ស្ពានដែកបាឡេឆ្លងកាត់ទន្លេសាប ខណ្ឌឫស្សីកែវ នឹងត្រូវរុះរើចេញក្រោយគម្រោងស្ពានបេតុងថ្មីបញ្ចប់ការសាងសង់

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្ពានដែកបាឡេឆ្លងកាត់ទន្លេសាប ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលកំពុងចរាចរណ៍យ៉ាងមមាញឹកនៅពេលបច្ចុប្បន្ននេះ នឹងត្រូវរុះរើចេញក្រោយពេលគម្រោងសាងសង់ស្ពានបេតុងអារមេយោងខ្សែកាបថ្មី ត្រូវបានបញ្ចាប់ការសាងសង់ទាំងស្រុង។

តាមការអះអាងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្រោយគម្រោងសាងសង់ស្ពានបេតុងអារមេដែលយោងដោយខ្សែកាបឆ្លងកាត់ទន្លេសាប តភ្ជាប់រវាងខណ្ឌឫស្សីកែ និងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ខណ្ឌជ្រោយចង្វារ ត្រូវបានបញ្ចប់ទាំងស្រុង ស្ពានដែកបាឡេដែលស្ថិតនៅស្របគ្នា នឹងត្រូវរុះរើចេញ។

ស្ពានដែកបាឡេ ដែលកំពុងធ្វើចរាចរណ៍យ៉ាងមមាញឹក និងជួយសម្រួលដល់ការធ្វើដំណើរចេញចូលរាជធានីភ្នមពេញនេះ ស្ថិតនៅចំណុចមុខឃ្លាំងសាំងសូគីមិច គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ខណៈពេលដែលស្ពានជ្រោយចង្វារទី១ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនកំពុងជួសជុល និងកែលម្អឡើងវិញ។

ដោយឡែកសម្រាប់ស្ពានបេតុងដែលស្ថាបនានៅអមជាមួយស្ពានបាឡេនេះ ដែលយោងដោយខ្សែកាបក្រោមការអភិវឌ្ឍដោយក្រុមហ៊ុន OCIC មានប្រវែង៩២២ម៉ែត្រ និងទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង១,២៥ម៉ែត្រសងខាង កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាប ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ។ សរសរសម្រាប់ព្យួរខ្សែកាបមានចំនួន៤គន្លង ខ្សែយានយន្តទទឹង៣.៧៥ម៉ែត្រ,គន្លងធ្វើចរាចរ២ខ្សែទៅ២ខ្សែមក កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា១០.៥ម៉ែត្រ កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង២០,៥ម៉ែត្របំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍ផងដែរ៕

រោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៤កំពុងជួយផ្គត់ផ្គង់ដល់កំណើនសំណង់នៅកម្ពុជា

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រោងចក្ររោងចក្រផលិតស៊ីម៉ង់ត៍ចំនួន ៤ បាន នឹងកំពុងជួយផ្គត់ផ្គង់ដល់វិស័យសំណង់នៅកម្ពុជា ដែលអាចផលិតស៊ីម៉ង់ត៍រាប់លានតោននៅក្នុងមួយឆ្នាំៗ ខណៈដែលវិស័យសំណង់នៅក្នុងប្រទេសកម្ពុជាត្រូវបានគេមើលឃើញពីសន្ទុះនៃភាពរីកចម្រើននៅក្នុងតំបន់។

យោងតាមការផ្សព្វផ្សាយរបស់ក្រសួងរ៉ែ និងថាមពល កម្ពុជាកាលពីពេលថ្មីៗបង្ហាញថា បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍សរុបចំនួន៤ ដែលកំពុងដំណើរការផលិត សម្រាប់ផ្គត់ផ្គង់វិស័យសំណង់នៅក្នុងស្រុក និងសម្រាប់ការនាំចេញផងដែរ។ រោងចក្រផលិតស៊ីម៉ង់ត៍ទាំងនោះរួមមាន រោងចក្រផលិតស៊ីម៉ង់ត៍ Battambang Conch Cement Company Limited រោងចក្រ Cambodia Cement Chakreyting Co,. Ltd រោងចក្រ Kampot Cement Co., Ltd និងរោងចក្រ Chip Mong Insee Cement Corporation ។

ទី១- រោងចក្រ Battambang Conch Cement Company Limited

– ឈ្មោះគម្រោង៖ រោងចក្រផលិតស៊ីម៉ងត៍ បាត់ដំបង ខ័នស៍ ស៊ីមេន លីមីតធីត
– ទីតាំងគម្រោង៖ តំបន់ភ្នំដូនម៉ាយ ឃុំល្ពៅ ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង
– ក្រុមហ៊ុនវិនិយោគ៖ បាត់ដំបង ខ័នស៍ ស៊ីមេន លីមីតធីត (Battambang Conch Cement Company Limited)
– បរិមាណផលិត៖ ២លានតោន/១ឆ្នាំ
– ឆ្នាំដាក់ដំណើរការ៖ ២០១៨

ទី២ – រោងចក្រផលិតស៊ីម៉ងត៍កម្ពុជាចក្រីទីង (Cambodia Cement Chakreyting Co,. Ltd) មានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ១.១លានតោនក្នុងមួយឆ្នាំ។ រោងចក្រនេះ ត្រូវបានស្តារឡើងវិញនិងដាក់ឱ្យដំណើរការនៅឆ្នាំ២០១៥។
– ឈ្មោះគម្រោង៖ រោងចក្រផលិតស៊ីម៉ងត៍ កម្ពុជាចក្រីទីង
– ទីតាំងគម្រោង៖ ភ្នំបោះដំបង ស្រុកកំពត ខេត្តកំពត
– ក្រុមហ៊ុនវិនិយោគ៖ កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co,. Ltd)
– បរិមាណផលិត៖ ១.១លានតោន/១ឆ្នាំ
– ឆ្នាំដាក់ដំណើរការ៖ ២០១៥

ទី-៣ រោងចក្រផលិតស៊ីម៉ងត៍កំពត ស៊ីមេន ខូអិលធីឌី ជារោងចក្រផលិតស៊ីម៉ងត៍ទី១ របស់ព្រះរាជាណាចក្រកម្ពុជា និងមានសមត្ថភាពផលិតស៊ីម៉ងត៍ប្រមាណ ២លានតោនក្នុងមួយឆ្នាំ និងបានសម្ពោធដាក់ឱ្យដំណើរការនៅឆ្នាំ២០០៨។

