រដ្ឋាភិបាល​អនុម័ត​គំរោង​វិនិយោគ​លើ​ទំហំ​ទឹកប្រាក់​សរុប​ជិត ១៦០លាន​ដុល្លារនៅក្នុង​ខែមិថុនា

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅក្នុង​រយៈពេល៣០ថ្ងៃ នៃ​ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ រដ្ឋាភិបាល តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​អនុម័ត​គាំទ្រ​លើ​គម្រោង​ចំនួន៨ បន្ថែមទៀត ដែល​ទុនវិនិយោគ​សរុប​ជិត១៦០ដុល្លារ។

តាមរយៈ​របាយការណ៍ ដែល​កត់ត្រា​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​បង្ហាញថា នៅក្នុង​ខែមិថុនា ឆ្នាំ២០២០ មាន​គម្រោង​វិនិយោគ​ថ្មី​ចំនួន៨គម្រោង ត្រូវបាន​អនុម័ត​ឱ្យ​ដំណើរការ​វិនិយោគ​នៅ​កម្ពុជា ដោយ​គម្រោង​ទាំងនោះ​រួមមាន ទី១ ក្រុមហ៊ុន BRILLIANT DRAGON (CAMBODIA) ENTERPRISE CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ញរ សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២.៤លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៧០០កន្លែង។

ទី២ ក្រុមហ៊ុន VATTANAC BREWERY CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀរ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ចំនួន៨៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៩៩កន្លែង។ ទី៣ ក្រុមហ៊ុន HUA TE BANG (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទីក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ត្រប់ សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ២.៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២១៦កន្លែង។

ទី៤ ក្រុមហ៊ុន PRINTX GP (CAMBODIA) FACTORY CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​គ្រឿង​បន្សំ​កាបូប ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៥១ ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ៦.៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន១,៤១៤កន្លែង។

ទី៥ ក្រុមហ៊ុន DIZE (CAMBODIA) NONG YE FAZHAN CO., LTD. គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ចេក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​មាឃ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ​ប្រមាណ ១៧.៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១,៩០០កន្លែង។

ទី៦ ក្រុមហ៊ុន SUN & MOON HOTEL CO., LTD. គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៤ ចំនួន២០០បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ ២៨៥ មហាវិថី​ព្រះ​នរោត្តម ជាប់​ស្ពាន​ព្រះមុនីវង្ស កែង​ផ្លូវ​លេខ២៣៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ៣៥.២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៥៣៥កន្លែង។

ទី៧ ក្រុមហ៊ុន ZJ S&Y (CAMBODIA) GARMENTS CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​ពល​ក្រាំង​ទេព​សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ៣.២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៦៤កន្លែង។

ទី៨ ក្រុមហ៊ុន XSLJ (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ៣.២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៦៥៤កន្លែង៕

អ្នកជំនាញ​សេដ្ឋកិច្ច៖ វិស័យ​ចំនួន៣ដើរតួ​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​កើន​ឡើងវិញក្នុងស្ថានភាព Covid-19

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​ផ្នែក​ស្រាវជ្រាវ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិតសភា​កម្ពុជា​បាន​អះអាងថា ទោះជា​ស្ថិតនៅ​ក្នុងស្ថានភាព ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​សាកល​ក៏ដោយ ប៉ុន្តែ​កម្ពុជា អាចធ្វើឱ្យ​សេដ្ឋកិច្ច​មាន​ភាពល្អប្រសើ​រ​ឡើងវិញ ដោយ​ការធ្វើ​ពិធី​កម្មវិស័យសំខាន់ៗចំនួន៣ ដើម្បី​ជំរុញ​វឌ្ឍនភាព​សេដ្ឋកិច្ចកម្ពុជា​ក្នុងអំឡុង​ពេលនេះ។

អ្នកជំនាញ​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិតសភា​កម្ពុជា លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បាន​លើកឡើងថា សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​រង​នូវ​ផលប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ Covid-19 អាច​នឹង​ប្រែក្លាយ​ល្អប្រសើរ​ឡើងវិញ ប្រសិនបើ​កម្ពុជា ធ្វើ​ពិពិធ​កម្ម​នូវ​វិស័យសំខាន់ៗចំនួន៣ ឡើងវិញ រួមមាន វិស័យ​ទេសចរណ៍​ក្នុងស្រុក វិស័យ​កសិកម្ម និង​ជំរុញ​វិស័យ​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម (SMEs) ។

លោក​បាន​បញ្ជាក់ថា “សេដ្ឋកិច្ចកម្ពុជា​អាច​ងើបឡើង​វិញ​បាន គឺ​ទី១ យើង​ត្រូវ​ស្តារ​ទេសចរណ៍​ក្នុងស្រុក ទី២ យើង​ត្រូវ​កែច្នៃ​កសិកម្ម​របស់​យើង ទៅជា​កសិកម្ម​កម្រិត​ខ្ពស់ ដែល​អាចធ្វើ​ការកែច្នៃ និង​នាំ​ចេញទៅ​ក្រៅប្រទេស​បាន និង​ទី៣ កាត់បន្ថយ​ថ្លៃដើម​លើក​ការដឹកជញ្ជូន និង​យកចិត្តទុកដាក់ ទៅលើ​ឧស្សាហកម្ម​ខ្នាតតូច (SMEs)” ។

លោក​បញ្ជាក់ថា ចំនួន​ភ្ញៀវទេសចរ​ក្នុងស្រុក​ជាង១១លាន​នាក់ គឺជា​កូនសោរ​យ៉ាងសំខាន់ ប្រៀបបាន​ទៅនឹង​គន្លឹះ​មួយ ក្នុងការ​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច។ ដោយឡែក​ចំពោះ​វិស័យ​កសិកម្ម​វិញ កម្ពុជា​ត្រូវតែ​ប្តូរ​យុទ្ធសាស្ត្រ​ផលិត នូវ​ផលិតផល​សិរី​រា​ង្គ ដែលមាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ខុសពី​ប្រទេស​នានា ហើយ​ត្រូវ​រៀបចំ​ចងក្រង​ជា​សហគមន៍​កសិកម្ម និង​ការពង្រឹង​ទីផ្សារ​កសិផល រួម​ជាមួយនឹង​ការកែច្នៃ​វេច​ខ្ចប់​ដើម្បី​ជំរុញ​ធ្វើ​ការនាំ​ចេញទៅ​ក្រៅ​ស្រុក។

ជាមួយគ្នានេះ ចំពោះ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ដែល​ផ្តល់​កម្លាំង​ពលកម្ម​ប្រមាណ​ជាង៧០ភាគរយ ក្នុង​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​នៅ​កម្ពុជា​កំពុងមាន​ចំណុច​ខ្វះខាត​ច្រើន ដែល​ត្រូវមាន​ការកែលម្អ និង​ដោះស្រាយ ទាំង​បញ្ហា​បច្ចេកទេស បច្ចេកវិទ្យា និង​កម្លាំង​ជំនាញ ដើម្បី​បង្កើន​គុណភាព ផលិតភាព​គ្រប់គ្រាន់​សម្រាប់​ការប្រកួតប្រជែង ។

សម្រាប់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការបង្កើន​ផលិតភាព​ក្នុង​ផ្នែក​កសិកម្ម បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជំនាញ​ជប៉ុន​ជាច្រើន បាននិងកំពុង​បង្ហាញ​ពី​គោលបំណង​សហការ​ជា​ដៃគូ ក្នុងការ​វិនិយោគ​ចាប់ពី​ចំណុច​ដាំ​ដុះ ការកែច្នៃ និង​ការ​វេច​ខ្ចប់​កម្រិតស្តង់ដារ សម្រាប់ធ្វើ​ការនាំ​ចេញទៅ​ផ្គត់ផ្គង់ នៅលើ​ទីផ្សារ​ក្រៅ​ស្រុក​ផងដែរ។

