ចំណេះដឹង! តើ​អ្នកដំណើរ​អាច​យក​ទំនិញ​សម្ភារៈប្រើប្រាស់​ផ្ទាល់ខ្លួន និង​ទទួលបានការ​លើកលែង​ពន្ធ​អ្វីខ្លះ?

ដោយ ​វុត្ថា

ភ្នំពេញៈ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ឆ្នាំ២០១៥បានចេញ​សម្រេច​ក្នុងការ​កំណត់​បរិមាណ​ទំនិញ​ឬ សម្ភារ​ប្រើប្រាស់​ផ្ទាល់ខ្លួន ដែល​អាច​យកតាម​ខ្លួន​បាន ដោយ​លើកលែង​ពន្ធ និង​អាករផ្សេងៗរបស់​អ្នកដំណើរ អ្នកបម្រើ​ការ​តាម​មធ្យោបាយ​ដឹកជញ្ជូន និង ជន​ទាំងឡាយ​ដែល​ឆ្លងកាត់​ព្រំដែន។

អ្នកដំណើរ អ្នកបម្រើ​ការ​តាម​មធ្យោបាយ​ដឹកជញ្ជូន និង​ជន​ទាំងឡាយ ដែល​ឆ្លងកាត់​ព្រំដែន អាច​យកតាម​ខ្លួន​បាន​ដោយ​លើកលែង​ពន្ធ និង​អាករផ្សេងៗនូវ​បរិមាណ​ទំនិញ និង​សម្ភារៈប្រើប្រាស់​ផ្ទាល់ខ្លួន ដូចខាងក្រោម ៖

  1. សុរា​គ្រប់​ប្រភេទ​មិន​លើស២លីត្រ
  2. បារី​មិន​លើស២០០ដើម ឬ ស៊ី​ហ្គា​មិន​លើសពី៥០ដើម ឬ​ថ្នាំជក់​មិន​លើសពី២៥០ក្រាម។
  3. ទឹកអប់ និង​គ្រឿង​តុបតែង​ខ្លួន​ចំណុះ​មិន​លើស៣៥០មី​លី​លីត្រ
  4. សម្ភារ និង​ឧបករណ៍​ផ្សេងទៀត ក្នុង​បរិមាណ​សមស្រប ដែលជា​តម្រូវការ​ក្នុងការ​ធ្វើដំណើរ ហើយ​ពុំមែន​ជា​ទំនិញ​ប្រភេទ​ហាមឃាត់​ដាច់ខាត។
  5. ជន​ដែលមាន​អាយុ​តិចជាង១៨ឆ្នាំ មិន​ទទួលបាន​ការអនុគ្រោះ​លើ​មុខទំនិញ​ទី១ និង​ទី២ខាង​លើ​ទេ៕

រដ្ឋបាលរាជធានីភ្នំពេញរៀបចំសាងសង់របងថ្មលំអរផ្លូវ និការ៉ូឡាលលើចឹញ្ចើមផ្លូវ មហាវិថីសហព័ន្ធរុស្សី

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងត្រៀមធ្វើការរៀបចំសាងសង់របងថ្មលំអរផ្លូវ និងរៀបចំការ៉ូឡាលលើចឹញ្ចើម ផ្លូវមហាវិថីសហព័ន្ធរុស្សី ត្រង់ចំណុច មុខទីស្តីការគណៈរដ្ឋមន្ត្រី រហូតដល់ស្តុបវត្តនាគវ័ន្ត ក្នុងការបង្ហាញពីភាពស្រស់ស្អាត និងស៊ីវិល័យក្នុងរាជធានីភ្នំពេញ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២០នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធជាច្រើន ចុះត្រួតពិនិត្យស្ថានភាពចឹញ្ចើមតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សីនេះ មុខទីស្តីការគណៈរដ្ឋមន្ត្រី រហូតដល់ស្តុបវត្តនាគវ័ន្ត នាថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២០។

លោកអភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា របងថ្ម និងការ៉ូឡាលំអរផ្លូវនេះ និងត្រូវរៀបចំឡើងចំងាយជិត១គីឡូម៉ែត្រ ដោយចែកចេញជាពីរដំណាក់កាល ដោយដំណា​ក់ទី១ ប្រវែង៦៥០ម៉ែត្រ ដំណាក់កាលទី២ ប្រវែង៤៣៧ម៉ែត្រ ក្នុងនោះរបងថ្មមានកម្ពស់២ ម៉ែត្រ។

រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងកែលម្អរ និងពង្រីកទទឹងផ្លូវ ប្រវែង៣ម៉ែត្រកន្លះលើផ្លូវសហព័ន្ធរុស្ស៊ីបន្ថែម ចាប់ពីមុខទីស្តីការគណៈរដ្ឋមន្រ្តី រហូតដល់ស្ពានអាកាសតិចណូផងដែរ ដើម្បីរំដោះចរាចរណ៍នៅតំបន់នេះឲ្យកាន់តែប្រសើរឡើង ខណៈដែរតំបន់នេះក្រោយពី បង្កើតឲ្យមានផ្លូវឆ្លងកាត់ចេញពីតំបន់បឹងកក់ បង្កអោយមានការកកស្ទះចរាចរណ៍រាល់ថ្ងៃនោះ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បាននឹងកំពុងរៀបចំអោយមានរង្វង់មូលមួយកន្លែងនៅតំបន់ក្តាន់២ ជាមួយគ្នានោះរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីកែសម្រួលលំហូរចរាចរណ៍នៅតំបន់ក្តាន់២នេះ ដែលបានចាប់ផ្តើមអនុវត្តន៍នៅដើមឆ្នាំ២០២០នេះ ខណៈដែលតំបន់នេះ កំពុងប្រឈមការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។