– ឈ្មោះគម្រោង៖ រោងចក្រផលិតស៊ីម៉ងត៍ កំពត ស៊ីមេន ខូអិលធីឌី
– ទីតាំងគម្រោង៖ តំបន់ភ្នំទទុង ភ្នំទូកមាសខាងកើត ស្រុកបន្ទាយមាស និងភ្នំតូច ស្រុកដងទង់ ខេត្តកំពត
– ក្រុមហ៊ុនវិនិយោគ៖ កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd)
– បរិមាណផលិត៖ ២លានតោន/1ឆ្នាំ
– ឆ្នាំដាក់ដំណើរការ៖ ២០០៨

ទី-៤ រោងចក្រផលិតស៊ីម៉ងត៍ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន (Chip Mong Insee Cement Corporation) មានសមត្ថភាពផលិតស៊ីម៉ងត៍ ប្រមាណ១,៧លានតោនក្នុងមួយឆ្នាំ និងបានសម្ពោធដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
– ឈ្មោះគម្រោង៖ រោងចក្រផលិតស៊ីម៉ងត៍ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន
– ទីតាំងគម្រោង៖ តំបន់ភ្នំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត
– ក្រុមហ៊ុនវិនិយោគ៖ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន (Chip Mong Insee Cement Corporation)
– បរិមាណផលិត៖ ១,៧លានតោនក្នុងមួយឆ្នាំ
– ឆ្នាំដាក់ដំណើរការ៖ ២០១៨

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍កន្លងមកថា ការផលិតស៊ីម៉ង់ត៍នៅក្នុងប្រទេសកម្ពុជា គឺមានសារសំខាន់បំផុតសម្រាប់ឆ្លើយតបទៅគ្រប់តម្រូវការនៅក្នុងការអភិវឌ្ឍន៍វិស័យសំណង់ ហេដ្ឋារចនសម្ព័ន្ធនានានៅទូទាំងប្រទេសកម្ពុជាបានគ្រប់គ្រាន់ និងអាចធ្វើការនាំចេញទៅកាន់ទីផ្សា ក្រៅប្រទេសផងដែរ៕

World Bank អនុម័តឥណទាន ៩៣លានដុល្លារ ដល់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣នៅកម្ពុជា

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោក ថ្ងៃនេះបានអនុម័តឥណទាន ៩៣លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣ (LASED III) នៅប្រទេសកម្ពុជា។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក (World Bank) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

គម្រោងនេះនឹងជួយបង្កើនសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លី ការទទួលបានហេដ្ឋារចនាសម្ព័ន្ធ សេវាកសិកម្ម និងសង្គមសម្រាប់ប្រជាជនក្រីក្រគ្មានដី និងសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។

ការជួយឱ្យកសិករខ្នាតតូច និងសហគមន៍ជនបទមានលទ្ធភាពប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិតាមរបៀបមួយមានចីរភាព និងឋិតថេរយូរអង្វែង គឺជាផ្នែកស្នូលមួយនៃយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនេះ រដ្ឋាភិបាលបានបង្កើតឡើងនូវក្របខណ្ឌច្បាប់សម្រាប់ការធ្វើសម្បទានដីសង្គមកិច្ច ដែលពង្រីកសិទ្ធិកាន់កាប់ដីធ្លីសម្រាប់ជនក្រីក្រគ្មានដីនៅតាមទីជនបទ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏លើកកម្ពស់ផងដែរនូវការផ្តល់សិទ្ធិកាន់កាប់ដីធ្លីសហគមន៍ជនជាតិដើមភាគតិច ដើម្បីពង្រឹងពង្រីកសិទ្ធិរបស់ពួកគេនៅក្នុងការកាន់កាប់ដីធ្លី។

ចាប់តាំងពីឆ្នាំ២០០៨ មក គម្រោង LASED ជំហាន១ និងជំហាន២ ដែលទទួលបានការឧបត្ថម្ភតាមរយៈធនាគារពិភពលោក បានគាំទ្រកម្មវិធីសម្បទានដីសង្គមកិច្ច ក្នុងគោលដៅជំរុញឱ្យមានការបែងចែកដីដល់ជនក្រីក្រ តាមដំណើរការមួយមានចីរភាព និងតម្លាភាពឈានទៅសម្រេចបានជោគជ័យ។ គម្រោងទាំងនេះបានជួយដល់ការអភិវឌ្ឍផ្លូវជនបទ ការកសាងប្រព័ន្ធធារាសាស្ត្រខ្នាតតូច ការសាងសង់សាលាបឋមសិក្សា មណ្ឌលសុខភាព ផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសកែលម្អការដាំដុះ និងជួយគាំទ្រដល់ការបង្កើតឱ្យមានសេវាកាន់តែច្រើនទៀតសម្រាប់កសិករ។ តាមរយៈគម្រោងទាំងពីរដំណាក់កាលមកនេះ កម្ពុជាបានបែងចែកដីធ្លីចំនួន ១៧០០០ហិកតា សម្រាប់សង់លំនៅឋាន និងធ្វើការដាំដុះដល់គ្រួសារគ្មានដី និងគ្រួសារខ្វះដី ចំនួនជាង ៥០០០គ្រួសារ ក្នុងនោះមានជាង ៣៣៦០គ្រួសារ ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីរួចហើយ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “លទ្ធភាពទទួលបានដីធ្លី និងការផ្តល់សេវា និងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដើម្បីបង្កើនផលិតភាពកសិកម្ម ក៏ដូចជាការទទួលបានសេវាសាធារណៈល្អប្រសើរ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនក្រីក្រដែលរស់នៅតាមទីជនបទ”។

លោកស្រីបានបន្តថា “គម្រោង LASED ជំហាន៣ នេះ នឹងបន្តជួយរដ្ឋាភិបាលក្នុងការផ្តល់ដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីដល់គ្រួសារគ្មានដី និងគ្រួសារខ្វះដី និងធានាឱ្យមានសន្តិសុខផ្នែកសិទ្ធិកាន់កាប់ដីធ្លីសម្រាប់សហគមន៍ជនជាតិដើមភាគតិច នៅតាមតំបន់គោលដៅរបស់គម្រោងនេះ”។

គម្រោង LASED ជំហាន៣ នឹងបន្តពង្រីកសមិទ្ធផលថែមទៀតតពីគម្រោងជំហាន១ និងជំហាន២ នៅក្នុងការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច។ ការផ្តល់សិទ្ធិកាន់កាប់ដីធ្លីសម្រាប់សហគមន៍ជនជាតិដើមភាគតិច នឹងជួយគាំទ្រផងដែរដល់ដំណើរការផ្តល់សិទ្ធិកាន់កាប់ដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចដែលកំពុងតែប្រព្រឹត្តទៅឱ្យបានឈានទៅចប់សព្វគ្រប់។

