គ្រោះទឹកជំនន់​នឹង​ផ្លាស់ប្តូរ​រចនា​ស​ម្ព័​ន្ឋ​នៃ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ?

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ បើទោះជា​វា​មាន​រយៈពេល​ខ្លី​ក្តី ប៉ុន្តែ​បទពិសោធន៍​ដ៏​អាក្រក់​នេះ នឹងធ្វើ​ឲ្យ​អ្នក​មានបំណង​វិនិយោគ​លើផ្ទះ​សម្បែង ទិញ​សំរាប់​រស់នៅ​នឹង​ពិចារណា​ឡើងវិញ​លើ​ការសម្រេចចិត្ត​របស់​ពួកគេ។

ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល ជា​សហ​ស្ថាបនិក​និង​ជា​អគ្គនាយក​នៃ​គេហទំព័រ Propertyarea.asia លោក​យិន លាង​គង់ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា ពិតណាស់​បញ្ហា​ទឹកជំនន់​ដោយសារ​ទឹកភ្លៀង ដោយសារ​គ្រោះធម្មជាតិ​ក្តី វា​តែងតែ​កើត​មាននៅ​គ្រប់​បណ្តា​ប្រទេស​នានា ប៉ុន្តែ​ការលិចលង់​ដែល​មិនអាច​ប៉ាន់ប្រមាណ​ជាមុន​បាន​នៅពេលនេះ នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្លាស់ប្តូរ​ការសម្រេចចិត្ត​របស់​ពួកគេ ទោះបីជា​រយៈពេល​ខ្លី​ក្តី រយៈពេល​វែង​ក្តី។

លោក​បន្តថា “អ្នកជំនាញ​ផ្នែក​នគរូបនីយកម្ម​ថា ការលិចលង់​នេះ ដោយសារ​ការរៀបចំ​បែបផែន​នគរូបនីយកម្ម​មិនសូវ​បានល្អ ដែល​នេះ​ពិតជា​ផ្នែក​មួយ​ត្រឹមត្រូវ ប៉ុន្តែ​គ្រោះធម្មជាតិ​នេះ​វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ” ។ លោក​បន្តថា “ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ និង​ម្ចាស់​គំរោង​អភិវឌ្ឍន៍​នៅតាម​បណ្តោយ​ផ្លូវ​មួយចំនួន ស្ថិតនៅ​ភាគខាងត្បូង ឆៀង​ខាងលិច​ក្រុងភ្នំពេញ បាននិងកំពុង​ធ្វើ​ឲ្យ​និន្នាការ​នៃ​ការទិញ​លក់ អាច​ផ្លាស់ប្តូរ​ក្នុងកំឡុងពេល និង​បន្ទាប់ពី​វិបត្តិ​នេះ” ។

តំបន់​ស្ថិតនៅតាម​ដងស្ទឹង​ព្រែក​ត្នោត ផ្នែក​មួយចំនួន​នៃ​ផ្លូវជាតិ​លេខ២បាននិងកំពុង​លិចលង់ ពិសេស​ក្នុង​ខ័​ណ្ឌ​ដង្កោ ប៉ុន្តែ​យើង​សង្ឃឹមថាអ្វីៗនឹង​អាច​ដោះស្រាយបាន​បន្ទាប់ពី​ទឹកជំនន់​នេះ ហើយ​ប្រជាពលរដ្ឋ​នឹងមិន​ប្រឈមមុខ នឹង​បទពិសោធន៍​នេះ​បន្ត​ទៀតឡើយ។លោក​យិន លាង​គង់​បញ្ជាក់​ឲ្យ​ដឹង។

