អ្នកនាំពាក្យអះអាងថា មូលដ្ឋានអាជីវកម្មភាគច្រើននៅខេត្តព្រះសីហនុបើកដំណើរការឡើងវិញ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ដំណើរអាជីវកម្មនានានៅក្នុងខេត្តនៅពេលបច្ចុប្បន្ននេះ នៅតែដំណើធម្មតា ទាំងវិស័យភោជនីយដ្ឋាន សេវាកម្ម និងសណ្ឋាគារ ខណៈដែលវិនិយោគិនចិននៅតែបន្តវិលត្រឡប់ចូលមកវិញជាបន្តបន្ទាប់។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់គេហទំព័រ propertyarea.asia នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះថា ទាំងអាជីវកម្ម ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់របស់ប្រជាពលរដ្ឋខ្មែរ នៅតែដំណើរធម្មតា ដោយក្នុងនោះ អាជីវកម្មរបស់ជនបរទេសក៏នៅតែដំណើរការធម្មតាផងដែរ។

លោកបន្តថា សម្រាប់អាជីវកម្មទេសចរណ៍មួយចំនួនគឺមានការផ្អាកដំណើរការបណ្តោះអាសន្ន ប៉ុន្តែជារួមសម្រាប់អាជីវកម្មដែលមានម្ចាស់ជាជនជាតិខ្មែរ បានបើកដំណើរការក្នុងចំនួនច្រើន ដែលមិនមានផលប៉ះពាល់នោះទេ។

លោកកបន្ថែមថា សម្រាប់វិនិយោគិនចិន និងប្រជាជនចិនដែលបំរើការជំនាញនៅក្នុងខេត្តព្រះសីហនុកន្លងមកនេះ នៅតែបន្តធ្វើដំណើរមកកាន់ខេត្តព្រះសីហនុជាបន្តបន្ទាប់ ដោយក្នុងមួយសប្តាហ៍មានជើងហោះហើរតាមរយៈព្រលានយន្ដហោះកងកេងចំនួន២ ជើងជារៀងរាល់សប្តាហ៍។

លោក ធី ចន្ធី ម្ចាស់ផ្ទះសំណាក់មួយនៅតំបន់អូត្រេះ បានឱ្យដឹងដែរថា អាជីកម្មផ្ទះសំណាក់ទាំងអស់នៅក្នុងខេត្តព្រះសីហនុនៅតែដំណើរធម្មតា ប៉ុន្តែសម្រាប់អាជីកម្មរបស់ជនជាតិចិនមួយចំនួននៅមិនទាន់បើកដំណើរការនៅឡើយទេ ខណៈដែលពួកគេមិនទាន់ត្រឡប់មមកវិញ។

លោកបន្តថា បើទោះបីអាជីកម្មមានដំណើរការក៏ពិតមែន តែមិនទទួលបានភ្ញៀវច្រើននោះទេ ហើយចំណូលជាប្រចាំអាចបានត្រឹមតែមួយទប់ទល់ចំណាយតែប៉ុណ្ណោះ មិនដូចកាលពីពេលមុនឡើយ ។ លោកបន្ថែមថា សម្រាប់ជនជាតិចិនដែលត្រឡប់មកវិញក្នុងពេលកន្លងមកនេះ គ៏មិនសូវច្រើនដែរ។ ដោយឡែកភ្ញៀវទេសចរក៏មិនទាន់មានច្រើនដែរ ប៉ុន្តែរំពឹងថា កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងកើនឡើងវិញបន្ទាប់ពីការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ៕

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុបានបង្ហាញថា ស្ថិតិអាជីវកម្មក្នុងវិស័យទេសចរណ៍ មានចំនួនសរុប៨៧៧ទីតាំង ក្នុងនោះ៖ សណ្ឋាគារ ១០៧ ស្មើនឹង៧,៥១៥ បន្ទប់ បឹងហ្គាឡូ៣៣ ស្មើនឹង៤៦២បន្ទប់។ ផ្ទះសំណាក់ ២៣០ស្មើនឹង ២,៧៧៥ បន្ទប់ ភោជនីយដ្ឋាន/អាហារដ្ឋាន៣១២ ស្មើនឹង១៣,៨៩២កៅអី។ ខារ៉ាអូខេ ៣៨ ស្មើនឹង៤៤៨បន្ទប់ ឌីស្កូតែក៩ ចំណុះ៨៩៨នាក់។ បៀរហ្គាឌិន៣ស្មើនឹង៣៩០ កៅអី ទូកដឹកភ្ញៀវទេសចរ ៣០ម្ចាស់ ស្មើនឹង៥៤កៅអី កីឡាទេសចរណ៍២០ ទីភ្នាកងារទេសចរណ៍២៣ និងរមណីយដ្ឋានធម្មជាតិ និងកែឆ្នៃ៦(មិនរាប់បញ្ជូលរមណីយដ្ឋានឆ្នេរ)។

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តទទួលបានកំណើនទេសចរជាតិ អន្តរជាតិជាមធ្យមពី១០-១៥% ។ ក្នុងឆ្នាំ២០១៩ ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរសរុបជាង២.២លាននាក់ កើនឡើង៨,៨៧% ក្នុងនោះភ្ញៀវទេសចរជាតិ១.៣៤៣.៦៩០នាក់ ថយចុះ ៨,៣៧% និងភ្ញៀវទេសចរអន្តរជាតិ៨៨៥.៧៩២ នាក់ កើនឡើង៥២,៤១% ៕

អ្នកជំនាញ ៖ ទីផ្សារអចលនទ្រព្យនៅកម្ពុជា បាន និងកំពុងចាប់ផ្តើមងាកចេញពីវិបត្តិ COVID-19

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ក្រុមអ្នកជំនាញបានអះអាងថា អ្នកទិញអចលនទ្រព្យជាច្រើនកំពុងស្វែងរកចាប់យកឱកាស ក្នុងការទិញអចលនទ្រព្យស្ទើតែគ្រប់ទីកន្លែង ដែលមានសក្ដានុពលទូទាំងប្រទេសកម្ពុជា ខណៈវិស័យនេះបានចាប់ងាកចេញពីវិបត្តិ COVID-19។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានថ្លែងប្រាប់ Propertyarea.asia នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ថា ទីផ្សារអចលនទ្រព្យបាន និងកំពុងចាប់ផ្តើមងាកចេញពីវិបត្តិ COVID-19 ខណៈអ្នកវិនិយោគក្នុងវិស័យនេះកំពុងស្វែងរកឱកាសដើម្បីចាប់យកអចលនទ្រព្យនៅទីតាំងដែលមានសក្តានុពលនៅទីតាំងផ្សេងៗស្ទើពេញផ្ទៃប្រទេស។