ប្រធាន​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម លោក​កៅ ថាច បានឱ្យដឹងថា នៅក្នុង​គោលនយោបាយ​ជួយ​ជ្រោមជ្រែង និង​ទ្រទ្រង់​លើ​កា​ធ្វើ​ពិពិធ​កម្ម វិស័យ​កសិកម្ម​ក្រោម​ជំនួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា មកទល់ពេលនេះ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បានទទួល​ពាក្យសុំ​ខ្ចី​របស់​ក្រុម​សហគ្រាស​ធុន​តូច និង​មធ្យម ដែលមាន​ទំហំ​ទឹកប្រាក់​រហូតដល់​ជាង៣០លាន​ដុល្លារ ប៉ុន្តែ​ធនាគារ​បានអនុម័ត​ផ្តល់ប្រាក់​កម្ចី ជូន​អតិថិជន​បានតែ​ជិត១០លាន​ដុល្លារ​ប៉ុណ្ណោះ។

លោក​បន្តថា “ធនាគារ​បាន​ផ្តោត​សំខាន់ ទៅលើ​វិស័យ​កសិកម្ម​អាទិភាព៤ចំនួន​ប្រភេទ​ដូចជា​ការដាំដុះ​បន្លែ ផ្លែឈើ ការចិញ្ចឹម​សត្វ ការធ្វើ​វារីវប្បកម្ម ក៏ដូចជា​សហគ្រាស​ធុន​តូច និង​មធ្យម​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម” ។

ដោយឡែក​សំណើ​ដែល​នៅសល់ ក្រុមមន្ត្រី​ជំនាញ​របស់​ធនាគារ​កំ​ពុង​តែ​សិក្សា​លម្អិត​ទៅលើ​តម្រូវការ​ជាក់ស្ដែង ផលប៉ះពាល់ និង​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​កម្ចី​ប្រកបដោយ​ប្រសិទ្ធ​ភាពល្អ៕

ការសាងសង់ និង​ទីផ្សារ​ជួល​ឃ្លាំង​កំពុង​ផ្លាស់ប្តូរ​របត់​ថ្មី

ដោយ ​វុត្ថា

ភ្នំពេញៈ ទីផ្សារ​ជួល​ឃ្លាំង​សម្រាប់​ស្តុក​ទំនិញផ្សេងៗ នៅក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​ច្ចុ​ប្បន្ន​នេះ បាន​នឹង​កំពុង​ផ្លាស់ប្តូរ​រប​ទ​ថ្មី ស្របតាម​តម្រូវការ​របស់​អតិថិជន ខណៈដែល​ទីផ្សារ​នៅក្នុង​វិស័យនេះ បាន​នឹង​កំពុងមាន​ស្ថានភាព​ល្អប្រសើរ​បន្តិច បើ​ធៀប​ទៅនឹង​ទីផ្សា​ផ្នែក​ដទៃទៀត​នៅក្នុង​វិស័យ​អចលនទ្រព្យ។

លោក​ម៉ាន់ ចាន់​ឌី អគ្គនាយក​ក្រុមហ៊ុន Premier Group បាន​ប្រាប់​គេហទំព័រ ភ​Propertyarea.asia កាលពី​សប្តាហ៍​មុន​ថា ទីផ្សារ​ជួល​ឃ្លាំង​នាពេល​បច្ចុប្បន្ននេះ មានតម្លៃ​ថ្លៃ​ជាង​មុន ខណៈដែល​អតិថិជន​បាន​បង្វែរ​ទិសដៅ​ពី​ការជួល​តូច ទៅ​ជួល​ឃ្លាំងធំៗ ជា​លក្ខណៈ​រួមគ្នា​ដើម្បី​ទទួលបាន​ផលចំណេញ។

លោក​ថ្លែងថា “តាម​ការសិក្សា​របស់ខ្ញុំ​កន្លងមកនេះ ការជួល​ឃ្លាំង​នៅមាន​តម្លៃ​ថ្លៃ មនុស្ស​ចាប់ផ្តើម​ប្តូរ​រប​ទ​ថ្មី នៃ​ការជួល អីចឹង​ការជួល​ឃ្លាំង​តូចល្មមៗ លែង​ចង់​ជួល គាត់​ទៅ​ជួល​ដាក់​រួមគ្នា​វិញ” ។ លោក​ពន្យល់ថា “សម្រាប់​ឃ្លាំង​ជួលតូចៗល្មម មានតម្លៃ​ថ្លៃ​ខ្ពស់​ពេក នៅពេលដែល​មានតម្លៃ​ខ្ពស់​ពេក​នេះ អ្នក​ជួល​គាត់​រក​វិធី​ផ្សេងទៀត​ដើម្បី​ទទួលបាន​ផលចំណេញ​ផងដែរ” ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បានឱ្យដឹង​ដែរ​ថា ទីផ្សារ​ជួល​ឃ្លាំង នាពេល​បច្ចុប្បន្ននេះ កំពុងស្ថិត​នៅក្នុង​ភាព​ប្រឈម​ខ្លះ ពី​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ប៉ុន្តែ​មាន​សភាព​តិចតួច​ប៉ុណ្ណោះ ។

លោក​បន្តថា “តម្រូវកា​ស្តុក​ទំនិញ​នានា​នៅតែមាន បើទោះបី​ផ្នែក​ខ្លះ​នៃ​វិស័យ​អចលនទ្រព្យ បាននិងកំពុង​ជួប​បញ្ហា​ប្រឈម ហើយ​ការជួល​ឃ្លាំង​នេះ​ត្រូវបាន​គេ​ធ្វើ​កិច្ចសន្យា​ក្នុង​រយៈពេល​ច្រើ​ឆ្នាំ ដូច្នេះ​តម្លៃ​នៃ​ការជួល​វិញ​គឺ​មិនបាន​ធ្លាក់ចុះ​ខ្លាំង​ដែរ” ។

សម្រាប់​ការជួល​ឃ្លាំង​ដែល​ស្ថិតក្នុង​ទីតាំង​ល្អ និង​សម្បូរ​រោងចក្រ​ច្រើន គឺ​វា​មានតម្លៃ​ពី៨-១៣ ដុល្លារ​ក្នុង ១ ម៉ែត្រការ៉េ​ក្នុង​មួយខែ ចំណែក​តំបន់​ក្នុង​ទីក្រុង​វិញ​គឺមាន​តម្លៃ​លើសពី១០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ។

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ កាលពីដើមឆ្នាំ២០១៩ បានសម្រេច​តម្រូវឱ្យ​ប  ណ្តា​រោងចក្រ សហគ្រាស និង​ឃ្លាំង​ទាំងឡាយ​ត្រូវ​ជំរុញ​ទៅកាន់​តំបន់​ជាយក្រុង។

លោក​ឧកញ៉ា​លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹង​ដែរ​ថា ការហូរចូល​យ៉ាង​លឿន​នៃ​លំហូរ​វិនិយោគ​បរទេស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បាន​ជំរុញឱ្យមាន​តម្រូវការ​ឃ្លាំង ហើយ​វិនិយោគិន​មួយចំនួន ក៏​កំពុង​ប្រឈម​នឹង​ការលំបាក​ក្នុងការ​ស្វែងរក​ទីតាំង​ឃ្លាំង​នេះ​ផងដែរ។

លោក​បន្តថា “បច្ចុប្បន្ន​ទីតាំង​ឃ្លាំង​ទំនេរ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​លែងមាន​ហើយ។ នេះ​គឺ​ដោយសារតែ​ក្រុមហ៊ុន​មួយចំនួនធំ បាន​ប្រើ​ទំហំ​ដែលមាន​ស្រាប់​រួចហើយ” ៕

