ក្រុមហ៊ុន Macau Legend៖ ការទិញ​ដី​តម្លៃ៩០លាន​ដុល្លារ​នៅ​សៀមរាប សម្រាប់​ការអភិវឌ្ឍ​រមណីយដ្ឋាន​ចម្រុះ​ត្រូវ​ពន្យា​ពេល

ដោយ ប៊ី

ភ្នំពេញៈ ការទិញ​ដី​ទំហំ១២០០ហិកតា​នៅ​ខេត្ដ​សៀមរាប ដោយ​ក្រុមហ៊ុន Macau Legend Development ដែល​គ្រោងទុក​សម្រាប់​ការអភិវឌ្ឍ​រមណីយដ្ឋាន​ចម្រុះ ត្រូវបាន​ពន្យា​ពេល ដោយសារ​ជំងឺ COVID-19 ។

ក្រុមហ៊ុន Macau Legend បានឱ្យដឹង​នៅក្នុង​ឯកសារ​របស់ខ្លួន​ថា ខ្លួន​បាន​ពន្យា​កាលបរិច្ឆេទ​ក្នុង​ល័ក្ខខ័ណ្ឌ​ទាំងអស់ និង​ការបញ្ចប់​កិច្ចព្រមព្រៀង​ទិញ​រយៈពេល១២ខែ​រហូតដល់​ថ្ងៃទី២៦ ខែមិថុនា​ឆ្នាំ ២០២១ ដោយសារតែ​ការពន្យា​ពេល​និង ការលំបាក​ចំពោះ​ដំណើរការ ដែល​បណ្តាលមកពី​ជំងឺ COVID-19 ។

ល័ក្ខខ័ណ្ឌ​ទាំងនោះ រួមមាន​ល័ក្ខខ័ណ្ឌ​ដែល​កំណត់ដោយ​ក្រុមហ៊ុន Macau Legend លើ​អ្នកលក់​ថា ដី​នោះ​ជា​ដី​មាន​សិទ្ធិ​កាន់កាប់ និង​មាន​សិទ្ធិ​កាន់កាប់ និង​ជា​ដី​ទំនេរ ហើយ​ដី​នោះ​មិនចាំបាច់​មាន​ជនអន្តោប្រវេសន៍ និង​អ្នកភូមិ រឺ​លេង​សាលារៀន គ្មាន​ជម្លោះ គ្មាន​ការដាក់​បញ្ចាំ ដី​ខាងក្រៅ ការសន្យា និង​ការធានា។ វា​ក៏​តម្រូវឱ្យមាន​ដី​ជាប់​គ្នា​ពេញលេញ​មួយ ដោយមាន​ឯកសារ​ពាក់ព័ន្ធ​ផ្តល់ជូន។

ក្រុមហ៊ុន​បានប្រកាស​កាលពី​ខែធ្នូ ឆ្នាំ២០១៨ កន្លងមក​ថា ខ្លួន​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យាលក់​និង​ទិញ ដើម្បី​ទទួលបាន​សិទ្ធិ ១០០% ពី​ក្រុមហ៊ុន​មួយ​ដែលមាន​ឈ្មោះថា Howing Enterprises Co Ltd ក៏ដូចជា​ដីឡូត៍​មួយចំនួន​ដែលមាន​ទំហំ​សរុប១២០០ ហិកតា ដោយ​គិត​ជា​ទឹកប្រាក់៩០លាន​ដុល្លារ​អាមេរិក។

ក្រុមហ៊ុន Howing នឹង​កាន់កាប់​ដី​ជាមួយនឹង​ក្រុមហ៊ុន Macau Legend នៅ​លើកឡើងថា “ការទិញ​ដី ដោយ​ក្រុមហ៊ុន​ត្រូវបាន​បម្រុង​ទុក សម្រាប់​សាងសង់ និង​អភិវឌ្ឍ​រមណីយដ្ឋាន​ចម្រុះ​ក្នុង​ខេត្តសៀមរាប ប្រទេស​កម្ពុជា ដែល​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​នេះ​ចូលរួម និង​ទទួលបាន​អត្ថប្រយោជន៍​ពី ឧស្សាហកម្ម​ទេសចរណ៍​នៅ​កម្ពុជា ដែលមាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍ រយៈពេល​វែង​របស់​ក្រុមហ៊ុន ក៏ដូចជា​ការពង្រីក​មូ​ល​ដ្ឋា​ន​ប្រាក់ចំណូល​របស់ខ្លួន​ផងដែរ” ។

ទោះយ៉ាងណា សំណួរ​នៅតែមាន​អំពី​លទ្ធភាព នៃ​ការអភិវឌ្ឍ​រមណីយដ្ឋាន រួមជាមួយ​កន្លែង​លេងល្បែង​នៅក្នុង​ខេត្តសៀមរាប។

នាយក​ប្រតិបត្តិ​លោក Sheldon Trainer លើកឡើងថា “នៅពេល​យើង​ប្រកាស​ចំណាប់អារម្មណ៍​របស់​យើង​ដំបូង មាន​អ្នកណាម្នាក់​ចេញមក​ហើយ និយាយថា​មិនមាន​កន្លែង​ល្បែង​នៅ​សៀមរាប​ទេ ប៉ុន្តែ​យើង​ស្ថិតនៅ​ចម្ងាយ៥០គីឡូម៉ែត្រ​ពី​ប្រាសាទអង្គរវត្ត” ។

លោក​បាន​បន្តថា “ខ្ញុំ​គិតថា ទេសចរណ៍​ខេត្តសៀមរាប​ជាទូទៅ​ល្អ ប៉ុន្តែ​យើង​អាចធ្វើ​គម្រោង​នោះ​ដោយ​គ្មាន​កាស៊ីណូ​បាន។ ប្រសិនបើ​យើង​ធ្វើ​កាស៊ីណូ​មិន​អី​ទេ ប៉ុន្តែ​យើង​ក៏​អាចធ្វើ​វា​បាន​នៅ​កន្លែង​ផ្សេង​បានដែរ” ។

ក្រុមហ៊ុន Macau Legend បាន​បើក​ដំណើរការ​សណ្ឋាគារ និង​កន្លែង​កំសាន្ត​ជាច្រើន​កន្លែង ដូច​នៅ​ប្រទេស​ឡាវ ដែល​រួមមាន​កាស៊ីណូ​ផងដែរ៕

ចំណេះដឹង! តើ​មូល​ប្ប​ទា​នប​ត្រ​ត្រូវបាន​ប្រើប្រាស់​យ៉ាងដូចម្តេច?

