ដោយ វុត្ថា
ភ្នំពេញៈ ទីផ្សារជួលឃ្លាំងសម្រាប់ស្តុកទំនិញផ្សេងៗ នៅក្នុងប្រទេសកម្ពុជានាពេលច្ចុប្បន្ននេះ បាននឹងកំពុងផ្លាស់ប្តូររបទថ្មី ស្របតាមតម្រូវការរបស់អតិថិជន ខណៈដែលទីផ្សារនៅក្នុងវិស័យនេះ បាននឹងកំពុងមានស្ថានភាពល្អប្រសើរបន្តិច បើធៀបទៅនឹងទីផ្សាផ្នែកដទៃទៀតនៅក្នុងវិស័យអចលនទ្រព្យ។

-->
លោកម៉ាន់ ចាន់ឌី អគ្គនាយកក្រុមហ៊ុន Premier Group បានប្រាប់គេហទំព័រ ភPropertyarea.asia កាលពីសប្តាហ៍មុនថា ទីផ្សារជួលឃ្លាំងនាពេលបច្ចុប្បន្ននេះ មានតម្លៃថ្លៃជាងមុន ខណៈដែលអតិថិជនបានបង្វែរទិសដៅពីការជួលតូច ទៅជួលឃ្លាំងធំៗ ជាលក្ខណៈរួមគ្នាដើម្បីទទួលបានផលចំណេញ។
លោកថ្លែងថា “តាមការសិក្សារបស់ខ្ញុំកន្លងមកនេះ ការជួលឃ្លាំងនៅមានតម្លៃថ្លៃ មនុស្សចាប់ផ្តើមប្តូររបទថ្មី នៃការជួល អីចឹងការជួលឃ្លាំងតូចល្មមៗ លែងចង់ជួល គាត់ទៅជួលដាក់រួមគ្នាវិញ” ។ លោកពន្យល់ថា “សម្រាប់ឃ្លាំងជួលតូចៗល្មម មានតម្លៃថ្លៃខ្ពស់ពេក នៅពេលដែលមានតម្លៃខ្ពស់ពេកនេះ អ្នកជួលគាត់រកវិធីផ្សេងទៀតដើម្បីទទួលបានផលចំណេញផងដែរ” ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានឱ្យដឹងដែរថា ទីផ្សារជួលឃ្លាំង នាពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅក្នុងភាពប្រឈមខ្លះ ពីការរីករាលដាលនៃជំងឺ Covid-19 ប៉ុន្តែមានសភាពតិចតួចប៉ុណ្ណោះ ។
លោកបន្តថា “តម្រូវកាស្តុកទំនិញនានានៅតែមាន បើទោះបីផ្នែកខ្លះនៃវិស័យអចលនទ្រព្យ បាននិងកំពុងជួបបញ្ហាប្រឈម ហើយការជួលឃ្លាំងនេះត្រូវបានគេធ្វើកិច្ចសន្យាក្នុងរយៈពេលច្រើឆ្នាំ ដូច្នេះតម្លៃនៃការជួលវិញគឺមិនបានធ្លាក់ចុះខ្លាំងដែរ” ។
សម្រាប់ការជួលឃ្លាំងដែលស្ថិតក្នុងទីតាំងល្អ និងសម្បូររោងចក្រច្រើន គឺវាមានតម្លៃពី៨-១៣ ដុល្លារក្នុង ១ ម៉ែត្រការ៉េក្នុងមួយខែ ចំណែកតំបន់ក្នុងទីក្រុងវិញគឺមានតម្លៃលើសពី១០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
រដ្ឋបាលសាលារាជធានីភ្នំពេញ កាលពីដើមឆ្នាំ២០១៩ បានសម្រេចតម្រូវឱ្យប ណ្តារោងចក្រ សហគ្រាស និងឃ្លាំងទាំងឡាយត្រូវជំរុញទៅកាន់តំបន់ជាយក្រុង។
លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងដែរថា ការហូរចូលយ៉ាងលឿននៃលំហូរវិនិយោគបរទេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជំរុញឱ្យមានតម្រូវការឃ្លាំង ហើយវិនិយោគិនមួយចំនួន ក៏កំពុងប្រឈមនឹងការលំបាកក្នុងការស្វែងរកទីតាំងឃ្លាំងនេះផងដែរ។
លោកបន្តថា “បច្ចុប្បន្នទីតាំងឃ្លាំងទំនេរ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសលែងមានហើយ។ នេះគឺដោយសារតែក្រុមហ៊ុនមួយចំនួនធំ បានប្រើទំហំដែលមានស្រាប់រួចហើយ” ៕