រដ្ឋាភិបាល​អនុម័ត​គំរោង​វិនិយោគ​លើ​ទំហំ​ទឹកប្រាក់​សរុប​ជិត ១៦០លាន​ដុល្លារនៅក្នុង​ខែមិថុនា

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅក្នុង​រយៈពេល៣០ថ្ងៃ នៃ​ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ រដ្ឋាភិបាល តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​អនុម័ត​គាំទ្រ​លើ​គម្រោង​ចំនួន៨ បន្ថែមទៀត ដែល​ទុនវិនិយោគ​សរុប​ជិត១៦០ដុល្លារ។

តាមរយៈ​របាយការណ៍ ដែល​កត់ត្រា​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​បង្ហាញថា នៅក្នុង​ខែមិថុនា ឆ្នាំ២០២០ មាន​គម្រោង​វិនិយោគ​ថ្មី​ចំនួន៨គម្រោង ត្រូវបាន​អនុម័ត​ឱ្យ​ដំណើរការ​វិនិយោគ​នៅ​កម្ពុជា ដោយ​គម្រោង​ទាំងនោះ​រួមមាន ទី១ ក្រុមហ៊ុន BRILLIANT DRAGON (CAMBODIA) ENTERPRISE CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ញរ សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២.៤លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៧០០កន្លែង។

ទី២ ក្រុមហ៊ុន VATTANAC BREWERY CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀរ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ចំនួន៨៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៩៩កន្លែង។ ទី៣ ក្រុមហ៊ុន HUA TE BANG (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ពី​ប្លា​ស្ទីក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ត្រប់ សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ២.៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២១៦កន្លែង។

ទី៤ ក្រុមហ៊ុន PRINTX GP (CAMBODIA) FACTORY CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​គ្រឿង​បន្សំ​កាបូប ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៥១ ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ៦.៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន១,៤១៤កន្លែង។

ទី៥ ក្រុមហ៊ុន DIZE (CAMBODIA) NONG YE FAZHAN CO., LTD. គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ចេក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​មាឃ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ​ប្រមាណ ១៧.៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១,៩០០កន្លែង។

ទី៦ ក្រុមហ៊ុន SUN & MOON HOTEL CO., LTD. គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៤ ចំនួន២០០បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ ២៨៥ មហាវិថី​ព្រះ​នរោត្តម ជាប់​ស្ពាន​ព្រះមុនីវង្ស កែង​ផ្លូវ​លេខ២៣៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ៣៥.២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៥៣៥កន្លែង។

ទី៧ ក្រុមហ៊ុន ZJ S&Y (CAMBODIA) GARMENTS CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​ពល​ក្រាំង​ទេព​សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ៣.២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៦៤កន្លែង។

ទី៨ ក្រុមហ៊ុន XSLJ (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ៣.២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៦៥៤កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here