តាមរយៈការសិក្សាជាលក្ខណៈវិទ្យាសាស្រ្ត របស់ក្រុមនិស្សិតនៃវិទ្យាស្ថានបច្ចេក​ទេសកម្ពុជាបានបង្ហាញថា ក្នុងមួយថ្ងៃៗមានយានយន្ត ប្រមាណជាង៥៣,០០០ពាន់គ្រឿង បានឆ្លងកាត់នៅលើផ្លូវសហព័ន្ធរ៉ុស្ស៊ី ត្រង់ចំណុចប្រសព្វក្តាន់២ ខណៈយានយន្តជាង៥ម៉ឺនគ្រឿងទៀតបានចេញដំណើរពីផ្លូវបឹងកក់ ឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ដែលធ្វើឲ្យចំណុចនេះប្រឈមការកកស្ទះជាប្រចាំស្ទើរពេញមួយថ្ងៃ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងកែលម្អ ប្រព័ន្ធចរាចរណ៍ឡើងវិញ នៅត្រង់ចំណុចប្រសព្វក្តាន់២នេះ អាចធ្វើឲ្យប្រសើរឡើងអំពីលំហូរចរាចរណ៍ នៅតំបន់នេះរហូតដល់ជាង៤០ភាគរយ៕

ឧបសគ្គនៃការសាងសង់ផ្លូវល្បឿនលឿនជិតបញ្ចប់ ខណៈដោះស្រាយផលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ

ដោយវុត្ថា

ភ្នំពេញៈ អ្នកនាពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ការដោះស្រាយផលប៉ះពាល់ ពីគម្រោងសាងសងសង់ផ្លូវល្បឿនពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ ខណៈដំណើរការសាងសង់នៅតែបន្តសកម្មភា​ព​ជាធម្មតា។

លោក វ៉ាស៊ឹម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២០នេះឱ្យដឹងថា រហូតមដល់ពេលនេះ ក្រុមការងារអន្តរក្រសួង នៅតែបន្តដោះស្រាយតាមលំដាប់លំដោយទៅតាមផែនការ ដែលរហូតមដល់ពេលសម្រេចបានប្រមាណ9០ភាគរយ ហើយអាចនឹងបញ្ចប់នៅក្នុងរយៈពេល ៣ ទៅ៤ខែទៅមុខទៀត។

លោកបន្តថា “តាមរបាយការណ៍ដែលទទួលបានមកដល់ពេល យើងវឌ្ឍនភាពនៃការដោះស្រាយផលប៉ះពាល់ចំពោះគម្រោងផ្លូវល្បឿននេះ សម្រេចបានជាង៩០ភាគរយ  ប៉ុន្តែសម្រាប់នៅកន្លែងទីតាំងខ្លះ ដូចជា កន្លែងសាងសង់ស្ពានដែលមានទំហំធំៗត្រូវប្រើពេលយូបន្តិច” ។លោកបញ្ជាក់ថា “ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសន្យាថា ក្នុងរយៈពេល៣ ទៅ៤ខែទៀត នឹងត្រូវដោះស្រាយឱ្យបានចប់សព្វគ្រប់ ដើម្បីជំរុញឱ្យដំណើរការសាងសង់ចប់ទៅតាមផែនការរ”។

តាមរយៈបទបង្ហាញពីក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ បានឱ្យដឹងថា បច្ចុប្បន្នការស្ថាបនាផ្លូវនេះ មានផលប៉ះពាល់ដូចជា បង្គោលភ្លើងចំនួន១២ដើម ដែលក្រុមការងារមិនអាចសាងសង់ផ្លូវ និងបញ្ហាទី២ គឺផលប៉ះពាល់នឹងតំបន់គ្រប់គ្រងដោយបរិស្ថាន ដែ​ល​មិនអាចយកគ្រឿងចក្រចូលបាន នៅមូលដ្ឋានខេត្តព្រះសីហនុ និងនៅតាមបណ្តាខេត្តជាប់ពាក់ព័ន្ធនឹងគម្រោងនេះ មួយចំនួនទៀត។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញកាលពីកន្ងមកនេះបានឱ្យដឹងថា គ្រោសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែ​លជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជានោះ សម្រេចបានជាង២០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ។ ផ្លូវនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២​គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕

ខេត្តកំពង់ចាមទាក់ទាញការវិនិយោគរោងចក្រ សហគ្រាសសរុបជាង១៣០០ទីតាំង

ដោយៈ សុវណ្ណារ៉ា

កំពង់ចាមៈ ខុសប្លែកពីបណ្តាខេត្តមួយចំនួន ដែលវិស័យឧស្សាហកម្មទទួលរងនូវផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោករហូតមានការផ្អាក និងព្យួរបិទទ្វារនោះ សម្រាប់ខេត្តកំពង់ចាម ទាំងរោងចក្រ សហគ្រាសតូចធំសរុបជាង១៣០០ទីតាំង កំពុងដំណើរការជាធម្មតា ហើយប្រជាពលរដ្ឋមានចំណូលជាមធ្យមជាង១៦០០ដុល្លារក្នុងម្នាក់។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងការអនុវត្តទិសដៅការងារបន្តរបស់រដ្ឋបាល ខេត្តកំពង់ចាម នៅទីស្ដីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះថា វិស័យឧស្សាហកម្មនៅក្នុងខេត្តកំពង់ចាម បានទទួលរងនូវផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក ក៏ពិតមែន ប៉ុន្តែមិនមានការបិទទ្វារឈប់ដំណើរការទាំងស្រុងនោះទេ។

