ដោយៈ រ៉ាណេត 
ភ្នំពេញៈ ដោយសារតែភាពប្រឈមនឹងស្ថានភាពជន់លិច នៅតែបន្តគំរាមកំហែងដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ដែលកំពុងរងនូវការជន់លិច រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចប្រកាសបិទផ្អាកការធ្វើចរាចរណ៍ផ្លូវចូលក្រុងជាបណ្តោះអាសន្ន ចាប់ពីចំណុចផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រហូតដល់ចំណុចដណ្ឌអូឌឹម ខណ្ឌកំបូល រាជធានីភ្នំពេញ។

-->
 
 
អភិបាលខណ្ឌកំបូល លោក ឃឹម ស៊ុនសូដា បានមានប្រសាសន៍នៅល្ងាចថ្ងៃទី១៥ ខែតុលាឆ្នាំ០២០នេះថា ដោយសារស្ថានភាពទឹកនៅបន្ដហូរ កាត់ផ្លូវជាតិលេខ៤កាន់តែខ្លាំង រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចឱ្យបិទចរាចរណ៍ជាបណ្ដោះអាសន្ន ចាប់តាំងពីចំណុចផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រហូតដល់ចំណុចអូឌឹម ជិតផ្លូវដែក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ស្ថានភាពនៃការជន់លិចនៅលើកំណាត់ផ្លូវជាតិលេខ៤ ដែលបណ្តាលមកពីជំនន់ទឹកភ្លៀងនៅតំបន់អូឌឹម មានរយៈពេលប្រមាណ១សប្ដាហ៍ហើយ ដែលរហូតមកដល់ល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះនៅមិនទាន់ស្រកចុះនៅឡើយ ពោលនៅមានសភាពជន់លិចខ្លាំងដដែល ដោយពេលខ្លះ រថយន្ដទាបៗ ឬម៉ូតូដែលធ្វើដំណើរឆ្លងកាត់តំបន់នេះមិនអាចចរាចរណ៍បានឡើយ។
ជាមួយគ្នានេះផងដែរ លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលក៏បានក្រើនរំលឹកថា រហូតមកដល់ពេលនេះ ទឹកបន្ដជន់លិចខ្លាំងនៅផ្លូវជាតិលេខ៤ ចំណុចអូឌឹម រហូតជិតដល់មុខតំបន់សេដ្ឋកិច្ចពិសេស ហើយសម្រាប់បងប្អូនដែលគ្រោង ធ្វើដំណើរតាមផ្លូវជាតិលេខ៤ចេញឬចូលភ្នំពេញ សូមវៀងតាមផ្លូវផ្សេងដែលធ្វើដំណើរបាន៕