ថៃ​សម្រេច​បើក​ច្រកព្រំដែន​សរុប​ចំនួន ៣៧ជាមួយនឹង​កម្ពុជា និង​ប្រទេសជិតខាង​ដទៃ

ដោយ ប៊ី

ភ្នំពេញៈ ថៃ​នឹង​បើក​ច្រកព្រំដែន​ជាមួយ​បណ្តា​ប្រទេសជិតខាង​ទាំងអស់ ដើម្បី​បន្ត​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​ចាប់ពី​ថ្ងៃ​ពុធ​ទី១ ខែកក្កដា​ខាងមុខ​តទៅ។ នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​សម្រាប់​រដ្ឋបាល​ស្ថានការណ៍ Covid-19 ថៃ ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ប្រា​យុ​ធ​ចាន អូ​ចា។

អ្នកនាំពាក្យ​មជ្ឈមណ្ឌល​សម្រាប់​រដ្ឋបាល​ស្ថានការណ៍ Covid-19 ថៃ លោក Thaweesilp Visanuyothin បាន​និយាយថា​កាលពី​ថ្ងៃ​ច័ន្ទ​ថា ថៃ​បាន​សម្រេចចិត្ត​បើក​ច្រកព្រំដែន​សរុប​ចំនួន៣៧ នៅតាម​ព្រំដែន​ជាមួយ​មី​យ៉ាន់​ម៉ា ឡាវ កម្ពុជា និង​ម៉ាឡេស៊ី ដើម្បីឱ្យ​ទំនិញ​អាច​ដឹកជញ្ជូន​បាន ហើយ​ឈ្មួញ​អាច​ត្រូវបាន​អនុញ្ញាត ឱ្យ​ឆ្លងកាត់​ព្រំដែន។

នេះ​គឺជា​ផ្នែក​មួយ​នៃ​ការបន្ធូរបន្ថយ​ដំណាក់កាល​ទី៥ នៃ​វិធានការ​ទប់ស្កាត់​របស់​ថៃ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត COVID-19 ។

ច្រកទ្វារព្រំដែន​ថៃ ដែល​នឹងត្រូវ​បើក​ដំណើរការ​ឡើងវិញ រួមមាន១៤កន្លែង ជាប់​ប្រទេស​ឡាវ ៨កន្លែង​ជាមួយ​មី​យ៉ាន់​ម៉ា ៧កន្លែង​ជាមួយ​កម្ពុជា និង៨ទៀត​ជាមួយ​ម៉ាឡេស៊ី។

ជាពិសេស​កម្ពុជា​នឹង​សប្បាយចិត្ត ព្រោះ​ពួកគេ​អាច​បន្ត​ជំនួញ និង​ការធ្វើ​ពាណិជ្ជកម្ម ដែល​បាន​ថយចុះ​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ។

ទោះយ៉ាងណា​ក៏ដោយ ភ្ញៀវទេសចរ​មកពី​ប្រទេសជិតខាង មិនត្រូវ​បានអនុញ្ញាត  ឱ្យចូល​ថៃ​តាមរយៈ​ច្រកព្រំដែន​ទាំងនេះ​ទេ៕

ចំណេះដឹង! តើ​កូនបំណុល​ត្រូវ​អនុវត្តន៍​កិច្ចសន្យា​ដូចម្តេច?

ដោយ​វុត្ថា

ភ្នំពេញៈ កូនបំណុល​ត្រូវអនុវត្ត​កាតព្វកិច្ច​របស់ខ្លួន ដោយ​សុចរិត​និង​ស្មោះត្រង់​អោយស្រប​ទៅតាម​ខ្លឹមសារ​នៃ​កិច្ចសន្យា។ នៅពេល​ភាគី​បាន​បំពេញ​កាតព្វកិច្ច​រួចរាល់​ហើយ បណ្តាលអោយ​កាតព្វកិច្ច​នោះ​រលត់។

យោងតាម​មាត្រា៣៨៤ ករណី​កិច្ចសន្យា​របស់​កូនបំណុល​ក្នុងការ​អនុវត្ត​កាតព្វកិច្ច៖

១.កូនបំណុល​ត្រូវអនុវត្ត​កាតព្វកិច្ច​របស់ខ្លួន អោយស្រប​ទៅតាម​ខ្លឹមសារ នៃ​កិច្ចសន្យា និង​គោលការណ៍​នៃ​ភាព​សុចរិត និង​ភាពស្មោះត្រង់។

២.ការ​អនុវត្តតាម​បញ្ញត្តិ​នៃ​កថាខណ្ឌ​ទី១ខាងលើនេះ ត្រូវ​ចាត់ទុកជា​ការសង​ដែលនាំអោយ កាតព្វកិច្ច​រលត់។

ប្រសិនបើ​កូនបំណុល មិន​ព្រម​អនុវត្ត​កាតព្វកិច្ច​ដោយ​ស្ម័គ្រចិត្ត​ទេ ម្ចាស់បំណុល​អាច​ប្តឺង​ទៅ​តុលាការ​ដើម្បី​ទាមទារ​ឲ្យ​អនុវត្តន៍ ប៉ុន្តែ​បើ​គូភាគី​បាន​ស្រុះស្រួល​គ្នា​ថា​មិន​ទាមទារ​ឲ្យ​អនុវត្តន៍​តាមផ្លូវ​តុលាការ​ទេ ម្ចាស់បំណុល​មិនអាច​ប្តឹង​តុលាការ​បានឡើយ។

មាត្រា៣៨៥ កថាខណ្ឌ​ទី១ និង២បានចែង​ថាៈ ម្ចាស់បំណុល​អាច​ទាមទារ​អោយ​កូនបំណុល​អនុវត្ត​កា​ត្វ​កិច្ច​តាមផ្លូវ​តុលាការ។

ទោះបី​ជាមាន​បទបញ្ញត្តិ នៃ​កថាខណ្ឌ​ទី១ខាងលើនេះ​ក៏ដោយ ក៏​ម្ចាស់បំណុល​មិនអាច​ទាមទារ​អោយ អនុវត្ត​តាមផ្លូវ​តុលាការ​បានឡើយ ក្នុងករណី​មានការ​ព្រមព្រៀង​រវាង​ភាគី​នៃ​កិច្ច​សន្យាថា​មិន​ទាម ទារ​អោយ​អនុវត្តន៍​តាមផ្លូវ​តុលាការ។

ចំពោះ​កិច្ចសន្យា​អញ្ញ​ម​ញ្ញ ភាគី​ដែល​ត្រូ​ប​អនុវត្ត​កាតព្វកិច្ច​មុន មាន​សិទ្ធិ​មិន​អនុវត្ត​កាតព្វកិច្ច​របស់ខ្លួន បើ​មានការ​បារម្ភ​ថា ភាគី​ម្ខាង​ទៀត​ប្រាកដជា​មិន​អនុវត្តន៍​ទេ។ ប៉ុន្តែ​បើ​ភាគី​នោះ បានដាក់​ប្រតិ​ភោគ​ឬ​មាន​វិធានការផ្សេងៗទៀត​ដើម្បី​រំលត់​ក្តី បារម្ភ​នោះ​ហើយ បញ្ញត្តិ​នេះ​មិន​អនុវត្តន៍​ទេ៕

កម្ពុជានាំអង្ករចេញបានជិត ៤០ ម៉ឺនតោនក្នុងឆមាសទី ១

ដោយវុត្ថា

ភ្នំពេញ៖ កម្ពុជានាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២០ សម្រេចបាន ៣៩៧ ៦៦០ តោន កើនឡើងប្រមាណ ១១៦ ១២២ តោន ស្មើនឹង ៤១,២៥% ដែលធៀបទៅនឹងរយៈ៦ខែដើមឆ្នាំ២០១៩ មានចំនួន ២៨១ ៥៣៨ តោន ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ និង នេសាទនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា សម្រាប់ខែមិថុនា ឆ្នាំ២០២០ នេះ សម្រេចការនាំចេញអង្ករបាន ចំនួន ៤១ ៥៦៣ តោន កើនឡើងចំនួន ១០ ១៩៧ តោន ស្មើនឹង ៣២,៥១% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤១ ៨៦៤ តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៨ ៧៥២ តោន, អង្ករចំហ៊ុយមានចំនួន ៩២៤ តោន និងអង្ករក្រហមមានចំនួន ២៣ តោន ។

ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៦ខែនេះ មានចំនួន ៥៦ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៥ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៦៦ ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។

ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៦ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់៖ សហភាពអ៊ឺរ៉ុបកើនឡើងចំនួន ៤៥,១៩%, ប្រទេសចិនកើនចំនួន ២៥,២០%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៧,៦៩%, និងគោលដៅដ៏ទៃទៀតបានកើនឡើងចំនួន ៧៩,២៦% ៕

ហេតុអ្វីទ្វីបអាហ្វ្រិកមានភាពក្រីក្រខ្លាំង ខណៈខ្លួនសម្បូរដោយទ្រព្យសម្បត្តិធម្មជាតិ?