លោកបន្តថា “សេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម គឺពឹងផ្អែកទៅលើវិស័យចំនួន៣ រួមមានកសិឧស្សាហកម្ម សេវាកម្ម និងវិស័យឧស្សាហកម្ម”។

ក្នុងប្រជាពលរដ្ឋប្រកបមុខរបរ កសិកម្មជាចម្បងស្មើនឹង៦៦,២ភាគរយ,  សិប្បកម្ម 0,៧០ភាគរយ និងរបរសេវាកម្ម ៣៣,១ភាគរយ ជាមួយនឹងចំណូលសម្រាប់មនុស្សម្នាក់ប្រមាណ១៦៧៩ដុល្លារ។ កំណើនសេដ្ឋកិច្ចទទួលបានពីវិស័យកសិកម្ម ចំនួន៣៨ភាគរយ ឧស្សាហកម្ម និងសិប្បកម្ម១៩ភាគរយ  និងសេវាកម្ម៤៣ ភាគរយ”។

លោកបានបន្តថា បច្ចុប្បន្ន នៅទូទាំងខេត្តកំពង់ចាមមានរោងចក្រ និងសិប្បកម្ម សរុបចំនួន១៣៤២ មូលដ្ឋាន ដោយក្នុងនោះរួមមាន រោងចក្រធុនធំ (វិនិយោគ)ចំនួន ១៧មូលដ្ឋាន (រោងចក្រកាត់ដេរកែច្នៃជ័រកៅស៊ូ)រោងចក្រធុនមធ្យមចំនួន១៣៥មូលដ្ឋាន (ផលិតទឹកសុទ្ធ ម៉ាស៊ីនកិនស្រូវ កែច្នៃជ័រកៅស៊ូ)និងសិប្បកម្មមានចំនួន១១៩៤មូលដ្ឋាន (ការធ្វើអាជីវកម្មលក្ខណៈគ្រួសារ ផលិតដបទឹកសុទ្ធ ទឹកសុទ្ធ កាត់កញ្ចក់ ផ្សារដែក ជាដើម-ល-“) ។

លោកអភិបាលខេត្តបានបញ្ជាក់ថា នៅក្នុងបរិបថដែលកំពុងតែប្រឈមជាមួយនឹងវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលកំពុងបន្តរាតត្បាតនៅពេលបច្ចុប្បន្ន កម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ផងដែរ ជាពិសេសវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ប៉ុន្តែសម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្មនាននៅស្ទើទូទាំងខេត្តកំពង់ចាម នៅតែបន្តមានសក​ម្ម​ភាពលើសង្វាក់ផលិតកម្ម ដោយមិនមានការបិទទ្វារផ្អាកដំណើរការទាំងស្រុងនោះទេ៕

សមាគមអ្នកធុរកិច្ចជប៉ុនសន្យានឹងនាំយកអអ្នកវិនិយោគជប៉ុនមកកម្ពុជាបន្ថែមទៀត

ដោយវុត្ថា

ភ្នំពេញៈ សមាគមធុរកិច្ចជប៉ុននៃកម្ពុជា (JBAC) បានបញ្ជាក់ពីមបំណងពង្រីក និងមកវិនិយោគបន្ថែមរបស់ខ្លួននៅកម្ពុជា ហើយសមាគមនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទាក់ទាញវិនិយោគិនទាំងនោះមកកម្ពុជា។

ថ្នាក់ដឹកនាំាំសមាគមធុរកិច្ចជប៉ុននៃកម្ពុជាបានឱ្យដឹងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនាថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២០នេះ  ខណៈកម្ពុជាបាននឹងកំពុងអនុវត្តនន៍ គោលនយោបាយរបស់កម្ពុជា ក្នុងការពង្រីកទីផ្សារ ក៏ដូចជាទាក់ទាញវិនិយោគ។

លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នតាមរយៈការអនុវត្តគោលនយោបាយនេះ  ក្រសួងពាណិជ្ជកម្ម បានដឹកនាំការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី ដោយក្នុងនោះ កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជានិងជប៉ុនជាភាគីនឹងបញ្ចប់ និងឈានទៅរកការចុះហត្ថលេខាក្នុងឆ្នាំនេះ។

លោកបន្តថា កិច្ចព្រមព្រៀង RCEP នឹងបង្កើតនូវទីផ្សារទូលំទូលាយសម្រាប់កម្ពុជា ហើយកម្ពុជា ក៏កំពុងតែឈានទៅរកការធ្វើឧស្សាហនីយកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីបង្កើតការងារ ក៏ដូចជាបង្កើតតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុក។

លោកប៉ាន សូរស័ក្តិ ក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងកែច្នៃផលិតផលកសិកម្ម ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។

កម្ពុជាបាននាំចេញផលិតផល មានតម្លៃ៦២៧លានដុល្លារទៅទីផ្សារជប៉ុនក្នុងរយៈពេល៤ខែដំបូងឆ្នាំនេះ កើនឡើង៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈកម្ពុជាគួរតែធ្វើពិពិធកម្ម ទៅរកការនាំចេញគ្រឿងអេឡិចត្រូនិច និងគ្រឿងបន្លាស់រថយន្តបន្ថែមទៅកាន់ទីផ្សារជប៉ុន។