ទោះជា​យ៉ាងណា អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈ បាន​មានប្រសាសន៍ថា បញ្ហា​ជំនន់​ដែល​កំពុង​កើតមាន​នៅពេលនេះ មិនមែនជា​ឧបសគ្គ​ធំ​នៅក្នុង​ទីផ្សារ​រួម នៃ​វិស័យ​អចលនទ្រព្យ​នោះទេ ដែល​វា​គ្រាន់តែ​ជា​ចំណែក​មួយ​តូច​តែប៉ុណ្ណោះ ដែល​បង្ក​ឡោះ​ង​ដោយ​ធម្មជាតិ ហើយ​វឹ​នឹង​ផុតរលត់​ទៅវិញ​ក្នុង​រយៈពេល​ដ៏​ខ្លី។

លោក​បញ្ជាក់ថា “ជំនន់​ទាំងនេះ ច្បាស់​ណាស់​ថា បាន​បង្កក​ចលនា​នៃ​ការទិញ-លក់ ដីធ្លី​នៅតាម​តំបន់​ជុំវិញ​ក្រុង ក៏ដូចជា​តាម​បណ្តា​ខេត្ត​នានា ប៉ុន្តែ​វា​មិនមែនជា​បញ្ហា​ធំ​ធ្ងន់ធ្ង​ដែល​ជះឥទ្ធិពល​អាក្រក់​ដូច​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​នោះទេ” ។

ទោះជា​យ៉ាងណា​លោក​ទទួលស្គាល់ថា យើង​ទទួលស្គាល់ថា នៅពេល​មាន​គ្រោះ​ជំនន់ ការទិញ​លក់​ដីធ្លី​មានការ​ធ្លាក់ចុះ ប៉ុន្តែ​ភាគច្រើន​ប៉ះពាល់​ទៅលើ​គម្រោង​ដី​ឡូ​តិ៍​ប៉ុណ្ណោះ ដោយសារ​ពួកគាត់​ភាគច្រើន​ជា​ភ្នាក់ងារ​លក់ ដែល​ត្រូវ​ការលក់​ចេញ​ជាប្រចាំ លុះ​នៅពេល​លិច​ទឹក ភ្ញៀវ​ក៏​មិន​ទៅ​មើល​ដែរ ប៉ុន្តែ​សម្រាប់​ការទិញ​លក់​ដី​ដែលមាន​ទំហំ​ធំ​ហាក់ដូចជា​មិន​ប៉ះពាល់​នោះទេ។

ចំណែក​លោក​បណ្ឌិត វាន់ វ៉ាត  អ្នកជំនាញ​ផ្នែក​នគរូបនីយកម្ម និង​សំណង​បាន​មានប្រសាសន៍ថា ការរៀបចំ​នគរូបនីយកម្ម​ក្រុង​របស់​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ននេះ​មិនទាន់មាន​ផែនការ​អនុវត្តន៍ នៅ​ទូទាំងប្រទេស​នៅឡើយ​ទេ បើទោះបី​មានការ​រៀ​បំ​ហេ ដ្ឋា​រនា​សម្ព័ន្ធ​ក្រុង​មួយចំនួន​រួចហើយ​យ៉ាង​ក្តី ដែល​ការ​នេះ​ជំរុញឱ្យមាន​ការជួប​ប្រទះ​នូវ​ជន់​លិច​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំងម្តង។

លោក​បន្តថា កន្លងមកនេះ យើង​បានរៀបចំ​ហេ​ដ្ឋា​រនា​សម្ព័ន្ធ​ក្រុង​បាន​រួចហើយ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដូចជា​នៅក្នុង​ខេត្តកណ្តាល យើង​ក៏បាន​សិក្សា​នៅក្នុង​កម្រិត​តាម​ផែនការ  ហើយ​ចំពោះ​ការអនុវត្ត​ជាក់ស្តែង ទៅលើ​គម្រោង​មិនទាន់​ចេញ​ជា​ផែន​ជាក់ស្តែង​ដោយ​កង្វះខាត​ពាក់ព័ន្ធ​នឹង​កញ្ចប់​ថវិកា។

