ទូតកូរ៉េ បញ្ជាក់ពីគម្រោងផ្តល់ជំនួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉ឆ្លងកាត់ទន្លេមេគង្គ ដើម្បីជានិមិត្តរូបនៃទំនាក់ទំនងប្រទេសទាំងពីរ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ទើបតែងតំាងថ្មី ប្រចំាកម្ពុជា បានបញ្ជាក់ថា នៅពេលខាងមុខដ៏ខ្លីនេះ សាធារណរដ្ឋកូរ៉េនឹងផ្តល់ជំនួយដល់កម្ពុជាបន្ថែមទៀត ជាពិសេសការបង្កើតជានិមិត្តរូបនៃទំនាក់ទំនងប្រទេសទំាងពីរដែល អាចលេចចេញជារូបរាងតាមរយៈជំនួយសាងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េ ឆ្លងកាត់ទន្លេមេគង្គ។

លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ទើបតែងតំាងថ្មីប្រចំាកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា។

លោក Park Heung-Kyeong ក៏បានបញ្ជាក់អំពីការរីកចម្រើនខាងផ្នែកនយោយបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជននៃប្រទេសទំាងពីរ (កម្ពុជា-កូរ៉េ) នៅក្នុងរយៈពេលចុងក្រោយនេះ មានការរីកចម្រើនខ្លំាងគួរឱ្យកកត់សម្គាល់។

លោកបន្តថា ទំហំពាណិជ្ចកម្មកម្ពុជា-កូរ៉េនៅឆ្នាំ២០១៩ បានកើនដល់ ១ពាន់លានដុល្លារ ហើយទុនវិនិយោគកូរ៉េ នៅកម្ពុជា មានជាង៥ពាន់លានដុល្លារ ដែលនាំកូរ៉េ ក្លាយជាប្រទេសទី២ក្នុងការវិនិយោគនៅកម្ពុជា។ ចំណែកពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ មានប្រមាណ៤ម៉ឺននាក់។

លោកក៏បន្ថែមទៀតថា ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នឹងធ្វើដំណើរបំពេញទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា នាដើមខែវិច្ឆិកា ខាងមុខនេះ ក្នុងការពង្រឹងពង្រីក បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់រឹងមាំឡើង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជា ហើយរដ្ឋសភាកម្ពុជាត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឱ្យបានល្អ។

សម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរនាពេលកន្លងមក ដែលបាននាំមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជនទាំងសងខាង និងបានស្វាគមន៍ចំពោះបេសកកម្មរបស់ ឯកឧត្តម ប៉ាក់ ហឿងឃ្យុង នៅកម្ពុជា។

សម្តេចថ្លែងថា សាធារណរដ្ឋកូរ៉េ បាន និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ដូចជាហេដ្ឋារចនា សម្ព័ន្ធ សុខាភិបាល និងអភិវឌ្ឍន៍ជនបទជាដើម។ សម្តេចបានស្នើសុំសាធារណរដ្ឋកូរ៉េបន្ថែមចំនួនកូតាពលរដ្ឋខែ្មរ ទៅធ្វើការងារនៅកូរ៉េទៀត៕

តម្លៃជួលការិយាល័យមានការធ្លាក់ចុះ ខណៈពេលការផ្គត់ផ្កង់លើទីផ្សារមានការកើនឡើងខ្ពស់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តម្លៃជួលការិយាល័យនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ជាទូទៅគិតជាមធ្យមមានការធ្លាក់ចុះក្នុងរង្វង់ប្រមាណ ៣៥-៤៥ ភាគរយ ស្របពេលដែលតម្រូវការមានការធ្លាក់ចុះ ហើយការផ្គត់ផ្គង់មានការកើនឡើង។

នៅក្នុងរបាយការណ៍ដែលសិក្សាដោយក្រុមហ៊ុនជំនាញ CBRE Cambodia កាលពីពេលថ្មីៗនេះបានបង្ហាញថា ចំនួននៃការជួលអគារប្រភេទ B បានធ្លាក់ចុះ ប្រមាណ -៦.៣ ភាគរយ និង -៩.៤ភាគរយ នៅក្នុងតំបន់ពាណិជ្ជកម្ម និងមិនមែនតំបន់ពាណិជ្ជក

របាយការណ៍ដដែលបន្តថា សម្រាប់ការិយាល័យប្រភេទ C នៅក្នុងតំបន់មិនមែនពាណិជ្ជកម្ម ក៏ត្រូវបានគេកត់សម្គាល់ឃើញដែរថាមានភាពអវិជ្ជមាន ដោយធ្លាក់មក -៤.២ ភាគរយ ខណៈប្រភេទ C នៅក្នុងតំបន់ពាណិជ្ជកម្ម ត្រូវបានគេកត់សម្គាល់នូវការកើនឡើង ២.៦ ភាគរយ នៅក្នុងត្រីមាសនេះ។ ជាមួយនឹងរូបភាពនៃតម្រូវការជួលមានការធ្លាក់ចុះ ម្ចាស់អគារមួយចំនួនធំបានបន្តកាត់បន្ថយនូវតម្លៃជួល និងផ្តល់លក្ខខណ្ឌពិសេសដល់ក្រុមហ៊ុនជួល ឬចរចាលើកិច្ចសន្យាថ្មី ដើម្បីរក្សាបាននូវកំណើនជួលរបស់ពួកគេ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ EASY Property Investment លោក ម៉ម សិរីបញ្ញា បានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះថា តម្រូវការជួលនាពេលបច្ចុប្បន្ននេះពិតជាមានការធ្លាក់ចុះពិតប្រាកដមែន ហើយក្នុងនោះតម្លៃដែលត្រូវបានដាក់នៅលើទីផ្សារក៏ត្រូវបានម្ចាស់សំណង់អគារ ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនធំទម្លាក់ចុះនូវតម្លៃជួលផងដែរ។
លោក ម៉ម សិរីបញ្ញា បានបញ្ជាក់ថា “ម្ចាស់អគារកម្រិតមធ្យម ក៏ដូចជាម្ចាស់សំណង់លំនៅដ្ឋានមួយចំនួនដែលដាក់ជួលសម្រាប់ផ្គត់ផ្គង់ក្នុងវិស័យការិយាល័យ បានសម្រេចចិត្តទម្លាក់ចុះតម្លៃគិតជាមធ្យមប្រមាណ ៣៥-៤៥ ភាគរយ ប៉ុន្តែសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់អគារការិយាល័យកម្រិតខ្ពស់ ភាគច្រើនមិនបានអនុវត្តនូវយុទ្ធសាស្ត្របញ្ចុះតម្លៃនោះទេ”។