ដោយ ប៊ី

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ការកាត់បន្ថយភាពក្រីក្របាននិងកំពុងបង្កើនល្បឿន នៅក្នុងបណ្តាប្រទេសក្រីក្របំផុតនៅលើពិភពលោក ប៉ុន្តែមិនលឿនគ្រប់គ្រាន់ទេសម្រាប់ទ្វីបអាហ្វ្រិកនោះទេ។

យោងតាមការប៉ាន់ស្មានថ្មីៗនេះបានឲ្យដឹងថា ចំនួនប្រជាជនដែលខ្វះខាតនៅក្នុងតំបន់បានកើនឡើងពី២៧៨លាន ដល់៤១៣លាននាក់ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ខណៈអត្រាភាពក្រីក្រយ៉ាងខ្លាំងជាមធ្យម៤១ភាគរយ ធ្វើឱ្យទ្វីបអាហ្រ្វិកជាទ្វីបមានភាពក្រីក្របំផុត។

អ្វីដែលគួរឱ្យក្រៀមក្រំជាងនេះទៅទៀតនោះគឺ ទ្វីបនេះត្រូវបានប្រទានពរ ដោយរ៉ែដ៏កម្រ ដូចជាពេជ្រ នៅតែមានប្រជាជនអាហ្វ្រិកជាង៣០០លាននាក់ កំពុងរស់នៅក្នុងស្ថានភាពក្រីក្រខ្លាំង ជាមួយនឹងប្រាក់ឈ្នួលប្រចាំថ្ងៃតិចជាង១,៩០ ដុល្លារ។

ខណៈពេលដែលមនុស្សគ្រប់គ្នា កំពុងច្រៀងចម្រៀងរបស់តារាចម្រៀងរ៉េបអាយុ ៨ឆ្នាំ មកពីប្រទេសអ៊ូហ្គង់ដាដែលច្រៀងអំពីភាពក្រីក្រ មានអ្វីជាច្រើនទៀតដែលយើងត្រូវដឹងអំពីទ្វីប ដែលត្រូវបណ្តាសាដោយពេជ្រ។

ទោះបីជាការពិតដែលថា ប្រទេសអនុតំបន់សាហារ៉ាមួយចំនួនតួច កំពុងបង្ហាញសញ្ញានៃការរីកចម្រើនក៏ដោយ ក៏ប្រទេសភាគច្រើនត្រូវបានជាប់គាំងដោយសារទុរភឹក្ស ។សូមអានដើម្បីដឹងអំពីហេតុផល១០យ៉ាង ដែលហេតុអ្វីបានជាទ្វីបអាហ្រ្វិកមិនអាចផលិតបាន ទោះបីវាជាកន្លែងដែលប្រទេសផលិតពេជ្រ មានគុណភាពត្បូងលេចធ្លោក៏ដោយ។

ហេតុអ្វីបានជាជនជាតិអាហ្វ្រិកក្រីក្រ ទោះបីមានទ្រព្យសម្បត្ដិធម្មជាតិ?

១ អាណានិគមនិយមនៃសម័យថ្មី

ទ្វីបក្រីក្រជាងគេនៅលើពិភពលោកនេះ មានភាពយឺតយ៉ាវក្នុងការរើបំរាស់ចេញពីភាពក្រីក្រ ដោយសារអាណានិគមនិយមសម័យទំនើប ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ខ្លួន។ និយាយដោយសាមញ្ញ អាណានិគមនិយមត្រូវបានពិពណ៌នាថា ជាសកម្មភាពនៃការអនុវត្តការគ្រប់គ្រងពេញលេញ ឬដោយផ្នែកលើប្រទេសមួយផ្សេងទៀត។ គោលបំណងចំបងគឺប្រើថាមពល និងទាញយកធនធានធម្មជាតិរបស់ប្រទេស ដូច្នេះវាមិនអាចលូតលាស់សេដ្ឋកិច្ចបានទេ។

នេះច្បាស់ជាករណីនៅទ្វីបអាហ្វ្រិក។ ទ្វីបនេះ មានធនធានធម្មជាតិច្រើនក្រៃលែង រួមទាំងត្បូងពេជ្រដ៏មានតម្លៃបំផុត ប៉ុន្តែជនជាតិអាហ្វ្រិកភាគច្រើន នៅតែស្ថិតក្រោមការត្រួតត្រាយ៉ាងតឹងរឹងរបស់ប្រទេស ដែលមានឥទ្ធិពល ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច​របស់តំបន់នេះ។

ឧទាហរណ៍ គោលនយោបាយនៃអាណានិគមនិយម បានបង្ខំឱ្យអាហ្វ្រិកពឹងផ្អែកលើទំនិញនាំចូល ខណៈធនធានធម្មជាតិទាំងអស់ ត្រូវបានទាញយកដោយប្រទេសអ្នកមាន។

២ កង្វះតម្លាភាព

កត្តាសំខាន់ ដែលត្រូវការការយកចិត្តទុកដាក់ជាបន្ទាន់ គឺកង្វះតម្លាភាព។ របាយការណ៍ជាផ្លូវការបានបង្ហាញថា ផលិតកម្មពេជ្រនៅទ្វីបអាហ្វ្រិកទាំងមូល មានទំហំធំជាងការរំពឹងទុកទ្វេដង។ មូលហេតុ៖ ពាណិជ្ជកម្មខុសច្បាប់ ការមិនរាយការណ៍ពីផលិតកម្ម អំពើពុករលួយ និងការគេចពន្ធ។ ដំបូងឡើយ អតីតនាយករដ្ឋមន្រ្តី ហ្សីមបាវេ អះអាងថា រឿងប្រាក់ចំណូលពេជ្រ ដែលបាត់ចំនួន១៥ពាន់លានដុល្លារគឺជារឿងកុហកទាំងអស់។

ទោះយ៉ាងណាក៏ដោយ ករណីនេះខុសគ្នាសម្រាប់បូតស្វានណា (Botswana) ដែលជាគំរូលេចធ្លោនៅទ្វីបអាហ្វ្រិក។ ប្រទេសផលិតពេជ្រនេះ មានប្រព័ន្ធអភិបាលកិច្ចរឹងមាំ ដែលអាចឱ្យប្រទេសនេះ ប្រមូលប្រាក់ចំណេញត្រឡប់ចូលសហគមន៍វិញ។ ជំនួសឱ្យការពឹងផ្អែកលើក្រុមហ៊ុនយក្សឧស្សាហកម្មBotswana ច្នៃពេជ្រឆៅក្នុងស្រុក។ ប្រទេសនេះនាំចេញដុំពេជ្រ ហើយទទួលបានប្រាក់ចំណូលប្តូរប្រាក់ ពីបរទេសចំនួន៧៥ភាគរយពីវា។