ដោយ​ វុត្ថា

ភ្នំពេញៈ មូល​ប្ប​ទា​នប​ត្រ​គឺជា​បញ្ជា​ជា​លាយលក្ខណ៍អក្សរ និង​ដោយ​ឥត​លក្ខខណ្ឌ​ទៅ​ធនាគារ និង​ចុះហត្ថលេខា​ដោយ​បុគ្គល​ជា​អ្នកចេញ​បញ្ជា តម្រូវ​ឲ្យ​ធនាគារ​ទូទាត់​សង ប្រាក់​ក្នុង​ចំនួន​កំណត់​ណាមួយ​ឲ្យ​ទៅ ឬ​តាម​បញ្ជា​បុគ្គល​ម្នាក់ទៀត ឬ​អ្នក​កាន់។

មូល​ប្ប​ទា​នប​ត្រ ត្រូវតែ​ទទួលបាន​ការទូទាត់​សង​នៅពេល​បង្ហាញ ដល់​ធនាគារ​ហើយ​ស្របតាម ការតម្រូវ​ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិ​ការទូទាត់​សង​ប្រាក់។ មូល​ប្ប​ទា​នប​ត្រ​ត្រូវបាន​ប្រើប្រាស់​ជា​ចម្បង ដោយ​ក្រុមហ៊ុន​អាជីវកម្ម។

មូល​ប្ប​ទា​នប​ត្រ​ដែល​ចរាចរ​ក្នុង​ប្រព័ន្ធ រួមមាន មូល​ប្ប​ទា​នប​ត្រ​ជា​ដុល្លារ​អាមេរិក និង​រៀល ប៉ុន្តែ​មូល​ប្ប​ទា​នប​ត្រ​ជា​ដុល្លារ​អាមេរិក ត្រូវបាន​ប្រើប្រាស់​ទូលំទូលាយ​ជាង ដែលមាន​រហូតដល់​ជាង៩០% នៃ​ការ​ផាត់ទាត់​ដោយ​សភា​ផាត់ទាត់​ជាតិ ។ បន្ថែម​លើ​នេះ មូល​ប្ប​ទា​នប​ត្រ ត្រូវបាន​ប្រើប្រាស់​ជា​មធ្យោបាយ​ផ្ទេរ​តម្លៃ​រូបិយវត្ថុ​រវាង​ធនាគារ ដោយសារ តែ​មិនមាន​ប្រព័ន្ធ​ផ្ទេរប្រាក់​អន្តរ​ធនាគារ។

នៅក្នុង​ខែកញ្ញា ឆ្នាំ២០០៨ ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​ប្រកាស​ស្តីពី មូល​ប្ប​ទា​នប​ត្រ​ស្តង់ដារ ដើម្បី​ឲ្យ​មូល​ប្ប​ទា​នប​ត្រ​ដែល​ប្រើប្រាស់ ក្នុង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ទាំងអស់​មាន​ទម្រង់ ឯក​ភាពជា​លក្ខណៈ​ស្តង់ដារ ក្នុង​គោលបំណង​ធានា​ការ​ផាត់ទាត់ និង​ទូទាត់​សង​ប្រាក់​អន្តរ​ធនាគារ​មាន​ប្រសិទ្ធភាព និង​ដោយ​រលូន ៕

ថៃគ្រោងស្ថាបនាផ្លូវល្បឿនលឿនមកកាន់ព្រំប្រទល់កម្ពុជានិងប្រទេសចំនួន៣ផ្សេងទៀតប្រវែង៥០០០គីឡូម៉ែត្រ

ដោយ ហ្សូលី

ភ្នំពេញៈ ក្រសួងសាធារណការប្រចាំប្រទេសថៃ បានប្រកាសអំពីគម្រោងស្ថាបនាផ្លូវល្បឿនលឿនចំនួន៨ខ្សែ សរុបប្រវែង៥០០០គីឡូម៉ែត្រ ទៅកាន់ព្រំប្រទល់ប្រទេសកម្ពុជារួមជាមួយប្រទេស២ផ្សេងទៀត។ ការស្ថាបនានេះនឹងដំណើរការរួមជាមួយនឹងផ្លូវដែក ក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងបណ្តាញដឹកជញ្ជូនអន្តរជាតិនៅក្នុងប្រទេស។

គម្រោងស្ថាបនានេះ ត្រូវបានក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន រវាងនាយកដ្ឋានផ្លូវល្បឿនលឿន និងនាយកដ្ឋានផ្លូវដែករដ្ឋនៃប្រទេសថៃ ព្រមជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ ទៅលើគម្រោងផ្លូវល្បឿនលឿនដ៏វែងនេះ។

ផ្លូវល្បឿនលឿនទាំងនេះ បែងចែកចេញទៅតាមចង្កោមទិសនិមួយៗ ដូចជា ជើង-ត្បូង និងកើត-លិច។ ដំណាក់កាលទី១រួមមាន ផ្លូវវែងជាងគេប្រវែងចំនួន១៦៦០ គីឡូ​ម៉ែត្រស្ថិតនៅចន្លោះខេត្តឈាងរ៉ៃ ក្បែរព្រំប្រទល់មីយ៉ាន់ម៉ា និងស៊ុងខ្លាក្បែរម៉ាឡេស៊ី។ ដំណាក់កាលទី២និងទី៣ តភ្ជាប់ពីឡាវទៅកាន់ច្រករបៀងខាងកើត ជាមួយប្រវែង៤៩០គីឡូម៉ែត្រពីណងខៃទៅកំពង់ផែ ឡាំឆាប៉ាង និង៤៧០គីឡូម៉ែត្រតភ្ជាប់ពីប៉ុងខានទៅកាន់ខេត្តសុរិន្ទ។