យោងតាមរបាយការណ៍ចុងក្រោយ ពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានបង្ហាញថា ចាប់ពីខែមករាដល់ខែមេសាពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងកម្ពុជា ជប៉ុនមានទំហំទឹកប្រាក់៧៧៨លានដុល្លារអាមេរិក កើនឡើង៤ភាគរយ។ ក្នុងរយៈពេលដូចគ្នានេះដែរ ការនាំចូលរបស់កម្ពុជាពីប្រទេសជប៉ុន មានតម្លៃទឹកប្រាក់១៥១លានដុល្លារកើនឡើង៣ភាគរយ។

យោងតាមក្រសួងពាណិជ្ជកម្ម ផលិតផលសក្តានុពលសម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុន មានសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច៕

អាស៊ី! វ៉ាដាច់ទ្វីបផ្សេងទៀតក្នុងការសាងសង់អាគារខ្ពស់ច្រើនជាងគេលើពិភពលោក

ដោយវុត្ថា

ភ្នំពេញ ក្នុងសតវត្សរ៍ចុងក្រោយនេះ ទ្វីបអាស៊ីបានសម្រេចនូវសមិទ្ឋផលដ៏អស្ចារ្យជាច្រើន ពិសេសសំណង់ស្ថាបត្យកម្មនានា តាមរយៈវត្តមាននៃការសាងសង់អគារខ្ពស់កប់ពកជាច្រើននៅក្នុងតំបន់នេះ។

ទ្វីបអាស៊ីបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានការផ្លាស់ប្តូរគូឲ្យកត់សម្គាល់ ខណៈដែលមានការកើនឡើងនៃចំនួនប្រជាសាស្រ្ត ដែលបង្ខំឲ្យទីក្រុងនានាកសាងសង់អគារខ្ពស់កប់ពពកដើម្បីទាក់ទាញទេសចរណ៍ និងវិនិយោគ។

យោងតាមការសិក្សាស្រាវជ្រាវមួយ របស់គេហទំព័ពត៌មានEmpori ដែលបានប្រ​មូលទិន្ន័យទៅលើអចលនទ្រព្យ ក៏ដូចជា អគារខ្ពស់កប់ពពកនៅទូទាំងពិភពពកលោក បង្ហាញថា មានតែអគារខ្ពស់កបពកនៅក្នុងទីក្រុងតំបន់អាស៊ីប៉ុណ្ណោះដែលល្អបំផុត។

បើយោងតាមការចុះផ្សារពីគេហទំព័ព៌តមាន worldatlas មានអគារខ្ពស់កប់ពកល្អបំផុតចំនួន១២នៅទូទាំងតំបន់អស៊ី ដូចជានៅក្នុងទីក្រុងហុងកុង ទីក្រុង សៀងហៃ និងតៃប៉ិ ជាដើម។ ទីក្រុងក្នុងតំបន់អាស៊ី ត្រូវបានជាប់កំណត់ត្រា ជាប្រទេសដែលមានការលូតលាស់លឿងបំផុតជាងតំបន់ណាៗទាំងអស់ ក្នុងសតវត្សរ៍ចុងក្រោយនេះ។ តាមការកត់សម្គាល់របស់គេហទំព័រ worldatlas បានសរសេរថាទីក្រុងឌុបៃ និងទីក្រុងដូហា ដែលមានការលូតលាស់អគារខ្ពស់កប់ពពកលឿនជាងគេ ដោយរដ្ឋាភិបាលប្រទេសទាំងនេះបានប្រែក្លាយទីក្រុងរបស់ពួកគេ ពីទីក្រុងតូចមួយ ក្លាយជាអគារទីក្រុងធំលំដាប់ពិភពលោក។

ចំណែកទីក្រុងធំៗមួយចំនួន នៅក្នុងតំបន់អាស៊ានមានអគារខ្ពស់កប់ពពកដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោកផងដែរ ដោយសារតែមានការសាងសង់ផ្តោតលើភាពបៃតង និងរចនាបទបែបប្រពៃណី គួបផ្សំជាមួយស្ថាបត្យកម្មទំនើប។

ទីក្រុងហុងកុងគឺជាទីក្រុង ដែមានអគារខ្ពស់កប់ពពកដ៏ស្រស់ស្អាតបំផុត ហើយមានចំនួនអគារខ្ពស់កបពពកច្រើនគួសម ក្នុងពិភពលោកបន្ទាប់ពីទីក្រុងឌុបៃ និងទីក្រុងញ៉ូវយ៉ក។

បន្ថែមពីនេះ ក៏មានអគារខ្ពស់កប់ពពកដ៏ស្រស់ស្អាតជាច្រើនផ្សេងទៀត នៅក្នុងទីក្រុងតៃប៉ិ ទីក្រុងដូហា ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូជាដើម៕

 

ប្រា​សាក់ ទទួលបាន​កម្ចី​ចំនួន 150លាន​ដុល្លារ​អាមេរិក ពី​ធនាគារ ខេ​ប៊ី គូក​មីនដើម្បី​ពង្រឹង​មូលធន​កម្ម សន្ទនីយ​ភាព និង​ពង្រីក​ការផ្តល់​ឥណទាន