ជាមួយគ្នានេះ គម្រោងនឹងផ្តល់ជំនួយដល់បណ្តាសហគមន៍ដែលបានបញ្ចប់ដំណើរការផ្តល់សិទ្ធិកាន់កាប់ដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចរួចរាល់ហើយផងដែរ។
គម្រោង LASED ជំហាន៣ នឹងគ្របដណ្តប់ទៅលើទីតាំង និងសហគមន៍ចំនួន៧១ នៅក្នុងខេត្តទាំងអស់នៃប្រទេសកម្ពុជា លើកលែងតែរាជធានីភ្នំពេញ។ គម្រោងនេះនឹងជួយដល់ការកសាងផ្លូវលំជនបទ ប្រព័ន្ធធារាសាស្ត្រខ្នាតតូច សម្បទាផ្នែកផ្គត់ផ្គង់សេវទឹកស្អាត និងអនាម័យ អគារសាលារៀន ផ្ទះគ្រូបង្រៀន មណ្ឌលសុខភាព និងមណ្ឌលសហគមន៍។

អ្នកទទួលផលថ្មីពីកម្មវិធីដីសម្បទានសង្គមកិច្ច នឹងទទួលបានជំនួយសម្រាប់ការដាំដុះឆ្នាំដំបូងរបស់ខ្លួន ក្នុងនោះមានគ្រាប់ពូជផងដែរ។
គម្រោងនេះនឹងផ្តល់ជំនួយបច្ចេកទេសផងដែរ ដើម្បីអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាតផ្នែកអាកាសធាតុ បង្កើតសមាគមន៍កសិករសម្រាប់ជាប្រយោជន៍ដល់សកម្មភាពផលិតកម្ម និងទីផ្សារ ដើម្បីគ្រប់គ្រងមូលនិធិសហគមន៍សម្រាប់ពង្រីកសកម្មភាពសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន៕

ក្រុមហ៊ុន​សម្លៀកបំពាក់​ដ៏​ធំ​របស់​អឺរ៉ុប​មួយ​នឹង​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ខ្លួន ដើម្បី​រួមចំណែក​អភិវឌ្ឍ​កម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​ដ៏​ធំ​របស់​អឺរ៉ុប H&M នឹង​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ផលិតកម្ម និង​អាជីវកម្ម​របស់ខ្លួន ដើម្បី​ចូលរួម​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ក្នុង​រូបភាព​វិជ្ជមាន។

អ្នកនាំពាក្យ​ក្រុមហ៊ុន H&M បាន​ថ្លែង​ទៅកាន់​គេ​ទំព័រ just-style កាលពី​ថ្ងៃទី២៦ មិថុនា​ថា ក្រុមហ៊ុន​នៅតែ​ចង់​បន្ត​ដើរតួនាទី​មួយ ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ក្នុង​រូបភាព​វិជ្ជមាន រួមទាំង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា។

អ្នកនាំពាក្យ​រួប​នេះ​បាន​និយាយថា “យើង​ពិតជា​ដឹង​ពី​ភាពស្មុគស្មាញ​របស់​អឺរ៉ុប​ក្នុងការ​ធ្វើ​មាន​តុល្យភាព ដើម្បី​មាន​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា ឱ្យ​ក្លាយជា​ប្រទេសមួយ​ដែល​សិទ្ធមនុស្ស និង​ស៊ីវិល​ត្រូវបាន​គោរព ហើយ​ដើម្បី​គាំទ្រ​ការបង្កើត​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​កំណើនសេដ្ឋកិច្ច​រួម” ។

អ្នកនាំពាក្យ​រួប​នេះ​បាន​ឱ្យដឹងទៀតថា “ប្រសិនបើ​កម្ពុជា បាន​គោរព​តាម​ការ​ទាម​របស់​អឺរ៉ុប ដូចជា​ដាក់ចេញ​គំនិត​ផ្តួចផ្តើម យុទ្ធសាស្ត្រ​ចាំបាច់​មួយចំនួន​សម្រាប់​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​ទំនើប ដូចជា យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ និង​ស្បែកជើង ប្រទេស​កម្ពុជា នឹង​បន្ត​ក្លាយជា​ទិសដៅ​វិនិយោគ​ដ៏​មាន​ភាព​ទាក់ទាញ​មួយ” ។

នេះ​រួម​ប​ញ្ចួ​ល​ទាំង​ការអភិវឌ្ឍន៍​ឧស្សាហកម្ម​មួយ ដែល​សិទ្ធិ​ការងារ​ត្រូវបាន​គោរព​ពេញលេញ ហើយ​សេ្ថ​រ​ភាព និង​ការប្រកួតប្រជែង​ត្រូវបាន​ការពារ។ អ្នកនាំពាក្យ​រួប​នេះ បាន​លើកឡើងថា “ក្រុមហ៊ុន H&M ចង់​បន្ត​ដើរតួនាទី​មួយ ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ក្នុង​រូបភាព​វិជ្ជមាន រួមទាំង​ការកាត់បន្ថយ​ភាពក្រីក្រ និង​ពង្រឹង​សិទ្ធិមនុស្ស” ។ លោក​បន្តថា “យើង​នឹង​បន្តធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ និង​បើ​កិច្ចពិភាក្សា​ជាមួយនឹង​អ្នកផ្គត់ផ្គង់​របស់​យើង។ ទោះបីជា​យ៉ាងណាក៏ដោយ ស្ថានភាព​នៅ​កម្ពុជា​គឺ​ស្មុគស្មាញ​ពី​ទស្សនៈ​វិនិយោគ​មួយ។ យើង​នឹងធ្វើ​ការវាយតម្លៃ​ឡើងវិញ​នូវ​យុទ្ធសាស្ត្រ​ផលិតកម្ម និង​អាជីវកម្ម​របស់​យើង​នៅ​កម្ពុជា ដែល​នឹងមាន​ភាពប្រែប្រួល” ។

កាលពីថ្មីៗនេះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន Adidas និង​ក្រុមហ៊ុន H&M បន្តធ្វើ​ការបញ្ជាទិញ​ពី​កម្ពុជា និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​គាំទ្រ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ-១៩បាន​ផុត​ទៅវិញ។

សំណើរ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី២៦ ខែមិថុនា​ម្សិលមិញ​នេះ នៅក្នុង​ជំនួប​រវាង លោក​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​តំណាង​ក្រុមហ៊ុន Adidas និង​ក្រុមហ៊ុន H&M ដឹកនាំ​ដោយ​លោក Matthew Armstrong នាយក​ផ្នែក​បញ្ជា​ទិញ​នៃ​ការិយាល័យ​តំណាង​ក្រុមហ៊ុន Adidas និង​លោក Christer Horn af Aminne) នាយក​ផ្នែក​ផលិតកម្ម​ទទួលបន្ទុក​ប្រទេស​កម្ពុជា និង​វៀតណាម នៃ​ក្រុមហ៊ុន H&M។