លោកបន្តថា “ក្រុមហ៊ុនអភិវឌ្ឍន៍ និងផ្គត់ផ្គង់កម្រិតខ្ពស់ ឬស្ដង់ដា ភាគច្រើនគេមិនបញ្ចុះតម្លៃនោះទេ ដោយសារតែក្ដីបារម្ភទៅនឹងកិច្ចសន្យា និងអនុវត្តខុសពីគោលការណ៍ស្ដង់ដារបស់ក្រុមហ៊ុន ប៉ុន្តែពួកគាត់អាចអនុគ្រោះទៅលើសេវាផ្សេងទៀតដែលពាក់ព័ន្ធ ឬបន្ថែមនូវសេវាកម្មជូនតែម្ដង។ បច្ចុប្បន្ននេះ សម្រាប់តម្លៃជួលជាក់ស្ដែង និងគិតជាមធ្យមទៅលើការិយាល័យជួលកម្រិត A អាចស្ថិតនៅក្នុងចន្លោះ ២២-២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ ការិយាល័យកម្រិត Bស្ថិតនៅក្នុងរង្វង់ ១៨-២២ ដុល្លារក្នុងមួយម៉ែត្រ ហើយកម្រិត C ស្ថិតក្នុងតម្លៃ ១៦-១៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ” ។

ជាមួយនឹងការលើកឡើងពីស្ថានភាពនៃតម្រូវការ រួមជាមួយនឹងកំណើននៃការផ្គត់ផ្គង់ខាងលើនេះ លោក ម៉ម សិរីបញ្ញា ក៏បានបង្ហាញពីក្ដីរំពឹងថា នៅដើមឆ្នាំ២០២១ខាងមុខនេះ តម្រូវការជួលក្នុងវិស័យមួយនេះនឹងមានការកើនឡើងវិញ បន្ទាប់ពីស្ថានភាពនៃវិបត្តិសាកលត្រូវបានកាត់បន្ថយ និងឈានទៅរកការគ្រប់គ្រងបានប្រកបដោយប្រសិទ្ធភាពខ្ពស់៕

សេចក្ដីប្រកាសព័ត៌មាន៖ URM បើកសម្ពោធការិយាល័យថ្មីជាផ្លូវការនៅក្នុងគម្រោងខុនដូរ Urban Village

ភ្នំពេញ៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០

ក្រុមហ៊ុនគ្រប់គ្រងអចនទ្រព្យ Urban Rental Management (URM) មានសេចក្ដីរីករាយសូមប្រកាសពីការបើកសម្ពោធជាផ្លូវការការិយាល័យថ្មីរបស់ខ្លួននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ស្ថិតនៅក្នុងគម្រោង Urban Villageនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោហ៊ុនសែនក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ។

URM ដែលបានបង្កើតឡើងក្នុងខែមេសាឆ្នាំ២០២០ គឺជាទីភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យផ្ដាច់មុខនៃគម្រោង Urban Villageដោយគោលដៅចម្បងរបស់ខ្លួនគឺជួយសម្រួលនិងជួយឱ្យម្ចាស់អចលនទ្រព្យអាចស្វែងរកអ្នកជួលគេហដ្ឋានរបស់ពួកគាត់។

URM ផ្ដល់សេវាកម្មសំខាន់ៗជាច្រើនជំនួសម្ចាស់អចលនទ្រព្យដូចជា ការផ្សព្វផ្សាយអចលនទ្រព្យ ការស្វែងរកអ្នកជួល ការរៀបចំកិច្ចសន្យាជួល ការប្រមូលឈ្នួលផ្ទះ និងការថែទាំអចលនទ្រព្យជាដើម។ លើសពីនេះ URM មានផ្ដល់ជូនកញ្ចប់សេវាកម្មដាច់ដោយឡែកមួយទៀតដូចជាការផ្គត់ផ្គង់សម្ភារៈ និងសម្អាតគេហដ្ឋាន និងការបោកគក់សម្លៀកបំពាក់ជាដើម ដើម្បីធានាដល់ភាពងាយស្រួលរបស់អ្នកជួលអចលនទ្រព្យនៅក្នុងខុនដូរ Urban Village ។

លោកស្រី Janus Fung នាយិកានៃក្រុមហ៊ុនគ្រប់គ្រងអចនទ្រព្យ URM មានប្រសាសន៍ថា៖ «ក្រុមហ៊ុនយើងមានលក្ខណៈពិសេសជាងភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យដទៃទៀតត្រង់ថា យើងធ្វើកិច្ចការងារសំខាន់ៗជាច្រើនជំនួសម្ចាស់អចលនទ្រព្យដើម្បីផ្ដល់ភាពងាយស្រួលដល់ពួកគាត់។ ចាប់តាំងពីURMបានបង្កើតឡើង យើងទទួលបានការគាំទ្រយ៉ាងខ្លាំងសម្បើមពីសំណាក់ម្ចាស់ផ្ទះ និងអ្នកជួល ដោយសារតែភាពជំនាញប្រកបដោយវិជ្ជាជីវៈខ្ពស់របស់យើងនៅក្នុងវិស័យនេះ។»


លោកស្រី Janus Fung បានបន្ថែមទៀតថាយើងនឹងទទួលបានភាពជោគជ័យយ៉ាងខ្លាំងបន្ថែមទៀត ដោយសារតែយើងមានការសហការគ្នាយ៉ាងល្អជាមួយខុនដូរUrban Village យើងមានក្រុមទីផ្សារឌីជីថលដែលមានប្រសិទ្ធភាព និងជឿទុកចិត្តបាន និងក្រុមការងារលក់ដែលមានបទពិសោធន៍ច្រើនឆ្នាំ រួមទាំងសេវាកម្មល្អប្រសើរដែលយើងផ្ដល់ឱ្យអតិថិជនរបស់យើងប្រកបដោយប្រសិទ្ធភាពខ្ពស់។

URMមានក្រុមអ្នកជំនាញអាជីពបទពិសោធន៍ច្រើនឆ្នាំជាច្រើនដូចជា មេធាវីដែលមានឯកទេសខាងគ្រប់គ្រងឯកសារផ្លូវច្បាប់ គណនីយ្យករ ដែលមានបទពិសោធន៍ខាងហិរញ្ញវត្ថុច្បាស់លាល់ អ្នកគ្រប់គ្រងអចលនទ្រព្យដែលមានបទពិសោធន៍យូរឆ្នាំខាងគ្រប់គ្រងអចលនទ្រព្យ អ្នកឯកទេសទីផ្សារឌីជីថលលំដាប់អន្តរជាតិ និងក្រុមថែទាំអចលនទ្រព្យដែលមានបទពិសោធន៍ទូលំទូលាយខាងតំឡើង និងជួសជុលសម្ភារផ្សេងៗនៅក្នុងគេហដ្ឋាន។

សម្តេចតេជោ៖ កម្ពុជាកំពុងពង្រឹងវិស័យកសិកម្ម- កសិឧស្សាហកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា នៅក្នុងពេលដែលវិបត្តិ Covid-19 កំពុងឆ្លងរាតត្បាតពិភពលោក គឺបានធ្វើឲ្យប៉ះពាល់ដល់វិស័យមួយចំនួនរងផលប៉ះពាល់។ ក៏ប៉ុន្តែចំពោះវិស័យកសិកម្ម- កសិឧស្សាហកម្ម គឺនៅតែជាវិស័យដ៏សំខាន់ចម្បងបំផុតក្នុងការពង្រឹងសេដ្ឋកិច្ចជាតិកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសបុកនៅព្រឹកថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២០នេះថា ពិតណាស់ គឺយើងត្រូវប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ (covid-19) ឲ្យទៅជាឱកាសនៃការវិនិយោគក៏ដូចជាការអភិវឌ្ឍវិស័យកសិឧស្សាហកម្មបន្ថែមទៀត ដើម្បីគោលដៅអភិវឌ្ឍ និងភាពរីកចម្រើននាពេលអនាគត។

សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាធ្លាប់បានលើកឡើងដែរថា កម្ពុជា កំពុងប្រែក្លាយ វិបត្តិកូវីដ១៩ ឱ្យទៅជាឱកាស សម្រាប់វិស័យកសិកម្មខណ:វិស័យមួយចំនួន កំពុងរងផលប៉ះពាល់ តែវិស័យកសិកម្ម នៅតែបន្តកើនឡើង គួរឲ្យកត់សម្គាល់ ដោយតម្រូវការចាំបាច់ នៃទីផ្សារនៅតែត្រូវការជាប្រចាំ ។

សម្ដេចតេជោបានបន្តថា “យើង ត្រូវបង្វិលទិសឆាប់រហ័ស ដើម្បីជំរុញវិស័យកសិកម្ម របស់យើង ដើម្បីឱ្យក្លាយទៅជាឱកាសនៅក្នុងវិបត្តិកូវីដ១៩នេះ ”។ ជាមួយគ្នានេះ សម្ដេចតេជោអះអាងថា កម្ពុជាកំពុងធ្វើការពង្រីកទីផ្សារក្នុងការនាំចេញ កសិផលមួយចំនួន (ស្រូវ បន្លែបង្ការនានា,ចេក ,ដំឡូងមី ស្វាយ ជាដើម) ទៅកាន់ទីផ្សារកូរ៉េ ចិន ជប៉ុន និងប្រទេសមួយចំនួននៅលើពិភពលោកផងដែរ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា កម្ពុជាបាននឹងកំពុងមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម និងឧស្សាហកម្ម និងមានការទាក់លើការវិនិយោគិនអន្តរជាតិនាពេលបច្ចុប្បន្ននេះ បើទោះបីកម្ពុជាកំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩។

លោកឧកញ៉ា លឹម ហេង បានថា “នាពេលបច្ចុប្បន្ននេះ វិស័យសំខាន់ៗដែលកំពុងមានសក្តានុពលសេដ្ឋកិច្ចខ្លាំងរបស់កម្ពុជា រួមមាន វិស័យឧស្សាហកម្ម ដូចកាបូប ស្បែកជើង និង កង់ និងជាពិសេសវិស័យកសិកម្ម ដែលកំពុងមានការចាប់អារម្មណ៍លើកវិនិយោគទាំងវិនិយោគិនជាតិ និងអន្តរជាតិ”។

លោកថ្លែងថា “នៅក្នុងសម័យកូវីដនេះ យើងឃើញវិស័យកសិកម្ម កំពុងកំរើកខ្លាំង ហើយនេះ គឺជាក្តីសង្ឃឹមរបស់កម្ពុជា” ។ លោកបន្តថា “ខ្ញុំបានជួបក្រុមហ៊ុនអាមេរិកជាច្រើន បានបង្ហាញបំណងពីការវិនិយោគលើវិស័យនេះនៅកម្ពុជា ទាំងក្រុមហ៊ុនកូរ៉េ ក្រុមហ៊ុនជប៉ុន ជាពិសេសក្រុមហ៊ុនចិន ដែលបង្ហាញឆន្ទះក្នុងការវិនិយោគជាងគេ” ។

លោកបន្តថា “ក្រៅពីនេះយើងឃើញវិស័យឧស្សាហកម្ម ដែលកំពុងមានការកំរើកខ្លាំងដែរនោះ ដូចជា ផលិតកាបូប (ផលិតផលធ្វើដំណើរ) ស្បែកជើង និងកង់ ដែលមានការនាំចេញទៅទីផ្សារក្រៅប្រទេសបានច្រើន ក្នុងចំណោមវិស័យផ្សេងទៀត” ៕

ចំណេះដឹង! តើ​កិច្ចព្រមព្រៀង​លុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ផ្តល់​ផលប្រយោជន៍​អ្វីខ្លះ?

ដោយ​វុត្ថា

ភ្នំពេញៈ កិច្ចព្រមព្រៀង​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយនឹង​បណ្តា​ប្រទេស​នានា នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ភាគី​ចុះ​ហត្ថលេខី លើ​កិច្ច​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ធ្វើឱ្យ​ប្រាកដប្រជា​ក្នុងការ​កំណត់​សិទ្ធិ នៃ​ការយកពន្ធ កំណើន​មូលដ្ឋាន​គិត​ពន្ធ តាមរយៈ​ការទាក់ទាញ​វិនិយោគ​ដោយផ្ទាល់។

មិន​ត្រឹមតែ​ប៉ុណ្ណោះ  លំហូរ​មូលធន ការផ្ទេរ​បច្ចេកវិទ្យា និង​ជំនាញ​ពី​បរទេស ការការពារ​និវាស​ន​ជន ពី​ការ​ប្រព្រឹត្តិកម្ម​មិន​ត្រឹមត្រូវ​ពាក់ព័ន្ធ​នឹង​ពន្ធ និង​ការការពារ​ចំណូល​ពន្ធ​ក្នុងស្រុក តាមរយៈ​កិច្ចសហប្រតិបត្តិការ​កា​រ​ប្រយុទ្ធប្រឆាំង នឹង​ការ​គេចវេស​ពន្ធ​រវាង​ប្រទេស​នឹង​ប្រទេស​ដែល​ត្រូវបាន​ចុះហត្ថលេខា​ជាមួយគ្នា។

យោងតាម​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា បញ្ជាក់ថា ដើម្បី​សម្រួល​ក្នុងការ​អនុវត្ត​ពន្ធ​កាត់​ទុក ក្នុង​ក្របខ័ណ្ឌ នៃ​កិច្ចព្រមព្រៀង​ស្តីពី ការជៀសវៀង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ ពន្ធ​លើ​ប្រាក់ចំណូល ត្រូវ​ធ្វើតាម​ការណែនាំ​ដូចខាងក្រោម៖

ទី១ អ្នក​ជាប់ពន្ធ​និវាសជន​កម្ពុជា ត្រូវអនុវត្ត​តាម​វិធី​គណនេយ្យ​តាម​ស្តង់ដារ​គណនេយ្យ​អន្តរជាតិ​នៃ​កម្ពុជា លើ​រាល់​ការ​ទូរ​ទាត់​ចំណូល​ជា​ភាគលាភ ការប្រាក់ សួយ​សារ និង​កម្រៃ​សេវា​បច្ចេកទេស ទៅ​អ្នក​ជាប់ពន្ធ​និវាស​ន​ជន​នៃ​រដ្ឋ​ភាគី នៃ​កិច្ចព្រមព្រៀង​ម្ខាង​ទៀត។ ការ​ទូរ​ទាត់​ចំណូល​ខាងលើ ត្រូវ​ចាត់ទុកថា​បាន​ទូរ​ទាត់ ប្រសិនបើ​បាន​កត់ត្រា​ក្នុង​ប​ញ្ចិ​ការ​គណនេយ្យ​របស់​អ្នក​ជាប់ពន្ធ និវាស​ន​ជនកម្ពុជា​ដែលជា​ភ្នាក់ងារ​កាត់​ទុក។