៣ អំពើពុករលួយការិយាធិបតេយ្យ

ទ្រព្យសម្បត្តិ ត្រូវបានប្រមូលផ្តុំនៅលើអ្នកមានកំពូល ខណៈដែលប្រជាជនក្រីក្រត្រូវបានរងការខ្វះខាតនូវរបស់របរចាំបាច់ ដូចជា ទឹកស្អាត ការថែរក្សាសុខភាព និងស្បៀងអាហារ។ គម្លាតដ៏ធំរវាងអ្នកមាន និងអ្នកក្រខុសគ្នាឆ្ងាយក្នុងប៉ុន្មានឆ្នាំនេះ។ នៅទ្វីបអាហ្វ្រិក អំពើពុករលួយកើតមានស្ទើរតែគ្រប់កម្រិត នៃប្រព័ន្ធនយោបាយ ហើយជាមូលហេតុចម្បងនៃការអភិវឌ្ឍសេដ្ឋកិច្ចយឺត។

អំពើពុករលួយរបស់អ្នកនយោបាយ និងមន្រ្តីរដ្ឋាភិបាល ធ្វើឱ្យមានឥទ្ធិពលអាក្រក់ដល់ប្រជាជនក្រីក្រ ដោយរារាំងពួកគេពីការទទួលបានមូលនិធិ ការគាំទ្រ និងសេវាកម្មរបស់រដ្ឋាភិបាល។

ឧទាហរណ៍ ប្រជាជនក្រីក្រពឹងផ្អែកយ៉ាងខ្លាំង លើសេវាសាធារណៈ ប៉ុន្តែពួកគេទំនងជាត្រូវបានបំពេញដោយការទាមទារសំណូក សម្រាប់ការទទួលបានការគាំទ្រ។

៤កង្វះការអប់រំ

ការបង្កើនការទទួលបានការអប់រំត្រូវបានគេជឿជាក់ថា ជាសមាសធាតុចាំបាច់បំផុតរបស់ប្រទេសជឿនលឿន។ ឱនភាពនៃឱកាសអប់រំ និងគុណភាពនៃការបង្រៀនរារាំងប្រជាជនមិនឱ្យរៀន និងរីកចម្រើន។ ភ័ស្តុតាងក៏បានបង្ហាញផងដែរថា ការសិក្សានៅសាលារៀន មានឥទ្ធិពលផ្ទាល់ទៅលើភាពក្រីក្រ។

មូលហេតុ៖ មនុស្សដែលមានជំនាញអាន ការសរសេរ និងគិតលេខ គឺងាយទទួលបានការងារប្រាក់ខែខ្ពស់។ លើសពីនេះទៅទៀត វាផ្តល់នូវការយល់ដឹងដែលចាំបាច់ ដើម្បីលូតលាស់នៅក្នុងពិភពប្រកួតប្រជែងមួយ។

ទោះបីជាទ្វីបអាហ្វ្រិក ត្រូវបានប្រទានពរដោយអំណោយ និងមាសពេជ្រធម្មជាតិក៏ដោយ ក៏ពលរដ្ឋមិនអាចធ្វើការសម្រេចចិត្តបានល្អ និងមានព័ត៌មានត្រឹមត្រូវ។ ដោយមិនសង្ស័យ ធនធានធម្មជាតិគឺចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែការអប់រំគឺជាតម្រូវការដ៏ធំបំផុតមួយនៅទ្វីបអាហ្វ្រិក។

៥ កំណើនប្រជាជនកើនឡើងឆាប់រហ័ស

ខណៈពេលដែលកំណើនប្រជាជន បណ្តាលឱ្យមានភាពក្រីក្រ វាក៏មានឥទ្ធិពលផ្ទាល់នៃភាពក្រីក្រ ទៅលើចំនួនប្រជាជនច្រើនពេកដែរ។ ប្រទេសមួយមិនអាចឆ្លងកាត់ការអភិវឌ្ឍសេដ្ឋកិច្ចបានទេ ដរាបណាវាធ្វើឱ្យមានតុល្យភាពរវាងលក្ខខណ្ឌទាំងពីរ។ ទោះយ៉ាងណា ទីភ្នាក់ងារមនុស្សធម៌ និងសុខភាព ដូចជាយូនីសេហ្វ និងអង្គការសុខភាពពិភពលោកបានរៀបចំយុទ្ធនាការជាច្រើន ដើម្បីអប់រំប្រជាជនអំពីបញ្ហានេះ។ អត្រាកំណើត និងការស្លាប់គឺមិនអាចបញ្ឈប់បាន។

ជាលទ្ធផល មនុស្សកាន់តែច្រើនត្រូវបានបង្ខំ ឱ្យរស់នៅក្នុងស្ថានភាពក្រីក្រខ្លាំង។ របាយការណ៍របស់អង្គការយូនីសេហ្វបានបង្ហាញថា ចំនួនប្រជាជនអាហ្វ្រិកត្រូវបានគេរំពឹងថា នឹងកើនឡើងទ្វេនាក់នៅចុងឆ្នាំ២០៥០។

៦ វិសមភាពនៅក្នុងវិស័យសុខាភិបាល

កង្វះប្រាក់ចំណូល មិនមែនគ្រាន់តែកំណត់ថាជាអ្នកក្រប៉ុណ្ណោះទេ។ ភាពក្រីក្រគឺជាទិដ្ឋភាពជាច្រើន ដែលរួមបញ្ចូលទាំងសុខុមាលភាពរបស់មនុស្សផងដែរ។ នៅទ្វីបអាហ្វ្រិក ភាពខុសគ្នាផ្នែកសុខភាពនៅតែបន្តកើនឡើង ដោយសារតែកត្តាសេដ្ឋកិច្ចសង្គមអវិជ្ជមាន។ កង្វះការអប់រំ សេវាថែទាំសុខភាពថ្លៃ ស្ថានភាពរស់នៅមិនមានអនាម័យ និងកង្វះសេវាចាំបាច់មានន័យថា ជំងឺនេះរាលដាលយ៉ាងឆាប់រហ័ស ហើយមនុស្សច្រើននឹងមិនត្រូវទទួលបានការព្យាបាល។

បច្ចុប្បន្ននេះ មានមនុស្សពេញវ័យ២៥លាននាក់ ហើយកុមារ២,៩លាននាក់បានឆ្លងជំងឺ ដែលគំរាមកំហែងដល់អាយុជីវិត ដូចជាអេដស៍ អេបូឡា និងជំងឺគ្រុនចាញ់។ ការកើនឡើងអត្រាមរណភាព ដោយសារជំងឺនានាបានរួមចំណែកដោយផ្ទាល់ ដល់អត្រាខ្ពស់នៃយុវវ័យតាមចិញ្ចើមផ្លូវ ដែលជាបញ្ហាលេចធ្លោមួយទៀតនៃទ្វីប ដែលអាចបញ្ឆេះឧក្រិដ្ឋកម្ម បញ្ហាសុខភាព ផ្លូវភេទ និងបញ្ហាផ្លូវចិត្តចំពោះមនុស្សវ័យជំទង់។

៧ តួនាទីនៃក្រុមហ៊ុនពហុជាតិ

ក្រុមហ៊ុនរុករករ៉ែពហុជាតិ មានមូលដ្ឋាននៅលោកខាងលិច ត្រូវបានចោទប្រកាន់ពីបទលួចទ្រព្យសម្បត្តិធម្មជាតិ នៃអនុតំបន់សាហារ៉ាអាហ្វ្រិក។ អស់រយៈពេលជាយូរមកហើយ ក្រុមហ៊ុនទាំងនេះ បានរួចផុតពីការគេចពន្ធ ការបំពុលបរិស្ថាន ការសូកប៉ាន់ ការផ្ទេរថ្លៃរំលោភបំពាន ការបណ្តេញចេញដោយបង្ខំ និងកង្វះតម្លាភាពទាក់ទងនឹងសិទ្ធិរុករករ៉ែ។ ប្រទេស Zambia មានអណ្តូងរ៉ែទង់ដែងធំជាងគេ ហើយវាជាប្រទេសក្រីក្របំផុតនៅទ្វីបអាហ្វ្រិក។