លោក​រដ្ឋមន្ត្រី​កម្ពុជា​ថ្លែងថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​ពង្រីក​ពិពិធ​កម្ម​ទីផ្សារ តាមរយៈ​ការចរចា​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ដោយ​នាពេល​បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម​កំពុងតែធ្វើការ​ចរចា និង​សិក្សា​លទ្ធភាព​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​មួយចំនួន។

ក្រុមហ៊ុន​ទាំងពីរ​បាន​ឆ្លើយតប​ជា​វិជ្ជមាន ក្នុង​ការបញ្ជាទិញ​ផលិតផល​វាយ​ន​ភណ្ឌ​កាត់ដេរ​ពី​កម្ពុជា ព្រមទាំង​ទទួល​ធ្វើការ​បន្ថែម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​កែលម្អ​បរិយាកាស​វិស័យ​កាត់ដេរ​នៅ​កម្ពុជា៕

លោក​ឧកញ៉ា លឹម ហេង៖ កម្ពុជា​នៅតែ​ទទួលបាន​គម្រោង​វិនិយោគថ្មីៗក្នុងតម្លៃទុន​រាប់លាន​ដុល្លារ

ដោយ​ វុត្ថា

ភ្នំពេញៈ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹម ហេង បានឱ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋាភិបាល តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅតែ​បន្ត​ទទួលបាន​គម្រោង​វិនិយោគថ្មីៗបន្ថែមទៀត ក្នុងតម្លៃ​ទុន​រាប់លាន​ដុល្លារ​អាមេរិក បើទោះបី​កម្ពុជា​ស្ថិតនៅក្នុង​វិបត្តិ​នៃ​រាតត្បាត​ជា​កល​នូវ​ជំងឺឆ្លង​ប្រភេទ​ថ្មី  Covid-19 ។

លោក​ឧកញ៉ា​បាន​ប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០នេះ​ឱ្យដឹងថា គម្រោង​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុ ជា​បានអនុម័ត​កន្លងមក​នេះ  ដែល​ភាគច្រើន​ជា​គម្រោងថ្មីៗ ដោយ​មិនមែន​បន្សល់ទុក​តាំងពី​ឆ្នាំ​ចាល់​នោះទេ។

លោក​ឧកញ៉ា​បន្តថា ”និយាយ​ដោយ​ចំ វា​មាន​ថ្មី​ខ្លះ និង​ចាស់​ខ្លះ តែ​ភាគច្រើន វា​ជា​គម្រោង​វិនិយោគថ្មីៗ ព្រោះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ទុកពេល៤៥ថ្ងៃ ទើប​ចេញ​អាជ្ញា​បណ្ណ។ លោក​បន្ថែមថា“នេះ​មានន័យថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នឹង​ចេញ​អាជ្ញា​បណ្ណ​យ៉ាងយូ​ត្រឹម​រយៈពេល២ខែ បន្ទាប់ពី​ទទួលបាន​សំណើរ​សុំ​វិនិយោគ” ។

លោក​ឧកញ៉ា​បន្តថា “អីចឹង​ខ្ញុំ​ជឿថា អាជ្ញា​បណ្ណ​ទាំងអស់​ភាគច្រើន ជា​គម្រោង​វិនិយោគថ្មីៗ ដែល​ត្រៀម​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​យើង ខណៈពេល​យើង​មាន EBA និង GSP ស្រាប់ ហើយនឹង​បន្តិចទៀត​ខាងមុខ យើង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ចិន កូរ៉េ និង​បណ្តា​ប្រទេស​ដែល​ទៀត” ។

លោក​ឧកញ៉ា​បន្ថែមថា កត្តា​ទាំងនេះ វា​នឹង​ទាក់ទាញ​នូវ​ការវិនិយោគ ស្រប​ពេលដែល​រាជរដ្ឋាភិបាល កំពុងតែ​កំណែទម្រង់​ស៊ីជម្រៅ​ផ្នែក​សេដ្ឋកិច្ចជាតិ និង​ដាក់ចេញ​នូវ​ផែនការ​កាត់បន្ថយ​ថ្លៃដើម​ជាច្រើន​ផ្សេងទៀត  ដែល​កន្លងមកនេះ។

លោក​ឧកញ៉ា​លឹម ហេង​បាន​បញ្ជាក់ទៀតថា “គោលនយោបាយ​ទាំងអស់នេះ គឺជា​ការ​ទាញ​នូវ​វិនិយោគិន​បរទេស មិនមែន​តែ​ទាក់ទាញ​វិនិយោគិន​ចិន​នោះទេ សូម្បីតែ​វិនិយោគិន​អាមេរិក អឺរ៉ុប កូរ៉េ និង​ជប៉ុន​ជាដើម។ បន្ថែម​ពីនេះ វិនិយោគិន​ជប៉ុន​ក៏​កំពុង​សម្រុក​មក​វិនិយោគ​នៅក្នុង​ប្រ​ទេ​កម្ពុជា​ផងដែរ” ។

យោងតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​បាន​ផ្សព្វ ផ្សាយ​កន្លងមកនេះ​បាន​បង្ហាញថា ក្នុង​ខែឧសភា CDC មាន​គម្រោង​ថ្មី​ចំនួន ២០បន្ថែមទៀត ស្មើនឹង​ប្រមាណ ៥០០លាន​ដុល្លារ  និង​គិត​ត្រឹម​ដើមខែ មិថុនា ឆ្នាំ២០២០ CDC អនុម័ត​គំរោង​សរុប​មាន​ប្រមាណ​ជិត១០០ ស្មើនឹង​ជាង ២០០០លាន​ដុល្លារ ៕

តើ​វិស័យ​អចលនទ្រព្យ​នៅ​ចិន​ក្លាយជា​យ៉ាងណា​ខណៈ​ប្រទេស​នេះ​កំពុង​ប្រឹងប្រែងស្តារ​សេដ្ឋកិច្ច​ឡើងវិញ

ដោយ ហ្សូ​លី

ប៉េកាំងៈ ជំងឺ​រាតត្បាត​រ៉ាំរ៉ៃ (COVID-១៩) បាន​រំខាន​ដល់​ឧស្សាហកម្ម​ជាច្រើន​ទូទាំង​ពិភពលោក។ ក្នុងចំណោម​វិស័យ​ដែល​រង​ឥទ្ធិពល​អាក្រក់​ជាងគេ បន្ទាប់ពី​សុខាភិបាល​គឺ​វិស័យ​អចលនទ្រព្យ។