ចង្កោមផ្លូវល្បឿនលឿននៅខាងកើត-លិច រួមមានចំនួន៥ដូចជា៖

-ផ្លូវមួយខ្សែចំនួន៣១០គីឡូម៉ែត្រ ចន្លោះខេត្តសាកែវព្រំប្រទល់ប្រទេសកម្ពុជា និងកាចាណាប៊ូរី ក្បែរព្រំប្រទល់មីយ៉ានម៉ា។

-ផ្លូវប្រវែង ២២០គីឡូម៉ែត្រ ដែលជាផ្លូវល្បឿនលឿន តំបន់សមុទ្រចន្លោះ កាឆាណាប៊ូរី ក្បែរមីយ៉ាន់ម៉ា និងត្រាត ព្រំប្រទល់កម្ពុជា។

-ផ្លូវ១៩០ គីឡូម៉ែត្រ ចន្លោះកោះកម្សាន្តរីសត ភូកេត និងស៊ូរ៉ាត់ថានី ក្បែរកោះកម្សាន្តរីសត សាម៉ុយ។

-ផ្លូវប្រវែង ៧១០គីឡូម៉ែត្រពី តាកក្បែរភាគខាងលិចមីយ៉ាន់ម៉ា និងណាខន ផានុម ក្បែរព្រំប្រទល់ឡាវ។

-ផ្លូវប្រវែង ៨៨០គីឡូម៉ែត្រ តភ្ជាប់ពីភាគខាងត្បូងតាកមកកាន់ អ៊ូបន រ៉ាត់ឆាថានី។

ផែនការអនុវត្តលម្អិតសម្រាប់បណ្តាញគម្រោងនេះ នឹងត្រូវបានរៀបចំឡើងនៅឆ្នាំក្រោយ រីឯការសាងសង់សម្រាប់ដំណាក់កាលដំបូង និងចាប់ផ្តើមនៅក្នុងឆ្នាំ២០២២និងឆ្នាំ ២០២៣។

លោក Saksayam ChidChob រដ្ឋមន្ត្រីក្រសួងសាធារណការថៃបានឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំ និងពិភាក្សានេះបានបញ្ចប់ រដ្ឋាភិបាលនឹងដាក់គម្រោងផ្លូវនេះ ទៅជាគម្រោងភាពជាដៃគូសាធារណៈនិងឯកជន (PPPs) ឬផ្តល់ថវិកាទៅលើគម្រោងនេះតាមរយៈមូលនិធិហេដ្ឋារចនាសម្ព័ន្ធដែលមានឈ្មោះថា មូលនិធិអនាគតរបស់ថៃ (Thailand Future Fund)។ លោកបន្តថា ដីដែលស្ថិតនៅតាមបណ្តោយផ្លូវទាំងនេះ ត្រូវបានទិញយក ដើម្បីជៀសវាងការមានបញ្ហាកើតឡើង នៅពេលដែលគម្រោងនេះត្រូវចាប់ផ្តើមស្ថាបនា៕

 

Global Construction

គម្រោងដីឡូតិ៍នៅផ្សារអង្គស្នួលថែមជូនម៉ូតូស៊េរីទំនើប១គ្រឿងភ្លាមៗដល់អតិថិជន

ដោយៈ រ៉ាណេត

កណ្តាលៈ បន្ថែមពីលើការផ្ដល់ឱកាសចំណេញ ដល់អតិថិជនរបស់ខ្លួន គម្រោងដីឡូតិ៍ ស្យូអាប់ រៀល អ៊ីស្ទេតផ្សារអង្គស្នួល បានបង្កើតកម្មវិធីដ៏អស្ចារ្យ ដោយរាល់ការទិញចំនួន៣ឡូតិ៍ នឹងទទួលបានការផ្តល់ជូនយ៉ាងពិសេសនូវម៉ូតូស៊េរីថ្មី ម៉ាក HONDA Dream ឆ្នាំ២០២០ ចំនួន១គ្រឿងភ្លាមៗ រួមជាមួយនឹងការបញ្ចុះតម្លៃជាច្រើនទៀត។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Show Up Real Estate លោកអ៊ិន ណាង បានមានប្រសាសន៍នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ថា បច្ចុប្បន្ននេះ គម្រោងរបស់ក្រុមហ៊ុន ស្យូអាប់ រៀល អ៊ីស្ទេត ដែលមានចម្ងាយប្រមាណ៤០០ម៉ែត្រ ចុះពីផ្លូវជាតិ៤ កំពុងបើកលក់នៅពេលនេះ មានតម្លៃចាប់ពី១២,៥០០ដុល្លារឡើងទៅក្នុងមួយឡូតិ៍ ដែលក្រៅពីស្ថិតតំបន់ទីប្រជុំជនជិតផ្សារអង្គស្នួល ជាភូមិចាស់មានប្រជាជនរស់នៅស្រាប់ និងមានរោងចក្រ សហគ្រាស ឃ្លាំង រួមនឹងការអភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច។

ទីតាំងដីនេះស្ថិតនៅជាប់ផ្លូវធំ៣០ម៉ែត្ររបស់រដ្ឋ ហើយនៅក្នុងគម្រោងជាប្រភេទផ្លូវបេតុងទំហំ៨ម៉ែត្រ មានភ្ជាប់បណ្តាញអគ្គិសនី បំពាក់អំពូលសូឡា មានបណ្តាញទឹកស្អាត និងប្រព័ន្ធបង្ហូរទឹកយ៉ាងត្រឹមត្រូវ ហើយក៏មានដាំដើមឈើនៅតាមដងផ្លូវ បង្កើនសោភ័ណភាព ជាពិសេសមានសេវាសន្តិសុខ២៤ម៉ោងក្នុងគម្រោងផងដែរ។