រាជធានី​ភ្នំពេញ៖ ទោះបី​ជាមាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិយាកាស​អាជីវកម្ម ដែល​បណ្តាលមកពី​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ-19 ប្រា​សាក់ ដែលជា​ស្ថាប័នហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា បាន​បោះជំហាន​បន្ថែមទៀត​ដើម្បី​ធានាបាន​នូវ​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់ខ្លួន ដោយ​ទទួលបាន​ដោយ​ជោគជ័យ​ក្នុងការ​ទទួលបាន​អនុ​បំណុល​ក្នុង​ទឹកប្រាក់ 50 លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល 7 ឆ្នាំ និង​កិច្ចសន្យា​ផ្តល់ទុន​ក្នុង​ទឹកប្រាក់ 100 លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល 3 ឆ្នាំ ពី​ធនាគារ ខេ​ប៊ី គូក​មីន ដែលជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង និង​ជា​ម្ចាស់​ភាគ​ទុ​និក​ថ្មី​របស់​ប្រា​សាក់​ចាប់តាំងពី​ខែមេសា ឆ្នាំ 2020 ។

លោក Chang-Su Choi នាយក​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​ធុរកិច្ច​សាកល នៃ​ធនាគារ ខេ​ប៊ី គូក​មីន បាន​មានប្រសាសន៍ថា «ធនាគារ ខេ​ប៊ី គូក​មីន ពិតជា​រីករាយ​ផ្តល់​ឥណទាន​នេះ​ដល់​ប្រា​សាក់ ដើម្បីឱ្យ​ប្រា​សាក់​អាច​ផ្ដល់​ឥណទាន​នេះ​បន្ត​ជូន​ដល់​សហគ្រាស​ធុន​តូច​បំផុត តូច និង​មធ្យម នៅក្នុង​ប្រទេស​កម្ពុជា។ សកម្មភាព​នេះ​នឹងចូលរួម​ចំណែក​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ព្រមទាំង​បង្កើត​ឱកាស​ការងារ ក្នុងស្ថានភាព​ប្រឈម​ដែល​មិន​ធ្លាប់​ជួបប្រទះ​ពីមុន​មកនេះ» ។

លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​បញ្ជាក់ថា «ការផ្ដល់​ហិរញ្ញប្បទាន​នេះ នឹង​ជួយ​ឱ្យ​ប្រា​សាក់​ពង្រឹង​មូលធន​កម្ម​ឱ្យ​កាន់តែ​រឹងមាំ និង​បង្កើន​សន្ទនីយ​ភាព​ដើម្បី​បំពេញបាន​តាម​តម្រូវការ​អាជីវកម្មរ​បស់​ប្រា​សាក់ ក៏ដូចជា​ផ្តល់​លទ្ធភាព​ច្រើន​បន្ថែមទៀត​ដល់​ប្រា​សាក់​លើ​ការពង្រីក​ការផ្តល់​កម្ចី​ដល់​អាជីវកម្ម​ធុន​តូច​បំផុត តូច និង​មធ្យម ដែល​ភាគច្រើន​មាន​ម្ចាស់​ជា​ស្ត្រី ដើម្បី​រក្សា​និរន្តរភាព​ប្រតិបត្តិការ​អាជីវកម្ម និង​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​របស់​ពួកគាត់» ។

លោក​បាន​បន្តទៀតថា «ទោះបី​ស្ថិតក្នុង​ពេលវេលា​នៃ​ភាពមិនច្បាស់លាស់​នេះ​ក៏ដោយ ប្រា​សាក់ នៅតែ​អាច​ទទួលបាន​ការជឿជាក់​ពី​ធនាគារ ខេ​ប៊ី គូក​មីន តាមរយៈ​ការផ្តល់​ឥណទាន​នេះ។ នេះ​គឺជា​ការបង្ហាញ​ពី​ទំនុកចិត្ត​ដ៏​រឹងមាំ​មិន​រង្គោះរង្គើ​មកលើ​ប្រា​សាក់ និង​មកលើ​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ទស្សនវិស័យ​វែងឆ្ងាយ​នៃ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា» ។

សូមបញ្ជាក់ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ម.ក មាន​អាជ្ញាប័ណ្ណ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន ពី​ធនាគារជាតិ​នៃ​កម្ពុជា។ ក្នុង​ខែមិថុនា ឆ្នាំ 2020 ប្រា​សាក់ នៅតែ​បន្ត​ក្នុងការ​នាំមុខ​ទីផ្សារ បើ​គិតពី ទ្រព្យសកម្ម ឥណទាន​ដុល ប្រាក់​បញ្ញើ​របស់​អតិថិជន និង​ប្រាក់ចំណេញ​សុទ្ធ។ តាមរយៈ​ការពង្រីក​សាខា​រហូតដល់ 181 សាខា និង​ម៉ាស៊ីន​អេ​ធី​អឹម ចំនួន 138 គ្រឿង គ្របដណ្តប់​ទូទាំងប្រទេស ប្រា​សាក់ ផ្តល់នូវ​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​ច្រើន​សម្បូរបែប​ដល់​សហគម​ន៍ និង​សហគ្រាស​ខ្នាតតូច​បំផុត​នៅ​ជនបទ។ គិត​មកដល់​ចុងខែ​មិថុនា ឆ្នាំ 2020 លទ្ធផល​ដ៏​ល្អប្រសើរ​របស់​ប្រា​សាក់ ត្រូវបាន​បង្ហាញ​តាមរយៈ​កំណើន​ឥណទាន​ដុល​កើន​ឡើងដល់ 2,659 លាន​ដុល្លារ​អាមេរិក និង​សមតុល្យ​ប្រាក់​បញ្ញើ​ពី​អតិថិជន​ចំនួន 1,928 លាន​ដុល្លារ​អាមេរិក។ ទ្រព្យសកម្ម​សរុប​រប​ស់​ប្រា​សាក់ បាន​កើនឡើង​ច្រើនជាង 3,39០ លាន​ដុល្លារ​អាមេរិក។