ចាប់តាំងពី​បានឃើញ​សញ្ញា នៃ​ការ​ជាសះស្បើយ​ឡើងវិញ នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាពិសេស​នៅក្នុង​ប្រទេស​ចិន ដែល​វីរុស​ត្រូវបាន​រកឃើញ​ដំបូង​នោះ ឃើញថា​ដំណោះស្រាយ​របស់​ប្រទេស​ចិន គឺ​ការបើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ។

ការជួល​បន្ត​និង​ការផ្លាស់ប្តូរ​ទីលំនៅ​នៅ​ទីក្រុងធំៗ

លោក James Macdonald ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ Savills ប្រចាំ​ប្រទេស​ចិន​បាន​ចែករំលែក​ថា អត្រា​នៃ​ការកាន់កាប់​កម្ម​សិទ្ធ​អចលនទ្រព្យ បាន​កើនឡើង​ច្រើនជាង​ឬ​តិចជាង០.៥% នៅក្នុង​ទីក្រុង​ស៊ា​ង​ហៃ អ៊ូ​ហាន​និង​ណាន​ជី​ង ដោយសារតែ​ការផ្គត់ផ្គង់​ថ្មី​បានមក​ដល់​ក្នុង​ខែមករា មុនពេល​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កើនឡើង។

ម្យ៉ាងវិញទៀត ការជួល​នៅតាម​ទីផ្សារ​ភាគច្រើន បាន​ធ្លាក់ចុះ​រួមទាំង​ទីក្រុង​សិន​ជិន​និង​ក្វាង​ចូ​វ​ចំនួន ១,៥ ភាគរយ។  តួលេខ​បាន​បង្ហាញថា អ្នក​ជួល​ភាគច្រើន​បានជ្រើសរើស​ការជួល បន្ត​ជំនួស​ការផ្លាស់ប្តូរ​ទី​ទៅ​កន្លែង​ថ្មី​ចំពេល​មាន​វិបត្តិ​សេដ្ឋកិច្ច។

ប្រតិបត្តិការ​លំនៅដ្ឋាន​ធ្វើឱ្យ​មានការ​ងើបឡើង​វិញ

អ្វីដែល​មិន​គួរឱ្យភ្ញាក់ផ្អើល​នោះ គឺ​ការ​រឹតត្បិត​ការធ្វើដំណើរ​ការិយាល័យ​លក់ ត្រូវ​បិទ និង​ការបិទទ្វារ​ប្រទេស​នៅ​ទូទាំង​ពិភពលោក បាន​នាំឱ្យមាន​ការវិនិយោគ​ក្នុងស្រុក​និង​បរទេស​តិចតួច​បំផុត​នៅក្នុង​ខែកុម្ភៈ។  ត្រីមាស​ទី១ ឆ្នាំ២០២០ បានបញ្ចប់​ជាមួយនឹង​ការធ្លាក់ចុះ ៤១,២% ។

បរិមាណ​ប្រតិ​ប​តិ្ត​ការគ្រប់គ្រង​បាន​ស្ទុះ​ងើបឡើង​វិញ នៅ​ពាក់កណ្តាល​ខែឧសភា​ហើយ​បរិ​មាណនៃ​ការ​លក់បាន​កើនឡើង ហួស​ពី​មធ្យមភាគ​ប្រចាំ​សប្តាហ៍ គិត​ត្រឹម​ដើមខែ​មិថុនា។

អាជីវកម្ម​ពាណិជ្ជកម្ម​ប្រែ​ទៅជា​បច្ចេកវិទ្យា

នាយក​ប្រតិបត្តិ​របស់ TechNode វេជ្ជបណ្ឌិត ហ្គ​ង់​លូ​បាន​និយាយថា ពួកគេ​បាន​គេ​មើលឃើញថា មានការ​កើនឡើង​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា របស់​សាធារណៈជន​អស់   រយៈពេល​ពីរ​បី​ឆ្នាំ​ហើយ។

លោក​បាន​បញ្ជាក់ថា“ ជំងឺ​រាតត្បាត​មិនបាន​បង្កើត​អ្វីដែល​ថ្មី នៅក្នុង​បច្ចេកវិទ្យា​ទេ ប៉ុន្តែ​វា​គ្រាន់តែ​ជំរុញអ្វីៗគ្រប់យ៉ាង​ឱ្យ​លឿន​ជាង​មុន” ។

លោក​បាន​ចែករំលែក​ឧទាហរណ៍​មួយចំនួន អំពី​របៀប​ដែល​អាជីវកម្ម​នៅ​ទូទាំងប្រទេស​ចិន កំពុង​ប្រើប្រាស់​មនុស្ស​យន្ត ក្នុង​ប្រតិបត្តិការ​ប្រចាំថ្ងៃ​ដូចជា រ៉ូ​បូត​អាច​បម្រើ​ជា​អ្នករត់​តុ​នៅ​ខាងក្នុង​ភោជនីយដ្ឋាន​មួយ អាច​ដឹកជញ្ជូន​ទំនិញ​ដល់​ភ្ញៀវ​សណ្ឋាគារ។

ទន្ទឹមនឹង​នេះដែរ​អ្នក​ផ្សេងទៀត បានធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ដើម្បី​ឈោង​ទៅរក​អតិថិជន​សក្តានុពល។  អ្នកខ្លះ​ថែមទាំង​បានចាប់ផ្តើម ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា វេទិកា​ចែករំលែក​វីដេអូ​ខ្លី​តាម​ទំរង់ TikTok ។

យោងតាម​ព័ត៌មាន​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​អភិវឌ្ឍន៍​ជនជាតិ​ចិន​ដ៏​ធំ​មួយ​លក់បាន​ចំនួន៤៧.៥៤០ យូ​នី​ត​ដែលមាន​តម្លៃ​ស្មើនឹង៥០០កោដិ​យ៉េន ក្នុងកំឡុងពេល​បិទទ្វារ​ប្រទេស។

មូលហេតុ​សំខាន់ គឺ​តម្រូវ​ការកើនឡើង ដែល​ប្រជាជន​មិនអាច​ទិញ​អចលនទ្រព្យ​បាន​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំនេះ ដូច្នេះ​នៅពេលដែល​ប្រទេស​នេះ បាន​បើក​ដំណើរការ​ឡើងវិញ​នៅ​ខែមីនា ប្រជាជន​ជាច្រើន​បាន​ប្រញាប់ប្រញាល់​ទិញ​អចលនទ្រព្យ។