ជាការលើកទឹកចិត្តដល់អតិថិជន ក្រុមហ៊ុនបានបង្កើតកម្មវិធីពិសេស ដោយរាល់ការទិញដីឡូតិ៍ចំនួន៣ឡូតិ៍ ដោយការបង់ផ្ដាច់នឹងទទួលបានម៉ូតូម៉ាក HONDA Dream ស៊េរីឆ្នាំ២០២០ចំនួន១គ្រឿងភ្លាមៗ ហើយសម្រាប់អ្នកទិញចំនួន២ឡូតិ៍ ដោយការបង់ផ្ដាច់ នឹងទទួលបានទូរស័ព្ទស្មាតហ្វូន OPPO ស៊េរីទំនើបមួយគ្រឿង ហើយក៏មានការផ្តល់ជូននួវទូរទឹកកកមួយគ្រឿងផងដែរ (សម្រាប់ផ្ទះល្វែង) ដែលកម្មវិធីពិសេសមានរយៈពេលត្រឹមមួយខែប៉ុណ្ណោះ។ ដោយឡែកសម្រាប់លក្ខខណ្ឌ នៃការទិញដោយបង់រំលោះ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីពិសេសផងដែរ ដូចជា ៖

– បង់មុន ៣០% សល់៧០% រំលស់ ៦ឆ្នាំ ដោយអត្រាការប្រាក់ ១%/ខែ

– បង់មុន ៣០% សល់៧០% រំលស់ ១២ខែ ដោយគ្មានការប្រាក់

– បង់មុន ៤០% សល់៦០%  រំលស់ ១២ខែ ដោយគ្មានការប្រាក់ ចុះជូន ២%

– បង់មុន ៥០% សល់៥០%  រំលស់ ១២ខែ ដោយគ្មានការប្រាក់ ចុះជូន ៣%

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ៖ ០១០ ៧៨៤ ១៧៧/ ០១២ ៥៥៥ ២៦៥ / ០៩៦ ៨៦៤ ៩៩៩៦ / ០៧៧ ៩៧៧ ៧២៦ ៕

ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនិយាយពីស្ថានភាពដីធ្លីនៅភាគខាងត្បូងក្រុងខណៈ គម្រោងអភិវឌ្ឍន៍ធំៗចំនួន៣បានបង្ហាញវត្តមាន

ដោយៈ រ៉ាណេត

ភ្នំពេញៈ បន្ទាប់ពីគម្រោងអភិវឌ្ឍន៍ធំៗ ដែលវិនិយោគដោយរាជរដ្ឋាភិបាលកម្ពុជាចំនួន៣ នៅភាគខាងត្បូងរាជធានីភ្នំពេញត្រូវបានបង្ហាញ បានជំរុញឱ្យវិស័យដីធ្លីនៅតំប​ន់នេះកាន់តែមានសក្ដានុពលខ្ពស់ ប៉ុន្តែសម្រាប់តម្រូវការទីផ្សារ ហាក់មិនទាន់មានសកម្ម​ភាពទិញ-លក់ខ្លាំងក្លានោះទេនៅក្នុងដំនាក់កាលនេះ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះថា វត្តមាននៃគម្រោងអភិវឌ្ឍន៍ ដែលវិនិយោគដោយរាជរដ្ឋាភិបាលកម្ពុជាទាំង៣ រួមមានគម្រោងសាងសង់ផ្លូវក្រវ៉ាត់ទីក្រុងទី៣ គម្រោងស្ថាបនាផ្លូវជាតិលេខ២ ជាពិសេសគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញថ្មី បានបង្កើនប្រជាប្រិយភាពវិស័យដីធ្លីនៅភាគខាងត្បូងក្រុងយ៉ាងខ្លាំង។

លោកបន្តទៀតថា “ភាពរីកចម្រើន និងតម្រូវការទីផ្សារដីធ្លីនៅភាគខាងត្បូងរាជធានីភ្នំពេញខាងលើនេះ គឺមានភាពខុសគ្នា ហើយកម្រិតនៃការឡើងថ្លៃក៏ខុសគ្នាដែរ ដែលវាអាស្រ័យទៅតាមគម្រោងអភិវឌ្ឍន៍នីមួយៗ”។លោកបន្តថា “នៅក្នុងអំឡុងពេលនេះ បើទោះស្ថានភាពនៃវិស័យដីធ្លី នៅតំបន់ខាងលើមានភាពល្អប្រសើរក្ដី សម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍របស់វិស័យឯកជននៅមានកម្រិតនោះឡើយ ដោយហេតុថាជាប់ពាក់ព័ន្ធទៅនឹងវិបត្តិសេដ្ឋកិច្ចដែលកំពុងកើតមាន”។

ស្ថាបនិកក្រុមហ៊ុន King Residence លោក ខុម មុនីរតន៍ បានមានប្រសាសន៍ថា “តម្លៃដីនៅតំបន់អភិវឌ្ឍន៍លើនេះ បានឡើងថ្លៃតាំងពីពាក់កណ្តាលឆ្នាំ២០១៩ គ្រាដែលគម្រោងសាងសង់ព្រលានយន្តហោះទើបតែប្រកាស ហើយលទ្ធផលនៃការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ក៏នៅមិនទាន់សម្រេចបានច្រើនឡើយ”។ លោកបញ្ជាក់ទៀតថា “យើងទទួលស្គាល់ថាបច្ចុប្បន្ននេះ វិស័យដីធ្លីនៅភាគខាងត្បូងរាជធានីភ្នំពេញ នៅតែបន្តរក្សាបានស្ថានភាពល្អ បន្តែសម្រាប់តម្លៃគឺនៅមិនទាន់មានការកើនឡើងខ្ពស់ ជាងតម្លៃចាស់នោះទេ ហើយបើឡើង គឺឡើងតិចតួចប៉ុណ្ណោះ”។

លោកខុម មុនីរតន៍ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលនេះ មិនថាចំពោះតែអ្នកវិនិយោគក្នុងវិស័យដីធ្លី ក៏ដូចជាអ្នកអភិវឌ្ឍន៍នោះទេ ភាគច្រើនពួកគេមិនសូវបញ្ចេញកញ្ចប់សាច់ប្រាក់ច្រើននោះទេ លើកលែងតែពួកគេសំឡឹងឃើញច្បាស់ថា មានឱកាសចំណេញខ្ពស់ ឬតម្លៃដីធ្លីទាបជាងទីផ្សារខ្លាំង ទើបពួកគេសម្រេចចិត្ត ប៉ុន្តែទោះជាយ៉ាងណា ការបញ្ចេញកញ្ចប់ថវិកា សម្រាប់វិនិយោគទាំងនេះក៏នៅតែមានកម្រិតដដែល។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Coldwell Banker លោក Ken Lo បានមានប្រសាសន៍ថា “គម្រោងអភិវឌ្ឍន៍ធំៗ ដែលវិនិយោគដោយរាជរដ្ឋាភិបាលខាងលើនេះ បានជំរុញនិងទាក់ទាញឱ្យមានការវិនិយោគបន្ថែម ពីវិស័យឯកជនជាច្រើន ជាពិសេសទៅលើវិស័យអចលនទ្រព្យ ដែលជាការចូលរួមអភិវឌ្ឍន៍នៅភាគខាងត្បូងក្រុងមួយនេះកាន់តែខ្លាំង។