លោកបានថ្លែងថា “អ្នកទិញអចលនទ្រព្យកាន់តែច្រើនកំពុងស្វែងរកចាប់យកអចលនទ្រព្យស្ទើតែគ្រប់ទីកន្លែងក្នុងប្រទេស”។ លោកបន្តថា “សក្តានុពលនៃទីផ្សារអចលនទ្រព្យនៅកម្ពុជាបានចាប់ផ្តើមកើនឡើងជាលំដាប់។ វិស័យអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្នមានភាពរស់រវើក ហើយខ្ញុំនៅតែមានសុទិដ្ឋិនិយមថា វិស័យនេះនឹងកើនឡើងទ្វេដង នៅពេលដែលជំងឺ Covid-19 បានផុតរលត់ទាំងស្រុង”។

លោក James Hodge នាយករងក្រុមហ៊ុន CBRE Cambodia បានគេទំព័រ Propertyarea.asia ថា ការទិញអចលនទ្រព្យនៅតែមានភាពសកម្ម ប៉ុន្តែអ្នកវិនិយោគមានប្រុងប្រយ័ត្នខ្ពស់ ហើយពួកគេចង់ធ្វើឱ្យប្រាកដថា ពួកគេមានព័ត៌មានគ្រប់គ្រាន់ មុនពេលវិនិយោគ ដែលជារឿយៗបញ្ហាអាចកើតឡើងមើលមិនឃើញ។

ទាក់ទងនឹងប្រជាជនក្នុងស្រុក ចាប់ផ្តើមទិញអចលនទ្រព្យ លោក James បាននិយាយថា កម្រិតសកម្មភាពនៅទូទាំងទីផ្សារ កំពុងផ្លាស់ប្តូរយឺតៗឆ្ពោះទៅរកភាពធម្មតា នៅពេលភាពជឿជាក់ត្រឡប់មកវិញ។ ទោះជាយ៉ាងណា វាគួរតែត្រូវបានព្រមានថា ផលប៉ះពាល់នៃ Covid-19 នៅមានពេលវែងឆ្ងាយទៀត ហើយវានៅតែមានភាពខុសគ្នា នៃភាពមិនប្រាកដប្រជា និងគំរាមកំហែងពីទីផ្សារខាងក្រៅ។

លោក សន សៀប អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានលើកឡើងកាលពីពេលថ្មីៗនេះថា លោកសង្កតឃើញថា អំឡុងពេលកូវីដនេះ អ្នកទិញមានចំនួនច្រើនជាងមុនពេលកូវីដទៀត។ លោកថា “នេះសម្រាប់តែអ្វីដែលខ្ញុំបានឃើញ”។
លោកបានថ្លែងថា “នៅក្នុងគ្រាលំបាកនេះ គឺយើងអាចមានឱកាសច្រើន។ ចំនួនសកម្មភាពជារួមរបស់ភ្នាក់ងារអចលនទ្រព្យមានថមថយចុះ ដូច្នេះនេះជាឱកាសសម្រាប់ភ្នាក់ងារពិតប្រាកដក្នុងការបញ្ចេញស្នាដៃចាប់យកអតិថិជន”។

លោកបានបន្តថា “អំឡុងពេលនេះ អ្នកទិញដែលចុះទៅមើលដីធ្លី គឺអ្នកទិញពិតប្រាកដ ហើយយើង (ភ្នាក់ងារ) ចំណេញពេលជាងមុនទៀត។ បើគាត់មិនទិញទេ គាត់មិនចុះទៅទេ អំឡុងពេលនេះ”។ លោកបានឱ្យដឹងទៀតថា សកម្មភាពរបស់ទិញឃើញមានច្រើនបច្ចុប្បន្ន ព្រោះអ្នកទិញអំឡុងពេលនេះ មានភាពច្បាស់ លាស់ជាងពេលមុនកូវីដនេះទៅទៀត”។

ទុនវិនិយោគក្នុងវិស័យសំណង់នៅទូទាំងប្រទេស មានទំហំទឹកប្រាក់សរុបជាង៣ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៤ខែដំបូងដើមឆ្នាំ២០២០នេះ បានកើនឡើងជាង ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ក្រុមហ៊ុនចិនដ៏ធំមួយស្វែងរកឱកាសវិនិយោគផ្នែកវប្បធម៌ និងទេសចរណ៍នៅខេត្តបាត់ដំបង

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រុមហ៊ុន Angkor Culture Investment and Development Group របស់ខេត្តយូណាន នៃសាធារណៈរដ្ឋប្រជាមានិតចិនបាននឹងកំពុងស្វែងរកឱកាសវិនិយោគ ដើម្បីបណ្តាក់ទុនវិនិយោគបន្ថែម នៅលើវិស័យវប្បធម៌ និងទេសចរណ៍។

លោក Wang yin Phing តំណាងក្រុមហ៊ុនAngkor Culture Investment and Development Group ខេត្តយូណាន នៃប្រទេសចិននៅក្នុងជំនួបជាមួយអភិបាលខេត្តបាត់ដំបងកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ ឱ្យដឹងថា ក្រុមហ៊ុនបានធ្វើការវិនិយោគផ្នែកវប្បធម៌ និងទេសចរណ៍ នៅក្នុងខេត្តសៀមរាបរួចមកហើយ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនចង់ធ្វើការសិក្សាអំពីសក្តានុពលខេត្ត ដើម្បីឈានដល់ការដាក់វិនិយោគនៅលើវិស័យវប្បធម៌ និងទេសចរណ៍នៅខេត្តបាត់ដំបងផងដែរ។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុន Angkor Culture Investment and Development Group ដែលមានបំណងចង់ដាក់ទុនវិនិយោគក្នុងខេត្តបាត់ដំបង នាពេលនេះ ខណៈខេត្តបាននឹងកំពុងមានការរីកចំរើនលើវិស័យទេសចរណ៍។

លោកថ្លែងថា “ចំពោះខេត្តបាត់ដំបង មានសក្តានុពលសំខាន់ៗចំនួន ៣ រួមមានវិស័យកសិកម្ម វិស័យផ្នែកសេវាកម្ម និងវិស័យទេសចរណ៍ ដែលរមណីយដ្ឋានបែបប្រវត្តិសាស្ត្រ និងរមណីយដ្ឋានធម្មជាតិផងដែរ”។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC កន្លងមកនេះបានគាំទ្រឱ្យក្រុមហ៊ុន Angkor International Culture Investment & Development (Cambodia) Co.,Ltd របសចិនដ៏ធំមួយនេះ បោះទុនវិនិយោគចំនួន ២៧,៥ លានដុល្លារអាមេរិក សម្រាប់គម្រោងឧទ្យានវប្បធម៌កម្ពុជា-ចិននេះ ដែលបានបង្កើតឱកាសការងារបានប្រមាណ ២១៣ កន្លែងសម្រាប់ប្រជាជនស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិទ្រាំង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕

ក្រុមហ៊ុន​អចលនទ្រព្យ​ចិនធំៗចំនួន២នឹង​បោះទុន​វិនិយោគ​វិស័យ​សំណង់ក្នុង​ខេត្តកំពង់ស្ពឺ

ដោយៈ រ៉ា​ណេ​ត

កំពង់ស្ពឺៈ ក្រុមហ៊ុន​អចលនទ្រព្យ​មកពី​ប្រទេស​ចិន​ធំ​ចំនួន២ បានមក​ធ្វើការ​សិក្សា និង​ស្វែងយល់​បន្ថែម​ពី​សក្ដានុពល​នៅក្នុង​ខេត្តកំពង់ស្ពឺ រួម​ជាមួយនឹង​គោលបំណង​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ និង​វិស័យ​សំណង់​នៅក្នុង​ខេត្ត​មួយ​នេះ​ជាមួយ​ទុន​រាប់សិប​លាន​ដុល្លារ។

ទោះជា​ស្ថិតនៅ​ក្នុងស្ថានភាព នៃ​ការ​រាលដាល​ឡើងវិញ​នៃ​វិបត្តិ​ជំងឺឆ្លង ក្នុង​រលក​ទី២ នៅ​ប្រទេស​កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន​អចលនទ្រព្យធំៗចំនួន២ ដែលមាន​ទីស្នាក់ការ​នៅ​ប្រទេស​ចិន​បានបង្ហាញ​ពី​ម​ហិ​ច្ឆិ​តា ចង់​មក​បណ្តាក់​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅក្នុង​ខេត្តកំពង់ស្ពឺ ដែលជា​ខេត្ត​គោលដៅ​នៃ​វិស័យ​ឧស្សាហកម្ម។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ កាលពី​ល្ងាច​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ។

លោក​បាន​មានប្រសាសន៍​ប្រាប់ថា “នេះ​គឺជា​មោទនភាព​របស់​ខេត្តកំពង់ស្ពឺ ដែល​ទទួលបាន​ចំណាប់អារម្មណ៍ ពី​សំណាក់​វិនិយោគិន​ជាច្រើន ដែល​ក្នុង​រួមមាន​ទាំង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រៅ​ស្រុក ជាពិសេស​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន ស្រប​ពេលដែល​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ទូទាំង​ខេត្ត ត្រូវបាន​យកចិត្តទុកដាក់​ស្ថាបនា​សាងសង់​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា” ។

ក្រុមហ៊ុន​អចលនទ្រព្យ​ចិន ដែល​បង្ហាញ​ពី​ចំណាប់អារម្មណ៍​វិនិយោគ​នៅក្នុង​ខេត្តកំពង់ស្ពឺ​ទាំង២ខាងលើនេះ រួមមាន ក្រុមហ៊ុន China Realm Investment និង Qianxun SL។ ជាមួយនឹង​គោលបំណង​ខាងលើនេះ ក្រុមហ៊ុន​ទាំង២នឹង​នាំមក​នូវ​ផលិតផល​ដែលជា​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ប្រទេស​ចិន ដោយ​ប្រើប្រាស់​ប្រព័ន្ធ 5G ( ALIBABA RESOURCES ) ដែលជា​ឧបករណ៍​បំពាក់​លើ​សំណង់​អគារ។

លោក​បាន​បញ្ជាក់ថា ខេត្ត​កំពង់មាន​ភាពអំណោយ​ផល​ជាច្រើន ជាពិសេស​កត្តា​ភូមិសាស្ត្រ តែម្ដង​ដែលមាន​ផ្លូវជាតិសំខាន់ៗក្នុងការ​ដឹកជញ្ជូន ដូចជា​ផ្លូច​ជាតិ​លេខ៣ ផ្លូវជាតិ​លេខ៤ និង​ផ្លូវជាតិ​លេខ។ ភាព​រីកចម្រើន​និង​អភិវឌ្ឍន៍​ទាំងនេះ គឺ​កើតចេញពី​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​បាន​កៀងគរ និង​សម្របសម្រួល​គ្រប់​វិធីសាស្ត្រ​ដើម្បី​កៀងគរ ប្រមូល​បណ្តា​អ្នកវិនិយោគ​អន្តរជាតិ​ឱ្យមក​កាន់​កម្ពុជា។ កាលពី​សប្ដាហ៍​មុន​មាន​តំណាង​ក្រុមហ៊ុន​វិនិយោគ​ចិន មក​សិក្សា​ពី​ឱកាស​វិនិយោគ​នៅក្នុង​ខេត្តកំពង់ស្ពឺ ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ។ ពួកគេ​បង្ហាញ​ពី​ចំណាប់អារម្មណ៍ ចូលមក​វិនិយោគ​នៅក្នុង​ខេត្តកំពង់ស្ពឺ​ក្រោយពេល​បញ្ហា Covid-19 ត្រូវបាន​បញ្ចប់ ។

លោក​វ៉ី សំណាង​បានបញ្ជាក់​ទៀតថា មិនមែន​មានតែ​ក្រុមហ៊ុន​ទាំង២នេះ​ទេ គឺមាន​ក្រុមហ៊ុន​ជាច្រើន​របស់​ចិន ដែល​បានមក​សិក្សា​ពី​ឱកាស​វិនិយោគ ដូច្នេះ​ខ្ញុំ​ជឿថា ក្រោយពេល​បញ្ហា​Covid-19 បញ្ចប់ ពួកគេ​ទាំងនោះ​នឹង​ចូលមក​ចាប់​ដំណើរ​គម្រោង​របស់​ពួកគេ​ជាមិនខាន ដែល​ក្នុងនោះ​ក៏មាន​គម្រោង​វិនិយោគ ក្នុង​វិស័យ​ទេសចរណ៍​ដែលមាន​ទុន​ជាង៥០០លាន​ដុល្លារ​ផងដែរ៕