ទី២ តាម​មាត្រា​ស្តីពី​ការចូល​ជាធរ​មាននៃ DTA ពន្ធ​កាត់​ទុក​លើ​ភាគលាភ ការប្រាក់ សួយ​សារ និង​កម្រៃ សេវា​បច្ចេកទេស ត្រូវមាន​ប្រសិទ្ធភាព​អនុវត្ត នៅ​ប្រទេស​ប្រភព នៅពេលដែល​ប្រាក់ចំណូល​កើតឡើង នៅ​ថ្ងៃ​ទីមួយ​នៃ​ខែមករា ឬ​ថ្ងៃ​បន្ទាប់ ក្នុង​ឆ្នាំ​ប្រតិទិន​បន្ទាប់ពី​ឆ្នាំ ដែល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន។

សម្រាប់​គោលដៅ​នៃ​ពន្ធ​កាត់​ទុក លើ​ការបែងចែក​ភាគលាភ ប្រាក់ចំណូល​កើតឡើង​ខាងលើ គឺជា​ប្រាក់ចំណូល​ដែល​អ្នក​ជាប់ពន្ធ​និវាស​ន​ជន បាន​ទូរ​ទាត់ នៅ​ថ្ងៃ​ទីមួយ​នៃ​ខែមករា ឬ​ថ្ងៃ​បន្ទាប់ ក្នុង​ឆ្នាំ​ប្រតិទិន​បន្ទាប់ពី​ឆ្នាំ​ដែល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន។

ទី៣ ការ​ទូរ​ទាត់​ចំណូល​ជា​ភាគលាភ ការប្រាក់​សួយ​សារ និង​កម្រៃ​សេវា​បច្ចេកទេស ត្រូវ​ជាប់ពន្ធ​កាត់​ទុក តាម​មាត្រា២៦ថ្មី (មួយ) នៃ​ច្បាប់​ស្តីពី​សារពើពន្ធ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​មិន​ឲ្យ​លើសពី​អត្រា​កំណត់​នៅក្នុង DTA ដូច​មានចែង​ក្នុង​សេចក្តី​ណែរ​នាំ លេខ ៤០៨៤ អ​ពដ ចុះ​ថ្ងៃទី២៦ ខែមីនា​ឆ្នាំ២០១៨ ស្តីពី​វិធាន និង​នីតិវិធី​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំ​ណួ​ល៕

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ខាតបង់​ថវិកា​ចំនួន ៤៦៤លាន​ដុល្លារដោយសារ​វិបត្តិ​សាកល

ដោយ ​វុត្ថា

ហាន​ណូយៈ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​បាន អះអាងថា ខ្លួន​បាន​ខាតបង់​ថវិកា​ចំនួន ១០,៧ ពាន់​ពាន់​លាន​ដុង ស្មើនឹង៤៦៤លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល៩ ខែ​នៃ​ឆ្នាំនេះ គិត​ចាប់ពី​ខែមករា​ដល់​ខែកញ្ញា ដែល​បណ្តាលមកពី​ការរីក​រាលដាល​នៃ​ជំងឺ កូ​វីដ១៩ ។

តាម​សារព័ត៌មាន asianaviation.com បាន​ចុះផ្សាយ​កាលពីពេលថ្មីៗនេះ​ឱ្យដឹងថា  ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ជ្រក​ក្រោម​ទង់ជាតិ​វៀតណាម​នេះ ទទួលបាន​ចំណូល​ចំនួន២៣,៩ពាន់​ពាន់​លាន​ដុង ក្នុង​រយៈពេល៩ខែ​ដំបូង​នៃ​ឆ្នាំនេះ ពោលគឺ​ធ្លាក់ចុះ ៥៨,៣ ភាគរយ។ នៅក្នុង​អំឡុង​ពេលនេះ ក្រុមហ៊ុន​បាន​ដឹក​អ្នកដំណើរ​ចំនួន១០,២ លាន​នាក់ ធ្លាក់ចុះ ៤១,២ ភាគរយ​ធៀប​នឹង​ឆ្នាំមុន។

ក្រុមហ៊ុន​អាកាសចរណ៍​អះអាងថា ខ្លួន​បាន​កាត់បន្ថយ​ការលក់​សំបុត្រ ការកាត់បន្ថយ​លើ​ចំណាយ​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង ការកាត់បន្ថយ​ប្រាក់ខែ​របស់​អាកាសយានិក និង​អ្នកបម្រើ​តាម​យន្តហោះ ក៏ដូចជា បង្កើន​ប្រតិបត្តិការ​នៃ​ការហោះហើរ ធ្វើ​មាតុភូមិនិវត្តន៍​ដែលជា​ផ្នែក​មួយ នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​ចំណាយ និង​បង្កើន​ប្រាក់ចំណូល។

លោក Tran Thanh Hien ប្រធាន​គណនេយ្យករ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​វៀត​ណា​ម​បានឱ្យដឹងថា ប្រាក់ចំណូល​នៅ​ត្រីមាស​ទី៣ របស់​ក្រុមហ៊ុន​អាកាសចរណ៍​របស់ខ្លួន​បាន​ធ្លាក់ចុះ៦៨ភាគរយ បន្ទាប់ពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ១៩ខ្លាំង នៅ​ប្រទេស​នេះ​កាលពី​ចុងខែ​កក្កដា។

លោក​បន្តថា នៅក្នុង​ត្រីមាស​ទី៣នេះ  ជាធម្មតា​ក្រុមហ៊ុន​អាកាសចរណ៍​រកចំណូលបាន​ខ្ពស់បំផុត​ជា​រៀងរាលឆ្នាំ ដោយសារ​មានការ​ធ្វើដំណើរ​ច្រើន ដែល​ប្រទេស​នេះ ខិតជិត​ចូល​រដូវក្តៅ។ ការផ្ទុះ​ឡើងជា​លើក​ទី​ពីរ​នូវ​ជំងឺ​កូ​វីដ១៩ បាន​បង្ខំ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម លុបចោល​ជើងហោះហើរ​ក្នុងស្រុក​ថ្មី​ចំនួន២២    ហើយ​ក្រុ្ម​ម​ហ៊ុន​ចំនួន ១១ កំពុង​ពិចារណា​លើ​លទ្ធភាព ក្នុង​ការបន្ត​ហោះហើរ​នៅ​នៅក្នុង​ត្រីមាស​ទី៤នេះ។

បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម បានធ្វើ​ប្រតិបត្តិ​ការហោះហើរ​នៅក្នុង​ស្រុក​ជា​មធ្យម៣០០ជើង​ក្នុង​មួយថ្ងៃ។ ក្រុមហ៊ុន​អាកាសចរណ៍ បាន​បន្ត​ការហោះហើរ​មួយ​ជើង​ទៅ​ជប៉ុន ហើយ​គ្រោង​នឹង​បើកផ្លូវ​ហោះហើរ​ឡើងវិញឆាប់ៗ ទៅកាន់​ចិន កោះ​តៃវ៉ាន់ ឡាវ និង​កម្ពុជា។

