ខេត្តប៉ៃលិនគ្រោងបង្កើតផ្សារថ្មីមួយទៀត សម្រាប់ជំរុញពាណិជ្ជកម្មក្នុងតំបន់

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋបាលខេត្តប៉ៃលិនគ្រោងបង្កើតផ្សារថ្មីមួយទៀត សម្រាប់ជួយជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ស្ថិតនៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលកំពុងមានបញ្ហាទីផ្សារដោយសារការទទួលរងនូវផលប៉ះពាល់បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺ Covid-19 ។

 

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះបានឱ្យដឹងថា តាមរយៈគម្រោងបង្កើតផ្សារ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មសម្រាប់កសិកម្មខ្នាតតូច (AIMS) គឺអាជ្ញាខេត្ត មានគម្រោងសហការនឹងរៀបចំផ្សារនៅចុងសប្តាហ៍ សម្រាប់ប្រជាកសិករ លក់ដំណាំ ត្រី សាច់ បន្លែ និងមាន់ស្រែ ដែលជាបណ្តុំផលិតផលក្នុងស្រុក តាមបែបធម្មជាតិ នៅទីតាំងសួនកុមារ មុខសាលាខេត្ត ។

លោកបន្តថា ជាមួយគ្នានេះ រដ្ឋបាលខេត្តគ្រោងរៀបចំពង្រីកមាន់ស្រែអាំងតាមសហគមន៍ និងតាមតំបន់ទេសចរណ៍សំខាន់ៗនៅទូទាំងខេត្តប៉ៃលិនផងដែរ ដើម្បីចូលរួមគាំទ្រដល់ចលនាភូមិមួយផលិតមួយផង និងដោះស្រាយនូវបញ្ហាទីផ្សារជូនប្រជាកសិករផង ដែលកំពុងរងផលប៉ះដោយសារការផ្ទុះឡើងនៃជងឺ Covid-19។

លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានឱ្យដឹងដែរថា សមាគមផលិតមាន់ស្រែ នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ មានចំនួន ៤ក្រុម ស្មើនឹង ១៥៩នាក់ ស្រី៨២នាក់ ក្នុងនោះមានកសិករគំរូ ចំនួន ៧នាក់ ទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សរុបចំនួន ៤០ ៥០០ដុល្លាអាមេរិច ដោយចិញ្ចឹមមាន់ស្រែបានក្នុង១ខែៗប្រមាណជាង ១០០០ក្បាល ហើយទីផ្សារសម្រាប់លក់មាន់ស្រែក្នុងខេត្ត គឺផ្សារប៉ាហ៊ី ផ្សារព្រំ ផ្សារសាលាក្រៅ ផ្សារប៉ាងរលឹម និងផ្សារបានឡែម (ខេត្តបាត់ដំបង)៕

វិភាគ៖ តើបណ្តាប្រទេសសមាជិកអាស៊ានបានទទួលផលប្រយោជន៍អ្វីខ្លះពីកិច្ចព្រមព្រៀងសេដ្ឋកិច្ចដ៏ធំមួយនៅក្នុងពិភពលោក ?

ដោយ ៖ ប៊ី
ភ្នំពេញ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលនឹងចុះហត្ថលេខានៅពេលខាងមុខ នឹងដើរតួជានិមិត្តរូបដ៏មានអត្ថន័យនៃសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងពហុភាគី ដែលមិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងនៅលើពិភពលោកផងដែរ។ នេះបើយោងតាមការលើកឡើងរបស់អ្នកសិក្សាជនជាតិវៀតណាមម្នាក់។

លោក Vo Tri Thanh អតីតអនុប្រធានវិទ្យាស្ថានកណ្តាលសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ចវៀតណាម បានប្រាប់បណ្តាញសារព័ត៌មានស៊ីនហួនៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា ការរីកចម្រើននាពេលបច្ចុប្បន្ននៃការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូរបស់ខ្លួន ប្រកាន់ខ្ជាប់នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីបើកចំហ ដែលប្រកបដោយបរិយាប័ន្ន និងផ្អែកលើច្បាប់។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា មេដឹកនាំនៃប្រទេសជាសមាជិកបានស្វាគមន៍ចំពោះការរីកចម្រើន ដែលបានធ្វើសម្រាប់ការបញ្ចប់កិច្ចចរចា RCEP ពេញលេញ ហើយទន្ទឹងរង់ចាំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅចុងឆ្នាំ ២០២០។

នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃប្រទេសជាសមាជិកអាស៊ានទាំង ១០ ក៏ដូចជាចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងណូវែលសេឡង់បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅឆ្នាំនេះ។

លោក Thanh ជឿជាក់ថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខានៅចុងឆ្នាំនេះ ដោយសារការប្តេជ្ញាចិត្តរបស់ប្រទេសដែលចូលរួម។ កិច្ចព្រមព្រៀង RCEP ដែលបានផ្តួចផ្តើមគំនិតដោយអាស៊ានក្នុងឆ្នាំ ២០១២ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានស្នើឡើងរវាងរដ្ឋជាសមាជិកទាំង១០ និងដៃគូ FTA ចំនួន ៦ របស់ខ្លួនគឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ណូវែលសេឡង់ និងឥណ្ឌា។

យោងតាមលោក Thanh កិច្ចចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នឹងមានអត្ថន័យជាពិសេស ដោយសារបរិបទ ដែលនិយមគាំពារពាណិជ្ជកម្មបានកើនឡើងក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ដែលផ្ទុយនឹងនិន្នាការនៃសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងសាកលភាវូបនីយកម្ម។ លោកបានលើកឡើងថា “វានឹងដើរតួជាការបង្ហាញមួយដោយមិនគិតពីការលំបាក និងការអភិវឌ្ឍស្មុគស្មាញនោះទេ ប្រទេសដែលចូលរួម RCEP នៅតែរក្សាជំនឿលើពាណិជ្ជកម្មសេរី ការគាំទ្រ និងដំណើរការ ដោយសុទិដ្ឋិនិយម ហើយការតភ្ជាប់កាន់តែស៊ីជម្រៅនៅតែជានិន្នាការសំខាន់នៅក្នុងតំបន់ និងពិភពលោក”។

