បុរីKCផ្តល់ជូនលំនៅដ្ឋានតម្លៃសមរម្យជាមួយរចនាបទផ្ទះដ៏ស្រស់ស្អាត

ដោយគង់ សូរិយា

        ភ្នំពេញៈ ក្នុងគោលដៅផ្តល់លំនៅដ្ឋានតម្លៃសមរម្យដល់ប្រជាពលរដ្ឋកម្ពុជា បុរីKCបាននិងកំពុងវិនិយោគ លើលំនៅដ្ឋានតម្លៃមធ្យមដល់ប្រជាពលរដ្ឋ ដែលមានជីវភាពមធ្យម។

បុរីដែលមានទីតាំងនៅក្បែរផ្សារព្រែកព្នៅថ្មីនេះ បាននិងងកំពុងសាងសង់លំនៅ   ដ្ឋានតម្លៃមធ្យម និងខុនដូតម្លៃសមរមន្យផងដែរ។

លំនៅដ្ឋានដែលមានតម្លៃ ត្រឹមជាង៦០០០០ដុល្លារអាមេរិកនេះ មានទំហំ៥ម៉ែត្រ និងបណ្តោយ៨ម៉ែត្រ ដែលមានបន្ទប់គេងចំនួន៣ និងបន្ទប់ទឹក៣ ជាជម្រើសសំរាប់គ្រួសារទាន់សម័យ និងមានជីវភាពកម្រិតមធ្យម។

បុរី​ខេ​ ស៊ី​ អំណោយផល​ដល់​ការរស់នៅ​ និង​ប្រក​អាជីវកម្ម​គ្រប់​ប្រភេទ​ ដោយសារតែ​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ទំហំ៣០ម៉ែត្រ​ ជា​ផ្លូវ​តភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ៥និង​មហាវិថី​ ឈ្នះ​ ឈ្នះ​ នៃ​ទីក្រុង​មរតក​សម្ដេច​តេជោ​ ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៤​។ បន្ថែម​ពីនេះ​ ទីតាំង​របស់​បុរី​ ខេ​ ស៊ី​ មាន​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ទីប្រជុំជន​ជាច្រើន​ ដូចជា​ ខាងក្រោយ​មាន​ផ្សារ​ព្រែកព្នៅ​ចាស់​ នៅ​ខាងមុខ​ជាប់​ផ្លូវ​ មាន​ផ្សារ​ព្រែកព្នៅ​ សាលារៀន​រដ្ឋ​ និង​ឯកជន​ មណ្ឌលសុខភាព​ គ្លីនិក​ឯកជន​ និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ជាច្រើន​ បន្ថែម​ដោយ​គម្រោង​អភិវឌ្ឍ​បឹង​តា​ម៉ោក​ និង​តំបន់​អភិវឌ្ឍ​រមណីយដ្ឋាន​គំរូ​ នៅ​តំបន់​ជាយក្រុង​នៃ​ភ្នំ​ប្រសិទ្ធិ​ ដែល​ជា​គម្រោង​អាទិភាព​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​។

លំនៅ​ដ្ឋាន​នៅក្នុង​ ខេ​ស៊ី​ ត្រូវ​បាន​សាងសង់​ឡើងជា៣ប្រភេទ​ រួមមាន​ប្រភេទ​ Link​ House​, Shop​ House​ និង​ប្រភេទ​ Twin​ Villa​ ដែល​សុទ្ធតែ​សមស្រប​ទៅ​នឹង​ការរស់នៅ​ដែល​ពោរពេញ​ទៅ​ដោយ​ផាសុកភាព​ខ្ពស់​ទាំងអស់​។

សម្រាប់​ព័ត៌មាន​បន្ថែម​ លោកអ្នក​អាច​ទំនាក់ទំនង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ​ ៖ ០៨៩​ ៧៨៧​ ៧២១​ / ០៨៧​ ៣៦​ ៩៥​ ៣៦​ / ០១៦​ ៦៨៥​ ៨៥៨​ ៕

រដ្ឋមន្ត្រីទេសចរណ៍បង្ហាញពីសក្តានុពលវិនិយោគទេសចរណ៍នៅកម្ពុជាដល់សមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-US

ដោយៈ រ៉ាណេត

ភ្នំពេញៈ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីឱកាសវិនិយោ​គ​ជាច្រើនលើវិស័យទេសចរណ៍នៅកម្ពុជា ដល់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) ដែលជាស្ថាប័នដ៏ធំមួយ មានសមាជិកនៅពាសពេញ តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាជុំវិញពិភពលោក ប៉ុន្តែកម្ពុជាក៏បានស្នើសុំកិច្ចសហការរួមគ្នា ទប់ស្កាត់ការរាតត្បា​តជំងឺ COVID-19 ឱ្យខាងតែបានជាមុនផងដែរ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) តាមរយៈ Video Conference នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) ដោយក្នុងកិច្ចប្រជុំនេះ ភាគី US-ABC បានលើកសំណើជាច្រើន ដើម្បីស្វែងរកការជួយកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ចទេសចរណ៍ នាកំលុងពេលកម្ពុជាជួបវិបត្តិ COVID-19 និងក្រោយពេលវិបត្តិនេះត្រូវបានបញ្ចប់។

លោក Amb. Michael W.Michala អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិកបានថ្លែងថា បច្ចុប្បន្នUS-ABC មានបណ្តាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកជាច្រើន នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោកជាសមាជិក ហើយតាមរយៈកិច្ចប្រជុំនេះUS-ABC ស្នើសុំបង្កើតកិច្ចសហប្រតិ​បត្តិការ និងការដោះស្រាយបញ្ហាធុរកិច្ចក្នុងវិស័យទេសចរណ៍នៅកម្ពុជា និងការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺ COVID-19។

លោកបន្តថា សម្រាប់កិច្ចប្រជុំនាពេលមានការចូលរួម ដោយបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនជាសមាជិក មកពីក្រុមហ៊ុន Google, Visa, Agoda, Expedia Group, និងក្រុមហ៊ុន Air nb ជាដើម ក្នុងគោលបំណងបង្កើតគំនិត និងការអនុវត្តល្អៗក្នុងការប្រយុទ្ធប្រឆាំងមេរោគ COVID-19 និងលើកផែនការបង្កើតកិច្ចសហប្រតិបត្តិការ ស្តារវិស័យទេសចរណ៍ឡើងវិញបន្ទាប់ពីវិបត្តិCOVID-19ត្រូវបានបញ្ចប់ និងស្នើបន្តកិច្ចសហការជាមួយកម្ពុជា ក្នុងវិស័យធុរកិច្ចទេសចរណ៍នៅឆ្នាំបន្តបន្ទាប់ទៀត។

ឆ្លើយតបនឹងសំណើនេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍  ថោង ខុន បានស្នើឱ្យ US-ABC បន្តសហការជាមួយផ្នែកជំនាញក្រសួងទេសចរណ៍កម្ពុជា ដើម្បីអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនានា ក្នុងវិស័យទេសចរណ៍។ ជាមួយគ្នានេះ លោកក៏បានស្នើដល់ US-ABC ជំរុញសមាជិករបស់ខ្លួនមកវិនិយោគនៅកម្ពុជា ក្នុងវិស័យទេសចរណ៍ ជាពិសេ​សសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ដែលកំពុងមានសក្តានុពល និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងខ្លាំង៕

ទំហំពាជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងជប៉ុនបន្តកើនឡើង ខណៈជប៉ុនបានក្លាយនៅទីផ្សារសំខាន់សម្រាប់កម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ កម្ពុជាបាននាំចេញផលិតផល មានតម្លៃ៦២៧លានដុល្លារទៅទីផ្សារជប៉ុន ក្នុងរយៈពេល៤ខែដំបូងឆ្នាំនេះ កើនឡើង៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈកម្ពុជាគួរតែធ្វើពិពិធកម្មទៅរកការនាំចេញ គ្រឿងអេឡិចត្រូនិច និងគ្រឿងបន្លាស់រថយន្តបន្ថែមទៅកាន់ទីផ្សារជប៉ុន។

យោងតាមរបាយការណ៍ចុងក្រោយ ពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានបង្ហាញថា ចាប់ពីខែមករាដល់ខែមេសាពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរមានទំហំទឹកប្រាក់៧៧៨ លានដុល្លារអាមេរិក បានកើនឡើង៤ភាគរយ។

ក្នុងរយៈពេលដូចគ្នានេះដែរ ការនាំចូលរបស់កម្ពុជាពីប្រទេសជប៉ុនមានតម្លៃ ១៥១លានដុល្លារកើនឡើង៣ភាគរយ។

យោងតាមក្រសួងពាណិជ្ជកម្ម ផលិតផលសក្តានុពលសម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុន មានសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។

កាលពីពេលថ្មីៗនេះ ធនាគារពិភពលោកបានលើកឡើងថា ប្រទេសកម្ពុជាគួរតែធ្វើពិពិធកម្មពីការនាំចេញសម្លៀកបំពាក់ ដោយជំរុញបន្ថែមទៀតនូវការនាំចេញ គ្រឿងអេឡិចត្រូនិច និងគ្រឿងបន្លាស់រថយន្តទៅកាន់ប្រទេសជប៉ុន។

ធនាគារនេះបានឱ្យដឹង នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោកស្តីពី បច្ចុ​ប្បន្នភាពសេដ្ឋកិច្ចចុងក្រោយ សម្រាប់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះថា ការនាំចេញសម្លៀកបំពាក់ស្បែកជើង និងទំនិញធ្វើដំណើររបស់កម្ពុជា បានកើនឡើងត្រឹមតែ៧,៥ភាគរយក្នុងរយៈពេល៣ ខែគិតត្រឹមខែមីនាធ្លាក់ចុះពី១៧,៧ ភាគរយកាលពីឆ្នាំមុន។

នៅក្នុងឆ្នាំ២០១៩ កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរបានថយចុះមកត្រឹម១៣,៦ភាគរយ ធ្លាក់ចុះពី១៧,៧ភាគរយ បើធៀបកាលពីឆ្នាំមុនមួយទៀត។

បន្ទាប់ពីទីផ្សារអាមេរិក និងអឺរ៉ុប ធនាគារពិភពលោកបានឱ្យដឹងទៀតថា ទីផ្សារនាំចេញធំជាងគេពីរបន្ទាប់របស់កម្ពុជាគឺជប៉ុន (តម្លៃការនាំចេញ ១,០៥ ពាន់លានដុល្លារ) និងអង់គ្លេស (៩៤៥ លានដុល្លារអាមេរិក) នៅឆ្នាំ២០១៩។

កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានទំហំទឹកប្រាក់២,២៩២ លានដុល្លារអាមេរិក បានកើនឡើង១៣ភាគរយ៕

ធនាគារកណ្តាលអឺរ៉ុបចាត់វិធានការបន្ទាន់ថ្មី ដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ

ដោយ ប៊ី

អន្តរជាតិៈធនាគារកណ្តាលអឺរ៉ុប បានចាត់វិធានការបន្ទាន់ថ្មីបន្ថែមទៀតដើម្បីជំរុ​ញសេដ្ឋកិច្ចរបស់តំបន់អឺរ៉ុប អំឡុងពេលវិបត្តិសេដ្ឋកិច្ចធំបំផុត ចាប់តាំងពីសង្គ្រាមលោ​កលើកទី២។