លោកបានបន្តថា “បច្ចុប្បន្ននេះ មានអ្នកវិនិយោគនៅក្នុងវិស័យដីធ្លីជាច្រើន បាន និងកំពុងផ្តោតគោលដៅទៅតំបន់ខាងលើនេះ ដែលបានជំរុញឱ្យសកម្មភាពនៃទិញ លក់ មានចលនា ហើយតម្លៃក៏មានការកើនឡើងផងដែរ”។ លោកបន្តថា “ជាក់ស្ដែងតម្លៃដីដែលស្ថិតនៅស្របផ្លូវជាតិលេខ២ មានការកើនឡើងខ្លាំងរហូតដល់តំបន់ខ្លះ មានតម្លៃចាប់ពី៣០០-៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដែលកាលពី២ឆ្នាំំមុន ទីតាំងដដែលនេះមានតម្លៃត្រឹមជាង១០០-២០០ដុល្លារក្នុងមួយម៉ែត្រតែប៉ុណ្ណោះ”។

លោកបន្តទៀតថា សម្រាប់តម្លៃដីនៅជាប់តំបន់ផ្លូវក្រវ៉ាត់ទីក្រុង ដែលស្ថិតនៅប៉ែកខាងត្បូងក្រុងក៏មានការកើនឡើងផងដែរ ដែលកាលពីឆ្នាំកន្លងទៅមានតម្លៃក្រោម១០០ដុល្លារ ឬ ត្រឹម១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែក្រោយពេលគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣លេចចេញជារូបរាង តម្លៃបានកើនឡើងរហូតដល់ជិត២០០ដុល្លារ ហើយវានឹងបន្តឡើងទៀត នៅឆ្នាំបន្ទាប់ក្រោយគម្រោងត្រូវបានបញ្ចប់។ ដោយឡែកសម្រាប់តំបន់ដែលស្ថិតក្បែរព្រលានយន្ដហោះអន្តរជាតិ-ភ្នំពេញថ្មី ក៏កំពុងបន្តការកើនឡើងនូវតម្លៃផងដែរ ខណៈដែលមានវិស័យឯកជនក្នុងស្រុក និងក្រៅស្រុកកំពុងតែសម្លឹងកមណត់គោលដៅក្នុងការវិនិយោគ និងអភិវឌ្ឍន៍៕

អ្នកអភិវឌ្ឍន៍ៈការទិញលំនៅឋាននាពេលបច្ចុប្បន្នស្ថិតនៅក្នុងលក្ខខណ្ឌពិសេស

ដោយវុត្ថា

ភ្នំពេញៈ ស្របពេលដែលកម្ពុជាកំពុងតែជួបវិបត្តិ នៃការរីករាលដាលជាសកល នៃជំងឺCovid-19 នាពេលបច្ចុប្បន្ននេះ ក្រុមអ្នកអភិវឌ្ឍន៍លើវិស័យលំនៅឋាន បានឱ្យអះអាងថា ការទិញលក់លំនៅឋាននៅតែមានតម្រូវការ ខណៈដែលម្ចាស់គម្រោងបានផ្តល់លក្ខ​ខណ្ឌពិសេសជូនដល់អតិថិជន។

លោកម៉ាន់ ចាន់ឌី  អគ្គនាយកក្រុមហ៊ុន Premium Group បានប្រាប់គេហទំព័រPropertyarea.asia នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០នេះឱ្យដឹងថា បើទោះបីកម្ពុជាស្ថិតនៅក្នុងវិបត្តិជំងឺ Covid-19 យ៉ាងណាក្តី តែការតម្រូវការលំនៅឋាននៅតែមានជារៀងរាល់ថ្ងៃ ជាពិសេសគឺអ្នកដែលស្វែងរកទិញ ទទួលបាននូវលក្ខខណ្ឌពិសេសពីម្ចាស់គម្រោង។

លោកបន្តថ្លែងថា “តម្រូវការទិញលក់លំនៅឋាននៅតែមាន ហើយស្ថិតនៅក្នុងលក្ខណពិសេស ដូចជាទិញដោយគ្មានប្រាក់កក់ និងមានការថែមនូវសម្ភារៈប្រើប្រាស់ផ្សេងៗនៅក្នុងផ្ទះបាយ ដូចជាទូទឹកកកជាដើម” ។ លោកបន្ថែមថា “ទំាងលក្ខខណ្ឌនៃការបង់រំលស់ផ្ទះក៏ស្ថិតនៅក្នុងស្ថានភាពល្អប្រសើរផងដែរ”។

តែយ៉ាងណាក៏ដោយ  លោកច័ន្ឌឌីបានអះអាងថា ការទិញលក់លំនៅឋាននេះ ស្ថិតនៅក្នុងស្ថានភាពយឺតយ៉ាជាងពេលមុន ដែលមិនទាន់មានការផ្ទុះឡើយនៅជំងឺ Covid-19 កាលពីកន្លងមកនេះ។  លោកបន្តថា ទន្ទឹមនឹងការទិញលក់នៅតែមាន ក៏គម្រោងអភិវឌ្ឍន៍លំនៅឋាននានា នៅតែបន្តមានផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ។

ចំណែក លោក អ៊ីន ណាងអគ្គនាយកក្រុមហ៊ុន Show Up Real Estate   បានឱ្យដឹងដែរថា ជាការពិតតម្រូវការលំនៅឋានសម្រាប់រស់នៅនៅតែមាន ហើយមានលក្ខខណ្ឌពិសេស ខណៈការទិញលក់លំនៅឋានសម្រាប់ធ្វើការវិនិយោគបន្តមិនទាន់មាននោះទេ។

