តើ​អ្នកជំនាញ​និយាយ​ពីអ្វី​ខ្លះ​ជុំវិញ​គម្រោង​បុរី​មួយចំនួន​ដែល​បាន​ជន់​លិចដោយ​ជំនន់​ទឹកភ្លៀង?

0

ដោយ ​វុត្ថា

ភ្នំពេញៈ គម្រោង​បុរី និង​លំនៅឋាន​មួយចំនួន ត្រូវបាន​រងគ្រោះ​ដោយ​ធម្មជាតិ​ពី​ជំនន់​ទឹកភ្លៀង ហើយ​បញ្ហា​នេះ​មិន​ថា នៅក្នុង​ប្រទេស​កម្ពុជា ឬ ប្រទេសមួយ​នៅលើ​ពិភពលោក​នោះទេ ឱ្យ​តែមាន​គ្រោះទឹកជំនន់​តែងតែ ទទួលរង​នូវ​ផលប៉ះពាល់​ដោយ​មិនអាច​ជៀសផុត​បាន។

លោក​ឃាង ពុ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បាន​ប្រាប់​គេហទំព័រ Propertyarea.asia បានឱ្យដឹង​នា​រសៀល​ថ្ងៃទី២០ តុលា​កន្លងមក​ថា គម្រោង​បុរី និង​លំនៅឋាន​ប្រទេស​កម្ពុជា និង​ប្រទេស​មួយចំនួន​នៅលើ​ពិភពលោក ក៏​ទទួលរង​នូវ​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់ ប៉ុន្តែ​ក៏​ការរៀបចំ​ហេ​ដ្ឋា​រ​សម្ព័ន្ធ​មិនបាន​ល្អ​ក៏​ជា​កត្តា​គួបផ្សំ​ផងដែរ។

លោក​ពន្យល់ថា  “បើទោះបី​គម្រោង​បុរី និង​លំនៅឋាន​មួយចំនួន បាន​ចាក់ដី​យ៉ាងណាក៏ដោយ តែ​ភាព​ប្រឈម​នឹង​ការ​ជន់​លិច​នៅតែមាន គ្រាន់តែ​តិច​ហើយនឹង​ច្រើនតែ​ប៉ុណ្ណោះ ព្រោះនេះ​ជា​គ្រោះធម្មជាតិ  ប៉ុន្តែ​បញ្ហា​នេះ​យើង​មិនអាច​ដាក់​ការទទួលខុសត្រូវ​ចំពោះ​ភាគី​ណាមួយ​ក៏​មិន​ត្រឹមត្រូវ​ដែរ” ។

លោក​បន្ថែមទៀតថា  ប៉ុន្តែ​ម្ចាស់​គំរោង​អភិវឌ្ឍន៍​គួរតែ​គិតពី​គុណភាព ដោយ​ត្រូវ​សិក្សា លើ​ការរៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ឱ្យបាន​ត្រឹមត្រូវ ដើម្បីឱ្យ​លំហូ​ទឹក​ចេញ​ឱ្យបាន​លឿន  ជាពិសេស​ត្រូវ​គិតគូ​ពី​ហានិភ័យ​ណាមួយ ដែល​កើត​ឡើងដល់​អតិថិជន ដែល​បាន​ទិញ​គម្រោង​បុរី និង​លំនៅឋាន​ខ្លួន​ផងដែរ។

ចំណែក លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា បានឱ្យដឹង​ដែរ​ថា  ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ មិន​ថា​កម្ពុជា និង​បណ្តា​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ​នោះទេ សុ​ទ្ឋ​តែ​បាន​ទទួលរង​នូវ​ផលប៉ះពាល់ ពី​គ្រោះ​ទឺ​ក​ជំនន់។