ក្រុមហ៊ុនរាយការណ៍ពីថ្លៃដើម តែមិនរាយការណ៍ពីផលិតកម្ម ដែលត្រូវបានផ្តល់ការលើកទឹកចិត្តពន្ធដោយរដ្ឋាភិបាល Zambia ។ ដូចគ្នានេះដែរ ក្រុមហ៊ុននានាបានចូលរួមដៃគ្នាដើម្បីគេចពន្ធ។ ជាលទ្ធផលប្រទេសនេះ បានខាតបង់ប្រាក់ចំនួន២ពាន់លានដុល្លារក្នុងមួយឆ្នាំពីការគេចពន្ធ ដែលមានចំនួនជិត១០ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។

៨- ការងារគ្មានជំនាញ

កម្លាំងពលកម្មដែលមានការបណ្តុះបណ្តាល និងជំនាញគឺចាំបាច់សម្រាប់សេដ្ឋកិច្ចណាមួយ ដើម្បីទទួលបានជោគជ័យ។ មិនដូចប្រទេសដទៃទៀតទេ ប្រជាជននៅទ្វីបអាហ្វ្រិកមានចំនួនច្រើន ដែលមិនមានជំនាញច្បាស់លាស់។ កង្វះការអប់រំ និងអសមត្ថភាពគឺជាមូលហេតុចំបង។ លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាអន់ និងកង្វះការវិនិយោគក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធ្វើឱ្យអាហ្រ្វិ កក្លាយជាលំនៅដ្ឋានរបស់ប្រជាជន ដែលមានជំនាញទាប។

ទោះបីជាមានតំរូវការច្រើនយ៉ាងណាក៏ដោយ រ៉ែពេជ្រត្រូវបានរុករក ដោយកម្មករគ្មានជំនាញ ដែលជាលទ្ធផលផលិតផលចុងក្រោយមានគុណភាពទាប។

៩ ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

ការកេងប្រវ័ញ្ច និងរំលោភសិទ្ធិមនុស្សគឺជាបញ្ហា ដែលនៅតែបន្តកើតមាននៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍ ហើយប្រទេសអាហ្វ្រិកក៏កើតមានផងដែរ។ ទោះយ៉ាងណា ការរំលោភបំពានសិទ្ធិមនុស្ស គឺបញ្ហានៅក្នុងវិស័យរ៉ែ។ ក្រុមហ៊ុនរុករករ៉ែ ក៏ជាពិរុទ្ធជនដ៏ធំបំផុតមួយផងដែរ នៅពីក្រោយការរំលោភបំពានធ្ងន់ធ្ងរ និងបានចូលរួមក្នុងការអនុវត្ត ដែលគ្មានសីលធម៌ ក្នុងការស្វែងរកប្រាក់ចំណេញខ្ពស់ ពីបរិស្ថាន និងសុខភាពមនុស្ស។

ការដែលទីភ្នាក់ងារ និងរដ្ឋាភិបាលខ្សោយពេក ក្នុងការគ្រប់គ្រងក្រុមហ៊ុនទាំងនេះ ធ្វើឱ្យថៅកែរ៉ែធ្វើការកាន់ឃោឃៅ។ ការជីកយករ៉ែ គឺជាមុខរបរដែលមានគ្រោះថ្នាក់ និងពឹងផ្អែកខ្លាំងលើកម្លាំងពលកម្ម ប៉ុន្តែប្រជាជនត្រូវបានបង្ខំឱ្យធ្វើការក្នុងលក្ខខណ្ឌ គ្មានសុវត្ថិភាព។

មិនត្រឹមតែប៉ុណ្ណឹងទេ ប៉ុន្តែកម្មកររ៉ែមួយចំនួនធំក៏ជាកុមារ ដែលត្រូវបានជួញដូរ ដែលត្រូវបានកេងប្រវ័ញ្ចទាំងផ្លូវកាយ និងផ្លូវភេទរាល់ថ្ងៃនៅក្នុងអណ្តូងរ៉ែ និងកន្លែងយកថ្ម។

១០ កង្វះចំណេះដឹងអំពីរបៀបធ្វើជំនួញ

ចំណេះដឹងអាជីវកម្ម បានដើរតួយ៉ាងសំខាន់ ក្នុងការធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន និងរីកលួតលាស់ ប៉ុន្តែវាជាបុព្វហេតុចំបងនៃការបរាជ័យ ក្នុងអាជីវកម្មនៅទ្វីបអាហ្វ្រិក។ ខណៈពេលដែលអ្នកជំនាញខាងឧស្សាហកម្ម និងអ្នកប្រាជ្ញបានទទួលស្គាល់សក្តានុពលពិតនៃទ្វីបអាហ្រ្វិកនាំមុខពិភពលោក កង្វះចំណេះដឹង បច្ចេកទេស និងការយល់ដឹងអាជីវកម្មធ្វើឱ្យសហគ្រាសធុនតូច និងមធ្យមធ្លាក់ចុះ។

ការអប់រំគឺជាគ្រឿងផ្សំសំខាន់មួយ នៃការជឿនលឿនផ្នែកសេដ្ឋកិច្ច ព្រោះវាជួយប្រទេសនានា ឱ្យជូនដំណឹងអំពីគោលនយោបាយរបស់ពួកគេ និងធ្វើការសម្រេចចិត្តត្រឹមត្រូវសម្រាប់សុខុមាលភាពរបស់ប្រជាជន។

ស្រដៀងគ្នានេះដែរ ចំណេះដឹងទាក់ទងនឹងអាជីវកម្ម គឺចាំបាច់សម្រាប់ប្រទេសនានាក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មី សម្រាប់ការផ្លាស់ប្តូរវត្ថុធាតុដើមមានតម្លៃ ទៅជាផលិ​តផលដែលអាចប្រើ ដើម្បីបំពេញតាមតម្រូវការក្នុងស្រុក ក៏ដូចជានាំចេញទៅបរទេស ដើម្បីរកប្រាក់ចំណូល។ សរុបសេចក្តីមក ជំនួសឱ្យគម្រោង និងថវិកាជំនួនអាហ្វ្រិកត្រូវការចំណេះដឹងធុរកិច្ចបន្ថែមទៀត ដើម្បីផ្តោតលើឱកាស និងជួយខ្លួនឯង។

តើត្រូវការអ្វីខ្លះ?

ឥឡូវសំណួរ គឺថាតើត្រូវដោះស្រាយវាយ៉ាងដូចម្តេច? ដើម្បីឆ្ពោះទៅមុខក្នុងនាមជាទ្វីបមួយ និងធ្វើទំនើបកម្មឧស្សាហកម្មរ៉ែនេះត្រូវធ្វើច្រើន។ ទីមួយ និងសំខាន់បំផុតដែលអាហ្វ្រិកគួរតែធ្វើការគឺការកែលម្អតម្លាភាព។ បណ្តាប្រទេសនានា ចាំបាច់ត្រូវបើកចំហឱ្យកាន់តែទូលំទូលាយថែមទៀត ជាមួយនឹងការដោះស្រាយរបស់ពួកគេ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលគួរតែដើរតួយ៉ាងសកម្មក្នុងការធ្វើនិយតកម្ម ឧស្សាហកម្មរ៉ែ រួមទាំងក្រុមហ៊ុនពហុជាតិ ដែលនាំមកនូវការវិនិយោគដល់ប្រទេស។