កាលពី​ខែ​មុន​ក្រុមហ៊ុន​អាកាសចរណ៍ របស់​វៀតណាម​បានឱ្យដឹងថា ប្រាក់​បំរុង​ជា​សាច់ប្រាក់​របស់ខ្លួន បាន​ថយ​ចុះមក​នៅត្រឹម១,៩ពាន់​ពាន់​លាន​ដុង ដោយបាន​ប៉ាន់ប្រមាណ​ថា ការខាតបង់​សរុប​នៅ​ឆ្នាំនេះ មាន​ប្រហែល១៥,២ពាន់​ពាន់​លាន​ដុង​លើ​ប្រាក់ចំណូល​ចំនួន៥៥,៧ពាន់​ពាន់​លាន​ដុង៕

គំរោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​កំពុង​ជំរុញ​សក្តានុពល​នៃ​ការអភិវឌ្ឍ​លើ វិស័យ​អចលនទ្រព្យ

ដោយ​វុត្ថា

ភ្នំពេញៈ អ្នកវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ភាគច្រើន ជាពិសេស អ្នក​អភិវឌ្ឍន៍​លំនៅឋាន​នានា តែងតែ​រំពឹង​លើ​ហេដ្ឋារចនាសម្ព័ន្ធ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​នឹង​កំពុង​សាងសង់ ហើយ​ចាត់ទុកថា​នឹង​ទទួលបាន​ផលចំណេញ​ខ្ពស់ នៅពេល​បញ្ចប់​គម្រោងរ​បស់​របស់​ពួកគេ។

លោកស្រី​អាន សុ​ធិ​តា នាយិកា ក្រម​ហ៊ុន CBRE Cambodia បាន​ប្រាប់​គេហទំព័រ Propertyare.asia នៅក្នុង​កិច្ច​សម្ភាស​មួយ កាលពីពេលថ្មីៗនេះ​ថា អ្នក​អភិវឌ្ឍន៍ ដែល​វិនិយោគ​លើ​លំនៅឋាន ដីធ្លី និង​ឬ​អចលនទ្រព្យ​ផ្សេងទៀត បានសម្រេច​បោះទុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នេះ ដោយសារ​ពួកគេ​គ្មាន​ភាពស្ទាក់ស្ទើរ និង​មាន​ជំនឿរ​ទីផ្សារ​នៅក្នុង​ស្រុក ជាពិសេស​មាន​រំពឹង​ខ្ពស់​លើ​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ល្អ​របស់​រាជរដ្ឋាភិបាល។

លោកស្រី​បន្តថា  “អ្នក​អភិវឌ្ឍន៍​តែងតែ​គិតពី​ការវិនិយោគ​របស់ខ្លួន សូម្បីតែ​គ​ម្រោ ង​ខុន​ដូ​នៅ​កណ្តាល​ក្រុង ឬ​លំនៅឋាន​នៅតាម​ជាយក្រុង និង​ដីធ្លី ដែលមាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ រីកចំរើន និង​រំពឹង​ខ្ពស់​ចំពោះ​ប្រាក់ចំណេញ នូវពេលដែល​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ត្រូវបាន​បញ្ចប់” ។ លោកស្រី​ពន្យល់ថា “បច្ចុប្បន្ននេះ​អ្នក​អភិវឌ្ឍន៍​គម្រោង​ខុន​ដូ  និង ម្ចាស់​អចលនទ្រព្យ តែងតែ​ធ្វើ​យុទ្ធនាការ​ក្នុង​ការលក់​អចលនទ្រព្យ របស់​ខ្លូន ដើម្បី​ទាក់ទាញ​អតិថិជន ដោយបាន​ផ្សព្វ​លើកឡើង​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ល្អប្រសើរ” ។

ជាមួយគ្នានេះ លោក វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹង​ដែរ​ថា  ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ របស់​រាជរដ្ឋាភិបាល បាននិងកំពុង​ជួយ​ដល់​ការអភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ ជាពិសេស​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​នានា​នៅក្នុង​ប្រទេស។

លោក​ថ្លែងថា “កាលពី​កន្លងមកនេះ ខ្ញុំ​បានធ្វើ​ដំណើរ​នៅតាម​បណ្តោយ​ផ្លូវ ដែល​កំពុងធ្វើការ​ស្ថាន​នា (ផ្លូវជាតិ​លេខ២ ) ឃើញ​មាន​គម្រោង​លំនៅឋាន ជាច្រើន​ដែល​បាន​នឹង​កំពុងផ្តល់​ដល់​ពលរដ្ឋ ដែលមាន​បំណង​មក​រស់នៅ ក្នុង​តាម​បណ្តោយ​ផ្លូវជាតិ​របស់​រាជរដ្ឋាភិបាល” ។

លោក​បន្តថា ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល មិន​ត្រឹមតែ​ប​ផ្តល់នូវ​ការ​រី​ចំរើន​លើ​វិស័យ​អចលនទ្រព្យ​នោះទេ ប៉ុន្តែ​បា​នឹង​កំពុង​ផ្តល់នូវ​ការដឹកជញ្ជូន កាន់​តែមាន​ភាពល្អប្រសើ​រ និង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ឱ្យមាន​ការរីក​រំ​រើ​ន តាមរយៈ​ការអភិវឌ្ឍន៍​ប្រព័ន្ធ​ឡូ​ជី​ស្ទីក (National Logistic System) នៅ​ទូទាំងប្រទេស” ៕

គ្រោះទឹកជំនន់​នឹង​ផ្លាស់ប្តូរ​រចនា​ស​ម្ព័​ន្ឋ​នៃ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ?

ដោយ​គង់ សូរិយា

ភ្នំពេញៈ បើទោះជា​វា​មាន​រយៈពេល​ខ្លី​ក្តី ប៉ុន្តែ​បទពិសោធន៍​ដ៏​អាក្រក់​នេះ នឹងធ្វើ​ឲ្យ​អ្នក​មានបំណង​វិនិយោគ​លើផ្ទះ​សម្បែង ទិញ​សំរាប់​រស់នៅ​នឹង​ពិចារណា​ឡើងវិញ​លើ​ការសម្រេចចិត្ត​របស់​ពួកគេ។

ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល ជា​សហ​ស្ថាបនិក​និង​ជា​អគ្គនាយក​នៃ​គេហទំព័រ Propertyarea.asia លោក​យិន លាង​គង់ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា ពិតណាស់​បញ្ហា​ទឹកជំនន់​ដោយសារ​ទឹកភ្លៀង ដោយសារ​គ្រោះធម្មជាតិ​ក្តី វា​តែងតែ​កើត​មាននៅ​គ្រប់​បណ្តា​ប្រទេស​នានា ប៉ុន្តែ​ការលិចលង់​ដែល​មិនអាច​ប៉ាន់ប្រមាណ​ជាមុន​បាន​នៅពេលនេះ នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្លាស់ប្តូរ​ការសម្រេចចិត្ត​របស់​ពួកគេ ទោះបីជា​រយៈពេល​ខ្លី​ក្តី រយៈពេល​វែង​ក្តី។