គ្រាន់តែប៉ុន្មានខែ បន្ទាប់ពីមានការចាត់វិធានការបន្ទាន់ ធនាគារកណ្តាលបានឱ្យដឹងថា ខ្លួននឹងបង្កើនទំហំកម្មវិធីទិញ មូលបត្របំណុលរបស់ខ្លួនពី៦០០ពាន់លានអឺរ៉ូ ដល់ ១.៣៥ទ្រីលានអឺរ៉ូ។

កម្មវិធីនេះនឹងដំណើរការ រហូតដល់ខែមិថុនា ឆ្នាំ ២០២១ ដែលមានរយៈពេលយូរជាងការគ្រោងទុក៦ខែ។

វិធានការណ៍នេះនឹងរក្សាអត្រាការប្រាក់ទាប សម្រាប់បណ្តាប្រទេសជាច្រើន និងក្រុមហ៊ុន ខណៈដែលពួកគេប្រឈមនឹងឱនភាពថវិកា និងវិបត្តិសេដ្ឋកិច្ច។

ធនាគារកណ្តាលបានឱ្យដឹងថា ការទិញនេះគាំទ្រដល់ “លក្ខខណ្ឌផ្តល់មូលនិធិនៅក្នុងសេដ្ឋកិច្ចជាក់ស្តែងជា ពិសេសសម្រាប់អាជីវកម្ម និងគ្រួសារ”។

ធនាគារកណ្តាលក៏បានសម្រេចចិត្ត រក្សាអត្រាការប្រាក់របស់ខ្លួននៅកម្រិតទាបបំផុត។

លោក Rachel Winter នាយករងនៃក្រុមហ៊ុនវិនិយោគ Killik & Co បាននិយាយថា ការទិញប័ណ្ណបំណុលបន្ថែមទំនង ជាជំរុញឱ្យទិន្នផលមូលបត្ររបស់រដ្ឋាភិបាលអឺរ៉ុបទៅក្នុងភាពអវិជ្ជមាន ហើយវិនិយោគិន ក្នុងការស្វែងរកផលវិជ្ជមាននឹងត្រូវប្រឈមនឹងហានិភ័យកាន់តែច្រើន។

នៅពេលធនាគារកណ្តាលទិញមូលបត្របំណុល ដោយប្រើប្រាស់សាច់ប្រាក់ តម្លៃមូលបត្របំណុលកើនឡើង ហើយតម្លៃប្រាក់កម្ចីធ្លាក់ចុះ។

អ្នកជំនាញក្នុងទីផ្សារខ្លះឆ្ងល់ថា តើលុយចំនួនប៉ុន្មានអាចត្រូវបានបោះពុម្ពដោយសុវត្ថិភាពដោយមិនធ្វើឱ្យតម្លៃប្រាក់ថយចុះ៕ BBC៕

ខេត្តក្រចេះទទួលបានទុនវិនិយោគក្នុងវិស័យសំណង់សរុបជិត៤លានដុល្លារ លើ៧៩គម្រោង

ដោយ ៖ រ៉ាណេត
ក្រចេះ ៖ ស្របទៅនឹងចក្ខុវិស័យនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្តក្រចេះ ជាពិសេសតំបន់ទីប្រជុំជន និងតំបន់ទេសចរណ៍ រដ្ឋបាលខេត្តទទួលទុនវិនិយោគពីវិស័យឯកជនផ្នែកអចលនទ្រព្យ និងសំណង់សរុបចំនួនជិត៤លានដុល្លារ ទៅលើគម្រោងចំនួន៧៩នៅទូទាំងខេត្ត។

អភិបាលខេត្តក្រចេះ លោក វ៉ា ថន បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ត នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានផ្តល់ទុនវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនស្ទើរទូទាំងខេត្ត ដូចជាផ្លូវថ្នល់ ស្ពានមេតុង បណ្តាញទឹកស្អាត និងផ្នែកដទៃទៀតដែលបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋសរុបរហូតដល់ប្រវែង៩៨៨,៣៩គីឡូម៉ែត្រ។

លោកបានបញ្ជាក់ថា “សម្រាប់វិស័យអចលនទ្រព្យ និងសំណង់ ក៏មានការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ផងដែរ ដោយទទួលបានទុនវិនិយោគក្នុងការសាងសង់សំណង់នានាលើគម្រោងសរុបចំនួន៧៩ ស្មើនឹងថវិកាចំនួន ៣ ៨០១ ១០០ដុល្លារ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានដោះស្រាយនូវវិវាទដីធ្លីស្ថិតក្នុងយន្តការគណៈកម្មការសុរិយោដី ៥៤ករណី និងក្រៅយន្តការគណៈកម្មការសុរិយោដី ចំនួន៩៨ករណី”។

ជាមួយគ្នានេះ លោកក៏បានលើកឡើងផងដែរថា ពាក់ព័ន្ធទៅនឹងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធចំនួន៤ក្រុង / ស្រុក (ក្រុងក្រចេះ ចិត្របុរី ព្រែកប្រសព្វ និងស្រុកឆ្លូង) បានចំនួន ១៥ ៩៨៨ ប័ណ្ណ ក្នុងនោះបណ្ណសម្បទានដីសង្គមកិច្ច ចំនួន ២៤៩១បណ្ណ។ ចុះបញ្ជីដីសហគមន៍ជនជាតិភាគតិច ចំនួន២សហគមន៍ ស្ថិតនៅភូមិស្រែឈូក និងឃុំរលួសមានជ័យ ភូមិត្នោត ឃុំស្រែជិះ ស្រុកសំបូរ។ ជាមួយគ្នានេះ ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំបានចំនួន២៤បណ្ណ ការចុះបញ្ជីផ្ទេរកម្មសិទ្ធិ ចំនួន៣៦២បណ្ណ និងការចុះបញ្ជីប្រាតិភោគ (ដាក់បញ្ចាំ / ហ៊ីប៉ូតែក) ចំនួន ២៩៥ក្បាលដី៕