ការបើក​មើល​គេហទំព័រ​អចលនទ្រព្យ នៅ​អាស៊ីអាគ្នេយ៍​កើនឡើង៩៣% ទំព័រ​ទ  ស្ស​នាវ​ដ្តី​អចលនទ្រព្យ​នៅក្រៅ​ប្រទេស បាន​កើនឡើង៩២% និង​ការសាកសួរ​អចលនទ្រព្យ​នៅក្រៅ​ប្រទេស​កើន៧១% ៕

គម្រោង​អភិវឌ្ឍន៍​សួន​ឧស្សាហកម្ម​ទំហំ៥០០ហិកតា​របស់​កាណាឌីយ៉ា​នៅ​ផ្លូវ៥១ ចាប់ផ្ដើម​រៀបចំ​គម្រោង​ហើយ

ដោយៈ រ៉ា​ណេ​ត

កំពង់ស្ពឺៈ គម្រោង​អភិវឌ្ឍន៍​សួន​ឧស្សាហកម្ម របស់​អ្នកឧកញ៉ា ពុង ឃាវ​សែ នៅ​តំបន់​ផ្លូវ​លេខ៥១ ក្នុង​ខេត្តកំពង់ស្ពឺ នៅលើ​ផ្ទៃដី​សរុប៥០០ហិកតា បច្ចុប្បន្ន​បាននិងកំពុង​ចាប់ដំណើរការ​ជាបណ្តើរៗ ហើយក៏​កំពុង​ស្វែងរក​ដៃគូ​សហការ ជាមួយ​ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​ផងដែរ។

តាមរយៈ​កិច្ច​ផ្ដល់​បទសម្ភាសន៍ ជាមួយ​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​មួយ នៅ​សប្ដាហ៍​នេះ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​កាណាឌីយ៉ា និង​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) អ្នកឧកញ៉ា​ពុង ឃាវ​សែ​បានឱ្យដឹងថា ក្រុមហ៊ុន​កំពុងតែ​អភិ​វ  ឌ្ឍ​ន៍​គម្រោង​សួន​ឧស្សាហកម្ម នៅ​ខេត្តកំពង់ស្ពឺ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ៥១ ហើយក៏​កំពុង​ស្វែងរក​ដៃគូ​សហការ ជាមួយ​ក្រុមហ៊ុន​ចិន​ធំ​មួយ ដែលមាន​ឯកទេស​ខាង​គ្រឿង​ម៉ាស៊ីន​សំណង់​ដើម្បី​បង្កើត​រោងចក្រ​នៅ​តំបន់​នោះ។

អ្នកឧកញ៉ា​បាន​បន្ថែមថា “ក្រុមហ៊ុន​បាន​ចំណាយ​ទុន​ប្រមាណ២០លាន​ដុល្លារ​សម្រាប់​ទិញ​ដី និង១០លាន​ដុល្លារ​ទៀត សម្រាប់​ការអនុវត្ត​ការងារ​ក្នុងដំណាក់កាល​ដំបូង​ដោយ​ការចាក់ដី​បំពេញ និង​ឈូសឆាយ​ឱ្យ​ស្មើ រួម​ជាមួយនឹង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ប្រព័ន្ធ​បង្ហូរទឹក បណ្តាញ​អគ្គិសនី​ជាដើម” ។

តាមរយៈ​ការចំណាយ​ទឹកប្រាក់ ក្នុងដំណាក់កាល​ដំបូង​សរុប​ប្រមាណ៣០លាន​ដុល្លារ​នេះ ក្រុមហ៊ុន​រំពឹងថា​អាច​នឹង​ចាប់ផ្តើម​គម្រោង ក៏ដូចជា​ទាក់ទាញ​វិនិយោគិន​ឱ្យ​នានា មក​វិនិយោគ​លើ​សួន​ឧស្សាហកម្ម​នេះ​ក្នុងពេល​ដ៏​ខ្លី។

អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ថា ក្នុងនាម​ជា​អាជ្ញាធរ លោក​រីករាយ និង​ស្វាគមន៍​គ្រប់​គម្រោង​វិនិយោគ​ទាំងអស់ ហើយនឹង​ព្យាយាម​ជួយ​សម្របសម្រួល​នីតិវិធី​នានា ដើម្បី​ធ្វើយ៉ាងណា ជួយ​ជម្រុញ​ឱ្យ​គម្រោង​វិនិយោគ​ទាំងអស់នោះ ឲ្យ​ទទួលបាន​ជោគជ័យ និង​មាន​ភាពរលូន។

លោក​បញ្ជាក់ថា “កំពង់ស្ពឺ ជា​ខេត្ត​ដែលមាន​ភាព​អំណោយផល ផ្នែក​កត្តា​ភូមិសាស្ត្រ ដែល​ក្រៅពី​មាន​វិសាលភាព​ផ្ទៃដី​ធំ​ទូលាយ ថែមទាំង​មាន​ភាពងាយស្រួល​លើ​វិស័យ​ដឹកជញ្ជូន ដែលជា​ចំណុចខ្លាំង ក្នុងការ​ទាក់ទាញ​គម្រោង​វិនិយោគ​នានា​ជាច្រើន ជាពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម កសិឧស្សាហកម្ម និង​ទេសចរណ៍” ។

លោក​បាន​បន្តថា “បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ​មាន​រោងចក្រ សហគ្រាស​តូចធំ​សរុប​ជិត៣០០ទីតាំង ហើយ​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​នៅ​ផ្លូវ៤១ ស្រុក​គង់​ពិសី មាន​ចំនួន១គម្រោង” ។ លោក​បន្តថា “សម្រាប់​គម្រោង​ថ្មី​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ OCIC បង្កើត​សួន​ឧស្សាហកម្ម​នៅ​តំបន់​ផ្លូវ៥១ គឺជា​រឿង​ល្អ ដែល​ក្រៅពី​ជួយ​បង្កើន​កំណើន​សេដ្ឋកិច្ចជាតិ ថែមទាំង​អាច​ផ្តល់នូវ​កន្លែង​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​មកពី​ខេត្ត​ដទៃទៀត​ផងដែរ” ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ថា តំបន់​ផ្លូវជាតិ​លេខ៥១ គឺមាន​គម្រោង​អភិវឌ្ឍន៍​ច្រើន ដែល​ស្ថិតនៅក្នុង​ប្លង់គោល​របស់​រាជរដ្ឋាភិបាល បន្ថែម​ពីលើ​គម្រោង​អភិវឌ្ឍន៍​របស់​វិស័យ​ឯកជន។