លោក​បន្តថា “អ្នកជំនាញ​ផ្នែក​នគរូបនីយកម្ម​ថា ការលិចលង់​នេះ ដោយសារ​ការរៀបចំ​បែបផែន​នគរូបនីយកម្ម​មិនសូវ​បានល្អ ដែល​នេះ​ពិតជា​ផ្នែក​មួយ​ត្រឹមត្រូវ ប៉ុន្តែ​គ្រោះធម្មជាតិ​នេះ​វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ” ។ លោក​បន្តថា “ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ និង​ម្ចាស់​គំរោង​អភិវឌ្ឍន៍​នៅតាម​បណ្តោយ​ផ្លូវ​មួយចំនួន ស្ថិតនៅ​ភាគខាងត្បូង ឆៀង​ខាងលិច​ក្រុងភ្នំពេញ បាននិងកំពុង​ធ្វើ​ឲ្យ​និន្នាការ​នៃ​ការទិញ​លក់ អាច​ផ្លាស់ប្តូរ​ក្នុងកំឡុងពេល និង​បន្ទាប់ពី​វិបត្តិ​នេះ” ។

តំបន់​ស្ថិតនៅតាម​ដងស្ទឹង​ព្រែក​ត្នោត ផ្នែក​មួយចំនួន​នៃ​ផ្លូវជាតិ​លេខ២បាននិងកំពុង​លិចលង់ ពិសេស​ក្នុង​ខ័​ណ្ឌ​ដង្កោ ប៉ុន្តែ​យើង​សង្ឃឹមថាអ្វីៗនឹង​អាច​ដោះស្រាយបាន​បន្ទាប់ពី​ទឹកជំនន់​នេះ ហើយ​ប្រជាពលរដ្ឋ​នឹងមិន​ប្រឈមមុខ នឹង​បទពិសោធន៍​នេះ​បន្ត​ទៀតឡើយ។លោក​យិន លាង​គង់​បញ្ជាក់​ឲ្យ​ដឹង។

ទោះជា​យ៉ាងណា អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈ បាន​មានប្រសាសន៍ថា បញ្ហា​ជំនន់​ដែល​កំពុង​កើតមាន​នៅពេលនេះ មិនមែនជា​ឧបសគ្គ​ធំ​នៅក្នុង​ទីផ្សារ​រួម នៃ​វិស័យ​អចលនទ្រព្យ​នោះទេ ដែល​វា​គ្រាន់តែ​ជា​ចំណែក​មួយ​តូច​តែប៉ុណ្ណោះ ដែល​បង្ក​ឡោះ​ង​ដោយ​ធម្មជាតិ ហើយ​វឹ​នឹង​ផុតរលត់​ទៅវិញ​ក្នុង​រយៈពេល​ដ៏​ខ្លី។

លោក​បញ្ជាក់ថា “ជំនន់​ទាំងនេះ ច្បាស់​ណាស់​ថា បាន​បង្កក​ចលនា​នៃ​ការទិញ-លក់ ដីធ្លី​នៅតាម​តំបន់​ជុំវិញ​ក្រុង ក៏ដូចជា​តាម​បណ្តា​ខេត្ត​នានា ប៉ុន្តែ​វា​មិនមែនជា​បញ្ហា​ធំ​ធ្ងន់ធ្ង​ដែល​ជះឥទ្ធិពល​អាក្រក់​ដូច​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​នោះទេ” ។

ទោះជា​យ៉ាងណា​លោក​ទទួលស្គាល់ថា យើង​ទទួលស្គាល់ថា នៅពេល​មាន​គ្រោះ​ជំនន់ ការទិញ​លក់​ដីធ្លី​មានការ​ធ្លាក់ចុះ ប៉ុន្តែ​ភាគច្រើន​ប៉ះពាល់​ទៅលើ​គម្រោង​ដី​ឡូ​តិ៍​ប៉ុណ្ណោះ ដោយសារ​ពួកគាត់​ភាគច្រើន​ជា​ភ្នាក់ងារ​លក់ ដែល​ត្រូវ​ការលក់​ចេញ​ជាប្រចាំ លុះ​នៅពេល​លិច​ទឹក ភ្ញៀវ​ក៏​មិន​ទៅ​មើល​ដែរ ប៉ុន្តែ​សម្រាប់​ការទិញ​លក់​ដី​ដែលមាន​ទំហំ​ធំ​ហាក់ដូចជា​មិន​ប៉ះពាល់​នោះទេ។

ចំណែក​លោក​បណ្ឌិត វាន់ វ៉ាត  អ្នកជំនាញ​ផ្នែក​នគរូបនីយកម្ម និង​សំណង​បាន​មានប្រសាសន៍ថា ការរៀបចំ​នគរូបនីយកម្ម​ក្រុង​របស់​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ននេះ​មិនទាន់មាន​ផែនការ​អនុវត្តន៍ នៅ​ទូទាំងប្រទេស​នៅឡើយ​ទេ បើទោះបី​មានការ​រៀ​បំ​ហេ ដ្ឋា​រនា​សម្ព័ន្ធ​ក្រុង​មួយចំនួន​រួចហើយ​យ៉ាង​ក្តី ដែល​ការ​នេះ​ជំរុញឱ្យមាន​ការជួប​ប្រទះ​នូវ​ជន់​លិច​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំងម្តង។

លោក​បន្តថា កន្លងមកនេះ យើង​បានរៀបចំ​ហេ​ដ្ឋា​រនា​សម្ព័ន្ធ​ក្រុង​បាន​រួចហើយ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដូចជា​នៅក្នុង​ខេត្តកណ្តាល យើង​ក៏បាន​សិក្សា​នៅក្នុង​កម្រិត​តាម​ផែនការ  ហើយ​ចំពោះ​ការអនុវត្ត​ជាក់ស្តែង ទៅលើ​គម្រោង​មិនទាន់​ចេញ​ជា​ផែន​ជាក់ស្តែង​ដោយ​កង្វះខាត​ពាក់ព័ន្ធ​នឹង​កញ្ចប់​ថវិកា។

លោក​បន្តថា “ដូច្នេះ​រាល់​បាតុភូតធម្មជាតិ​ដែលមាន​ការ​ជន់​លិច  ដូចជា​ការអនុវត្ត​ជាក់ស្តែង លើ​ការងារ​ផែនការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង គឺ​យើង​ផ្អែកទៅលើ​ផែនការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែលមាន​គម្រោង​អ​ភ​វិ​ឌ្ឍ​ន៍​ទាំង​នៅក្នុង​ស្រុង និង​ក្រៅ​ស្រុក ដែលមាន​ការគាំទ្រ​ថិ​កា​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តែ​មកដល់ពេលនេះ យើង​ឃើញថា មិនទាន់មាន​ផែនការ​ច្បាស់លាស់​នៅឡើយ​ទេ” ។