សម្តេចតេជោ ៖ អាជីវកម្មអចលនទ្រព្យដំណើរការធម្មតានៅក្នុងប្រទេសកម្ពុជា

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរនៅលើបណ្តាញសង្គម Facebook ផ្លូវការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០នេះថា ទោះបីជាបញ្ហាជំងឺ Covid-19 បានបង្កនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាក៏ពិតមែន ប៉ុន្តែឃើញថាបងប្អូនប្រជាពលរដ្ឋអាជីវករក្នុងប្រទេសកម្ពុជានៅតែបន្តខិតខំប្រឹងប្រែងក្នុងមុខរបររបស់របស់ខ្លួនជាធម្មតា។

សម្តេចតេជោបន្តថា ក្នុងនោះអាជីវកម្មលក់ផ្ទះទិញផ្ទះនៅតែបន្តដដែល គ្រាន់តែមិនដាច់ខ្លាំងដូចកាលពីមុន ហើយបច្ចុប្បន្ននេះ លំនៅដ្ឋានបែប Shop house កំពុងតែពេញនិយមសំរាប់ការធ្វើអាជីវកម្មមានពេលបច្ចុប្បន្នផងដែរ។

លោកឧកញ៉ា ចេង ខេង ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានថ្លែងតាមវីដេអូ Conference ក្នុងកម្មវិធីមួយរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជានៅថ្ងៃទី២៥ ខែមិថុនានេះថា ចលនាទិញលក់អចលនទ្រព្យនៅតែមានសកម្មភាពធម្មតា អំឡុងពេលវិបត្តិនៃជំងឺ Covid-19 នេះ។

លោកឧកញ៉ាបានថ្លែងថា “ទីផ្សារអចលនទ្រព្យនៅដំណើរការធម្មតា ព្រោះបុគ្គលិករបស់ក្រុមហ៊ុន ខ្ញុំឆ្លើយតបបានជាមួយនឹងគោលដៅរបស់ក្រុមហ៊ុន ដែលបានដាក់ចេញ ហើយចំណូលរបស់គាត់នៅតែទទួលបានធម្មតា” ។ លោកបន្តថា “បញ្ហាសំខាន់គឺសមត្ថភាពរបស់បុគ្គលិក ព្រោះបើសិនជាទីផ្សារដំណើរធម្មតា តែចំណូលយើងធ្លាក់ចុះ បញ្ហាគឺមកយើង។ ដូច្នេះយើងត្រូវមានវិជ្ជាជីវក្នុងវិស័យអចលនទ្រព្យ និងព្យាយាមបន្ថែមដើម្បីទទួលបានជោគជ័យក្នុងវិស័យនេះ” ។

លោក សន សៀប អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បាននិយាយថា លោកសង្កេតឃើញថា អំឡុងពេលកូវីដនេះ អ្នកទិញមានចំនួនជាងមុនពេលកូវីដទៀត។ លោកថា “នេះសម្រាប់តែអ្វីដែលខ្ញុំបានឃើញ” ។ លោកបានថ្លែងថា “នៅក្នុងគ្រាលំបាកនេះ គឺយើងអាចមានឱកាសច្រើន។ ចំនួនសកម្មភាពជារួមរបស់ភ្នាក់ងារអចលនទ្រព្យមានថមផយចុះ ដូច្នេះនេះជាឱកាសសម្រាបភ្នាក់ងារពិតប្រាកដ ក្នុងការបញ្ចេញស្នាដៃចាប់យកអតិថិជន” ។

លោកបានបន្តថា “អំឡុងពេលនេះ អ្នកទិញដែលចុះទៅមើលដីធ្លី គឺអ្នកទិញពិតប្រាកដ ហើយយើង (ភ្នាក់ងារ) ចំណេញពេលជាងមុនទៀត។ បើគាត់មិនទិញទេ គាត់មិនចុះទៅទេអំឡុងពេលនេះ” ។លោកបានឱ្យដឹងទៀតថា សកម្មភាពរបស់ទិញឃើញមានច្រើនបច្ចុប្បន្ន ព្រោះអ្នកទិញអំឡុងពេលនេះ មានភាពច្បាស់ លាស់ជាងពេលមុនកូវីដនេះទៅទៀត។

ទុនវិនិយោគក្នុងវិស័យសំណង់នៅទូទាំងប្រទេស មានទំហំទឹកប្រាក់សរុបជាង៣ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៤ខែដំបូងដើមឆ្នាំ២០២០នេះ បានកើនឡើងជាង ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើសុំសាងសង់ សរុបទូទាំងប្រទេសមានចំនួន១ ៦៤៧ គម្រោងក្នុងរយៈពេល៤ខែ ដើមឆ្នាំ ២០២០ កើនឡើង ២២៣គម្រោង ខណៈទំហំតម្លៃវិនិយោគសរុបប្រមាណ៣០៤៩លានដុល្លារអាមេរិក បានកើនឡើង ២០,៥ ភាគរយ ធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ២០១៩ ៕

ក្រុមហ៊ុន China Railway កំពុង​សិក្សា​គម្រោង​ស្ថាបនា​ផ្លូវដែក​តម្លៃ ៩០០០លាន​ដុល្លារ​នៅ​មី​យ៉ាន​ម៉ា

ដោយ ហ្សូ​លី

ប៉េកាំង៖ ក្រុមហ៊ុន China Railway Group បានដាក់​សំណើ និង​រៀបចំ​ការសិក្សា​អំពី​លទ្ធភាព​នៅក្នុង​ការស្ថាបនា​ផ្លូវ​រថភ្លើង​ល្បឿន​មធ្យម​នៅ​មី​យ៉ាន់​ម៉ា ដែលមាន​តម្លៃ​ប្រមាណ ៩០០០លាន​ដុល្លារ​អាមេរិក។