ការសង្កត់ធ្ងន់បន្ថែមទៀត លើការអប់រំបច្ចេកទេសគួរតែត្រូវបានអនុវត្តន៍ ដូចជាបច្ចេកទេសធ្វើកសិកម្ម និងកែច្នៃរ៉ែធម្មជាតិ ព្រោះវានឹងលុបបំបាត់គម្លាតជំនាញ និងអាចឱ្យក្រុមហ៊ុនតូចៗឈានមុខគេ និងផលិតផលិតផលនាំចេញប្រកបដោយគុណភាព។ ប្រាក់ចំណេញពីការលក់ពេជ្រ គួរតែត្រូវបានប្រើយ៉ាងសមស្រប សម្រាប់ការបង្កើតសាខាបន្ថែមទៀត កែលម្អហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងកម្មវិធីប្រឆាំងភាពក្រីក្រ។

សេចក្តីបញ្ជប់

ទ្វីបអាហ្វ្រិក ដែលជាទ្វីបនៃទ្រព្យសម្បត្តិធម្មជាតិ មិនមែនក្រទេ ប៉ុន្តែវាត្រូវបានគ្រប់​គ្រងដោយមនុស្ស ដែលមានជំនាញគ្រប់គ្រងខ្សោយ។  មិនមែនស្តីបន្ទោសអាហ្រ្វិកទេ តែវាជាការធ្វើរោគវិនិច្ឆ័យបញ្ហា ដើម្បីរកដំណោះស្រាយ។ សំខាន់ជាងនេះទៅទៀតយើងត្រូវផ្លាស់ប្តូររបៀប ដែលយើងនិយាយអំពីទ្វីបអាហ្វ្រិក៕ ប្រភព៖ Africa Fee

គម្រោងសាងសង់ផ្លូវវាងក្រុងពោធិ៍សាត់ តាមផ្លូវជាតិលេខ៥ ដោះស្រាយផលប៉ះពាល់បានជាង៨០ភាគរយ

ដោយ ៖ រ៉ាណេត
ពោធិ៍សាត់ ៖ គម្រោងសាងសង់ផ្លូវវាងក្រុងពោធិ៍សាត់ និងធ្វើឱ្យប្រសើរឡើងវិញតាមកំណាត់ផ្លូវជាតិលេខ៥ ដែលមានប្រវែងជាង១១គីឡូម៉ែត្រ និងមានផលប៉ះពាល់ដល់ ៣៤១ក្បាលដី ត្រូវបានរដ្ឋបាលខេត្តធ្វើការដោះស្រាយបានចំនួន២៧៨ក្បាលដី ស្មើនឹងប្រមាណជាង៨០ភាគរយ ដោយការយល់ព្រទទួលយកសំណង់។

អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ខណៈចុះពិនិត្យការអនុវត្តគម្រោងស្តារឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ដែលជាផ្លូវវៀងក្រុង បានបញ្ជាក់ថា នៅត្រឹមដើមសប្ដាហ៍ ចុងឆ្នាំ២០២០នេះ រដ្ឋបាលខេត្តបានដោះស្រាយលើផលប៉ះពាល់នៃគម្រោងបានចំនួន ២៧៨ក្បាលដី ក្នុងចំណោម ៣៤១ក្បាលដីដែលរងផលប៉ះពាល់។

លោក ម៉ៅ ធនិន បានបញ្ជាក់ថា ការស្ថាបនាផ្លូវវៀងក្រុងពោធិ៍សាត់ គឺជាគម្រោងថ្នាក់ជាតិ ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ជាសាម៉ីក្រសួង និងមានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ជាសេនាធិការ ចុះត្រួតពិនិត្យការអនុវត្តគម្រោងនេះ និងធ្វើការដោះស្រាយផលប៉ះពាល់។ លោកបន្តថា គម្រោងផ្លូវវាងក្រុងពោធិ៍សាត់ បានចូលរួមក្នុងការកាត់បន្ថយការកកស្ទះក្នុងក្រុង និងបានជួយសម្រួលចរាចរណ៍ក្នុងការដឹកជញ្ជូនទំនិញឱ្យកាន់តែមានភាពងាយស្រួល។

ជាមួយគ្នានេះ លោកក៏បានស្នើដល់ក្រុមហ៊ុន ដែលទទួលម៉ៅការអនុវត្តគម្រោងនេះ នៅពេលដែលចាប់ផ្តើមដាំកូនឈើ ឬផ្កាលម្អទ្រូងផ្លូវ ត្រូវពិភាក្សា និងសហការជាមួយអាជ្ញាខេត្ត ដើម្បីជ្រើសរើសកូនឈើ ឬពូជផ្កាណា ដែលជាអត្តសញ្ញាណជាតិ ជាពិសេសឱ្យកាន់តែមានភាពទាក់ទាញ និងស្រស់បំព្រង។ ដោយឡែក ក្រុមការងារជំនាញត្រូវបន្តខិតខំដោះស្រាយផលប៉ះពាល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីពន្លឿនការអនុវត្តគម្រោង «ផ្លូវវាងក្រុងពោធិ៍សាត់» ឱ្យបានឆាប់រហ័ស។

គម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ ដែលមានស្រាប់ប្រវែង ២,៦៦៨ម៉ែត្រ និងមានផ្លូវវាងក្រុងប្រវែង ១១,៦៩០ម៉ែត្រ។ មកទល់ពេលនេះ លទ្ធផលនៃដំណើរការដោះស្រាយសំណង ផលប៉ះពាល់មានចំនួន ៣៤១ក្បាលដី (ផ្លូវមានស្រាប់២៣ និងផ្លូវវាង៣១៨ក្បាលដី) ក្នុងនោះ២៧៨ក្បាលដី យល់ព្រមទទួលសំណង, ២៤១ក្បាលដី ទទួលសំណងរួច, ១២ក្បាលដី កំពុងសុំគោលការណ៍ពីក្រសួង, ១ក្បាលដី មិនទាល់យល់ព្រម និងតនីតិវិធីទៅតុលាការ, ២១ក្បាលដី ឋិតក្នុងតំបន់ឃ្លុំក្បែរគល់ស្ពាន មិនទាន់ដោះស្រាយ, ២ក្បាលដី មិនទាន់មានអត្រាតម្លៃ និង៤ក្បាលដី វាស់វែងលើស ត្រូវបង្វិលទៅក្រសួងវិញ៕

ខេត្តកោះកុងនឹងមានវិថីម្ហូបអាហារនាពេលដ៏ខ្លីខាងមុខនេះ

ដោយ ៖ វុត្ថា

កោះកុង ៖ រដ្ឋបាលខេត្តកោះកុង គ្រោងរៀបចំវិថីម្ហូបអាហារ នៅសួនច្បារមុខមន្ទីរទេសចរណ៍ ដោយរៀបចំជាតូប បន្ទប់អនាម័យស្តង់ដារសាធារណៈ និងចំណតរថយន្តត្រឹមត្រូវ ដោយរក្សាបាននូវសោភ័ណភាព អនាម័យ និងអាចឱ្យអាជីវករអាចលក់ដូរបានពេញ១ថ្ងៃ។

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០នេះ បានជំរុញឱ្យមន្ទីរទេសចរណ៍ និងតំណាងអ្នកស្នើសុំវិនិយោគឱ្យបានលឿន និងមានភាពល្អប្រសើរតាមស្តង់ដារសូចនាករទីក្រុងស្អាត និងការលើកកម្ពស់គុណភាព នៃការផ្តល់សេវាកម្មទេសចរណ៍ក្នុងក្រុងខេមរភូមិន្ទនៃខេត្តកោះកុង។

លោក សុខ ចាន់គ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងថា ការររៀបចំឱ្យមានវិថីម្ហូបអាហារនេះ ស្ថិតនៅក្នុងការពិភាក្សាដំណាក់កាលច្រើនថែមទៀត ដូចជាពិភាក្សាជាមួយអាជីវករ ដែលនឹងមកលក់ដូរនៅក្នុងតូបជាដើម មុននឹងចាប់ផ្តើមសាងសង់តូប។