គម្រោង​បុរី​ជេ អរ ភី ផ្សារ​ត្រាច​ផ្លូវជាតិ​លេខ៥ កក់​ត្រឹម៥០០ដុល្លារ​ក៏​អាច​ក្លាយជា​ម្ចាស់​វីឡា​កូនកាត់​បានដែរ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ បន្ថែម​ពីលើ​គោលការណ៍​យ៉ាង​ពិសេស ដែល​អនុញ្ញាត​ដល់​ការបង់​រំលស់​រហូតដល់​រយៈពេល២ឆ្នាំ​ឥត​ការប្រាក់ លោកអ្នក​គ្រាន់តែ​ធ្វើការ​កក់​ត្រឹម៥០០ដុល្លារ​ក៏​អាច​ក្លាយជា​ម្ចាស់​លំនៅឋាន​ដ៏​ទំនើប បែប​វីឡា​កូនកាត់​ថៃ ដែល​ផ្តល់ជូន​ពី​គម្រោង​អភិ​វ ឌ្ឍ​ន៍​បុរី​លំនៅឋាន ជេ អរ ភី ផ្សារ​ត្រាច​ផ្លូវជាតិ​លេខ៥ ។

ស្ថិតនៅក្នុង​តំបន់​ដែល​កំពុងមាន​ការអភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម និង​សំណង់​លំនៅឋាន​ព្រោងព្រាត រួមជាមួយ​សកម្មភាព នៃ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ឱ្យ​កាន់តែ​ប្រសើរ គម្រោង​អភិវឌ្ឍន៍​បុរី​លំនៅឋាន ជេ អរ ភី ផ្សារ​ត្រាច (JRP Premium) ដែល​កំពុង​សម្រុក​ការសាងសង់ នៅក្នុង​ដំណាក់កាល​ទី២នៃ​គម្រោង​សរុប​ដែលមាន​ផ្ទះ​ចំនួន២៣០ខ្នង។

គំរោង​នេះ​បាន និង​កំពុង​ទទួលបាន​នូវ​ការចាប់អារម្មណ៍ យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​ទាំង​ក្នុង​និង​ក្រៅ​តំបន់ ជាមួយនឹង​ការលក់​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ​មិន​ធ្លាប់មាន។

លក្ខណៈពិសេស​នៃ​លំនៅឋាន​នៅក្នុង​គម្រោង​មួយ​នេះ ក្រៅពី​មានតម្លៃ​ទាប​ជាង​ទីផ្សារ​ត្រឹម​ជាង៣ម៉ឺន​ដុល្លារ គ្រប់​លំនៅឋាន​ទាំងអស់ សុទ្ធតែ​ត្រូវបាន​សាងសង់ឡើង​បែប​ទំនើប​ស្របតាម​បច្ចេកទេស​សំណង់​យ៉ាង​ត្រឹមត្រូវ ផ្តល់​ផាសុកភាព​ដល់​ការរស់នៅ​យ៉ាង​កក់ក្ដៅ ហើយ​ថែមទាំង​អាច​ប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ​បាន​យ៉ាង​ប្រសើរ។

គម្រោង​មួយ​នេះ ស្ថិតនៅ​ជិត​ផ្សារ​ត្រាច ជាប់​ផ្លូវរដ្ឋ​ទំហំ៣០ម៉ែត្រ ត​ភ្ជាប់​រវាង​ផ្លូវជាតិ​លេខ៥ និង​ផ្លូវជាតិ​លេខ៥២១ ហ៊ុ​ព័ទ្ធជុំវិញ​ដោយ​រោងចក្រ សហគ្រាស​តូចធំ​ច្រើនជាង២០ទីតាំង ដែល​កំពុង​មានដំណើរ​ការ​ស្រាប់ មាន​មន្ទីរពេទ្យ វត្ត​អារាម សាលារៀន​រដ្ឋ និង​ឯកជន រួមជាមួយ​នឹង​ផ្ទះ​ស្នាក់​របស់​កម្មករ-កម្មការិនី​រោងចក្រ​ផងដែរ។ ដោយឡែក​នៅក្នុង​គម្រោង ក៏មាន​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ត្រឹមត្រូវ មាន​បណ្តាញ​ទឹកស្អាត អគ្គិសនី បណ្តាញ​បង្ហូរទឹក មាន​សួនច្បារ​សម្រាប់​ហាត់ប្រាណ សួន​កុមារ និង​ការបង្កើត​តំបន់​បែ​តង ដែលជា​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ចូលរួមចំណែក​ថែរក្សា​បរិស្ថាន និង​ផ្តល់​ភាពងាយស្រួល​ដល់​ការរស់នៅ​ផងដែរ។

លំនៅឋាន​បែប​ប្រណីតភាព​នៅក្នុង​គម្រោង​ទី២នេះ កាន់តែ​មាន​ភាព​ទាក់ទាញ ដោយ​ទំហំ​ផ្ទះ៤,២ X១២ ម៉ែត្រ មាន​បន្ទប់​គេង​ចំនួន២ បន្ទប់ទឹក​ចំនួន២ បន្ទប់ទទួលភ្ញៀវ​ដ៏​ស្រស់ស្អាត និង​ធំ​ទូលាយ​ចំនួន១ មានផ្ទះ​បាយ​ចំនួន និង​សល់​ទីធ្លា​ក្រោយ​ផ្ទះ​ជាង៣ម៉ែត្រ ខាងមុខផ្ទះ​ជាង៦ម៉ែត្រ ងាយស្រួល​ចត​យានយន្ត និង​ទុកដាក់​សម្ភារៈផ្សេងៗ ដោយមាន​ការរៀបចំ​ទីកន្លែង​ទុកដាក់​សំរាប​យ៉ាង​មាន​របៀប​បំផុត។

ទីតាំង​គម្រោង លោកអ្នក​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ ហួស​ផ្សារ​ឧដុង្គ​ចម្ងាយ៣គីឡូម៉ែត្រ នៅ​ខាងក្រោយ​ផ្សារ​ត្រាច​ប្រមាណ​ជាង៣០០ម៉ែត្រ ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រាច ខេត្តកំពង់ឆ្នាំង។

សម្រាប់​ព័ត​មាន​លម្អិត​សូម​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ ៖ ០៩២ ៩២ ២៩ ២៧ ឬ Facebook: JRP Premium ៕

ក្រុមហ៊ុន អាជីវកម្ម​ទេសចរណ៍​នៅ​កម្ពុជា​ជិត ៣០០០ទីតាំង​ត្រូវ​បិទទ្វារ

ដោយៈ វុត្ថា

ភ្នំពេញៈ គិត​ត្រឹម​អំឡុង​ខែឧសភា ឆ្នាំ២០២០ មាន​អាជីវកម្ម​ទេសចរណ៍​ជាច្រើន​ប្រភេទ បាន​និង​បិទ​បណ្ដោះអាសន្ន​សរុប ២៩៥៦ទីតាំង និង​មាន​បុគ្គលិក​បម្រើ​ការងារ​ផ្ទាល់​សរុប ៤៥,៤០៥នាក់​ទទួលរង​នូវ​ផលប៉ះពាល់​ពី​វិស័យនេះ។