គម្រោង​ស្ថាបនា​ផ្លូវដែក​នេះ​មាន​ចម្ងាយ​ប្រមាណ ៦៥០គីឡូម៉ែត្រ នឹង​សង្ឃឹម​អំពី​ការស៊ើបអង្កេត​ទៅលើ​ខ្សែ​ចន្លោះ​រវាង​ក្រុង MandaLay នៃ​កណ្តាល​ទីក្រុង​មី​យ៉ាន់​ម៉ា ក៏ដូចជា​កំពង់ផែ​ទឹក​ជ្រៅ និង​ជម្រើស​មួយទៀត​គឺ​តំបន់ឧស្សាហកម្ម kyauk pyu។

ខ្សែ​រថភ្លើង​នេះ​នឹងមាន​ចម្ងាយ​ប្រហែល​ពាក់កណ្តាល​នៃ​ចម្ងាយ ១២១៥គីឡូម៉ែត្រ ដែល​បាន​គ្រោងទុក​រវាង​កំពង់ផែ​ថ្មី និង​រដ្ឋធានី​របស់​ចិន​គឺ​ខេត្ត​យុន​ណាន  តាមរយៈ​ទីក្រុង MandaLay។ ខ្សែ​រថភ្លើង​មួយ​នេះ​មានតម្លៃ​ប្រមាណ ២០ពាន់​លាន​ដុល្លារ និង​បញ្ចប់​ការសាងសង់​កាលពី​ឆ្នាំ ២០១១ ។ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​សម្រាប់​ផ្លូវដែក​ត្រូវបាន​ចុះហត្ថលេខា​រវាង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​ក្រុមហ៊ុន​ផ្លូវដែក​ចិន កាលពី​ខែតុលា ឆ្នាំ ២០១៨ ។

សេចក្តីប្រកាស​ដែល​ប្រទេស​ចិន​ចង់​ចាប់ផ្តើម​ប្រតិបត្តិ​ការសាងសង់​ត្រូវបាន​ធ្វើឡើង​ដោយ​លោក U nyi nyi swe អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ផ្លូវដែក។ នេះ​បើតាម​ឱ្យដឹង​ព័ត៌មាន​ពី​កាសែត Myanmar Times ។

លោក​បាន​និយាយថា អនុស្សរណៈ​នៃ​ការស្ថាបនា​គម្រោង​រថភ្លើង​នៅ Mandalay ចម្ងាយ​ប្រមាណ ៦៥០ គីឡូម៉ែត្រ និង​មាន​ទុន​ប្រមាណ ៩០០០លាន​ដុល្លារ​នេះ មាន​រួមបញ្ចូល​ទាំង​ការអនុម័ត​ការអនុញ្ញាត​នៃ​លទ្ធភាព​រៀបចំ​ការសិក្សា​ក្នុង​គោលបំណង​ពង្រីក​ផ្លូវដែក​ពី​ក្រុង Mandalay ទៅកាន់​ខេត្ត Kyauk pyu។ លទ្ធភាព​សិក្សា​អំពី​គម្រោង​នេះ​នឹងត្រូវ​ចំណាយពេល​ប្រមាណ ២ទៅ ៣ឆ្នាំ។

អ្នកគ្រប់គ្រង​ទូទៅ​រូបនេះ​បន្ថែមថា គម្រោង​ផ្លូវដែក​នឹង​អនុញ្ញាតឱ្យ​រថភ្លើង​រត់​ក្នុង​ល្បឿន​ប្រហែល ១៦០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ចំណាយ​ថវិកា​ប្រហែល ៩០០០លាន​ដុល្លារ៕

ក្រុមហ៊ុន​ធំ​មួយ​នឹង​សាងសង​រោងចក្រ​ថាមពល​អគ្គិសនី​ថ្មី​មួយ ដើរ​ដោយ​ធ្យូងថ្ម​លើ​ផ្ទៃដី​ជិត ៥៥ហិកតា នៅ​ខេត្ត​ព្រះសីហនុ

រូបតំណាង

ដោយ ៖ រ៉ា​ណេ​ត

ព្រះសីហនុ ៖ គម្រោង​សាងសង់​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ដែល​វិនិយោគ​ក្រុមហ៊ុន អេស ប៊ី ខេ រ៉ី​ស៊ើ​ន អេ​ន​ឌី​វេឡុ​ម​មេន មាន​អនុភាព ២x៣៥០មេ​ហ្គា​វ៉ា​ត់ គ្រោង​សាងសង់​លើ​ផ្ទៃដី ៥៤,៩ហិកតា ស្ថិតនៅ​ក្នុងភូមិ សាស្ត្រ​ភូមិ២ ឃុំ​កំ​ពេញ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​ក្រោយ​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា។

តំណាង​ក្រុមហ៊ុន អេស ប៊ី ខេ រ៉ី​ស៊ើ​ន អេ​ន ឌី​វេឡុ​ម​មេន បានឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ថា ក្រុមហ៊ុន​បានទទួល​សិទ្ធិ​សាងសង់​រោងចក្រ​ផលិត​អគ្គីសនី​ដុត​ធ្យូងថ្ម មាន​អនុភាព ២x៣៥០មេ​ហ្គា​វ៉ា​ត់ នៅ​ឃុំ​កំ​ពេញ ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ និង​បានធ្វើ​បទ​បង្ហាញ ចំណុច​និយាម​កា គម្រោង​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ផលប៉ះពាល់សំខាន់ៗ និង​វិធានការ​ដោះស្រាយ​មួយចំនួន​ក្នុងដំណាក់កាល​ប្រតិបត្តិ​គម្រោង​សុវត្ថិភាព​ការងារ។