លោក Thanh បាននិយាយថា ក្នុងនាមជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP នឹងផ្តោតលើរបៀបដែលវាធ្វើសមកាលកម្ម (synchronize) វឌ្ឍនភាពនៃសមាហរណកម្ម និងការអភិវឌ្ឍនៅអាស៊ីប៉ាស៊ីហ្វិក ដែលជាជំហានឆ្ពោះទៅការបង្កើតតំបន់ពាណិជ្ជកម្មសេរីនៃអាស៊ីប៉ាស៊ីហ្វិក (FTAAP)។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ដែលទើបនឹងចេញថ្មីៗ មេដឹកនាំបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា RCEP ក្នុងការប្រែក្លាយតំបន់នេះឱ្យទៅជាអាស៊ានពិភពលោក លើការរួមចំណែកដល់ការស្ទុះងើបឡើងវិញ ពីជំងឺរាតត្បាត និងក្នុងការបង្កើតបណ្តាញផ្គត់ផ្គង់ដែលមានភាពធន់។ ដោយមានបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនដោយការរីករាលដាលនៃជំងឺរាតត្បាតទីកូវីដ១៩ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះត្រូវបានគេរំពឹងថានឹងជម្រុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសចូលរួម និងក្នុងចំណោមប្រទេសដទៃទៀត។

នៅពេលដែលបានចុះហត្ថលេខារួច កិច្ចព្រមព្រៀង RCEP នឹងក្លាយជាប្លុកពាណិជ្ជកម្មសេរីធំបំផុតរបស់ពិភពលោកដែលមានចំនួន ៤៥ ភាគរយនៃចំនួនប្រជាជនពិភពលោក ៤០ ភាគរយនៃពាណិជ្ជកម្មពិភពលោក និងប្រហែលមួយភាគបីនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។

ទំហំទីផ្សារដ៏ធំរបស់ RCEP និងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគដ៏រឹងមាំរវាងអាស៊ាន និងដៃគូសន្ទនាបានលើកឡើងថា ការកាត់បន្ថយរបាំងពាណិជ្ជកម្មតូចតាច ដែលកិច្ចព្រមព្រៀងផ្តោតលើនឹងបង្កើនផលប្រយោជន៍ពាណិជ្ជកម្មយ៉ាងសំខាន់។ នេះបើយោងតាមលោក Vo Dai Luoc ប្រធានផ្នែកវិទ្យាស្ថានសេដ្ឋកិច្ចពិភពលោក និងនយោបាយក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម។
លោក Luoc បាននិយាយថា “អត្ថប្រយោជន៍ទាំងនេះនឹងផ្លាស់ប្តូរទៅជាការបង្កើតចំនួនការងារកាន់តែច្រើន ដូច្នេះនឹងនាំឱ្យមានការកើនឡើង GDP និងការកាត់បន្ថយភាពក្រីក្រនៅក្នុងសេដ្ឋកិច្ចអាស៊ាន ដែលកំពុងរីកចម្រើនដូចជាប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា”។

ដោយសាររបាំងពាណិជ្ជកម្មធ្លាក់ចុះ ហើយការចូលទីផ្សារទំនិញ និងសេវាកម្មត្រូវបានធ្វើឱ្យប្រសើរឡើង អាស៊ាននឹងកាន់តែទាក់ទាញដល់ក្រុមហ៊ុនបរទេស ដែលចង់ចូលរួមនៅក្នុងតំបន់ ដែលមានសមាហរណកម្មកាន់តែច្រើន។ អ្នកជំនាញរូបនេះបានបន្ថែមទៀតថា “នេះនឹងជួយលើកកម្ពស់តម្លាភាពក្នុងពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាជួយសម្រួលដល់អាជីវកម្មខ្នាតតូច និងមធ្យមរបស់អាស៊ាន ដើម្បីចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សាកល និងតំបន់”។

តាមរយៈការអនុវត្តរបស់ RCEP អាស៊ានអាចជួយភ្ជាប់បណ្តាញផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក ដែលត្រូវបានរំខានដោយជំងឺរាតត្បាតកូវីដ១៩ ដែលប្លុកនេះអាចបញ្ជាក់ពីតួនាទីរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។ លោកបានមានប្រសាសន៍ថា “ក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាអ្នកតស៊ូមតិយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នោះប្រទេសវៀតណាមពិតជានឹងទទួលបានផលប្រយោជន៍ពីវាជាមួយនឹងផលប៉ះពាល់ភ្លាមៗ”។

យោងតាមអ្នកជំនាញរូបនេះបានឱ្យដឹងថា RCEP នឹងប្រគល់ឱ្យសហគ្រាសវៀតណាមនូវឱកាស ដើម្បីជំរុញការនាំចេញចូលរួមក្នុងខ្សែសង្វាក់តម្លៃថ្មី និងទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត។ ការកាត់បន្ថយពន្ធនាំចូលនឹងបើកឱកាសថ្មីសម្រាប់ផលិតផលពីវិស័យលេចធ្លោ ដូចជាទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន វាយនភណ្ឌ និងស្បែកជើង និងកសិកម្ម។

ស្រដៀងនឹងទស្សនៈរបស់លោក Luoc លោក Thanh បានពន្យល់បន្ថែមទៀតថា ការចូលរួម RCEP នឹងជំរុញឱ្យបណ្តាប្រទេសអាស៊ានបង្កើនការកែទម្រង់និងការបង្កើតថ្មី ក៏ដូចជាការកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម។ លោកក៏បាននិយាយផងដែរថា ប្រទេសចិនបានលេចធ្លោជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាន និងជាអ្នកដើរតួនាទីយ៉ាងមុតមាំក្នុងការជំរុញការចរចា៕
លោកបានបន្តថា “រួមគ្នាជាមួយតួនាទីរបស់អាស៊ានក្នុងការកសាងមូលដ្ឋានស្ថាប័នសហប្រតិបត្តិការតួនាទីរបស់ចិនគឺមានសារៈសំខាន់ណាស់ក្នុងការចុះហត្ថលេខា និងអនុវត្ត RCEP”៕

រដ្ឋាភិបាលគ្រោងចំណាយ ៥៥លានដុល្លារ សម្រាប់អភិវឌ្ឍន៍វិស័យទឹកស្អាតក្រោមជំនួយរបស់ធនាគារពិភពលោក

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គណៈកម្មាធិការដឹកនាំដំណើរការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលបង្កើតឡើងដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងពាក់ព័ន្ធ បានបើកកិច្ចប្រជុំលើគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក។

លោក កឹម បុរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍នាថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈ អនាម័យនៅក្នុងទីក្រុង និងដើម្បីបំពេញបន្ថែមលើការវិនិយោគដោយធនាគារអភិវឌ្ឍន៍អាស៊ី រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំការគាំទ្រពីធនាគារពិភពលោកចំនួន៥៥លានដុល្លារ សម្រាប់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងនៅទូទាំងទីក្រុង។

លោកបញ្ជាក់ថា គម្រោងខាងលើនេះគឺធ្វើឡើងដើម្បីចូលរួមចំណែកធានាឱ្យបាននូវបរិស្ថានស្អាត សុខភាពអនាម័យសាធារណៈល្អប្រសើរ លើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ចំណុចទី ៦ ធានានូវការទទួលបាន និងការគ្រប់គ្រងទឹក និងអនាម័យប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា។

គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ មានហិរញ្ញប្បទាន ៥៥ លានដុល្លារអាមេរិក បែងចែកជាពីរសមាសភាគ សមាសភាគទី១ ផ្នែកការផ្គត់ផ្គង់ទឹកស្អាត អនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលគ្រោងនឹងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ស្រុកស្ទោង និងស្រុកសន្ទុក ខេត្តកំពង់ធំ ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ខេត្តសៀមរាប ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ក្នុងខេត្តកំពង់ឆ្នាំង។

ចំណែកឯសមាសភាគទី២ ផ្នែកអនាម័យ គឺអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ផ្តោតការយកចិត្តទុកដាក់លើការគាំទ្រដល់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង ដែលត្រូវតភ្ជាប់ទៅប្រព័ន្ធលូមេបច្ចុប្បន្នក្នុងទីក្រុងសៀមរាប ដើម្បីឱ្យលំនៅឋាន និងទីតាំងអាជីវកម្មអាចតភ្ជាប់ដោយផ្ទាល់ទៅនឹងប្រព័ន្ធលូក្រុង។

បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងស្វែងរកប្រភពថវិកាពីដៃគូអភិវឌ្ឍន៍នានាក្នុងការសាងសង់បណ្តាញលូ ស្ថានីយបូម និងស្ថានីយប្រព្រឹត្តកម្ម ការចូលរួមពីបងប្អូនប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវ និងភាពជាម្ចាស់ មានច្បាប់និងលិខិតបទដ្ឋានគតិយុត្តិគ្រប់គ្រងសំណល់ សហការជាមួយវិស័យឯកជន និងពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករ ។

ធនាគារពិភពលោក គឺជាដៃគូសហការយូរអង្វែងសំខាន់មួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងបណ្តាខេត្តអាទិភាពមួយចំនួនតាមរយៈគម្រោងខាងលើនេះ៕

វិនិយោគិន​កម្ពុជា-ចិន បោះទុន ៨លាន​ដុល្លារ​សាងសង់​រោងចក្រ​កែច្នៃ​ផ្លែឈើនៅ​ខេត្ត​ព្រះសីហនុ

ដោយ វុត្ថា

ភ្នំពេញៈ វិនិយោគិន​កម្ពុជា និង​ចិន​បាន​សហការ​វិនិយោគ​រួមគ្នា ដោយ​សម្រេច​បោះទុន​ប្រមាណ៨លាន​ដុល្លារ ដើម្បី​សាងសង់​រោងចក្រ​កែច្នៃ​ផ្លែឈើ​មួយ នៅ​ខេត្ត​ព្រះសីហនុ ខណៈដែល​កម្ពុជា​នាបច្ចុប្បន្ន​នេះ បាន​នឹង​កំពុងមាន​សក្តានុពល​ខ្ពស់​លើ​វិស័យ​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​សេដ្ឋកិច្ច។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក ឃាង ភា​រម្យ​បានឱ្យដឹងថា ក្រុមហ៊ុន Shang Da Jian Hui International Agriculture Product និង​ក្រុមហ៊ុន Logistic Co Ltd បាន​នឹង​កំពុងស្ថិត​ក្នុង​ដំណើរការ​សាងសង់ រោងចក្រ​កែច្នៃ​ផ្លែឈើ​សម្រាប់​ស្វាយ​ស្វាយចន្ទី ម្នាស់ និង​ចេក ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ។

លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ កាលពី​ន្ល​ង​មកនេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​មើល​រោងចក្រ​នេះ ហើយ​បាន​សម្តែង​ការគាំទ្រ។ ជាមួយគ្នានេះ លោក​អភិបាលខេត្ត​រូបនេះ បាន​សន្យា​ជួយ​សម្រួល​នីតិវិធី​ទាំងអស់​របស់​រោងចក្រ ធ្វើយ៉ាងណា​ឲ្យ​ដំណើរការបាន​លឿន ដែល​អាច​ស្រូបយក​ផ្លែស្វាយ និង​ផ្លែឈើ​ដទៃទៀត​ពី​ប្រជាជន​សម្រាប់​កែច្នៃ ដើម្បី​រួមចំណែក​ដល់​សេដ្ឋកិច្ច” ។

កម្ពុជា និង​ចិន​កាល​ពេល​ថ្មី​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ ក្នុង​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ចំនួន ៥០០,០០០តោន​ក្នុង​មួយឆ្នាំ សម្រាប់​ការជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​រប​ស់​ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ លោក​វេ​ង សាខុន បានឱ្យដឹង​ដែរ​ថា តម្រូវការ​ប្រចាំឆ្នាំ​របស់​ចិន ចំពោះ​ផ្លែស្វាយ​ស្រស់​ប្រហែល៨លាន​តោន ដែល​ការ​ផ្តល់នូវ​ឱកាស​ជាច្រើន ដើម្បី​ទាញយក​ផលចំណេញ​ពី​ទីផ្សារ។ លោក​បន្តថា ផ្លែស្វាយ​ស្រស់​គឺជា​ផ្លែឈើ​ទី ២ ដែល​ត្រូវបាន​អនុញ្ញាត​ជា​ផ្លូវការ សម្រាប់​នាំចេញ​ទៅ​ប្រទេស​ចិន​បន្ទាប់ពី​ផ្លែ​ចេក​លឿង​ត្រូវ​បានអនុម័ត​កាលពី​ឆ្នាំមុន។

លោក​រដ្ឋមន្ត្រី​រូបនេះ ក៏បាន​លើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុងស្រុក និង​បរទេស​មកពី​ប្រទេស​ចិន​សហការគ្នា​ក្នុងការ​វិនិយោគ ដើម្បី​ពង្រីក​តំបន់​ដាំ​ដុះ និង​កែលម្អ​បច្ចេកទេស​សម្រាប់​ការ​ក្រៀវ​ដំណាំ និង​កំចាត់​សត្វល្អិត​ដើម្បី​នាំចេញ។

កម្ពុជា និង​កូរ៉េខាងត្បូង​កាលពី​កន្ល​មកនេះ ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​អនុញ្ញាតឱ្យ​កម្ពុជា​នាំចេញ​ផ្លែស្វាយ ដោយផ្ទាល់​តាមរយៈ​ក្រុមហ៊ុន Hyundai Mao Legacy Co Ltd ៕

តើ​មហាសេដ្ឋី​លំដាប់​ពិភពលោក​ណាខ្លះ​មិនសូវ​ចូលចិត្ត​បង្អួត​រថយន្ត​ប្រណីត?