ចំណែក ធនាគារ ខេ​ប៊ី គូក​មីន (KB Kookmin Bank) គឺជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែលមាន​ចំនួន​សាខា​ច្រើនជាងគេ​បំផុត​នៅក្នុង​វិស័យ​ធនាគារ និង​មាន​អតិថិជន​ជាង 30 លាន​នាក់ ដែល​សមមូល​នឹង​ជាង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​កូរ៉េ​ទូទាំងប្រទេស។ ធនាគារ ខេ​ប៊ី គូក​មីន ក៏​ឈរ​ជា​ធនាគារ​នាំមុខគេ​លើ​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត រួមមាន Liiv និង KB Star Banking ដោយមាន​អតិថិជន​ច្រើនជាង 15 លាន​នាក់។ ធនាគារ ខេ​ប៊ី គូក​មីន បាន​ដើរតួនាទី​សំខាន់​ក្នុងការ​រួមបញ្ចូល​គ្នា​ក្នុងចំណោម​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងអស់​នៅក្នុង KB Financial Group៕

អង្គការទេសចរណ៍ពិភពលោកបញ្ជាក់ថា កម្ពុជា ជាប្រទេសអាទិភាពក្នុងការទទួលជំនួយស្តារទេសចរណ៍ឡើងវិញ

ដោយៈ រ៉ាណេត

ភ្នំពេញៈគណៈកម្មាធិការអង្គការទេសចរណ៍ពិភពលោក នៃអង្គការសហប្រជាជាតិ (UNWTO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អាស៊ីទក្សិណ បានចាត់ទុកកម្ពុជាជាប្រ​ទេសដែលមានអាទិភាព ក្នុងការទទួលជំនួយបច្ចេកទេស ក៏ដូចការគាំទ្រផ្សេងៗពី UNWTO ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ឡើងវិញ នៅក្រោយវិបត្តិ COVID-19។

នៅក្នុងកិច្ចប្រជុំលើកទី៣២ នៃគណៈកម្មាធិការ UNWTO នៅដើមសប្ដាហ៍នេះ បណ្តាប្រទេសជាសមាគមបានពិភាក្សា និងមានការលើកឡើងច្រើនពីកម្ពុជា ជាពិសេសការជំរុញឱ្យកម្ពុជាទទួលបានជំនួយបច្ចេកទេស និងការគាំទ្រនានាទៀតពីWTO ដើម្បីស្តារអភិវឌ្ឍន៍វិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីវិបត្តិ COVID-19។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១ កក្កដាកន្លងមកថា នៅក្នុងដំណើរការនៃប្រយុទ្ធប្រឆាំង ការរាតត្បាតមេរោគCOVID-19 នេះ កម្ពុជាបានអនុវត្តតាម UNWTO និងគណៈកម្មការអន្តរក្រសួងរបស់រដ្ឋាភិបាលកម្ពុជា ដែលមានការដាក់ឱ្យអ្នកសង្ស័យស្នាក់នៅដាច់ដោយឡែក ការរក្សាគន្លាតសង្គម ព្រមជាមួយគ្នានេះក្រសួងទេសចរណ៍ ក៏បានដាក់ចេញនូវវិធានសុវត្ថិភាពទេសច​រណ៍នៅជំហានទី១ បន្ថែមលើវិធានទប់ស្កាត់ COVID-19 របស់ក្រសួងសុខាភិបាល និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យកម្ពុជាធានាបាននូវការទប់ស្កាត់ការរីករាលដាលមេរោគ COVID-19 ប្រកបដោយប្រសិទ្ធភាព។

លោកបញ្ជាក់ថា “សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុវត្តគោលការណ៍ឧបត្ថម្ភសាច់ប្រាក់ ជូនដល់បណ្តាប្រជាពលរដ្ឋក្រីក្រ និងអ្នកព្យួរការ​ងារក្នុងវិស័យទេសចរណ៍ កំឡុងពេលវិបត្តិCOVID-19ហើយក្រៅពីនេះ កម្ពុជាក៏បានរៀប​ចំកញ្ចប់ប្រព័ន្ធអនុគ្រោះពន្ធជាបន្តបន្ទាប់ ដើម្បីរក្សាលំនឹងអាជីវកម្មក្នុងវិស័យទេសចរណ៍ផងដែរ”។

កិច្ចប្រជុំលើកទី៣២ របស់គណកម្មាធិការ UNWTO នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អាស៊ីទក្សិណនេះ ប្រទេសម៉ាឡេស៊ី និងមាល់ឌីវ បានធ្វើជាសហប្រធានរៀបចំ ដែលមានរដ្ឋមន្ត្រីទេសចរណ៍ មកពីបណ្តាប្រទេសចំនួន២៨ចូលរួម និងមានអគ្គលេខាធិកា​រអង្គការ UNTWO និងបណ្តាអ្នកជំនាញជាច្រើនទៀតបានអញ្ជើញចូលរួមផងដែរ៕

ទំហំពាណិជ្ជកម្មកម្ពុជា -អាមេរិកកើនឡើងដល់ជាង៥៨០០លានដុល្លារ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្នុងនាមជាប្រទេសដៃគូអភិវឌ្ឍន៍ យ៉ាងជិតស្និទ្ធទ្វេភាគីរវាងកម្ពុជា-អាមេរិកទំហំពាណិជ្ជកម្មបានកើនឡើង រហូតដល់ជាង៥៨០០លានដុល្លារ ស្មើនឹងប្រមាណជាង៣៧ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ នៅក្នុងឱកាសចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៤៤ នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក ដែលបានប្រារព្វទ្បើងនៅសណ្ឋាគារ Le Royal រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០កន្លង​មកថា ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា សូមបង្ហាញនូវការអបអរសាទរ និងការជូនពរដ៏កក់ក្តៅបំផុត ដល់ប្រជាជននិងរដ្ឋាភិបាលសហរដ្ឋអាមេរិក។

