ដោយ ៖ វុត្ថា
ចក្រភពអង់គ្លេស ៖ ក្រុមហ៊ុនអភិវឌ្ឍន៍ Developer Argent ដែលមានមូលដ្ឋានៅក្នុងទីក្រុង Birmingham នៃចក្រភពអង់គ្លេស បានដាក់ចេញផែនការសាងសង់អគារលំនៅឋានកំពស់ ៤៩ ជាន់ ដើម្បី បង្កើតភាពទាក់ទាញថ្មីរបស់ទីក្រុង។
គេហទំព័រ constructionenquirer.com បានចុះផ្សាយថា អគារលំនៅឋាននេះ ត្រូវបានក្រុមហ៊ុនស្ថាបត្យកម្ម Glenn Howells ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Birmingham បានរចនាប្លង់ ហើយប្រសិទ្ធិនាម “Octagon Tower” ដែលមានលំនៅឋានចំនួន ៣៤៦ ដើម្បីដាក់ជួល ដោយរាប់ចាប់ពីជាន់ទី ៨ ដល់ជាន់លើបំផុតដែលអាចគយគន់ទេសភាពទីក្រុងបាន។
គម្រោងអគារ Octagon តាមពីក្រោយនៃគម្រោងអគារចម្រុះដែលត្រូវបានបញ្ចប់នៅក្នុងដំណាក់កាលទី១ ដែលរួមមានអគារ Chamberlain និងអគារ Chamberlain ដែលនឹងពង្រីកអាណាចក្រថ្មីនៅលើវិស័យអចលនទ្រព្យនៅចក្រភពអង់គ្លេស។
លោក Rob Groves នាយកប្រចាំតំបន់របស់ក្រុមហ៊ុន Developer Argent បានឱ្យដឹងថា មហិច្ឆិតារបស់ក្រុមហ៊ុនជាមួយគម្រោងអគារ Octagon ត្រូវបានសាងសង់ក្នុងលក្ខណៈសាមញ្ញ តាមបែបគម្រោងអាផាតមិនដ៏ល្អបំផុតមួយដែលមិនធ្លាប់មាន មិនត្រឹមតែលើកមុខមាត់នៅក្នុងទីក្រុង Birminghamនោះទេ ប៉ុន្តែនៅក្នុងចក្រភពអង់គ្លេសទាំងមូល។
លោកបន្តថា “មហិច្ឆិតានេះជំរុញឱ្យមានការរចនា និងការប្រតិបត្តិនៃអគារយ៉ាងល្អបំផុត ហើយត្រូវបានឆ្លុះបញ្ចាំងគ្រប់ទិដ្ឋភាពគ្រប់យ៉ាងទំាងកម្ពស់ ទំហំផ្ទះល្វែង និងការរចនាប្រកបដោយទស្សនៈវែងឆ្ងាយ និងមានទីតាំងនៅកណ្តាលទីក្រុង”៕