គម្រោង​រោងចក្រ​ផលិត​អគ្គិសនី​ធ្យូងថ្ម​កម្លាំង ២x៣៥០មេ​ហ្គា​វ៉ា​ត់ ផ្តល់​ផល ប្រយោជន៍​មានដូចជា ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ កាត់បន្ថយ​ការនាំ ចូល​អគ្គិសនី​ពី​ប្រទេសជិតខាង កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ ហើយ​គម្រោង​សាងសង់​នេះ នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ២០២២ខាងមុខ ។

ដោយឡែក​សម្រាប់​គោលការណ៍​សុវត្ថិភាព​ការងារ​ដែល​ក្រុមហ៊ុន​ត្រូវ​ទទួលបន្ទុក​រួមមាន ទាក់ទង​នឹង​ខ្សែ​ពាន, គន្លឹះ​សុវត្ថិភាព​នៅ​តំបន់​ស្តុក​ធ្យូងថ្ម និង​ផេះ​ធ្យូងថ្ម កន្លែង​កិន​ធ្យូងថ្ម,  សុវត្ថិភាព​ការងារ​នៅ​ទី​ខ្ពស់, បុគ្គលិក​ធ្វើការ​នៅ​មន្ទីរ ពិសោធន៍,  បុគ្គលិក​ធ្វើការ​នៅ​កន្លែង​ដែលមាន​សំឡេងខ្លាំង, បុគ្គលិក​ធ្វើការ​នៅ​កន្លែង​ឡ​ចំហាយ, សុវត្ថិភាព​នៅ​កន្លែង​ផ្ទេរ​ចរន្តអគ្គិសនី  (Switch Yard), ការផ្តល់ជូន​នូវ​អនាម័យ និង​សុខ មាល​ភាព​ជូន​ដល់​បុគ្គលិក កម្មករ,  ការបិទ​ស្លាក​សញ្ញា និង​គំនូស​ចរាចរណ៍​នៅតាម ទីតាំង​សំខាន់​នៅក្នុង​រោងចក្រ, ការអប់រំ,  ការសង្គ្រោះ​បឋម, ការស៊ើបអង្កេត​គ្រោះថ្នាក់ និង​របាយការណ៍,  ប្រព័ន្ធ​ពន្លត់​អគ្គិភ័យ, ប្រព័ន្ធគ្រប់គ្រង​ខ្យល់ និង​កំដៅ​ក្នុង​រោងចក្រ​ជាដើម។

អភិបាលរង​ខេត្ត​ព្រះសីហនុ  លោក ឈិន សេង​ងួន  បាន​ស្វាគមន៍​ចំពោះ​វត្ត​មាននៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន អេស ប៊ី ខេ រ៉ី​ស៊ើ​ន អេ​ន ឌី​វេឡុ​ម​មេន ដោយបាន​ធ្វើ​បទ​បង្ហាញ​ពី​ផលប៉ះពាល់​បរិស្ថាន និង​សង្គម ពេញលេញ លើ​គម្រោង​អភិវឌ្ឍន៍ និង​វិនិយោគ​លើ​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​មួយ​នេះ។ ក្នុងនាម​រដ្ឋបាលខេត្ត នឹង​ព្យាយាម​ចូលរួម​សហការ ដើម្បីឱ្យ​ក្រុមហ៊ុន​មានលទ្ធភាព​ក្នុងការ​សាងសង់​ស្ពាន​ជញ្ជូន​ធ្យូងថ្ម និង​ការសាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម នៅ​ស្រុក​ស្ទឹងហាវ ប្រកបដោយ​ភាពរលូន៕

កាន់តែ​សប្បាយ​ទិញ ជាមួយ​ការបញ្ចុះ​តម្លៃ​រហូតដល់ ៨០ភាគរយ​នៅ​ផ្សារទំនើប FURI Times Square

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ កាន់តែ​អស្ចារ្យ​ជាមួយ​ការលក់ទំនិញ​បញ្ចុះតម្លៃ​ពិសេស ចាប់ពី១០-៨០ភាគរយ ព្រមទាំង​ទទួលបាន​សន្លឹកឆ្នោត​ផ្សងសំណាង ចាប់​រង្វាន់​យក​វត្ថុ​អនុស្សាវរីយ៍​យ៉ាង​សន្ធឹកសន្ធាប់​មិន​ធ្លាប់មាន​ពីមុនមក នៅក្នុង​ផ្សារ​ទំនើប FURI Times Square ក្រុងព្រះសីហនុ ដែល​កម្មវិធី​នេះ​នឹង​អនុវត្ត​ចាប់ពី​ថ្ងៃទី៣០ ខែមិថុនា រហូតដល់​ថ្ងៃទី១៩ ខែ​ក ក្កដា ឆ្នាំ២០២០ខាងមុខនេះ។

បុគ្គលិក​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់​ប្រចាំ​នៅ​ផ្សារ​ទំនើប FURI Times Square ក្រុងព្រះសីហនុ កញ្ញា​ប៉ែន ម៉ា​រ៉ា បាន​ប្រាប់ឱ្យដឹង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ថា ជាការ​អបអរសាទរ​នៃ​ការបើក​ដំណើរការ​របស់​ផ្សារ​ទំនើប FURI Times Square ក្រុងព្រះសីហនុ​ក្រោម​ការទទួលបាន​កិច្ច​គាំទ្រ ពី​សំណាក់​អតិថិជន​អស់​រយៈពេល៦ខែ​កន្លងទៅនេះ គណៈ​គ្រប់គ្រង រួមជាមួយ​ក្រុមហ៊ុន និង​ហាង​ជា​ដៃគូ ដែល​កំពុងដំណើរការ​នៅក្នុង​ផ្សារ បានរៀបចំ​កម្មវិធី​ពិសេស ដោយ​ការលក់ទំនិញ​បញ្ចុះតម្លៃ​រហូតដល់៨០ភាគរយ។