ដោយនៅ វ​ឌ្ឈ​នា

ភ្នំពេញ៖ មហាសេដ្ឋី​នៅលើ​ពិភពលោក​តែងតែ​ជិះ​រថយន្ត​ទំនើប និង​បង្ហាញ​ពី​ការរស់នៅ​ប្រកបដោយ​ភាព​ស៊ីវីល័យ​នៅក្នុង​សង្គម តែ​ពិតជា​មិនគួរ​អោយ​ជឿ​ឡើយ សម្រាប់​មហាសេដ្ឋី៥ ដែលមាន​លុយ​ច្រើន​ជា​គេ​នៅលើ​ពិភពលោក បែរជា​ជិះ​រថយន្ត​ថោក និង​ប្រើប្រាស់​ការរស់នៅ​ប្រកបដោយ​ភាព​សម​ញ្ញ​បំផុត ដោយ​ពួកគេ​គិតថា មាន​ផាសុខភាព និង​ភាព​ស្រស់ស្រាយ​ជាមួយ​ជីវិត​បែបនេះ។

គេហទំព័រ Propertyarea.asia សូម​បកប្រែ​ពី​គេហទំព័រ GURU ដែល​បាន​ចុះផ្សាយ​ចុះផ្សាយ​ពី​មហាសេដ្ឋី​ពិភពលោក ៥រូបនេះ កាលពីពេលថ្មីៗនេះ​នៅក្នុង​គេហទំព័រ​ពត៌មាន​រប​ស់​ខ្លួន។

១) លោក Jeff Bezos

លោក Jeff Bezos ជា​មហាសេដ្ឋី​ពិភពលោក ឈរ​នៅក្នុង​លំដាប់​លេខ​រៀង​ទី១ ដែលមាន​លុយ​រហូតដល់ ១៦១ពាន់​លាន​ដុល្លារ  គឺជា​ស្ថាបនិក និង​ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​របស់​ក្រុមហ៊ុន Amazon ដែលជា​ក្រុមហ៊ុន​លក់រាយ​តាម​អន​ឡាញ ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោក។

មហាសេដ្ឋី​រូបនេះ ជិះ​រថយន្ត​ម៉ាក Honda Accord  សេរី ឆ្នាំ១៩៩៦ តម្លៃ 24,509ដុល្លារ ប៉ុណ្ណោះ។

២) លោក Steve Ballmer

លោក Steve Ballmer ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft ចន្លោះ​ឆ្នាំ២០០០ ដល់​ឆ្នាំ ២០១៤ និង​បច្ចុប្បន្ន​ជា​ម្ចាស់​ក្លឹប​បាល់បោះ Los Angeles Clippers ដែលមាន​លុយ​រហូតដល់ ៦៩,២ពាន់​លាន​ដុល្លារ​អាមេរិក តែ​បែរជា​ជិះ​រថយន្ត​ម៉ាក Ford Fusion Hybrid តម្លៃ 16,299ដុល្លារ។

៣) លោក Jack Ma

លោក Jack Ma ជា​មហាសេដ្ឋី​ជនជាតិ​ចិន និង​ជា​ម្ចាក់​ក្រុមហ៊ុន Alibaba Group ដែលមាន​លុយ​រហូតដល់ ៤៣.៣ ពាន់​លាន​ដុល្លារ ជិះ​រថយន្ត​ម៉ាក SUV Roewe RX5 តម្លៃ 22,300ដុល្លារ។

៤) លោក Mark Zuckerberg

លោក Mark Zuckerberg ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook ដែលមាន​លុយ​រហូតដល់ ៧៩.៧ពាន់់​លាន​ដុល្លារ ជិះ​រថយន្ត​ម៉ាក Acura TSX, Volkswagon GTI តម្លៃ 31,555ដុល្លារ ។

៥) លោក Warren Buffett

លោក Warren Buffett ជា​មហាសេដ្ឋី​ពិភពលោក លោក​មាន​លុយ​ចំនួន ៦៩,៣ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​នៃ​ក្រុមហ៊ុន Berkshire Hathaway  ជិះ​រថយន្ត​ម៉ាក 2014 Cadillac XTS តម្លៃ​ចាប់ពី 17,896 – 24,380ដុល្លារ​ប៉ុ ណ្ណោះ៕

អ្នកជំនាញ៖ ប្រភេទ​ផ្ទះ​វីឡា​កូនកាត់​កំពុង​ទាក់ចិត្ត​អតិថិជន​និយម​ការរស់នៅ​សម័យថ្មី

ដោយ ហ្សូ​លី

ភ្នំពេញៈ ឈាន​ចូលដល់​យុគសម័យ​ថ្មី របៀបរបប​នៃ​ការរស់នៅ​មានការ​ផ្លាស់​ប្តូរ​និង​វិ​វត្ត​បន្តិចម្តងៗ ខណៈ​ប្រជាជន​កម្ពុជា មានការ​យល់ដឹង​ជ្រៅជ្រះ​អំពី​ផាសុកភាព​រស់នៅ។ ហេតុនេះ កំណើន​នៃ​ការផ្គត់ផ្គង់​តម្រូវការ​នៃ​ប្រភេទ​លំនៅដ្ឋាន កើនឡើង​គួរឱ្យកត់សម្គាល់។

លោកស្រី តាំង ហ៊ួ​រ នាយិកា ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ Amatak Property Service បាន​មានប្រសាសន៍​កាលពីថ្មីៗនេះ​ថា ប្រភេទ​ផ្ទះ​វីឡា​កូនកាត់​ត្រូវបាន​ក្រុមហ៊ុន​អភិវឌ្ឍ​ផ្គត់ផ្គង់​តម្រូវការ និង​នាំចូល​រចនាបថ​ចូលមក​រយៈពេល​យូរ​គួរសម​ដែរ​ហើយ។

លោកស្រី​បន្តថា សម្រាប់​អ្នកមាន​ជីវភាព​មធ្យម ជា​គ្រួសារ​មាន​សមាជិក​តិច ភាគច្រើន​ចាប់អារម្មណ៍​ជាមួយ​ប្រភេទ​ផ្ទះ​នេះ ដោយហេតុថា វា​មានតម្លៃ​សមរម្យ រចនាបថ​ស្រស់ស្អាត និង​ទាន់សម័យ​ជាង​ផ្ទះល្វែង​បន្តិច។ ទន្ទឹមនេះ ប្រភេទ​លំនៅដ្ឋាន​ផ្ទះ​វីឡា​កូនកាត់​អាច​ផ្តល់​ផាសុកភាព​ដល់​អ្នករស់នៅ​បាន​ផងដែរ។