លោក​បាន​បញ្ជាក់ថា“គម្រោង​អភិវឌ្ឍន៍​ជាច្រើន នៅក្នុង​ប្លង់គោល​របស់​រដ្ឋាភិបាល​នៅ​ផ្លូវជាតិ៥១ នឹង​ចាប់ផ្ដើម​បង្ហាញ​រូបរាង​ជាបណ្តើរៗ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​ឧស្សាហកម្ម​រោងចក្រ ស្របទៅនឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ដែល​បាន​ដាក់ចេញ​ឱ្យ​អនុវត្តន៍” ។

លោក​បន្ថែមថា “តាម​គោលការណ៍​របស់​រដ្ឋាភិបាល នឹង​បង្វែរ​រោងចក្រ​ចេញពី​ក្រុងភ្នំពេញ ទៅ​តាំងនៅ​តំបន់​ជាយក្រុង​តាម​លទ្ធភាព ដែល​អាចធ្វើ​ទៅបាន ដែល​ក្នុងនោះ​តំបន់​ផ្លូវជាតិ​លេខ៥១ ស្ថិតនៅក្នុង​តំបន់​ដែលមាន​អាទិភាព និង​មាន​សក្ដានុពល​ក្នុង​រយៈពេល​យូរ ដោយសារតែ​កត្តា​ភូមិសាស្ត្រ មាន​អំណោយផល​លើ​ការដឹកជញ្ជូន” ៕

ចំណេះដឹង! តើ​អ្វី​ជា​ប្រព័ន្ធ​ទូទាត់ «បាគង»?

ដោយ វុត្ថា

ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​បាគង (Bakong) កាលពី​អំឡុង​ត្រីមាស​ទី១ ឆ្នាំ ២០២០កន្លងមកនេះ ជា​វិធានការ​មួយ​ក្នុង​ការបើក​ច្រក​ទូទាត់​ជាតិ សម្រាប់​ប្រទេស​កម្ពុជា​នៅក្នុង​ពេលអនាគត​ខាងមុខនេះ។

ប្រព័ន្ធ​បាគង ជា​ប្រព័ន្ធ​ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ Download យក​ពី​ក្នុង​ទូរស័ព្ទ Smart Phone មកប្រើប្រាស់ ដោយ​បំពេញ​តាម​លក្ខខណ្ឌ ដែល​បានកំណត់​ក្នុង​កម្មវិធី។ ការដាក់​ឲ្យ​ដំណើរការ​សាកល្បង «ប្រព័ន្ធ​បាគង» ជា​ដំណើរ​វឌ្ឍន៍ភាព​ក្នុង​យុគសម័យ​ថ្មី នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

ធនាគារជាតិ​នៃ​កម្ពុជា ពិតជា​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ ក្នុងការ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​បច្ចេកវិទ្យា Blockchain ដ៏​ទំនើប​ចុងក្រោយ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដើម្បី​ផ្តល់​លទ្ធភាព​ក្នុង​ការធ្វើ និង​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ សំដៅ​ការផ្តល់សេវា​ហិរញ្ញវត្ថុ សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប។

គម្រោង​បាគង គឺជា​គម្រោង​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ក្នុង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់​រាយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ គម្រោង​នោះ នឹង​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​មួយ​ដែលមាន​ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព​ខ្ពស់ ក្នុងការ​បង្ការ​ហានិភ័យ​ពី​ការវាយលុក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា។

លោកអ្នក​អាចធ្វើ​ការផ្ញើ​ប្រាក់ ឬ​ទទួល​ប្រាក់​ពី​មនុស្ស​ជាទី​ស្រលាញ់ បាន​គ្រប់ពេលវេលា ពី​គ្រប់​សេវា​ដែល​ធនាគារ​របស់លោក​អ្នក​កំពុង​ផ្តល់ជូន ឬក៏​ធ្វើការ​ទូទាត់​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​របស់​សេវា​បាគង​ផ្ទាល់។ សេវា​បាគង​មាន​ភាពងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព ដែល​នឹង​បម្រើ​ជូន​លោកអ្នក២៤/៧ និង ៣៦៥ថ្ងៃ​ក្នុង​មួយឆ្នាំ៕

ក្រុមហ៊ុនយក្សចិន Tencent ប្រកាសពង្រីកវត្តមានខ្លួននៅកម្ពុជា និង បណ្តាប្រទេសក្នុងតំបន់

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent បានប្រកាសទិញសេវាកម្មកម្សាន្តតាមអ៊ិនធឺរណេតរបស់ម៉ាឡេស៊ី Iflix ដែលមាតិកាបច្ចេកវិទ្យា និងធនធាន ខណៈក្រុមហ៊ុនមួយនេះក៏កំពុងព្យាយាមបង្កើនវត្តមានរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ដែលរាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ។

ក្រុមហ៊ុន Tencent បានឱ្យដឹងថា ផលប័ត្រមាតិកាអន្តរជាតិ និងក្នុងស្រុករបស់ Iflix នឹងអនុញ្ញាតឱ្យពង្រីកសេវាកម្មវីដេអូកម្សាន្តអន្តរជាតិរបស់ខ្លួនគឺ WeTV ដែលបានបើកដំណើរការនៅប្រទេសថៃកាលពីឆ្នាំមុន។ កិច្ចព្រមព្រៀងទិញនេះមានតម្លៃ រាប់សិបលានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកម្សាន្តអាមេរិក Variety ។

ក្រុមហ៊ុន Tencent បានឱ្យដឹងទៀតថា ប្រតិបត្តិការនេះគឺស្របជាមួយនឹងយុទ្ធសាស្រ្តរបស់យើងក្នុងការពង្រីកកម្មវិធីផ្សាយជាអន្តរជាតិរបស់យើង WeTV នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងផ្តល់ជូនអ្នកប្រើប្រាស់នូវមាតិកា ដែលមានទាំងនៅអន្តរជាតិ និងក្នុងស្រុក និងមាតិកាគុណភាពខ្ពស់ ដោយមានភាសាជាច្រើន”។

បច្ចុប្បន្ន ក្រុមហ៊ុន Iflix កំពុងចាក់ផ្សាយរាល់ការប្រកួតកីឡាបាល់ទាត់លីគកំពូលម៉ាឡេស៊ី ក្រោមកិច្ចសន្យា ១០ ឆ្នាំ ដោយគិតចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៧។ កាលពីខែសីហាឆ្នាំ ២០១៨ ក្រុមហ៊ុន Iflix បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយបណ្តាញផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ beIN TV ដើម្បីផ្តល់ការផ្សាយបន្តផ្ទាល់ English Premier League និងបាល់ទាត់ LaLiga របស់អេស្ប៉ាញដល់អតិថិជនរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការបង្ហាញនៅក្នុងទីផ្សារអាស៊ីមួយចំនួន។