លោក​បណ្ឌិត​បន្តថា “យើង​នៅតែមាន​ចំណុច​ខ្វះខាត​មួយចំនួន​ពាក់ព័ន្ធ​ទៅនឹង​កញ្ចប់​ថវិកា ដើម្បី​យកមក​អភិវឌ្ឍន៍​ប្រព័ន្ធ​ហេ​ដ្ឋា​រនា​សម្ព័ន្ធ​រំដោះ​ទឹក” ។ លោក​ពន្យល់ថា “កន្លងមកនេះ យើង​នៅមាន​ចន្លោះ​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បានគ្រោង​លើក​កម្រិត​ជា​លក្ខណៈ​ផ្លូវជាតិ ផ្លូវ​មហាវិថី វិថី ក៏ដូចជា​ផ្លូវ​បេ​តុ និង​ផ្លូវលំ​នៅតាម​ជនបទ ជាដើម ដែល​យើង​មិនបាន​យកចិត្តទុកដាក់​លើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​រំដោះ​ទឹក ដូចជា​ប្រព័ន្ធ​លូ ប្រព័ន្ធ​ព្រែក​ប្រឡាយ​មេ និង​ប្រឡាយផ្សេងៗជាដើម” ។

លោក​បណ្ឌិត​ពន្យល់ថា “ក្នុង​រយៈពេល២សប្តាហ៍​កន្លងមកនេះ កម្ពុជា​បានទទួល​រង​នូវ​ប្រព័ន្ធ​សម្ពាត​ទាប ហើយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង បានធ្វើឱ្យ​តំបន់​មួយចំនួន​ទទួលរង​នូវ​ការលិចលង់​ក្រុង ដោយសារ​នៅ​កន្លែង​ខ្លះ យើង​កំពុងធ្វើការ​ជុស​ជួល ហើយ​ផ្លូវ​មួយចំនួន​យើង​បញ្ចប់​ការសាងសង់ ប៉ុន្តែ​យើង​មិនបាន​រៀបចំ​ប្រឡាយ​រំដោះ​ទឹក ឱ្យ​បានល្អ​នោះទេ(ឧទាហរណ៍​ផ្លូវជាតិ​លេខ៤ ) ក្នុង​ទីប្រជុំជន​ជាដើម។

លោក​បន្ថែមទៀតថា “នៅ​កន្លែង​ខ្លះទៀត បើទោះបី​ធ្វើ​ផ្លូវ​រួចហើយ តែ​យើង​មិនបាន​រៀបចំ​ប្រឡាយ​រំដោះ​ទឹក​ឱ្យបាន​ត្រឹមត្រូវ​តាមរយៈ​ការតភ្ជាប់​ទៅកាន់​ប្រឡាយ​មេ (ធ្លាក់ចូល​ទន្លេ) ហើយ​បើតាម​ស្ថានភាព​បច្ចុប្បន្ននេះ  បើ​យើង​មាន​ប្រព័ន្ធ​បង្ហូរ​រំដោះ​ទឹក​ល្អ និង​មាន​ប្រព័ន្ធ​ចែក​រំ​លែង​ទៅកាន់​អូរ ឬ​ប្រឡាយ ស្ទឹង បឹង ជាច្រើន​ផ្សេងទៀត​ជា​លក្ខណៈ​ស្បែក​ខ្លា នឹងមិន​ធ្វើឱ្យ​មានការ​ជន​លិច​នោះទេ” ៕

ប្រធាន​សមាគម CVEA.៖ ភ្នាក់ងារ​អចលនទ្រព្យ​ត្រូវ​បង្កើន​ទំនុកចិត្ត​ដល់​អតិថិជន

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ គ្មាន​ភ្នាក់ងារ​អចលនទ្រព្យ​ណា​ម្នាក់ មិន​ចង់បាន​ទំនុកចិត្ត​ពី​អតិថិជន​របសខ្លួន​នោះឡើយ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​នៅត្រង់ថា តើ​គួរ​ធ្វើ​យ៉ាងដូចម្ដេច​ទើប​អាចធ្វើឱ្យ​អតិថិជន​ទាំងអស់នោះ មាន​ភាពជឿជាក់​ខ្ពស់​មកលើ​ខ្លួន ហើយ​ទទួល​ទិញ​អចលនវត្ថុ​ដែល​ខ្លួន​បាន​ណែនាំ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) លោក ច្រឹ​ក សុខ​នី​ម​បាន​លើកឡើងថា ដើម្បី​អាច​ទទួលបាន​ទំនុកចិត្ត និង​ទទួលបាន​ផលចំណេញ​ខ្ពស់​ពី​អតិថិជន ភ្នាក់ងារ​អចលនទ្រព្យ ឬ​ក្រុមហ៊ុន​ផ្តល់​សេវា​អចលនទ្រព្យ ត្រូវ​ផ្តល់​សេវាកម្មផ្សេងៗ លើសពី​ការរំពឹងទុក ទៅកាន់​អតិថិជន​របស់ខ្លួន តាមរយៈ​ផ្តល់​ប្រឹក្សា​យោបល់ និង​មាន​ភាពស្មោះត្រង់​បំផុត និង​ភាព​រួសរាយ​រាក់ទាក់​ជាទីបំផុត។

លោក​បាន​មានប្រសាសន៍ថា “ភ្នា​ក់រ​អចលនទ្រព្យ ឬ​ក្រុមហ៊ុន​ផ្តល់​សេវា​អចលនទ្រព្យ គឺ​ត្រូវ​ផ្តល់​សេវា​ជា​កញ្ចប់​មាន​ទាំង​រត់​ឯកសារ លិខិត​កក់​ប្រាក់ កិច្ចសន្យា​ទិញ-លក់ និង​មាន​ទាំង​ប្រថាប់ត្រា​ពី​សំណាក់​មេធាវី ដើម្បី​ឲ្យ​អតិថិជន​មាន​ភាពកក់ក្តៅ និង​ការទិញ​លក់​របស់​ពួកគេ​មាន​សុវត្ថិភាព និង​មាន​ភាពងាយស្រួល” ។

លោក​បន្តថា បើ​អតិថិជន​បាន​ទិញ​ចលនទ្រព្យ តាមរយៈ​ភ្នាក់ងារ​ជំនាញ យើង​ត្រូវធ្វើ​ឱ្យមាន​ភាព​ចំណេញ លើ​ការទិញ​អចលនទ្រព្យ​នោះ តាមរយៈ​របស់​ល្អ និង​មានតម្លៃ​ក្រោម​ទីផ្សារ ហើយ​ថ្ងៃក្រោយ​គាត់​នឹង​ណែនាំ​អ្នកផ្សេង ឲ្យ​មករក​សេវាកម្ម​របស់​យើង។ លោក​បន្តថា នៅពេល​អ​ថិ​ជន​ណែនាំ​បន្ត​គា្ន នោះ​មានន័យថា គេ​មាន​ជំនឿ​របស់​យើង និង​ទទួលបាន​ផល​ច្រើន តែបើ​អតិថិជន​ដែល​មិនដែល​ប្រើ​សេវាកម្ម​របស់​យើង ប្រាកដ​ណាស់​គេ មិនសូវ​ទុកចិត្ត​ខ្លាំង​នោះទេ។

លោក​ច្រឹ​ក សុខ​នី​ម បានផ្តល់​យោបល់​បន្ថែម​ទៀតថា ក្នុងនាម​ជា​អ្នកផ្តល់​សេវាកម្ម​លើ​វិស័យ​អចលនទ្រព្យ យើង​ត្រូវមាន​ចំណេះដឹង​ឲ្យ​បាន​ជ្រៅជ្រះ តាមរយៈ​បង្កើន​ចំណេះដឹង​ជាប្រចាំ កា​អនុវត្ត​ផ្ទាល់ និង​ដឹង​ពី​តម្លៃ​ទីផ្សារ​នៅក្នុង​តំបន់​ដែល​ខ្លួន​កាន់ ដែល​ចំណេះដឹង​ទាំងអស់នេះ នឹងធ្វើ​ឲ្យ​អតិថិជន​មាន​ទំនុកចិត្ត និង​ជឿជាក់​លើ​យើង។