ជាមួយគ្នានេះ​បុរី អូ​រ៉ូ​រ៉ា ស៊ី​ធី ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅដ្ឋាន​មានឈ្មោះ​ល្បីល្បាញ និង​ទទួលបាន​ការកោតសរសើ​រ​ច្រើន​ពី​សំណាក់​អតិថិជន អំពី​គុណភាព​សំណង់ ក៏បាន​ពាំនាំ​ប្រភេទ​វីឡា​កូនកាត់​ជូន​ដល់​អតិថិជន ជាមួយ​រចនាបថ​ស្តង់ដា​ប្រទេស​អូ​ស្រា្ត​លី។ ផ្ទះ​វីឡា​កូនកាត់​នេះ មាន​វត្តមាន​យ៉ាង​សង្ហារ​នៅក្នុង​គម្រោង​ទី ២ របស់​បុរី អូ​រ៉ូ​រ៉ា ស៊ី​ធី ស្ថិតនៅ​ជាប់មាត់​ផ្លូវជាតិ​លេខ៥១ ក្នុងស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ ដែលជា​តំបន់​កំពុង​រីកមុខ​មាត់ និង​ទាក់ទាញ​គម្រោង​អភិវឌ្ឍធំៗជាច្រើន។

ផ្ទះ​វីឡា​កូនកាត់​នេះ ត្រូវបាន​សាងសង់ឡើង ជាមួយ​ការខិតខំ​និង​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​គុណភាព របស់​ក្រុម​វិស្វករ និង​ក្រុមការងារ​គ្រប់ផ្នែក​នៃ​បុរី អូ​រ៉ូ​រ៉ា ស៊ី​ធី។ អតិថិជន នឹង​រស់នៅ​ជាមួយ​ភាពកក់ក្តៅ និង​ផាសុកភាព​ខ្ពស់ ជាពិសេស​គ្មាន​ការព្រួយបារម្ភ​អំពី​បញ្ហា​សំណង់​នា​ថ្ងៃ​អនាគត​ឡើយ។ កាន់តែ​លេចធ្លោ ជាមួយ​លក្ខខណ្ឌ​បង់ប្រាក់​ងាយស្រួល មិន​ស្មុគស្មាញ មានការ​បត់បែន​ទៅតាម​ស្ថានភាព​អតិថិជន។

បុរី​អូ​រ៉ូ​រ៉ា ស៊ី​ធី គម្រោង​ឧ​ត្តុ​ង្គ ឈាន​ចូលដល់​ដំណាក់កាល​បុកគ្រឹះ​ហើយ មិនតែប៉ុណ្ណោះ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​បុរី ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ទឹក​ភ្លើង មាន​ការតភ្ជាប់​ស្របតាម​ស្តង់ដា​បច្ចេកទេស​ត្រឹមត្រូវ និង​ប្រកាន់ខ្ជាប់​នូវ​គុណភាព​ជានិច្ច។

ទីតាំង​ភូមិសាស្ត្រ​ទៀតសោត មាន​ភាព​ទាក់ទាញ ដែល​ស្ថិតនៅ​ជាប់មាត់​ផ្លូវជាតិ​លេខ៥១ ដែលជា​បណ្តាញ​ផ្លូវ​ត​ភ្ជាប់​ទៅកាន់​ផ្លូវ​ជាច្រើន ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន និង​ជា​ចរន្ត​សេដ្ឋកិច្ចជាតិ​ដ៏​សំខាន់។ នៅ​ខាងក្រោយ​បុរី អូ​រ៉ូ​រ៉ា ស៊ី​ធី មាន​រោងចក្រ​ផលិត​ចំណី​សត្វ​ដ៏​ធំ​សម្បើម ផ្តល់ឱកាស​ឱ្យ​អតិថិជន អាច​ប្រកបមុខរបរ​រកស៊ី​បាន​គ្រប់​ប្រភេទ និង​ទទួលបាន​ផលចំណេញ​ខ្ពស់ ក្នុងការ​វិនិយោគ​នាពេល​អនាគត៕

តើ​ប្រទេស​ណា​ជា​អ្នក​សាងសង់​អាគារ “រមួល” លើកដំបូង​ក្នុង​ពិភពលោក

ប្រែ​សម្រួល វុត្ថា

ភ្នំពេញ ការ​បង្អួត​ពី​កិត្យានុភាព ឬ​សំណង់​ស្ថាបត្យកម្ម​ដែល​សម្គាល់​ជា Landmarkរបស់ខ្លួន សុ​ទ្ឋ​តែ​ជា​រឿង​ប្រកួតប្រជែង​ក្នុង​ដើម​សតវត្សរ៍​ទី២១នេះ ហេតុនេះ​ទើប​ប្រទេស​និមួយៗ ព្យាយាម​ប​ង្អូ​ត​ពី​សំណង់​ស្ថាបត្យកម្ម និង​បេ​តិក​ភ័​ណ្ឌ​រូបិយ និង​អ​រូបិយ​របស់ខ្លួន។

ថ្ងៃនេះ​គេហទំព័រ Propertyarea.asia ដែល​នាំមុខគេ​ផ្នែក​ព៌​ត​មាន​អចលន ទ្រព្យ និង​សេដ្ឋកិច្ច​ឈានមុខ​គេ​នៅ​កម្ពុជា សូម​នាំ​លោកអ្នក​ទៅកាន់​ប្រទេស​ស៊ុយ​អ៊ែត​ថា តើ​ប្រទេស​នេះ​មាន​សំណង់​ស្ថាបត្យកម្ម​អស្ចារ្យ​បែបណា យើង​ទៅ​ទស្សនា​អគារ Turning Torso ទាំងអស់គ្នា ដែល​វា​ជា​អាគារ​ដែលមាន​ភាព​រមួល​ទី១នៅលើ​លោក។

វា​គឺជា​អគារ​លំនៅដ្ឋាន​ខ្ពស់កប់ពពក ក្នុងប្រទេស​ស៊ុយ​អ៊ែត និង​ជា​អគារ​ខ្ពស់​ជាងគេ នៅក្នុង​ទីក្រុង Scandinavia ស្ថិតនៅក្នុង​តំបន់ Malmo ។ អគារ​នេះ ត្រូវបាន​គេ​សាងសង់ឡើង និង​ជា​សហកម្ម​សិទ្ធ​ប្រតិបត្តិ​ករ​ជាមួយ​ក្រុមហ៊ុន HSB ។

