ដោយ ៖ រ៉ាណេត
កំពត ៖ ភ្នំកំពង់ត្រាច ដែលស្ថិតនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាទីរមណីយដ្ឋានប្រវត្តិសាស្ត្រ បច្ចុប្បន្នត្រូវបាន និងកំពុងទទួលបានការអភិវឌ្ឍន៍ឱ្យក្លាយជាតំបន់កម្សាន្តដ៏ទាក់ទាញប្រចាំខេត្ត ក្រោមការស្ថាបនាផ្លូវថ្នល់ កែលម្អសោភ័ណភាព និងយកចិត្តទុកដាក់ទៅការថែរក្សាបរិស្ថាន និងអនាម័យ។
លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសប្រារព្ធទិវាទេសចរណ៍ពិភពលោកលើកទី ៤០ ឆ្នាំ២០២០ ក្រោមប្រធានបទ ” ទេសចរណ៍និងការអភិវឌ្ឍជនបទ” ដែលប្រព្រឹត្តទៅនៅរមណីយដ្ឋានភ្នំកំពង់ត្រាចស្រុកកំពង់ត្រាចខេត្តកំពត បានមានប្រសាសន៍ថា ទីតាំងរមណីយដ្ឋានភ្នំកំពង់ត្រាច ឬភ្នំបាក់ គឺជាទីកន្លែងដែលសមស្របសម្រាប់ប្រារព្ធពិធីទិវាទេសចរណ៍ពិភពលោក ជារមណីយដ្ឋានមានការទាក់ទាញភ្ញៀវទេសចរ ស្ថិតនៅតំបន់ជនបទ ស្របទៅនឹងប្រធានបទ ទេសចរណ៍ និងការអភិវឌ្ឍន៍ជនបទ ។
លោកបានបញ្ជាក់ថា “ពាក់ព័ន្ធនឹងផ្លូវចូលរមណីយដ្ឋានភ្នំកំពង់ត្រាច គឺជាគម្រោងសាងសង់ផ្លូវបេតុង ដែលកន្លងមកបានសាងសង់រួចរាល់ ៥០ភាគរយ ហើយ នៅសល់ផ្លូវប្រវែងប្រហែលជាង ១ គីឡូម៉ែត្រទៀត មិនទាន់បានសាងសង់ ដូចនេះអ្វីដែលនៅសេសសល់នឹងត្រូវសាងសង់បន្តឱ្យរួចរាល់ជាស្ថាពរនៅមុនថ្ងៃចូលឆ្នាំខ្មែរឆ្នាំ២០២១”។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានរៀបរាប់ប្រាប់សារព័ត៌មានថា រមណីយដ្ឋានភ្នំកំពង់ត្រាច ឬភ្នំបាក់នេះ មានបរិមាត្រប្រមាណប្រហែល ៤ គីឡូម៉ែត្រ និងកម្ពស់ពី ១៥០ ទៅ ២០០ ម៉ែត្រ។ ទីតាំងនៃតំបន់ភ្នំនេះមានអំណោយផលល្អ សម្រាប់ការថតខ្សែភាពយន្តផ្សេងៗជាមួយនឹងទេសភាពស្រស់ត្រកាល ប្រកបដោយសោភ័ណភាពប្រណីតៗ ។
លោកបានបន្តថា ងាកមកខាងមុខផ្លូវចូលទៅក្នុងភ្នំវិញ មានវត្តមួយឈ្មោះថា វត្តគិរីសិលា ដែលតាជីយាយជី និងព្រះសង្ឃកំពុងគង់នៅដូចបណ្តាទីអារាមដទៃៗទៀតដែរ ។ ក្នុងភ្នំមានល្អាងជាច្រើនព័ទ្ធជុំវិញទីវាលមួយ ដែលទទួលពន្លឺព្រះអាទិត្យដ៏ភ្លឺចិញ្ចាច ហើយពេលភ្ញៀវទាំងឡាយងើបសម្លឹងមើលទៅលើឃើញផ្ទៃមេឃនៅកៀកបង្កើយ គ្របពីលើរាងជារង្វង់មូលដូចខ្ទះ ដែលធ្វើឲ្យអារម្មណ៍ហាក់នៅទីឋានមួយពោរពេញដោយភាពសុខដុមគ្មានពីរ៕