លោក​បន្តថា “ដូច្នេះ​រាល់​បាតុភូតធម្មជាតិ​ដែលមាន​ការ​ជន់​លិច  ដូចជា​ការអនុវត្ត​ជាក់ស្តែង លើ​ការងារ​ផែនការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង គឺ​យើង​ផ្អែកទៅលើ​ផែនការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែលមាន​គម្រោង​អ​ភ​វិ​ឌ្ឍ​ន៍​ទាំង​នៅក្នុង​ស្រុង និង​ក្រៅ​ស្រុក ដែលមាន​ការគាំទ្រ​ថិ​កា​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តែ​មកដល់ពេលនេះ យើង​ឃើញថា មិនទាន់មាន​ផែនការ​ច្បាស់លាស់​នៅឡើយ​ទេ” ។

លោក​បណ្ឌិត​បន្តថា “យើង​នៅតែមាន​ចំណុច​ខ្វះខាត​មួយចំនួន​ពាក់ព័ន្ធ​ទៅនឹង​កញ្ចប់​ថវិកា ដើម្បី​យកមក​អភិវឌ្ឍន៍​ប្រព័ន្ធ​ហេ​ដ្ឋា​រនា​សម្ព័ន្ធ​រំដោះ​ទឹក” ។ លោក​ពន្យល់ថា “កន្លងមកនេះ យើង​នៅមាន​ចន្លោះ​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បានគ្រោង​លើក​កម្រិត​ជា​លក្ខណៈ​ផ្លូវជាតិ ផ្លូវ​មហាវិថី វិថី ក៏ដូចជា​ផ្លូវ​បេ​តុ និង​ផ្លូវលំ​នៅតាម​ជនបទ ជាដើម ដែល​យើង​មិនបាន​យកចិត្តទុកដាក់​លើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​រំដោះ​ទឹក ដូចជា​ប្រព័ន្ធ​លូ ប្រព័ន្ធ​ព្រែក​ប្រឡាយ​មេ និង​ប្រឡាយផ្សេងៗជាដើម” ។

លោក​បណ្ឌិត​ពន្យល់ថា “ក្នុង​រយៈពេល២សប្តាហ៍​កន្លងមកនេះ កម្ពុជា​បានទទួល​រង​នូវ​ប្រព័ន្ធ​សម្ពាត​ទាប ហើយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង បានធ្វើឱ្យ​តំបន់​មួយចំនួន​ទទួលរង​នូវ​ការលិចលង់​ក្រុង ដោយសារ​នៅ​កន្លែង​ខ្លះ យើង​កំពុងធ្វើការ​ជុស​ជួល ហើយ​ផ្លូវ​មួយចំនួន​យើង​បញ្ចប់​ការសាងសង់ ប៉ុន្តែ​យើង​មិនបាន​រៀបចំ​ប្រឡាយ​រំដោះ​ទឹក ឱ្យ​បានល្អ​នោះទេ(ឧទាហរណ៍​ផ្លូវជាតិ​លេខ៤ ) ក្នុង​ទីប្រជុំជន​ជាដើម។

លោក​បន្ថែមទៀតថា “នៅ​កន្លែង​ខ្លះទៀត បើទោះបី​ធ្វើ​ផ្លូវ​រួចហើយ តែ​យើង​មិនបាន​រៀបចំ​ប្រឡាយ​រំដោះ​ទឹក​ឱ្យបាន​ត្រឹមត្រូវ​តាមរយៈ​ការតភ្ជាប់​ទៅកាន់​ប្រឡាយ​មេ (ធ្លាក់ចូល​ទន្លេ) ហើយ​បើតាម​ស្ថានភាព​បច្ចុប្បន្ននេះ  បើ​យើង​មាន​ប្រព័ន្ធ​បង្ហូរ​រំដោះ​ទឹក​ល្អ និង​មាន​ប្រព័ន្ធ​ចែក​រំ​លែង​ទៅកាន់​អូរ ឬ​ប្រឡាយ ស្ទឹង បឹង ជាច្រើន​ផ្សេងទៀត​ជា​លក្ខណៈ​ស្បែក​ខ្លា នឹងមិន​ធ្វើឱ្យ​មានការ​ជន​លិច​នោះទេ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here