ដោយវុត្ថា
ភ្នំពេញៈ កូនបំណុលត្រូវអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដោយសុចរិតនិងស្មោះត្រង់អោយស្របទៅតាមខ្លឹមសារនៃកិច្ចសន្យា។ នៅពេលភាគីបានបំពេញកាតព្វកិច្ចរួចរាល់ហើយ បណ្តាលអោយកាតព្វកិច្ចនោះរលត់។
យោងតាមមាត្រា៣៨៤ ករណីកិច្ចសន្យារបស់កូនបំណុលក្នុងការអនុវត្តកាតព្វកិច្ច៖
១.កូនបំណុលត្រូវអនុវត្តកាតព្វកិច្ចរបស់ខ្លួន អោយស្របទៅតាមខ្លឹមសារ នៃកិច្ចសន្យា និងគោលការណ៍នៃភាពសុចរិត និងភាពស្មោះត្រង់។
២.ការអនុវត្តតាមបញ្ញត្តិនៃកថាខណ្ឌទី១ខាងលើនេះ ត្រូវចាត់ទុកជាការសងដែលនាំអោយ កាតព្វកិច្ចរលត់។
ប្រសិនបើកូនបំណុល មិនព្រមអនុវត្តកាតព្វកិច្ចដោយស្ម័គ្រចិត្តទេ ម្ចាស់បំណុលអាចប្តឺងទៅតុលាការដើម្បីទាមទារឲ្យអនុវត្តន៍ ប៉ុន្តែបើគូភាគីបានស្រុះស្រួលគ្នាថាមិនទាមទារឲ្យអនុវត្តន៍តាមផ្លូវតុលាការទេ ម្ចាស់បំណុលមិនអាចប្តឹងតុលាការបានឡើយ។
មាត្រា៣៨៥ កថាខណ្ឌទី១ និង២បានចែងថាៈ ម្ចាស់បំណុលអាចទាមទារអោយកូនបំណុលអនុវត្តកាត្វកិច្ចតាមផ្លូវតុលាការ។
ទោះបីជាមានបទបញ្ញត្តិ នៃកថាខណ្ឌទី១ខាងលើនេះក៏ដោយ ក៏ម្ចាស់បំណុលមិនអាចទាមទារអោយ អនុវត្តតាមផ្លូវតុលាការបានឡើយ ក្នុងករណីមានការព្រមព្រៀងរវាងភាគីនៃកិច្ចសន្យាថាមិនទាម ទារអោយអនុវត្តន៍តាមផ្លូវតុលាការ។
ចំពោះកិច្ចសន្យាអញ្ញមញ្ញ ភាគីដែលត្រូបអនុវត្តកាតព្វកិច្ចមុន មានសិទ្ធិមិនអនុវត្តកាតព្វកិច្ចរបស់ខ្លួន បើមានការបារម្ភថា ភាគីម្ខាងទៀតប្រាកដជាមិនអនុវត្តន៍ទេ។ ប៉ុន្តែបើភាគីនោះ បានដាក់ប្រតិភោគឬមានវិធានការផ្សេងៗទៀតដើម្បីរំលត់ក្តី បារម្ភនោះហើយ បញ្ញត្តិនេះមិនអនុវត្តន៍ទេ៕