់ គឺជា​គម្រោង​វា​រី​អគ្គីសនី​ដ៏​ធំ​បំផុត​របស់​កម្ពុជា បើ​គិត​មកដល់​បច្ចុប្បន្ននេះ។ ហើយ​ទំនប់​ដែលមាន​ប្រវែង៦,៥គីឡូ​ម៉ែត​នេះ ក៏​ជា​ទំនប់​ដ៏​វែង​បំផុត​ក្នុង​ទ្វីបអាស៊ី​ផងដែរ។

តាម​ការគ្រោងទុក​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​នេះ បាន​បើកសម្ពោធ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោម​អធិបតីភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយមាន​សមត្ថភាព​ផលិត​ថាមពល អគ្គីសនី​បាន១ភាគ៥នៃ​ទិន្នផល​ថាមពលអគ្គីសនី​សរុប​ក្នុងប្រទេស​កម្ពុជា។

គម្រោង​នេះ គឺជា​គម្រោង​រួមគ្នា​រវាង​ក្រុមហ៊ុន​របស់​កម្ពុជា​គឺ រូ​យ៉ា​ល់ គ្រុប របស់​អ្នកឧកញ៉ា​គិត ម៉េង​រួមជាមួយ​ក្រុមហ៊ុន Huaneng Hydrolancang International Energy) របស់​ចិន និង​ក្រុមហ៊ុន EVN International Joint Stock Company របស់​វៀតណាម។

សព្វថ្ងៃ​វា​រី​អគ្គិសនី​សេ​សាន​នេះ បាន​នឹង​កំពុងដំណើរការ​ផលិត​អគ្គិសនី​ដែល​នឹង​ជួយ​រួមចំណែក​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​ឯករាជ្យភាព លើ​វិស័យ​ថាមពល​អគ្គិសនី កាត់បន្ថយ​ការនាំ​ចូល និង​ធ្វើ​ឲ្យ​តម្លៃ អគ្គិសនី​ថយចុះ​ផងដែរ។ ទំនប់​វា​រី​អគ្គិសនី​នេះ នឹង​អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​គ្រួសារ​ប្រជាពលរដ្ឋ តាម​បណ្តោយ​បណ្តាញ​បញ្ជូន ភ្នំពេញ-កំពង់ចាម-ក្រចេះ-ស្ទឹងត្រែង ព្រមទាំង​ខេត្តមណ្ឌលគិរី និង​រតនៈគិរី​ផងដែរ៕

បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ស្នើ​ប្រទេស​ឡាវ វាយតម្លៃ​ពី​ផលប៉ះពាល់​ឱ្យបាន​លម្អិត​លើ​គម្រោង​វា​រី​អគ្គិសនី​ហ្លួងព្រះបាង

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ បណ្តា​ប្រទេស​ដែល​ស្ថិត​នៅជាប់​ដង​ទន្លេមេគង្គ រួមមាន​ប្រទេស​កម្ពុជា ថៃ និង​ប្រទេស​វៀតណាម បានស្នើ​ឱ្យ​ភាគី​នៃ​ប្រទេស​ឡាវ បានធ្វើការ​វាយតម្លៃ​ផលប៉ះពាល់​ឆ្លងដែន​ឱ្យបាន​ហ្មត់ចត់ លើ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ហ្លួងព្រះបាង មាន​កម្លាំង១៤៦០មេ​ហ្គា​វ៉ា​ត់។

នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​នៅ​ដើម​សប្ដាហ៍​នេះ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដែល​ផ្ញើលិខិត​ទៅ​រដ្ឋាភិបាល​ឡាវ​បាន​បញ្ជាក់ថា ការវាយតំ​លៃ​ផលប៉ះពាល់​បរិស្ថាន​ឆ្លងដែន​បន្ថែមទៀត គួរតែ​ត្រូវបាន​ធ្វើឡើង​ដោយ​ពិចារណា​លើ​ផែនការ និង​វិធានការ​កាត់បន្ថយ​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ទៅលើ​បរិស្ថាន គុណភាព​ទឹក លំហូរ​ទឹក ផល​នេសាទ ដំណាំ​កសិកម្ម និង​ជីវភាព​របស់​ប្រជាពលរដ្ឋ នៅតាម​ដង​ទន្លេ​នៅ​ផ្នែក​ខាងក្រោម​ជាដើម។

រដ្ឋមន្ត្រី​ធនធានទឹក​របស់​ប្រទេស​ថៃ បាន​លើកឡើងថា ភាគី​ឡាវ និង​អ្នក​អភិវឌ្ឍន៍​គម្រោង គួរតែ​កំណត់​វិធានការ​កាត់បន្ថយ​ផលប៉ះពាល់​ឆ្លងដែន ទាក់ទង​នឹង​សេដ្ឋកិច្ចសង្គម​ការរស់នៅ និង​បរិស្ថាន។

ដូចគ្នានេះ​ផងដែរ គណៈកម្មាធិការ​ជាតិ​នៃ​ទន្លេមេគង្គ របស់​ប្រទេស​វៀតណាម បាន​លើកសំណើ​ថា ផលប៉ះពាល់​ជា​បន្តបន្ទាប់ នៃ​គម្រោង​វា​រី​អគ្គិសនី​ហ្លួងព្រះបាង និង​គម្រោង​វា​រី​អគ្គិសនី​មេគង្គ​ទាំងអស់ គួរតែ​ត្រូវបាន​វាយតម្លៃ​ឲ្យ​បាន​ទូលំទូលាយ។ ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន សម្រាប់​គម្រោង​វា​រី​អគ្គិសនី​ហ្លួងព្រះបាង បានធ្វើ​ឡើង​ចំពេល​មាន​បញ្ហា​ប្រឈមធំៗ សម្រាប់​កិច្ចសហប្រតិបត្តិការ​មេគង្គ ជាពិសេស​អ្វីដែល​គួរកត់សម្គាល់​ឱ្យថ្មីៗនេះ គឺ​កម្រិត​ទឹកទន្លេ​មេគង្គ​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង។

ទំនប់​វា​រី​អគ្គិសនី​ហ្លួងព្រះបាង គ្រោង​សាងសង់​នៅ​ចម្ងាយ​ប្រហែល២៥គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ហ្លួងព្រះបាង​ប្រទេស​ឡាវ ដោយ​ទំនប់​នេះ​មាន​ប្រវែង២៧៥ម៉ែត្រ កម្ពស់៨០ម៉ែត្រ និង​ទទឹង​មុខកាត់៩៧ម៉ែត្រ ក្រោម​ការផ្ដល់​សិទ្ធិ​ទៅ​ក្រុមហ៊ុន​វៀតណាម​មួយ​ឱ្យ​សាងសង់​តាំងពី​ឆ្នាំ២០០៧ ប៉ុន្តែ​រដ្ឋាភិបាល​ឡាវ​ទើបតែ​ជូនដំណឹង ទៅ​គណៈកម្មការ​ទន្លេមេគង្គ (MRC) អំពី​គម្រោង​សាងសង់​ទំនប់ វា​រី​អគ្គិសនី​កម្លាំង១៤៦០មេ​ហ្កា​វ៉ា​ត់​មួយ​នេះ កាលពី​ខែតុលា ឆ្នាំ២០១៩ ៕