លោកបានបន្តថា “ទិវានេះពិតជាឱកាសដ៏វិសេសវិសាលមួយ ដោយហេតុថាការប្រារព្ធខួបលើកទី២៤៤ នៃទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ក៏ជាការប្រារឰខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជានិង សហរដ្ឋអាមេរិច ដែលក្នុងនោះរួមបញ្ចូលទាំងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ វប្បធម៌ ក៏ដូចជាកម្មវិធីរវាងប្រជាជន និងប្រជាជនផងដែរ”។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សមិទ្ធិផលជាទីពេញចិត្ត ដែលប្រទេសទាំងពីរបានសហការគ្នាធ្វើនាពេលថ្មីៗនេះមានជាច្រើន ដែលក្នុងនោះរួមមានដូចខាងក្រោម ៖

– ការភ្ជាប់ចំណងរវាងប្រទេសយើងទាំងពីរ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ផ្អែកលើការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក និងការគោរពគ្នា ក៏ដូចជាបន្តពង្រឹងថែមទៀតនូវទំនាក់ទំនងប្រទេសទាំងពីរ។

– កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងការអប់រំរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលមានគោលបំណងពង្រឹង និងបង្កើនដំណើរផ្លាស់ប្តូរទស្សនកិច្ច នៃសមាជិកសមាជិកាសភានិងបុគ្គ​លិកសភាអាមេរិក និងមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្សេងទៀតមកកម្ពុជា សំដៅឲ្យយល់ងដឹងកាន់តែច្បាស់អំពីវប្បធម៌ និងសង្គម នៃប្រទេសកម្ពុជា។

– ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងទីភ្នាក់​ងារ USAIDនៅឆ្នាំ២០១៩ ដែលមានទឹកប្រាក់សរុបចំនួន៥៦លានដុល្លារអាមេរិក សម្រា​ប់​គាំទ្រ វិស័យសុខាភិបាល ការអប់រំ កសិកម្ម និងបរិស្ថាន។ សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលគិតជាទឹកប្រាក់ ពីសហរដ្ឋអាមេរិកមានចំនួន១១លានដុល្លារសហអាមេរិក ដោយក្នុងនោះក៏មានការជួយកម្ពុជា លើគម្រោងដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសុខភាពរបស់ប្រជាជនកម្ពុជាផងដែរ។

– ពាក់ព័ន្ធផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទំហំពាណិជ្ជកម្មសរុបបានកើនឡើងក្នុង៣៧% ក្នុងឆ្នាំ២០១៩ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ដែលមានតម្លៃប្រមា​ណពី៤ពាន់លានដុល្លារអាមេរិកដល់៥,៨ ពាន់លានដុល្លារអាមេរិក៕

ប្រធានធនាគារកណ្តាលៈសេដ្ឋកិច្ចសហរដ្ឋអាមេរិកងើបឡើងវិញលឿនជាងការរំពឹងទុក

ដោយ ប៊ី

អន្តរជាតិៈ សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកកំពុងបង្ហាញសញ្ញាថា កំពុងស្ទុះងើបឡើងវិញលឿនជាងការរំពឹងទុក ពីការខូចខាតដែលបណ្តាលមកពីវិបត្តិជំងឺCOVID-19 ប៉ុន្តែមន្រ្តីសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារបានបង្ហាញសញ្ញាថាជំនួយបន្ថែមទៀតអាចត្រូវការដើម្បីពង្រឹងការត្រឡប់មកវិញនេះ។

អ្វីដែលមិនរំពឹងទុកនោះគឺថា ចំនួនការងារនៅអាមេរិកនៅក្នុងខែឧសភា បានកើនឡើង ដោយសារកម្មវិធីគាំទ្រ CARES Act ហើយទិន្នន័យថ្មី ដែលត្រូវបានចេញផ្សាយនៅថ្ងៃអង្គារ បង្ហាញថា ទំនុកអ្នកប្រើប្រាស់បានកើនឡើងកាលពីខែមិថុនា។

លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិកបាននិយាយថា “យើងបានឈានចូលដំណាក់កាលថ្មីដ៏សំខាន់ ហើយបានធ្វើលឿនជាងការរំពឹងទុក”។

ប៉ុន្តែត្រីមាសពី ពីខែមេសាដល់ខែមិថុនា ទំនងជាមានការថយចុះដ៏ធំបំផុតនៃ GDP បន្ទាប់ពីអាជ្ញាធរបានបិទអាជីវកម្មនៅទូទាំងប្រទេស។

លោកថា “ដរាបជំងឺCOVID-19 មិនត្រូវបានគ្រប់គ្រង ដូច្នេះសេដ្ឋកិច្ចមិនអាចងើបឡើងបានពេញលេញនោះទេ”។លោកបានលើកឡើងថា “ការងើបឡើងវិញពេញលេញគឺមិនទំនងកើតឡើងទេ ទាល់តែប្រជាជនមានទំនុកចិត្តថា វាមានសុវត្ថិភាពក្នុងការធ្វើការផ្សារភ្ជាប់ជាមួយនឹងសកម្មភាពសេដ្ឋកិច្ចឡើងវិញ”។