អគារ​ដ៏​អស្ចារ្យ នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​អគារ​ខ្ពស់កប់ពពក​មាន​រាង​រមួល​ទី១ ក្នុង​ពិភពលោក ដែល​គូ​ប្លង់​ដោយ​ស្ថាបត្យករ​ជនជាតិ​អេស្បាញ វិស្វករ​សំណង់ ដោយ​លោក Santiago Calatrava ។

អគារ​ដែល​កំពស់​ប្រមាណ​ជា១៩០ម៉ែត្រ និង៥៤ជាន់​នេះ មាន​អា​ផាត​មិន​ចំនួន១៤៧យូ​នី​ត និង​ត្រូវបាន​គេ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ២០០៥ ។

អគារ​នេះ​បានទទួល​ពានរង្វាន់​កាលពី​ឆ្នាំ ២០១៥ (10 Year Award) ពី​ក្រុមប្រឹក្សា​លំនៅដ្ឋាន និង​អគា​ខ្ពស់ (CTBUH)  និង​ទទួលបាន​ពានរង្វាន់​មេដាយមាស Emporis Skyscraper Award ផងដែរ កាលពី​ឆ្នាំ២០០៥ ជា​អគារ​រមួល​ទី១ក្នុង​ពិភពលោក ។

អគារ​នេះ ត្រូវបាន​គេ​សាងសង់ឡើង​កាលពី​ឆ្នាំ ២០០១ និង​បញ្ចប់​នៅក្នុង​ឆ្នាំ២០០៥ សម្រាប់​បំរើ​សកម្មភាព​ពាណិជ្ជក​ម្ម និង​អា​ផាត​ម៉ិ​ន​ជួល​ជាដើម៕

រដ្ឋាភិបាល​កំពុង​សិក្សា​គម្រោង​ស្ថាបនា​ផ្លូវ​មេ​ចំនួន៣៨ខ្សែ​មាន​ប្រវែង​ជិត១០០គីឡូម៉ែត្រ នៅ​ក្រុង​សៀមរាប

ដោយៈ រ៉ា​ណេ​ត

សៀមរាបៈ រាជរដ្ឋាភិបាល​បាន  និង​កំពុង​សិក្សា​ពី​គម្រោង​អភិវឌ្ឍន៍  និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ទូទាំង​ក្រុង​សៀមរាប ជាពិសេស​ផ្លូវ​មេ​ត​ភ្ជាប់​ពី​ទីប្រជុំជន ក្នុង​ខេត្ត​ទៅកាន់​តំបន់​ជនបទ អោយមាន​ភាពល្អប្រសើរ​ស័ក្ដិសម ទៅនឹង​តំបន់​ទេសចរណ៍​ប្រចាំ​ប្រទេស ស្រដៀង​គ្នា​ទៅនឹង​ខេត្ត​ព្រះសីហនុ។

លោក​ទៀ សីហា អភិបាលខេត្ត​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ  និង​សិក្សា​ពី​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​ក្រុង និង​ខេត្ត នៅ​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា សៀមរាប គឺជា​ខេត្ត​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ ហើយ​ស្ថានភាព​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជាច្រើន ត្រូវធ្វើ​ការជួសជុល និង​កែលម្អ​ឡើងវិញ ហើយ​គម្រោង​ខ្សែ​ផ្លូវ​មេ​ទាំង ៣៨ខ្សែ​នេះ ដែល​បាន​សិក្សា​នេះ​គឺជា​សរសៃឈាម និង​ជា​បេះដូង​របស់​ខេត្ត ដើម្បី​កំណើនសេដ្ឋកិច្ច ទេសចរណ៍ និង​សោភ័ណភាព​របស់​ខេត្ត។

នៅក្នុង​គម្រោង​ស្ថាបនា​ផ្លូវ​មេ​ទាំង ៣៨ខ្សែ ដែលមាន​ប្រវែង​សរុប​ប្រមាណ១០០គ.ម ក្នុងនោះ​មាន​ផ្លូវ​ពីរ​គន្លង មាន​ប្រវែង​ប្រមាណ៤៤គ.ម និង​ផ្លូវ​បួន​គន្លង​មាន​ប្រវែង​ប្រមាណ៥៤គ.ម លាតសន្ធឹង​ក្នុង​សង្កាត់​ទាំង១២ របស់​ក្រុង​សៀមរាប និង​មួយផ្នែក​នៃ​ស្រុក​បាគង ដែល​ស្ថិតក្នុង​គម្រោង​អភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ក្នុង​ក្រុង​សៀមរាប។

លោក​បានបញ្ជាក់​ផងដែរ​ថា រាជរដ្ឋាភិបាល​កំពុង​សិក្សា​ស្វែងរក​ប្រភព​ថវិកា ដើម្បី​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែ​នេះ ដើម្បី​លើកកម្ពស់​ខេត្ត​ដែលជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​ប្រចាំ​កម្ពុជា និង​ជា​តំបន់​ត​ភ្ជាប់​ផ្លូវ​សេដ្ឋកិច្ច​បាត់ដំបង-សៀមរាប។

លោក​ទេសរដ្ឋមន្ដ្រី ស៊ុន  ចាន់ថុល រដ្ឋមន្ត្រី ក្រសួង សាធារណៈ ការ  និង​ដឹកជញ្ជូន  បាន​លើកឡើងថា គម្រោង​ដែល​ក្រសួង​កំពុង​ជួសជុល កែលម្អ​ឡើងវិញ និង​គម្រោង​ផ្លូវ​វាង​ក្រុង​សរុប៣៨ខ្សែ រួមមាន ផ្លូវ​ខេត្ត​លេខ 2SR3 ប្រវែង ១៤,៩៥គ.ម បំបែក​ពី​ផ្លូវជាតិ​លេខ៦ ត្រ​ង់គ.ម ៣០៨+៨៣០ (ចុង​កៅស៊ូ) ដល់គ.ម ៣១៩+៦០០ (ទឹក​វិល) ក្រាល​កៅស៊ូ DBST និង​ផ្លូវ​ខ្នារ​ចាស់ (វិថី​សម្តេច ជា ស៊ីម) ប្រវែង ៤,៦០គ.ម បន្ត​ពី​ផ្លូវ ៧មករា ចាប់ពី​ផ្លូវ​លេខ 2SR3 ឆ្ពោះទៅកាន់​ផ្លូវ​ខេត្ត​លេខ 265F ប្រើប្រាស់​ថវិកា​ឥណទាន ADB និង​គម្រោង​ផ្លូវ​វាង​ខាងត្បូង​ក្រុង​សៀមរាប ប្រើប្រាស់​ឥណទាន​ហិរញ្ញប្បទាន​សាធារណរដ្ឋ​កូរ៉េ EDCF មាន​ប្រវែង៤៥គ.ម ចាប់ពី​ផ្លូវជាតិ​លេខ៦ ត្រង់ចំណុច គ.ម២៩១ ដល់គ.ម ៣៣០ កំពុង​សិក្សា​ជ្រើសរើស​គន្លង​ខ្សែ​ផ្លូវ និង​សិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង។ ព្រមជាមួយ​គម្រោង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ក្នុង​ក្រុង​សៀមរាប​ផងដែរ។