យោងតាម​របាយការណ៍​ក្រសួងទេសចរណ៍ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ  ឱ្យដឹងថា  ការធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ ពិតជា​បាន​បង្ក​ផលប៉ះពាល់​ជាច្រើន​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ តែ​យ៉ាងណាមិញ​គេ​សង្កេតឃើញថា គោលដៅ​រាជធានី​ភ្នំពេញ មិនសូវ​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង ដូច​គោលដៅ​ទេសចរណ៍ធំៗផ្សេង​ទៀតឡើយ។

របាយការណ៍​ដដែល​ប​ន្ត​ថា  ចំនួន​អាជីវ​កម្មបាន​បិទ និង​ផ្អាក​បណ្តោះអាសន្ន​ដោយសារ​បញ្ហា​វិបត្តិ​កូ​វីដ-១៩ មានតែ១២៤ទីតាំង ស្មើនឹង​ប្រមាណ១០.៤៣% នៃ​ចំនួន​សរុប​ទូទាំងប្រទេស និង​ប៉ះពាល់​ការងារ​ផ្ទាល់ ក្នុង​វិស័យ​សរុប​ចំនួន១,៩៦០នាក់ ស្មើនឹង ៩.៣៣% នៃ​ចំនួន​បុគ្គលិក​ក្នុង​វិស័យ​ទេសចរណ៍​សរុប​ទូទាំងប្រទេស (តួលេខ​នេះ​មិន​គិត​បញ្ចូល​សេវាកម្ម​កម្សាន្ត ទេសចរណ៍​មនុស្សពេញវ័យ និង​សេវាកម្ម​ស្ប៉ា និង​ម៉ាស្សា​ដែល​ត្រូវ​បានសម្រេច​ឱ្យ​ផ្អាក​ដោយ​រាជរដ្ឋាភិបាល)។

របាយការណ៍​ដដែល​ប​ន្ថែ​ម​ថា “ការបាត់បង់​ការងារ​នេះ បានធ្វើឱ្យ​មានការ​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅដល់​វិស័យសេដ្ឋកិច្ច និង​សង្គម​ជារួម​តាមរយៈ​ឥទ្ធិពល ដែល​លើសពី​ឥទ្ធិពល​អវិជ្ជមាន​នៅក្នុង​វិស័យ​ធ្វើដំណើរ និង​ទេសចរណ៍​ជាស​កល” ។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានដឹង​ដែរ​ថា ជាមួយនឹង​ការបិទ​ទីតាំង​អាជីវកម្ម​ទេសចរណ៍​នេះ  ចលនា​ទេសចរណ៍​ក្នុងស្រុក​នឹងមាន​កំណើន លឿន​ជាង​ការ​ត្រឡប់មកវិញ​នូវ​ភ្ញៀវទេសចរ​អន្តរជាតិ ដរាបណា​វិធានការ​រឹតបណ្តឹង ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើដំណើរ​នៅតែ​បន្ត។

លោក​បន្តថា “បច្ចុប្បន្ននេះ​យើង​បានទទួល​ព័ត៌មាន អំពី​គោលបំណង​បើក​ឱ្យមាន​ការធ្វើដំណើរ​ឆ្លង​កាត់​ឡើងវិញ នៅតាម​បណ្តា​ប្រទេស​មួយចំនួន។ រីឯ​ប្រទេស​ខ្លះ​ក៏បាន​សម្រេច​ឱ្យ​បើក​រួចទៅហើយ តែ​ក៏បាន​សម្រេច​ឱ្យ​បិទ​ទៅវិញភ្លាមៗ បន្ទាប់ពី​មានការ​ចម្លង​ថ្មី​កើត​ឡើងវិញ” ។

គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩បាន​កំណត់ថា អ្នកដំណើរ​ជា​ជនបរទេស​ទាំងអស់ តម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល ដែល​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល នៃ​ប្រទេស​សា​ម៉ី​បញ្ជាក់ថា គ្មាន​មេរោគ​កូ​វីដ១៩ ក្នុង​រយៈពេល៧២ម៉ោង។

ជនបរទេស​ត្រូវមាន​ឯកសារ​ធានារ៉ាប់រង​សុខភាព ក្នុង​ចំនួន​ទឹកប្រាក់​យ៉ាងតិច៥ម៉ឺន​ដុល្លា​អាមេរិក ក្នុងអំឡុងពេល​ស្នាក់នៅ​កម្ពុជា និង​វិធានផ្សេងៗទៀត​ដែល​កំណត់ដោយ​រាជរដ្ឋាភិបាល​កម្ពុជា (តម្រូវការ​នេះ​មិន​សម្រាប់​មន្ត្រី​នៃ​ស្ថាន​តំណាង​បរទេស និង​អង្គការ​អន្តរជាតិ ដែល​កាន់​ទិដ្ឋាការ​ការទូត​ប្រភេទ​A និង​ទិដ្ឋាការ​ផ្លូវការ​ប្រភេទ​B របស់​កម្ពុជា​ឡើយ។ អ្នកដំណើរ​ទាំងអស់ ទាំង​ជនជាតិខ្មែរ និង​ជនជាតិ​បរទេស ដែល​ធ្វើដំណើរ​ចូលមក​កម្ពុជា ត្រូវ​បញ្ជូនទៅ​មណ្ឌល​រង់ចាំ ដើម្បី​ធ្វើតេស្ត​បញ្ជាក់​រក​មេរោគ​កូ​វីដ១៩ និង​រង់ចាំ​លទ្ធផល​ពី​មន្ទីរពិសោធន៍​ប៉ាស្ទ័រ។

មួយវិញទៀត​ក្នុងករណី​មាន​អ្នកដំណើរ​ណា​ម្នាក់ ឬ​ច្រើន​នាក់ មាន​កូ​វីដ១៩ វិជ្ជមាន រាល់​អ្នកដំណើរ​រួមជាមួយ​ផ្សេងទៀត​ទាំងអស់ តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល១៤ថ្ងៃ នៅ​ទីតាំង ដែល​កំណត់ដោយ​គណៈកម្មកា​រ​អន្តរក្រសួង ដើ​ម្ប​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩ ជា​ពិ​សេ​ក្នុងករណី​អ្នកដំណើរ​ទាំងអស់ មាន​លទ្ធផល​បញ្ជាក់​ពី​មន្ទីរពិសោធន៍​ថា កូ​វីដ១៩ អវិជ្ជមាន នោះ​ពួកគាត់​ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល១៤ថ្ងៃ នៅតាម​ផ្ទះរៀងៗខ្លួន ក្រោម​ការត្រួតពិនិត្យ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សុខាភិបាល​ដោយ​តម្រូវឱ្យ​ធ្វើតេស្ត​បញ្ជាក់​ម្តងទៀត​នៅ​ថ្ងៃទី១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក៕