កញ្ញា​បាន​បន្តថា “ជាមួយនឹង​កម្មវិធី​ពិសេស ដែល​បង្កើតឡើង​ដោយ​គណៈ​គ្រប់គ្រង​ផ្សារ FURI Times Square ដែលមាន​ឈ្មោះថា Mid-Year Sale Promotion (ព្រឹត្តិការណ៍​លក់​ពាក់កណ្តាល​ឆ្នាំ) គ្រប់​ស្តង់​លក់ទំនិញ និង​ហាង​អាហា​រដ្ឋា​ន​ទាំងអស់​ដែល​កំពុងដំណើរការ​លក់ នៅក្នុង​ផ្សារ​សុទ្ធតែ​មានការ​បញ្ចុះតម្លៃ​ចាប់ពី១០ ដល់៨០ភាគរយភ្លាម” ។

កញ្ញា​បន្តថា “គ្រប់​អតិថិជន​ទាំងអស់ ក៏ដូចជា​អ្នក​មក​កម្សាន្ត​នៅ​ផ្សារ​ទំនើប FURI Times Square ចាប់ពី​ថ្ងៃទី៣០ ខែមិថុនា រហូតដល់​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នឹង​ទទួលបាន​ឆ្នោត​ផ្សងសំណាង សម្រាប់​ចាប់យក​រង្វាន់​ជា Voucher សម្រាប់​ទិញ​ទំនិញ​ក្នុង​ផ្សារ និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ទៀត។ ការបញ្ចុះ​តម្លៃ​ពិសេស​នឹង​ត្រូវបាន​អនុវត្ត​ចាប់ពី​ថ្ងៃទី៣០ ខែមិថុនា រហូតដល់​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ។

ដោយឡែក​សម្រាប់​ការ​កម្មវិធី​ចាប់ឆ្នោត យក​រង្វាន់​នឹងត្រូវ​ធ្វើឡើង​ចំនួន២លើក។ ការចាប់​ឆ្នោត​លើក​ទី១ នឹងត្រូវ​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី១១ ហើយ​លើក​ទី២ ធ្វើ​នៅ​ល្ងាច​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ។

ជា​រៀងរាល់ថ្ងៃ​មាន​អតិថិជន​ជាច្រើន​បានបង្ហាញ​ពី​ការគាំទ្រ និង​ចេញចូល​ក្នុង​ផ្សារ​ទំនើប  FURI Times Square ជាប់​ឥត​ដាច់ ជាពិសេស​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដែលមាន​ទាំង​អតិថិជន​ជា​លក្ខណៈ​គ្រួសារ​ដែល​ក្រៅពី​ទិញ​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ រួម​នឹង​ផលិតផលផ្សេងៗ ហើយ​ក្រៅពីនេះ ក៏​មានការ​ទទួលទាន​អាហារ​រួមគ្នា​ជា​លក្ខណៈ​គ្រួសារ និង​មិត្ត​ភ័ក្ដិ​ប្រកបទៅដោយ​ភាពសប្បាយ​រីករាយ​ផងដែរ។

ផ្សារ​ទំនើប FURI Times Square មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​លេខ៤ ក្រុងព្រះសីហនុ បាន​នាំមក​ជូន​នូវ​បទពិសោធន៍​ថ្មី​នៅក្នុង​តំបន់ ដោយ​ការនាំ​យកមក​នូវ​បណ្តា​ផលិតផល មុខទំនិញ​ចំរុះ​គ្រប់​ប្រភេទ​យ៉ាង​សម្បូរបែប ដែល​សុទ្ធតែជា​ម៉ាក​យីហោល្បីៗលំដាប់​សាកលលោក ដូចជា ក្រុមហ៊ុន KFC ក្រុមហ៊ុន Starbucks  ក្រុមហ៊ុន Amazon Café ,ក្រុមហ៊ុន KOI ក្រុមហ៊ុន Dakasi Tea ហាង​អាហារ​មកពី​ប្រទេស​សាំង​ហ្គា​ពួរ ក្រុមហ៊ុន​លក់​សម្លៀកបំពាក់ LEVI’s  ក្រុមហ៊ុន NIKE ក្រុមហ៊ុន Samsonite ក្រុមហ៊ុន​នាឡិកា​ដ៏​ល្បីឈ្មោះ G-Shock ក្រុមហ៊ុន​លក់​រថយន្ត HGB Group រួមជាមួយ​ក្រុមហ៊ុនល្បីៗជាច្រើន​ទៀត ដោយ​រាប់បញ្ចូល​ទាំង​គ្រឿងសំអាង​ផងដែរ៕

ម្ចាស់​អគារ​ជួល​អាជីវកម្ម​មួយចំនួន​ចាប់ផ្តើម​បញ្ចុះតម្លៃ​ពី៣០ទៅ៥០ភាគរយក្នុង​កំឡុង​វិបត្តិ​ជំងឺ Covid-19

ដោយ ​វុត្ថា

ភ្នំពេញៈ ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យមាន​ការបញ្ចុះ​តម្លៃ​នៃ​អាគារ​ជួល​អាជីវកម្ម នាពេល​កន្លងមកនេះ ម្ចាស់​អគារ​ជួល​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា បានចាប់ផ្តើម​បញ្ចុះតម្លៃ​ជួល​របស់ខ្លួន​ប្រមាណ ៣០ ទៅ ៥០ ភាគរយ ដើម្បី​រក្សា​អតិថិជន។

លោក ឡុង គឹមសួគ៌  អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Century21 Advance  បាន​ប្រាប់​គេហទំព័រ Propertyarea.asia  នៅ​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា  ចាប់តាំងពី​មាន​ជំងឺ Covid-19 កើតឡើង​បានធ្វើឱ្យ​ទីផ្សារ​ជួល​អាគារ​អាជីវកម្ម​មានកា​រ​ថមថយ ខណៈ​គម្រោង​អាគារថ្មីៗ មិនមាន​ការបើក ហើយ​អ្នក​ដែល​ជួល​រួចហើយ ក៏មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ចំណូល​ផងដែរ។