លោក​បញ្ជាក់ថា គម្រោង​សិក្សា​ផ្លូវ​ទាំង ៣៨ខ្សែ​នេះ ជា​បណ្តុំ​បណ្ដាញ​ផ្លូវ​មេ​យ៉ាង​ប្រទាក់ក្រឡា​ក្នុង​ក្រុង​សៀមរាប នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប កាត់បន្ថយ​ពេលវេលា​ក្នុងការ​ដឹកជញ្ជូន និង​ចរាចរណ៍​ទំនិញ​គ្រប់​ប្រភេទ កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ទីក្រុង​សៀមរាប ឱ្យ​សាក​សមជា​ទីក្រុង​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។

គម្រោង​ផ្លូវ​នេះ នឹងចូលរួម​ជំរុញ និង​លើកកម្ពស់​កំណើនសេដ្ឋកិច្ច តាមរយៈ​តំបន់​ទេសចរណ៍​នានា ជាពិសេស​តំបន់​ភាគខាងត្បូង និង​ការធ្វើសមាហរណកម្ម​ប្រជាពលរដ្ឋ​ដែល​នៅ​ជាយក្រុង​ដាច់ស្រយាល មកកាន់​តែ​ជិត​ក្រុង​ត​ភ្ជាប់​ទីប្រជុំជន ក្រុង​សៀមរាប ដោយ​កាត់បន្ថយ​គម្លាត​រវាង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង និង​តំបន់​ដាច់ស្រយាល​នៅ​ជាយក្រុង ក្នុងការ​ទទួលបាន​ស​មិទ្ធ​ផល​ប្រកបដោយ​បរិ​យា​ប័ន្ន៕

ចំណេះដឹង! តើ​ឥណទាន​គេហដ្ឋាន​តម្រូវ​ឲ្យ​អ្នក​ខ្ចី​មានគុណ​សម្បត្តិ​អ្វីខ្លះ?

ដោយ វុត្ថា

ភ្នំពេញៈ ឥណទាន​គេហដ្ឋាន គឺជា​ប្រភេទ​ផលិតផល​ឥណទាន មាន​រយៈពេល​វែង របស់​ធនាគារ​ណាមួយ ដែល​បាន​បង្កើតឡើង​ដើម្បី​ផ្តល់ជូន​សាធារណជន ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ សម្រាប់​ទិញ​គេហដ្ឋាន​ដែល​កំពុងតែ​សាងសង់ ឬ​សាងសង់​រួច ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ឬក៏​សម្រាប់​យកទៅ​សាងសង់​គេហដ្ឋាន លើដី​កម្មសិទ្ធិ​ដែលមាន​ស្រាប់។

ទំហំ​ឥណទាន រយៈពេល​ឥណទាន និង​អត្រា​ការប្រាក់ ត្រូវបាន​កំណត់ដោយ​ធនាគារនីមួយៗ

  • ឥណទាន​គេហដ្ឋាន ត្រូវបាន​ផ្តល់ជូន​អតិថិជន មិន​លើសពី៧០ភាគរយ នៃ​តម្លៃ​សរុប​របស់​គេហដ្ឋាន​ដែល​ត្រូវ​ទិញ ឬ​សាងសង់​គេហដ្ឋាន​លើដី​កម្មសិទ្ធិ ដែលមាន​ស្រាប់​នោះឡើយ។
  • រយៈពេល​ខ្ចី​អតិបរមា១០ឆ្នាំ​ចំពោះ ៖

–  អតិថិជន​ជា​កម្មករ និយោជិត កំពុង​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​សាធារណៈ និង​ទីភ្នាក់ងារ​ជាតិ-អន្តរជាតិ ដោយ​មិនត្រូវ​លើសពី​អាយុ​ចូលនិវត្តន៍​ឡើយ។

–  អតិថិជន​ផ្សេងទៀត ត្រូវមាន​កាយសម្បទា​រឹងមាំ និង​មាន​អាយុ​ចាប់ពី​ពេល​ទទួល​ប្រាក់កម្ចី​រហូតដល់​កាលា​វសាន នៃ​រយៈពេល​ខ្ចីប្រាក់ មិនត្រូវ​លើសពី​អាយុ៦០ឆ្នាំ​ឡើយ ។

អត្រា​ការប្រាក់ ចាប់ពី ១១% ដល់ ១៨% ក្នុង​មួយឆ្នាំ ។

លក្ខណសម្បត្តិ​អតិថិជន​ដែល​អាច​ទទួល​ឥណទាន​គេហដ្ឋាន

  • ជនកម្ពុជា​គ្រប់រូប​ដែលជា​ពលរដ្ឋ​សកម្ម ឬ​ជា​នីតិជន
  • មាន​ប្រភព​ចំណូល​ច្បាស់លាស់ និង​មាន​និរន្តរភាព (មុខរបរ​អាជីវកម្ម ប្រាក់បៀវត្សរ៍​ឬ​ចំណូលផ្សេងៗទៀត)។
  • មាន​ប្រវត្តិ កេរ្តិ៍ឈ្មោះ អត្ត​ចរិតល្អ
  • មាន​ទីលំនៅ​អចិន្ត្រៃយ៍ ដោយមាន​ការបញ្ជាក់​ដឹងឮ​ពី​អាជ្ញាធរ ក្នុង​តំបន់​ដែល​លោកអ្នក​រស់នៅ។
  • មាន​ឯកសារ​កំណត់​អត្តសញ្ញាណ ៖ អត្តសញ្ញាណប័ណ្ណ ឬ​សៀវភៅ​គ្រួសារ ។ល៕

ខុនដូកណ្តាលក្រុង៥នាទីពីផាប់ស្រ្ទីត នឹងផ្លាស់ប្ដូរការរស់នៅរបស់អ្នកសៀមរាប

សៀមរាប៖ ទោះបីជាបច្ចុប្បន្នស្ថានភាពទេសចរណ៍ និងសេដ្ឋកិច្ចនៅមិនទាន់ក្រោកឡើងមកវិញក៏ដោយ យើងក៏នៅតែអាចប៉ាន់ប្រមាណឃើញពីសក្ដានុពលអភិវឌ្ឍន៍នៃខេត្តសៀមរាប។ មជ្ឃដ្ឋានធម្មជាតិ ជាមួយនឹងទីតាំងទេសចរណ៍ជាច្រើនរបស់ខេត្តសៀមរាប បានធ្វើឱ្យខេត្តនេះជាខេត្តដែលក្លាយជាគោលដៅអភិវឌ្ឍន៍ និងវិនិយោគ ទាំងពីប្រភពរាជរដ្ឋាភិបាលក៏ដូចជាប្រភពវិនិយោគិនអន្តរជាតិ។