លោក​បន្តថា “បើ​យើង​មានចំណេះដឹង​ទាប​ជាង​ពួកគាត់ នៅពេលដែល​យើង​និយាយ​ទៅ គាត់​នឹងមិន​ទុកចិត្ត​យើង​នោះទេ និង​ជាពិសេស​យើង​ត្រូវ​ស្គាល់​អ​ថិ​ជន ជា​គោលដៅ​របស់ខ្លួន​អោយបាន​ច្បាស់លាស់ ហើយ​យើង​ធ្វើការ​ជាមួយ​អ្នក និង​អ្នក​ផ្ទាល់។ លោក​បន្តថា “បើ​មិន​ស្គាល់​អតិថិជន​របស់ខ្លួន​ច្បាស់​ទេ យើង​នឹង​បរាជ័យ​តាមរយៈ​ការធ្វើ​កិច្ច​ការមិន​ច្បាស់លាស់” ។

បើតាម​លោក ច្រឹ​ក សុខ​នី​ម ភ្នាក់ងារ​ផ្តល់​សេវា​អ​ចនទ្រ​ព្យ​ទាំង​ចុះបញ្ជី និង​មិន​ចុះបញ្ជី​មាន​ប្រមាណ​ក្រោម៣ម៉ឺន​នាក់ នៅ​ទាំង​ទូទាំងប្រទេស ដែល​កំពុង​ប្រតិបត្តិការ ខណៈដែល​កម្ពុជា នៅ​ខ្វះខាត​អ្នកជំនាញ​លើ​វិស័យ​ជាច្រើន ស្របពេល​ដែល​ដែល​កំពុង​បោះជំហាន​ទៅមុខ៕

វិនិយោគិនអន្តរជាតិ ៖ កម្ពុជាជាទីតាំងវិនិយោគដ៏មានសក្តានុពល

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ លោក Clement Yang ប្រធានក្រុមហ៊ុនរោងចក្រ MEDTECS Cambodia ដែលមានមូលដ្ឋានស្ថិតនៅក្នុងខេត្តកំពង់ចាម និងជាអ្នកវិនិយោគតំបន់សេដ្ឋកិច្ចពិសេស Manhattan ក្រុងបាវិត ខេត្តស្វាយរៀង បានបង្ហាញនូវការពេញចិត្តចំពោះការវិនិយោគវិស័យរោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ទោះបីមានឧបសគ្គនៅបន្តមានក៏ដោយ។

លោក Clement Yang នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីម្សិលមិញនេះឱ្យដឹងថា កម្ពុជាជាទីតាំងវិនិយោគដ៏មានសក្តានុពល ដែលបច្ចុប្បន្នកំពុងមានបំណងពង្រីកដើមទុនក្នុងរោងចក្រ និងតំបន់សេដ្ឋកិច្ចរបស់លោក ពីព្រោះព្រំដែនកម្ពុជា-វៀតណាម ជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់។ ប៉ុន្តែការងារនេះមានការពាក់ព័ន្ធនិងច្បាប់វិនិយោគរបស់កម្ពុជា”។

លោកក៏បានបង្ហាញនូវជំហរចូលរួមការពារបរិស្ថានក្នុងវិស័យវិនិយោគរបស់លោក គឺការអនុវត្តគោលការណ៌ថាមពលបៃតង( Green Energy) ក៏ដូចជាឧស្សាហកម្មបៃតង(Green Industry) ដោយលោកយកចិត្តទុកដាក់ការធ្វេីអាងប្រព្រឹត្តិកម្មសម្រាប់ទឹកកខ្វក់ចេញពីរោងចក្រស្របតាមស្តង់ដារ និងធ្វើឲ្យទឹកទន្លេដែលត្រូវបង្ហូរចូលមានភាពស្រស់ថ្លា ហើយអភិវឌ្ឍជាតំបន់ទេសចរណ៌ធម្មជាតិជាប់ព្រំដែនតែម្តង ។ ការងារនេះលោកក៏ស្នើឲ្យមានការសហការជាមួយស្ថាប័នពាក់ព័ន្ធផងដែរ ។

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសាទរចំពោះគម្រោងពង្រីកទុនវិនិយោគក្នុងរោងចក្រ និងតំបន់សេដ្ឋកិច្ចរបស់លោក Yang ដោយស្នើឲ្យពិភាក្សាការងារនេះបន្ថែមជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគាំទ្រចំពោះ ការយកចិត្តទុកដាក់ទៅលើកិច្ចការពារបរិស្ថានដោយអនុវត្តនូវគោលការណ៍ថាមពលបៃតង និងឧស្សាហកម្មបៃតង ដែលការងារនេះ ស្របនឹងគោលការណ៍របស់ក្រសួង ដែលប្រកាន់យកការអភិវឌ្ឍតាមបែបឧស្សាហកម្មបៃតង និងបច្ចេកវិទ្យាបៃតង ។

លោកទេសរដ្ឋមន្ត្រីបានចាត់ទុកលោក Clement Yang គឺជាអ្នកវិនិយោគទុនមានភាពជោគជ័យមួយនៅកម្ពុជា មានរយ:ពេល២១ ឆ្នាំមកហើយ ដោយបានរួមចំណែកផងដែរក្នុងបំណែកសេដ្ឋកិច្ច ទីផ្សារការងារ និងការទទួលខុសត្រូវសង្គមនៅកម្ពុជា ។

លោកទេសរដ្ឋមន្ត្រីបន្ថែមថា នៅពេលពិភពលោកក៏ដូចជាកម្ពុជាកំពុងរងគ្រោះ និងផលប៉ះពាល់ពីមេរោគ Covid-19 ក្រុមហ៊ុនរោងចក្រ MEDTECS របស់លោក Yang ដែលមានមូលដ្ឋាននៅខេត្តកំពង់ចាមបានបង្កើនការផលិតរបស់ខ្លួនដោយផ្តោតជាសំខាន់ទៅលើសម្ភារ:បរិក្ខាការពារផ្ទាល់ខ្លួន(PPE) ហើយក៏បានការឧបត្ថម្ភជាម៉ាស់ និងសម្លៀកបំពាក់ពេទ្យ សម្រាប់ការពាររោគឆ្លងCovid-19 ដល់តម្រូវការរបស់កម្ពុជា រួមទាំងប្រទេសមួយចំនួនទៀតផងដែរ ។

លោកទេសរដ្ឋមន្រ្តី ក៏បានបានស្នើឲ្យក្រុមហ៊ុនរោងចក្ររបស់លោកYang បង្កើនការផលិតសំភារៈបរិក្ខាការពារCovid-19 ឲ្យបានកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់ឲ្យគ្រប់តម្រូវការទីផ្សារ ពីព្រោះមេរោគនៅគំរាមកំហែងពិភពលោកនៅឡើយ ៕