ការអត្ថាធិប្បាយនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋជាច្រើននៅភាគខាងត្បូង និងខាងលិចនៃសហរដ្ឋអាមេរិក រួមទាំងរដ្ឋតិចសាស់ និងរដ្ឋផ្លរីដាត្រូវបានបង្ខំឱ្យធ្វើការរឹតត្បិតជាថ្មី បន្ទាប់ពីបានឃើញករណីCOVID-19 កើនឡើង។

ប្រធានធនាគារកណ្តាលរូបនេះ បានបង្ហាញខ្លួនជាមួយលេខាធិការរតនាគារលោក Steven Mnuchin ដើម្បីពិភាក្សាពីកម្មវិធី CARES ដែលត្រូវបានអនុម័តនៅចុងខែមីនា ដែលផ្តល់ប្រាក់កម្ចី និងជំនួយយ៉ាងច្រើនដល់អាជីវកម្ម និងគ្រួសារ។

លោក Powell បាននិយាយថា “កម្មវិធីទាំងនោះ ដែលរាប់បញ្ចូលទាំងប្រាក់កម្ចីរាប់ពាន់លានដុល្លារនៃកិច្ចខិតខំប្រឹងប្រែងផ្តល់ប្រាក់កម្ចី និងការទិញសញ្ញាប័ណ្ណ ដោយធនាគារកណ្តាល នៅតែមានសារៈសំខាន់”។លោកបាននិយាយទៀតថា “ផ្លូវឆ្ពោះទៅមុខក៏នឹងពឹងផ្អែកលើសកម្មភាពគោលនយោបាយ ដែលបានអនុវត្តនៅគ្រប់កម្រិតទាំងអស់របស់រដ្ឋាភិបាល ដើម្បីផ្តល់ជំនួយសង្គ្រោះ និងគាំទ្រដល់ការស្តារឡើងវិញ ក្នុងរយៈពេលចាំបាច់”។

ជំនួយគោលដៅ

លោក Mnuchin បាននិយាយថា ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលត្រូវបានអនុម័តដោយសភា កំពុងជួយជំរុញសេដ្ឋកិច្ចឱ្យប្រសើរឡើង នៅពាក់កណ្តាលឆ្នាំនេះ។

លេខាធិការរូបនេះ បានគូសបញ្ជាក់ទិន្នន័យដែលបង្ហាញថា ជំនួយដែលបានបញ្ចេញរួចហើយ បានជួយជំរុញឱ្យមានការងើបឡើងវិញ រួមទាំងការបង្កើតការងារចំនួន ២,៥ លានកន្លែងនៅក្នុងខែឧសភា។

លោក Mnuchin បាននិយាយថា “ខណៈពេលដែលអត្រាគ្មានការងារធ្វើនៅតែខ្ពស់ជាប្រវត្តិសាស្ត្រ យើងកំពុងមើលឃើញសញ្ញាបន្ថែមទៀតថា ស្ថានភាពនឹងប្រសើរឡើងយ៉ាងខ្លាំងនៅក្នុងត្រីមាសទី៣ និងទី៤ឆ្នាំនេះ”។

អ្នកប្រើប្រាស់មានទំនុកចិត្តកាន់តែខ្លាំងឡើងនៅក្នុងខែមិថុនា ចំពេលមានស្ថានភាពការងារប្រសើរឡើង និងមានល្បឿនយឺតនៃការបញ្ឈប់បុគ្គលិក។ ទំនុកចិត្តរបស់អ្នកប្រើប្រាស់ បានលោតដល់៩៨,១ កើនពី៨៥,៩ភាគរយ ទោះបីយ៉ាងណាវានៅតែទាបជាងកំរិតមុនពេលជំងឺរាតត្បាតក៏ដោយ។

ការកើនឡើងនេះ ដោយសារការប្រើសើរឡើងនៃលក្ខខណ្ឌផលិតកម្ម និងការលក់ផ្ទះរឹងមាំ និងតម្លៃ ចំពេលអត្រាការប្រាក់ទាប។

ទោះបីជាទទួលបានការសរសើរ ចំពោះការកើនឡើងនេះក៏ដោយ ក៏លោក Mnuchin បាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើការជាមួយសភាលើជំហានបន្ថែមទៀត ដើម្បីផ្តល់ជំនួយដល់អាជីវកម្ម និងកម្មករដែលរងគ្រោះ ដោយប្រឹងប្រែងដើម្បីទប់ទល់នឹងជំងឺCOVID-19 ដែលlokសង្ឃឹមថានឹងបញ្ចប់នៅចុងខែកក្កដានេះ។

លោកបានបន្តថា ប៉ុន្តែការផ្តល់ជំនួយបន្ថែមណាមួយ “នឹងត្រូវបានផ្តោតទៅលើឧស្សាហកម្មជាក់លាក់ ដែលត្រូវបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ពីជំងឺរាតត្បាត ដោយផ្តោតលើការងារ និងដាក់កម្មករអាមេរិកទាំងអស់ ដែលបាត់បង់ការងារត្រឡប់ទៅធ្វើការវិញ”។

លោកបានលើកឡើងពីឧស្សាហកម្មដូចជាការលក់រាយ និងការធ្វើដំណើរដែល “កំពុងប្រឈមមុខនឹងផលប៉ះពាល់រយៈពេលវែង និងអាចត្រូវការជំនួយបន្ថែមទៀត” បើទោះបីអាជីវកម្មខ្នាតតូចជាច្រើន អាចបើកដំណើរការឡើងវិញ យ៉ាងហោចណាស់ផ្នែកខ្លះក៏ដោយ៕ AFP៕