លោកថ្លែងថា “នាពេលបច្ចុប្បន្ននេះម្ចាស់គម្រោងមួយចំនួន បាននឹងកំពុងបន្ធូរបន្ថ​យនូវលក្ខខណ្ឌពិសេសដល់អតិថិជនរបស់ខ្លួន តាមរយៈការបោះរំលស់១០០ភាគរយ និងផ្តល់នូវសម្ភារៈប្រាស់ប្រាស់ផ្សេងៗ  ហើយបើមិនបន្ធូរបន្ថយទេ យើងមានការលំបាក”។

​លោកបន្ថែមថា  “នៅពេលដែលអ្នកអភិវឌ្ឍន៍បន្ធូបន្ថយ នូវលក្ខខណ្ឌពិសេនេះអតិ​ថិ​ជនដែលជាអ្នកស្វែងរកលំនៅឋានសម្រាប់រស់នៅ ហើយមានលទ្ធភាពគួរតែទិញទុកអោយហើយ  ជាពិសេសតម្លៃក៏មានលក្ខខណៈសមរម្យ  បើទៅមុខទៀត តម្លៃនឹងមានការកើនឡើង”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា វិបត្តិនៃជំងឺ Covid-19 មិនមែនជាឧបសគ្គ ក្នុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសកម្ពុជានោះទេ ជាពិសេសគម្រោងលំនៅឋានដែលមានតម្លៃសមរម្យ ខណៈដែលប្រជាពលរដ្ឋកម្ពុជានៅតែមានលទ្ធភាពទិញសម្រាប់រស់នៅ៕

វៀតណាមចាប់ផ្តើមសាងសង់សួនកម្សាន្តធំជាងគេប្រចាំប្រទេសវៀតណាម តម្លៃ១០០០លានដុល្លារ

ដោយ ហ្សូលី

វៀតណាមៈ សួនកម្សាន្តលំដាប់យក្សប្រចាំប្រទេសវៀតណាម តម្លៃ១០០០ពាន់លានដុល្លារ ដែលជាការបណ្តាក់ទុនរបស់ក្រុមហ៊ុនឯកជនមួយធំជាងកេក្នុងប្រទេស ត្រូវបានចាប់ដំណើរការសាងសង់ហើយ។ សួនកម្សាន្តនេះ នឹងនាំយកទម្រង់បែបកម្សាន្ត លំនៅដ្ឋាន សួនច្បារធម្មជាតិEco នៅភាគខាងជើងនៃជាយក្រុងប្រទេសវៀតណាម។

ការបណ្តាក់ទុនវិនិយោគលើគម្រោងសួនកម្សាន្តនេះ គឺជាការផ្តួចផ្តើមរបស់ក្រុមហ៊ុន VinWonders Development ដែលបានរៀបចំពិធីបុកគ្រឹះ និងបើកការដ្ឋានសាងសង់កាលពីសប្តាហ៍មុនកន្លងទៅថ្មីៗនេះ។ ជាពិសេសមានការចូលរួមពីភ្ញៀវកិត្តិយសដ៏សំខាន់គឺលោកនាយករដ្ឋមន្ត្រី ក្វាង ជុងភុក នាយករដ្ឋមន្ត្រីប្រទេសវៀតណាម។

លោក Nguyen Viet Quang នាយកក្រុមហ៊ុន Vin Group បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន Vinwonders គឺជាក្រុមហ៊ុនទី៤ដែលបង្កើតនូវកន្លែងកម្សាន្តបែបនេះក្នុងប្រទេស តែជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបង្កើតនៅភាគខាងជើងប្រទេសវៀតណាម។ នៅពេលបញ្ចប់ការសាងសង់ វានឹងក្លាយទៅជាសួនកម្សាន្តធំជាងគេនៅក្នុងប្រទេស ដែលឆក់យកតំណែងពីសួនកម្សាន្តនៅលើកោះ Phu Quoc ភាគខាងត្បូងប្រទេសវៀតណាម។

សួនកម្សាន្តនេះលាតសន្ធឹងលើផ្ទៃដីទំហំ៥០ហិចតា និងមានការបោះទុនចំនួន ១០០០លានដុល្លារ រួមមាន តំបន់កម្សាន្តខាងក្នុងនិងខាងក្រៅសរុបចំនួន៦កន្លែង ដែលតម្រូវទៅតាមអាយុភ្ញៀវចូលកម្សាន្ត។ ប្រភេទនៃការកម្សាន្តមានដូចជា វិទ្យាសាស្រ្ត កីឡា ជាដើម ព្រមទាំងទោង និងឧបករណ៍ជិះកម្សាន្តជាច្រើនផ្សេងទៀតដែលនឹងតម្លើងនៅក្នុងសួននេះ។ ក្រៅពីនេះ ក៏មានសួនសត្វមួយ សួនទឹក ផ្សារទំនើបខ្នាតតូច និងកន្លែងលក់អាហារភេសជ្ជៈផងដែរ។

គម្រោងសួនកម្សាន្តនេះត្រូវបានប្រកាសតាំងពីខែមីនា ឆ្នាំ ២០១៥ មកម្ល៉េះ នៅពេលដែលអាជ្ញាធរសង្កាត់Haiphong បានស្នើសុំបន្ថែមឲ្យមានការរួមបញ្ចូលកាស៊ីណូ សណ្ឋាគារលំដាប់ផ្កាយប្រាំ និងទីលានវាយកូនហ្គោល។ ដោយឡែក ទីលានវាយកូនហ្គោលបានសាង់សង់រួចជាស្ថាពរក្នុងឆ្នាំ ២០១៧ ខែមេសា៕

ក្រុមហ៊ុនអាកាសចរណ៍ANAជប៉ុន ដែលស្ថិតក្នុងសំណើរហោះហើរត្រង់មកកម្ពុជា បញ្ជាក់ពីហិរញ្ញវត្ថុរឹងមាំកំឡុងពេលវិបត្តិនេះ