អ្នកជំនាញ​ថា​កម្ពុជា​នៅតែមាន​សក្តានុពល​ខ្ពស់​ចំពោះ​វិនិយោគិន​ចិន​លើវិស័យ​អចលនទ្រព្យ

ដោយ វុត្ថា

ភ្នំពេញៈ កម្ពុជា​នៅតែមាន​សក្តានុពល​ខ្ពស់ ចំពោះ​វិនិយោគ​វិនិយោគិន​ចិន​លើ​វិស័យ​អចលនទ្រព្យ ជាពិសេស​គម្រោង​សាងសង់​អគារខ្ពស់ៗ និង​គម្រោង​បុរី​មួយចំនួន​ផងដែរ បើទោះបី​ពិភពលោក​ក៏ដូចជា​កម្ពុជា​បាន និង​កំពុង​ជួ​បញ្ហា​ប្រឈម​ពី​ការរីក​រាលដាល​ជា​សកល​វិបត្តិ​ជំងឺ Covid-19 ។


លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL នៅក្នុង​កិច្ច​ស​ន្និ​នា​សមាជិកសមាគម​អ្នកវាយតម្លៃ  និង​ភា្ន​ក់​ងារ​អចលនវត្ថុ​កម្ពុជា​តាម​វិ​ដូ​អូ Conference កាលពីពេលថ្មីៗឱ្យ​ថា  កម្ពុជា​នៅតែ​ជា​គោលដៅ​វិនិយោគិន​ចិន ព្រោះ​កម្ពុជា-ចិន​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ហើយ​ពេលថ្មីៗនេះ វិនិយោគិន​ក៏​ចាន់​ប​ផ្តើម​ចូលមក​កាន់​ខេត្ត​ព្រះសីហនុ​ជា​បន្តបន្ទាប់។

លោក​បន្តថា  “យើង​ឃើញថា ប្រជាជន​ចិន​ច្រើនណាស់ ហើយ​យើង​ទទួលបាន​ការវិនិយោគ​ភាគច្រើន​គឺ​មកពី​ប្រទេស​ចិន នៅតាម​បណ្តា​ខេត្ត​មួយចំនួន។ ជាមួយគ្នានេះ បើ​រដ្ឋាភិបាល មាន​ទំនាក់ទំនង​ល្អជា​មួយ​ចិន ដូច​សព្វថ្ងៃនេះ ហើយក៏​មានការ​ចង់សម្ព័ន្ធផ្សេងៗទៀត ជាមួយ​ខេត្ត​របស់​កម្ពុជា យើង​នឹង​នៅតែមាន​ការវិនិយោគ​ពី​ចិន​ដដែល” ។

លោក​ចេង ខេង​បាន​បន្តថា យើង​ដឹងថា​វិនិយោគិន​ចិន មិន​ត្រឹមតែ​វិនិយោគ​នូវ​អគារខ្ពស់ៗនោះទេ តែ​ក៏មាន​គម្រោង​លើ​វិយោគ​លើ​បុរី​ផងដែរ ហើយ​ជាពិសេស​នោះ គឺ​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម​ក៏​ចិន​មក​វិនិយោគ​ច្រើន បន្ថែម​ពីនេះ វិនិយោគិន​ចិន​នៅតែ​ចាត់ទុក​កម្ពុជា​ជា​គោល​វិនិយោគ​របស់ខ្លួន​ផងដែរ។

លោក​ឡុង គឹមសួគ៌ អគ្គនាយក​ក្រុមហ៊ុន Century21 Advance បានឱ្យដឹង​ដែរ​ថា ប្រទេស​កម្ពុជា គឺមាន​ទីតាំង​ភូមិសាស្ត្រ​ល្អ ក្នុងការ​វិយោគ​លើ​វិស័យ​អចលនទ្រព្យ ព្រោះ​កម្ពុជា​មិនមាន​គ្រោះរ​ញ្ជួ​ល​ដី ឬ ផ្ទុះ​ភ្នំភ្លើង​នោះទេ ។

លោក​បន្តថា “ទាំងនេះ​គឺជា​ចំណុច​ល្អ​សម្រាប់​វិនិយោគិន​ចិន ដែល​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា លើ​វិស័យ​អចលនទ្រព្យ និង​សំណង់។ លោក​បន្តថា “ម្យ៉ាងទៀត កម្ពុ​ជាមាន​ទីតាំង​មួយចំនួន​ដូចជា ខេត្តកោះកុង ខេត្ត​ព្រះសីហនុ និង​កែប​ជាដើម​ដែល​ផ្តល់ឱកាស​វិនិយោគ​ដល់​ជនជាតិ​ចិន ខណៈដែល​ប្រទេស​មួយចំនួន មិនមាន​តាំង​ល្អ​ដូច​កម្ពុជា​នោះទេ” ។

លោក​សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន Key Real Estate បាន​បញ្ចេញ​ទស្សន​ផងដែរ​ថា ទំនាក់ទំនង​រវាងរ​ដ្ឋា​ភិ​បាល​កម្ពុជា ចិន​ដែលមាន​ភាព​រ៉ឹង​មាំ​ង និង​ស្អិតរ​មួ​ត​ដូច​បច្ចុប្បន្ននេះ ជាពិសេស​មានការ​ជួយ​គ្នា​ទៅវិញ ទៅក្នុង​ដំណាក់កាល​នៃ​វិបត្តិ​ចំពោះ​ការផ្ទុះ​ឡើង​នូវ​ជំងឺ Covid-19 នេះ វិនិយោគិន​ចិន​អាច​នឹង​វិល​ត្រឡប់មកវិញ។

លោក​បន្តថា “វិនិយោគិន​ចិន​ភាគច្រើន​ទៅ​វិនិយោគ នៅក្នុង​ប្រទេស​ណា​ដែលមាន​កិច្ច​ទំ​ល្អ​ជាមួយ​ប្រទេស​ខ្លួន ព្រោះ​ពួកគេ​មាន​ភាពងាយស្រួល ក្នុង​ស្នើសុំ​កម្ចី​ពី​រដ្ឋាភិបាល យកមក​ធ្វើការ​វិនិយោគ។ លោក​បន្តថា “កម្ពុជា​នេះ​មាន​ទីតាំង​ល្អ ទំនាក់ទំនង​ល្អ និង​មាន​គោលនយោបាយ​គាំទ្រ​ចិន អាច​នឹង​ស្រូបយក​នូ​វិនិយោគិន​ចិន បន្ថែមទៀត​នាពេល​ខាងមុខនេះ ក្រោយ​ចប់ Covid-19 ” ៕

ចំណេះដឹង! តើ​មុខសញ្ញា​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម​ណាខ្លះ​ដែល​ត្រូវបានលើកទឹកចិត្ត​ផ្នែក​គយ?

