ដោយ ហ្សូលី
ភ្នំពេញ៖ ផ្នែកមួយចំនួននៅខេត្តកណ្តាលបានទទួលរងផលប៉ះពាល់ដោយសារការជន់លិច តែយ៉ាងណាវាមិនមានផលប៉ះពាល់រំខានដល់ដំណើរការស្ថាបនានៃគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីឡើយ។ នេះបើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ិន ចាន់សេរីវត្ថា បានមានប្រសាសន៍ថា ទោះបីជាគ្រោះទឹកជំនន់បានជន់លិចនៅតំបន់ក្បែរនឹងការដ្ឋានសាងសង់អាកាសយានដ្ឋានក៏ដោយ ប៉ុន្តែអាកាសយានដ្ឋាននៅតែបន្តដំណើរការសាងសង់ដោយមិនមានការពន្យាពេល ឬមានផលប៉ះពាល់ដល់ការស្ថាបនាឡើយ។
លោកបន្តថា ក្រុមការងារបានចាត់វិធានការទប់ស្កាត់ជុំវិញតំបន់ការដ្ឋានសាងសង់មិនឱ្យមានទឹកជំនន់មកហូរជន់បានទេ។ តំបន់លិចទឹកគឺមានតែនៅលើផ្លូវចូលទៅកាន់ការដ្ឋានសំណង់ប៉ុណ្ណោះ តែសំណង់ទាំងមូលត្រូវបានការពារយ៉ាងល្អ។ ការសាងសង់នឹងមិនត្រូវបានពន្យារពេលនោះទេ ប៉ុន្តែវាបានបង្កបញ្ហាមួយចំនួនទាក់ទងនឹងការដឹកជញ្ជូនសម្ភារៈសំណង់សម្រាប់គម្រោង ហើយការសាងសង់មិនអាចអនុវត្តលឿនជាងមុនទេ ពីព្រោះផ្លូវមួយចំនួនត្រូវបានបិទ។
លោកបន្ថែមថា ក្រុមហ៊ុនបានសាងសង់ទំនប់បំពាក់ដោយម៉ាស៊ីនបូមទឹក ដើម្បីរំដោះចេញពីកន្លែងសាងសង់។

ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ ព្រលានយន្តថ្មីភ្នំពេញថ្មី ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលមានផ្ទៃដីសរុប២៦០០ហិកតា គម្រោងសាងសង់មាន៣ដំណាក់កាល។
អាកាសយានដ្ឋានថ្មីនេះជាប្រភេទ 4F ដែលអាចឱ្យយន្តហោះធំៗដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។ កម្ពុជានឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគគិនកាន់តែច្រើនឡើងក្រោយពីព្រលានយន្តហោះអន្តរជាតិថ្មីនេះកសាងរួច។ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ឱ្យបានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះក្នុងតំណាក់កាលទី១៕