ដោយ ប៊ី

ភ្នំពេញៈ ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុនANA Holdings លោក Shinya Katanozaka បានព្យាយាមធានាដល់ម្ចាស់ភាគហ៊ុន ក្នុងអំឡុងពេលកិច្ចប្រជុំភាគទុនិកប្រចាំឆ្នាំរបស់ក្រុមហ៊ុនកាលពីថ្ងៃចន្ទនេះ ដោយនិយាយថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនមិនមានបញ្ហាអ្វីទាក់ទង នឹងស្ថានភាពហិរញ្ញវត្ថុសម្រាប់ពេលនេះទេ។

ក្រុមហ៊ុននេបានត្រៀមថវិកាសរុបចំនួន១ទ្រីលានយ៉េន (៩,៣៤ ពាន់លានដុល្លារ) ក្នុងប្រាក់កម្ចី និងបណ្តាញឥណទាន។

ក្រុមហ៊ុនANA ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់ជប៉ុន បានមើលឃើញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៅពេលដែលជំងឺរាតត្បាតឆ្លងរាល បានដាលយ៉ាងខ្លាំងបានបិទព្រំដែនអន្តរជាតិ ដែលធ្វើឱ្យឧស្សាហកម្មនេះជាប់គាំងនៅទូទាំងពិភពលោក។

លោក Katanozaka បាននិយាយថា ក្រុមហ៊ុនបានប្រមូលថវិកាចំនួន៥៣៥ពាន់លានយ៉េនក្នុងរយៈពេល៣ខែ គិតត្រឹមខែមិថុនា ហើយក៏បានសង្កត់ធ្ងន់ផងដែរថា ខ្លួនទទួលបានទឹកប្រាក់៥០០ពាន់លានយ៉េនក្នុងបណ្តាញឥណទាន។

ទោះបីមានការលើកឡើងរបស់នាយកប្រតិបត្តិ ដើម្បីលួងលោមម្ចាស់ភាគហ៊ុនក៏ដោយ ក៏ពួកគេមានសំណួរជាច្រើនអំពីលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន ANA ។

ម្ចាស់ភាគហ៊ុនម្នាក់បានសួរថា តើផែនការហិរញ្ញប្បទានរយៈពេលវែងកំពុងត្រូវបានពិចារណាយ៉ាងដូចម្តេច?។ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនលោក Ichiro Fukuzawa បានឆ្លើយតបថា “ដំបូងយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីគ្រប់​គ្រងលំហូរសាច់ប្រាក់របស់យើង។ លោកបន្ថែមទៀតថា “បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់យើងផ្ទាល់ យើងចង់ពិគ្រោះជាមួយស្ថាប័នហិរញ្ញវត្ថុ អំពីរបៀបដើម្បីធានាឱ្យមានហិរញ្ញប្បទានរលូន”។

ម្ចាស់ភាគហ៊ុនម្នាក់អាយុ៥៥ឆ្នាំ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានប្រាប់សារព៌តមានNikkeiថា “ខ្ញុំគិតថាការគ្រប់គ្រងកំពុងព្យាយាមអស់ពីសមត្ថភាព ប៉ុន្តែខ្ញុំមានការព្រួយបារម្ភអំពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ព្រោះវាមិនទាន់ច្បាស់ថាតើជំងឺឆ្លងនឹងត្រូវបញ្ចប់នៅពេលណា”។

ការប្រជុំនេះមានរយៈពេលប្រហែល៩០នាទី។ ម្ចាស់ភាគហ៊ុនសរុបចំនួន ៥៨៥ នាក់បានចូលរួម ដែលជាការធ្លាក់ចុះយ៉ាងខ្លាំង ដែលពីឆ្នាំមុនដល់ឆ្នាំអ្នករួមមានចំនួន ១,៩៧២ ប៉ុន្តែក្រុមហ៊ុនANA បានលើកទឹកចិត្តឱ្យមានអ្នកចូលរួមចំនួនទាប ដោយសារជំងឺរាតត្បាត។ ម្ចាស់ភាគហ៊ុន ដែលបានចូលរួមត្រូវបានស្នើសុំឱ្យមានការត្រួតពិនិត្យសីតុណ្ហភាពនៅច្រកចូល។

សំណើពីរ ដែលមួយសម្រាប់ជ្រើសរើសក្រុមប្រឹក្សាភិបាល និងមួយទៀតលើការជ្រើសរើសសមាជិកសវនកម្មសាជីវកម្ម ត្រូវបានអនុម័តក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។

កាលពីពេលថ្មីៗនេះ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា និងសភាពាណិជ្ជកម្មក្ពុជាគ្រោងចុះញ្ញាតិរួមគ្នា ដើម្បីស្នើសុំឱ្យក្រុមហ៊ុនអាកាសចរណ៍ANA របស់ជប៉ុន បន្តប្រតិបត្តិការនៃជើងហោះហើរត្រង់មកកាន់កម្ពុជា ដែលនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់វិស័យទេសចរណ៍ វប្បធម៌ និងធុរកិច្ចរវាងប្រទេសកម្ពុជា-ជប៉ុន។

គម្រោងស្នើសុំនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង អ្នកឧកញ៉ា គិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកកាន់ដា យូហ្គោ ប្រធានសមាគមធុរកិច្ចជប៉ុននៅកម្ពុជា និងក្រុមការងារ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២០នេះ។

សមាគមធុរកិច្ចជប៉ុននៅកម្ពុជាកាលពីពេលថ្មីៗនេះ បានចេញសេចក្តីអំពាវនាវ និងសំណូមពរសុំការគាំទ្រ ពីសំណាក់សមាជិករបស់ខ្លួននៅកម្ពុជា ស្នើដល់ក្រុមហ៊ុនអាកា​សចរណ៍ជប៉ុន ANA បន្តធ្វើការហោះហើរត្រង់រវាងភ្នំពេញ-ណារីតាឡើងវិញ មុនពេលកំណត់ បន្ទាប់ពីក្រុមហ៊ុនមួយនេះបានប្រកាសផ្អាកដំណើរការ រហូតដល់ដំណាច់ខែកក្ក​ដា ឆ្នាំ២០២០ខាងមុខនេះ៕