ផែនការអភិវឌ្ឍន៍ជាច្រើនបានលេចរូបរាងឡើង ហើយរាជរដ្ឋាភិបាលក៏នៅតែបន្តជំរុញលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ឱ្យខិតខំលើកតម្កើងមុខមាត់ខេត្តសៀមរាបតាមយន្តការចម្រុះ ដូចជាការបើកកន្លែងកម្សាន្តថ្មីៗ សាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែម ក៏ដូចជាពង្រឹងនូវគុណភាពសេវាទេសចរណ៍ទូទៅនៅក្នុងខេត្ត។ នេះជាទំព័រថ្មីនៃទឹកដីអង្គរ ហើយយើងទាំងអស់គ្នាអាចរំពឹងថា ខេត្តសៀមរាបនឹងក្លាយជាតំបន់ដ៏ទាក់ទាញមួយប្រចាំអាស៊ីអាគ្នេយ៍។

ដោយមានចក្ខុវិស័យដូចគ្នាជាមួយរាជរដ្ឋាភិបាល ក្រុមហ៊ុន អឺបេនលីវីងសូលូសិន (Urban Living Solutions) បានសម្រេចចិត្តចូលរួមចំណែកអភិវឌ្ឍ ខេត្តសៀមរាបនេះតាមរយៈការវិនិយោគ ពីព្រោះថាក្រុមហ៊ុនមានភាពជឿជាក់យ៉ាងខ្លាំងទៅលើសក្ដានុពល និងសន្ទុះរីកចម្រើននាពេលខាងមុខនេះ។

ក្រុមហ៊ុន អឺបេនលីវីងសូលូសិន(Urban Living Solutions) ដែលជាក្រុមហ៊ុនឈានមុខផ្នែកអភិវឌ្ឍលំនៅដ្ឋាននិងតំបន់ពាណិជ្ជកម្ម បានរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ខុនដូ Rose Apple Square គម្រោងទី2របស់ខ្លួនក្នុងខេត្តសៀមរាបកាលពីព្រឹកមិញនេះ ខណៈដែលគម្រោងទីមួយ បុរីភូមិបាគងកាន់តែមានការគាំទ្រច្រើនឡើង។


គម្រោងខុនដូ Rose Apple Square មានទីតាំងត្រឹម5នាទីពីផាប់ស្រ្ទីត ជាសហគមន៍ទំនើបដំបូងគេបង្អស់ដែលមាននាំមកជូននូវបរិក្ខាសម្បូរបែប មានទាំងខុនដូដ៏ស៊ីវីល័យ កន្លែងធ្វើការ និងហាងកាហ្វេស្ថិតក្នុងកន្លែងតែមួយ ដែលគ្រប់នូវតម្រូវការរបស់មនុស្សជំនាន់ថ្មី។ ម្ចាស់គម្រោងបានគិតគូរយ៉ាងដិតដល់លើការរចនាជាមួយនឹងសួនច្បារបៃតង អាងហែលទឹក កន្លែងហាត់ប្រាណ បន្ទប់ហាត់យូហ្គា។ បន្ថែមពីលើការរស់នៅដ៏មានផាសុកភាព Rose Apple Square មានការិយាល័យសម្រាប់ជួលនិងលក់ ដែលមានកន្លែងធ្វើការរួមដ៏ធំដំបូងគេបង្អស់ក្នុងខេត្តសៀមរាប សាលប្រជុំ សាលសិល្បៈ បន្ទប់ប្រជុំ ហាងនានា និងចំណតឡានក្រោមដីរហូតដល់2ជាន់។

ក្រុមហ៊ុន Urban Living Solutions បានផ្ដួចផ្ដើមគំនិតនិងទទួលយកការគូរប្លង់ពី ក្រុមហ៊ុនស្ថាបត្យកម្មដែលមានកេរ្តិ៍ឈ្មោះ Re-Edge Architecture + Design ក្នុងគោលបំណងលើកតម្កើងមុខមាត់ថ្មីរបស់សហគមន៍ទំនើបនេះ តាមរយៈការរចនា4ផ្សេងៗគ្នា លើទីតាំងតែមួយដែលមាន  Forum មានកន្លែងធ្វើការរួមនិងបន្ទប់ប្រជុំ Commune ជាបន្ទប់សម្រាប់ស្នាក់នៅរយៈពេលវែង,  Office ជាទីតាំងការិយាល័យសម្រាប់អាជីវកម្មនិងក្រុមហ៊ុននានា រួមទាំង  Residence ជាខុនដូស៊ីវីល័យសម្រាប់រស់នៅមានចំនួន241យូនីតដែលអាចទិញសម្រាប់រស់នៅ ជាផ្ទះទី2ក្នុងខេត្តសៀមរាប ឬទិញសម្រាប់វិនិយោគ។


គួរឱ្យបញ្ជាក់ផងដែរថា ក្រុមហ៊ុន អឺបេនលីវីងសូលូសិន មានស្នាដៃជោគជ័យជាច្រើននៅទីក្រុងភ្នំពេញ ដែលមានដូចជា បណ្ដុំសហគមន៍ហ្វេកថូរីភ្នំពេញ (Factory Phnom Penh) សំណង់ខុនដូអឺបេនឡហ្វ (Urban Loft Condominium) សំណង់ខុនដូអឺបេនវីឡេច (Urban Village Phase 1) គម្រោងបុរីភូមិបាគង (Bakong Village)ក្នុងខេត្តសៀមរាប ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងខ្មែរនិងអន្តរជាតិ។

ខេត្តសៀមរាបដ៏ស្រស់បំព្រងរបស់យើង នឹងរីកលូតលាស់ទាំងវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេសវិស័យអចលនទ្រព្យ។ យើងសង្ឃឹមថានឹងមានគម្រោងអភិវឌ្ឍន៍ថ្មីៗលេចរូបរាងឡើងជាបន្តបន្ទាប់ទៀត ដូចជាគម្រោង Rose Apple Square នេះផងដែរ។

សម្រាប់ព័ត៌មានលំអិតអំពីគម្រោង៖ https://www.facebook.com/RoseAppleSquare/

ទូរសព្ទលេខ៖ 099 22 55 88