លោក​បន្តថា គ្រោះទឹកជំនន់ធំៗនេះ បានកើត​ឡើងយូៗម្តង​នោះទេ ដែល​កើតឡើង​ដោយ​គ្រោះធម្មជាតិ ដែល​ពិបាក​ក្នុង​គេចផុត​ណាស់ ក៏ប៉ុន្តែ​អ្វីដែល​សំខាន់​ដែល​យើង​ចាប់អារម្មណ៍​មាន​ដង់ស៊ីតេ​នៅ​ទាប បើសិនជា​នៅក្នុង​គម្រោង​បុរីមួយៗ មាន​ប្រព័ន្ធ​ស្តុក​ទឹក​ខ្វក់ និង​ប្រព័ន្ធ​ទឹកភ្លៀង​ត្រូវបាន​រៀបចំ​ល្អ វា​នឹង​ជួយ​ឱ្យ​គម្រោង​បុរី​មិន​ទទួលរង​នូវ​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់​ទឺ​ក​ភ្លៀង​ខ្លាំង​នោះទេ ។

លោក​បន្ថែមថា “ដោយសារ​គ្រោះ​ជំនន់​ទឹកភ្លៀង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​មាន​ទំហំ​ធំ បើទោះបី​យើង​មាន​ប្រព័ន្ធ​ការពារ ឬ​អាង​ស្តុក​ទឹកធំ​ប៉ុន្មាន​ក៏​មិន​អាចជួយ​បានដែរ” ។  លោក​បន្ថែមថា  “ប៉ុន្តែ​ម្ចាស់​អភិវឌ្ឍន៍​លើ​គម្រោង​បុរី និង​លំនៅឋាន ក៏ត្រូវ​គិតគូ​ផងដែរ​ពី​ប្រព័ន្ធ​លូ​ឱ្យបាន​ត្រឹមត្រូវ បើទោះបី​មាន​ប្រព័ន្ធ​លូ តែ​យើង​មិនបាន​មើល​ការថែទាំ​ក៏​ជា​បញ្ហា​ដែរ” ។

លោក​បញ្ជាក់​ទៀត​បញ្ហា​ទឹក​ជន​លិច ដោយសារ​គ្រោះ​ទឹកភ្លៀង កើតឡើង​ដោយសារ​គ្រោង​បុរី​មួយចំនួន​ដែលមាន​ទំហំ​តូច ហើយ​មិន​មានការ​គ្រប់​គ្រង់​បានល្អ (property management) នៅពេល​លក់​ផ្ទះ​រួច​គាត់​ដើរចេញ​បាត់  ដូច្នេះ​មានន័យ​ការថែទាំ​លូ​មិនបាន​ត្រឹមត្រូវ វា​ធ្វើឱ្យមាន​កកស្ទះ ក៏បាន​ណ្តា​ល​ឱ្យ​មានការ​ជន់​លិច​ទឹក​ផងដែរ។

បញ្ហា​គ្រោះ​ជំនន់​ទឹកភ្លៀង នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​បញ្ជា​ឱ្យ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ដោយមាន​អត្ត​រាគ​មន៍​ពី​បញ្ជាការដ្ឋាន​អង្គរក្ស​សម្តេច​តេ​ជោ និង​កម្លាំង ង៧០ បាន​សហការ​ធ្វើ​ទំនប់ និង​ធ្វើការ​បូមទឹក​ចេញពី​តំបន់​បុរី​មួយចំនួន នៅ​ភាគ​ខាង​លិ​ខ​ទីក្រុង​ភ្នំពេញ ដែល​ស្ថិតនៅក្នុង​បុរី ពិភពថ្មី​ត្រពាំង​ថ្លឹង៤ ក្នុង​សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ គម្រោង​បុរី​មួយចំនួន​នៅ​ភាគខាងត្បូង នៃ​រាជធានី​ភ្នំពេញ ក៏​ទទួលរង​នូវ​ផលប៉ះពាល់​ខ្លាំង​ពី​ជំនន់​ទឹកភ្លៀង​ផងដែរ ដែល​ជំរុញ​ឱ្យ​ជម្លៀស​អ្នក​ដែល​រស់នៅក្នុង​គម្រោង​បុរី និង​លំនៅឋាន​ទាំងនោះ ទៅកាន់​ទីទួល​មាន​សុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here