លោកឧកញ៉ាលី ហួរបង្ហើបពីអាជីវកម្មមួយដែលមានភាពអំណោយផលកំឡុងពេលមានវិបត្តិCovid-19

ដោយស៊ីវ ម៉េង

        ភ្នំពេញៈ លោកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបបានថ្លែងថា ក្នុងដំណាក់កាលដែលពិភពលោកកំពុងជួបវិបត្តិនេះ ការវិនិយោគលើវិស័យកសិកម្មជារឿងល្អប្រសើរមួយ ខណៈវិស័យដទៃទៀតកំពុងរងផលប៉ះពាល់។

លោកឧកញ៉ាដែលជាប្រធានសមាគម អ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាផងដែរនោះបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារៀសលថ្ងៃទី២៩ មិថុនានេះថា ក្នុងពេលពិភព​លោកកំពុងជួបវិបត្តិបែបនេះ កម្ពុជាក៏កំពុងប្រឈមបញ្ហាដែរ ទាំងវិស័យពាណិជ្ជកម្ម ទេស​ចរណ៍ជាដើម ប៉ុន្តែវិស័យមួយនៅតែល្អ គឺវិស័យកសិកម្ម ដែលនៅតែមានតម្រូវការ​និងតម្លៃល្អប្រសើរ។

លោកបានបន្តថា “វិស័យកសិកម្មជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ហើយវារីកចម្រើនបានក្នុងដំណាក់កាលនេះ ដែលមានទាំងតម្លៃ និងតម្រូវការល្អប្រសើរ”។លោកបន្តថា “ខ្ញុំក៏បានវិនិយោគលើវិស័យកសិកម្មផងដែរ ប៉ុន្តែវាមិនទាន់ឲ្យផលនៅឡើយទេ”។

លោកឧកញ៉ាលី ហួរបានបន្តថា នៅពេលបច្ចុប្បន្នក្រុមហ៊ុនធំៗលើពិភពលោក សុទ្ឋតែជួបបញ្ហា ហេតុនេះបើចង់ឲ្យលោកផ្តល់យោបល់ពីការធ្វើជំនួញ គឺយើងកំពុងពិបាកដូចគ្នា ព្រោះនៅលើពិភពលោកប្រទេសនិមួយៗ តែងតែពឹងផ្អែកគ្នាទៅវិញទៅមក ហេតុនេះបើសិនជាយើងលែងមានបញ្ហាក៏ដោយ ក៏ប្រទេសដទៃទៀតនៅមានបញ្ហា ប្រទេសក្នុងតំបន់នៅមានបញ្ហា ក៏យើងមិនអាចធ្វើអ្វីបានដែរ។

លោកបន្តថា “”ទាល់តែពិភពលោករកឃើញថ្នាំ និងវ៉ាក់សាំងសម្លាប់ជំងឺCovid-19ទើបពិភពលោកអាចដើរទៅមុខ ហើយសេដ្ឋកិច្ចដំណើរការបានល្អប្រសើរឡើងវិញ”៕

ជប៉ុនស្នើកម្ពុជាពិចារណាលើលទ្ធភាពបន្ធូរបន្ថយលើការអនុវត្តវិធានការការពារជំងឺឆ្លងលើមន្ត្រីជំនាញរបស់ខ្លួននៅកម្ពុជា

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានស្នើសុំឱ្យមានការពិចារណាលទ្ធភាពបន្ធូរបន្ថយ លើការអនុវត្តវិធានការការពារជំងឺឆ្លងដល់មន្ត្រីជំនាញការ និងបច្ចេកទេសរបស់ខ្លួន ដែលចុះមកបំពេញការងារលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងកិច្ចជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា លោក MIKAMI Masahiro  បានបង្ហាញពីគោលបំណងពិភាក្សា អំពីផលប៉ះពាល់នៃមេរោគ Covid-19 ទាក់ទងនឹងការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការនៅកម្ពុជា។

លោក MIKAMI Masahiroក៏បានលើកឡើងពីការផ្លាស់ប្ដូរទស្សនៈ ទៅវិញទៅមកស្ដីអំពីផលប៉ះពាល់មេរោគ Covid-19ស្តីពី ការអនុវត្តគម្រោងរបស់សាធារណរដ្ឋប្រជាមានិតចិន និងរបាយការណ៍ពីភាគីជប៉ុន ទាក់ទងនឹងគម្រោងកំពង់ផែក្រុងព្រះសីហនុផងដែរ។ ដោយឡែកទាក់ទងនឹងការឆ្លងរាតត្បាតនៃមេរោគ Covid-19 នេះ លោកឯកអគ្គរដ្ឋទូតក៏បានស្នើដល់កម្ពុជា ពិចារណាលើការបន្ធូរបន្ថយចំពោះវិធានការ និងការបង្ការមេរោគ Covid-19 ចំពោះមន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុន ដែលត្រូវមកបំពេញការងារលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ជូនគណៈប្រតិភូជប៉ុនអំពីដំណើរការរលូននៃគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ គម្រោងសាងសង់ពង្រីកនិងលើកកម្ពស់គុណភាពផ្លូវជាតិលេខ២និង២២ និងគម្រោងអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធមួយចំនួនផ្សេងទៀត ក្នុងអំឡុងពេលដែលពិភពលោក កំពុងទទួលរងនូវការឆ្លងរាតត្បាត ពីមេរោគកូវីដ-១៩ ដែលក្នុងនោះរួមមានកម្ពុជាផងដែរ។

ជាការឆ្លើយតបទៅនឹងការស្នើសុំរបស់ភាគីជប៉ុន លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា លោកនឹងលើកបញ្ហានេះទៅក្រសួងសុខាភិបាល ដើម្បីពិចារណាលទ្ធភាពបន្ធូរបន្ថយចំពោះការអនុវត្តវិធានការ និងការបង្ការមេរោគ Covid-19 នៅកម្ពុជា ដើម្បីឱ្យមន្ត្រីជំនាញការ និងអ្នកបច្ចេកទេសជប៉ុន អាចមកបំពេញការងារនៅកម្ពុជាដោយគ្មានភាពរាំងស្ទះ៕