លោកថ្លែងថា “ជារួមគម្រោងនេះ គឺស្ថិតនៅក្នុងដំណាក់កាលនៃការពិភាក្សាគ្នានៅឡើយ ដោយសារយើងត្រូវមានការពិភាក្សាច្រើនទៀត ។ ជាមួយគ្នានេះ យើងក៏នឹងពិនិត្យមើលទីតាំងជាក់ស្តែង និងសាងសង់ចំនួនតូបសម្រាប់លក់ដូរ”។

ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតកាលពីកន្លងមកនេះ បានជំរុញឱ្យតាមបណ្តាខេត្តមានការរៀបចំវិថីម្ហូបអាហារ (Food Street) និងស្ដង់ដារតូបលក់ម្ហូបអាហារ ដើម្បីដាក់ចូលទៅក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ដើម្បីលើកកម្ពស់អនាម័យម្ហូបអាហារនៅកម្ពុជា ដែលជាសក្ដានុពលដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរ។

វិថីម្ហូបអាហារនេះ នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមលើកកម្ពស់គោលដៅទេសចរណ៍កម្ពុជា ក៏ដូចជាលើកកម្ពស់សេវាកម្មម្ហូបអាហារផង និងលើកកម្ពស់សុវត្ថិភាព អនាម័យម្ហូបអាហារជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ។

ក្រៅពីនេះ វិថីម្ហូបអាហារនេះ ក៏នឹងចូលរួមលើកកម្ពស់សោភ័ណភាពទីក្រុង លើកកម្ពស់ភាពស្អាត និងបៃតងនៅតាមក្រុង-ស្រុក និងទីប្រជុំជននានា នៃរាជធានី-ខេត្តគោលដៅទេសចរណ៍ទៀតផង៕

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានទទួលទានអាហារ ដែលឆ្លងកាត់ការរៀបចំស្ដង់ដារវិថីម្ហូបអាហារនេះ នឹងទទួលបាននូវភាពកក់ក្ដៅជឿទុកចិត្តបាន។ លើសពីនេះ វិថីម្ហូបអាហារ នឹងលើកកម្ពស់ជីវភាព សុខមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយជំរុញអាជីវកម្មខ្នាតតូចបែបគ្រួសារ ឱ្យមានការរីកលូតលាស់ផងដែរ៕

គម្រោងសាងសង់ព្រលានយន្ដហោះបន្ថែមនៅតាមបណ្តាខេត្តសំខាន់ៗគាំទ្រដល់មហិច្ឆតាជំរុញកំនើនសេដ្ឋកិច្ចកម្ពុជា

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រៅពីព្រលានយន្ដហោះលំដាប់អន្តរជាតិធំៗចំនួន៣ ដែលកំពុងដំណើរការសាងសង់ និងពង្រីកវិសាលភាពឱ្យកាន់តែល្អប្រសើរនៅពេលបច្ចុប្បន្ន រាជរដ្ឋាភិបាល បានបង្ហាញ ពីគម្រោងសាងសង់ព្រលានយន្តក្នុងស្រុក នៅតាមបណ្តាខេត្តគោលដៅសំខាន់ៗមួយចំនួនទៀត ដើម្បីគាំទ្រដល់មហិច្ឆតា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈបានមានប្រ​សា​សន៍ប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះថា រាល់គម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញគឺសុទ្ធតែជាយុទ្ធសាស្ត្រក្នុងរយៈពេលវែងសម្រាប់កសាង និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យល្អប្រសើរ ប្រកបដោ​យចីរភាព។

លោកបានបញ្ជាក់ថា ជាក់ស្ដែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ក៏ដូចជាការត្រៀមខ្លួនរួចជាស្រេច ជាមួយកំណើននៃការដឹកជញ្ជូនតាមជើងហោះហើរ រវាងប្រទេ​សកម្ពុជាជាមួយបណ្តាប្រទេសនានា រដ្ឋាភិបាលបាននិងកំពុងធ្វើការស្ថាបនា នូវព្រលានយន្ដហោះធំៗប្រចាំប្រទេស រួមមានព្រលានយន្ដហោះថ្មីខេត្តសៀមរាប ព្រលានយន្ដហោះកងកេងខេត្តព្រះសីហនុ ជាពិសេសព្រលានយន្ដហោះអន្តរជាតិ-ភ្នំពេញថ្មីដែលមានទីតាំងស្ថិតនៅព្រំប្រទល់ខេត្តកណ្តាល និងខេត្តតាកែវក្រោមទុនវិនិយោគ១៥០០លានដុល្លារ ដែលគ្រោងបញ្ចប់ដំណាក់កាលទី១នៅត្រឹមចុងឆ្នាំ២០២៣។

គម្រោងវិនិយោគព្រលានយន្ដហោះធំៗ លំដាប់អន្តរជាតិទាំង៣ ដែលនឹងចូលរួមយ៉ាងសំខាន់ នៅក្នុងគោលនយោបាយបើកចំហរជើងមេឃ របស់រដ្ឋាភិបាលកម្ពុជានៅមានគម្រោងព្រលានសាងសង់ព្រលានយន្ដហោះតារាសាគរ ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង គ្រោងបញ្ចប់ដំណាក់កាលទី១នៅឆ្នាំ២០២១ ខណៈដែលគម្រោងការពង្រី​កវិសាលភាពផ្លូវរត់របស់ព្រលានយន្ដហោះអន្តរជាតិ កងកេងខេត្តព្រះសីហនុ ដែលអាចអនុញ្ញាតឱ្យយន្ដហោះខ្នាតធំ ចុះចតបានយ៉ាងងាយស្រួលនៅក្នុងឆ្នាំនេះ។

ក្រៅពីនេះ រដ្ឋាភិបាលក៏បានសិក្សាពីលទ្ធភាពស្ដារព្រលានយន្ដហោះ ដែលមានស្រាប់នៅក្នុងខេត្តបាត់ដំបង និងដាក់ដំណើរការឡើងវិញ រួមជាមួយនឹងគម្រោងសាងសង់ព្រលានយន្ដហោះថ្មីមួយទៀត ដែលមានទីតាំងស្ថិតស្រុកអូរាំង ខេត្តមណ្ឌលគីរី នៅលើផ្ទៃដីទំហំប្រមាណ៣០០ហិកតា សម្រាប់បម្រើវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងស្រុក ក្រោមទុនវិនិយោគសរុបរាប់ពាន់លានដុល្លារ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលមានផែនការយុទ្ឋសាស្រ្តអភិវឌ្ឍ​ន៍និងស្តារឡើងវិញនូវព្រលានយន្តហោះគ្រប់បណ្តាខេត្តសំខាន់ៗ ដោយគ្រោងចំណាយប្រាក់៣០០០លានដុល្លារអាមេរិកនាពេលខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍នៅក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្ដហោះអន្តរជាតិ-ភ្នំពេញថ្មី កាលពសប្ដាហ៍មុននេះថា ទន្ទឹមនឹងការរីកចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជានៅពេលបច្ចុប្បន្ននេះ ជាពិសេសដើម្បីជំរុញឱ្យមានកំណើនសេដ្ឋកិច្ចកាន់តែប្រសើរ កម្ពុជាត្រូវបានមានព្រមានយន្តហោះនៅតាមខេត្តគោលដៅបន្ថែមទៀត ដើម្បីបម្រើដល់ការដឹកជញ្ជូនក្នុងស្រុក ក៏ដូចជាជួយសម្រួល ដល់ការធ្វើដំណើររបស់ទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។

សម្ដេចបានបញ្ជាក់ថា “វត្តមាននៃព្រលានយន្ដហោះទាំងអស់ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបំពេញនូវមហិច្ឆតាក្នុងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការកៀងគរវិនិយោគិនបរទេសបន្ថែម ក៏ដូចជាទាក់ទាញទេសចរអន្តរជាតិ មកកាន់កម្ពុជាកាន់តែច្រើនផងដែរ”៕