ដោយ ​វុត្ថា

ភ្នំពេញៈ សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព អាច​ទទួលបាន​ការលើក​ទឹកចិត្ត​ផ្នែក​គយ​ចំពោះមុខ​សញ្ញា ដូចខាងក្រោម៖

  • សម្ភារ​បរិក្ខារ​ផលិតកម្ម សំដៅ​ដល់​គ្រឿង​ម៉ាស៊ីន ឧបករណ៍​ដែល​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុងការ​បំប្លែង​ធាតុ​ចូល​ផលិតកម្ម ហើយ​ដែល​វត្ថុ​ទាំងនោះ​មិនអាច​បំប្លែង​បាន ដោយ​ខ្លួនឯង ឬ​មិន​ត្រូវបាន​ប្រើប្រាស់​អស់​ក្នុង​រយៈពេល ២ឆ្នាំ បន្ទាប់ពី​បាន​នាំចូល។
  • សម្ភារ​សាងសង់ សំដៅ​ដល់​សម្ភារ​សំណង់ រួមទាំង​ឧបករណ៍ បរិក្ខារ ដែល​បាន​បំប្លែង ឬ​បាន​ប្រើប្រាស់​ទាំងស្រុង នៅក្នុង​ការសាងសង់​សំណង់​បម្រើឱ្យ​ផលិតកម្ម។

ធាតុ​ចូល​ផលិតកម្ម សំដៅ​ដល់​ទំនិញ រួមទាំង​វត្ថុធាតុដើម ផលិតផល​ពាក់កណ្តាល​សម្រេច និង​សម្ភារៈ បន្ទាប់បន្សំ​បម្រើឱ្យ​ផលិតកម្ម ដែល​ត្រូវ​បំប្លែង ឬ​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ពេញលេញ នៅក្នុង​កិច្ច​ដំណើរ-ការផលិត​កម្ម មិនឱ្យ​ហួស​រយៈពេល២ឆ្នាំ បន្ទាប់ពី​បាន​នាំចូល។

សម្ភារៈ​បរិក្ខារ​ផលិតកម្ម  សម្ភារៈ​សាងសង់ និង​ធាតុ​ចូល​ផលិតកម្ម មិន​គិត​បញ្ចូល​នូវ​យានយន្ត គ្រឿងបន្លាស់​យានយន្ត ផលិតផល​តេ​ល​សិលា និង​សម្ភារៈ​បរិក្ខារ​និង​គ្រឿង​សង្ហា​រឹម​សម្រាប់​ប្រើប្រាស់​ក្នុង​ការិយាល័យ៕

អាជីវកម្មទេសចរណ៍នៅកម្ពុជាជិត ៣០០០ ទីតាំង ត្រូវបិតទ្វារ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ គិតត្រឹមអំឡុងខែឧសភា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍ជាច្រើនប្រភេទ បាន និងបិទបណ្ដោះអាសន្នសរុប ២ ៩៥៦ទីតាំង និងមានបុគ្គលិកបម្រើការងារផ្ទាល់សរុប ៤៥ ៤០៥នាក់ទទួលរងនូវផលប៉ះពាល់ពីវិស័យនេះ ។

របាយការណ៍ក្រសួងទេសចរណ៍ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ ឱ្យដឹងថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ ពិតជាបានបង្កផលប៉ះពាល់ជាច្រើនដល់ប្រតិបត្តិករទេសចរណ៍ តែយ៉ាងណាមិញគេសង្កេតឃើញថា គោលដៅរាជធានីភ្នំពេញមិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងដូចគោលដៅទេសចរណ៍ធំៗផ្សេងទៀតឡើយ។

របាយការណ៍ដដែលបន្តថា ចំនួនអាជីវកម្មបានបិទ និងផ្អាកបណ្តោះអាសន្នដោយសារបញ្ហាវិបត្តិកូវីដ-១៩ មានតែ ១២៤ទីតាំង ស្មើនឹងប្រមាណ ១០.៤៣% នៃចំនួនសរុបទូទាំងប្រទេស និងប៉ះពាល់ការងារផ្ទាល់ក្នុងវិស័យសរុបចំនួន១,៩៦០នាក់ ស្មើនឹង ៩.៣៣% នៃចំនួនបុគ្គលិកក្នុងវិស័យទេសចរណ៍សរុបទូទាំងប្រទេស (តួលេខនេះមិនគិតបញ្ចូលសេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងសេវាកម្មស្ប៉ា និងម៉ាស្សាដែលត្រូវបានសម្រេចឱ្យផ្អាកដោយរាជរដ្ឋាភិបាល)។

របាយការណ៍ដដែលបន្ថែមថា ការបាត់បង់ការងារនេះ បានធ្វើឱ្យមានការជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់វិស័យសេដ្ឋកិច្ច និងសង្គមជារួមតាមរយៈឥទ្ធិពល ដែលលើសពីឥទ្ធិពលអវិជ្ជមាននៅក្នុងវិស័យធ្វើដំណើរ និងទេសចរណ៍ជាសកល។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹងដែរថា ជាមួយនឹងការបិទទីតាំងអាជីវកម្មទេសចរណ៍នេះ ចលនាទេសចរណ៍ក្នុងស្រុកនឹងមានកំណើន លឿនជាងការត្រឡប់មកវិញនូវភ្ញៀវទេសចរអន្តរជាតិ ដរាបណាវិធានការរឹតបណ្តឹងដែលពាក់ព័ន្ធនឹងការធ្វើដំណើរនៅតែបន្ត។

លោកបន្តថា បច្ចុប្បន្ននេះ យើងបានទទួលព័ត៌មានអំពីគោលបំណងបើកឱ្យមានការធ្វើដំណើរឆ្លងកាត់ឡើងវិញ នៅតាមបណ្តាប្រទេសមួយចំនួន រីឯប្រទេសខ្លះក៏បានសម្រេចឱ្យបើករួចទៅហើយ តែក៏បានសម្រេចឱ្យបិទទៅវិញភ្លាមៗ បន្ទាប់ពីមានការចម្លងថ្មីកើតឡើងវិញ។

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានកំណត់ថាអ្នកដំណើរជាជនបរទេសទាំងអស់ តម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសសាម៉ីបញ្ជាក់ថាគ្មានមេរោគកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោង។

ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លាអាមេរិចក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងវិធានផ្សេងៗទៀតដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា (តម្រូវការនេះមិនសម្រាប់មន្ត្រីនៃស្ថានតំណាងបរទេស និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ Bរបស់កម្ពុជាឡើយ។ អ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនជាតិបរទេស ដែលធ្វើដំណើរចូលមកកម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ១៩ និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។

មួយវិញទៀតក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើន ដែលមានកូវីដ១៩ វិជ្ជមាន រាល់អ្នកដំណើររួមជាមួយផ្សេងទៀតទាំងអស់តម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅទីតាំងដែលកំណត់ដោយគណៈកម្មការអន្តរក្រសួងដើម្បប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាពិសេក្នុងករណីអ្នក ដំណើរទាំងអស់មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថាកូវីដ១៩ អវិជ្ជមាន នោះពួកគាត់ត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាលដោយតម្រូវឱ្យធ្វើតេស្តបញ្ជាក់ម្តងទៀតនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក៕

ក្រដាសប្រាក់ដុល្លារ៣ប្រភេទ វិលមករកការចាយវាយដូចដើមបន្ទាប់ពីមានភាពចលាចលមួយរយៈ

ដោយ ៖ លក្ខិណា
ភ្នំពេញ ៖ ក្រដាសប្រាក់ដុល្លារ៣ប្រភេទ រួមមានក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារ បានវិលមកចាយវាយធម្មតាវិញនៅលើទីផ្សារលក់រាយ និងកន្លែងទូរទាត់ទំនិញ បន្ទាប់ពីក្រដាសប្រាក់ទាំង៣ប្រភេទនេះ ត្រូវបានពលរដ្ឋកម្ពុជាមួយចំនួនរើសអើងកាលពីពេលកន្លងទៅនេះ ។

ជាការកត់សម្គាល់ អាជីវករតាមផ្សារនានាក្នុងរាជធានីភ្នំពេញ បានទទួលយកក្រដាសប្រាក់ដុល្លារ៣ប្រភេទគឺ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ វិញជាធម្មតា ហើយពេលនេះ កន្លែងដូរប្រាក់ក៏ទទួលយកក្រដាសប្រាក់ទាំងនេះវិញ រាប់ទាំងអាជីវករតូចតាចក៏ទទួលយកក្នុងការទូរទាត់ពីអតិថិជនផងដែរ ។

បុគ្គលិកចាក់សាំងនៃស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ៤បាននិយាយថា ក្រដាសប្រាក់ដុល្លារគ្រប់ប្រភេទ ត្រូវបានថៅកែអនុញ្ញាតអោយយកពីភ្ញៀវដែលចាក់សាំងទាំងអស់ ដោយមិនបដិសេធមួយណាឡើយ ហើយបច្ចុប្បន្ននេះ ក្រដាសប្រាក់ពេញនិយមនោះគឺ៥ដុល្លារនិង១ដុល្លារ តែសម្រាប់ក្រដាសប្រាក់២ដុល្លារស្ទើរតែមិនដែលជួបទេ គឺកម្រមានភ្ញៀវយកមកចាយនៅក្នុងការ៉ាសសាំងនេះណាស់ ។

ចំណែកអ្នកស្រីមុំ អ្នកលក់សាច់ជ្រូកនៅក្នុងផ្សារកំបូលក៏បាននិយាយដែរថា ពីមុនមិនហ៊ានយកក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារពីភ្ញៀវទេ ព្រោះកាលមុនពេលយកទៅដូរស្រាប់តែគេថាអត់យក ពេលនោះក៏មានការភ្ញាក់ផ្អើលដែរ តែមកដល់ពេលនេះ ឃើញថាកន្លែងដូរលុយក៏ទទួលយក ដូច្នេះអ្នកស្រី ក៏ព្រមទទួលយកក្រដាសប្រាក់ទាំងនោះពីភ្ញៀវធម្មតាឡើងវិញ ។

ដោយឡែកបុគ្គលិកឥណទានម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះ និងស្ថាប័នរបស់ខ្លួនក៏បានអោយដឹងថា តាមគ្រឹះស្ថាននៅតែទទួលយកប្រាក់ពីពលរដ្ឋនូវក្រដាសប្រាក់ដុល្លារទាំង៣ប្រភេទដែលពលរដ្ឋបានផ្អើលកាលពីពេលកន្លង ។ ពលរដ្ឋដែលសងប្រាក់ត្រលប់មកគ្រឹះស្ថានវិញក៏នៅតែសងធម្មតា ហើយក៏មិនមែនជាក្រដាសប្រាក់ដុល្លារទាំង៣ប្រភេទនោះច្រើនដែរ ដោយពលរដ្ឋទុកចាយវាយខ្លះ ហើយប្រាក់ដែលត្រូវសងក៏មានជាដុល្លារ និងខ្មែរ ទៅតាមធនធានរបស់ពួកគាត់ដែរ ។

បុគ្គលិករូបនេះនិយាយថា តាមពិតទៅមានការផ្អើលមែន ពីការមិនចាយវាយក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ហើយពលរដ្ឋក៏មានការសួរនាំច្រើន តែបន្ទាប់ពីក្រុមបុគ្គលិកបានពន្យល់ច្បាស់ពួកគាត់ក៏រក្សាភាពដដែល តែយ៉ាងណាពួកគាត់ក៏ជួបបញ្ហាមួយចំនួនផងដែរ ក្រោយពេលពួកគាត់យកក្រដាសប្រាក់ទាំងនោះ ទៅចាយវាយនៅតាមផ្សារតែត្រូវបានគេបដិសេធទទួលយកកាលពីពេលកន្លង ។ យ៉ាងណាក្ដីបាតុភាពទាំងនោះ បានត្រឹមតែមួយឆាវហើយរហូតមកដល់ពេលនេះ ស្ថានភាពនៃការចាយវាយក៏បានត្រលប់មកដូចភាពដើមវិញ ។

កាលពីអំឡុងខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ ធនាគារជាតិនៃកម្ពុជា បានចេញលិខិតកោះអញ្ជើញដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុដើម្បីចូលរួមប្រជុំមួយ ដែលក្នុងលិខិតកោះអញ្ជើញនោះ គឺនិយាយពីការមិនទទួលក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារនៅក្នុងប្រព័ន្ធធនាគារ តែក៏មានបណ្ដាញព័ត៌មានមួយចំនួនបានយកទៅផ្សាយដោយនិយាយពីការមិនចាយវាយក្រដាសប្រាក់ដុល្លារទាំង៣ប្រភេទនោះទៅវិញ ជាហេតុធ្វើអោយសាធារណជនមានការយល់ច្រលំនិងផ្អើលតៗគ្នា ៕