មូលនិធិសម្ដេចតេជោ ហ៊ុន សែន សម្រាប់អភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងរបស់សេដ្ឋកិច្ចកម្ពុជា

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអះអាងថា មូលនិធិសម្ដេចតេជោ សម្រាប់អភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គឺជាឆ្អឹងខ្នងយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកកំណើនសេដ្ឋកិច្ចជាតិ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរការប្រព្រឹត្តទៅនៃមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះថា សម្ដេចតេជោនាយករដ្ឋមន្រ្តីពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់ ដល់ការងារបង្កើតមូលនិធិដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនេះ ដោយសារជាបទពិសោធនៅប្រទេសមាន ការអភិវឌ្ឍ តែងបានគិតគូអំពីបញ្ហានេះ បន្ទាប់ពីមានការចាត់ទុកថាសហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងដើម្បីពង្រឹង និងពង្រីកសេដ្ឋកិច្ច។

សម្ដេចបានបន្ថែមថា សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងដ៏សំខាន់ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ ហើយកន្លងមកសម្តេចក៏ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចផ្លូវការនៅប្រទេសនានាផងដែរ ដែលបានផ្ដល់ជាបទពិសោធន៍ និងឱកាសស្វែងយល់ច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនេះ។

គិតមកដល់បច្ចុប្បន្ននេះ សហគ្រាសខ្នាតតូចនិងមធ្យមសរុបប្រហែល៥៣ម៉ឺន នៅកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងនាមជាស្នូលសេដ្ឋកិច្ចជាតិ ដែលចាំបាច់តម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីឱ្យវិស័យនេះកាន់តែមានសក្តានុពលបន្ថែមទៀត។

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិ បានលើកឡើងនូវសកម្មភាព និងលទ្ធផលការងារ ដែលថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាភិបាលបានរួមគ្នាសម្រេចកន្លងមក ដោយក្នុងនោះ រួមមានការរៀបចំនូវរចនាសម្ព័ន្ធ កិច្ចការងាររៀបចំលក្ខខន្តិកៈ ក៏ដូចជាលិខិតស្នើសុំបង្កើតសមាគម និងការចុះបញ្ជីស្របច្បាប់ជាដើម។

លោកឧកញ៉ាបានបញ្ជាក់ថា មូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវបានបង្កើតឡើង ក្នុងគោលបំណងបង្កើតជាក្រុមការងារ សម្រាប់ផ្លាស់ប្ដូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ក្នុងន័យលើកស្ទួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឱ្យមានភាពល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here