បច្ចុប្បន្នក្រុមហ៊ុន Iflix ធ្វើប្រតិបត្តិការនៅលើទឹកដីអាស៊ីចំនួន ១៣ ប្រទេស រួមមាន ៖ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន បង់ក្លាដែស នេប៉ាល់ ថៃ ព្រុយណេ ស្រីលង្កា ប៉ាគីស្ថាន មីយ៉ាន់ម៉ា វៀតណាម ម៉ាល់ឌីវ និងកម្ពុជា។ គិតត្រឹមខែមេសាឆ្នាំ ២០២០ កម្មវិធីនេះមានអ្នកប្រើប្រាស់សកម្មជាង ២៥ លាននាក់លើសេវាកម្មរបស់ខ្លួន។

ទោះយ៉ាងណាក៏ដោយ កម្មវិធីនេះត្រូវបានគេរាយការណ៍ថាកំពុងប្រឈមនឹងការខាតបង់បង្គួរ និងជួបផលលំបាកផ្នែកហិរញ្ញវត្ថុ។ យោងតាមប្រភពព័ត៌មាន Variety បានរាយការណ៍ពីការកើនឡើង ៣០ ភាគរយនៃការខាតបង់បន្ទាប់ពីបង់ពន្ធដល់ ១៥៨ លានដុល្លារ (១៤០.៩ លានដុល្លារផោន) នៅក្នុងឆ្នាំឆ្នាំ ២០១៨ ខណៈការផ្តល់ជូនជាសាធារណៈដំបូងនៅលើផ្សារហ៊ុនអូស្ត្រាលីត្រូវបានទាញធ្លាក់ចុះកាលពីដើមឆ្នាំនេះ ដោយសារការរាតត្បាតរបស់ Covid-19 ។

ក្រុមហ៊ុន Tencent មានបំណងរក្សាឈ្មោះកម្មវិធី Iflix ក្នុងរយៈពេលយ៉ាងតិចពី ៦ ទៅ ១២ ខែ។ ភាគច្រើននៃបុគ្គលិករបស់ក្រុមហ៊ុននេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានរក្សាទុក រួមជាមួយនាយកប្រតិបត្តិផងដែរ គឺលោក Marc Barnett៕

សភាពាណិជ្ជកម្មកម្ពុជា ជំរុញឱ្យវិស័យឯកជនលើកពីបញ្ហាប្រឈម ដើម្បីទទួលបានដំណោះស្រាយពីរាជរដ្ឋាភិបាល

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុន និងគ្រឹះស្ថានវិស័យឯកជនជាច្រើនបានទទួលរងនូវផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺឆ្លង បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងព្យាយាមជួយដោះស្រាយទាំងការផ្តល់នូវវិធីសាស្ត្រ និងការបញ្ចេញកញ្ចប់ថវិកាជាតិដើម្បីជួយទ្រទ្រង់ផងដែរ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ថា បច្ចុប្បន្ននេះ ដើម្បីទប់ស្កាត់ការដួលរលំ និងខាតបង់ធ្ងន់ធ្ងរ ក្រុមហ៊ុន និងគ្រឹះស្ថានវិស័យឯកជនស្ទើរតែ១០០ភាគរយបានជ្រើសយកវិធីសាស្ត្រកាត់បន្ថយចំនួនបុគ្គលិក ឬកាត់ប្រាក់បៀរវត្សរ៍ចាប់ពី ៣០-៥០ ភាគរយ ដោយឡែកសម្រាប់វិស័យឧស្សាហកម្ម មានរោងចក្រមួយចំនួនបានដាក់ពាក្យស្នើសុំព្យួរផ្អាកដំណើរការផលិតកម្ម។

លោកឧកញ៉ាបានមានប្រសាសន៍បន្តទៀតថា “ទាំងនេះគ្រាន់តែជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើនទៀត រួមជាមួយនឹងការចូលរួមចំណែកជួយជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាលផងដែរ។ កាលពីពេលកន្លងទៅនេះ សភាពាណិជ្ជកម្មកម្ពុជា បានទទួលសំណើរពីសមាគមអាជីវកម្ម និងពាណិជ្ជករ ក៏ដូចជាសហគ្រាសជាច្រើនក្នុងការស្វែងរកដំណោះស្រាយ និងទទួលបានជំនួយពីសំណាក់រាជរដ្ឋាភិបាល។ ជាក់ស្ដែងដូចជាវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ ទទួលបានការអនុគ្រោះលើការបង់ពន្ធកាត់ទុកជាដើម ដែលទាំងនេះត្រូវបានធ្វើឡើងតាមរយៈសភាពាណិជ្ជកម្មកម្ពុជា ដែលស្នើបន្តទៅកាន់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍បន្តទៀតថា “សព្វថ្ងៃនេះ សភាពាណិជ្ជកម្មកម្ពុជា មានសហក្រុមពិភាក្សាការងារ ចំនួន១៣ក្រុម ដូច្នេះសម្រាប់ក្រុមហ៊ុន ក៏ដូចជាសហគ្រាសពាណិជ្ជកម្មក្នុងវិស័យផ្សេងៗ ដែលជួបផលលំបាក និងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ត្រូវដាក់សំណើមកកាន់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីសហក្រុមការងារទាំង១៣លើកយកមកពិភាក្សានៅក្នុងវេទិការរាជរដ្ឋាភិបាល និងវិស័យឯកជន រកដំណោះស្រាយ ហើយក្នុងករណីដែលរដ្ឋមន្ត្រីមិនអាចមានលទ្ធភាពក្នុងការដោះស្រាយ យើងនឹងស្នើសុំរហូតដល់សម្ដេចនាយករដ្ឋមន្ត្រីធ្វើការជួយដោះស្រាយ និងអារកាត់”។

ជាមួយនឹងការលើកឡើងខាងលើនេះ លោកឧកញ៉ា លឹម ហេង បានជំរុញឱ្យបណ្តាក្រុមហ៊ុន និងគ្រឹះស្ថានអាជីវកម្មក្នុងវិស័យនានាដែលជួបផលលំបាក គួរដាក់សំណើរមកកាន់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីសភាពាណិជ្ជកម្មកម្ពុជាជួយអន្តរាគមន៍ និងស្នើសុំទៅរាជរដ្ឋាភិបាលបន្ត ព្រោះការដោះស្រាយផលប៉ះពាល់ទាំងអស់នេះមានទំហំធំធេងពាក់ព័ន្ធដល់ថ្នាក់ជាតិ៕