លោក​បន្តថា “អ្នក​ជួល​ទាំងអស់​បានស្នើ​សុំ​ម្ចាស់​អគារ​ឱ្យមាន​ការបញ្ចុះ​តម្លៃ  តែ​យ៉ាងណា​ការបញ្ចុះ​តម្លៃ​នេះ វា​អាស្រ័យទៅលើ​ម្ចាស់​អគារ​យល់ឃើញ​តែប៉ុណ្ណោះ ហើយ​អ្នកខ្លះ​បាន​បញ្ចុះ​រហូតដល់៥០ភាគរយ និង​អ្នកខ្លះ​ទៀ​បញ្ចុះ​បាន​ត្រឹម៣០ភាគរយ តាម     រយៈ​ការយោគយល់ និង​មើលឃើញ​ក្នុងស្ថានភាព​ជាក់ស្តែង  និង​អ្នក​ខ្លះទៀត​បញ្ចុះ ២៥ ភាគយ” ។

លោក​បន្ថែមថា “នៅក្នុង​ខែ មិនា មេសា និង​ឧសភា មានការ​ធ្លាក់ចុះ​យ៉ាងគំហុក​នូវ​តម្រូវការ​ជួល ទាំង​អាជីវកម្ម​ក៏មាន​ការធ្លាក់ចុះ​ផងដែរ ទើបតែ​ដើមខែ​មិថុនា ស្ថាន​ការ​មាន​ភាពល្អ​ប្រសើរឡើង​បន្តិច ។ ហើយ​អ្វីដែល​គូរ​ឱ្យ​កត់សម្គាល់ នៅក្នុង​រយៈពេល​មួយ​សប្តាហ៍​មុននេះ តម្រូវការ​មានការ​ធ្លាក់ចុះ​សារជាថ្មី ដែល​បណ្តាលមកពី​មានការ​ផ្ទុះ​ឡើងវិញ​ខ្លះ​នូវ​ជំងឺ Covid-19 ។

លោក​បញ្ជាក់ថា “អគារ​ប៉ះពាល់​ខ្លាំងជាងគេ គឺ​អគារ​បំរើ​អាជីវកម្ម ភោជនីយដ្ឋាន  ហាង​លក់ដូរ​ទំនិញផ្សេងៗ សេវា​ទេសចរណ៍ និង​អគារ​ដែល​វិនិយោគធំៗពី​បរទេស។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Basac Realty បានឱ្យដឹង​ដែរ​ថា មិនថាតែ​ចំពោះ​អាគារ​សម្រាប់​បម្រើឱ្យ​វិស័យ ការិយាល័យ​កម្រិត​ខ្ពស់ អគារ​ជាន់​ផ្ទាល់​ដី ឬ​អាគារ​ដទៃទៀត​សម្រាប់​ជួល​នោះទេ ភាគច្រើន​កំពុង​ជួប​ភាព​ប្រឈម ដោយសារតែ​អតិថិជន​បញ្ឈប់​កុងត្រា​ជួល។

លោក​ថ្លែងថា “ហេតុផល​ដែល​បញ្ឈប់​កុងត្រា ក៏​ព្រោះ​ដំណើរការ​អាជីវ​កម្មជួ​ប​ភាព​រាំងស្ទះ ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​ផ្នែក បដិសណ្ឋារកិច្ច និង​ទេសចរណ៍​មណ្ឌល​កម្សាន្ត និង​មណ្ឌល​ស្ទី​ម សូ​ណា ជាដើម​ដែល​ត្រូវ​ផ្អាក​សកម្មភាព ហើយ​ក្រុមហ៊ុន បម្រើសេវា​ខ្លះ ក៏​ជួប​បញ្ហា​ដូចគ្នា​ដោយសារតែ​បាត់​ចំណូល​ពី​ប្រតិបត្តិការ​របស់ខ្លួន” ។

ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យនេះ ឱ្យមាន​ភាពរឹងមាំ និង​យូរអង្វែង ហើយ​អាច​រក្សាបាន​នូវ​ចំណែក​ទីផ្សារ​ស្ថិតស្ថេរ លោក នី ទី​ណាត បានផ្តល់​ជា​យោបល់​ថា ម្ចាស់​អាគារ ក៏ដូចជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ អាគារ​សម្រាប់​ជួល គួរតែមាន​ការបន្ធូរបន្ថយ ឬ​បញ្ចុះតម្លៃ​សម្រាប់​អតិថិជន​របស់ខ្លួន ដែល​យ៉ាងហោចណាស់​ក្នុង​រង្វង់​ចាប់ពី៣០ ទៅ៥០ភាគរយ​នៃ​តម្លៃ​ចាស់​ទម្រាំ វិបត្តិ​មួយ​នេះ​មាន​ភាពស្ងប់ស្ងាត់ ហើយ​ចរន្ត​សេដ្ឋកិច្ច​ចាប់ផ្តើម​ល្អប្រសើរ​ឡើងវិញ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​កន្លងមក​នេះ  អំពាវនាវ​ដល់​ម្ចាស់​ទីតាំង​នានា ដែល​បាន​ជួល​ទីកន្លែង​របស់ខ្លួន ឱ្យដល់​អ្នកដទៃ​រកស៊ី ត្រូវមាន​ការយោគយល់ ចំពោះ​ការបង់ថ្លៃ​សេវា​ជួល​ទីតាំង ឬ​អាច​ទម្លាក់​ពេល​បង់លុយ ឬ​ទម្លាក់​តម្លៃ ប្រមាណ ៥០ ទៅ ៧០ ភាគរយ​ក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា កំពុងតែ​ជួប​វិបត្តិ​នៃ​ការ​រាតត្បាត​វីរុស COVID-19 ៕